ស្រីហិតោបទេស
ភិក្ខុក ប៉ាង ខាត់ វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹតដោយ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ
**********************************************
ថ្ងៃសៅរ៍ ទី18.វិច្ឆិកា 2017.ម៉ោង 8:12
កថាទី៨
រឿងសុន្ទៈ និងឧបសុន្ទៈ
ក្នុងបុរាណសម័យ មានទៃត្យៈពីរនាក់ មួយឈ្មោះសុន្ទៈមួយទៀតឈ្មោះឧបសុន្ទៈ ជាអ្នកមានកេរ្ដិ៍ឈ្មោះល្បីល្បាញទាំងពីរនាក់ បានប្រារព្ធបំពេញតបៈខ្លាំងក្លាបូជាព្រះច័ន្ទសេខរៈ(1) មកអស់កាលដ៏យូរហើយ ដើម្បីប្រាថ្នារាជ្យក្នុងត្រៃលោក។ តមក ព្រះច័ន្ទសេខរៈ ដ៏មានជោគ ពេញព្រះទ័យទើបទ្រង់ប្រោសប្រាណទៃត្យៈ ទាំងពីរនាក់នោះត្រាស់ថាៈ «ចូរអែងទាំងពីរនាក់ប្រាថ្នាពរចុះ»។ កាលនោះ ទៃត្យៈទាំងពីរនាក់ ដោយកំលាំងព្រះនាង សរស្វតី ជាទេវីវាចាជ្រែកចូលក្នុងកាយខ្លួនទាំងពីរ ក៏នាំបណ្ដាលអោយទូលសូមពរចំពោះព្រះច័ន្ទសេខរៈផ្សេងពីសេចក្ដីប្រាថ្នាដែលតាំងចិត្ដទុកពីមុនមកទៅវិញ បែរជានិយាយសូមពរថាៈ «បើព្រះភគវន្ដ ទ្រង់ប្រោសប្រាណប្រទានពរ ក៏សូមប្រទាននាងបវិតីជាទីប្រិមប្រិយ របស់ព្រះអង្គ»។ កាលនោះ ព្រះច័ន្ទសេខរៈដ៏មានជោគទ្រង់ព្រះក្រេវក្រោធ តែទ្រង់មិនលះបង់សច្ចះ នៅតែប្រសិទ្ធិពរប្រទាននាងបវិតី ដល់ទៃត្យៈល្ងង់ខ្លៅ អិតការពិចារណានោះ។ ចំណេរកាលមក ទៃត្យៈទាំងពីរជាអ្នកទ្រទ្រង់លោក ជាប់ចិត្ដក្នុងលំអព្រះសរីរាងវយវៈ ព្រះនាងបវិតី ដោយកាមរោគៈដុតដាលក្នុងចិត្ដងងឹតងងល់អាក្រក់ក្រៃលែង កើតឈ្លោះទាស់ទែងដណ្ដើមគ្នាទៅវិញទៅមក ដោយអាងថាត្រូវបានខ្លួនតែសព្វខ្លួន ទីបំផុតចុះមតិព្រមគ្នា នឹងយកប្រមាណបុរស គឺអ្នកអាជ្ញាកណ្ដាលជាចៅក្រមមកកាត់ក្ដីអោយ, កាលនោះព្រះច័ន្ទសេខរៈជាម្ចាស់លោកជ្រាបសេចក្ដី ក៏ប្លែងព្រះអង្គជាព្រាហ្មណ៍ព្រឹទ្ធចុះមកប្រាកដក្នុងលោកនោះ។ ទៃត្យៈទាំងពីរ និយាយនឹងព្រាហ្មណ៍នោះថាៈ «នាងនេះ យើងទាំងពីរនាក់ បានមកដោយកំលាំងយើងទាំងពីរ សមគួរ នឹងអោយអ្នកណាក្នុងយើងទាំងពីរនាក់នេះ?» តាព្រាហ្មណ៍ឆ្លើយថាៈ
