ថ្ងៃសៅរ៍ ទី23.កញ្ញា 2017.ម៉ោង 7:48
៣ សង្រ្គាម

ក្នុង​ពេល​ដែល​ចាប់​ផ្ដើម​និយាយ​រឿង​ត​ទៅ​ ព្រះ​រាជ​បុត្រ​ទាំង​ឡាយ​មាន​ព្រះ​បន្ទូល​​ត្រាស់​ថាៈ​ «បពិត​លោក​អាយិះ​! យើង​ខ្ញុំ​ទាំង​អស់​គ្នា​នេះ​ជា​រាជ​បុត្រ​ យើង​ខ្ញុំ​ត្រូវ​ការ​ស្ដាប់​រឿង​សង្រ្គាម​ទៀត​»​។ បណ្ឌិត​វិស្ណុ​សម័ន​ក្រាប​បង្គំ​ទូល​តប​ថា​ «បើ​ដូច្នោះ​ទូល​ព្រះ​បង្គំ​នឹង​បរិយាយ​រឿង​រ៉ាវ​ដែល​ទ្រង់​ព្រះ​ករុណា​ទាំង​ឡាយ​សព្វ​ព្រះ​ទ័យ​ សូម​ទ្រង់​ ទាំង​ឡាយ​តាំង​ព្រះ​ទ័យ​ព្រះ​សណ្ដាប់​រឿង​សង្រ្គាម​ ដូច​មាន​ស្លោក​ជា​ដើម​បទ​ដូច្នេះ
 ១ - ក្នុង​សង្រ្គាម​រវាង​ហង្ស​និង​ក្ងោក​ ដែល​មាន​កំលាំង​ក្លៀវ​ក្លា​ស្មើ​គ្នា​ ហង្ស​ត្រូវ​ក្អែក​នៅ​ក្នុង​សំណាក់​ក្ងោក​ជា​សត្រូវ​​ មក​ល​លួង​ធ្វើ​អោយ​ស្និទ្ធ​ស្នាល​បោក​បញ្ឆោត​បាន​។ ព្រះ​រាជ​បុត្រ​ទាំង​ឡាយ​ត្រាស់​សួរ​ឡើង​ថាៈ​ «ចុះ​រឿង​នោះ​តើ​ដូច​ម្ដេច​?​»​។ មហា​បណ្ឌិត​វិស្ណុ​សម័ន​ពណ៌​នា​រឿង​នោះ​ក្រាប​ទូល​ថ្វាយ​ដូច​សេច​ក្ដី​ត​ទៅ​ថា​៖

រឿងហង្សនិងក្ងោក

នៅ​ក្នុង​កបូរ​ទ្វីប​ មាន​ស្រះ​មួយ​ឈ្មោះ​បទ​ម​កេលិ​។ នៅ​ក្នុង​ស្រះ​នោះ​មាន​រាជ​ហង្ស​មួយ​ឈ្មោះ​ហិរណ្យ​គភ៌​អាស្រ័យ​​នៅ​។ បក្សី​ជល​ចរ​ទាំង​អស់​ព្រម​ព្រៀង​គ្នា​អភិ​សេក​ហិរណ្យ​គភ៌​ លើក​អោយ​ធ្វើ​ជា​ស្ដេច​បក្សី​ ព្រោះ​ថា​៖
២ - បើ​មិន​មាន​ព្រះ​នរ​បតី​ជា​អ្នក​គ្រប់​គ្រង​ដឹក​នាំ​ដោយ​ប្រ​ពៃ​ទេ ​ប្រជា​ជន​ទុក​ដូច​នាវា​មិន​មាន​អ្នក​កាន់​ចង្កូត​ នឹង​វង្វេង​លិច​លង់​ក្នុង​ជល​ធី​។​
៣ - ព្រះ​នរ​បតី​គ្រប់​គ្រង​រក្សា​នូវ​ប្រជា​ជន​ ប្រជា​ជន​ធ្វើ​អោយ​ចំរើន​ព្រះ​នរ​បតី​ ការ​គ្រប់​គ្រង​រក្សា​ប្រសើរ​ជាង​សេច​ក្ដី​ចំរើន​ បើ​មិន​មាន​ការ​គ្រប់​គ្រង​រក្សា​សេច​ក្ដី​ចំរើន​នោះ​ទេ​ សេច​ក្ដី​ចំរើន​នឹង​ត្រលប់​វិនាស​អន្ដ​រាយ​បាត់​បង់​ទៅ​វិញ​។

៤ - ការ​អោយ​ភុជង្គ​នាគ​ផឹក​ទឹក​ដោះ​ បាន​តែ​នាំ​អោយ​ចំរើន​ពិស​កាច​បន្ថែម​ឡើង​ទៀត​តែ​ប៉ុណ្ណោះ ​អុប​ទេស​ដែល​គេ​អោយ​ដល់​មនុស្ស​ល្ងង់​ខ្លៅ​ក្រេវ​ក្រោធ​ច្រើន​ មិន​បាន​សេច​ក្ដី​ស្ងប់​ទេ​ បាន​តែ​ក្រោធ​ថែម​ទៀត​។
៥ - មាន​តែ​អ្នក​ប្រាជ្ញ​ទេ​បុគ្គល​គប្បី​អោយ​អុប​ទេស​បាន​ អែ​មនុស្ស​ល្ងង់​ក្នុង​កាល​ណា​ក៏​ដោយ​ បុគ្គល​មិន​គប្បី​អោយ​អុប​ទេស​ឡើយ​ សត្វ​បក្សី​កាល​អោយ​អុប​ទេស​ដល់​ស្វា​ល្ងង់​ ត្រូវ​ស្វា​បោច​រោច​សំបុក​ចោល​ហិន​ហោច​អស់​។ រាជ​ហង្ស​សួរ​ថា​ ចុះ​រឿង​នោះ​ដូច​ម្ដេច​?​។ កុក​ទីឃ៌​មុខ​និយាយ​រឿង​រ៉ាវ​នោះ​ប្រាប់​ថា​៖​

