ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ចុះផ្សាយដោយ កែវ ឈុន
****************************************
រឿងខ្ញុំមានទោសព្រោះអ្វី?
ដោយ ទ្រីញ វ៉ាញ
តំណាងរាស្ដ្រ ជាសមាជិកការិយាល័យរដ្ឋសភា និង
ជារដ្ឋមន្ដ្រីក្រសួងឃោសនាការ នៅសម័យសាធារណរដ្ឋខ្មែរ
រក្សាសិទ្ធិ
ព.ស ២៥០៣ គ.ស ១៩៦០
------------------------------------------------------------------------------
វគ្គទី៤
អត្ដឃាតកម្ម
ថ្ងៃសៅរ៍ ទី9.មករា 2021.ម៉ោង 12:06
បួនថ្ងៃកន្លងផុតទៅយ៉ាងស្ងប់ស្ងៀម ដោយគ្មានអ្វី នឹង ពោល ក្រៅពីការដែលខ្ញុំបាននឹកដល់នាង យូរ៉េត...
លុះដល់ថ្ងៃទី៥ ហេតុការណ៍ដែលខ្ញុំពុំជាគិត រឺ នឹកនាក៏កើតឡើង...
ខ្ញុំស្រឡាំងកាំង ក្នុងខណដែលសុខ សម្បូរ មិត្ដសំលាញ់ស្មើជីវិតរបស់ខ្ញុំ ប្រាប់ខ្ញុំថា ក្រុមប៉ូលិសបានឃើញខ្មោចនាងយូរ៉េត ហើមអណ្ដែតឡើងនៅទន្លេបាសាក់ ត្រង់ខាងមុខវត្ដកែវព្រះភ្លើង ហើយគេសន្និដ្ឋានថា នាង យូរ៉េតប្រហែលធ្វើអត្ដឃាតកម្ម ដោយការលោតទឹកសំលាប់ខ្លួនអែង។
- ខ្ញុំដូចជាស្លុតរន្ធត់ចិត្ដជាខ្លាំង ដូចជាថាតាំងពីកើតមកនៅពុំដែលមានពេលណាស្លុតរន្ធត់ចិត្ដឲ្យខ្លាំងដូចពេលនេះឡើយ។
- - ពិតមែនរឺ? (ខ្ញុំសួរមិត្ដរបស់ខ្ញុំ) ខ្មោចនោះពិជាខ្មោចនាង យូរ៉េត មែនរឺ?
- - ហ្នឹងហើយ! ក្រុមប៉ូលិសគេបានពិនិត្យមើលឃើញថាអញ្ចឹង។
- - ជាខ្មោចដែលហើមហើយអណ្ដែតឡើងមែនរឺ?
- - ហ្នឹងហើយ!
- ដំណឹងនេះជាដំណឹងអាក្រក់សំរាប់ខ្ញុំ...
ខ្ញុំគិតថា បើទុកណាជានាង យូរ៉េត នៅពុំទាន់បានមកជាគូសង្សារបស់ខ្ញុំ ដោយនាងពុំទាន់ទទួលស្នេហាពីខ្ញុំ ហើយខ្ញុំក៏នៅពុំទាន់បាននិយាយប្រាប់នាងថា ខ្ញុំស្រលាញ់នាងក៏ដោយ ដល់បានដឹងថានាង យូរ៉េត ស្លាប់ ខ្ញុំស្លុតរន្ធត់ចិត្ដឥតឧបមា...
ហេតុអ្វីបានជានាងយូរ៉េត ធ្វើអត្ដឃាតកម្ម? ការនេះផុតវិស័យដែលខ្ញុំគិតដល់... ប៉ុន្ដែមានខណខ្លះ មិត្ដខ្ញុំដូចជាពុំជឿ...
នៅមានខណខ្លះទៀត ចិត្ដខ្ញុំសង្ស័យ រឺ សង្ឃឹមថា នាងយូរ៉េត នៅពុំទាន់ស្លាប់.. ខ្ញុំគ្មានហេតុផលអ្វីមួយសំរាប់ជួយវិនិច្ឆ័យ នូវ សេចក្ដីសង្ស័យនោះ ក្រៅពីបំណងល្អរបស់ខ្ញុំចំពោះនាងឡើយ ព្រោះខ្ញុំពុំចង់ឲ្យនាងស្លាប់...
យើងបាននាំគ្នាទៅផ្ទះ ដែលនាងយូរ៉េតសំណាក់ហើយបានជួបនឹងស្ដ្រីចំណាស់ ដែលបានជូននាងយូរ៉េតដើរលេងជាមួយខ្ញុំកាលពីថ្ងៃមុន។ យើងបានសាកសួរដឹងការណ៍ថា គាត់ជាម្ចាស់ផ្ទះនេះ។ កាលដែលនាង យូរ៉េត មកសំណាក់នៅផ្ទះនេះ ក៏ព្រោះលោកស័ក្ដិពី ស៊ឺ នាំមកផ្ញើជាបណ្ដោះអាសន្ន។ គាត់ធ្លាប់បានស្គាល់លោកស័ក្ដិពីរនេះបីបួនខែមកហើយ ដោយសារលោកនេះស្គាល់រាប់អានគ្នា នឹង ក្មួយប្រុសរបស់គាត់ម្នាក់ ដែលធ្វើការនៅសៀមរាប។ គាត់បានបញ្ជាក់ប្រាប់យើងថា លោកអនុសេនីទោនេះជាសេនាសំណប់របស់ ដាបឈួន។ អែរូបនាងយូរ៉េត គឺលោកស័ក្ដិពីរបានចាប់មកពីស្រុកពួក តាមបញ្ជាពី ដាបឈួន ដើម្បីយកមកធ្វើជាប្រពន្ធចុង។ ប៉ុន្ដែគាប់ជួនជាពេលនេះ ដាបឈួន មានជំងឺត្រូវចូលទៅព្យាបាលរោគនៅមន្ទីរពេទ្យ ទើបគេនាំនាងយកមកផ្ញើឲ្យនៅសំណាក់នៅផ្ទះគាត់សិន។ ស្ដ្រីម្ចាស់ផ្ទះនេះ បាននិយាយប្រាប់យើងថា ល្ងាចមួយគាត់បានឃើញលោកស័ក្ដិពីរ ស៊ឺ បើករថយន្ដមកទទួលនាង យូរ៉េត ទៅជាមួយនឹងស្ដ្រីចំណាស់ម្នាក់ទៀត (ស្ដ្រីចំណាស់ដែលខ្ញុំបានឃើញអែអង្គតាសោម ជាមួយនាងយូរ៉េត) ដែលមកពីសៀមរាបជាមួយគ្នា ដោយបានយកអីវ៉ាន់ទាំងអស់ទៅជាមួយផង។ គាត់បានសួរគេៗប្រាប់ថា នាំនាងយូរ៉េត ទៅជូនលោកមេទ័ព ដាប ឈួន ហើយគេនឹងពុំត្រលប់មកវិញទេ ព្រោះលោកមេទ័ពបានចាត់ការឲ្យនាង យូរ៉េត ទៅនៅអែផ្សារកាប់គោ។
យើងបាននាំគ្នាត្រលប់ទៅផ្ទះវិញ ដោយការអស់សង្ឃឹម...