២១ - គួរបូជាព្រាហ្មណ៍ ព្រោះជាអ្នកមានវណ្ណប្រសើរ, ក្សត្រព្រោះជាអ្នកមានអំណាចច្រើន វៃស្យ ព្រោះជាអ្នកមានទ្រព្យ និង ស្រូវច្រើន សូទ្រ ព្រោះជាអ្នកបំរើព្រាហ្មណ៍ បើលោកទាំងពីរនាក់ជាក្សត្រត្រូវកាន់ធម៌ជាក្សត្រ ការច្បាំងជានាទីនៃលោកដែលលោកនិយមស្រាប់ហើយ។ លុះតាព្រាហ្មណ៍ជាប្រមាណបុរស(អ្នកអាជ្ញាកណ្ដាល) ពោលពាក្យដូច្នេះហើយ ទៃត្យៈទាំងពីរនាក់យល់ឃើញតាមដោយគិតឃើញថា ពាក្យដែលតាព្រាហ្មណ៍ជាអាជ្ញាកណ្ដាលពោលនេះត្រឹមត្រូវហើយ ក៏ចូលទៅប្រយុទ្ធគ្នាក្នុងខណៈនោះ យ៉ាងសហ័សដ៏សាហាវយង់ឃ្នង តែដោយគូទាំងពីរមានកំលាំងស្មើគ្នា ក៏ប្រហារគ្នាទៅវិញទៅមកស្លាប់ទាំងពីរនាក់ទៅហោង
២២ - បុគ្គលមានសច្ចៈ១ បុគ្គមានអាយិជាតិ១ បុគ្គលទ្រទ្រង់ធម៌១ បុគ្គលជាអនារយជាតិ១ បុគ្គលមានបងប្អូនច្រើន១ បុគ្គមានកំលាំង១ បុគ្គលធ្លាប់មានជ័យក្នុងសង្គ្រាមច្រើនដង១ ទាំង៧ប្រភេទនេះ លោកពោលថាត្រូវធ្វើសន្ដិភាព។
២៣ - បុគ្គលមានសច្ចៈ តែងរក្សាសច្ចៈទៀងទាត់, នរណាធ្វើសន្ដិភាពមួយអន្លើដោយបុគ្គលមានសច្ចៈ សន្ដិភាពរមែងមិនប្រែព្រួលទេ បុគ្គជាអាយិជាតិ សូម្បីខូចខាតដល់ជីវិត ក៏មិនព្រមលះបង់កិត្ដិយស មិនព្រមដើរទៅតាមទំនងដែលជាអនារិយជាតិឡើយ។
២៤ -មែនពិត ជនដែលបានឡើងឈ្មោះថា ជាអ្នកទ្រទ្រង់ធម៌ហើយ កាលបើត្រូវគ្រោះអន្ដរាយ នរណារៗក៏ទៅជួយតស៊ូរក្សាដែរ អាស្រ័យដោយការរាប់អាននៃប្រជាជនទួទៅ និងគុណធម៌នៃខ្លួនអ្នកទ្រទ្រង់ធម៌ដែលជាទីរាប់អាននៃជន បុគ្គលណានីមួយទៅធ្វើអន្ដរាយមិនបានដោយងាយឡើយ។
២៥ - កាលបើសេចក្ដីវិនាសចូលមកជិតដល់ហើយ សូម្បីអនារិយជន យើងក៏គួរធ្វើសន្ដិភាពដែរ ព្រោះថា បើវៀរមិនអាស្រ័យអនារិយជននោះ ហើយយើងមិនអាចធ្វើអោយយើងរស់តទៅទៀតបានឡើយ។