 កថាទី២
រឿងបក្សីនិងស្វា

នៅ​ជិត​ត្រើយ​ទន្លេ​នមិទា​ មាន​ដើម​ជ្រៃ​មួយ​ដើម​ប្រកប​ដោយ​សាខា​ទ្រ​ឈឹង​ទ្រ​ឈៃ ​នៅ​លើ​ជ្រៃ​នោះ​បក្សី​ទាំង​ឡាយ​ ធ្វើ​សំបុក​​ទុក​ជ្រក​អាស្រ័យ​នៅ​ដោយ​សុខ​ក្សេម​ក្សាន្ដ​។ សម័យ​ថ្ងៃ​មួយ​ក្នុង​រដូវ​ភ្លៀង​ មណ្ឌល​ពពក​មាន​ផ្ទៃ​ខ្មៅ​ជាំ​ ដាស​ពាស​ពេញ​អាកាស​វេ​ហាស៍​ សុទ្ធ​សឹង​ជល​ធារា​ កាល​នោះ​ភ្លៀង​ធំ​ក៏​បង្អុរ​ចុះ​មក​យ៉ាង​ខ្លាំង​។​ ខណ​នោះ​អែង​បក្សី​ទាំង​ឡាយ​ក្រលេក​មើល​ទៅ​ឃើញ​ពាន​រ​មួយ​ហ្វូង​ដែល​ជ្រក​អាស្រ័យ​នៅ​​លើ​ដើម​ជ្រៃ​នោះ​ដែរ​ ត្រូវ​ត្រជាក់​រងា​​បៀត​បៀន​ខ្លាំង​ កំ​ពុង​ញាប់​ញ័រ​ចំប្រប់​អោប​ដៃ​​តត្រុន​រណ្ដំ​ធ្មេញ​ក្រឹក​ៗ​ កើត​មាន​ចិត្ដ​អាណិត​អាសូរ​ខ្លាំង​ ទាល់​តែ​អត់​ទ្រាំ​មិន​បាន​ ក៏​និយាយ​ប្រាប់​ទៅ​ថាៈ​ «នែ​បង​ពានរ​! ចូរ​ស្ដាប់​ខ្ញុំ​ ខ្ញុំ​និយាយ​ប្រាប់​៖​

៦ - សំបុក​ដែល​យើង​ជ្រក​នេះ​ យើង​ធ្វើ​ដោយ​ខ្លួន​អែង​ដោយ​ស្មៅ​ដែល​យើង​ពាំ​យក​មក​គ្រាន់​តែ​ដោយ​ចំពុះ​ ចុះ​បង​ពានរ​អែង​ មាន​ដៃ​មាន​ជើង​ដូច​មនុស្ស​ដែរ​ ម្ដេច​ក៏​មក​អង្គុយ​ទ្រាំ​លំបាក​រងារ​ញ័រ​ទទ្រើក​ដូច្នេះ​។​
ពានរ​ទាំង​ឡាយ​ស្ដាប់​ពាក្យ​បក្សី​ទាំង​ឡាយ​ហើយ​ កើត​ក្នាញ់​ក្នុង​ចិត្ដ​ឆ្លើយ​តប​ទៅ​វិញ​ថា​ «យី​អើ​! អាបក្សី​នេះ​វា​អាង​​វា​​បា​ន​នៅ​ក្នុង​សំបុក​ អិត​មាន​ខ្យល់​កក់​ក្ដៅ​សុខ​ក្សេម​ក្សាន្ដ​ស្រួល​ វា​ហ៊ាន​និយាយ​ឌឺ​ដង​ឡក​ឡឺយ​អោយ​យើង​ មិន​អី​ទេ​ចាំ​មើល​តែ​រាំង​ដឹង​ហើយ​!(1)។ លុះ​ដល់​រាំង​ភ្លៀង​ហើយ​ ពានរ​ទាំង​ឡាយ​នោះ​វា​ឡើង​ទៅ​បោច​រោច​ សំបុក​បក្សី​ខ្ទេច​ខ្ទី​ហិន​ហោច​ទាំង​អស់​ ធ្លាក់​ស៊ុត​បក្សី​រពុក​មក​ដី​បែក​ខ្ចាយ​អន្ដ​រាយ​អស់​ទៅ​ហោង​ ព្រោះ​ហេតុ​នោះ​ បាន​ជា​ខ្ញុំ​(កុក​ទីឃ៌​មុខ​)និយាយ​ថាៈ​ «មាន​តែ​អ្នក​ប្រាជ្ញ​ទេ​» ដូច្នេះ​ជា​ដើម​(លេខ​៥)​។ រាជហង្ស​សួរ​ទៅ​ទៀត​ថា​ ចុះ​ក្ងោក​ទាំង​នោះ​វា​ធ្វើ​ដូច​ម្ដេច​ត​ទៅ​ទៀត​។ ទីឃ៌​មុខ​និយាយ​ត​ទៅ​ថា​ «កាល​នោះ​ក្ងោក​ទាំង​ឡាយ​ក្រេវ​ក្រោធ​ច្រ​លោត​​ខឹង​​សួរ​តប​មក​ខ្ញុំ​វិញ​ថាៈ​ «ចុះ​រាជ​ហង្ស​ជា​ស្ដេច​អ្នក​អែង​នោះ​ បាន​នរ​ណា​លើក​ដំកើង​អោយ​ធ្វើ​ជា​ស្ដេច​?​»​។ គ្រា​នោះ​ ខ្ញុំ​បាទ​អាក់​អន់​ចិត្ដ​ក្នាញ់​ខ្លាំង​ណាស់​ ក៏​សួរ​ត្រលប់​ទៅ​ក្ងោក​ទាំង​ឡាយ​នោះ​វិញ​ថាៈ​ ​«ចុះ​ក្ងោក​ជា​ស្ដេច​អ្នក​ទាំង​អស់​ គ្នា​នេះ​​បាន​នរ​ណា​លើក​អោយ​សោយ​រាជ្យ​?​»​។ ក្ងោក​ទាំង​ឡាយ​នោះ​លុះ​បាន​ស្ដាប់​ពាក្យ​ខ្ញុំ​បាទ​សួរ​ដូច្នោះ​ហើយ​ ក្ដៅ​ក្រហាយ​ខ្លាំង​ ចង់​រក​រឿង​សំ​លាប់​ខ្ញុំ​បាទ​ ខ្ញុំ​បាទ​ក៏​សំដែង​ក្ដី​អង់​អាច​មិន​ខ្លាច​តប​ទៅ​វិញ​ ព្រោះ​ថា​​៖ ​
៧ - ក្នុង​កាល​ខ្លះ​ សេច​ក្ដី​អត់​ធន់​ជា​គ្រឿង​លំអ​នៃ​បុរស​ ដូច​សេច​ក្ដី​អៀន​ខ្មាស​ជា​គ្រឿង​លំអ​នៃ​ស្រ្ដី​ទាំង​ឡាយ​ តែ​សេច​ក្ដី​ក្លា​ហាន​ជា​គ្រឿង​លំអ​នៃ​បុរស​ក្នុង​ពេល​ដែល​គេ​មើល​ងាយ​ ដូច​ការ​មិន​អៀន​ខ្មាស​ជា​គ្រឿង​លំអ​នៃ​ស្រ្ដី​ក្នុង​ការ​សេព​សន្ថវៈ​ដូច្នោះ​ដែរ​។ រាជ​ហង្ស​អស់​សំណើច​សើច​ឃឹក​ ហើយ​និយាយ​ថាៈ​

