ទស្សនៈអ្នកចុះផ្សាយ
ដោយកែ ឈុន

ថ្ងៃសៅរ៍ ទី10.វិច្ឆិកា 2018.ម៉ោង 9:09

    ពេល​ខ្ញុំ​អាន​«រឿង​រាម​កេរ្ដិ៍​ក្នុង​ក្ដី​ស្រមៃ​» របស់​កវី​បណ្ឌិត​យឹម កិច្ចសែ ខ្ញុំ​នឹក​កោដ​សរ​សើរ​វោហា​សាស្ដ្រ​ដ៏​រស់​រវើក​ របស់​លោក​យ៉ាង​ខ្លាំង ព្រោះ​រឿង​នេះ បាន​បង្ហាញ​ការ​ប៉ិន​ប្រសព្វ​ខ្លាំង​ណាស់​​ក្នុង​ការ​តាម​អង្វរ​នារី​ម្នាក់​ដែល​មាន​បេះ​ដូងស្ពឹក​ស្វិត​ស្រពោន​ ស្លាប់​បាត់​បង់​ ឈប់​ទទួល​ក្ដី​ស្នេហ៍​ អស់​ទៅ​ហើយ អោយ​​កំរើក​រញ្ជួយ​ញាប់​ញ័រ​វិញ​បាន​។ មុន​ នឹង​អធិប្បាយ​អំពី​សាច់​រឿង​រាម​កេរ្ដិ៍​ក្នុង​ក្ដី​ស្រ​មៃ ខ្ញុំ​សូម​ធ្វើ​ការ​សិក្សា​ខ្លះ​ៗ​ទៅ​លើ រឿង​រាម​កេរ្ដិ៍​ សិន​។

    រាមកេរ្ដិ៍ គឺ​​ជា​ស្នា​ដៃ​អក្សរ​សិល្ប៍​ដ៏​ល្បី​ល្បាញ​ ​ដែល​​ប្រែ​​ចំលង​​ចេញ​ពី «រឿង​រាមាយណៈ»​ របស់​ឥណ្ឌា ​និពន្ធ​​ដោយ​លោក​​វាល្មិ​កិរវាង​ ហើយ​បាន​ជ្រួត​ជ្រាប​ចូល​មក​ប្រទេស​កម្ពុជា​យើង​ តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​ រឿ​ង​រាមកេរ្ដិ៍​​បានចាត់បញ្ចូលទៅក្នុងកម្មវិធី​សិក្សាថ្នាក់​ទី​១ ទំនើប​ជាតិ​ (ថ្នាក់​ទី​១១​បច្ចុប្បន្ន)​ ​​ផ្នែក​អក្សរ​សិល្ប៍​ខ្មែរ យ៉ាង​ស៊ី​ជំរៅ ហើយ​ល្បីសុះសាយ​រហូត​​ដល់​​ចុង​កាត់​មាត់​ញក​នានា​ ក៏​បាន​ជា​ទី​រាប់​អាន​ ជា​ទី​ពេញ​និយម​ចូល​ចិត្ដ របស់​​ប្រជា​​ជន​ខ្មែរ​ ដែល​​តែង​លើក​យក​រឿង​រាម​កេរ្ដិ៍​ នេះ មក​សំដែង ​ជា​បទ​ល្ខោន​ ឬ និទាន​កំសាន្ត​ក្នុង​ពេល​ទំនេរ​ពីការ​ងារ​ផង​ដែរ​។