ក្នុងរយពេលពីរបីថ្ងៃកន្លងទៅនេះ ខ្ញុំខំទប់ចិត្ដកុំឲ្យនឹកដល់នាង យូរ៉េតទៀត ខំបំភ្លេចនាងចោល តែទប់ពុំបាន បំភ្លេចពុំកើត.. ខ្ញុំចេះតែស្រមៃឃើញនាងនៅជាប់នឹងភ្នែក..
មានយប់ខ្លះ ខ្ញុំបានយល់សប្ដិឃើញនាង យូរ៉េត ប៉ុន្ដែដោយជំនឿរបស់ខ្ញុំធ្ងន់ទៅក្នុងផ្លូវថា នាង យូរ៉េត បានស្លាប់បាត់បង់ជីវិតទៅហើយនោះ មានយប់ខ្លះ ខ្ញុំបានបន់ស្រន់សូបឲ្យវិញ្ញាណក្ខន្ធរបស់នាងទៅកើតក្នុងទីបរមសុខ ហើយសូមឲ្យនាងរង់ចាំចួប នឹង ខ្ញុំនៅទីនោះ... ខ្ញុំបានបន់ស្រន់ សូមឲ្យវិញ្ញាណក្ខន្ធរបស់នាងមកពន្យល់ប្រាប់ខ្ញុំថា ហេតុអ្វីក៏បានជានាងសំលាប់ខ្លួនអែងដូច្នេះ?... តែខ្ញុំពុំដែលយល់សប្ដិឃើញដូច្នេះសោះ... ខ្ញុំច្រើនតែយល់សប្ដិឃើញនាងយូរ៉េត នៅពុំទាន់ស្លាប់... សព្វថ្ងៃនាងកំពុងធ្លាក់ខ្លួនចុះក្នុងសេចក្ដីទុក្ខលំបាក ហើយនាងស្រែកអំពាវនាវសុំឲ្យខ្ញុំជួយនាង... ខ្ញុំពុំសូវជឿថា នាង យូរ៉េត នៅមានជីវិតរស់នៅឡើយ ហើយសុំឲ្យខ្ញុំជួយដោះទុក្ខនាងនោះទេ... ការដែលខ្ញុំយល់សប្ដិឃើញបែបនេះ ក៏ដោយសារតែពីចិត្ដរបស់ខ្ញុំរវើរវាយប៉ុណ្ណោះ... ហើយ ទីបំផុត ខ្ញុំក៏គិតថាបើទុកជាខ្ញុំខំគិតយ៉ាងណា ក៏គ្មានប្រយោជន៍អ្វីដែរ...
ព្រឹកថ្ងៃសុក្រមួយ ក្នុងពេលដែលខ្ញុំកំពុងអង្គុយធ្វើការ លេខហារីបានចូលមកប្រាប់ខ្ញុំថា មានស្ដ្រីម្នាក់ត្រូវការចួប នឹង ខ្ញុំ។ ខ្ញុំដូចជារកនឹកពុំឃើញថា អ្នកណាត្រូវការជួប នឹង ខ្ញុំ ហើយខ្ញុំមានការអ្វីជាមួយគេ?
ខ្ញុំបានអនុញ្ញាតឲ្យស្ដ្រីនោះចូលមក ទាំងងឿងឆ្ងល់។
ស្ដ្រីចំណាស់នេះ ខ្ញុំពុំដែលបានឃើញមុខ ពុំដែលស្គាល់មែន។ គាត់បានចូលមកជួប នឹង ខ្ញុំដោយអាការសុភាពរាបសារ។
- - អ្នកមីងមានធុរៈអ្វីឬ? (ខ្ញុំសួរពេលដែលគាត់បានជំរាបសួរខ្ញុំ រួចហើយខ្ញុំបានអញ្ជើញគាត់អង្គុយដោយស្រួលបួល)។
- - ច៎ាសលោក! ខ្ញុំយកសំបុត្រមកជួនលោក (ស្ដីនោះនិយាយ ហើយហុចសំបុត្រមកខ្ញុំ)។
- - សំបុត្រអ្នកណាមីង?
- - ស្ដ្រីម្នាក់ពឹងខ្ញុំឲ្យយកមកជូនលោក។
- - ស្ដ្រីណា? ឈ្មោះអ្វី?
- - ច៎ាស! ខ្ញុំក៏មិនស្គាល់ឈ្មោះគេដែរលោក។
- - ចុះគេនៅអែណា?
- - ច៎ាសគេនៅកំពត។
- ខ្ញុំហែកសំបុត្រមើលដោយងឿងឆ្ងល់ ព្រោះតួអក្សរនៅលើស្រោម ដែលដាក់ឈ្មោះរបស់ខ្ញុំយ៉ាងត្រឹមត្រូវនោះ ខ្ញុំពុំដែលស្គាល់សោះឡើយ។
- សេចក្ដីសបុត្រនោះមានត្រឹមតែពីរបីបន្ទាត់ថា៖
លោកជាទីគោរព,
សព្វថ្ងៃនេះ ខ្ញុំកំពុងឋិតនៅក្នុងសេចក្ដីអន្ដរាយ សូមលោកមេត្ដាជួយដោះទុក្ខខ្ញុំផង អ្នកដែលកាន់សំបុត្រមកជូនលោកនេះ អាចនាំផ្លូវលោកទៅជួបនឹងខ្ញុំ។
ខ្ញុំសង្ឃឹមថា មានតែលោកម្នាក់ប៉ុណ្ណោះ ដែលអាចជួយដោះទុក្ខខ្ញុំបាន។ហត្ថលេខា យូរ៉េត
- ខ្ញុំបានសាកសួរស្រីចំណាស់នោះ ដល់ស្រុកទេសទីកន្លែងរបស់គាត់។ គាត់បានប្រាប់ថា គាត់នៅស្រុកកូនសត្វ (កំពត) ជិតផ្ទះដែលអ្នកម្ចាស់សំបុត្រនោះនៅដែរ។
- - អ្នកមីង! ម្ចាស់សំបុត្រនេះ គេទៅនៅស្រុកនោះយូរហើយឬ? (ខ្ញុំសួរ)
- - ច៎ាស! ទើប នឹង ទៅនៅប្រហែលមួយអាទិត្យប៉ុណ្ណោះ។
- - ម្ចាស់ផ្ទះនោះ ជាបងប្អូន នឹង ម្ចាស់សំបុត្រនេះឬ?