៨ - នរ​ជន​ណា​ កាល​មើល​ឃើញ​ការ​មាន​កំលាំង​និង​ការ​អិត​កំលាំង​នៃ​ខ្លួន​នឹង​សត្រូវ​ហើយ​ មិន​ស្គាល់​ប្រ​ភេទ​ផ្សេង​គ្នា​ទៀត​ នរ​ជន​នោះ​ត្រូវ​សត្រូវ​មើល​ងាយ​។​
៩ - ​មែន​ពិត​លា​កំ​លៅ​ពាក់​ស្បែក​ខ្លា​ចូល​ទៅ​ស៊ី​ស្រូវ​ក្នុង​ស្រែ​អស់​កាល​យូរ ត្រូវ​គេ​សំលាប់​ចោល​បង់​សៀត​ ព្រោះ​ទោស​កើត​មក​ពី​សំដី​។ ទីឃ៌​មុខ​សួរ​ថាៈ​ «ចុះរឿង​នោះ​តើ​ដូច​ម្ដេច​?​»​។ រាជ​ហង្ស​និយាយ​រឿង​នោះ​ប្រាប់​ថា​៖

កថាទី៣​
រឿងលាពាក់ស្បែកខ្លា

នៅ​ក្នុង​ស្រុក​ហស្ថិ​នា​បុរៈ​ មាន​អ្នក​បោក​គក់​ម្នាក់​ឈ្មោះ​វិលាសៈ​។ គាត់​មាន​លា​មួយ​។ លា​នោះ​ដឹក​នាំ​សំភារៈ​ធ្ងន់​ពេក​ ទៅ​ជា​ស្គាំង​ស្គម​ថម​ថយ​ខ្សោយ​កំលាំង​រក​កល់​ នឹង ​ស្លាប់​។ កាល​នោះ​ អ្នក​បោក​គក់​យក​ស្បែក​ខ្លា​ទៅ​គ្រប​ពី​លើ​លា​នោះ​ ហើយ​លែង​អោយ​ដើរ​ទៅ​ស៊ី​ស្រូវ​ក្នុង​ស្រែ​មួយ​ដែល​មាន​នៅ​ក្នុង​ទី​ជិត​មាត់​ព្រៃ​។ ​អ្នក​ស្រែ​មើល​ ពី​ចំងាយ​ទៅ​ ឃើញ​លា​នោះ​ តែ​ង​សំគាល់​ថា​ជា​សត្វ​ខ្លា​ ក៏​រត់​ប្រញាប់​ប្រញាល់​ត្រ​លប់​ទៅផ្ទះ​វិញ​។ ត​មក​ថ្ងៃ​មួយ​អ្នក​ស្រែ​ស្លៀក​​ពាក់​ខោ​អាវ​ប្រ​ផេះ​ ដៃ​កាន់​ដំបង​មួយ​ដើរ​អោន​អង្កុល​ៗ​ចូល​ទៅ​ហើយ​អង្គុយ​ក្នុង​ទី​គួរ​មួយ​ដើម្បី​លប​មើល​។ អែ​លា​នោះ​បាន​ស៊ី​ស្រូវ​តាម​ទំនើង​ចិត្ដ​អស់​កាល​យូរ​ថ្ងៃ​ហើយ​ មាន​ខ្លួន​ធាត់​ធ្លីក​ ឡើង​កំលាំង​ក្លៀវ​ក្លា​ កាល​ក្រលេក​មើល​ទៅ​ឃើញ​អ្នក​ស្រែ​នោះ​ពី​ចំងាយ​ សំគាល់​ថា​ជា​លា​ញី​ ក៏​តាំង​កញ្រ្ជៀវ​យ៉ាង​ខ្លាំង​ ហើយ​បោល​សំដៅ​ទៅ​រក​អ្នក​ស្រែ​។ គ្រា​នោះ​អែង​អ្នក​ស្រែ​លុះ​ដឹង​ច្បាស់​ថា​ជា​លា​ពិត​ប្រាកដ​ហើយ​ ដោយ​សំលេង​កញ្រ្ជៀវ​ហេ​ហេ​នោះ​ យារ​ដំបង​លើក​ឡើង​សំពង​លា​នោះ​ម៉ុង​ វាយ​អស់​ទំហឹង​សំលាប់​ចោល​ទៅ​ហោង​ ព្រោះ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ (រាជ​ហង្ស​» និយាយ​ថាៈ​ លា​កំលៅ​ដូច្នេះ​ជា​ដើម​(លេខ​៩)​។

ទីឃ៌​មុខ​រៀប​រាប់​ត​ទៅ​ទៀត​ថាៈ​ កាល​នោះ​ក្ងោក​ទាំង​ឡាយ​ជេរ​ប្រ​ទេច​ក្រោយ​បង្អស់​ថា «នែ​អាកុក​គំរក់​ខិល​ខូច​ចង្រៃ​! អា​អែង​ចូល​មក​ដល់​ទឹក​ដី​យើង​ អា​អែង​ព្រ​ហើន​ហ៊ាន​មើល​​ងាយ​ព្រះ​ចេស្ដា​ម្ចាស់​យើង​!​ អីលូវ​នេះ​ យើង​អត់​ទោស​អោយ​អែង​មិន​បាន​ទេ​។ ក្ងោក​ទាំង​ឡាយ​នោះ​ ពោល​ដូច្នេះ​ហើយ​ ហើរ​ចូល​មក​រោម​ចោម​ចឹក​ខ្ញុំ​បាទ​សំលាប់​ហើយ​ស្រែក​ជេរ​ទាំង​កំហឹង​ថា​ «នែ​អា​គំរក់​ល្ងង់​ចង្រៃ​! ហង្ស​ជា​ស្ដេច​អែង​កំសាក​ញី​ទេ អិត​មាន​កំលាំង​អំណាច​អ្វី​គ្រប់​គ្រង​ដែន​ទឹក​ដែន​ដី​ទេ​ ព្រោះ​ស្ដេច​ដែល​ខ្សោយ​អំណាច​ មិន​អាច​គ្រប់​គ្រង​រាជ្យ​ដែល​នៅ​ក្នុង​កណ្ដាប់​ដៃ​ខ្លួន​បាន​ឡើយ​ បើ​ដូច្នោះ​ តើ​ធ្វើ​ដូច​ម្ដេច​ស្ដេច​អា​អែង​នឹង​អាច​គ្រប់​គ្រង​លោក​សន្និ​វាស​នេះ​បាន​? រាជ្យ​ស្ដេច​អា​អែង​នោះ​ វា​ធំម្ល៉ា​ទៅ​?​ រី​ខ្លួន​អា​អែង​នេះ​សោត ដូច​កង្កែប​មិន​ដែល​ចេញ​ពី​អណ្ដូង​សោះ​ បើ​ម្លឹង​ៗ តើ​អា​អែង​ហ៊ាន​មើល​ងាយ​យើង​ អោយ​យើង​ចូល​ទៅ​ស្វាមី​ភក្ដិ​ស្ដេច​អា​អែង​ យើ​អាអែង​ ក៏​កោង​ម្លេះ​! អា​អែង​ស្ដាប់​មើល​!​

