ស្រីហិតោបទេស
ភិក្ខុក ប៉ាង ខាត់ វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹតដោយ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ
**********************************************
ថ្ងៃសៅរ៍ ទី30.កញ្ញា 2017.ម៉ោង 7:47
កថាទី៦
រឿងហង្សនិងក្អែក.
នៅតាមផ្លូវធំទៅកាន់ក្រុងអុជ្ជយិនី មានដើមបិប្បលៈមួយដើមមានមែកទ្រឈឹងទ្រឈៃ។ សត្វហង្ស និង ក្អែកអាស្រ័យនៅលើដើមឈើនោះ។ នៅក្នុងរដូវក្ដៅ មានអ្នកដំណើរម្នាក់ដើរមកដល់ អស់កំលាំងណាស់ ឃើញម្លប់ត្រជាក់ស្រួល ដាក់ធ្នូ និង សរក្បែរគល់ឈើប្រាស់ខ្លួនដេកលន់លក់ទៅ។ ក្រោយបន្ដិចមកម្លប់ដើមឈើនោះ រេបែរឃ្លាតចេញពីមុខអ្នកដំណើរនោះ។ កាលនោះហង្សទុំនៅលើដើមឈើនោះ ក្រលេកទៅឃើញមុខអ្នកដំណើរចាំងដោយ កំដៅព្រះអាទិត្យ កើតមានចិត្ដល្អជាចិត្ដបុណ្យដ៏ត្រជាក់ត្រជុំ ទើបកោងស្លាបខ្លួនបាំងកំដៅព្រះអាទិត្យអោយម្លប់ ទៅចំមុខអ្នកដំណើរនោះដោយចិត្ដអាណិត។ រីអ្នកដំណើរកំពុងអស់កំលាំងខ្លាំង បានម្លប់ត្រជាក់ស្រួល ក៏ដេកលក់ស៊ុបច្រហមាត់ធ្លុង។ គ្រានោះអែង ក្អែកដែលនៅជាមួយគ្នា ជាសត្វមានចិត្ដអាក្រក់ជាសភាពទុជ៌នពីកំណើត តែងច្រណែនជនដទៃជានិច្ច មិនចង់អោយគេបានសេចក្ដីសុខសោះ ក៏បន្ទោបង់អាចម៍ខ្លួនអោយធ្លាក់ទៅចំប៉ាច់ ក្នុងមាត់ នៃអ្នកដំណើរនោះ ហើយហើរចេញបាត់ទៅភ្លាម។ អ្នកដំណើរត្រូវអាចម៍ ក្អែកស្អុយមួយដុំចំមាត់ក្នាញ់ណាស់ ក្រោកគ្រទីគ្រទាឡើងក្រលេកមើលទៅលើឃើញតែហង្សមិនឃើញក្អែក ក៏ចាប់ទាញធ្នូមក ហើយបាញ់តំរង់ទៅត្រូវស្លាប់ទៅហោង ហេតុនោះហើយបានជាខ្ញុំ(សេក) ពោលថា«បុគ្គលមិនគប្បីឋិតនៅ» ដូច្នោះជាដើម(លេខ២២)។ សេករៀបរាប់ទៀតថា(1)«ទេវៈ! ខ្ញុំបាទនឹងនិយាយរឿងក្អែក និង ទទាតទៅទៀត សូមម្ចាស់ប្រុងស្ដាប់៖
កថាទី៦
រឿងក្អែកនិងទទា
ក្អែកនិងទទាអាស្រ័យនៅលើដើមឈើជាសុខសប្បាយ។ ថ្ងៃមួយបក្សីទាំងឡាយបបួលគ្នាហិចហើរទៅកាន់ត្រើយសមុទ្រ ដើម្បីទៅគោរពគ្រុឌជាស្ដេចបក្សីដ៏មានបុណ្យ។ កាលនោះទទាធ្វើដំណើរជាមួយនឹងក្អែក ដល់ពាក់កណ្ដាលផ្លូវ ទៅជួបនឹងគោបាលម្នាក់ទូលភាជន៍ទឹកដោះលើក្បាល ក្អែកហើរទៅលបឆក់ទឹកដោះនោះស៊ីរឿយៗ។ គោបាលក្នាញ់ណាស់ ដាក់ភាជន៍ទឹកដោះទុកនៅដី ក្រលេកមើលទៅលើអាកាសឃើញក្អែក និង ទទាក៏រត់ដេញតាម។ ក្អែកកាលដឹងខ្លួនថាគោបាលឃើញហើយ ក៏ហើរបាត់ទៅភ្លាម។ អែទទាជាសត្វល្ងង់ខ្លៅ ដឹងខ្លួនថា មិនមានកំហុស មិនហើរទៅណាឆ្ងាយ ត្រូវគោបាលចាប់សំលាប់ចោលបង់សៀតទៅហោង ព្រោះហេតុនោះបានជាខ្ញុំ(សេក)ពោលថា «មិនគប្បីដើរទៅជាមួយ» ដូច្នេះជាដើម (លេខ២២)។ កាលនោះ ខ្ញុំបាទ(ទិឃ៌មុខ) និយាយតបទៅកាន់សេកថា «នែបងសេក! បងសេកម្ដេចក៏និយាយយ៉ាងនេះ? រូបបង និង រូបខ្ញុំពីរនាក់នេះទុកដូចជារូបម្ចាស់ផែនដីដ៏មានបុណ្យមួយព្រះអង្គ។ បងមិនគួរនិយាយបង្កាច់ដូច្នេះទេ» សេកឆ្លើយតមវិញថា «ពិតដូចបងកុកនិយាយហើយ តែថា៖
២៣ - ពាក្យដែលទុជ៌នពោល សូម្បីនិយាយញញឹមស្រស់ពីរោះផ្អែមដូចជាផ្ការីកពុំជួនកាល ក៏អាចញ៉ាំងភ័យអោយកើតឡើងបាន។ សំដីបងកុកនិយាយចេញមកនេះ នាំអោយឃើញច្បាស់ហើយ ថាជាទុជ៌នស្រេចទៅហើយ អែសំដីជាហេតុដើមនោះ គឺសំដីដែលនិយាយនាំអោយព្រះរាជាទាំងពីរព្រះអង្គធ្វើសឹកសង្រ្គាមនឹងគ្នានេះអែង បងសេកមើល!? (ត្រង់នេះសេកនិយាយ ត្រូវថា បងកុកមើល? វិញទើបត្រូវតាមឃ្លានេះ)។
២៤ - ទោសដែលបុគ្គលធ្វើអោយឃើញប្រត្យក្សហើយ មនុស្សល្ងង់នៅតែពេញចិត្ដស្ងប់ស្ងៀម ដោយគ្រាន់តែនិយាយពាក្យពីរោះផ្អែមប៉ុណ្ណោះ ដូចរឿងជាងរថទូលភរិយាលើក្បាលព្រមទាំងសហាយភរិយាផង។ ក្ងោកចិត្រពណ៌ សួរថាៈ«ចុះរឿងនោះដូចម្ដេច?»។ សេកនិយាយរៀបរាប់រឿងនោះដូចតទៅនេះថា៖
កថាទី៧
រឿងជាងរថ ភរិយា និងសហាយ
នៅយៅវនស្រីនគរ មានជាងរថម្នាក់ឈ្មោះមន្ទមតិ។ មន្ទមតិដឹងច្បាស់ថាភរិយាខ្លួនផិតប្រាកដ តែមិនទាន់មានភស្ដុតាង គឺមិនទាន់ឃើញសហាយភរិយាឋិតនៅក្នុងទីជាមួយគ្នាច្បាស់នៅឡើយ។ ថ្ងៃមួយ ជាងរថឈ្មោះមន្ទមតិ និយាយប្រាប់ភរិយាថា ខ្លួនមានដំណើរទៅកាន់ស្រុកដទៃនិយាយរួចហើយដើរចេញទៅ។ មន្ទមតិធ្វើជាដើរទៅមិនបានប៉ុន្មាន ក៏ត្រលប់វិលមកវិញ លបចូលទៅលាក់ខ្លួនពួនអាត្មានៅក្រោមគ្រែដោយស្ងាត់ៗ។ សហាយភរិយាដឹងច្បាស់ថា ជាងរថចេញទៅកាន់ស្រុកក្រៅបាត់ហើយ ដល់ពេលសន្ធិយារាត្រី ក៏ចូលទៅដេកជាមួយភរិយាជាងរថ។ អែស្រីចិត្ដចើកកាលប្រលែងលេងជាមួយសហាយជាទីស្រលាញ់ដោយក្ដីស្នេហាយ៉ាងក្រៃលែងនៅលើគ្រែ ក្នុងទីកំបាំងនោះ បានទំលាក់ដៃទៅខាងក្រោម ទៅប៉ះនឹងមនុស្សដែលដេកនៅក្រោមគ្រែនោះ ដឹងច្បាស់ថាជាប្ដីខ្លួនមកដេកបន្លំ ក៏ស្រងាកព្រួយចិត្ដ។ សហាយ កាលឃើញស្រីសហាយខ្លួនមិនសូវអើពើដូចសព្វដងសាកសួរទៅថា «ថ្ងៃនេះហេតុដូចម្ដេចក៏អូនមិនសូវអើពើលេងសប្បាយជាមួយបង? បងមើលទៅឃើញថាអូនបែបដូចជាមាននឹកព្រួយចិត្ដរឿងអ្វីមួយ»។ ស្រីចិត្ដចើកនោះឆ្លើយប្រាប់ថាៈ «បង! បងមិនដឹងថា