ស្រីហិតោបទេស
ភិក្ខុក ប៉ាង ខាត់ វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹតដោយ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ
**********************************************
ថ្ងៃសៅរ៍ ទី17.មិថុនា 2017.ម៉ោង 8:30
អារម្ភបទកថា លើកទី២
ហិតោបទេសភាគទី១ ឡើងកាន់ពុម្ពលើកដំបូងនៅក្នុងឆ្នាំឆ្លូវ អែកស័កព.ស ២៤៩២ បណ្ណាគារឃឺនឆែ ជាអ្នកបោះពុម្ពផ្សាយ មកដល់អីលូវនេះសៀវភៅនេះ បាត់មុខពីបណ្ណាគារអស់ទៅហើយ។ មានអ្នកត្រូវការមកសួររករឿយៗ សំដែងអោយឃើញថា មានសេចក្ដីរីករាយសប្បាយចិត្ដណាស់ដោយគិតឃើញថា ការព្យាយាមរបស់ខ្ញុំដែលខំប្រឹងនោះ មិនអិតប្រយោជន៍ទេ បានផលសមតាមបំណងខ្ញុំហើយ។ អីលូវនេះគួរចាត់ការបោះពុម្ពលើកទី២ តទៅទៀត ដើម្បីបំពេញត្រូវការអ្នកអានទាំងឡាយ ដែល មានសេចក្ដីស្រេកឃ្លានចង់ចេះដឹង ទើបខ្ញុំប្រគល់ហិតោបទេសនេះ ទៅបណ្ណាគារគីមគី អោយចាត់ការបោះពុម្ពលើកទី២ នេះតទៅ។ ខ្ញុំបានកែតំរឹមតំរូវសេចក្ដីខ្លះ ដែលភ្លាំងភ្លាត់ ឆ្គាំងឆ្គងអោយបានល្អ ហើយបានអនុញ្ញាតអោយចាត់បោះពុម្ព។
វត្ដឧណ្ណាលោមថ្ងៃសៅរ៍ ៥ រោច ខែពិសាខ ឆ្នាំមមី ឆស័កព.ស ២៤៩៧
ត្រូវនឹងថ្ងៃទី២២ ខែអុសភា គ.ស ១៩៥៤។
វិរិយបណ្ឌិតោ ប.ខាត់
ស្រីហិតោបទេស អារម្ភបទ
- ១ -សូមសេចក្ដីប្រាថ្នារបស់ សាធុជនទាំងឡាយបានសំរេចផលដោយ កិរិយាប្រសិទ្ធី នៃព្រះអីសូរ ដែលរស្មីភាគ១ក្នុង១៦ ស្ថិតនៅអៃដ៏ព្រះលាដដូចជាលេខា 1 នៃពពុះទឹកទន្លេគង្គា។
- ២ - ហិតោបទេសនេះ នរជនបានត្រងត្រាប់ស្ដាប់ហើយ នឹង ប្រគល់អោយ នូវ សេចក្ដីជំនាញក្នុងភាសាសំស្រ្កឹត នូវ សេចក្ដីឆ្លៀវឆ្លាសក្នុងសំដីថ្វីមាត់ និង ក្នុងនិតិវិជ្ជាទាំងឡាយដ៏វិចិត្រផ្សេងៗក្នុងទីទាំងពួង។
- ៣ - អ្នកប្រាជ្ញ កាលបើស្វែងរកវិជ្ជា និងទ្រព្យគប្បីគិតថា ដូចជាខ្លួនមិនចាស់មិនស្លាប់ កាលបើស្វែងរកធម៌ គប្បីគិតថាខ្លួនត្រូវម្រឹត្យុចាប់ក្របួចសក់បោកសំលាប់អីលូវនេះហើយ។
- ៤ - បណ្ដាទ្រព្យទាំងពួង, វិជ្ជា លោកពោលថាជាទ្រព្យដ៏ឧត្ដម ព្រោះវិជ្ជាចោរលួចយកមិនបានផង កាត់ថ្លៃមិនបានផង មិនចេះរេចរឹលអស់ទៅផង សព្វៗកាល។
