ជំពូកទី២
វគ្គទី៧
ការក្បត់ជាតិរបស់​ខ្ញុំ
ថ្ងៃសៅរ៍ ទី30.មករា 2021.ម៉ោង 12:28

    នៅ​ក្នុង​ការិយា​ល័យ​ដ៏​ធំ​ទូលាយ​ តុប​តែង​ដោយ​តុ​ទូ​យ៉ាង​ទំនើប​ៗ​ ឯក​ឧត្ដម ឧត្ដមសេនីយ​ ទេស​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ប្រ​ទេស​ កំពុង​ពិនិត្យ​សំណុំ​រឿង​ផ្សេង​ៗ​ ដែល​គរ​ជា​គំនរ​នៅ​លើ​តុ​របស់​ឯក​ឧត្ដម​។ មួយ​ស្របក់​ ឯឧត្ដម​បាន​ចាត់​ការ​អស់​ ហើយ​ក្រោក​ដើរ​ចុះ​ឡើង​ ក្រពាត់​ដៃ​ទៅ​ក្រោយ​ ដូច​ជា​កំពុង​ត្រិះរិះ​គិត​សំរេច​ការ​អ្វី​ដ៏​ធំ​មួយ​។ ដំណើរ​ដំរី​ជា​សក្ខី​ភាព​នៃសតិ​ នឹង​ ន​ និង​ ជំហរ​រឹង​ប៉ឹង​... សភាព​សក់​ខ្មៅ​រួញ​ កាត់ឡុង​សុង​បូរាណ​ វែក​ឆោវ​ចំ​កណ្ដាល​ ជា​គ្រឿង​សំគាល់​ពូជ​ខ្មែរ​បូរាណ​មក​ពី​កម្ពុជ ជាអ្នក​ចាស់​ទុំ​។ ថ្ងាស​ទូលាយ​ សំគាល់​ថា​ ជា​អ្នក​ប្រាជ្ញ​មាន​ចិត្ដ​ទូលាយ​។ ចញ្ចើម​ក្រាស​ហើយ​ធំ​ សំគាល់​ថា​ ជា​អ្នក​ក្លាហាន​។ ភ្នែក​រង្វង់​ព្នាយ​ សំគាល់​ថា​ ជា​អ្នក​មាន​ចិត្ដ​មេត្ដា​។ រោម​ភ្នែក​វែង​ហើយ​ងឡើង​លើ​ សំគាល់​ថា​ ជា​អ្នកមាន​ប្រាជ្ញា​ដោះ​ខ្លួន​។ ច្រមុះ​ខ្ពស់​រន្ធ​ធំ សំគាល់​ថា ជា​អ្នក​ចិត្ដ​មុត​។ រង្វះ​មាត់​មាន​រឹម​ជុំ​វិញ​ ហើយ​ញញឹម​ជាប់​ សំគាល់​ថា​ ជា​អ្នក​មាន​ចិត្ដ​ទូលាយ​ និង ករុណា​។ ធ្គាម​ខ្លា​ ចង្កា​ទ្រាយ​រទេះ​ សំគាល់​ថា ជា​ជន​មាន​បុណ្យ​ និង ចិត្ដ​ក្លាហាន។

    ដើរ​ចុះ​ឡើង​មួយ​ស្របក់​ ក៏​ត្រលប់​ទៅ​អង្គុយ​នៅ​ការិយា​ល័យ​វិញ​ ហើយ​ហូត​ថត​តុ​ទាញ​យក​ក្រ​ដាស​មួយ​ មក​ឈ្ងោក​ពិនិត្យ​ពិច័យ​ ហាក់​ដូច​​ជាមាន​វត្ថុ​ធាតុ​អ្វី​មួយ​អាច​ស្រូប​ទាញ​ នូវ សតិ​អារម្មណ៍​ របស់​ឯក​ឧត្ដម​ឲ្យ​សំលឹង​មើល​ស្ទើរ​តែ​មិន​ព្រិច​ភ្នែក​។ ក្នុង​ខណ​មួយ​រំពេច​នោះ​ ឯក​ឧត្ដម​ក៏​បាន​ងើប​មុខ​ឡើង​ដោយ​ការៈ​អន្ទះ​អន្ទែង​ ព្រោះ​ការ​ពិបាក​ចិត្ដ​ បែប​ទន្ទឹង​ចាំ​អ្វី​មួយ​ ដែល​ឯក​ឧត្ដម​បាន​តំរូវ​។

    នាឡិ​កា​បាន​វាយ​ម៉ោង​ ១០ ឯកឧត្ដម​ចុច​កណ្ដឹង​ លោក​អនុសេនីយឯក​ សំរេច​ បាន​ចូលមក​ដល់​។
- ឃើញ​លោក ហង្ស ​ចំរើន ​មក​រឺទេ?(ឯកឧត្ដម​បាន​សួរ​)
- ប្របាទ​ម្ចាស់​ លោក​វរសេ​នី​​យ​ត្រី​ ហង្ស​ ចំរើន​ អញ្ជើញ​មក​ ហើយ​​លោក​​នៅ​ខាង​ក្រៅ​ (អនុ​សេនីយ​ឯក​សំរេច​​បាន​​ឆ្លើយ​​​)
- អញ្ជើញ​លោក​ចូលមក​។
   លោក​អនុសេនីយ​ឯក​សំរេច​ ក៏​ចេញ​ទៅ​អញ្ជើញ​លោក​ វរសេនីយ​ត្រី​ ហង្ស​ ចំរើន​។
   ឯក​ឧត្ដម​ បឺត​បារី​ រង់​ចាំ​ដោយ​ទឹក​មុខ​ញញឹម​ ដើម្បី​ទទួល​មេ​ក្រុម​ចារ​កម្ម ដែល​ត្រូវ​នាំ​នាយ​ទាហាន​មួយ​រូប​មក​ជូន​ឯក​ឧត្ដម​ស្គាល់​មុខ​។
   ក្នុង​ពេល​បន្ទាប់​នោះ​ លោក​វរសេនីយ​ត្រី​ហង្ស​ ចីរើន​ ក៏​បាន​ចូល​មក​ដោយ​បាន​នាំ​ទាំង​សហ​ការី​របស់​លោក​ម្នាក់​ គឺ​រូប​ខ្ញុំ​ ទៅ​ជួប​ឯក​ឧត្ដម​ទេស​រដ្ឋ​មន្ត្រី​។
