វគ្គទី១៦
ជីវិតថ្មី
ថ្ងៃសៅរ៍ ទី10.មេសា 2021.ម៉ោង 18:13

    ខ្ញុំ​ដឹង​ខ្លួន​ប្រាណ​ឡើង​វិញ​ ក្នុង​ខណ​ដែល​ខ្ញុំ​ដេក​ នៅ​លើ​អិដ្ឋ​ជិត​គ្រែ​ក្នុង​បន្ទប់ដេក​របស់​ខ្ញុំ​... ខ្ញុំសំឡឹង​មើល​ពិតាន​ មើលជញ្ជាំង​ មើល​ទ្វារ​បន្ទប់។ ខ្ញុំ​ក៏​នៅ​ចាំ​បាន​យ់ាង​ពិត​ប្រាកដ​ថា បន្ទប់​នេះ​ ជាបន្ទប់​​ដែល​ខ្ញុំ​ធ្លាប់​ដេក​មក​តាំង​ពី​ដើម​... នេះ​ ខ្ញុំ​ស្រមៃ​ ឬ យល់​សប្ដិ​?... វា​អាច​ដូច្នោះ​បាន​ ឬ ដែល​ខ្ញុំ​សន្លប់​បាត់​ស្មា​រតី​តាំង​ពី​ពេល​ឡើង​ជិះ​រថ​យន្ដ​ពី​ចំណត​អាកាស​​យាន​ពោធិ​ចិន​តុង​?...? នេះ​ជា​រឿង​ដែល​ពុំ​គួរ​ជឿ​សោះ​ឡើយ​... ខ្ញុំ​ប្រហែល​ជា​ស្រមៃ​ ឬ យល់​សប្ដិ​ទេ​មើល​ទៅ​?...

    ខ្ញុំ​ខំធ្មេច​ភ្នែក​ទៅ​វិញ​ ដោយ​គិត​ថា​ ប្រសិន​បើ​ខ្ញុំ​ស្រមៃ​ ឬ ក៏​យល់​សប្ដិ​ ក៏​ទុក​ឲ្យ​វា​ស្រមៃ​ ឬ យល់​សប្ដិ​ត​ទៅ​ទៀត​ចុះ​... ប៉ុន្ដែ​នេះ​ ខ្ញុំ​ពុំ​មែន​ជា​ស្រមៃ​ ឬ យល់​សប្ដិ​អ្វី​ទេ​.. ខ្ញុំ​កំពុង​ភ្ញាក់​ដឹង​ខ្លួន​ហើយ​បើក​ភ្នែក​ស្រស់​ៗ​ទេតើ​...

    ខ្ញុំ​ស្ទុះ​ក្រោក​ឡើង​ ហើយ​ពិនិត្យ​មើល​សព៌ាង្គ​កាយ​ ក៏​ឃើញ​នៅ​ស្រួល​ដូច​ដើម​ គ្មាន​ស្លាក​ស្នាម​អ្វី​... ខោ​អាវ​ ដែល​ខ្ញុំ​ស្លៀក​ពាក់​ទៀត​សោត​ ក៏​ស្អាត​បាត​.. ខ្ញុំ​ពិនិត្យ​មើល​បន្ទប់​ម្ដង​ទៀត​ ក៏​ឃើញ​ថា​ជា​បន្ទប់​របស់​ខ្ញុំ​ពិត​ប្រា​កដ​មែន​.. តែ​បន្ទប់​នោះ​ឥឡូវ​នេះ​ មាន​ការ​ប្លែក​ពី​រយ៉ាង​គឺ​ ម្យ៉ាង​បង្អួច​​ដែល​ពី​ដើម​គ្មាន​ចំរឹង​ដែក​ ឥឡូវ​មាន​ចំរឹង​ដែក​យ៉ាង​មាំ​ទាំ​ ហើយ​ម្យ៉ាង​ទៀត​ក្នុង​បន្ទប់​នោះ​ ពីមុន​មាន​គ្រឿង​តាំង​ជា​ច្រើន​ តែ​ឥឡូវ​នេះ​បាត់​អស់​រលីង​ ពុំ​ដឹង​ជា​អ្នក​ណា​យកទៅ​ណា​អស់​...