- - មើលទៅដូចជាពុំមែនបងប្អូនទេ ព្រោះម្ចាស់ផ្ទះជាអ្នកស្រុកនោះ ខ្ញុំធ្លាប់ស្គាល់យូរណាស់មកហើយ ស្គាល់តាំងពីពូជអម្បូរទៀតផង ពុំដែលស្គាល់តែម្ចាស់សំបុត្រប៉ុណ្ណោះ។
- - កាលដែលម្ចាស់សំបុត្រនេះ ទៅនៅស្រុកនោះ គេទៅតែម្នាក់អែងទេឬ?
- - ច៎ាសទៅជាមួយ នឹង ស្ដ្រីម្នាក់ និង ប្រុសម្នាក់ទៀត។
- - ចុះមីងមានសង្កេតឃើញអ្នកទាំងនោះ យ៉ាងម៉េចខ្លះ?
- - មើលទៅអ្នកទាំងពីរនាក់នោះ ព្រមទាំងម្ចាស់ផ្ទះដូចជាកោតក្រែងម្ចាស់សំបុត្រនេះណាស់។
- - ចុះគេមានផ្ដាំមកខ្ញុំថាម៉េចខ្លះទៀតដែរឬទេ?
- - ច៎ាសគេគ្រាន់តែប្រាប់ថា ឲ្យខ្ញុំនាំផ្លូវលោកទៅតែប៉ុណ្ណោះ។
ខ្ញុំបានសាកសួរស្ដ្រីនោះដល់ទីកន្លែងដែលគាត់សំណាក់នៅក្រុងភ្នំពេញ។ គាត់បានប្រាប់ថា គាត់សំណាក់នៅ នឹង ផ្ទះលោកកុម្មីស្សែរផេង នៅផ្សារសួនចាស់មាត់ទន្លេ ដែលខ្ញុំអាចទៅរកឃើញបានដោយងាយហើយ។ ខ្ញុំបានសន្យា នឹង គាត់ថា ស្អែកនេះថ្ងៃសៅរ៍ម៉ោង១២ ខ្ញុំ នឹង ទៅទទួលគាត់នៅដើមពោធិ៍មុខផ្ទះលោកផេង ដើម្បីធ្វើដំណើរទៅកំពតជាមួយគ្នា។
ខ្ញុំនឹកគិតដល់ការយល់សប្ដិរបស់ខ្ញុំពីថ្ងៃមុន ដែលធ្លាប់ស្រមៃឃើញថា នាង យូរ៉េត កំពុងឋិតនៅក្នុងសេចក្ដីអន្ដរាយ ហើយស្រែកហៅឲ្យខ្ញុំជួយនាង។ ការយល់សប្ដិបែបនេះ អាចជានិមិត្ដរូបនៃការស្មានរបស់ខ្ញុំថា នាងយូរ៉េតនៅមានជីវិតរស់ នៅឡើយ ក៏ថាបាន។
សំបុត្រនេះ ខ្ញុំជឿខ្លះពុំជឿខ្លះ។ ការដែលខ្ញុំបានសន្យាជាមួយស្ដ្រីចំណាស់នោះ ក៏សន្យាដោយអិតគិតវែងឆ្ងាយ។ ខ្ញុំត្រូវប្រើគំនិតយ៉ាងខ្លាំង។ ខ្ញុំគិតថា នាងយូរ៉េតបានធ្វើអត្ដឃាតកម្មស្លាប់បាត់បង់ជីវិតទៅហើយ អីលូវនាងបែរជាមានជីវិតរស់នៅឡើងវិញហើយ។ រឿងនេះយ៉ាងណាទៅវិញ? ក្រែងលោនរណាត្រូវការបោកបញ្ឆោតខ្ញុំលេងទេដឹង ព្រោះគេដឹងថា ខ្ញុំស្រលាញ់នាងយូរ៉េត? ឬក៏មានគេត្រូវការជីវិតខ្ញុំ? ប្រសិនបើអ្នកណាត្រូវការជីវិតខ្ញុំមែននោះ អ្នកនោះគឺអនុសេនីយ ស៊ឺ សេនាសំណប់ ដាប ឈួន ព្រោះគេគិតថា ខ្ញុំមានការទាក់ទង នឹង នាងយូរ៉េត ឬក៏គេសង្ស័យថា នាងយូរ៉េត ស្រលាញ់ខ្ញុំ ហើយគេក៏ស្អប់ខ្ញុំ ចង់សំលាប់ខ្ញុំចោលក៏ពុំដឹង?
មួយអន្លើ ខ្ញុំចង់យករឿងនេះទៅប្រាប់មិត្ដ សុខ សម្បូរ តែមួយអន្លើ ខ្ញុំគិតថា កុំនាំឲ្យរវល់ នឹង រឿងផ្ទាល់ខ្លួនរបស់ខ្ញុំ។ រឿងនេះ ក្លាយទៅជាបញ្ហាដ៏ស្មុគ្រស្មាញសំរាប់ខ្ញុំ ក្នុងថ្ងៃនេះព្រោះត្រូវខ្ញុំគិតតែម្នាក់អែង។
តើខ្ញុំគួរទៅ ឬពុំគួរទៅកំពត?