    លោក​ឧត្ដម​សេនីយ​ ទទួល​សោក​វរ​សេនីយ​ត្រី និង ខ្ញុំ​យ៉ាង​រាក់​ទាក់​ ដោ​ទឹក​មុខ​ញញឹម​។ ក្រោយ​ពេល​បាន​គោរព​ចំពោះ​ឯក​ឧត្ដម​ និង អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ​ លោក​វរសេនីយ​ត្រី​ ហង្ស​ ចំរើន​ ក៏​បាន​ចាប់​ផ្ដើម​និយាយ​ជំរាប​លោក​ឧត្ដម​សេនីយ​ ពី​គុណ​សម្ប័ទ​របស់​ខ្ញុំ​។
   - ឯកឧត្ដម​ (លោកវ​សេនីយ​ត្រី​ ហង្ស ចំរើន​និយាយ​) សហ​ការី​ខ្ញុំ​ ប្របាទ​ម្ចាស់​មួយ​រូប​នេះ​ឈ្មោះ​(ឈ្មោះ​ខ្ញុំ) ដែល​ខ្ញុំ​ប្រាប់​ប្រ​បាទ​ម្ចាស់​បាន​ជ្រើស​រើស​ពី​ចំណោម​នាយ​ទាហាន​ជា​ច្រើន​ ព្រោះ​ជានាយ​ទាហាន​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ប្រ​បាទ​ម្ចាស់​ទុក​ចិត្ដ​ទុក​ថ្លើម​អស់​ពី​ពោះ​។
   - ខ្ញុំ​ក៏​បាន​សង្កេត​ឃើញ​ដូច​លោក​ដែរ​ (ឯក​ឧត្ដម​មាន​ប្រសាសន៍​ហើយ​ដើរ​មក​អង្អែល​ស្មា​ខ្ញុំ​) លោក​ស័ក្ដិ​ពីរ​! លោក​ជា​យុវ​ជន​ខ្មែរ​មួយ​រូប​ ដែល​ស្ម័គ្រ​ចិត្ដ​ចូល​បំរើ​ផែន​ដី​ លោក​ជា​នាយ​ទាហាន​ដ៏​ប្រសើរ​ មានចរិត​ទន់​ភ្លន់​ មាន​រិកពា​ដែល​គួរ​ឲ្យខ្ញុំ​ទុក​ចិត្ដ​ សម​ដូច​ពាក្យ​លោក​វរសេនីយ​ត្រី​បាន​និយាយ​ប្រាប់​ខ្ញុំ​មែន​ ហើយ​ខ្ញុំសង្ឃឹម​ថា​ មាន​តែ​លោក​ម្នាក់​ទេ​ដែល​អាច​បំពេញ​ នូវ​ បេសកកម្ម​ដ៏​ ពិបាក​ជូន​ប្រ​ទេស​ជាតិ​ឲ្យ​សំរេច​បាន​។
    លោក​ឧត្ដម​សេនីយ​ ដឹក​ដៃ​ខ្ញុំ​ឲ្យ​ដើរ​ទៅ​អង្គុយ​ជិត​ហើយ​លោក​សំលឹង​មើល​ខ្ញុំ​ស្ទើរ​តែ​ពុំ​ព្រិច​ភ្នែក​។
   - លោក! (លោក​ឧត្ដម​សេនីយ​មាន​ប្រសាសន៍​ ទៅ​ទៀត​) រឿង​ដែល​ខ្ញុំ​ត្រូវ​និយាយ​ប្រាប់​លោក​អីលូវ​នេះ​ ជា​រឿង​មាន​សារសំខាន់​ជា​ទី​បំផុត​ ដែល​លោក​ត្រូវ​បិទ​បាំង​ឲ្យជិត​ ព្រោះ​ជា​រឿង​អាថិ​កំបាំង​ ដែល​ទាក់ទង​ នឹង ជីវិត​ប្រទេស​ជាតិ​មាតុ​ភូមិ​។
    គ្រាន់​តែ​លឺ​ប្រសាសន៍​លោក​ឧត្ដម​សេនីយ​ដូច្នេះ​ ខ្ញុំ​ដូច​ជា​ភ័យ​បន្ដិច​ អរ​បន្ដិច​។ ខ្ញុំ​អង្គុយ​នៅ​ស្ងៀម​ អិត​ឆ្លើយ​ថា​អ្វី​។ ឯក​ឧត្ដម​សំលឹង​មើល​មុខ​ខ្ញុំ​ម្ដង​ទៀត​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អោន​មុខ​ចុះ​ ព្រោះ​ពុំ​ហ៊ាន​ឲ្យ​ប៉ះ​ក្រសែ​ភ្នែក​របស់ឯក​ឧត្ដម​។
   -លោក​ស័ក្ដិ​ពីរ​! សុំ​លោក​ផ្ទៀង​ត្រ​ចៀក​ចាំ​ស្ដាប់​ខ្ញុំ​ ខ្ញុំ​នឹង​សួរ​លោក​ នូវ បញ្ហា​មួយ​ ដែលពុំ​គួរ​ដល់​នាយ​ទាហាន​ ដែលមាន​រិកពា​ខ្ពង់​ខ្ពស់​ សមជា​អ្នក​ទ្រ​ទ្រង់​ នូវ​ សំលៀក​បំពាក់​ជា​ឯក​សណ្ឋាន​របស់​កង​យោធពល​ខេមរ​ភូមិន្ទ​ ចង់​លឺ​ នូវ​សំនួរ​យ៉ាង​នេះ​ឡើយ​.. (ឯកឧត្ដម ឈប់​ស្ងៀម​បន្ដិច​ហាក់​ដូច​ជាចង់​សង្កេត​មើល​អាកប្បកិរិយា​របស់​ខ្ញុំ​ ហើយ​ក៏​ចាប់​មាន​ប្រសាសន៍​ត​ទៅ​ទៀត​) លោក​ស័ក្ដិ​ពីរ​! ខ្ញុំ​ចង់​សួរ​លោក​ថា តើ​លោក​អាច​ក្បត់ជាតិ​មាតុ​ភូមិ​របស់​លោក​បាន​ដែរ ​រឺ​ ទេ?