    យើង​សង្កេត​ឃើញ​តួ​អង្គ​នីមួយ​ៗ ​នៅ​ក្នុង​រឿង​រាម​កេរ្ដិ៍ សុទ្ធ​សឹង​ជា អច្ឆរិយ​បុគ្គល ខ្លាំង​ពូ​កែ​អស្ចារ្យ ​ព្រះ​រាម​ ព្រះ​លក្សណ៍ ក្របី​ទូភី យក្ស​រាម​សូរ ក្រុងខ ក្រុងរាពណ៍ សូបនខា ទ័ព​ស្វា​ពាលី សុគ្រីព ហនុមាន កាលា​ខ្លួន​ ផ្លែង​សរ​ យ៉ាង​គគ្រឹក​គគ្រេង​។ តាម​ការ​សិក្សា​ក្នុង​ទេវ​កថា​និយម តួ​អង្គ​ព្រះ​រាម គេ​បាន​ចាត់​បញ្ចូល​ទៅក្នុង អវតា​វិស្ណុ គឺ​ជា​អវតា​ ដ៏​សំខាន់​មួយ​រូប នៃ​ការ​បែង​ចែក​អវតា​វិស្ណុ​ទាំង​ឡាយ ដែល​មាន​តួ​នាទី​ ចុះ​មក​កើត​ក្នុង​ឋាន​មនុស្ស​លោក​ ដើម្បី​បង្ក្រាប​សភាវៈ​អាក្រក់​ ដែល​តែង​តែ​បៀត​បៀន​ បំផ្លិច​បំផ្លាញ​ សេច​ក្ដី​សុខ​របស់​មនុស្ស​លោក​។ ការ​ធ្វើ​សង្គ្រាម ​ដុត​នគរ​លង្កា​របស់​​ព្រះ​រាម​ គឺ​ជា​សោក​នាដ​កម្ម​ដ៍​ខ្លាំង​ក្រៃ​ណា​ខ្លាំង ហើយ​វា​កើត​ចេញ​មក គឺ​គ្រាន់​តែ​​ជា​អំពី​កម្ម នៃ​​ការ​ឈ្លោះ​​ដណ្ដើម​ «ស្នេហា» ដណ្ដើម​ស្រី​គ្នា​តែ​ប៉ុណ្ណោះ។ ព្រះ​រាម​ជា​អ្នក​ឈ្នះ​សង្គ្រាម​ទាំង​ស្រុង ហើយ​បាន​នាំ​នាង​សីតា​មក​រួម​រស់​ជា​មួយ​គ្នា​វិញ​។

    បន្ដ​មក គ្រាន់​តែ​នាង​សីតា​គូរ​រូប​ក្រុង​រាពណ៍ ព្រះ​រាម​ក្នក់​ចិត្ដ​ប្រច័ណ្ឌ​នាង​សីតា នឹង ក្រុង​រាពណ៍​យ៉ាង​ខ្លាំង ​រហូត​បញ្ជា​អោយ​ព្រះ​លក្សណ៍​យក​នាង​ទៅ​ប្រហារ​ជីវិត​ ព្រះ​លក្សណ៍​មិន​ដាច់​ចិត្ដ​ប្រហារ​ជីវិត​នាង​សីតា​ទេ​ នាងបានគេចភៀសព្រះ​កាយ​តាម​ព្រៃ​ បាន​ទៅ​ដល់​អាស្រម​អីសី​វិជ្ជ​ប្រិត​វិញ​។ នៅ​ពេល​ដែល​ដឹង​ថា នាង​សីតា​មិន​ស្លាប់​ព្រះ​រាម​ដឹង​ខ្លួន​ខុស​បាន​ទៅ​សុំ​អង្វរ​ករ អោយ​នាង​ជា​នា​ នឹង ​ព្រះ​អង្គ​វិញ នាង​សីតា ​មិន​ព្រម​ជានា​ នឹង ​ព្រះ​រាម​វិញ​ទេ​ រហូត​ព្រះ​រាម​ធ្វើ​ល្បិច​កិច្ច​កល​ចូល​កោដ្ឋ​បញ្ឆោត​នាង​សីតា អោយ​តាម​មក​រក​ព្រះ​អង្គ​ គឺ​ជា​ល្បិច​កិច្ច​កល ដែល​នាង​សីតា​ ចោទ​ថា​ជា​ស្ដេច​អាក្រក់​អិត​ខ្មាស​ ធ្វើ​អោយ​នាង​សីតា​រិត​តែ​ខឹង​ខ្លាំង​ទ្វេ​ឡើង​ទៀត ហើយ​នាង​បាន​រត់​ ទៅ​ដល់​ឋាន​ភជង្គ​នាគ ​ដែល​ស្នេហា​ ព្រះរាម ​នឹង នាង​សីតា​ត្រូវ​បែក​បាក់​យ៉ាង​មិន​អាច​ជានា​គ្នា​វិញ​បាន​។ ត្រង់​នេះ​យើង​ឃើញ​ព្រះរាម​ ដែល​​គេ​ចាត់​ទុក​​ជា ​អវតា​វិស្ណុ​ ដ៏​សំខាន់​ម្នាក់​នោះ​ គឺ​គ្រាន់​តែ​ជា​មនុស្ស​កូន​អ្នក​ស្រុក​ មាន​ស្នេហា​ ចេះ​ស្អប់​ ស្រលាញ់ ​ច្រណែន​ ប្រច័ន្ន​ ឈ្នាននីស​ កោង​កាច​សាហាវ​ទៀត​ផង​។ គិត​សព្វ​ទៅ​ ព្រះរាម ជា​អច្ឆ​រិយៈ​បុគ្គ​ម្នាក់​ ដ៏​ខ្លាំង​ពូ​កែ ធ្លាប់​កម្ទេច​ ពួក​យក្ស​បិសាច​ អោយ​ខ្លប​ខ្ចាច​ចាញ់​រិទ្ធ​ព្រះ​អង្គ​បាន​ តែ​ព្រះ​អង្គ​ បែរ​ជា​មក​ចុះ​ចាញ់​ស្នេហ៍ ស្នេហ៍​ ដែល​​ព្រះ​អង្គ​មិន​អាច​អង្វរ​ករ​អោយ​នាង​សីតា​ព្រម​ជានា ​ស្រលាញ់​ ព្រះ​អង្គ​វិញ​បាន​។