១០ - (2)ដើម​ឈើ​ធំ​ បរិ​បូណ៌​ដោយ​សន្លឹក​ មាន​ម្លប់​ត្រជាក់​នឹង​រយោន​រយាន​ដោយ​ផ្លែ​ ក៏​បុគ្គល​គប្បី​ពឹង​ពាក់​អាស្រ័យ​ តែ​បើ​ជួន​កាល​ខ្លះ​ ទេវ​តា​បណ្ដាល​មិន​អោយ​មាន​ផ្លែ​ មិន​អោយ​មាន​ម្លប់​ បុគ្គល​នឹង​មិន​ត្រូវ​បំផ្លាញ​ចោល​រឺ​អ្វី​?​។

១១ -បុគ្គល​មិន​គប្បី​ធ្វើ​ការ​សេព​គប់​ពឹង​ពាក់​ ចំពោះ​ជន​ដែល​តូច​តាច​ថោក​ទាប​ឡើយ​ គប្បី​ធ្វើ​ចំពោះ​តែ​អិស្ស​រ​ជន​ ដែល​មាន​អំណាច​ព្រោះ​ថា​ទឹក​ដោះ ​បើ​នៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​ស្រ​វឹង​ក៏​បាន​ឡើង​ឈ្មោះ​ជា​ទឹក​គ្រឿង​ស្រវឹង​ដែរ​។
១២ - គុណ​ធម៌​គម្ពីរ​ភាព​ជ្រាល​ជ្រៅ​ហើយ​ធំ​ពិសាល​ផង​ បើ​ថិត​នៅ​ក្នុង​បុគ្គល​តូច​ អិត​គុណ​ តែង​ដល់​នូវ​ការ​អោន​ ថយ​តូច​ទៅ​ៗ​ពិត​ ព្រោះ​បុគ្គល​ជា​គ្រឿង​ទ្រ​មិន​សម​ល្មម​ដល់​គុណ​ធម៌​ដែល​ត្រូវ​ទ្រ​ ដូច​រូប​ដំរី​ដែល​នៅ​ក្នុង​កញ្ចក់​តូច(3)
១៣ - ដោយ​ការ​ប្រើ​អុបាយ​កល​ បុគ្គល​គប្បី​យក​ឈ្នះ​ព្រះ​នរា​ធិប​តី​ដែល​មាន​អំណាច​ធំ​ក្រៃ​លែង​ទាល់​តែ​សំរេច​បាន​ ទន្សាយ​ទាំង​ឡាយ​បាន​សេច​ក្ដី​សុខ​ស្រួល​បួល​ ព្រោះ​ប្រើ​អុបាយ​ក្នុង​នាម​នៃ​ព្រះ​ច័ន្រ្ទ​។ ខ្ញុំ​បាទ​ទីឃ៌​មុខ​សួរ​ថា​ «ចុះ​រឿង​នោះ​តើ​ដូច​ម្ដេច​?​» ក្ងោក​ទាំង​ឡាយ​និយាយ​រៀប​រាប់​រឿ​ង​រ៉ាវ​នោះ​ប្រាប់​ខ្ញុំ​បាទ​ថាៈ​

កថាទី៣៤
រឿងដំរីនិងទន្សាយ

ថ្ងៃ​មួយ នៅ​ក្នុង​រដូវ​ភ្លៀង​រាំង​រីង​ស្ងួត​ហួត​ហែង​អិត​មាន​ទឹក​ភ្លៀង​សោះ​ ដំរី​មួយ​ហ្វូង​ធំ​ ដែល​មាន​ក្ដី​ស្រេក​ឃ្លាន​បៀត​បៀន​ចូល​ទៅ​និយាយ​ជា​មួយ​ដំរី​ជា​មេ​ខ្លោង​ថាៈ​ «លោក​ជា​ទី​ពឹង​!​ ធ្វើ​អុបាយ​ដូច​ម្ដេច​យើង​ទាំង​អស់​គ្នា​នឹ​ង​មាន​ជីវិត​រស់​នៅ​ត​ទៅ​ទៀត​?​ ទី​នេះ​ត្រពាំង​បឹង​បួ​រីង​អស់​ហើយ​ សូម្បី​តែ​សំរាប់​សត្វ​តូច​តាច​ក៏​មិន​មែន​ដែរ​ យើង​ទាំង​អស់​គ្នា​ បើ​មិន​មាន​ទឹក​សំរាប់​ស្រប់​​សំរាប់​ផឹក​សំរាប់​មុជ​ទេ​ មុខ​ជា​នឹង​ស្លាប់​អសា​បង់​អស់​ហើយ​ ដូច​ជា​អណ្ដើក​ខ្វាក់​ទៅ​ណា​​មិន​រួច​ យើង​ទាំង​អស់​គ្នា​នឹង​ទៅ​អែ​ណា​ហ្ន៎​?​»​។ កាល​នោះ​ស្ដេច​ដំរី​បាន​ស្ដាប់​ហើយ​ នាំ​បរិ​វារ​ដើរ​ចេញ​ទៅ​ មិន​ឆ្ងាយ​ប៉ុន្មាន​បាន​ឃើញ​ត្រពាំង​មួយ​ទឹក​ថ្លា​យល់​ដី​។ ក្នុង​ថ្ងៃ​ដែល​ដំរី​​បបួល​គ្នា​ដើរ​ទៅ​នោះ​ ទន្សាយ​តូច​ធំ​ទាំង​ឡាយ​ដែល​អា​ស្រ័យ​នៅ​នា​ត្រើយ​ត្រពាំង​នោះ​ ទាំង​ប៉ុន្មាន​ត្រូវ​ដំរី​ដើរ​ជាន់​ស្លាប់​ខ្ទេច​ខ្ទី​ស្ទើរ​តែ​អស់​។ គ្រា​នោះ​មាន​ទន្សាយ​មួយ​ ឈ្មោះ​​សិលី​មុខ​ កាល​បាន​ឃើញ​ព្រឹត្ដិ​ការ​ណ៍​អន្ដរាយ​ដូច្នោះ​ ទើប​គិត​ថាៈ​ «ហ្វូង​ដំរី​នេះ​ គឺ​កង​​ជ្រួល​ច្រ​បល់​ ដោយ​ក្ដី​ស្រេក​ឃ្លាន​ នឹង​គប្បី​មក​កាន់​ត្រពាំង​នេះ​រាល់​ថ្ងៃ​ កាល​បើ​ដូច្នេះ​ត្រ​កូល​ពូជ​ទន្សាយ​ទាំង​ឡាយ​មុខ​ជា​វិនាស​អន្ដរ​ធាន​​អស់​មិន​ខាន​ឡើយ​»​។ ពេល​នោះ​មាន​ទន្សាយ​ចាស់​មួយ​ឈ្មោះ​វិជ័យ​ ចូល​មក​និយាយ​រ៉ាប់​រង​ថាៈ​ «នែ​អ្នក​ទាំង​ឡាយ​!​ កុំ​ភិត​ភ័យ​ជ្រួល​ច្រ​បល់​ថ្វី​ ទុក​ងារ​អោយ​ខ្ញុំ​ទៅ​ធ្វើ​ប្រតិ​បត្ដិ​ការ​ក្នុង​ទី​នោះ​ជួយ​ដោះ​ទុក្ខ​បង​ប្អូន​ទាំង​ឡាយ​»​។ ទន្សាយ​ចាស់​ឈ្មោះ​វិជ័យ​នោះ​ធ្វើ​ប្ដេ​ជ្ញា​ដូច្នេះ​ហើយ​ ក៏​ដើរ​ចេញ​ទៅ​ កាល​ដែល​កំពុង​ដើរ​ចេញ​ទៅ ​វិជ័យ​ដើរ​បណ្ដើរ​គិត​បណ្ដើរ​ថាៈ​ «ដល់​អាត្មា​អញ​ដើរ​ទៅ​ជិត​ស្ដេច​ដំរី​ជា​ម្ចាស់​ហ្វូង​ តើ​អាត្មា​អញ​ត្រូវ​ធ្វើ​ដូច​ម្ដេច​? ព្រោះ​ថាៈ