   - ខ្ញុំ​ដូច​ជាភ្ញាក់ខ្លួន​ព្រើត​។ បេះ​ដូង​របស់​ខ្ញុំ​ ស្ទើរ​តែ​ឈប់​លែង​​ធ្វើការ​។ ទឹក​មុខ​របស់​ខ្ញុំ​ឡើង​ស្លេក​ស្លាំង​មួយ​រំពេច​។ ខ្ញុំ​គិត​បន្ដិច​ទើប​ដាច់​ចិត្ដ​សួរ​ទៅ​ឯកឧត្ដម​វិញ​៖
   - សូម​លោក​មេត្ដា​អភ័យ​ទោស​ទាន​ប្រោស! ខ្ញុំ​ប្រ​បាទ​ម្ចាស់​ដូច​ជា​ពុំ​ទាន់​យល់​ន័យ​ នៃ​ សំនួរ របស់​ប្របាទ​ម្ចាស់​សោះ​ទាន​ប្រោស​...
    លោក​ឧត្ដម​សេនីយ​ និង លោក​វរ​សេនីយ​សំលឹង​មើល​មុខ​​គ្នា​​ទៅ​វិញ​ទៅ​មក​ដោយ​ញញឹម​ ហាក់​ដូច​ជាពេញ​ចិត្ដ នឹង សភាព​​ដែល​ខ្ញុំ​ពុំ​យល់​ដល់​សំនួរ​នោះ​។
   - លោក​ស័ក្ដិ​ពីរ​ (លោក​ឧត្ដម​សេនីយ​មាន​ប្រ​សាសន៍​ ដោយ​អាការ​ម៉ឺង​ម៉ាត់​) លោក​បាន​លឺ​សំនួរ​របស់​ខ្ញុំ​ហើយ​មែន​ទេ? ការ​ដែល​លោក​វរសេនីយ​ និង ខ្ញុំ ហៅ​លោក​មក​ជួប​នេះ​ ក៏​ដើម្បី​សួរ​បញ្ជាក់​លោក​យ៉ាង​ខ្លី​ថា លោក​អាច​ក្បត់​មាតុភូមិ​លោក​បាន​ដែរ​ រឺ ទេ​ តែ​ប៉ុណ្ណោះ​...
   ដោយ​សារ​ខ្ញុំ​នៅ​ស្ងៀប​ ពុំ​ដឹង​ជា​ឆ្លើយ​ដូច​ម្ដេច​ លោក​ ឧត្ដម​សេនីយ​ក៏​មាន​ប្រសាសន៍​ផ្ទួន​ទៀត​ថា​ ក្បត់​ដើម្បី​បំរើ​ប្រទេស​ជាតិ​ ឲ្យបាន​ប្រសើរ​ជាង​មុខ​ការ​របស់​លោក​សព្វ​ថ្ងៃ​...
   - សូម​មេត្ដា​អត់​ទោស​ដល់​ខ្ញុំ​ប្របាទ​​ម្ចាស់​ផង​​ចុះ​ទាន​ប្រោស​! (ខ្ញុំ​ឆ្ឡើយ​ដោយ​ទឹក​មុខ​ដែល​សំដែង​ នូវ ​ការពុំ​យល់)​ ខ្ញុំ​ប្របាទ​ម្ចាស់​ពុំ​ដែល​ចួប​ប្រទះ​ នឹង ​សេចក្ដី​ស្នើ​យ៉ាង​នេះ​សោះ​ទាន​ប្រោស​ ខ្ញុំ​ប្របាទ​ម្ចាស់​ពុំ​ដែល​គិត​គូ​រពី​រឿង​ក្បត់​ប្រទេស​ជាតិ​យ៉ាង​នេះ​សោះ​...
   - លោក​ស័ក្ដិ​ពីរ​! (ឯក​ឧត្ដម​មាន​ប្រសាសន៍​ដោយ​ទឹក​មុខ​ញញឹម​) ការ​ចួប​ប្រទះ​ នឹង បញ្ហា​ចំលែក​បែប​នេះ​ ជា​ការ​នាំ​ឲ្យ​លោក​ងឿង​ឆ្ងល់​មែន​ហើយ​ តែ​សុំ​លោក​ចាំ​ស្ដាប់​សេចក្ដី​រាយ​ការណ៍​ របស់​ខ្ញុំ​ឲ្យ​បាន​ច្បាស់​លាស់​ តាម​ស្ថាន​ការណ៍​ពិត​​... ខ្ញុំ​ នឹង បំភ្លឺ​លោក​ត្រង់​ចំណុច​សំខាន់​ខ្លះ​ នៃ​ បេស​កកម្ម​ដែល​ខ្ញុំ​តំរូវ​ឲ្យ​លោក​បំពេញ​... រួច​ហើយ​ត្រូវ​លោក​ប្រាប់​មក​ខ្ញុំ​វិញ​ថា តើ​លោក​អាច​បំពេញ​ នូវ បេសកកម្ម​នោះ​បាន​ រឺ​ ក៏​ពុំ​បាន​តែ​ប៉ុណ្ណោះ​...