    ខ្ញុំ​ដើរ​តម្រង់​ទៅ​មាត់​ទ្វារ​ ដើម្បី​បើក​ចេញ​ទៅ​ខាង​ក្រៅ​ តែ​ទ្វារ​នោះ​ត្រូវ​បិទសន្ធប់​ជិត​ជាប់​ ដែល​មើល​ទៅ​ដូច​ជា​មាន​ចាក់សោ​ ឬ ដាក់កន្លឹះ​ភ្ជាប់​ពី​ខាង​ក្រៅ​។ ខ្ញុំ​ដើរ​ទៅ​​ត្រង់​មាត់​បង្អួច​ ហើយ​សំឡឹង​មើល​សួន​ច្បារ​នៅ​ក្នុងបរិវេណ​ផ្ទះ​ ក៏​ឃើញ​មាន​លក្ខណ​ដូច​ដើម​។ នេះ​ជា​អ្វី​? ជា​ផ្ទះ​របស់​ខ្ញុំ​ ឬ ពុំ​មែន​ទេ?​ នេះ​ពិត​ជា​ផ្ទះ​របស់​ខ្ញុំ​ ផ្ទះ​របស់​ឪពុក​ម្ដាយ​ខ្ញុំ​ តែ​អ្វី​គ្រប់​បែប​យ៉ាង​ មើលទៅ​ដូច​ជា​មាន​សភាព​ទ្រុឌ​ទ្រោម​ជាង​មុន​។ ដើម​ឈើ​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ តូច​ៗ​ពី​មុន​មក​ ឥឡូវ​នេះ​វា​ក៏​ស្ទុះ​ធំ​សន្ធឹក​។ សភាព​យ៉ាង​នេះ ដូច​ជា​ពុំ​ជឿ​ថា​ គ្រាន់​តែ​ពេល​ជាង​បី​ឆ្នាំ​ដែល​ខ្ញុំ​ពុំ​នៅ​ប៉ុណ្ណោះ​ ផ្ទះ​នេះ​ក៏​ទ្រុឌ​ទ្រោម​ហើយ​ដើម​ឈើ​ក៏​ធំ​ដល់​ប៉ុណ្ណោះ​សោះ​ឡើយ​។

    ខ្ញុំ​ក៏​ដើរ​ទៅ​រក​មាត់​ទ្វារ​ម្ដង​ទៀត​។ ខ្ញុំ​គោះ​ទ្វារ​ប៉ូក​ៗ​ ច្រើន​ដង​ ហើយ​ក៏​ចាំ​ស្ដាប់​មើល​ថា​ មាន​អ្នក​ណា​មក​បើក​ទ្វារ​ដែរ​ ឬ​ គ្មាន​។
- ប៉ា! ប៉ា! សំលេង​នេះ​ ជា​សំលេង​ក្មេង​ស្រី​ តែ​ខ្ញុំ​ក៏​ពុំ​ដឹង​ថា​ ជា​សំលេង​​អ្នក​ណា​ ហៅ​អ្នក​ណា​ឡើយ​ លោក​ពូ​គោះ​ទ្វារ​ទៀត​ហើយ​!...
- ស្រេច​ នឹង ​វាទៅ​ចុះ​ (នេះ​ជា​សំលេង​ឆ្លើយ​ឡើង​ ជា​សំឡេង​ដែល​ខ្ញុំ​ល្មម​នៅ​ចាំ​បាន​ថា ជា​សំលេង​បង​ប្រុស​របស់​ខ្ញុំ​) កុំ​រវល់​អី​ នឹង​ វា​!..
    ខ្ញុំ​គោះ​ប៉ូក​ៗ​ ម្ដង​ទៀត​ ហើយ​ម្ដង​នេះ​ ខ្ញុំ​គោះ​​ខ្លាំង​ នឹង យូរ​ជា​ង​មុន​។
- ប៉ា! ប៉ា! (ខ្ញុំ​បាន​លឺ​សំលេង​ដដែល​នោះ​ទៀត)។ មួយ​សន្ទុះ​​ក្រោយ​មក​ ខ្ញុំ​ក៏​បាន​លឺ​សំលេង​បង​ប្រុស​របស់​ខ្ញុំ​ដែល​និយាយ​ប្រប​ នឹង​ មាត់​ទ្វារ​ថា៖
- គ្រាន់បើ​បួន​ដប់​ថ្ងៃ​មក​ហើយ​ ចុះ​ឥឡូវ​វា​យ៉ាង​ម៉េច​ទៀត​ហើយ​...