១៤ - ដំរី​គ្រាន់​តែ​ពាល់​ ភុជង្គ​គ្រាន់​តែ​ព្រួស​ពិស​ ព្រះ​រាជា​គ្រាន់​រក្សា​ មនុស្ស​ទុជ៌ន​សូម្បី​ញញឹម​ ទាំង​អស់​នេះ​សុទ្ធ​តែ​ ធ្វើ​អោយ​ដល់​សេច​ក្ដី​ស្លាប់​បាន​ទាំង​អស់​។​
បើ​ដូច្នោះ​ គួរ​តែ​អាត្មា​អញ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​សិន​ ហើយ​សឹម​និយាយ​ប្រាប់​មេ​ខ្លោង​ដំរី​។ លុះ​ទន្សាយ​ធ្វើ​ដូច​គំនិត​ស្រេច​ហើយ​ មេ​ខ្លោង​ដំរី​ស្រែក​សួរ​តប​ទៅ​វិញ​ថា​ «ចុះ​អ្នក​អែង​ជា​អ្វី​?​ អ្នក​អែង​មក​ពី​ណា​?​»​។ វិជ័យ​ឆ្លើយ​ប្រាប់​ថាៈ​ «យើង​ជា​ទន្សាយ​ព្រះ​ច័ន្រ្ទ​ដ៏​មាន​បុណ្យ​ លោក​ប្រើ​យើង​មក​កាន់​សំណាក់​អ្នក​រាល់​គ្នា​នេះ​អែង​​»​។ មេ​ខ្លោង​ដំរី​សួរ​តម​វិញ​ភ្លាម​ថាៈ​ «បើ​ដូច្នោះ​ ចូរ​និយាយ​ប្រាប់​មក​មាន​ការណ៍​ដូច​ម្ដេច​ខ្លះ​?» វិជ័យ​ប្រាប់​ថា​៖

១៥ - ទូត​សូម្បី​នៅ​កណ្ដាល​សស្រ្ដា​វុធ​ ដែល​គេ​លើក​ច្រូង​ច្រាង​ក៏​មិន​និយាយ​អ្វី​ដទៃ​ក្រៅ​ពី​ការ​ខ្លួន​ អាស្រ័យ​ដោយ​ខ្លួន​ជា​ទូត​ គេ​មិន​សំលាប់​ ហេតុ​នោះ​ទើប​ទូត​ចរ​ចា​ត្រង់​ទៅ​ត្រង់​មក​តាម​សេច​ក្ដី​ពិត​។