២៦ - រិស្សីដុះជាគុម្ពក្រាស់ ជិតប្រកិតគ្នាចោមរោមព័ទ្ធដោយដៃរិស្សីមានបន្លាស្អេកស្កះ បុគ្គមិនអាចចូលទៅកាប់កាត់រិស្សីនោះបានដោយងាយទេ យ៉ាងណាបុគ្គលមានបងប្អូនច្រើនក៏យ៉ាងនោះដែរ។
២៧ - ពាក្យដែលនិយាយថា «ត្រូវច្បាំងតស៊ូ នឹង បុគ្គលមានកំលាំងដូច្នេះ មិនមានអុទាហរណ៍ណាជានិទស្សនទេ ក្នុងកាលណាក៏ដោយ ដុំពពកមិនដែលរសាត់ច្រាសខ្យល់ឡើយ។
២៨ - ជនគ្រប់គ្នា ទីឋានគ្រប់កន្លែងគ្រប់កាលវេលា បុគ្គលរមែងចុះយ៉មព្រមចាញ់ អានុភាពនៃវិរបុរសដែលធ្លាប់មានជ័យច្រើនដងណាស់មកហើយ ដូចជាបរសុរាមជារាជបុត្រព្រះបាទជមទគ្និ (2)។
២៩ - អ្នកធ្លាប់មានជ័យក្នុងយុទ្ធសង្រ្គាមច្រើនដងហើយ ទៅធ្វើសន្ដិភាពមួយអន្លើដោយព្រះរាជាអង្គណា សត្រូវនៃព្រះរាជាអង្គនោះ នឹង លុះក្នុងអំណាចនៃព្រះអង្គភ្លាម ដោយអនុភាពនៃការចងស្ពានមេត្រីសន្ដិភាពនោះ។ ក្នុងរឿងនេះ, រាជហង្សហិរណ្យគភ៌ៈនេះប្រកបដោយគុណលក្ខណៈច្រើនប្រការណាស់ គួរនឹងធ្វើសន្ដិភាពបាន។ ចាក្រពាកសវិជ្ញៈជាប្រធានរដ្ឋមន្រ្ដីនៃរាជហង្សហិរណ្យគភ៌ៈ បានស្ដាប់ពាក្យនៃកុកទីឃមុខជាចារបុរសដែលមកថ្លាថ្លែងប្រាប់សព្វគ្រប់តាំងពីដើមដល់ចុង ដូចសេចក្ដីរៀបរាប់នេះហើយ ទើបនិយាយតទៅទៀតថាៈ «នែកុកចារបុរស! យើងបានស្ដាប់ពាក្យអ្នកអស់អាថិសេចគ្រេចហើយ តែអ្នកចូលទៅម្ខងទៀតទៅស្ដាប់អោយបានការអស់ ហើយត្រូវចូរត្រលប់មកប្រាប់យើងវិញយ៉ាងឆាប់ៗ»។ តែក្នុងពេលដែលចាក្រពាកបង្គាប់កុកទីឃ៌មុខដូច្នេះ រាជហង្សហិរណ្យគភ៌ៈសួរចាក្រពាកសវិជ្ញៈថាៈ «លោកប្រធានរដ្ឋមន្ដ្រី! ខ្ញុំចង់ដឹងថា បុគ្គលដែលយើងមិនគួរនឹងធ្វើសន្ដិភាព ចងស្ពានមេត្រីនោះបែបណាខ្លះ?»។ ចាក្រពាកសវិជ្ញៈឆ្លើយប្រាប់ហង្សហិរណ្យគភ៌ៈថាៈ «ទេវៈ! ខ្ញុំបាទនឹងបរិយាយជូន សូមលោកម្ចាស់ចាំស្ដាប់ដូចសេចក្ដីតទៅនេះ៖
៣០ - ១ក្មេង ២មនុស្សចាស់ ៣មនុស្សឈឺរីងរៃ ៤មនុស្សដែលញាតិបណេ្ដញចោលបង់ ៥នាយខ្លាច ៦បរិវារខ្លាច ៧នាយល្មោភ ៨បរិវារល្មោភ
៣១ - ៩មនុស្សដែលមានប្រក្រតីព្រងើយកន្ដើយ ១០មនុស្សមានចិត្ដជាប់ក្នុងកាមគុណ ១១មនុស្សមានចិត្ដផ្លាស់ប្ដូរច្រើន ចិត្ដមិនទៀងទាត់ ១២មនុស្សនិន្ទាទេពតា និងព្រាហ្មណ៍