ស្វាមីជាម្ចាស់ជីវិតខ្ញុំគាត់មិននៅថ្ងៃនេះរឺអ្វី? គាត់ចេញទៅស្រុកក្រៅហើយ ក្នុងពេលដែលគាត់ចេញទៅនេះ នៅក្នុងផ្ទះសូម្បីមានមនុស្សពេញណែនណាន់តាន់តាប់ ខ្ញុំក៏ឃើញហាក់ដូចជាស្រលះល្ហល្ហេវស្ងាត់សូន្យឈឹង ស្វាមីខ្ញុំទៅកាន់ស្រុកគេប្លែកទឹកប្លែកដី មិនដឹងជាគាត់នឹកស្រងេះស្រងោចដូចម្ដេចទៅអេះ បានអ្វីបរិភោគអាស្រ័យដំណេកនៅអែណា ខ្ញុំអិតដឹងអិតយល់សោះខ្ញុំគិតទៅៗ ឃើញដូច្នេះហើយចិត្ដខ្ញុំក៏រលឹកស្រណោះអាលោះអាល័យហើយ អណ្ដែតអណ្ដូងទៅបាត់ពីរូបរាងកាយខ្ញុំ»។ សហានិយាយឡកឡឺយថាៈ «ចុះជាងរថប្ដីនាង ចេះស្នៀតស្នេហាចំណានដូចម្ដេចទៅ?»។ ស្រីចិត្ដចើកធ្វើជាក្រោកឆ្លើយថា «នែអាគំរក់ចង្រៃ! អ្វីអាអែងហ៊ាននិយាយដូច្នេះ? អែងស្ដាប់មើល!៖
២៥ - នារីណាប្ដីជេរប្រទេចក្ដី រឺប្ដីសំលឹងសំលក់ដោយក្ដីក្រោធក្ដី នៅតែធ្វើទឹកមុខស្រស់ស្រាយញញឹម នារីនោះ ទើបឈ្មោះថាស្រីមានលក្ខណ៍។
២៦ - ស្រីណាស្រលាញ់ប្ដី ទោះជាប្ដីនៅក្រុង រឺនៅស្រុកព្រៃ រឺពុំនោះទេ ជាប្ដីគ្មានបុណ្យក្ដី ស្រីនោះទើបលោកទាំងមូលអោយសេចក្ដីសុខ។
២៧ - សេចក្ដីពិត ភស្ដាជាគ្រឿងអលង្ការនៃនារីទាំងឡាយ នារីអិតភស្ដាឈ្មោះថាមិនមានគ្រឿងអលង្ការ បើទុកជាមានរូបល្អ ក៏មិនមានឈ្មោះថាមានរូបល្អដែរ។
អែងគ្រាន់ជាសហាយ មានចិត្ដអាក្រក់ក្រលិចក្រលុចដូចជាផ្កាស្លា គេត្រូវការលេងតែមួយដងមួយគ្រា អែភស្ដាវិញ ជាម្ចាស់ជីវិតអញ បើគាត់ចង់លក់អញទៅអោយទេពតា រឺក៏អោយអញទៅដល់ព្រាហ្មណ៍ក៏សឹងបាន តែចាំបាច់បូរបាច់ច្រើនធ្វើអ្វី បើភស្ដាអញមានជីវិតរស់នៅ អញក៏មានជីវិតរស់នៅដែរ ថាបើគាត់ធ្វើមរណកាលអញ ក៏សុខចិត្ដស៊ូស្លាប់ទៅតាមនេះជាសេចក្ដីប្ដេជ្ញារបស់អញ ព្រោះថា៖
២៨ - លោមជាតិ ដែលឋិតនៅ នឹង រូបនរជនមានចំនួន ៣៥កោដិ អែនារីដែលស្លាប់ទៅតាមប្ដីបានទៅកើតក្នុងឋានសួគ៌ក៏មានចំនួនច្រើនដូចលោមជាតិដែរ។
២៩ - អាលម្ពាយ ចាប់ពស់ទាញចេញពីរូងបានយ៉ាងណា ភរិយាដែលស្លាប់ទៅតាមភស្ដាអាចនាំភស្ដាខ្លួន (ពីនរក) ទៅកាន់ឋានសួគ៌បានយ៉ាងនោះដែរ។
៣០ - (2)នារីណាស្រលាញ់ប្ដី កៀកអោបប្ដីជាប់នឹងខ្លួន លះបង់ខ្លួនចូលក្នុងគំនរភ្លើងជើងថ្ករជាមួយប្ដី នាងនារីនោះសូម្បីធ្វើបាបរាប់ទាំងសែនឆ្នាំ ក៏អាចនាំភស្ដាខ្លួនទៅកាន់សុរលោក (ឋានសួគ៌) បាន។