   -ប្រ​បាទ​ម្ចាស់​
   - លោក​អស់​ជាង​មួយ​ខែ​ហើយ​ ដែល​អគ្គ​សេនា​ធិការ​យោធ​ពល​ខេម​រភូមិន្ត​យើង​ បាន​ទទួល​ដំណឹង​ថា​ពួក​ដាប​ ឈួន​ រួម​គំនិត​ជា​មួយ​ សមសារី​ និង សឹង​ ង៉ុក​ថាញ់​ ក្បត់​ប្រទេស​ជាតិ​ ដោយ​មាន​អាមេរិក​ យួន​ និង សៀម​ក្រោយ​ខ្នង​ ពួក​ខ្មាំង​បាន​ប្រុង​ប្រៀប​បំបែក​ប្រទេស​ជាតិ​ជា​ពីរ​ តាម​គំរោង​ការ​របស់​អាមេរិក​កាំង​ ដោយ​ដណ្ដើម​យក​ខេត្ដ​សៀម​រាប​ កំពង់​ធំ​ និង បាត់​ដំបង​ ឲ្យនៅ​ក្នុង​ការ​ត្រួត​ត្រា​របស់​វា​ ហើយ​ប្រកាស​ខ្លួន​ធ្វើ​ជា​ខ្មែរ​សេរី​ ដើម្បី​វាយ​លុក​ចូល​ភ្នំ​ពេញ​ ក្រុម​ចារ​កម្ម​របស់​វា​ មាន​វត្ថុ​បំណង​ដ៏​មុះ​មុត​ ដើម្បី​លួច​យក​ផែន​ការ​សំងាត់​របស់​យើង​ឲ្យ​បាន​ ពួក​ក្បត់​បានទិញជន​ខ្លះ​ឲ្យ​ធ្វើការ​ឲ្យ​វា​ ដោយ​ធ្វើ​ពលិកម្ម​ក្នុង​រឿង​នេះ​ អី​លូវ​ខ្ញុំ​ទើប​បាន​ទទួល​ដំណឹង​ពី​ចារ​កម្ម​របស់​យើង​ ដែល​បាន​តាម​ដាន​ពួកក្បត់​ថា មាន​នាយ​ទាហាន​ខ្មែរ​ម្នាក់​ បំរុង​ នឹង ​លក់​ផែន​ការ​សំងាត់​របស់​យើង​ឲ្យ​ពួក​ក្បត់​តំលៃ​ សាម​សិប​ម៉ឺន​រៀល​។
   - បើ​អញ្ចឹង​ អ្នក​ប្របា​ទ​ម្ចាស់​ នឹង តំរូវ​ឲ្យ​ខ្ញុំ​ប្រ​បាទ​ម្ចាស់​ដើរ​តួ​ជា​ជន​ទុរយស​នោះ​ រឺ​ ទាន​ប្រោស​?
    ឯកឧត្ដម​ទេស​រដ្ឋ​មន្ដ្រី​ ងាក់​ក្បាល​ញញឹម​ ដោយ​អាការ​ពេញ​ចិត្ដ​ ហើយ​មាន​ប្រសាសន៍​ថា៖​
   - ត្រូវ​ហើយ​! លោក​ស័ក្ដិ​ពីរ​! ... ជន​ដែល​ក្បត់​ជាតិនោះ​ ពុំ​មែន​ក្រៅ​ពី​មនុស្ស​ដែល​យើង​ទុក​ចិត្ដ​ទុក​ថ្លើម​នោះ​ទេ​ វាសនា​ នៃ​ ប្រទេស​ជាតិ​បាន​តំរូវ​ឲ្យ​យើង​ទុក​ចិត្ដ​លើ​រូប​លោក​ ដែល​ស្រលាញ់​ប្រទេស​ជាតិ​ពិត​ប្រាកដ​... ជន​ក្បត់​ជាតិ​ដែល​យើង​ត្រូវ​គិត​ដល់​នេះ​ គឺរូប​លោក​.. លោក​ស័ក្ដិ​ពីរ​ លោកពុំ​ចាំ​បាច់​មក​ជួប​ នឹង ខ្ញុំ​ទៀត​ទេ​ ការទាំង​អស់​ខ្ញុំ​បាន​ប្រគល់​ឲ្យ​លោក​វរសេនីយ​ត្រី​រួច​អស់​ហើយ​ បើលោក​បញ្ជា​យ៉ាង​ណា​ សុំ​ឲ្យ​ធ្វើ​តាម​ចុះ​ ខ្ញុំ​ជឿ​ថា រូប​លោក​ហ្នឹង​អែង​ហើយ​ ដែល​ត្រូវ​បាន​ទទួល​ប្រាក់​សាម​សិប​ម៉ឺន​រៀល​ ជា​ថ្នូរ​ នឹង ផែន​ការ​សំងាត់​របស់​យើង​ ការ​ក្បត់​របស់​លោក​ នឹង ប្រែ​ក្លាយ​ទី​ជា​កិច្ច​ប្រសើរ​បំផុត​ ក្នុង​ការ​បំរើប្រទេស​ជាតិ​មាតុភូមិ​... ម៉េច​លោក​យល់​ រឺ ទេ?
   - ខ្ញុំប្របាទ​ដូច​ជា​ពុំ​យល់​ ហើយ​ខ្ញុំ​ប្របាទ​ម្ចាស់​ ដូច​ជា​ធ្វើ​ពុំ​កើត​ផង​..
   - ខ្ញុំ​ក៏​យល់​ដល់​ចិត្ដ​ថ្លើម​លោក​ណាស់​ដែរ​ (លោក​វរ​សេនីយ​ត្រី​ និយាយ​កាត់​ឡើង) សុំ​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​រំលឹក​លោក​បន្ដិច​ចុះ​ លោក​ធ្លាប់​បាន​ដឹង​ហើយ​ថា ទាហាន​មាន​កាតព្វ​កិច្ច​ត្រូវ​តែ​ទទួល​ប្រតិបត្ដិ​​តាម​បញ្ជា​របស់​នាយ​ចៅ​ហ្វាយ​ដោយ​គ្មាន​ការ​ជជែក​...
   - រឿង​នោះ​ខ្ញុំ​ប្របាទ​ (ខ្ញុំ​និយាយ​ នឹង លោក​វរសេនីយ​ពុំ​មែន​ជាមួយ​ឯក​ឧត្ដម​ទេ) ខ្ញុំ​បាទ​ដឹង​ហើយ​ តែ​ទាហាន​ត្រូវ​តែ​ស្មោះ​ត្រង់ នឹង ប្រទេស​ជាតិ​...