- ខ្ញុំ​គោះ​ទ្វារ​ទៀត​។ បងប្រុស​របស់​ខ្ញុំ​ក៏​ចាក់​សោ​បើក​ទ្វារ​ចូល​មក​។
    នេះ​ជា​បង​ប្រុស​របស់​ខ្ញុំ​ពិត​ប្រា​កដ​មែន​ តែ​ដូច​ជា​ចាស់​ជាង​មុន​ លោក​ឈរ​នៅ​ត្រង់​មាត់​ទ្វារ​សំឡឹង​មើល​មុខ​ខ្ញុំ​ មួយ​សន្ទុះ​ទើប​និយាយ​ថា៖
- ហ៎ ចុះ​ក្បាល​អូន​ឯង​ទៅ​ប៉ះ​ នឹង ស្អី​ទៀត​ហើយ​?
    តាម​ពិត​ខ្ញុំ​ក៏ដូច​ជា​ដឹង​ថា​ ឈឺ​ត្រង់​ក្បាល​បន្ដិចៗ​ដែរ​ តាំង​ពី​ពេល​ភ្ញាក់​ពី​ដេក​។ លុះ​បង​ប្រុស​ខ្ញុំ​និយាយ​ដូច្នោះ​ ខ្ញុំ​ក៏​យក​ដៃ​ស្ទាប​ក្បាល​មើល ឃើញ​មាន​ឈាម​ប្រឡាក់​ដៃ​។
   - ឯង​បាន​គ្រាន់​បើ​បួន​ដប់​ថ្ងៃ​ហើយ​ (បង​ប្រុស​ខ្ញុំ​និយាយ​ឡើង​ទៀត​) ចុះ​ឥឡូវ​យ៉ាង​ម៉េច​ទៀត​ហើយ​...
    ខ្ញុំ​ពុំ​ឆ្លើយ​អ្វី​! ព្រោះ​ខ្ញុំ​ឋិត​នៅ​ក្នុង​សភាព​សង្ស័យ​ ដែល​មើល​ទៅ​ដូច​ជា​ឃើញ​លាំង​ៗ​ថា ហេតុ​ការណ៍​ដូចម្ដេច​ខ្លះ​?... ខ្ញុំ​អាច​ក្លាយ​ខ្លួនទៅ​ជា​មនុស្ស​វិកល​ចរិត​អស់​ពេល​ច្រើន​ឆ្នាំ​ក៏​ពុំ​ដឹង​? ខណ​នោះ​ បង​ប្រុស​ខ្ញុំ​បាន​យក​ថ្នាំ​ និង សំឡី​មក​លាប​ហើយ​បិទ​ឲ្យ​ខ្ញុំ​។
- បង! (ខ្ញុំ​មិយាយ​ដោយ​ខំ​ធ្វើ​សំឡេង​ឲ្យ​បាន​ដូច​ធម្មតា​) ខ្ញុំ​កើត​អី​ ឬ បង​?
- ក្បាល​របស់​ឯង​បែក​! (បង​ខ្ញុំ​ឆ្លើយ​) អូន​ឯងប្រហែល ជា​យក​ក្បាល​ទៅ​ជល់​ នឹង​ គ្រែ​ហើយ​មើល​ទៅ​ បាន​ជាវាបែក​អញ្ចឹង​
- ចុះ​ប៉ា​អញ្ជើញ​ទៅ​ណា​?
- ចេះ​តែ​សួរ​ដដែល​ៗ​ ប្រាប់​ស្ទើរ​រេច​មាត់​ហើយ​ថា​ លោក​ប៉ា​ស្លាប់​យូរ​ណាស់​ហើយ​ នៅ​តែ​សួរ​ទៀត​
- លោក​ស្លាប់​ប៉ុន្មាន​ឆ្នាំ​ហើយ​?
- ចុះ​បង​ឯង​យក​ខ្ញុំ​មកពីបាង​កក​ប៉ុន្មាន​ឆ្នាំ​ហើយ​?
លុះ​ខ្ញុំ​សួរ​រឿង​នេះ​ បង​ប្រុស​ខ្ញុំ​ ក៏​សំឡឹង​មើល​មុខ​ខ្ញុំ​ ហើយ​លើក​ដៃ​មក​អង្អែល​ស្មា​ខ្ញុំ​។
- អូន​! អូន​ឯង​ជា​ហើយ​ ឬ?
- ចុះ​ខ្ញុំ​មាន​ឈឺ​អី​បង​?
- អូន​ឯង​ឆ្កួត​អស់​ពេល​បី​ឆ្នាំ​មក​ហើយ​
- ចាប់​ផ្ដើម​ឆ្កួត​​តាំង​ពី​ពេល​ណាបង?