កាលនោះ ជាងរថបានស្ដាប់ភរិយានិយាយសព្វអស់អាថិសេចក្ដី គិតក្នុងចិត្ដថា «អាត្មាអញហៅចំជាមានភ័ព្វមានសំណាងបានប្រពន្ធគ្រប់លក្ខណ៍ ចេះនិយាយពាក្យពីរោះ មានចិត្ដស្មោះត្រង់ នឹង ប្ដីប្រាកដដូច្នេះ» គិតដូច្នោះហើយ ក៏លើកទូលគ្រែ ដែលសហាយនិងភរិយាដេកនោះលើក្បាល លោតរាំកញ្ឆាក់កញ្ឆេង ដោយក្ដីត្រេកអរខ្លាំង ព្រោះហេតុនោះហើយ បានជាខ្ញុំបាទ(សេក) និយាយថា «រីទោសដែលបុគ្គលធ្វើអោយប្រចក្សហើយ» ដូច្នេះជាដើម (លេខ២៥)។
កាលនោះ ស្ដេចក្ងោកចិត្រពណ៌ ទទួលស្គាល់ខ្ញុំបាទពេញកិត្ដិយសថា ជាទូត ហើយបណ្ដោយអោយខ្ញុំបាទវិលត្រលប់មកវិញ ព្រមទាំងសេកជាទូតមកតាមខ្ញុំបាទផង។ អីលូវនេះ បើលោកម្ចាស់បានជ្រាបសេចក្ដីរហូតហើយ កិច្ចការណាដែលគួរចាត់ចែង ក៏សូមម្ចាស់ត្រិះរិះមើលទៅចុះ។ ចាក្រពាកជាប្រធានរដ្ឋមន្រ្ដីសើចហាសហាយ ហើយនិយាយថា «ទេវៈ! បងកុកធ្វើដំណើរចេញទៅបរទេសហើយត្រលប់មកវិញ ចេះចាត់ចែងកិច្ចរាជការស្រេចតាមសម្ថភាព តែថាការចាត់ចែងរាជការដូច្នេះ ជាវិធីមនុស្សល្ងង់ទេ ព្រោះថាៈ
៣១ - គួរគប្បីអោយមួយរយ តែមិនគួរអោយកើតវិវាទមួយទេ នេះជាមតិអ្នកប្រាជ្ញ សូម្បីមិនមានមូលហេតុអ្វីជាមាំមួន ហើយក៏ធ្វើវិវាទដែរនេះជាលក្ខណៈមនុស្សល្ងង់ទេ។
រាជហង្សហិរណ្យគភ៌ឆ្លើយឡើងថាៈ «បន្ទោសរឿងដែលកន្លងទៅហើយ តើមានប្រយោជន៏អ្វី? គួរជួយត្រិះរិះពិចារណាគ្នាមើលរឿងបច្ចុប្បន្ននេះវិញ»។ ចាក្រពាកនិយាយថាទេវៈ ខ្ញុំបាទសូមជំរាបរឿងនេះក្នុងទីស្ងាត់ ព្រោះថាៈ
៣២ - អ្នកប្រាជ្ញាអាចស្ទង់មើលចិត្ដនៃជនដទៃដោយទឹកមុខ អាការសំលេងវិការនៃភ្នែក និងវិការមុខបាន ព្រោះដូ ច្នោះគួរប្រឹក្សាគ្នាក្នុងទីស្ងាត់។
កាលនោះអែង ហង្សហិរណ្យគភ៌ និងចាក្រពាក ឋិតនៅក្នុងទីតែពីរនាក់ សត្វទាំងឡាយជាបរិវារដទៃទៀតដឹងទំនងដូច្នេះ ក៏ថយគេចចេញទៅក្រៅអស់។ ចាក្រពាក និយាយប្រាប់ហង្សហិរណ្យគភ៌ថា «ទេវៈ! ខ្ញុំបាទមានសេចក្ដីយល់ឃើញថា ប្រព្រឹត្ដហេតុដែលទីឃ៌មុខបានធ្វើអោយកើតឡើងនេះ ប្រហែលជាមានបរិវារយើងខ្លះ ជាអ្នកញុះញង់ អោយធ្វើទេដឹង ព្រោះថា៖
៣៣ មនុស្សឈឺអោយសេចក្ដីសុខចំរើនដល់ពេទ្យ មនុស្សមានវិបត្ដិគ្រោះថ្នាក់ អោយសេចក្ដីសុខចំរើនដល់មន្រ្ដី មនុស្សល្ងង់ជាការរស់នៅនៃអ្នកប្រាជ្ញ វណ្ណៈល្អទាំងឡាយជាការរស់នៅនៃសប្បុរសទាំងឡាយ(3)។
ហង្សហិរណ្យគភ៌ ឆ្លើយតបថា «ដូច្នេះក៏ធ្លាប់មានដែរ តែរឿងនេះយើងទុកចាំស៊ើបអង្កិតរកមូលហេតុអោយឃើញ ក្នុងកាលជាខាងក្រោយចុះ ពេលនេះយើងត្រូវធ្វើដូចម្ដេច? បើត្រូវធ្វើយ៉ាងណាត្រូវចាត់ចែងដូច្នោះភ្លាមៗ អោយទាន់ពេល។ ចាក្រពាកឆ្លើយថាៈ «ទេវៈ! យើងគួរបញ្ជូនចារបុរសអោយចូលទៅដល់ឋានសត្រូវ អោយដឹងថាសត្រូវ មានកំលាំង រឺអិតកំលាំងដូចម្ដេចអោយដឹងមុនសិន ព្រោះថា៖