រាមកេរ្ដិ៍ក្នុងក្ដីស្រមៃ

    ព្រះ​រាម​ក្នុង «រឿង​រាម​កេរ្ដិ៍​ក្នុង​ក្ដី​ស្រមៃ»​ មើល​ទៅ​ហាក់​ដូច​ជា មិន​មែន​ជា​អច្ឆ​រិយៈ ​បុគ្គល​ទៀត​ទេ​ តែ​ព្រះ​អង្គ​គឺ​ជា​តួ​អង្គ​ម្នាក់​ ដ៏​ពោរ​ពេញ​ដោយ​សមត្ថ​ភាព​ក្នុង​ការ​ដោះ​ស្រាយ​វិបត្ដ​ស្នេហ៍​ ដែល​បែក​បាក់​គ្នា​កន្លង​ទៅ។ នៅ​ក្នុង​រឿង​នេះ​ យើង​បាន​ស្រមៃ​ឃើញ​ថា​ ដូច​ជា​តួ​អង្គ​ទាំង​ពីរ​ គឺ ព្រះរាមក្ដី នាង​សីតា​ក្ដី ​គឺ​ជា​តួ​យុវ​វ័យ​ស្នេហា​ដ៍​ពោរ​ពេញ​ដោយ​មនោ​សញ្ចេត​នា ​គឺ​ជា​ការ​ចរ​ចា​ស្នេហ៍​មួយ ​ប្រកប​ដោយ​ភាព​ទន់​ភ្លន់​ ដោយ​វោហា​សាស្ដ្រ​យ៉ាង​ប៉ិន​ប្រសព្វ​ របស់​តួ​អង្គ​ប្រុស និង​ តួ​អង្គ​ស្រី​ ពី​ការ​សារ​ភាព​ស្នេហ៍ ដែល​តួ​អង្គ​ស្រី​ខឹង​ងក់​ងរ​ មិន​ព្រម​ជានា​គ្នា​សោះ​ឡើយ​ ខ្ញុំ​សូមដកស្រង់ខ្លះៗដូចតទៅនេះ៖