   - តាំង​ពី​ពេល​ចុះ​ពី​យន្ដ​ហោះ​ ពេល​នោះ​អូន​ឯង​ដួល​ ប៉ះ​ក្បាល​ទៅ​ នឹង ទ្វារ​ឡាន​ ហើយ​សតិ​ក៏​វិបល្លាស​ផ្ដេស​ផ្ដាស​អស់​ ប៉ា​ និង បង​ព្រម​ទាំង​ប្អូនៗ​ទាំង​អស់​ខំ​មើល​អូន​ឯង​យ៉ាង​ណា​ក៏​ពុំ​ជា​ ចុះ​ឥឡូវ​ម៉េច​ក៏​អូន​ឯង​បាន​ជា​ដូច​ដើម​វិញ​អញ្ចឹង​?
   - ពុំ​ដឹង​ជា​យ៉ាង​ម៉េច​ទេ​បង​ ប្រ​ហែល​ដោយ​សារ​ខ្ញុំ​ដួល​ប៉ះ​ក្បាល​ទៅ​ នឹង គ្រែ​ សរសៃ​ខួរ​ក្បាល​ក៏​ត្រឡប់​ចូល​ទៅ​កន្លែង​ដើម​វិញ​មើល​ទៅ​
   - អើ​! ប្រហែល​ជា​អញ្ចឹង​មែន​ហើយ​មើល​ទៅ​
   ខ្ញុំ​ជឿ​ពិត​ប្រាកដ​ថា​ដូច្នេះ​មែន​ បានជា​ខ្ញុំ​ជា​សះ​ស្បើយ​។ ខ្ញុំ​ធ្លាប់​បាន​អាន​សៀវ​ភៅ​ផ្សេងៗ​ ហើយ​ខ្ញុំ​ធ្លាប់​​បាន​ចួប​ប្រទះ​ នឹង ​ករណី​យ​ដូច​គ្នា​ នឹង ខ្ញុំ​។ មនុស្ស​ជា​លា​ធម្មតា​ បើ​ក្បាល​ទៅ​ប៉ះ​ទង្គិច​ នឹង អ្វី​ខ្លាំង​ ឬ ក៏​ត្រូវ​គេ​វាយ​ខ្លាំង​ សរសៃ​ខួរ​ក្បាល​ក៏​កំរើក​ឃ្លាត​ចេញ​ពី​កន្លែង​ដើម​ ហើយ​មនុស្ស​នោះ​ក៏​ឆ្កួត​ល្ងី​ល្ងើ​លែង​ដឹង​អ្វី​ ក្លាយ​ទៅ​ជា​នុស្ស​មាន​សតិ​វិបល្លាស​ ប៉ុន្ដែ​បើ​ក្បាល​អ្នក​នោះ​ទៅ​ប៉ះ​ទង្គិច​អ្វី​ម្ដង​ទៀត​ ហើយ​គាប់​ចួន​វា​ប៉ះ​ទង្គិច​ត្រូវ​ត្រង់​កន្លែង​ចាស់​នោះ​ ក៏​អាច​ធ្វើ​ឲ្យ​សរសៃ​ខួរ​ក្បាល​ដែល​កំរើក​​ឃ្លាត​ចេញ​ទៅ​នោះ​ ត្រឡប់​ចូល​មក​ត្រង់​កន្លែង​ដើម​វិញ​ ហើយ​អ្នក​នោះ​ក៏​ត្រឡប់​ជា​ បានជា​លា​ដឹង​ខ្លួន​ប្រាណ​តាមធម្មតា​ ឬ​ ក៏​មាន​សភាព​ជា​ប្រ​ក្រតី​ដូច​ដើម​វិញ​។ ឯព្រិត្ដិ​ការណ៍​របស​ខ្ញុំ​ក៏​មុខ​ជា​ដូច្នោះ​ដែរ។
- ចុះ​សំឡេង​ក្មេង​ស្រី​ដែល​ស្រែក​ហៅ​បង​អម្បាញ់មិញ​នេះ​ជា​សំឡេង​អ្នក​ណា​?
- អាឡា​! (បង​ប្រុស​របស់​ខ្ញុំ​ឆ្លើយ) ក្មួយ​របស់​អូន​ឯង​ហ្នឹង​ណ៎ា!