ទីបំផុត ខ្ញុំបានសំរេចចិត្ដថា ត្រូវតែទៅ ទៅតែម្នាក់អែង ទៅរកនាងយូរ៉េត បើទុកជាការនេះ ត្រូវគេបញ្ឆោតយកខ្ញុំទៅសំលាប់ចោលក៏ដោយ។
លុះដល់កំណត់ពេល ខ្ញុំក៏បានទៅទទួលយកស្ដ្រីចំណាស់នោះពីផ្សារសួនចាស់ ហើយធ្វើដំណើរទៅកំពតដោយរថយន្ដហ្សីបដែលខ្ញុំបានខ្ចីពីមិត្ដភក្ដិ។ យើងបានទៅដល់ក្បាលរមាសនៅម៉ោង ១៥។ តែពេលនោះស្ដ្រីចំណាស់អ្នកនាំផ្លូវបានឲ្យយោបល់ដល់ខ្ញុំថា គាត់ពុំគួរនៅជិះឡានជាមួយ នឹង ខ្ញុំទៅដល់ទីកន្លែងដែលនាង យូរ៉េត នៅឡើយ ព្រោះក្រែងមានរឿងរ៉ាវពុំស្រួលដល់គាត់។ គាត់បានឲ្យខ្ញុំបើកឡានទៅមុនគាត់ ហើយគាត់ជិះរ៉ឺម៉កទៅតាមក្រោយ ដោយគាត់បានប្រាប់ឲ្យខ្ញុំទៅរកផ្ទះ ដែលនាងយូរ៉េត នៅនោះ យ៉ាងល្អិតល្អន់។ ខ្ញុំក៏យល់ព្រមតាម។
ខ្ញុំក៏ចាប់ផ្ដើមសង្ស័យដល់រឿងពុំល្អដូចមុនទៀត គឺសង្ស័យថា ក្រែងគេបញ្ឆោតយកខ្ញុំទៅសំលាប់ចោល ព្រោះស្រុកកូនសត្វជាស្រុកព្រៃ នៅឆ្ងាយពីទីរួមខេត្ដ ឆ្ងាយពីប៉ូលិសទាហាន។ តែចិត្ដមួយគិតថា បំណាច់ជាជ្រុលមកប៉ុណ្ណេះហើយ ត្រូវតែទៅឲ្យដល់ ទោះជាយ៉ាងណាក៏ដោយ។ បើទុកជាគេបញ្ឆោតខ្ញុំ យកទៅសំលាប់ចោលមែននោះ ក៏មើលទៅដូចជាពុំងាយ នឹង សំលាប់លេងដោយៗទេ ព្រោះខ្ញុំដឹងខ្លួនមុន ខ្ញុំពុំប្រមាទ ខ្ញុំមានកាំភ្លើង ការសំលាប់មនុស្សដែលដឹងខ្លួនមុនហើយ ដែលបានប្រុងខ្លួនមុនដូចខ្ញុំនេះ ក៏ជាការពុំងាយប៉ុន្មានឡើយ។
ខ្ញុំបានទៅរកផ្ទះ ដែលនាងយូរ៉េត នៅនោះឃើញ។ ខ្ញុំបានជួបនាង យូរ៉េត របស់ខ្ញុំ ដូចពាក្យណែនាំរបស់ស្ដ្រីអ្នកនាំផ្លូវនោះមែន។ ខ្ញុំបានសង្កេតឃើញអ្នកនៅជាមួយនាងទាំងអស់សង្ស័យលើរូបខ្ញុំ។ ពេលនោះខ្ញុំគិតថា ខ្ញុំត្រូវប្រើឧបាយកល «អូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក»។ ខ្ញុំបានសំដែងអាការទាក់ទាក់ ជាមួយអ្នកម្ចាស់ផ្ទះព្រមទាំងមនុស្សអ្នកនៅកំដរនាង យូរ៉េត យ៉ាងស្រួល។ ខ្ញុំនិយាយស្ដីជាមួយនាងយូរ៉េត ដោយការគោរពល្មមតែសំដែងឲ្យអ្នកទាំងនោះយល់ថា រូបខ្ញុំជាអ្នកបំរើរបស់អ្នកណាមួយ។ អែនាងយូរ៉េត វិញក៏ហាក់ដូចជាដឹងចិត្ដខ្ញុំ ព្រោះនាងបាននិយាយស្ដីជាមួយខ្ញុំ តាមទំនងនាយចៅហ្វាយនិយាយទៅកាន់អ្នកបំរើ។ ខ្ញុំនិយាយប្រាប់នាង ព្រមទាំងអ្នកទាំងអស់នោះថា លោកបានប្រើឲ្យខ្ញុំបាទមកទទួលយកនាងទៅភ្នំពេញ តែយកទៅតែម្នាក់អែង ដោយពុំចាំបាច់ឲ្យអ្នកដែលនៅកំដរទៅជាមួយផងឡើយ ព្រោះនាងយូរ៉េត នឹង ត្រូវត្រលប់មកទីនេះ នៅថ្ងៃខានស្អែក។ ការដែលខ្ញុំធ្វើជានិយាយថា លោកបានប្រើឲ្យខ្ញុំបាទមកទទួលយកនាងទៅភ្នំពេញនោះ ក៏ព្រោះខ្ញុំគិតថា អ្នកទាំងអស់នោះមុខជាថាពាក្យ«លោក» ដែលខ្ញុំហៅនោះ ក៏គឺលោកយកនាង យូរ៉េតមកលាក់ទុកនៅទីនេះនុ៎ះអែង។
ការនេះពិតដូចខ្ញុំស្មានមែន។ អ្នកទាំងនោះ គ្មានសាកសួរដេញដោលអ្វីច្រើនឡើយ។ ពួកគេបាននាំគ្នាជួយរៀបចំសំពត់អាវ នាង យូរ៉េតទៀតផង។ ខ្ញុំពេញចិត្ដចំពោះគំនិតរបស់ខ្ញុំដនេះជាខ្លាំង។
ខ្ញុំបាននាំនាងយូរ៉េត ចេញពីទីនោះ នៅម៉ោង ១៦កន្លះ។ ខ្ញុំបានសាកសួរនាងដល់រឿងរ៉ាវផ្សេងៗ ដែលនាងត្រូវទៅស្រុកកូនសត្វនេះ។ ខ្ញុំបាននិយាយប្រាប់នាងអំពីរឿងខ្មោចដែលគេរកឃើញនៅមុខវត្ដកែវព្រះភ្លើង ហើយគេបានសន្និដ្ឋានថា ជាខ្មោចនាងដែលធ្វើអត្ដឃាតកម្ម ហើយខ្ញុំក៏ជឿថាដូច្នោះដែរ។
នាងដូចភ្ញាក់ខ្លួនព្រើត ហើយនាងបាននិយាយរឿងរ៉ាវប្រាប់ខ្ញុំថា ការដែលនាងត្រូវទៅស្រុកកូនសត្វនេះ គឺលោកអនុសេនីទោ ស៊ឺ ជាអ្នកនាំនាងទៅ ដោយការបង្ខិតបង្ខំ ហើយបានចាត់មនុស្សពីរនាក់ទៀត គឺប្រុសម្នាក់ស្ដ្រីម្នាក់ឲ្យទៅនៅចាំយាមនាង កុំឲ្យនាងទៅណា ដែលមើលទៅដូចជាគេយកនាងទៅឃុំឃាំងទុក។