៣២ - ១៣ មនុស្សមានព្រេងសំណាងអាក្រក់ ១៤មនុស្សជឿព្រេងសំណាង ១៥មនុស្សត្រូវអន្ដរាយដោយទុរភិក្ស ១៦មនុស្សមានចិត្ដរសាំរសាយក្នុងក្ដីអន្ដរាយរេហ៍ពល
៣៣ - ១៧មនុស្សមិននៅក្នុងប្រទេសខ្លួន ១៨មនុស្សមានសត្រូវច្រើន ១៩មនុស្សមិនប្រកបដោយវេលា ២០មនុស្សមិនប្រកាន់សច្ចៈនិងធម៌ មនុស្សដែលមិនត្រូវធ្វើសន្ដិភាពមាន ២០ពួកដូចពោលមកនេះ។
៣៤ - បុគ្គលទាំង២០ពួកនេះ មិនត្រូវធ្វើសន្ដិភាពជាមួយឡើយ មានតែត្រូវធ្វើសង្រ្គាមតបវិញតែប៉ុណ្ណោះ ព្រោះថា បុគ្គល២០ពួកនេះ កាលបើចាត់ធ្វើសង្រ្គាមហើយ មុខជាធ្លាក់ទៅក្នុងអំណាចសត្រូវពិតប្រាកដហើយឆាប់រហ័យផង។
៣៥ - ធម្មតាលោក តែងមិនពេញចិត្ដធ្វើសង្រ្គាមដើម្បីកូនក្មេង ព្រោះកូនកេ្មងមិនមានអំណាចមួយទៀត កូនក្មេងមិនយល់ផលនៃការច្បាំង និងការមិនច្បាំងទេ។
៣៦ - មនុស្សចាស់ និង មនុស្សរីងរៃ មិនមានអុស្សាហៈនឹងអង់អាចទេ ជនទាំង២ពួក នេះសូម្បើបងប្អូនអែងក៏មើលងាយអិតសង្ស័យឡើយ។
៣៨ - នាយខ្លាច រត់ចោលសង្រ្គាមនឹងដល់សេចក្ដីវិនាសដោយខ្លួនអែង បរិវារខ្លាច ក៏រត់ចោលម្ចាស់ខ្លាចសង្រ្គាមដូចគ្នាដែរ។
៣៩ - នាយល្មោភ តែងមានបរិវារមិនសូវចង់ច្បាំង ព្រោះបរិវារមិនសូវបានចំណែក អែបរិវារល្មោភដែលមិនបាន រង្វន់នឹងសំលាប់នាយល្មោភបង់។
៤០ - មនុស្សដែលមានប្រក្រតីព្រងើយកន្ដើយ ត្រូវមនុស្សដែលមានប្រក្រតីមិនព្រងើយកន្ដើយ លះបង់ចោលក្នុងសង្រ្គាម អែមនុស្សដែលមានចិត្ដជាប់ក្នុងកាមគុណ គេតែងយកឈ្នះបានដោយងាយ។
៤១ - មនុស្សមានចិត្ដផ្លាស់ប្ដូរច្រើន តែងជាទីបែកចិត្ដនៃជនអ្នកជួយប្រឹក្សា (មន្ដ្រី) ដល់មានកិច្ចការកើតឡើង មនុស្សមានចិត្ដផ្លាស់ប្ដូរច្រើននោះតែងព្រងើយកន្ដើយព្រោះ មានចិត្ដមិនទៀងទាត់។
៤២ - មនុស្សនិន្ទាទេពតា និងព្រាហ្មណ៍ នឹងសាបសូន្យទៅអែងៗ ព្រោះអំណាចព្រះធម៌ធំទូលាយណាស់ អែមនុស្ស មានព្រេងសំណាងអាក្រក់វិនាសដូចគ្នាដែរ។