- មើល៍​! សុំ​មើល​មុខ​បន្ដិច​មើល៍។

    បងប្រុសខ្ញុំ​ បាន​នាំ​ខ្ញុំ​ចេញទៅ​ខាង​ក្រៅ​ ខ្ញុំ​បានចួប​ នឹង មនុស្ស​ជា​ច្រើន​ ដែល​ខ្ញុំ​អាច​ស្គាល់​បាន​ភ្លាម​ថា​ ជា​ក្មេង​ដែល​ខ្ញុំ​ធ្លាប់​បានឃើញ​កាល​ពី​នៅ​តូចៗ​។ ខ្ញុំ​វិកល​ចរិត​អស់​ពេល​បី​ឆ្នាំ​។ ខ្ញុំ​គិត​ថា​ បើ​ពួក​ក្មេង​ៗ​ ដែល​ត្រូវ​ជា​ក្មួយ​របស់​ខ្ញុំ​ វាធំ​ប៉ុណ្ណេះ​ទៅ​ហើយ​ ម៉្លេះ​សម​កូន​របស់​ខ្ញុំ​ ក្នុង​ពេល​នេះ​ក៏​ធំក្រែល​ដែរ​ ព្រោះ​បើ​គិត​មក​ដល់​ថ្ងៃ​នេះ​ យូរ៉ា​ ត្រូវ​មាន​អាយុ​បី​ឆ្នាំ​ប្រាំ​បី​ខែ​ហើយ​។ ឯយូរ៉េត​ ដែល​ខ្ញុំ​នឹក​ដល់​មុន​គេ​ នៅ​ពេល​ដែល​ខ្ញុំ​បាន​ដឹង​ខ្លួន​ប្រាណ​ឡើង​វិញ​នោះ​ ឥឡូវ​នេះ​នាង​មាន​អាយុ​ ២៧ឆ្នាំ​។ ការ​នេះ​ដូច​ជា​ពុំ​គួរ​ជឿ​ថា នឹង ប្រព្រឹត្ដ​ទៅ​ដូច្នេះ​សោះ​ឡើយ​ ព្រោះ​ខ្ញុំ​ដូច​ជា​នៅ​ចាំ​ថ្មី​ៗ​ថា​ ពី​ម្សិល​មិញ​នេះ​ឯង​ ដែល​ឪពុក​ខ្ញុំ​ និង បង​ប្រុស​ខ្ញុំ​ បាន​បង្ខិត​បង្ខំ​ខ្ញុំ​ឲ្យ​ឡើង​ជិះ​យន្ដ​ហោះ​ ហើយ​បាន​អាន​សារព៌ត​មាន​ ដែល​ផ្សាយ​​ នូវ ដំណឹង​ នៃ ការ​ស្លាប់​របស់​ខ្ញុំ​ ដែល​ខ្ញុំ​នៅ​ចាំយ៉ាង​​ជាក់​ច្បាស់​។

- ឆ្នាំ​នេះ គ.ស. ប៉ុន្មាន​? (ខ្ញុំ​សួរ)
- ឆ្នាំ​ ១៩៦២ (បង​ប្រុស​ខ្ញុំ​ឆ្លើយ​) ឆ្នាំ​នេះ​សមាគម​អ្នក​និពន្ធ​ខ្មែរ​កំពុង​តែ​ប្រកាស​បើក​សម័យ​ប្រឡង​ ប្រជែង​អក្សរ​សាស្ដ្រ​ ឈ្មោះ​រង្វាន់​អី​ទេ?
- រង្វាន់​ឥន្ទ្រ​ទេវី​ លើក​ទី​២
ខ្ញុំ​ដូច​ជា​ព្រឺ​ខ្លួនខ្ញាក​ ព្រោះ​ខ្ញុំ​ចង់សរសេររឿង​រ៉ាវ​របស់​ខ្ញុំ​យក​ទៅប្រឡង​ប្រជែង​។​​
- បង (ខ្ញុំនិយាយ) ខ្ញុំ​ដូច​ជា​ចង់​សរសេរ​រឿង​រ៉ាវ​របស់​ខ្ញុំ​យក​ទៅប្រឡង​ប្រជែង​ នឹង​ គេដែរ​!...