លុះខ្ញុំបានស្ដាប់ពាក្យសំដីនាងយូរ៉េតដូច្នេះ ខ្ញុំក៏ចាប់ផ្ដើមសង្ស័យឡើងថា រឿងនេះប្រហែលកលឧបាយរបស់អនុសេនីទោ ស៊ឺទេ ព្រោះថា ដំបូង ដាប ឈួន បានបង្គាប់ឲ្យចាប់យកនាង យូរ៉េត មកឲ្យវា អនុសេនីទោស៊ឺ ក៏ប្រតិបត្ដិតាម តែលុះយកបានមកហើយ អនុសេនីយទោ ស៊ឺ ក៏ប្រហែលស្រលាញ់នាងដែរ ដើម្បីបំបាត់ដាននេះ (បើតាមខ្ញុំគិត) អនុសេនីយទោនេះ ត្រូវនាំនាងយូរ៉េត យកទៅលាក់ពួនទុកនៅស្រុកកូនសត្វ គេយកស្ដ្រីណាម្នាក់ផ្សេងទៀតយកទៅសំលាប់ ហើយបោះចោលទៅក្នុងទន្លេដោយយកសំលៀកបំពាក់ និង ចញ្ជៀនរបស់នាងយូរ៉េត ទៅបំពាក់ នឹង រូបស្ដ្រីដែលគេសំលាប់នោះ ព្រោះថានៅពេលដែលប៉ូលិសឃើញខ្មោច ហើយផ្សាយដំណឹងថា ជាខ្មោចនាងយូរ៉េតនោះ ក៏ផ្សាយតាមការអះអាងក្នុងការស្ដាប់របស់អនុសេនីទោនោះ ដែលបានឲ្យការប៉ូលិសថា វាស្គាល់ដោយសារសំលៀកបំពាក់ និង ចញ្ជៀនរបស់នាងដែរ។
ខ្ញុំបាននិយាយពីការសង្ស័យរបស់ខ្ញុំ ដូចខាងលើឲ្យនាងយូរ៉េតស្ដាប់។ នាងជឿខ្លះពុំជឿខ្លះ។ នាងនិយាយថា ដូចជាពុំគួរគិតដូច្នោះសោះ ព្រោះអនុសេនីយទោនេះ ខ្លាចលោកមេទ័ពសៀមរាបណាស់ ហើយខ្លួនគេជាសេនាសំណប់របស់មេទ័ពនោះផង តែមានការគួរឲ្យគិតយ៉ាងនោះខ្លះៗដែរ គឺមានពេលច្រើនដងដែលអនុសេនីយនោះ បានប្រើពាក្យសំដីប្រលោមលួងលោមក្នុងផ្លូវស្នេហារកនាង ហើយនាងក៏បានបាត់របស់ដូចជាគេរកឃើញជាប់ នឹង ខ្លួនខ្មោច នោះមែនដែរ។
ខ្ញុំបាននិយាយប្រាប់នាងវិញថា ប្រសិនបើការស្មានរបស់ខ្ញុំពុំខុសទេនោះ ខ្ញុំគិតថា ធម្មតាចោរពុំដែលមានចិត្ដស្មោះត្រង់ នឹង គ្នាទេ ហើយយើងក៏ពុំគួរជាគិតថា ចោរ នឹង ពុំលួចចោរ រឺ ក៏ចោរ នឹង មិនប្លន់ដណ្ដើមពីចោរគ្នាវានោះសោះឡើយ។
អីលូវខ្ញុំជឿជាក់ថា ខ្មោចស្ដ្រីដែលគេរកឃើញថា ធ្វើអត្ដឃាតកម្មនោះ ប្រាកដជាពុំមែនដូច្នោះទេ។ ខ្មោចនោះ គឺប្រាកដជាអនុសេនីយទោនោះ នាំស្ដ្រីណាម្នាក់យកទៅច្របាច់កសំលាប់ចោល ហើយក៏យកសំពត់អាវ និង ចញ្ជៀននាងយូរ៉េត ទៅបំពាក់ឲ្យ ហើយបោះចោលទៅក្នុងទន្លេចតុមុខ។
តែស្ដ្រីនោះជាអ្នកណា? កូនចៅអ្នកណា? ខ្ញុំក៏ពុំអាចដឹងបានដែរ។
ដំបូងខ្ញុំគិតថា នឹងនាំនាងយូរ៉េត ត្រលប់មកភ្នំពេញវិញ តែលុះទៅដល់ក្បាលរមាស ខ្ញុំក៏ហួសទៅលេងកែបសិន។ ខ្ញុំក៏បានបញ្ជារថយន្ដឲ្យលូនឆ្ពោះទៅរកកែប។
- - ខ្ញុំគិតថា (ខ្ញុំនិយាយក្នុងខណដែលរថយន្ដលូនសន្សឹមៗតាមផ្លូវថ្នល់) យើងគួរស៊ើបសួរ ដើម្បីឲ្យបានដឹងច្បាស់ក្នុងរឿងខ្មោចនេះ។
- - ណ្ហើយវានាំឲ្យខូចពេលវេលាអិតអំពើទេ។
- - ចុះមានទៅខូចខាតអី បើយើងគ្រាន់តែស៊ើបសួរឲ្យដឹងការពិតប៉ុណ្ណោះ។
- - ខ្ញុំមើលទៅដូចជាគ្មានប្រយោជន៍អ្វីទេ វាមានតែពីត្រូវរងទុក្ខទោសទៀតផង ព្រោះគេមានអំណាច អាចធ្វើអីយើងបានតាមចិត្ដ យើងកុំទៅរវល់ នឹង រឿងនោះធ្វើអី យើងគិតតែពីរិះរកផ្លូវ ដើម្បីចាប់ផ្ដើមតាំងជីវិតសាជាថ្មីវិញទៅល្អជាង។
- - ខ្ញុំជឿជាក់ថា ខ្មោចនោះគឺស័ក្ដិពីរ ស៊ឺនុ៎ះអែង ជាអ្នកសំលាប់ សំលាប់ដើម្បីបំបាត់ដាន ព្រោះវាចង់បានអ្នកនាង។
នាងយូរ៉េតពុំឆ្លើយថាអ្វី។ ខ្ញុំដឹងថា នាងពុំចង់ដឹងពុំចង់លឺ នូវ រឿងនោះ។ ខ្ញុំបាននិយាយបំបែរទៅរឿងថ្មី។ ខ្ញុំប្រាប់នាងថា យប់នេះចង់ទៅសំរាកកាយអែកែប។ នាងយូរ៉េតបានព្រមព្រៀងតាមខ្ញុំ។
លុះហួសផ្លូវបំបែកទៅដំណាក់ចង្អើរបន្ដិច ខ្ញុំបានបញ្ឈប់រថយន្ដ។ យើងបាននាំគ្នាចុះពីរថយន្ដ ហើយទៅឈរមើលទេសភាពនានា មើលព្រះអាទិត្យដែលបញ្ចេញរស្មីនៅពេលជិតព្រលប់។
ចាប់តាំងពីពេលដែលខ្ញុំបានជួបស្គាល់នាង យូរ៉េតមក ខ្ញុំ នឹង នាង ពុំដែលបាននិយាយគ្នាពីរឿងស្នេហាម្ដងសោះ។ អីលូវខ្ញុំព្រមទទួលខ្លួនថា ខ្ញុំស្រលាញ់នាង យូរ៉េត ហើយ តែខ្ញុំនៅពុំទាន់ដឹងថា តើនាងយូរ៉េតស្រលាញ់ខ្ញុំ ដូចខ្ញុំស្រលាញ់នាងដេររឺទេ? ខ្ញុំរកស្មានពុំត្រូវថា តើនាង នឹង ថាដូចម្ដេច ប្រសិនបើខ្ញុំបញ្ចេញ នូវ ពាក្យប្រាប់នាងថា ខ្ញុំស្រលាញ់នាងនោះ។
ប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយ ការធ្វើដំណើរពីរនាក់កាត់ទេសភាពដ៏ល្អពីធម្មជាតិយ៉ាងនេះ មើលទៅក៏ហាក់ដូចជាមានអ្វីមកជុំរុញចិត្ដយើងឲ្យធ្ងន់ក្នុងផ្លូវស្នេហាខ្លាំងឡើងៗ។ យើងឃើញបក្សីហើរឆ្វៀលឆ្វាត់កាត់រកអាហារ ហើយប្រុងប្រៀបខ្លួនប្រាណហើរត្រឡប់ទៅរកសំបុកវិញ ចំណែកខាងយើងទាំងពីរនាក់អែណេះ យើងពុំទាន់ដឹងថា តើសំបុករបស់យើងនៅអែណាឡើយ?