៤៣ - មែនពិត ការជឿព្រេងសំណាងជាហេតុនៃសម្បត្ដិ (សេចក្ដីចំរើន) ផង នៃវិបត្ដិ (សេចក្ដីវិនាស) ផង កាលបើដូច្នេះមនុស្សជឿព្រេងសំណាង នឹងមិនតាំងចិត្ដព្យាយាមធ្វើអ្វីដោយខ្លួនអែង។
៤៤ - មនុស្សដែលត្រូវអន្ដរាយដោយទុរភិក្ស នឹងលិចស្រឹមទៅដោយខ្លួនអែង រីនាយមានចិត្ដរសាំរសាយក្នុងក្ដីអន្ដរាយរេហ៍ពលក៏មិនអាចកទ័ព ដើម្បីចំបាំងទៀតបានទេ។
៤៥ - មនុស្សដែលមិននៅក្នុងប្រទេសខ្លួន សូម្បីកូនសត្រូវតូចមួយក៏អាចសំលាប់បាន ដូចក្រពើ សូម្បីតូចតាចបើនៅក្នុងទឹកហើយអាចចាប់ដល់ដំរីសារធំបាន។
៤៦ -មនុស្សមានសត្រូវច្រើន តែងរន្ធត់តក់ស្លុតដូចព្រាបនៅក្នុងកណ្ដាលហ្វូងក្លែង បើទុកជាដើរផ្លូវណាក៏ដោយមិន យូរប៉ុន្មាននឹងដល់ក្ដីស្លាប់មិនខាន។
៤៧ - មនុស្សដែលមានសែន្យានុភាព មិនប្រកបដោយវេលា នឹង ត្រូវយោធាដែលប្រកបដោយកាលវេលាវាយខ្ចាត់ខ្ចាយបាន ដូចក្អែកនៅក្នុងពេលរាត្រីអិតមានពន្លឺត្រូវទីទុយសំលាប់បាន។
៤៨ - ក្នុងកាលណាក៏ដោយ បុគ្គលមិនគួរធ្វើសន្ដិភាព(មេត្រី) មួយអន្លើដោយមនុស្សមិនកាន់សច្ចៈ និង ធម៌ឡើយ ព្រោះថា កាលបើធ្វើសន្ដិភាពជាមួយជនបែបនេះហើយ មិនយូរប៉ុន្មាន នឹងដល់នូវការប្រែព្រួលដោយហេតុតែមិនមែនជាសប្បុរសនោះអែង។
ខ្ញុំបាទនឹងជំរាបតទៅទៀតថា ការធ្វើសន្ដិភាព១ ការធ្វើសង្រ្គាម១ ការយាត្រាទ័ព១ ការសំចតទ័ព១ ការពឹងពាក់អាស្រ័យនៃទ័ព១ ការចាត់ចែងទ័ព១ ទាំង៦ប្រការនេះជាអង្គការនៃកងទ័ព។ អុបាយដើម្បីចាប់ផ្ដើមធ្វើការ១ រេហ៍ពល និងទ្រព្យសម្បត្ដិ១ ការលៃលកទៅតាមកាលៈទេសៈ១ អុបាយការពារមិនអោយចាញ់១ សេចក្ដីសំរេចផលនៃការងារ១ ទាំង៥ប្រការនេះជាអង្គនៃការប្រឹក្សា។ ការផ្សះផ្សា១ ការចែករំលែក១ ការញុះញង់បំបែក១ ការផ្ដន្ទាទោស១ ទាំង៤ប្រការនេះជាអុបករណ៍យកឈ្នះ។ អានុភាពនៃអុស្សាហៈ១ អនុភាពប្រឹក្សា១ អានុភាពនៃព្រះរាជា១ ទាំង៣ ប្រការនេះជាអានុភាព(3)។ កាលបើបានពិចារណា តាមពាក្យដែលបានពោលមកនេះជានិច្ចហើយអ្នកប្រាថ្នាជ័យជំនះ និង សំរេចផលបានទៅជាបុគ្គលធំមិនខាន។