៣៤ - គួរប្រើចារបុរសក្នុងការស៊ើបអង្កិតអោយបានដឹងសេចក្ដីថា ការគួរធ្វើ និង មិនគួរធ្វើក្នុងប្រទេសខ្លួន រឺ ក្នុងបរទេស ព្រោះចារបុរសជាព្រះនេត្រានៃព្រះរាជា ព្រះរាជាអង្គណាមិនមានសូម្បីតែម្នាក់ព្រះរាជាអង្គនោះទុកដូចជាមនុស្សខ្វាក់ពិតៗ។ ត្រូវចាត់ទុកទីឃ៌មុខនេះជាចារបុរស អោយនាំយកមនុស្សម្នាក់ដែលទំនុកទុកចិត្ដ ទៅជាមួយ ជួយធ្វើការផង កាលបើស៊ើបសួរមើលដឹងការប្រឹក្សា រឺ ព្រឹត្ដការណ៍នៃសត្រូវនៅក្នុងប្រទេសគេនោះហើយ ខ្លួនអែងត្រូវ នៅក្នុងប្រទេសគេនោះចុះ តែត្រូវប្រើអោយអ្នកទីពីរដែលជាជំនួយនោះនាំយកការសំងាត់ ដែលស៊ើបបានមកប្រាប់យើងដោយសំងាត់ជាបំផុត ព្រោះថា៖
៣៥ ព្រះរាជា ត្រូវបង្កប់ចារបុរសប្រើអោយយកភេទជាតាបស អោយចូលទៅដើម្បីសិក្សាសាស្រ្ដវិជ្ជា ក្នុងបុណ្យស្ថានក្នុងអាស្រម រឺ ក្នុងទេវស្ថានផ្សេងៗ។ ចារបុរសនៃការសំងាត់នេះ ក៏ត្រូវរកមនុស្សសំខាន់ដែលទៅផ្លូវទឹកក៏បានផ្លូវគោកក៏បាន ដូច្នេះបានជាត្រូវចាត់ទីឃ៌មុខនេះទៅ ហើយត្រូវរកកុកមួយទៀតអោយបានជាគ្នាជូនទៅផង ព្រមទាំងយកកុកមួយក្នុងផ្ទះទីឃ៌មុខអោយមក ធ្វើជាទ្វារបាលរក្សាព្រះរាជវាំងជំនួសផង តែការនោះត្រូវធ្វើអោយស្ងាត់ដែលនឹងអាចស្ងាត់បានព្រោះថា៖
៣៦ - មន្រ្ដី គឺការសំងាត់នេះបើដឹងដល់ត្រចៀក៦ ហើយតែងបែកធ្លាយ ហើយខ្ចរខ្ចាយចេញទៅដោយការនិយាយតៗគ្នា ហេតុនេះព្រះរាជាគប្បីរក្សាការសំងាត់បានចំពោះតែរូបព្រះអង្គ និង មនុស្សជាគំរប់ពីរប៉ុណ្ណោះ។
៣៧ - កាលបើមន្រ្ដី គឺការសំងាត់ធ្លាយហើយ ទោសតែងធ្លាក់ស្រោចមកលើព្រះរាជា ទោសនោះបុគ្គលមិនអាច កែសំរួលបានងាយទេ នេះជាមតិអ្នកនយោបាយ។ ហង្សហិរណ្យគភ៌ ត្រិះរិះពិចារណាមួយស្របក់ហើយនិយាយថាៈ «អើ! ចារបុរសធ្វើការសំងាត់ប្រសើរដូច្នេះយើងរកបានហើយ»។ ចាក្រពាកឆ្លើយស្របទៅវិញថា «ទេវៈ! បើដូច្នោះ មែនជ័យជំនះក្នុងសង្រ្គាមប្រាកដជាបានយើងហើយ»។ ក្នុងពេលនោះបក្សីរក្សាព្រះអង្គចូលទៅលើកហត្ថាប្រណម្យ ហើយជំរាបថាៈ «ទេវៈ! សូមជ្រាប សេកដែលមកពីជម្ពូទ្វីបនោះ អីលូវនេះឋិតរង់ចាំនៅមាត់ទ្វារ»។ ហង្សហិរណ្យគភ៌ក្រលេកមើលមុខចាក្រពាកៗ ក៏វាងវៃទាន់ភ្លាមនិយាយថា «ចូរបង្គាប់ អោយគេនាំសេកទៅរង់ចាំនៅសាល ចាំមួយស្របក់សិន សឹមអោយគេនាំខ្លួនមកជួបនឹងលោកម្ចាស់»។ អ្នករក្សាព្រះអង្គទទួលបង្គាប់ហើយក៏នាំសេក ជារាជទូតចេញទៅរង់ចាំ។ ហង្សហិរណ្យគភ៌តក់ស្លុតនិយាយថា៖ «គួរអោយនឹកបារម្ភណាស់ ក្រែងសង្រ្គាមនឹងផ្ទុះឡើង»។ ចាក្រពាកឆ្លើយតបថាៈ «ទេវៈ! ការធ្វើសង្រ្គាមភ្លាមៗ មិនមែនជាការល្អទេ ព្រោះថា៖