- ៥ - វិជ្ជាយិតយោងជនដែលនៅថោកទាក អោយបានចូលទៅជិតព្រះនរបតី ដែលគេនៅជិតបានដោយក្រ ឬ អ្នកមានបុណ្យដ៏ក្រៃលែងជាងនរបតីទៅទៀត ដូចស្ទឹងដែលនៅក្នុងទីទាបតែងប្រមូលយកទឹកចូលទៅកាន់សមុទ្រ។
- ៦ - វិជ្ជានាំអោយមានវិន័យ, វិន័យ នាំអោយបានសេចក្ដីថ្លៃថ្នូរ, សេចក្ដីថ្លៃថ្នូរនាំអោយបានទ្រព្យសម្បត្ដិ, ទ្រព្យសម្បត្ដិនាំអោយបានធម៌ ធម៌ដឹកនាំអោយបានសេចក្ដីសុខ។
- ៧ - សស្រ្ដវិជ្ជា2 និង សាស្រ្ដវិជ្ជា 3 ទាំង២នេះ គួរប្រតិបត្ដិសិក្សារៀនអោយដឹងទាំងអស់ វិជ្ជាទី១ ខាងដើម (សស្រ្ដវិជ្ជា) កើតចំរើនឡើង ដើម្បីសើចលេងជាត្លុកកំប្លែក,វិជ្ជាទី២ខាងចុង (សាស្រ្ដវិជ្ជា) បុគ្គលគួរគោរព ក្នុងកាលទាំងពួង។
- ៨ - រូបគំនូរដែលគេគូរទុកអៃដ៏ភាជនៈថ្មី មិនឃ្លាតក្លាយទៅជាប្រការដទៃយ៉ាងណា និតិវិជ្ជា ដែលគេបង្វឹក បង្ហាត់ដល់កូនក្មេងទាំងឡាយដោយថា ជាគ្រឿងប្រៀបធៀប ក៏ជាប់នៅយ៉ាងនោះលោកពោលទុកក្នុងទីនេះគឺៈ
- 1 មិត្រលាភ ការគប់មិត្ដ,
- 2 សុហរិទភេទ ការបំបែកមិត្រ,
- 3 វិគ្រហៈ សង្រ្គាម,
- 4 សន្ធិ សន្ដិភាព
- ដែលស្រង់ យកមកពីគម្ពីរបញ្ចតន្រ្ដៈ និង គម្ពីរដទៃទៀតនោះ ខ្ញុំពោលទុកក្នុងទីនេះដូចសេចក្ដីតទៅ។ ក្នុងអតីតកាល មាននគរមួយឈ្មោះបាដលីបុត្រ ស្ថិតនៅក្បែរស្ទឹងគង្គា។ ព្រះបាទសុទសិនៈ ទ្រង់ប្រកបដោយស្វាមីគុណគ្រប់ប្រការ ស្ដេចគ្រប់គ្រងនគរនោះ។ សម័យមួយទ្រង់ធ្វើព្រះសណ្ដាប់ស្លោកពីរបទ ដែលអ្នកប្រាជ្ញបានពោលទុក មានសេចក្ដីដូចតទៅនេះ ៖
- ១០ សាស្រ្ដវិជ្ជា ជាគ្រឿងកាត់បង់នូវសេចក្ដីសង្ស័យជាអនេក ជាគ្រឿង បើកបង្ហាញនូវអាថិកំបាំង និង ជាភ្នែកសំរាប់មើលសព្វសារពើការណ៍ទាំងឡាយ អ្នកណាមិនមានសាស្រ្ដវិជ្ជា អ្នកនោះទុកដូចជាមនុស្សខ្វក់។