   - ត្រូវ​ហើយ​លោក​ស័ក្ដិពីរ​! (ឯក​ឧត្ដម​ទេស​រដ្ឋមន្ដ្រី​ មាន​ប្រសាសន៍​កាត់​ឡើង​) តែពេល​នេះជា​​បេស​ក​កម្ម​ មាន​ប្រយោជន៍​ធំ​ជាង​កិច្ច​ការ​អែ​ទៀត​ៗ​ទាំង​អស់​ ពិត​ណាស់​ហើយ​ខ្ញុំ​ក៏​បានទទួល​ស្គាស់​ថា​ ការ​ក្បត់​ជាតិ​ជា​ការ​ខុស​ នឹង ផ្លូវ​ច្បាប់ហើយ​សំខាន់​បំផុត​ គេ​ក៏​ពុំ​ដែល​បញ្ជាក់​ទាំង​បង្ខំ​ឲ្យ​នាយ​ទាហាន​ម្នាក់​ក្បត់​មាតុ​ភូមិ​របស់​ខ្លួន​ទេ​ ទោះ​បី​កិច្ច​ការ​នោះ​ប្រសើរ​យ៉ាង​ណា​ក៏​ដោយ​... ខ្ញុំ​ដឹង​ហើយ​ថា ​ទាហាន​ទាំង​អស់​ សុទ្ធសឹង​តែ​ស្ម័គ្រ​ចិត្ដ​ធ្វើ​ពលិ​កម្ម​ចេញ​ទៅ​ប្រយុទ្ធ​ នឹង ខ្មាំង​នៅ​សមរ​ភូមិ​មិន​ខ្លាច​ស្លាប់​ ព្រោះ​គេ​យល់​ថា​ ជា​ការ​ប្រ​សើរ​ជា​ង​ការ​ក្បត់​ជាតិ​ តែពលិ​កម្ម​ពិសេស​ដែល​ខ្ញុំ​តំរូវ​ឲ្យ​លោក​បំពេញ​នេះ​ ក៏​ព្រោះ​យល់​ឃើញ​ថា​ មាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​ទេ​ ដែល​ជា​វរជន​ អាច​បំពេញ​ នូវ​ ពលិកម្មបែប​នេះ​ ឲ្យ​សំរេច​បាន​...
   បរិយា​កាស​ស្ងប់​ស្ងាត់​មួយ​សន្ទុះ​ ដោយ​ខ្ញុំពុំ​ដឹង​ជា​ធ្វើ​ដូច​ម្ដេច​។ លោក​ឧត្ដម​សេនីយ​បាន​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ឡើង​ទៀត​ ដោយ​ពាក្យ​សំដី​បង្គាប់​បញ្ជា​យ៉ាង​ដាច់​ខាត៖
   - លោក​ស័ក្ដិ​ពីរ​! លោកត្រូវ​ធ្វើ​តាម​ខ្ញុំ​... លោក​ត្រូវ​ពុះ​ពារ​ការ​ពិបាក​នេះ​ ដើម្បី​ឲ្យ​គ្រោង​ការ​យើង​បាន​សំរេច​ផល​ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​លោក​ថា យើង​ត្រូវ​ការ​បំភាន់​ខ្មាំង​ គឺ​យើង​ចង់​ធ្វើ​ឲ្យ​ឯកសារ​ នៃ ផែន​ការ​សំងាត់​ ដូច​ជាត្រូវ​លប​លួច​យក​បាន​ ដោយ​ការ​ប៉ិន​ប្រសប់​ នៃ នាយ​ទាហាន​ម្នាក់​តែ​ប៉ុណ្ណោះ​ រូប​ខ្ញុំ​ និង​ លោក​វរសនីយ​ត្រី​ បាន​គិត​គ្រោង​ការ​នេះ​ឡើង​ហើយ​ យើង​បាន​គិត​ដល់​រូប​លោក​មុន​គេ​ ខ្ញុំ​សង្ឃឹម​ហើយ​ជឿ​ជាក់ថា​ លោក​ នឹង​ ពុំ​ធ្វើ​ឲ្យ​យើង​​ស្ដាយ​ នូវ ការ​ជ្រើស​រើស​របស់​យើង​ទៅ​លើ​រូប​លោក​នេះ​ទេ...
    សភាព​ស្ងប់​ស្ងៀម​ បាន​កើត​ឡើង​ទៀត​... ខ្ញុំ​បានដក​ដង្ហើម​វេង​ៗ​ ហើយ​សំលឹង​មើល​ផ្ទៃ​អិដ្ឋ​ពណ៌​ក្នុង​ការិយា​ល័យ​ ដោយ​សភាព​ចិត្ដ ដែល​ពោរ​ពេញ​ដោយ​ការ​កន្ទះ​រា​តាម​មនោ​សញ្ចេត​នា​ពី​រចំណែក​គឺ​ មួយ​ចំណែក​ ខ្ញុំ​នឹក​ត្រេក​អរ​ព្រួច​ ព្រោះ​គិត​ថា​ នាយ​ចៅ​ហ្វាយ​បាន​ទុក​ចិត្ដ​លើ​រូប​ខ្ញុំ​ មួយ​ចំណែក​ទៀត​ ខ្ញុំ​នឹក​ស្អប់​ខ្ពើម​ចំពោះ​ពាក្យ​ថា​ក្បត់​ជាតិ​នេះ​ជា​ខ្លាំង​ ថ្វី​បើ​ការ​ក្បត់​នេះ​ ជា​ការ​ធ្វើ​តាម​បង្គាប់​បញ្ជា​ពី​ចៅ​ហ្វាយ​នាយ​ក៏​ដោយ​...
    ប៉ុន្ដែ​វិន័យ​ ទាហាន​បាន​តំរូវ​ឲ្យ​ប្រតិបត្ដិ​តាម​បញ្ជា​របស់នាយ​ចៅ​ហ្វាយ​.. គិត​ដូច្នេះ​ទ្រូង​ខ្ញុំ​ឡើង​តឹង​ណែន​ស្ទើរ​ប្រែះ​... ខ្ញុំ​នឹក​ក្នុង​ចិត្ដ​ថា ខ្ញុំ​ត្រូវ​តែ​ទទួល​គោរព​តាម​បង្គាប់​បញ្ជា​នាយ​ចៅ​ហ្វាយ​ទាំង​ពីរ​រូប​នេះ​ បើ​ពុំ​ដូច្នោះ​ទេ​ ខ្ញុំ​ នឹង ត្រូវ​ទទួល​ទោស​ព្រោះ​ប្រកែក​...