- ល្អ​ហើយ​អូន បង​ជឿ​ជាក់​ថា​ បើ​អូន​សរសេរ​ដាក់​បាន​ មុខ​ជា​បានទទួល​រង្វាន់​លេខ​១​ ខាង​ផ្នែក​ប្រលោម​លោក​ជា​ពុំខាន​។
- តែក្រែង​ពុំ​ដល់​គេ​ណ៎ា​បង​! ព្រោះ​អ្នក​និពន្ធ​ដែល​មាន​ឈ្មោះ​ល្បី​ច្រើន​ណាស់​។
   - ទេ! មិនមែន​ទេ! បង​ជឿ​ជាក់​ថា​ អ្នកទាំង​នោះ​សរសេរ​មិន​ឈ្នះ​អូន​ទេ​ ព្រោះ​គេ​គ្រាន់​តែ​ជា​អ្នក​និពន្ធ​ ដែល​​ប្រឌិត​រឿង​រ៉ាវ​​ឡើង​តែ​ប៉ុណ្ណោះ​ ឯអូន​វិញ​ ពុំ​មែនរឿង​តាមមនោ​គតិ​ទេ អូន​សរសេរ​ទៅ​តាម​រឿង​រ៉ាវ​ពិត​ នៃ ជីវិត​របស់​អូន​ឯង​ បង​ជឿ​ជាក់​ថា​ រឿង​របស់​អូន​ឯង​មុខ​ជា​ឈ្នះ​គេ​ទាំង​អស់​យ៉ាង​ពិត​ប្រា​កដ​ ព្រោះ​អូន​មាន​ឈ្មោះ​ល្បី​​ខាង​សរសេរ​ ពីរោះ​ហើយ​មាន​ន័យ​ សូម្បី​តែ​អត្ថ​បទ​កាសែត​ «ឈាម​ខ្មែរ​» «កម្ពុជា» សង្គម​រាស្ដ្រ​និយម​ អ្នក​ជាតិ​និយម​។ល។ ដែល​អូន​បាន​សរសេរ​ផ្សាយ​ ក៏​មហា​ជន​ទូ​ទៅ​ និយម​អាន​ ហើយ​សសើរ​ពុំ​ដាច់​មាត់​ ហើយ​ម្យ៉ាង​ទៀត​ អូន​ធ្លាប់​មាន​ថ្វី​ដៃ​ផង​ ដូច​ជា​កាល​ឆ្នាំ​ ១៩៥៧​ ក្នុង​ឱកាស​ពិធី​បុណ្យ​រំលឹក​ ២៥០០​វស្សា​ នៃ ព្រះពុទ្ធ​សាសនា​ អូន​បាន​ប្រឡង​ជាប់​ បាន​រង្វាន់​ម្ដង​រួច​ទៅ​​ហើយ​។ សរសេរ​ទៅ​អូន។
    ខ្ញុំ​អង្គុយ​គិត​ ខ្ញុំ​បាន​សំរេច​ចិត្ដ​ថា​ ត្រូវ​សរសេរ​រឿង​នេះ​យក​ទៅ​រួម​ការ​ប្រឡង​ប្រជែង​ ប៉ុន្ដែ​ដើម្បី​ឲ្យ​រឿង​នេះ​មាន​សភាព​ច្បាស់​លាស់​ពីរោះ​ពិសា​ ខ្ញុំត្រូវ​ទៅ​រកប្រពន្ធ​ និង កូន​របស់​ខ្ញុំ​សិន​ ដើម្បី​បន្ថែម​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម​។
   - ខ្ញុំ​គិត​ថា ឥឡូវ​នេះ​ប្រពន្ធ​ និង កូន​របស់​ខ្ញុំ​ ពុំ​ដឹង​ជា​យ៉ាង​ណា​ទៅ​ហើយ​។ តាម​ព្រឹត្ដិ​ការណ៍​ក្នុង​គ្រួ​សារ​ ឃើញ​ថា​មាន​សភាព​ស្រួល​ជាង​មុន​ តាម​សេចក្ដី​សង្កេត​របស់​ខ្ញុំ​ ឃើញ​ថា​ ពេល​នេះ​ បង​ប្រុស​ខ្ញុំ​ ក៏​មាន​ចិត្ដ​អាណិត​អាសូរ​ចំពោះ​ខ្ញុំ​ជា​ខ្លាំង​។ នៅ​ពេលដែល​ខ្ញុំ​បាន​ដឹង​ខ្លួន​ប្រាណ​ឡើង​វិញ​ លោក​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា ឪពុក​ខ្ញុំ​បាន​ចែក​ទ្រព្យ​សម្បត្ដិ​ឲ្យ​ខ្ញុំ​ជា​ច្រើន​ ហើយ​បង​ខ្ញុំ​បាន​កាន់​កាប់​ថែ​រក្សា​ជំនួស​ខ្ញុំ​រហូត​មក​ដល់​សព្វ​ថ្ងៃ​។