- ១១ ភាពជាយុវជន១ ភាពជាអ្នកមានទ្រព្យច្រើន១ ភាពជាអ្នកមានអធិបតេយ្យ១ និងភាពជាអ្នកមិនបែកបាក់គ្នា១ បើមានតែមួយៗ ក៏នាំអោយខូចប្រយោជន៍ ធ្វើម្ដេចហ្ន៎ អោយបានគ្រប់ទាំង៤ ប្រការក្នុងខ្លួនមនុស្ស? កាលព្រះរាជាអង្គនោះ ទ្រង់ព្រះសណ្ដាប់ដូច្នោះហើយ ក៏ទ្រង់ព្រួយតានតឹងព្រះរាជហរិទ័យចំពោះព្រះរាជបុត្ររបស់ព្រះអង្គដែលមិន ទាន់បានសិក្សាសាស្រ្ដវិជ្ជាទាំងឡាយ ព្រមទាំងប្រព្រឹត្ដក្នុងផ្លូវខុសគន្លងធម៌ដោយសេចក្ដីប្រមាថ ទើបទ្រង់ព្រះតំរិះក្នុង ព្រះរាជហរិទ័យដូច្នេះថា៖
- ១២ មានប្រយោជន៍អ្វី ចំពោះកូនដែលកើតហើយល្ងង់ផង មិនប្រកបដោយធម៌ផង? ដូចភ្នែកឈឺ មានប្រយោជន៍អ្វី? បានគ្រាន់តែឈឺចាក់ដោតនាំអោយរំខានប៉ុណ្ណោះ។
- ១៣ បណ្ដាកូនបីពួក គឺកូនមិនទាន់កើត១ពូក កូនកើតហើយស្លាប់ទៅវិញ១ពូក និង កូនល្ងង់ខ្លៅ១ពួក កូនពីរពួកខាងដើមជាកូនគាប់ប្រសើរ ពួកកូនទីបីមិនប្រសើរឡើយ ព្រោះថា កូនពីរពួកខាងដើមធ្វើទុក្ខព្រួយតែម្ដងក៏អស់ហើយទៅ អែពួកកូនក្រោយទីបីធ្វើទុក្ខមាតាបិតាអោយលំបាកគ្រប់ជំហានជើង។
- ១៤ - អ្នកណាកើតហើយដឹកនាំត្រកូលអោយចំរើនខ្ពង់ខ្ពស់ឡើង អ្នកនោះទើបឈ្មោះថា «កើត» មែនទែន រឺពេញជាកើតត្រឹមត្រូវ ព្រោះក្នុងសំសារវដ្ដដែលប្រព្រឹត្ដទៅនេះ អ្នកណាមួយដែលស្លាប់ទៅហើយមិនត្រលប់កើតវិញទៀត?
- ១៥- ក្នុងពេលប្រារព្ធនឹងរើសរកឈ្មោះ នៃពួកអ្នកមានគុណចុះក្នុងបញ្ជីផែនថ្ម ឈ្មោះអ្នកណាអិតគុណ មិនញ៉ាំងចិត្ដគេអោយរំភើបព្រឺព្រួចទេ! គេមិនចារឹកឈ្មោះអ្នកនោះឡើយ បើដូច្នោះតើគួរនឹងហៅម្ដាយដែលបង្កើតកូននោះ ថាជាស្រ្ដីអា រឺស្រ្ដីអ្វីហ្ន៎?
- ១៦ - អ្នកណាមិនតំកល់ខ្លួនក្នុងការអោយទាន ក្នុងតបធម៌ គឺសុចរិតក្នុងសេចក្ដីអង់អាចក្លាហាន ក្នុងវិទ្យាសាស្រ្ដ និងការស្វែងរកទ្រព្យ អ្នកនោះលោកទុក្ខជាអុច្ចារ:នៃមាតា។
- ១៧ - កូនមានគុណគាប់តែម្នាក់ជាកូនប្រសើរ កូនល្ងង់រាប់រយមិនប្រសើរទេ ដូចព្រះចន្ទតែមួយដួងអាចកំចាត់ងងឹតអន្ធកាលបាន កងតារាទាំងឡាយ កំចាត់ងងឹតមិនបានឡើយ។
- ១៨- តបៈ គឺការបំពេញកុសល ដែលបុគ្គលណាមួយធ្វើក្នុងទីស័ក្ដិសិទ្ធិ ពុំនោះបំពេញទុក្ខរៈកម្មដ៍ក្រៃលែងអែណាមួយ ព្រោះប្រាថ្នាកូន កូននៃអ្នកនោះ គួរជាកូនប្រដៅងាយ សមរិទ្ធិសំរេចប្រយោជន៍ប្រកបដោយធម៌ និងមានប្រាជ្ញាបរិបូណ៌។