ពន្លឺព្រះអាទិត្យក៏ចេះតែបន្ទាន់រស្មីម្ដងបន្ដិចៗ។ ភូមិភាគដែលមានផ្ទៃដីដ៏ធំល្វឹងល្វើយវែងឆ្ងាយ ដាច់កន្ទុយភ្នែកដូច្នេះយើងគិតថា កាលបើអស់រស្មីព្រះអាទិត្យទៅហើយ ក៏មុខជាងងិតស្ងាត់ឈឹងគួរឲ្យខ្លាច។
- ពុំយូរប៉ុន្មាន ព្រះអាទិត្យក៏បាំងខ្លួនបាត់ទៅ នឹង ភ្នំខាងលិច ហើយសភាពងងឹតក៏គ្របដណ្ដប់ជុំវិញខ្លួនយើង។
- - លោក(នាងយូរ៉េតចាប់ផ្ដើមនិយាយឡើង) ខ្ញុំគិតថា លោកកំពុងតែគិតរឿងអីម្យ៉ាង យ៉ាងជ្រាលជ្រៅ។
- - ទេ! ខ្ញុំគ្មានគិតអ្វីទេ ខ្ញុំកំពុងតែប្រាថ្នាថា សូមឲ្យគ្រោះកាចចង្រៃទាំងអស់របស់អ្នកនាងអន្ដរធានបាត់ទៅ ដូចរស្មីនៃ ព្រះអាទិត្យដែល នឹង លិចអម្បាញ់មិញនេះ។
- - តែខ្ញុំពុំចង់ឈានចូលទៅក្នុងភាពងងឹត អញ្ចឹងទេលោក។
- - ពុំងងិតទេ! ព្រះអាទិត្យលិចបាត់ទៅទិសខាងលិចមែន តែព្រះច័ន្ទ នឹង រះឡើងពីទិសខាងកើតមកជំនួសវិញ។
- - តេទំរាំយើងបានឃើញពន្លឺព្រះចន្ទ យើងក៏ងងិតអស់ពេលច្រើនម៉ោងទៅដែរ។
- - ក៏ប៉ុន្ដែ កាលបើមានអ្នកនាងនៅជាមួយ (ខ្ញុំបាននិយាយ ធ្វើដូចជាពុំដែលធ្លាប់និយាយជាមួយនាងយូរ៉េតសោះ) ខ្ញុំក៏ភ្លឺជានិច្ច រូបអ្នកនាងជាពន្លឺនៃដួងចិត្ដរបស់ខ្ញុំ គ្រប់ពេលវេលា។
- - នាងយូរ៉េត បែរមុខមកសំលឹងមើលខ្ញុំ... នាងសំលឹងមើលដោយក្រសែភ្នែកដ៏មុត... ក្រសែភ្នែកដែលអាចចាក់បេះដូងរបស់ខ្ញុំឲ្យមុតធ្លុះធ្លាយ...
- - ខ្ញុំស្រលាញ់អ្នកនាង...! (ខ្ញុំពោលនៅពេលដែលក្រសែភ្នែកដ៏មុតរបស់នាង សំលឹងចំមកភ្នែករបស់ខ្ញុំ ហើយក្រសែភ្នែកនោះ ក៏មិនផ្លាស់កន្លែងទៅណាទៀត ដែលធ្វើឲ្យខ្ញុំនឹកក្រែងថា ពាក្យសំដីយ៉ាងនេះ នឹង ធ្វើឲ្យនាងពុំសប្បាយចិត្ដ)។ តែបន្ដិចមក ខ្ញុំឃើញនាងញញឹមបន្ដិចៗ ដែលធ្វើឲ្យការក្រែងរបស់ខ្ញុំសន្សឹមបាត់ទៅម្ដងបន្តិចៗ។
- - លោក (នាងយូរ៉េតនិយាយដោយសំលេងញ័រៗ) ខ្ញុំពុំដឹងជាឆ្លើយជំរាបលោកវិញថាយ៉ាងម៉េចទេ...
- - ពិបាកណាស់ទៅរឺអ្នកនាង? ពិបាកណាស់រឺ ដែលអ្នកនាង នឹង ឆ្លើយប្រាប់ខ្ញុំ ឲ្យបានដឹងផងនោះ?
- - ចុះបើខ្ញុំឆ្លើយជំរាបលោកថា ខ្ញុំស្រលាញ់លោកដែរនោះ តើផលយ៉ាងណាទៅ?
- - ផលគឺ ធ្វើឲ្យខ្ញុំសប្បាយចិត្តតែប៉ុណ្ណោះ។ តែចួនកាល វាបានផលផ្ទុយទៅវិញក៏មិនដឹង។
- - ផ្ទុយ? ផ្ទុយយ៉ាងម៉េចទៅ?