********************
************
*******

    បរិយាកាស​តាន​តឹង​ ហាក់ដូច​ជាបាន​ធូ​ស្រាល​បន្ដិច​ក្នុង​ខណ​ដែល​លោក​វរសេនីយ​ត្រី​ លាឯក​ឧត្ដម​ទេសរដ្ឋ​មន្ដ្រី​ ហើយ​នាំ​ខ្ញុំ​ត្រលប់​ទៅ​ការិយា​​ល័យ​ទី​ ២វិញ​ ។ ប៉ុន្ដែ​ខ្ញុំ​ក៏​ចាប់​ព្រួយ​ចិត្ដ​មួយ​ជាន់ទៀត​ ព្រោះ​លោក​វរសេនីយ​ត្រី​បាន​ហៅ​ខ្ញុំ​ឲ្យ​អង្គុយ​ទល់មុខ​ នឹង លោក​ ហើយ​ដក​ថត​តុ​ទាញ​យក​កញ្ចប់​ក្រ​ដាស​ស​មួយ​កញ្ចប់​ហុច​មក​ឲ្យ​​ខ្ញុំ​ ព្រម​ទាំង​ពាក្យ​បញ្ជា​យ៉ាង​ដាច់​ខាត​ថា៖

   - លោក​ស័ក្ដិ​ពីរ​! នេះ​ ប្រាក់​ដប់​ម៉ឺន​រៀល​... លោក​ត្រូវ​យក​ប្រាក់​នេះ​​ទៅ​លេង​ល្បែង​ឲ្យទាល់​តែ​ចាញ់​អស់​ក្នុង​ថ្ងៃ​នេះ​ ហើយ​ស្អែក​លោក​ត្រូវ​មក​ចួប​ នឹង ​ខ្ញុំនៅ​ពេល​រសៀល​ តែ​បើ​មិន​ទាន់​ចេញ​អស់​ប្រាក់​ទេ​ កុំ​អាល​មក​ចួប​ នឹង​ ខ្ញុំ​...​

   - ព្រះ​តែជគុណ! ខ្ញុំ​បាទ​ពុំហ៊ាន​ទទួល​យក​ទេ​ទាន​ប្រោស​ (ខ្ញុំ​ឆ្លើយ​ឡើង​ទាំង​ភ័យ​) ព្រោះ​មួយ​ជាតិ​នេះ​ខ្ញុំ​បាទ​ពុំ​ចេះ​លេង​ល្បែង​ទាល់តែ​សោះ​ទាន​ប្រោស​...
   - ហ៎​យក​ទៅ​ (លោក​វរសនីយ​ត្រី​បញ្ជា​ដោយ​បង្ខិត​បង្ខំ​) នេះ​ជា​បញ្ជា​ការ​ដាច់​ខាត​របស់​ខ្ញុំ​...

    ខ្ញុំ​ត្រូវ​ទទួល​យក​ប្រាក់​ដប់​ម៉ឺន​រៀល​នេះ​ទាំង​ប្រថុយ​ ហើយ​ក៏​គំនាប់​លា​លោក​ វរសេនីយ​ត្រី​ ចេញពី​ការិយាយល័យ​ ត្រលប់​ទៅ​ផ្ទះ​វិញ​...
    ខ្ញុំ​ដូច​រក​គិត​ពុំ​យល់​ថា ហេត្វ​អ្វី​ក៏​ឯក​ឧត្ដម​ ទេស​រដ្ឋ​មន្ដ្រី​ និង លោក​វរសេនីយ​ត្រី​បញ្ជា​ឲ្យ​ខ្ញុំ​ក្បត់​ជាតិ​? មិន​តែ​ប៉ុណ្ណោះសោត​ លោក​វរសេនីយ​ត្រី​បាន​ឲ្យ​ប្រាក់​ខ្ញុំ​ដប់​ម៉ឺន​រៀល​យក​ទៅ​លេង​ល្បែង​ស៊ី​សង​ ដោយ​បញ្ជា​ថា​ បើ​មិន​ទាន់​ចាញ់​អស់​កុំ​អាល​ត្រលប់​ទៅ​ចួប​លោក​វិញ​។ រឿង​នេះ​ ប្រែ​សេច​ក្ដី​ថា​ដូច​ម្ដេច? បើ​ខ្ញុំ​ប្រតិបត្ដិ​តាម​បញ្ជា​នេះ​ទៅ​ តើ​កិត្ដិ​យស​នាយ​ទាហាន​នៅ​ឯណា​? ប៉ុន្ដែ​វិន័យទាហាន​បាន​តំរូវ​ឲ្យ​ទាហាន​ប្រតិបត្ដិ​តាម​បង្គាប់​បញ្ជា​របស់​នាយ​ចៅ​ហ្វាយ​...។

    ល្ងាច​នៃ​ថ្ងៃ​នេះ ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​វង់​ល្បែង​ស៊ី​សង​ ក្នុងគេហ​ដ្ឋាន​មួយ​ដោយ​សំលៀក​បំពាក់​ស៊ីវិល​។ តាំង​ពី​កើត​មក​ ខ្ញុំ​ពុំ​ដែល​លេង​ល្បែង​ស៊ី​សង​ទាល់​តែ​សោះ​ តែ​ខ្ញុំ​ត្រូវ​តែ​ប្រថុយ​លេង​តាម​បញ្ជា​របស់​នាយ​ចៅហ្វាយ​... ពាក្យ​ថា​ល្បែង​ស៊ី​សង​ ដូច​សម​សួន​ណាស់​ ព្រោះ​វាមាន​ស៊ី​​មាន​សង​... ខ្ញុំ​បាន​រើស​ល្បែង​មួយ​បែប​ដែល​ស្រួល​ គី​ធូ​... ខ្ញុំ​ពុំ​បាន​បង្អង់​ឲ្យ​ខាត​ពេល​ឡើយ​ ខ្ញុំ​ចាប់​ផ្ដើម​ចាក់​ដៃ​ដំបូង​ ប្រាំ​ម៉ឺន​រៀល​ ... ពួក​អ្នក​លេង​ទាំង​អស់​សំលឹង​មើល​មុខ​ខ្ញុំ​ដោយ​ការ​កោត​ក្រែង​ តែ​វា​ជា​គ្រោះ​ល្អ​សំរាប់​ខ្ញុំ​ ព្រោះ​មេ​បាន​ស៊ីខ្ញុំ​អស់​ប្រាំ​ម៉ឺន​រៀល​នេះ​ ... ការ​ដែល​ខ្ញុំ​ចាញ់​ហើយ​ខ្ញុំ​ថា​ជា​គ្រោះ​ល្អ​នោះ​ ក៏​ព្រោះ​ខ្ញុំ​ពុំ​ចង់​លេង​ទាល់​សោះ​ ដើម្បី​ឲ្យ​ឆាប់​​បាន​ត្រលប់​ទៅ​ផ្ទះ​វិញ​។​