៤៩ - សេចក្ដីពិត ស្រីណា(4) ដែលបុគ្គលមិនគប្បីបានដោយតំលៃគឺការបរិច្ចាគជីវិត ស្រីនោះសូម្បីទ្រេតទ្រោតឃ្លេងឃ្លោងរមែងរត់ទៅរកបុគ្គលដែលចេះនិតិសាស្ដ្រចេះនយោយបាយ។
៥០ - ក្នុងកាលណា ជនណាចេះចែកចាយទ្រព្យសម្បត្ដិអោយជនដទៃស្មើភាគគ្នា មានចារបុរសចេះលាក់លៀម ការសំងាត់ទុកដោយល្អ មានការប្រឹក្សាយ៉ាងស្ងាត់ មិនពោលពាក្យអសុរសចំពោះសព្វមនុស្សទាំងឡាយ ក្នុងកាលនោះ ជននោះអាចគ្រប់គ្រងប្រឹថពីមណ្ឌលដែលមានសាគរជាខបខែត្របាន។ ទេៈ! បើទុកជាត្មាតទុរទសីជាប្រធានរដ្ឋមន្ដ្រីបានណែនាំអោយធ្វើសន្ដិភាពក្ដី ក្នុងពេលនេះ ក្ងោកចិត្រពណ៌នៅកំពុងឡើងជោរដោយការមានជ័យ គង់មិនទាន់យល់ព្រមនៅឡើយទេ។ ក្នុងរឿងនេះ គួរលោកម្ចាស់ចាត់ការដូច្នេះវិញ ពេលនេះគួរអោយកុកឈ្មោះមហាពលនៃសីហលទ្វីបជាសហាយរបស់យើងធ្វើជារាជា ហើយញុះអោយទៅកការចលាចលឡើងក្នុងជម្ពូទ្វីប ព្រោះថាៈ
៥១ - វីរយោធាដែលមានគ្រឿងការពារល្អ រក្សាការសំងាត់ទុកដោយប្រពៃ យាត្រាទ័ពដ៏ណាស់ណាន់តាន់តាប់ហើយមានរបៀបចូលទៅដុតកំដៅសត្រូវណា ដែលមានកំលាំងស្មើភាគគ្នាអោយរំខាន សត្រូវដែលក្ដៅក្រហាយរំខានហើយនោះ នឹងចូលមកធ្វើសន្ដិភាព ព្រោះហេតុតែសេចក្ដីរំខាននោះអែង។
រាជហង្សហិរណ្យគភ៌យល់ព្រមហើយពោលថាៈ «ធ្វើយ៉ាងនេះត្រឹមត្រូវហើយ» ទើបប្រគល់សាសន៍សំងាត់បញ្ចូន កុកឈ្មោះ វិចិត្រ អោយទៅសីហលទ្វីប។ ក្នុងពេលដែលរាជហង្សហិរណ្យគភ៌និងចាក្រពាកសវិជ្ញៈកំពុងតែប្រឹក្សា គ្នាដូច្នេះ កុកទីឃ៌មុខជាចារបុរសមកដល់ហើយនិយាយប្រាប់ថាៈ «ទេវៈ ខ្ញុំបាទបានលឺសត្រូវគឺត្មាតទុរទសីជាប្រធានរដ្ឋមន្រ្ដីនិយាយប្រាប់ក្ងោកចិត្រពណ៌ក្នុងទីនោះថា «ទេវៈ! ក្អែកមេឃពណ៌បាននៅក្នុងសំណាក់រាជហង្សហិរណ្យគភ៌ៈ អស់កាលយូរហើយវាគង់នឹងបានដឹងថា រាជហង្សហិរណ្យគភ៌ជាបុគ្គល គឺយើង (ក្ងោកចិត្រពណ៌) គួរគប្បីធ្វើសន្ធិសញ្ញាស្ងប់សឹកបានរឺមិនបាន។ កាលដែលក្អែកមេឃពណ៌ចូលទៅដល់ខ្ញុំ (កុកទីឃមុខ) បានលឺថាក្ងោកចិត្រពណ៌ សួរថាៈ «នែមេឃពណ៌! រាជហង្សហិរណ្យគភ៌ៈ ជាស្ដេចបែបណា? ចាក្រពាករដ្ឋមន្ដ្រីមានលក្ខណៈដូចម្ដេចខ្លះ?