    «នា​រាត្រី​ពេញបូណ៌មី​ បង​អង្គុយ​សំលឹង​ច័ន្ទថ្លា​ ឃើញ​ហាក់​ដូច​ជា​វង់​ភក្ដ្រ​សីតា​។ បងនិយាយ​រក​ច័ន្ទ​ ហើយ​បបូរ​មាត់​ញញឹម​របស់​អូន​ក៏​ឆ្លើយ​តប​មក​បង​វិញ​ ប្រកប​ដោយ​សោ​ភ័ណ​។ ភ្នែក​ធំ​ខ្មៅ​សើម​ទឹក​ដម​ទាំង​គូ​របស់​​អូន​ សំលឹងមក​បង​ដោយ​ស្នេហ៍វិសិដ្ឋ​ ដូច​ក្នុង​អតី​តកាល​។ បង​ស្រមៃ​ហាក់​ដូច​នៅ​ថ្មីៗ ពេល​សី​តា​អង្អែល​ទ្រូង​បង​នៅ​លើ​សយនា​ រួចហត្ថ​ទាំង​គូ​ មក​ក្រសោប​កាយ​បង​យ៉ាង​រំភើប​ញាប់ញ័រ​។ អូន​ធ្លាប់​យក​ទ្រូង​ដ៏​ល្អ​ក្បំ​មក​ប្រលែង​លេង​លើភក្ដ្រ​បង​ អូន​ធ្លាប់​រំភើប​ញាប់​ញ័រ​ក្រោម​ម្រាម​ដៃ​បបោស​អង្អែល​ថ្នាក់​ថ្នម​ពី​បង​ កាយ​ដ៏​ស្រលូន​ ដែល​​អូនធ្លាប់​ចូល​ចិត្ដ​អោប​បង​ «បី​បម​» ទាំង​អស់​នោះ​ក៏​អូន​កាត់​អាល័យ​បាន​ទៀត​។ បង​សែន​ «ស្រណោះ​ក្លិន​ស្រី​» ស្រណោះ​ «សំដី​ស្រ​ទន់​ពីរោះ​» ពុំ​អាច​ភ្លេច​បាន​ឡើយ​។ សីតាមាស​បង​ បង​ស្រលាញ់​អូន​ខ្លាំង​ពេក​ហើយ​ អូន​មិន​ឃើញ​ មិន​ដឹង​ មិនយល់​ទេ​រឺ​អី​? រឺ មួយ​ក៏អូនចង់​អោយ​បង​ហែក​ទ្រូង​ដូច​ហនុមាន​ ដើម្បី​សំដែងក្ដី​​ស្នេហ៍​ស្មោះ​ជូនអូន? រឺ មួយ​អូន​ចង់​អោយ​បង​ដើរ​លុយ​ភ្លើង​ ជា​សំនង​ចិត្ដ​អូនវិញ​? ប្រាប់​បង​មក​ បង​សុខ​ចិត្ដ​ធ្វើ​ទាំង​អស់​ជូន​អូន​។»

    ទំនាស់​ស្នេហាដែលគូស្នេហ៍មិនអាចជួបគ្នាបាននៅ​ក្នុង​ «រឿង​ទុំទាវ» ទុំ​និង​ទាវ​ បូជា​ជីវិត​ស្នេហា​ស្មោះស្ម័គ្រ បាត់​ជីវិត​ទាំង​ពីរនាក់ អ្នក​ស្រុក​ត្បូង​ឃ្មុំ​ជាប់​ទោស​នៅ​ក្នុង​រឿង​ស្នេហា​ទុំ​ទាវ​ទាំង​អស់​គ្នា​ ដោយ​សារ​ការ​លោភ​លន់​ពន់​ពេក​ពន់​របស់​ដូន​ផាន់​ម្ដាយ​នាង​ទាវ​​។​ ក្នុង «រឿង​កាកី» ជា​រឿង​ស្ដី ពី​ស្រ្ដី​ចិត្ដ​ចើក​សាវា មាន​ប្ដី​មួយ​ហើយ​មួយ​ទៀត មិន​ចេះ​ស្កប់​ស្កល់ ត្រូវ​បាន​ព្រះបាទ​ព្រហ្ម​ទត់​បំបរ​បង់​បណ្ដែត​តាម​ក្បូនចោល​ក្នុង​ទឹក​ទន្លេ​គង្គា​។ ស្នេហា ក្នុង​រឿង​ទុំ​ទាវ​ក្ដី ក្នុង​រឿង​កាកី​ក្ដី​ ជា​ស្នេហា ដ៏​កាច​សាហាវ​ សោក​សៅ​យ៉ាង​ក្រៃ​លែង មិន​មែន​ជា​ក្ដី​ប្រាថ្នា​នៃ​គូស្នេហ៍​ទាំង​ឡាយ​ឡើយ​។​

    នៅ​ក្នុងរឿង​រាម​កេរ្ដិ៍ ​ទំនាស់​ស្នេហា​គឺ​ជា​រឿង​កំប៉ិច​កំប៉ុក​ ដែល​នាង​សីតា​គ្រាន់​តែ​គូរ​រូប​ក្រុង​រាពណ៍​ព្រះ​រាម​កើត​ខឹង​ក្រោធ​ឃោរ​ឃៅ​ប្រច័ណ្ឌ​នាង​នឹង ក្រុង​រាពណ៍​ ហើយ​បញ្ជា​អោយ​គេ​យក​នាង​ទៅ​ប្រហារ​ជីវិត​ចោល​ ដែល​ធ្វើ​អោយ នាង​សីតា ​មិន​ព្រម​ជា​នា​នឹង​ព្រះ​រាម​វិញ​បាន​ឡើយ​ ។ ព្រះ​ធណី​បើក​ផ្លូវ​បញ្ជូន​នាង​ទៅ​ឋាន​ភជង្គ​នាគ​បាត់​ទៅ​ ក៏ជារឿងទោសនៃ​ស្នេហា​មួយ​ដ៏​សែន​សោក​សៅ​យ៉ាង​ក្រៃ​ពេក​ដែរ​។