៣៨ - ក្នុងការផ្ដើមធ្វើសង្រ្គាម សេវកណា មិនមានការពិចារណាម៉តចត់ ដឹកនាំអោយព្រះរាជាធ្វើសង្រ្គាម រឺ អោយលះបង់ប្រទេសជាតិចោល សេវកនោះសមជាអាមាត្យរឺទេ? សមជាមន្រ្ដីរឺទេ?។
៣៩ - ក្នុងកាលណាក៏ដោយ ព្រះរាជាគប្បីព្យាយាមយកជ័យជំនះចំពោះសត្រូវដោយការមិនច្បាំងអោយបាន ព្រោះកាលបើអ្នកទាំងពីរខាងច្បាំងតយុទ្ធគ្នាហើយ គេមិនសូវឃើញជ័យជំនះទៀងទាត់ទេ។
៤០ - ក្នុងកាលណាក៏ដោយ ព្រះរាជាគប្បីយកឈ្នះសត្រូវដោយការផ្សះផ្សារខ្លះដោយការបែងបែកអោយខ្លះដោយ ប្រើអុបាយបំបែកសាមគ្គីខ្លះ គប្បីប្រើអុបាយទាំងនេះ រឺ ប្រើអុបាយណាមួយៗ ធ្វើដូចម្ដេចកុំអោយកើតសង្រ្គាមបាន។
៤១ - ជនទាំងឡាយដែលមិនធ្លាប់ចូលសង្រ្គាម តែងអួតអាងថាខ្លួនក្លៀវក្លា នរណាមួយដែលមិនទាន់ឃើញសមត្ថភាពនៃសត្រូវទេ ម្ដេចឡើយនឹងមិនឡើងចិត្ដទ្រនង់? បុគ្គលមិនគប្បីអាចគាល់លើកដុំថ្មតាន់ ដោយកំលាំងមនុស្សបានស្មើដោយការប្រើកំណាត់ឈើទេយ៉ាងណា ដោយការប្រើអុបាយតែបន្ដិច គេបានសំរេចប្រយោជន៏យ៉ាងនោះ នេះហើយការប្រឹក្សារកអុបាយមានផលធំណាស់ដូច្នេះ។
៤៣ - កសិកម្មដែលបានផលល្អ មកពីគេប្រកបព្យាយាមធ្វើល្អ ម៉ត់ចត់ទៅតាមកាលវេលាយ៉ាងណា ទេវៈនយោបាយនេះ គេធ្វើដោយម៉ត់ចត់ហើយអស់កាលយូរផងទើបបានផល មិនមែនធ្វើកញ្ឆក់កណ្ដៀតទេ យ៉ាងនោះដែរ។ តែកាលណាគេឃើញសង្រ្គាមនឹងកើតពិតហើយ គេចមិនរួចទេទើបគេត្រូវច្បាំងត ព្រោះថា៖
៤៤ - ភ័យនៅឆ្ងាយ មានក្ដីខ្លាចភ័យមកដល់ជិត មានក្ដីក្លៀវក្លានេះជាគុណលក្ខណ មហាបុរស ក្នុងកាលវិបត្ដិនៅនាលោកនេះមហាបុរសតែងសំដែងខ្លួនជាអ្នកធីរជន។
៤៥ - មែនពិត ការប្រឹងហួសកំលាំងជាអុបសគ្គធំខាងដើមនៃការសំរេចសព្វកិច្ចការទាំងអស់ ទឹកសូម្បីត្រជាក់នឹងមិនទំលាយភ្នំបានរឺអ្វី?។
ទេវៈ! មានដំណឹងផ្សេងមួយទៀតថា ស្ដេចចិត្រពណ៌នេះ មានកំលាំងសែន្យានុភាពធំណាស់ ព្រោះថា៖
៤៦ -ការច្បាំងនឹងអ្នកមានកំលាំង ដូច្នេះមិនមានអុទាហរណ៍ទេ មនុស្សច្បាំងត នឹង ដំរី ឈ្មោះថា នាំមរិត្យុមកអោយអិតសង្ស័យឡើយ។
៤៧ - នរជនណា មិនទាន់ដល់កាលគួរ ហើយធ្វើសង្រ្គាម អ្នកនោះឈ្មោះថាជាមនុស្សល្ងង់ ព្រោះការច្បាំងតនឹងអ្នកមានកំលាំងប្រាកដដូចជាប្រើស្លាបរុយហោះដូច្នោះ។