- - ព្រោះខ្ញុំគិតថា ចាប់តាំងពីពេលដែលយើងបានស្គាល់គ្នាមក រឿងរ៉ាវរបស់ខ្ញុំ បានធ្វើឲ្យលោកពិបាកច្រើនណាស់ទៅហើយ ៗប្រសិនបើខ្ញុំឆ្លើយថា ខ្ញុំស្រលាញ់លោកទៀតនោះ ខ្ញុំគិតក្រែងលោរិតតែធ្វើឲ្យលោកពិបាកថែមទៀតទេដឹង។
- - នុ៎ះជារឿងផ្សេងដោយលែកពីគ្នា រឿងស្រលាញ់ រឺ ពុំស្រលាញ់នោះ ជាបញ្ហានៅក្នុងផ្លូវចិត្ត អែពិបាក រឺ ពុំពិបាកនោះ ជាបញ្ហាទាក់ទង នឹង ហេតុការណ៍ យើងគួរចែកឲ្យដាច់ដោយលែកពីគ្នា។
- - លោកមានគុណលើរូបខ្ញុំច្រើនណាស់។
- - តែពាក្យសំដីអ្នកនាងទាំងអស់ នៅពុំទាន់បានបញ្ជាក់ប្រាប់ខ្ញុំថា អ្នកនាងស្រលាញ់ខ្ញុំ រឺ ក៍ពុំស្រលាញ់នៅឡើយទេ។
ខ្ញុំជាមនុស្សខ្សត់ស្នេហា ខ្ញុំពុំដែលដឹងសោះឡើយថាសេចក្ដីស្នេហានោះ មានរសជាតិយ៉ាងណា? ប្រសិនបើខ្ញុំនិយាយថា ខ្ញុំចាប់ផ្ដើមស្គាល់ នូវ សេចក្ដីស្នេហានោះ ក៏គឺខ្ញុំទើប នឹង បានស្គាល់ក្នុងកាលដែលខ្ញុំបានជួប នឹង លោកនេះអែង។
ខ្ញុំយល់ថា នុ៎ះអែងហើយ ជាចំលើយរបស់នាងយូរ៉េតថា នាងស្រលាញ់ខ្ញុំដែរ ព្រោះខ្ញុំគិតថា ខ្ញុំពុំអាចសង្ស័យ នូវ ពាក្យពេចន៍អ្វីច្បាស់លាស់ជាងនេះបានឡើយ។ បើតាមក្បួនតំរាចិត្ដវិជ្ជា ដែល ខ្ញុំធ្លាប់បានអានថា ស្ត្រីប្រៀបដូចជាឆ្មាំទ្វារ នៃ អាណាចក្រអាថិកំបាំង ស្ត្រីពុំងាយ នឹង ប្រាប់ នូវ ទឹកចិត្តរបស់នាងដល់បុរសឡើយ ព្រោះចួនកាលសម្បីតែខ្លួនអែង ក៏ពុំដឹងដែរថា ទឹកចិត្ដរបស់នាងនោះមានសភាពយ៉ាងណាឡើយ។ ដូច្នេះ ការដែលខ្ញុំបានទទួល នូវ ចំលើយពីយូរ៉េត ត្រឹមតែប៉ុណ្ណេះ ខ្ញុំក៏ពេញចិត្ដណាស់ទៅហើយ។
ខ្ញុំបានចាប់ដៃនាង... ខ្ញុំដឹងថាដៃនាងញ័រៗ សម នឹង ពាក្យដែលនាងនិយាយថា នាងពុំធ្លាប់ស្គាល់ នូវ សេចក្ដីស្នេហានោះមែន... នាងពុំបានហាមឃាត់ រឺ បំរះទាញដៃចេញទៅវិញឡើយ... ខ្ញុំលើកដៃនាងយកមកថើប.. នាងភិតភ័យញាប់ញ័រជាខ្លាំង...
- ខ្ញុំស្រលាញ់នាងណាស់ (ខ្ញុំនិយាយដើម្បីរំងាប់ នូវ ការភិតភ័យរបស់នាង) ហើយសេចក្ដីស្រលាញ់នេះរាប់ថា ជាសេចក្ដីស្នេហាគ្រាដំបូងក្នុងជីវិតខ្ញុំ ហើយនាង ក៏ជាស្ត្រីទីមួយដែលខ្ញុំស្រលាញ់ដែរ...
- លោកក៏ជាបុរសទីមួយក្នុងសេចក្ដីស្នេហារបស់ខ្ញុំដែរ។
ម៉ោង ១៩ ហើយ យើងនាំគ្នាទៅទទួលទានអាហារ និង សំណាក់នៅសណ្ឋាគារដាហ្សៀរ។
ពេលវេលាចេះតែកន្លងផុតទៅជានិច្ច។ សភាពស្ងប់ស្ងាត់នៃរាត្រីកាល ក្រៅពីសំលេងខ្យល់បោកបក់មកប៉ះ នឹង ស្លឹកឈើ និង សំលេង នៃ រលកទឹក ដែលបោកមកប៉ះ នឹង ច្រាំងនោះ បានធ្វើឲ្យខ្ញុំគិតថា ក្នុងលោកនេះដូចជាគ្មានអ្នកណាក្រៅពីរូបខ្ញុំ និង នាងយូរ៉េតឡើយ។ នេះក៏ជាការល្អណាស់ហើយ ព្រោះខ្ញុំគ្មានត្រូវការអ្វីទៀតសោះ សូម្បីរូបខ្ញុំនៅកំលោះ ហើយមានអនាគតវែងឆ្ងាយ ក៏មើលទៅដូចជាថា ខ្ញុំគ្មានប្រាថ្នាអ្វីក្រៅពីការមានជីវិតរស់នៅជាមួយនាងយូរ៉េតនោះដែរ។
- - អ្នកនាង! អ្នកនាងជឿរឺទេ?
- - ខ្ញុំជឿ! (នាងយូរ៉េតឆ្លើយកាត់ឡើង ក្នុងខណដែលខ្ញុំនិយាយពុំទាន់ផុតពាក្យ) បើលោកនិយាយយ៉ាងណាខ្ញុំជឿងទាំងអស់។
- - ខ្ញុំនឹកដល់អ្នកនាងគ្រប់ៗ វិនាទី!
- - ច៎ាស! ខ្ញុំជឿ!
- - ម៉េចបានអ្នកនាងជឿ?
- - ព្រោះ... ខ្ញុំរកអធិប្បាយជំរាបពុំបាន...
- - បើអញ្ចឹង ប្រែថា អ្នកនាងក៏នឹកខ្ញុំដែរមែនទេ?