ដូច្នោះ ​ខ្ញុំ​នឹង​សូម​ពោល​ទៅ​តាម​ព្រះ​រាជ​អាជ្ញា​ព្រះ​ច័ន្រ្ទ​ដ៏​មាន​បុណ្យ​ដែល​ខ្ញុំ​បាន​ទទួល​មក​ សូម​ប្រុង​ស្ដាប់​ដូច​ត​ទៅ​នេះ​ «ទន្សាយ​ទាំង​ឡាយ​នេះ​ ជា​អ្នក​រក្សា​នូវ​ត្រពាំង​ព្រះ​ច័ន្រ្ទ​ អីលូវ​អ្នក​ទាំង​ឡាយ​មក​បណ្ដេញ​បំបរ​បង់​ហើយ​សំលាប់​ផង​ ការ​ធ្វើ​ដូច្នេះ​មិន​ត្រឹម​ត្រូវ​តាម​គន្លង​ធម៌​ទេ​ ព្រោះ​ទន្សាយ​ទាំង​អស់​ដែល​រក្សា​នូវ​ត្រ​ពាំង​នេះ​ជា​ បរិ​វារ​យើង​ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ហៅ​យើងថា​ «សសាង្ក ​(មាន​រូប​ទន្សាយ​ជា​គ្រឿង​សំគាល់​ នាម​ធេយ្យ​​ឈ្មោះ)​ ជា​​នាម​ធេយ្យ​របស់​យើង​។ កាល​ដែល​ទូត​ថ្លែង​សេច​ក្ដី​ដូ​ច្នេះ​ចប់​ហើយ​ មេ​ខ្លោង​ដំរី​ភ័យ​ញ័រ​រន្ធត់​ ហើយ​និយាយ​ទាំង​ញ​ញាក់​ញញ័រ​តប​ថា​ «បពិត​លោក​ជា​អ្នក​ថ្លែង​សេច​ក្ដី​! យើង​ខ្ញុំ​លែង​ទៅ​ក្នុង​ត្រ​ពាំង​នោះ​ទៀត​ហើយ​»​។ វិជ័យ​ជា​ទូត​និយាយ​បំភ័យ​ថែម​ទៀត​ថាៈ​ «បើ​ដូច្នោះ​ ចូរ​អ្នក​ទាំង​ឡាយ​ទៅ​មាត់​ត្រពាំង​សិន​ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​អង្គ​ សូម​អោយ​លោក​ត្រា​ប្រណី​ប្រោស​ប្រាណ​អត់​ទោស​ រួច​ហើយ​សឹម​ត្រលប់​ទៅ​វិញ​ចុះ​ ព្រោះ​ព្រះ​ច័ន្រ្ទ​លោក​ខ្ញាល់​ខ្លាំង​ណាស់​។ កាល​នោះ​វិជ័យ​នាំ​ដំរី​មេ​ខ្លោង​និង​បរិ​វារ​ទៅ​ក្នុង​រាត្រី​ ហើយ​បង្ហាញ​រូប​ព្រះ​ច័ន្រ្ទ​ដែល​កំពុង​ញ័រ​ដោយ​រលក​ក្នុង​ត្រពាំង​​នោះ​ ដំរី​មេ​ខ្លោង​មើល​ទៅ​ឃើញ​ព្រះ​ច័ន្រ្ទ​ញ័រ​មែន​។ វិជ័យ​និយាយ​អង្វរ​ថាៈ​ «ទេវ​! កំហុស​គឺ​ដំរី​ធ្វើ​ពិត​មែន​ហើយ​ ព្រោះ​គ្នា​មិន​បាន​ដឹង​ បើ​ដូច្នោះ​ សូម​លោក​ម្ចាស់​អភ័យ​ទោស​អោយ​ទាន​ដោយ​ករុណា​​ ​ត​ទៅ​​ហ្វូង​ដំរី​ទាំង​ឡាយ​នេះ​ ប្ដេជ្ញា​ថា​នឹង​មិន​មក​កាន់​ទី​នេះ​ទៀត​ទេ​»​។ វិជ័យ​សូម​អភ័យ​ទោស​អោយ​ ដំរី​រួច​ហើយ​ទើប​បង្គាប់​អោយ​ដំរី​ទាំង​ឡាយ​ ថយ​ចេញ​ពី​ទី​នោះ​ទៅ​ហោង​ ព្រោះ​ហេតុ​នោះ​ បាន​ជា​យើង​ (ក្ងោក​ទាំង​ឡាយ​)​ និយាយ​ថាៈ​ «ដោយ​ប្រើ​អុបាយ​កល​» ដូច្នេះ​ជា​ដើម​ (លេខ១៤)។

លំដាប់​នោះ​ ខ្ញុំ​បាទ​(ទីឃ៌​មុខ​) និយាយ​អួត​ប្រាប់​ក្ងោក​ទាំង​ឡាយ​នោះ​ថា​ «រាជ​ហង្ស​ម្ចាស់​យើង​ ជា​ស្ដេច​មាន​តេជា​នុ​ភាព​មាន​សក្ដា​នុភាព​ ព្រម​ទាំង​មាន​សមត្ថ​ភាព​បរិ​បូណ៌​ផង​ គួរ​នឹង​បាន​សោយ​រាជ្យ​គ្រប់​គ្រង​ត្រៃ​លោក​នេះ​ទៅ​ទៀត​ នឹង និយាយ​ថ្វី​ សព្វ​បើ​រាជ​សម្បត្ដិ​លើ​ផែន​ដី​នេះ​»​។ កាល​នោះ​ក្ងោក​ជេរ​ប្រទេច​ខ្ញុំ​បាទ​ថា​ «នែ​អាកុក​ព្រ​ហើន​! បើ​គ្រាន់​បើ​ណាស់​ ម្ដេច​អា​អែង​មក​កាន់​ទឹក​ដី​យើង​នេះ​ធ្វើ​អ្វី​?​»​ ជេរ​ហើយ​ចាប់​ខ្ញុំ​បាទ​នាំ​យក​ទៅ​កាន់​សំ​ណាក់​ស្ដេច​ក្ងោក​ ឈ្មោះ​ចិត្ដ​ពណ៌​។ កាល​ទៅ​ដល់​ចំពោះ​មុខ​ស្ដេច​ក្ងោក​ហើយ​ ក្ងោក​ជា​បរិ​វារ​លើក​ទស​ករ​ប្រណម្យ​ថ្វាយ​បង្គំ​ ទើប​បង្ហាញ​ខ្ញុំ​បាទ​។ ប្រាប់​ស្ដេច​ក្ងោក​ថាៈ​ «ទេវ​! សូម​លោក​ម្ចាស់​ជ្រាប​ អា​កុក​ព្រ​ហើន​​នេះ​វា​មក​កាន់​ប្រ​ទេស​យើង​ ហើយ​វា​ហ៊ាន​ក្បត់​ព្រះ​ចេស្ដា​នៃ​ទេវ​បាទ​!​»​។ ស្ដេច​ក្ងោក​សួរ​ថាៈ​ «ចុះ​អា​កុក​នោះ​វា​ជា​អ្វី​? វា​មក​ពី​ណា​?​»​។ ក្ងោក​ជា​បរិ​វារ​ ទាំង​ឡាយ​ប្រាប់​ថាៈ​ «អា​កុក​នេះ​ជា​ចារ​បុរស​នៃ​រាជ​ហង្ស​ហិរណ្យ​គភ៌​ វា​មក​ពី​កប៌ូរ​ទ្វីប​។ គ្រា​នោះ​អែង​ ត្មាត​ឈ្មោះ​ទុ​រទសី​ ជា​ប្រធាន​រដ្ឋម​ន្រ្ដី​នៃ​ស្ដេច​ចិត្រ​ពណ៌​សួរ​ខ្ញុំ​បាទ​ថាៈ​ «អ្នក​ណា​ជា​ប្រធាន​រដ្ឋ​មន្រ្ដី​ក្នុង​ប្រ​ទេស​អែង​?​»​។ ខ្ញុំ​បាទ​ឆ្លើយ​ប្រាប់​ថាៈ​ «ចាក្រ​ពាក​ឈ្មោះ​សវិជ្ញៈ​ ជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​វិទ្យា​សាស្រ្ដ​ទាំង​អស់​»​។ ត្មាត​និយាយ​ត​ទៅ​ទៀត​ថាៈ​ «ថា​បើ​ចាក្រ​ពាក​ឈ្មោះ​សវិជ្ញៈ​នេះ​កើត​ក្នុង​ប្រទេស​នោះ​មែន​ សម​គួរ​ នឹង កាន់​ដំណែង​ជា​ប្រធាន​រដ្ឋ​មន្រ្ដី​ហើយ​ ព្រោះ​ថា​៖