    នៅ​ដៃ​ទី​ពីរ​ ខ្ញុំ​ចាក់​ប្រាំ​ម៉ឺន​រៀល​ទៀត​។ គ្រោះ​អាក្រក់​បាន​កើន​ឡើង​ដល់​រូប​ខ្ញុំ​ ព្រោះ​ខ្ញុំ​ត្រូវ​ចំ​កៅ​ឪ​ ហើយ​មេ​ត្រូវ​សង​ខ្ញុំ​ ដប់​ប្រាំ​ម៉ឺន​រៀល...​ អី​លូវ​ខ្ញុំ​មាន​ប្រាក់​ម្ភៃ​ម៉ឺន​រៀល​ គឺ​ច្រើន​ជា​ង​មុន​មួយ​ជា​ពីរ​។ ខ្ញុំ​បាន​សួរ​មេថា​ អាច​ឲ្យ​ខ្ញុំ​ចាក់​ទាំង​អស់​ដែរ​រឺ​អ្វី​? គេ​ឆ្លើយ​ថា​ គេ​អនុញ្ញាត​ឲ្យ​ដាក់​តែ​ ដប់​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ដូច្នេះ​ខ្ញុំ​ត្រូវ​នៅ​សល់​ប្រាក់​ពាក់​កណ្ដាល​។ នៅដៃទី​បី​នេះ​ មេស៊ី​អស់​...

    នៅ​ដៃ​ទី​បួន​ និង ទី​ប្រាំ​ ខ្ញុំ​បាន​រំលែក​ប្រាក់​ដែល​នៅ​សល់​ចាក់​ម្ដង​​ប្រាំ​ម៉ឺន​រៀល​ តែ​ត្រូវ​មេ​ស៊ី​អស់​ ដែល​មើល​ទៅ​សម​ នឹង​ ពាក្យ​​ដែល​គេ​ឲ្យឈ្មោះ​ថា​មេ​មែន​...

    ខ្ញុំ​បាន​ត្រលប់​ទៅ​ផ្ទះ​វិញ​ ក្រោយ​សញ្ញា​ថា​ ចាញ់ធូ។ ថ្ងៃ​នេះ​ពេញ​មួយ​ថ្ងៃ​ ខ្ញុំ​ដូច​ជា​រសេះ​រសោះ​អស់​កំលាំង​ជា​ខ្លាំង​រក​ធ្វើ​អ្វី​ពុំ​កើត​។ ក្នុង​ចិត្ដ​ ខ្ញុំ​គិត​មួយ​ម៉ឺន​មួយ​សែន​ជំពូក​ តែដូច​ជា​​គ្មាន​បាន​ការ​អ្វី​សោះ​ ព្រោះ​ខ្ញុំ​នៅ​តែ​ពុំ​យល់​ដល់​បញ្ជា​ការ​របស់​ឯក​ឧត្ដម​ ឧត្ដមសេនីយ​ និង លោក​វរសេនីយ​ត្រី​ហង្ស ​ចំរើន​ ថា ហេតុ​អ្វី​ក៏​លោក​ទាំង​ពីរ​បញ្ជា​ឲ្យ​ខ្ញុំ​ធ្វើ​ដូច្នេះ​?...

    លុះ​ពេល​ព្រឹក​ថ្ងៃ​មួយ​ទៀត​ ខ្ញុំ​ក៏​​បាន​រៀប​ចំ​ខ្លួន​ប្រាណ​ចូល​ទៅ​ចួប​ នឹង លោក​វរសេនីយ​ត្រី ហង្ស ចំរើន​។
    ក្រោយ​​ពេល​បាន​ធ្វើ​គារវ​កិច្ច​រួច​ហើយ​ ខ្ញុំ​ក៏​បាន​រាយ​ការណ៍​ ជំរាប​លោក​វរសេនីយ​ត្រី​ថា៖
   - ព្រះ​តេជគុណ​! ខ្ញុំ​បាន​ប្រតិបត្ដិ​តាម​បញ្ជា​ការ​របស់​ព្រះ​តេជ​គុណ​ រួច​ស្រេច​អស់​​ហើយ​ទាន​ប្រោស​...។
   - ល្អហើយ​លោក​ស័ក្ដិ​ពីរ​ .. (លោក​វរសេនីយ​ត្រី​ និយាយ​ដោយ​ទឹក​មុខ​ញញឹម​)​ ដែលលោក​ចេះ​ប្រតិ​បត្ដិតាម​បញ្ជា​ការ​របស់​ខ្ញុំ​ ឲ្យបាន​សំរេច​ដោយ​រៀប​រយ​យ៉ាង​នេះ​ សុំអញ្ជើញ​អង្គុយ​លោក​ស័ក្ដិ​ពីរ​...
   - ខ្ញុំ​បាន​សំរុត​ខ្លួន​ចុះ​អង្គុយ​លើ​កៅ​អី​មួយ​ ដែលឋិត​នៅ​ទល់​មុខ នឹង លោក​។ លោក​បាន​ដក​យក​ស្រោម​សំបុត្រ​មួយ​ហុច​មក​ឲ្យ​ខ្ញុំ​ ព្រម​ទាំង​និយាយ​ថា៖​
   - លោក​ស័ក្ដិ​ពីរ​! នេះ​ជា​ឯក​សារ​ពិសេស​ ដែល​លោក​ត្រូវ​​មាន​បេសកកម្ម​បំពេញ​មួយ​ទៀត​...