៤៨ - នរជនចេះដឹងនីតិសាស្រ្ដ (នយោបាយ) ត្រូវនៅក្នុងគ្រឿងការពារដូចអណ្ដើកនៅក្នុងស្នូក ហើយត្រូវចេះអត់ធន់គ្រឿងប្រហារនៃសត្រូវផង កាលបើកាល(4) គួរមកដល់ហើយគប្បីលោតឡើងតស៊ូដូចពស់មានអាសិរពិស។
៤៩ -នរជនចេះនយោបាយ អាចរំលើងរិសគល់សត្រូវទោះធំតូច រឺ ក៏ប៉ុនគ្នាបានដូចខ្សែទឹកអាចនាំយកឈើ រឺ ស្មៅទាំងរិសទាំងគល់បានដូច្នោះដែរ។ បើដូច្នេះ យើងគប្បីយកចិត្ដទុកដាក់រក្សាសេកជាទូតនេះទុកក្នុងទីយើងសិន កុំអាលលែងអោយចេញទៅ ដរាបទល់នឹងយើងកសាងបន្ទាយការពារយើងរួចស្រេចហើយសិនព្រោះថា៖
៥០ - ទាហានធ្នូម្នាក់ នៅក្នុងបន្ទាយសំលាប់ទាហានសត្រូវបានមួយរយនាក់ ទាហានធ្នូ១០០នាក់ សំលាប់សត្រូវបាន ១០០០នាក់ ព្រោះហេតុនោះ ការតាំងបន្ទាយការពារទុកមុន ជាកិច្ចសំខាន់មួយ។
៥១ - ប្រទេសជាតិដែលអិតបន្ទាយការពារ ម្ដេចក៏សត្រូវ នឹង មិនត្រូវមើលងាយ? អែព្រះរាជាមិនមានបន្ទាយការពារ ក៏អិតមានទីពឹងដូចមនុស្សធ្លាក់ពីសំពៅកណ្ដាលសមុទ្រ។
៥២ - (5) គួរសាងបន្ទាយការពារ ហើយអោយមានគូធំៗ មានប្រាការខ្ពស់ៗ មានគ្រឿងយន្ដ មានទឹក មានភ្នំ មានទន្លេ វាលខ្សាច់ និង ព្រៃជាគ្រឿងការពារ។
៥៣ - សម្បត្ដិបន្ទាយការពារមាន៧ប្រការដូចមានខាងលើនេះត្រូវកសាងអោយមាំ សត្រូវចូលប្រយុទ្ធលំបាកជាបំផុត ត្រូវមានឃ្លាំងដាក់ស្បៀងអាហារ ទឹកស្រូវ អង្ករ ហើយអោយមានផ្លូវចេញចូល។ ហង្សហិរណ្យគភ៌ ប្រឹក្សាថា «គួរតាំងអ្នកណា អោយចាត់ចែងបន្ទាយការពារត្រៀមទុកទើបបានល្អ?»។ ចាក្រពាក តបថា៖
៥៤ - នរជនណាឆ្លាតវាងវៃក្នុងកិច្ចការណា គួរតាំងនរជននោះអោយចាត់ចែងការនោះ នរជនដែលមិនធ្លាប់ប្រសប់កិច្ចការទេ សូម្បីចេះដឹងសាស្រ្ដវិជ្ជា ក៏រមែងធ្វើការមិនដិតដល់ដែរ។ បើដូច្នោះគួរហៅក្រសារជាសេនាបតីអោយចូលមក។ កាលហៅក្រសារជាសេនាបតីអោយចូលមកដល់ហើយ ហង្សហិរណ្យគភ៌ បង្គាប់ក្រសារថាៈ «នែក្រសារ! ចូរអែងចាត់ចែងធ្វើបន្ទាយការពារត្រៀមទុកអោយសព្វគ្រប់យ៉ាងរហ័យ»។ ក្រសារសេនាបតីប្រណម្យហើយពោលតបវិញថាៈ ទេវៈ! បន្ទាយការពារនោះខ្ញុំបានចាត់ចែងត្រៀមទុកសព្វគ្រប់ហើយ មានទាំងគូទឹកធំផង តែ សូមមានបង្គាប់អោយធ្វើឃ្លាំងសន្សំស្បៀងអាហារទុកទៀត ព្រោះថា៖
៥៥ - បពិតព្រះរាជា! ការប្រមូលគរទុកនូវស្រូវអង្ករជាស្បៀងប្រសើរជាងប្រមូលទុកទ្រព្យអែទៀត ព្រោះថា ពេជ្រទទឹមបុគ្គលយកមករក្សាទុកក្នុងមាត់ មិនអាចធ្វើអោយជីវិតទ្រទ្រង់នៅបានទេ។