។ ក្អែកមេឃពណ៌ឆ្លើយប្រាប់ថាៈ «ទេវៈ! រាជហង្សហិរណ្យគភ៌ៈ ជាស្ដេចមានអធ្យាស្រ័យទ្រង់សច្ចៈទៀងត្រង់ណាស់ ប្រដូចជាអង្គព្រះបាទយុទ្ធិសិរ្ធ(5) (5)ព្រះរាជាបាណ្ឌុត ក្នុងរឿងមហាភារត ជាសេ្ដចប្រកបដោយធម៌) អែប្រធានរដ្ឋមន្រ្ដីដូចជាចាក្រពាក សវិជ្ញៈនេះក៏គេរកបានដោយក្រណាស់»។ កាលនោះ ក្ងោកចិត្រពណ៌សួរកាត់ទៀតថាៈ «ថាបើកាន់ សច្ចៈល្អដូច្នេះ ហេតុអ្វីក៏អែងចូលទៅលលួងអោយចាញ់កលបាន?»ក្អែកមេឃពណ៌សើចហើយឆ្លើយតបភ្លាមវិញថាៈ «ទេវៈ?
៥២ - ការលួងបោកជនជឿទុកចិត្ដស្រេចហើយ ចាំបាច់ប្រើសេចក្ដីឆ្លៀវឆ្លាតអ្វីប៉ុន្មាន ដូចជាការប្រហារជនដែលចូលមកដេកលើស្មាយើងហើយ ចាំបាច់ប្រើសេចក្ដីអង់អាចជាជាតិបុរសប៉ុន្មាន»។ ទេវ! សូមលោកម្ចាស់ស្ដាប់ ចាក្រពាកសវិជ្ញៈជាប្រធានរដ្ឋមន្ដ្រីដឹងថាខ្ញុំបាទជាចារបុរស តាំងពីប្រឋមទស្សន៍ម៉េ្លះ តែរាជហង្សហិរណ្យគភ៌ៈមានអធ្យាស្រ័យធំណាស់ ហើយជឿទុកចិត្ដខ្ញុំបាទស៊ប់ បានជាខ្ញុំបាទលលួងបោកបាន ព្រោះថា៖
៥៣ - ជនណា ដឹងថាទុរជនពោលពាក្យសច្ចៈដូចខ្លួនដឹងដែរជននោះត្រូវទុរជនលលួងបោកបាន ដូចព្រាហ្មណ៍ត្រូវពួក អ្នកលេងបោកយកពពែបាន។ ក្ងោកចិត្រពណ៌សួរថាៈ «ចុះរឿងនោះតើដូចម្ដេច?។ ក្អែកមេឃពណ៌និយាយរៀប រាប់ប្រាប់ថាៈ
តទៅកថា៩
- (1) ព្រះនាមព្រះអីសូរ ប្រែថាមានរូបព្រះច័ន្ទខាងខ្នើត ជាមកុដ១។
- (2) បរសុរាមជាបុត្រ ព្រះបាទជមទត្ថ ជាសត្រូវ នឹង ព្រះរាម ច្រណែននឹងព្រះរាមព្រោះខ្លួនក៏ឈ្មោះនាមដែរ។
- (3) អានុភាពគឺ គ័ក្ដក្នុងចំបាំងមាន៣ប្រការគឺ ១អុស្សាហគ័ក្ដី បន្ត្រគ័ក្ដិ និង ៣ប្រភគ័ក)។
- (4) សិរីសួស្ដី ទ្រព្យសម្បត្ដិ ជ័យជំនះ។
- (5) ព្រះរាជាបាណ្ឌុត ក្នុងរឿងមហាភារត ជាសេ្ដចប្រកបដោយធម៌។