១៦ - កើត​ក្នុង​ប្រទេស​ខ្លួន​ ប្រ​ព្រឹត្ដ​ល្អ​បរិសុទ្ធ​តាម​វង្ស​ត្រកូល​ មាន​ចិត្ដ​ស្អាត ​ស្ទាត់​ជំនាញ​ក្នុង​សាស្រ្ដ​ មាន​អាថិ​កំបាំង​ មិន​តាំង​ខ្លួន​ជា​នាក់​លេង​ល្បែង​ភ្នាល់​ វៀរ​មិន​ប្រព្រឹត្ដ​បរ​ទារ​កម្ម​។
១៧ - ព្រះ​រាជា​គួរ​គប្បី​ស្វែង​រក​មន្រ្ដី​ ជា​អ្នក​ចេះ​ចាំ​ធម្ម​សាស្រ្ដ​ និង អថិ​សាស្រ្ដ​ ជា​អ្នក​មាន​ពូជ​ ជា​នា​ម៉ឺន​ធំ​ មាន​នាម​ល្បី​ល្បាញ​ ជា​បណ្ឌិត​ជា​អ្នក​បង្កើត​ទ្រព្យ​សម្បត្ដិ​។

ក្នុង​លំដាប់​នោះ​ សេក​ជា​មន្រ្ដី​និយាយ​ប្រាប់​ស្ដេច​ក្ងោក​ចិត្រ​ពណ៌​ទៀត​ថា​ «ទេវ​! កប៌ូរ​ទ្វីប​ និង ទ្វីប​ទាំង​ឡាយ​អែ​ទៀត​ គ្រាន់​ជា​កោះ​តូច​តាច​ទេ​ ហើយ​នៅ​ក្នុង​បរិ​វេណ​ អា​ណា​ចក្រ​ជម្ពូ​ទ្វីប​ទាំង​អស់​ ដូច្នេះ​ទ្វីប​ទាំង​ឡាយ​នេះ​នៅ​ក្នុង​អធិប​តេយ្យ​ព្រះ​ទេវ​បាទ​ទាំង​អស់​»​ ស្ដេច​ក្ងោក​ចិត្រ​ពណ៌​ និយាយ​ចាក់​បណ្ដោយ​ដោយ​ល្មោភ​ថាៈ​ «អើ​!ពិត​ដូច​អែង​និយាយ​មែន​ ព្រោះ​ថា​៖

១៨ - ព្រះ​រា​ជា​១ មនុស្ស​ឆ្កួត​១ កូន​ក្មេង​១ អ្នក​បរិ​ភោគ​កាម​១​ តែង​ចង់​បាន​របស់​ដែល​ខ្លួន​មិន​ទាន់​បាន​ ចាំ​បាច់​និយាយ​​ថ្វី ដល់​របស់​ដែល​ខ្លួន​បាន​ហើយ​។ កាល​នោះ​ខ្ញុំ​បាទ​ (ទីឃ៌​មុខ​) ឆ្លើយ​តប​ថាៈ​ «ថា​បើ​គ្រាន់​តែ​ថា​ រឺ គ្រាន់​តែ​និយាយ​ ហើយ​បាន​សំរេច​អធិប្ប​តេយ្យ​ដូច​មាត់​មែន​នោះ​ ខ្ញុំ​បាទ​ក៏​ចេះ​និយាយ​ដែរ​ថាៈ​ «ជម្ពូ ទាំង​មូល​នៅ​ក្នុង​អំណាច​ស្ដេច​ម្ចាស់​ខ្ញុំ​បាទ​ឈ្មោះ​ហិរណ្យ​គភ៌​ទាំង​អស់​»​។ សេក​សួរ​មក​ខ្ញុំ​បាទ​វិញ​ភ្លាម​ថាៈ​ «ធ្វើ​មធ្យោ​បាយ​ដូច​ម្ដេច​ នឹង អោយ​សំរេច​ប្រស្នា​នេះ​បាន​?​»​។ ខ្ញុំ​បាទ​ឆ្លើយ​តប​ពាក្យ​សេក​វិញ​ថាៈ​ «ធ្វើ​សង្រ្គាម​»​។ កាល​នោះ​ស្ដេច​ក្ងោក​ចិត្រ​ពណ៌​និយាយ​ប្រាប់​ខ្ញុំ​បាទ​ថាៈ​ «អែង​ត្រលប់​ទៅ​ប្រាប់​ម្ចាស់​អែង​វិញ​ទៅ​ អោយ​រៀប​ចំ​ សែន្យា​នុ​ភាព​ត្រៀម​ចាំ​ចុះ​»​។ ខ្ញុំ​បាទ​និយាយ​ថា​ «សូម​លោក​បញ្ជូន​ទូត​ទៅ​ចរ​ចា​ជា​មួយ​លោក​ម្ចាស់​ខ្ញុំ​សិន​»​។ ពេល​នោះ​ស្ដេច​ក្ងោក​ចិត្រ​ពណ៌ បែរ​ទៅ​ប្រឹក្សា​ចំពោះ​ មន្រ្ដី​ទាំង​ឡាយ​​​ថាៈ​ «តើ​នឹង​តែង​តាំង​អ្នក​ណា​ជា​ទូត​? ព្រោះ​ទូត​គួរ​ចេះ​ការ​ និង​អោយ​មាន​លក្ខណ​សម្បត្ដិ​ដូច្នេះ​។

១៩ - មាន​ភក្ដី​ មាន​គុណ​​បរិ​សុទ្ធ​​ល្អ ប្រសប់​វាង​វៃ​ ឈ្លៀវ​ឆ្លាត​ និង មាន​ប្រតិភាន​ បុគ្គល​បែប​នេះ​គួរ​ធ្វើ​ជា​ទូត​។ ត្មាត​ឆ្លើយ​ថា​ «បុគ្គល​មាន​លក្ខណៈ​ដូច្នេះ​មាន​ច្រើន​ណាស់​ ទោះ​ម្ដេច​ម្ដា គួរ​យើង​តែង​តាំង​ព្រាហ្មណ៍​ អោយ​ធ្វើ​ជា​ទូត​ទៅ​ចរ​ចា​ព្រោះ​ថា​៖