- - ខ្ញុំពុំអាចបដិសេធបានទេ ព្រោះលោកជាសុភាពបុរសមានគុណសម្បត្ដិដ៏ល្អ ល្មមធ្វើឲ្យខ្ញុំនិយាយពាក្យពិតជំរាបលោក ខ្ញុំនឹកដល់លោក... នឹកទាល់តែពិបាក នឹង និយាយ។
ខ្ញុំអោបរិតរាងកាយរបស់នាង យូរ៉េត ផ្ទប់ នឹង ដើមទ្រូងរបស់ខ្ញុំ។ ការញាប់ញ័រ នៃ រាងកាយរបស់នាង បានប្រកដឡើងដូចពេលដែលខ្ញុំបានថើបដៃនាងនៅពេលមុននោះដែរ។ ព្រោះពាយបោកបក់រំភើយៗ លាយដោយធាតុត្រជាក់មកប៉ះ នឹង រាងកាយរបស់យើង ដែលមើលទៅហាក់ដូចជាជួយសំរើបចិត្ដខ្ញុំ និង នាងយូរ៉េតឲ្យរិតតែខ្លាំងឡើងទៀត។ រស្មីព្រះចន្ទ បានសាចជះតាមបង្អួចមកត្រូវរង្វង់ភក្ដ្ររបស់នាងយូរ៉េត មើលទៅឃើញ នូវ លំអរបស់នាង ពិបាករកគូប្រៀបផ្ទឹមបាន។
ពេលនោះដូចជាពិបាកអធិប្បាយដល់សភាព នៃ ទឹកចិត្ដរបស់ខ្ញុំ ព្រោះខ្ញុំដូចជាលែងគិតអ្វីទាំងអស់ សូម្បីអនាគតយ៉ាងណា ក៏អិតអង្គឺមាន។ យើង នឹង ត្រូវចួបប្រទះ នឹង ជោគជ័យ រឺ ឧបសគ្គយ៉ាងណានោះ ខ្ញុំក៏ពុំដឹង? ខ្ញុំដឹងតែម្យ៉ាង គឺ ខ្ញុំចង់បាននាងយូរ៉េត យកមកធ្វើជាគូប្រចាំជីវិតរបស់ខ្ញុំតែប៉ុណ្ណោះ។
យប់កាន់តែជ្រៅណាស់ហើយ។ យើងបានលាគ្នាចូលដំនេករៀងខ្លួន។ នៅពេលមុនលក់ ខ្ញុំចេះតែគិតបន់ស្រន់ភាវនា សុំឲ្យខ្ញុំស្រមៃ រឺ យល់សប្ដិឃើញខ្ញុំវិញដែរ ក្នុងសភាពរីករាយ ដូចទើបកន្លងទៅអម្បាញ់មិញនេះ។
- ខ្ញុំភ្ញាក់ដឹងខ្លួនឡើងនៅពេលអរុណរះ។ តែខ្ញុំឃើញនាង យូរ៉េតក្រោកមុនខ្ញុំ។
- - លោក! លោកប្រហែលជាគេងលក់ស្រួលណាស់មើលទៅ?
- - ខ្ញុំស្រមៃឃើញអ្នកនាងជានិច្ច។
- នាងយូរ៉េតពុំឆ្លើយអ្វី។ នាងសំលឹងមើលខ្ញុំ ដោយក្រសែភ្នែកដ៏មុត ចាក់ជ្រែកចូលទៅក្នុងបេះដូងរបស់ខ្ញុំ ក្រសែភ្នែក ដែលសំដែងចេញមក នូវ សេចក្ដីស្នេហាស្មោះស្ម័គ្រ។
- ខ្ញុំខំអត់សង្កត់ចិត្ដពុំប្រព្រិត្ដល្មើសលើសលស់លើរូបនាងយូរ៉េត។ អែនាងវិញ ក៏ពុំបានសំដែងអាការឲ្យខ្ញុំឃើញថា ប្រសិនបើខ្ញុំប្រព្រិត្ដល្មើសលើសលស់លើរូបនាងនោះ នាង នឹង មិនយកចិត្ដទុកដាក់អ្វីឡើយ។
- - យូរ៉េ! បង.. (ខ្ញុំចាប់ផ្ដើមនិយាយឡើងទៀតដោយហៅឈ្មោះនាងចំ និង ថា បង ព្រោះតាំងពីដើមមក ខ្ញុំពុំដែលហ៊ានហៅឈ្មោះនាង និង ថា បងដូច្នេះសោះ) បងបានពិចារណារួចអស់ហើយថា ខ្លួនបងត្រូវតែរកផ្លូវសំរាប់សាងអនាគត បងសំលឹងមើលទៅឃើញ នូវ ភារដ៏ធ្ងន់ធ្ងរនៅខាងមុខបង តែបងយល់ថា បងអាច នឹង ធ្វើបាន ប្រសិនបើមានគូជីវិតដ៏ល្អ ហើយគូជីវិតនោះ បងពុំអាចរកអ្នកណាឲ្យបានល្អដូចយូរ៉េត បានដែរ...។
- - ចុះបងបានរកអស់ហើយរឺ? (នាងយូរ៉េត ក៏ចាប់ផ្ដើមហៅខ្ញុំថាបងវិញដែរ)
- - នៅ! បងនៅពុំទាន់បានរកនៅឡើយទេ។
- - ចុះបង នឹង ដឹងយ៉ាងម៉េចបានថា បង នឹង រកស្ត្រីល្អជាងអូនពុំបាន?
- - ទឹកចិត្ដបងបានប្រាប់បងថា បងពុំអាចរកគូជីវិតដែលល្អដូចអូនយូរ៉េតបានទេ បងត្រូវលើកដំកើងអូនទុកជាដួងកែវជីវិតរបស់បង បងសុំប្រគល់ជីវិតរបស់បងឲ្យយូរ៉េតទាំងស្រុង។
នាងយូរ៉េត លែងនិយាយអ្វីទៅទៀត។ នាងសំលឹងមើលមុខខ្ញុំ ដោយនេត្រាដែលមានទឹកដក់ជាប់នៅក្នុងត្របក។ ប៉ុន្ដែទឹកភ្នែកនេះ មានន័យដូចម្ដេច ក៏ពិបាក នឹង ដឹងបានដែរ ព្រោះទឹកភ្នែក នៃ ស្ត្រីភេទ អាចប្រែសេចក្ដីបានច្រើនយ៉ាង សូម្បីខ្លួននាងដែលជាឆ្មាំទ្វារស្រាប់ ក៏ពុំអាចដឹងដែរ ថា នៅក្នុងអាណាចក្រនោះមានអ្វីខ្លះផង? អ្នកណាជាម្ចាស់ នៃ អាណាចក្រនោះ?