- ១៩- កិរិយាបានទ្រព្យ១ ភាពជាបុគ្គលមិនមានរោគជានិច្ច១ ភរិយាជាទីស្រឡាញ់១ ភរិយាពោលពាក្យពីរោះ១ កូនប្រដៅងាយ១ និងមានវិជ្ជាធ្វើប្រយោជន៍ដល់សាធារណជន១ បពិតព្រះរាជា! ធម៌៦ប្រការនេះ ជាបរមសុខក្នុងជីវលោកនេះ។
- ២០ - គួរនឹងរាប់អ្នកមានកូនច្រើនថា គាប់ប្រសើររឺទេ! បើកូនទាំងឡាយនោះទុកជានាឡិទទេក្នុងជង្រុក កូនតែម្នាក់ជាទីពឹងផ្អែក ទំនុកបំរុងត្រកូលល្អជាជាងកេរ្ដិ៍ឈ្មោះបិតាក៏ល្បីល្បាញលឺខ្ចរខ្ចាយទៅគ្រប់ទិសានុទិស។
- ២១ - បិតាធ្វើបំណុលទុកអោយកូនជាសត្រូវ មាតាប្រព្រឹត្ដទុចរិតខុសគន្លងប្រពៃណីជាសត្រូវ ភរិយាមានរូបល្អជាសត្រូវ កូនល្ងង់ក៏ជាសត្រូវ។
- ២២ - វិជ្ជា បើមិនយកទៅប្រើប្រាស់ ជាពិសពុល ភោជនដែលបរិភោគទៅហើយមិនរលួយ ជាពិសពុល សភា4 ជាពិសពុលសំរាប់អ្នកក្រីក្រ ស្រ្ដីក្រមុំជាពិសពុលសំរាប់មនុស្សចាស់ជរា។
- ២៣ - នរជនសូម្បីចេញពីត្រកូលណាក៏ដោយ តែមានគុណគាប់ប្រសើរហើយ លោកក៏គួរគោរពបួជា ធ្នូសូម្បីបរិសុទ្ធដោយវង្ស5 តែមិនប្រសិទ្ធីនឹងធ្វើអ្វីកើត?។
- ២៤ - អោកូនតូចកំសត់អើយ! អ្នកមិនទាន់បានរៀនសូត្រសោះរាត្រីទាំងឡាយចេះតែប្រព្រឹត្ដកន្លងទៅៗ បើដូច្នោះ ខ្លួនអ្នកនឹងកប់បាត់នៅកណ្ដាលហ្វូងអ្នកប្រាជ្ញទាំងឡាយ ដូចគោលង់ទ្រនេសជាប់ក្នុងកណ្ដាលបឹងភក់។ កាលបើដូច្នេះ ធ្វើដូចម្ដេចអោយកូនអាត្មាអញ ត្រលប់បានជាបុគ្គលមានគុណគាប់ប្រសើរឡើង ក្នុងកាលអីលូវនេះ?។
- ២៥ - បរិភោគអាហារ១ ការដេក១ ភ័យ១ និង សេពមេថុន១ ធម៌ទាំង៤ប្រការនេះមនុស្សនិងសត្វមានស្មើគ្នា មានតែព្រះធម៌ប៉ុណ្ណោះទេ ទើបអាចធ្វើមនុស្ស និង សត្វអោយវិសេសប្លែកពីគ្នា នរណាប្រាសចាសធម៌ នាក់នោះទុកស្មើសត្វ។
- ២៦ - ធម៌ (ព្រះវេទ) អាថិធម៌ (សេចក្ដីអធិប្បាយព្រះវេទ) កាម (សេចក្ដីប្រាថ្នាធម៌ និងអាធម៌) និង មោក្សៈធម៌ទាំង៤ប្រការនេះអ្នកណាមិនមានក្នុងខ្លួន សូម្បីតែមួយប្រការ ជីវិតអ្នកនោះអិតប្រយោជន៍សោះសូន្យទទេ ដូចបូកពពែ (6)រកប្រយោជន៍គ្មាន
- ២៧ - អាយុ១ កម្ម១ ទ្រព្យ១ វិជ្ជា១ និង សេចក្ដីស្លាប់១ ធម៌៥ប្រការ នេះកើតសំរេចមកជាមួយរាងកាយមនុស្សតាំងពីស្ថិតនៅក្នុងគភ៌ម្លេះ។