    រឿង​ស្នេហា​ក្នុង​អតីត​កាល គឺ ស្នេហា​របស់​នាង​ត្រចើល​ដោះ​ក្រាល ដែល​បាន​ឆ្លុះ​បញ្ចាំង​ អំពី​សង្គម​ខ្មែរ​ក្នុងសម័យ​បុរាណ​ដ៏​យូរ​លង់​អោយ​ដឹង​ថា ក៏​មាន​មាតា​បិតា​ក្នុង​ជំនាន់​នោះ ​មិន​បាន​ប្រើ​អំណាច​ផ្ដាច់​ការ បែប​«នំមិនធំជាងនាឡិ» នោះ​ដែរ​ តាដុង​យាយ​ជ័យ​មិន​សុខ​ចិត្ដ​លើក​កូន​ស្រី «នាង​ត្រចើល​ដោះ​ក្រាល» អោយ​ទៅ​ស្ដេច​ផែន​ដី​ទេ គាត់​គោរព​ឆន្ទៈ​របស់​កូន​ស្រី ដែល​បាន​ស្រលាញ់​គ្នា​ជា​មួយ​ព្រាន​ព្រៃ​ប្រមាញ់​វឹង​ស៊ុង​ទៅ​ហើយ ហើយ​ពង្រត់​កូន​ស្រី​អោយ​​ទៅ​រៀប​ការ​ ជា​មួយ​ព្រាន​ប្រមាញ់​វឹង​ស៊ុង ដែល​មាន​ឋានៈ​ត្រឹម​ជា​ព្រាន​ព្រៃ​ម្នាក់​ប៉ុណ្ណោះ។ គឺ​ជា​ស្នេហា​បរិ​សុទ្ធ​ សម​តាម​ប្រាថ្នា ជា​ស្នេហា​បាន​សំរេច​គ្រប់​បែប​យ៉ាង ជា​ស្នេហា​ ដែល​បុរស​ស្រ្ដី​គ្រប់ៗ​គ្នា​តែង​ប្រាថ្នា​ចង់​បាន​។

    ងាក​មើល​រឿងស្នេហា ក្នុង​រឿង​​រាម​កេរ្ដិ៍ក្នុង​ក្ដី​ស្រមៃ​ របស់​បណ្ឌិត​យឹម​កិច្ច​ ក៏ជា​ស្នេហា​មាន​ន័យ​មិនចាញ់រឿង​នាង​ត្រចើលដោះក្រាលដែរ​ ជា​ស្នេហា​មួយ​បង្កប់​ដោយ​មនោ​សញ្ចេត​យ៉ាង​ជ្រាល​ជ្រៅ​ ក្នុង​វោហា​ពោល​ពាក្យ​ស្នេហា​យ៉ាង​ផ្អែម​ត្រជាក់​ មាន​ចល​នា​រស់​វើក​នៅ​ក្នុង​សាច់​រឿង​ហាក់​ឃើញ​តួ​អង្គ​ស្នេហ៍​ទាំង​ពីរ​នាក់ បណ្ដើរ​គ្នា​ត្រសង​ សាក​សង​ចែ​ចូវ​គ្នា ងក់​ងរ​ដាក់​គ្នា ​ចែ​ចង់​គ្នា ​ដូច​យុវ​វ័យ​ស្នេហ៍​គ្រា​ដំបូង​។ ជា​ទំនាស់​ស្នេហា​មួយ​មាន​ភាព​ស្វិត​ស្វាញ​ តាន​តឹង ​ណែន​អោរ៉ា​ ទោ​ទន់​កាយ​ ក្នុង​អន្លង់​សេ្នហ៍​ដ៏​ជ្រាល​ជ្រៅ​សែន​ជ្រៅ​។