   - ព្រះ​តេជ​គុណ​! ការ​ដែល​ព្រះ​តេជ​គុណ​បាន​ឲ្យ​កិត្ដិ​យស​ដល់​រូប​ខ្ញុំ​បាទ​ ដោយ​នឹក​ឃើញ​រូប​ខ្ញុំ​បាទ​មុន​គេ​ ក្នុង​ការ​បំពេញ​ នូវ​ បេសកកម្ម​ដ៏​ពិបាក​នោះ​ តើ​ព្រះ​តេជ​គុណ​ឲ្យ​ខ្ញុំ​បាទ​នាំ​យក​ឯក​សារ​ពិសេស​នេះ​ទៅ​ណា​ទាន​ប្រោស​...?
   - ចាំស្ដាប់ខ្ញុំ​ លោក​ស័ក្ដិ​ពីរ​ ខ្ញុំ​ នឹង​អធិប្បាយ​ប្រាប់​លោក​ពី​បេសកកម្ម​នេះ (លោក​បឺត​បារី​ហើយ​និយាយ​ត​ទៅ​ទៀត​) នៅ​ពេល​ដែល​លោក​ចេញ​ពី​ទី​នេះ​ទៅ​ លោក​ នឹង​ ឃើញ​ឡាន​ហ្សីប​មួយ​ពណ៌​ប្រផេះ​ដែល​មាន​លេខ​ ១០០.០១៤ ចត​នៅ​ស្ងៀម​ ដោយ​មាន​អ្នក​បើក​បរ​ម្នាក់​អង្គុយ​កាន់​ចង្កូត​ចាំ​ អ្នក​បើក​បរ​នេះ​ ជា​ភ្នាក់​ងារ​សំងាត់​លេខ ៨ របស់​យើង​ ហើយ​ដែល​ក្រុម​យើង​បាន​ប្រគល់​ឲ្យ​កាន់​ការ​សំងាត់​ដែរ​​ ពេល​ដើរ​ទៅ​​ដល់​ លោក​ត្រូវ​ឡើង​ជិះ​ឡាន​ភ្លាម​ដោយ​មិន​បាច់​សាក​សួរ​អី​ពី​វា វា​នឹង​នាំ​លោក​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ខេត្ដ​សៀមរាបភ្លាម​ដែរ​ លោក​ទៅ​នៅ​សៀម​រាប​ចាំ​ស្ដាប់​ទូរ​លេខ​បញ្ជា​ការ​អំពី​ខ្ញុំ​ ដែល​តំរូវ​ឲ្យ​លោក​ត្រលប់​មក​ភ្នំពេញ​វិញ​ កាល​បើ​បាន​ទទួល​នៅ​​តាម​ផ្លូវ​ពី​សៀម​រាប​មក​កំពង់​ធំ​ លោក​នឹង​ត្រូវ​ចួប​ នឹង​ ចារ​បុរស​របស់​ដាប​ ឈួន​ ម្នាក់​នៅ​ត្រង់​កន្លែង​ណា​មួយ​មិន​កំណត់​ ដែល​អ្នក​បើក​បរ​ឡាន​ហ្សីប​របស់លោក​​ បាន​ដឹង​សញ្ញា​រួច​ស្រេច​អស់​ហើយ​ លោក​គ្រាន់​តែចាំ​ធ្វើ​តាម​ពាក្យ​ណែ​នាំ​របស់​អ្នក​បើក​ឡាន​នេះ​ ក៏ជា​ការ​ស្រេច​ទៅ​ហើយ​ តែសុំ​លោក​កុំ​ភ្លេច​ខ្លួន​ថា លោក​ត្រូវ​ដើរ​តួ​ជា​នាយ​ទាហាន​ម្នាក់​ដែល​អស់​សង្ឃឹម​ ហើយ​បាន​សំរេច​ចិត្ដ​ស្រេច​ថា នៅ​រង់​ចាំ​តែ​ឱកាល្អ​ហុច​ឲ្យ​ប៉ុណ្ណោះ​ លោក​ហ៊ាន​ធ្វើ​ការ​អ្វី​គ្រប់បែប​យ៉ាង​រហូត​ដល់​ហ៊ាន​​ក្បត់​ជាតិ​ដើម្បី​ប្ដូរ​យក​ប្រាក់​ណ៎ា​លោក​...
   ខ្ញុំ​បាន​យក​ស្រោម​សំបុត្រ​ពណ៌​ស ដែល​មាន​បោះ​ត្រា​បិទ​ផ្ជិត​ដោយ​កាក​អាចម៍​ល័ក្ខ​ ដើម្បី​បង្កប់​ឯក​សារ​ពិសេស​ដែល​មាន​តំលៃ​ ស្មើ​ នឹង​ ប្រទេស​មួយ​នៅ​ខាង​ក្នុង​នោះ​ សៀត​នៅ​ក្នុង​ហោ​ប៉ៅ​អាវ​ ហើយ​ក៏​បិទឡេវ​អាវ​ជិត​ទៅ​វិញ​។
   - សុំ​គោរព​! សុំ​លា​ព្រះ​តេជ​គុណ​សិន​ហើយ​ទាន​ប្រោស​...
   - អើ​! អញ្ជើញ​ទៅ​ចុះ​លោក​ស័ក្ដិ​ពីរ​! (លោក​វរ​សេនីយ​ត្រី​ ហង្ស​ ចំរើន​ និយាយ​ដោយ​ទឹក​មុខ​ញញឹម​ ព្រម​ទាំង​ចាប់​ដៃ​ខ្ញុំ​រលាក់​​យ៉ាង​ណែន​ ដែល​ជា​សញ្ញា​មួយ​ប្រាប់​ឲ្យ​ដឹង​ថា លោក​ផ្ញើ​នូវ​សេចក្ដី​ទុកចិត្ដ​លើ​រូប​ខ្ញុំ​យ៉ាង​ធំ) សុំ​លោក​អញ្ជើញ​ទៅ​ឲ្យ​បាន​សំរេច​គ្រប់​យ៉ាង​ ប្រទេស​ជាតិ​ត្រូវការ​ផ្ញើ នូវ សេចក្ដី​ទុក​ចិត្ដ​ទាំង​ស្រុង​លើ​រូប​លោក​ សុំ​ឲ្យ​លោក​មាន​ជោគ​ជ័យ​ក្នុង​បេ​សក​កម្ម​ពិសេស​នេះ​...។