- ២៨ - ភាវធម៌នៃបុគ្គលមានភាវធម៌ តែងកើតមានដល់ភាវៈនៃបុគ្គល ជាធំដោយពិត ភាវៈអាក្រាតតែងមានដល់ព្រះអីសូរ កិរិយាដេកលើពោះធំ(7) តែងមានដល់ព្រះហរិ (8)។
- ២៩ - របស់ណាមិនមានបច្ច័យ របស់នោះក៏តែងមិនមាន ថាបើរបស់ណា មានបច្ច័យ របស់នោះក៏មិនមែនជាមិនមាន ថ្នាំនេះរំងាប់នូវពិសពុលគឺ សេចក្ដីគិតបាន ហេតុដូចម្ដេចគេមិនផឹកថ្នាំនោះហ្ន៎? តែភាសិតនេះច្រើនជាសំដីមនុស្សខ្ជិលពួកខ្លះ ក្នុងចំណោមមនុស្សមិនចេះអត់ធនដល់ការងារទាំងឡាយ។
- ៣០ -បុគ្គលសូម្បីគិតឃើញព្រេងវាសនា ក៏មិនគួរលះបង់សេចក្ដីព្យាយាមខ្លួនចោលឡើយ បើបុគ្គលមិនព្យាយាមចំរាញ់ល្ងមិនបានប្រេងល្ងទេ។
- ៣១ - ជោគលាភ តែងចូលទៅរកបុរសសីហៈ ដែលជាអ្នកមានព្យាយាមក្លៀវក្លាមានតែបុរសគំរក់ទេតែងពោលថា«ស្រេចតែព្រេងសំណាង!» បុគ្គលចូរផ្ចាញ់វាសនា ហើយធ្វើនូវព្យាយាមអោយពេញដោយកូនប្រុស តាមកម្លាំងខ្លួនដែលអាចធ្វើបាន ថាបើតាំងព្យាយាមប្រឹងប្រែងធ្វើហើយ នៅតែមិនសំរេចទៀតតើវានឹងកើតទោសអ្វី?។
- ៣២ - រថមិនគប្បីទៅបានដោយកង់តែមួយយ៉ាងណា ព្រេងវាសនាបើរៀរចាកព្យាយាមនៃបុរសហើយ ក៏មិនសំរេចយ៉ាងនោះដែរ។
- ៣៣ - កម្មដែលបុគ្គលធ្វើពីបុព្វជាតិ លោកហៅថា «ព្រេងវាសនា» ព្រោះហេតុនោះបុគ្គលមិនខ្ជឹលច្រអូស គប្បីធ្វើសេចក្ដីប្រឹងប្រែងដោយព្យាយាមពេញជាបុរស។
- ៣៤ - ជាងប៉ាន់ ប៉ានដុំដីជារូបផ្សេងៗ តាមចិត្ដខ្លួនប៉ាន់យ៉ាងណា កម្មដែលបុគ្គលសាងទុកខ្លួនអែង ក៏ប៉ាន់មនុស្សមានភាវៈផ្សេងៗ តាមលក្ខណៈនៃកម្ម របស់ខ្លួនយ៉ាងនោះដែរ។
- ៣៥ - បុគ្គល សូម្បីឃើញកំណប់ទ្រព្យនៅក្នុងទីចំពោះមុខ ដូចរឿងក្អែកដោយមិននឹកថា នឹងកើតបានហើយ ចាំព្រេងវាសនាគាស់កកាយយកមកអោយអែងៗ មិនរវល់ធ្វើសេចក្ដីព្យាយាមជាប្រុសមិនបានកំណប់នោះទេ។
- ៣៦ - ការទាំងឡាយ តែងសំរេចដោយសេចក្ដីព្យាយាមប្រឹងប្រែង ដោយពិត មិនមែនដោយមនោរថទេ ដូចម្រឹគទាំងឡាយ មិនដែលបោលចូលមាត់សីហៈដេកលក់ឡើយ។