២០ - ធ្វើ​សេច​ក្ដី​ជ្រះ​ថ្លា (ធ្វើ​អោយ​ចំរើន​) ដល់​ម្ចាស់​ផែន​ដី​ ដែល​មិន​ប្រាថ្នា​ចង់​បាន​សម្បត្ដិ​ ដូច​ថ្នាំ​ពិស​ពុល​ឈ្មោះ​កាល​កូដៈ(4)​ មិន​ប្រាស​ចាក​ពណ៌​ខ្មៅ​ជាប់​នៅ​ក​ព្រះ​ អីសូរ​ជា​និច្ច​។

ក្ងោក​ចិត្រ​ពណ៌​បង្គាប់​សេក​ថាៈ​ «នែ​សេក​! អែង​ចូរ​ទៅ​ ជា​មួយ​ទីឃ៌​មុខ​នេះ​ ហើយ​និយាយ​ប្រាប់​ម្ចាស់​គេ​ថា​ យើង​​រៀប​ទ័ព​ត្រៀម​ព្រម​ហើយ​»​។ សេក​ទទួល​អាជ្ញា​ថា​ «ទេវៈ​! ខ្ញុំ​បាទ​ទទួល​តាម​អាជ្ញា​ហើយ​ តែ​កុក​ទីឃ៌​មុខ​នេះ​ជា​សត្វ​ទុជ៌ន​ ខ្ញុំ​បាទ​ទៅ​ជា​មួយ​ផង​មិន​បាន​ទេ​ ព្រោះ​ថា​៖

២១ - មនុស្សទុ​ជ៌ន​ ប្រ​ព្រឹត្ដ​អំពើ​អា​ក្រក់​ ផល​អាក្រក់​តែង​ធ្លាក់​ទៅ​លើ​មនុស្ស​ល្អ​វិញ(5)​ ដូច​​រាពណ៍​ទៅ​លួច​នាង​សិតា​ ផល​អាក្រក់​របស់​រាពណ៍​នេះ​ធ្លាក់​ទៅ​លើ​សមុទ្រ​ គឺ​សមុទ្រ​ត្រូវ​ព្រះ​រាម​ចង​ថ្នល់​។

២២ - បុគ្គល​មិន​គប្បី​ឋិត​នៅ​ រឺ​មិន​គប្បី​ដើរ​ទៅ​ជា​មួយ​មនុស្ស​ទុជ៌​នឡើយ​ ក្នុង​កាល​ណា​ក៏​ដោយ​ ហង្ស​ស្លាប់​ព្រោះ​ ឋិត​នៅ​ជា​មួយ​ទទា​ ស្លាប់​ព្រោះ​ដើរ​ទៅ​ជា​មួយ​ ទាំង​អស់​នេះ​មក​តែ​ពី​សមា​គម​មួយ​អន្លើ​ដោយ​ក្អែក​។ ចិត្រ​ពណ៌​សួរ ឡើង​ថាៈ «ចុះ​រឿង​នោះ​តើ​ដូច​ម្ដេច​?​» សេក​ដំណាល​រឿង​នោះ​ដូច​ត​ទៅ​នេះ​ថា៖​។

(1)ហិ​តោប​ទេស​ សេច​ក្ដី​ប្រែ​ជា​ភាសា​បារាំង​របស់​លោក​ឡង់​សឺរូ​មាន​គាថា​លើល​ដូច្នេះ​ គឺ ​បក្សី​ មនុស្ស​កាច​ មនុស្ស​ល្ងង់​ និង​អ្នក​ដែល​អួត​ខ្លួន​ជា​អ្នក​ប្រាជ្ញ​ មិន​មាន​សមត្ថ​ភាព​ធ្វើ​គេ​ហ​ដ្ឋាន​នៅ​បាន​ទេ​ បាន​គ្រាន់​តែ​បំ​ផ្លិច​បំផ្លាញ​គេ​ហដ្ឋាន​តែ​ប៉ុណ្ណោះ)​។
(2)ហិ​តោ​បទេស​ សេច​ក្ដី​ប្រែ​ជា​ភាសា​បារាំង​របស់​លោក​ឡង់​សឺ​រូ មាន​គា​ថា​លើល​ដូច្នេះ​គឺ​ បុគ្គល​កុំ​គប្បី​ឋិត​នៅ​ រឺ​ដើរ​​ទៅ​ជា​មួយ​មនុស្ស​អាក្រក់​ សូម្បី​មួយ​រំពេច​អោយ​សោះ​ ព្រោះ​ថា​ការ​សេព​គប់​មនុស្ស​អាក្រក់​ឈ្មោះ​ថា​សេច​ក្ដី​ស្លាប់​ ការ​សេព​គប់​អ្នក​សប្បុ​រស​ឈ្មោះ​ថា​សន្ដិ​ភាព​។
(3)ហិ​តោ​បទេស​ រោង​ពុម្ព​ភា​គិវបុស្ដ​កា​ល័យ​គាយ​ឃា​ដិ​កា​សី ​មាន​គា​ថា​ដូច្នេះ​ ​គឺ មេ​ពពែ​អាស្រ័យ​ការ​ប្រោស​ប្រាណ​នៃ​ សីហៈ ​អាច​ស្វែង​រក​អាហារ​ក្នុង​ព្រៃ​អិត​ភិត​ភ័យ​ អែ​វិស​ណៈ​ (ពិភេក)​ អាស្រ័យ​បុណ្យ​ព្រះ​រាម​ ទើប​បាន​រាជ​នៅ​ក្រុង​លង្កា​។
​ (4)ថ្នាំ​ពុល​ដែល​កើត​ពី​ការ​កូរ​សមុទ្រ​ទឹក​ដោះ​ នៅ​ជាប់​នឹង​ក​ព្រះអីសូរ​ មាន​ពណ៌​ខ្មៅ​មិន​ប្រឡាក់​ក​ព្រះ​អីសូរ​ ហើយ​ជា​គ្រឿង​លំអរ​ព្រះ​អីសូរ​ អែ​ព្រាហ្មណ៍​ជា​នាក់​ទល់​ក្រ​នៅ​រួម​ជា​មួយ​ស្ដេច​ដែល​មាន​ទ្រព្យ​ច្រើន​ ក៏​មិន​ត្រូវ​ការ​ ចង់​បាន​ទ្រព្យ​ស្ដេច​។
(5)កាល​រាពណ៍​លួច​នាង​សិតា​យក​ ទៅ​ទុក​នៅ​ក្រុង​លង្កា​ ព្រះ​រាម​ចង់​ថ្នល់ឆ្លង​សមុទ្រ​លើក​រេហ៍​ពល​ទៅ​វាយ​ក្រុង​លង្កា​បែក​។​