៥៦ - បណ្ដាវត្ថុដែលមានរសជាងគេទាំងអស់ អំបិលទុកជាវត្ថុមានរសប្រសើរជាងគេ បុគ្គលគប្បីស្វែងរកអំបិល ទុកកុំបីឃ្លាត ព្រោះថាបើអិតអំបិលហើយ សម្លទុកដូចគោម័យ។
ហង្សហិរណ្យគភ៌បង្គាប់ភ្លាមថាៈ «នែក្រសារសេនាបតី ចូរអែងប្រញាប់ប្រញាល់ ទៅស្វែងរកស្បៀងយកមកទុកដាក់អោយមានគ្រប់ព្រមកុំបីអោយខ្វះខាត»។ ក្នុងខណៈនោះ បក្សីរក្សាព្រះអង្គចូលមកម្ខងទៀតថ្លែងសេចក្ដីប្រាប់ថា «ទេវៈ! ក្អែកឈ្មោះមេឃពណ៌ ទើបមកដល់ពីសីហលទ្វីបជាមួយនឹងបរិវារចង់ចូលជួបលោកជាទេវបាទ អីលូវនេះនៅរង់ចាំអែមាត់ទ្វារ»។ ហង្សហិរណ្យគភ៌និយាយថា «ក្អែកមេឃពណ៌ជាអ្នកប្រាជ្ញ មានការធ្លាប់ពិសោធន៍ច្រើនបើដូច្នោះអែងអោយគេចូលមកចុះ!»។ ចាក្រពាកនិយាយរំលឹកស្មារតីកាត់ឡើងថាៈ «ទេវៈ! លោកម្ចាស់ពោលនេះបានការម្យ៉ាង តែសុំកុំភ្លេចសូមជ្រាបថាក្អែកជាបក្សីគោក បើវាជាបក្សីថលចរ វាជាសត្រូវនឹងយើងដែរ តើយើងនឹងទទួលដូចម្ដេចបាន ព្រោះថា៖
៥៧ - នរជនណាលះបង់ចោលបក្សពួកខ្លួន ហើយត្រេកអរទៅចូលដៃ នឹង បរបក្សវិញ នរជននោះជាមនុស្សល្ងង់ ត្រូវបរបក្សសំលាប់បង់សៀត ដូចចចកឈ្មោះនីលពណ៌។ ហង្សហិរណ្យគភ៌ សួរឡើងថាៈ «ចុះរឿងនោះតើដូចម្ដេច»។ ចាក្រពាកនិយាយរៀបរាប់រឿងនោះប្រាប់ថា៖
តទៅកថាទី៨
- (1)ហិតោបទេស សេចក្ដីប្រែភាសាសៀមនៃលោកនាគប្រទីប មានគាថាដូច្នេះគឺ ចូរវៀរការនៅ ច្រលំបល់ជាមួយទុជ៌ន តែត្រូវសមាគមដោយសប្បុរស ចូរបំពេញបុណ្យទោះថ្ងៃទោះយប់ ចូររលឹកដល់ការមិនទៀងជានិច្ច។
- (2)ហិតោបទេស សេចក្ដីប្រែជាភាសាបារាំងរបស់លោកឡង់សឺរូ និង សេចក្ដីប្រែជាភាសាសៀម មានគាថាលើលដូច្នេះ បិតា រឺបងប្រុសដែលបានទទួលបង្គាប់ពីបិតាហើយបានអោយនាងនារីទៅជាភរិយាជនណាហើយ នាងនារីត្រូវស្ដាប់បង្គាប់ប្ដីនោះមិនត្រូវក្បត់ចិត្ដទោះរស់នៅក្ដី ស្លាប់បាត់បង់ទៅហើយក្ដី។
- (3)ត្រង់បទទី៤នេះក្នុង ច្បាប់ខ្លះថា បរិពារព្រះរាជា អាចនាំអោយកើតវិវាទបាន)។
- (4)ច្រកផ្លូវ ទំនង អោកាស)
- (5)ហិតោបទេស សេចក្ដីប្រែជាភាសាបារាំងរបស់លោកឡង់សឺរូ មានគាថាលើលដូច្នេះ ក. រដ្ឋមន្រ្ដី១ ព្រះរាជា១ មិត្រ១ ព្រះរាជទ្រព្យ១ ព្រះរាជណាចក្រ១ បន្ទាយព្រះអង្គ១ កងពលព្រះអង្គ១ និង ព្រះរាជមន្ធមិត្រ១ ទាំង៧ផ្នែកនេះ ជាសារវន្ដនៃរដ្ឋាភិបាល។ ខ. មេបន្ទាយ១ មេទ័ព១ រដ្ឋមន្រ្ដីឃ្លាំង១ អគ្គរាជទូត១ បុរោហិត១ ហោរាសាស្រ្ដ១ និងពេទ្យ១ ទាំង៧អ្នកទុកជាទីប្រឹក្សាព្រះរាជា។