- ៣៧ - កូនក្មេងដែលមាតាបិតាបានហ្វឹកហ្វឺនហើយ ទៅជាកូនគាប់ប្រសើរបានមិនដែលមានកូនក្មេងណាបានទៅជាបណ្ឌិត ដោយគ្រាន់តែច្យុតចេញពីគភ៌មាតាទេ។
- ៣៨ - កូនក្មេងដែលមាតាបិតាណាមិនបានអោយរៀនសូត្រ មាតានោះត្រលប់ជាសត្រូវ បិតានោះត្រលប់ជាបុគ្គលមានពៀរ ព្រោះកូនមិនបានរុងរឿងក្នុងទីប្រជុំជន ដូចកុកកណ្ដាលហ្វូងហង្ស។
- ៣៩ - ក្មេងបរិបូរណ៍ដោយរូប និងវ័យក្មេងសម្ភពក្នុងត្រកូលដ៏វិសេស អិតចេះដឹងវិជ្ជាអ្វីមិនមានរាសីរុងរឿងទេ ដូចផ្កាចារអិតមានក្លិនក្រអូប។
- ៤០ - មនុស្សល្ងង់ ប្រដាប់កាយដោយគ្រឿងអម្ពរតែងមានរាសីរុងរឿងក្នុងទីប្រជុំជន បើមនុស្សល្ងង់នោះ មិនទាន់ហារមាត់ចេញនិយាយដរាបណា ក៏នៅតែមានរាសីរុងរឿងដរាបនោះ។
កាលព្រះរាជាទ្រង់រំពឹងដូច្នោះ ទ្រង់ត្រាស់បង្គាប់អោយប្រជុំអ្នកប្រាជ្ញទាំងឡាយ ទើបទ្រង់ត្រាស់ថា៖ «នែលោកបណ្ឌិតទាំងឡាយសូមលោកស្ដាប់ខ្ញុំ បណ្ដាលោកបណ្ឌិតទាំងឡាយនេះ មានលោកណាខ្លះជាអ្នកប្រាជ្ញអាចបង្រៀននិតិសាស្រ្ដដល់កូនខ្ញុំ ដែលល្ងង់ខ្លៅប្រព្រឹត្ដខុសគន្លងធម៌ជានិច្ចអោយមានកំណើតថ្មី អោយត្រលប់បានល្អឡើងក្នុងកាលអីលូវនេះរឺទេ?» ព្រោះថា៖
- ៤១ - កញ្ចក់នៅរួមជាមួយមាស អាចចោលស្រមោលក្លាយទៅជាកែវមរកតយ៉ាងណា មនុស្សល្ងង់នៅរួមជាមួយនឹងលោកសម្បុរសក៏អាចត្រលប់ ទៅជាសប្បុរសឆ្លៀវឆ្លាតបានយ៉ាងនោះដែរ។
- ៤២ - កូនអើយ! មតិថោកទាប ព្រោះសមាគមមួយអន្លើដោយបុគ្គលថោកទាប សមាគមមួយអន្លើដោយបុគ្គលស្មើគ្នា មតិក៏ស្មើគ្នា សមាគមមួយអន្លើដោយបុគ្គលប្រសើរ មតិក៏រឹងរិតតែប្រសើរឡើង។
- សម័យនោះ មហាបណ្ឌិតម្នាក់ឈ្មោះវិសណុសិម័ន មានការចេះដឹង សកលនិតិសាស្រ្ដពិតប្រាកដ ដូចជាព្រះព្រឹហស្បត៍ក្រាបទូលថា៖ «បពិតព្រះសម្មតិទេវង្ស! ព្រះរាជបុត្រទាំងឡាយនេះទ្រង់សម្ភពក្នុងមហាត្រកូល ទូលព្រះបង្គំអាចបងៀននិតិសាស្រ្ដទាំងឡាយតាមព្រះរាជបំណងបាន ព្រោះថា៖
- ៤៣ - កិច្ចការអ្វីមួយដែលប្រកបដោយអំពើអិតប្រយោជន៍ ក៏រមែងមិនបានផលសមតាមប្រាថ្នាទេ ដូចជាប្រើវេលាព្យាយាមបង្រៀនសត្វកុក អោយចេះនិយាយដូចសត្វសេកសូម្បីច្រើនរយដងនឹងបានផលក៏អិតអង្គឺមានឡើយ។
- ៤៤ - តែក្នុងមហាត្រកូលបែបនេះ អ្នកគ្មានបុណ្យមិនមកកើតទេប្រៀបដូចអណ្ដូងរ៉ែកើតត្បូងទទឹម ធ្វើម្ដេចឡើយនឹងកើតមានកពា្ចក់?។ ហេតុនេះខ្ញុំព្រះអង្គ សូមទទួលយកព្រះរាជទានអាសាបង្រៀនព្រះរាជកុមារទាំងឡាយនេះត្រឹមតែឆមាសប៉ុណ្ណោះ អោយមានការចេះដឹងនិតិសាស្រ្ដស្ទាត់ជំនាញ។ ព្រះរាជាទើបទ្រង់ត្រាស់តបដោយសុភាពថា៖
- ៤៥ - ដង្កូវឡើងទៅទំនៅលើក្បាលសាធុជនបានព្រោះនៅលាយឡំជាមួយកំរងផ្កា ដុំថ្មដែលអ្នកធំលើកតំកើងហើយក៏ក្លាយទៅជាភាពទេវតាពូកែស័ក្ដិសិទ្ធិ។
- ៤៦ - របស់ទ្រព្យដែលនៅលើកំពូលភ្នំខាងអុទយាទិត្យ តែងបានពន្លឺស្វាងរុងរឿង ព្រោះនៅជិតព្រះអាទិត្យយ៉ាងណាជនហីនជាតិវណ្ណថោក តែងទទួលការចេះជាពន្លឺ ព្រោះនៅជិតលោកអ្នកសប្បុរសយ៉ាងនោះដែរ។
- ៤៧ - អ្នកមានគុណគាប់ តែងដឹងល្អ និង អាក្រក់ អ្នកមានគុណគាប់នោះ បើទៅសេពគប់មនុស្សអាក្រក់ ក៏ត្រលប់ទៅជាអាក្រក់វិញ ដូចស្ទឹងមានទឹកដល់ហើយដោយរសជាតិល្អ លុះហូរចូលទៅដល់សមុទ្រហើយក៏ក្លាយទៅជាមានរសប្រៃផឹកមិនបាន។ ព្រោះហេតុនោះ ខ្ញុំសូមប្រគល់អំណាចដល់លោកជាអ្នកបង្រៀននីតិសាស្រ្ដដល់កូនខ្ញុំ ទ្រង់ត្រាស់ហើយ ទើបប្រគល់រាជអោរសដល់បណ្ឌិតវិសណុសម័ន ដោយសេចក្ដីគោរពក្រៃលែង។
អារម្ភបទ ចប់ប៉ុណ្ណេះ
- (1) បន្ទាត់គំនូស ឬត្រា គឺរស្មីភ្លឺភ្លេកដូចបន្ទាត់ ឬ ត្រាផ្សាយចេញពីពពុះទឹក។
- (2)វិជ្ជាកសាង រឺ ជាអាវុធសំរាប់ប្រហារគ្នាទៅវិញទៅមក
- (3)ការចេះដឹងក្បួនខ្នាត គម្ពីរ ដីកាច្បាប់សំរាប់ប្រតិបត្ដិអោយកើតសេចក្ដីសុខក្សេមក្សាន្ដ ឬ សេចក្ដីចំរើនលោក
- (4)ទីប្រជុំរោងមហោស្រព រីឋានអិស្សរជន
- (5) វំស ប្រែថា រិស្សី រនូត រត ខ្លុយឆ្អឹងខ្នង ខ្សែស្រលាយវង្សជាតិ។ ទីនេះមានសេចក្ដីផ្សេងគ្នា គឺធ្នូរិស្សីនេះ មិនប្រសិទ្ធីក៏មិនពូកែ ធ្នូមានវង្សដូចជាធ្នូព្រះអីសូរ ព្រះរាមជាដើម បើមិនប្រសិទ្ធីមិនពូកែ)
- (6) នៅប្រទេសអិណ្ឌាខាងបេង្គាល់មានពពែមួយពួកគេហៅថា គលស្តនីប្រែថាពពែកដោះនោក)
- (7) យានព្រះនរាយណ៍ ឈ្មោះមហាអហិ) តែងមានដល់ព្រះហរិ
- (8) នាមព្រះនរាយណ៍