កំណប់ភុជង្គនាគ
ដោយ វង់ ផឿង
©រក្សាសិទ្ធិគ្រប់យ៉ាង
****************************************
៦ -ផ្លែផ្កានៃការក្បត់
ថ្ងៃសៅរ៍ ទី19.មករា 2019.ម៉ោង 8:25
រត្តិកាលខ្មៅស្លុប សមុទ្រភ្លឺស្លាំងៗ ដោយរស្មីតារាដែលរះរហង់លើមេឃា អច្ឆរិយា ឈរមើលរាងកាយអាក្រាតនៃ នាងបារាំសែស គេងដូចត្រូវមន្តសន្ដំលើពូក សម្លៀកបំពាក់របស់នាង គឺអ្នកបានសំរាត ដើម្បីអោយសេរីរៈកាយនាង មានខ្យល់ចេញស្រួល ដោយពិលនៅលើតុស្រាប់ដៃ អច្ឆរិយា កាន់សម្ភារពន្លឺនេះភ្លាម ដោយសភាវគតិ។ អ្នកយល់ថា អោកាសនេះដល់ហើយ ដែលអ្នកត្រូវមុជទឹកដោយពាក់ប្រដាប់សន្សំដង្ហើម ក៏ប៉ុន្តែមុននិងចុះ តើអ្នកត្រូវមើលអ្វីខ្លះ? មែននៅក្រោមបាតនាវា ដែលជាកម្មសិទ្ធិរបស់នាងម៉ារីណា នាងម៉ារីណា ដែលជាកម្មសិទ្ធិ របស់ទ្រូងប្រកិតពិផាតតើ នាវានេះមានផ្ទុកអ្វីខ្លះ? មីសែសនេះមិនងាយភ្ញាក់ទេ។ ដប់ម៉ោងមិនដឹងជាភ្លឺអែណាផង។ អ្នករើក្នុងក្របូបនាង ម៉ារីណា យកសោមួយចង្កោម អ្នកចុះជណ្ដើរទៅអែបាតនាវាបើកសោទ្វារ។ រង្វង់ពន្លឺពិលបញ្ចាំងជាបឋម ប៉ះលើសម្ភារៈ វិទ្យុអិតខ្សែមួយ (T S F) កាំភ្លើងការ៉ាប៊ីន ៨ដើម រួចហឹបគ្រាប់ធុងរំសេវផ្ទុះ, ប៉ៃអាខ្មោចឆៅអ្ហើយ, នាវានេះជានាវា ចំបាំងដែលគេបន្លំលាបពណ៌ស អែកអុត្តមប្រកិតពិផាត ពិតជាមានបំណងមួយ។ គឺក្រោយពីបានជួលគេមុជទឹក ស្ទួចយកកំណប់មាស ១០០០គីឡូក្រាមបានហើយ អែកអុត្តម នឹងដាក់មាសនេះ ព្រមទាំងសហការី បុត្រីអមរា និងមីសែស ប្រពន្ធចុងនេះភៀសខ្លួនមួយគ្រាទៅអែបរទេស។
តែអនិច្ចាផែនការនេះ ត្រូវអធិការ ពិសិទ្ធី គឺបុរសពាក់មុខក្រហមក្បត់ឯកឧត្ដម ការនេះក៏ខកមួយគ្រា ពេលវេលានៃការបាត់ “ផែនទីមហាកំណប់” មិនទាន់ជាយូរនៅឡើយទេ ឯកឧត្ដមមិនទាន់អស់សង្ឃឹមឡើយ វិទ្យុអិតខ្សែ (T S F) នេះសំរាប់ទាក់ទង សំងាត់រវាងនាងម៉ារីណា និង ឯកឧត្ដម កញ្ចាស់ជាស្វាមី តាមអច្ឆរិយាយល់មិនមែនជារឿង កំណប់មាសទេ។ ប្រកិតពិផាតមិនមែនប្រគល់ការអោយស្ត្រីកាន់កាប់នោះសោះ តាមដែលយល់ វិទ្យុអិតខ្សែនេះទាក់ទងប្រាប់ថាឯកឧត្ដមមក “ស្រ៊ីន” មីសែសនេះនៅថ្ងៃនេះ រឺ ថ្ងៃនោះ ចុះប្រសិនបើឯកឧត្ដមប្រកិតពិផាត មិនទុកចិត្ត ប្រពន្ធលួចឆ្មក់មកចំ “រាត្រីផ្សំដំនេក” នៃម៉ារីណា+អច្ឆរិយា? ប៉ៃអាខ្មោចឆៅអើយ មុខជាឃើញឋានសួគ៌ + ឋាននរកហើយ! ម៉ារីណា ប្រាប់អ្នកថា ថ្ងៃសៅរ៍ទើប ឯកឧត្ដមមក ថ្ងៃនេះជាថ្ងៃព្រហស្បត៍ មួយថ្ងៃកន្លះទៀតទេ “មហាសត្រូវលេខ១” នឹងមកជាន់មីសែសនេះ តែកំណប់ភុជង្គនាគ ដែលអ្នកដាក់ងារកំលាចអាចោរសៀម តាមពិតជាមាសខ្មែរ ត្រូវតែយកអោយបានមុន ឯកឧត្ដមនេះ មកជាន់នាវានេះ ទោះតាមមធ្យោបាយណាក៏ដោយ មធ្យោបាយវាមានមិនហួសពី ៣៦បែបទេ។ អ្នកបើកធុងច្រកគ្រាប់ ក្នុងកាំភ្លើងការ៉ាប៊ីនស្វ័យប្រវត្តិទាំងបីពេញស្រេចអស់ អ្នកហាក់ដឹងថា អ្នកត្រូវការអាមិត្ត ទាំងអស់នេះណាស់នៅពេលឆាប់ៗ នេះ។
ពិលឈួលតទៅទៀតធុងដ៏មានសាំងពេញតម្រៀបគ្នាជាច្រើន អ្នកលើកធុងទាំងអស់នេះចាក់ទៅក្នុងធុងសាំងនៃគ្រឿងចក្ររហូតដល់ពេញ ចំណីអាហារនៃគ្រឿងចក្រនេះអាចធ្វើអោយនាវារត់ដល់ស្រុកខ្មែរបាន។ អ្នកចាក់សោទ្វារ ហើយឡើងមកអែបន្ទប់ ម៉ារីណាវិញ។ នៅក្រោមពន្លឺអគ្គិសនីដ៏ភ្លឺចញ្ចាច បារាំងសែស ម៉ារីណាគេង ស្រមុកឃ្វើយ យ៉ាងសែនស្រនុកទាំងអាក្រាតសោភា អច្ឆរិយា ច្រកស្រោមមុខក្បាលខ្មោច ហើយលើកសម្ភារសន្សំដង្ហើម ពាក់ដ៏មានបំពង់កៅស៊ូ ពាក់ស្បែកជើងទា ដើម្បី នឹង ហែលកាន់ពិលពិសេសមួយ សំរាប់ឆ្លុះក្នុងទឹក រួចអ្នកចាក់សោទ្វារបន្ទប់ជាប់ ដូចខ្លាចក្រែងគ្រុឌចង្រៃអែណាមកឆក់យកនាងកាកីសោភានេះទៅ។ ក្រោយពីបានបញ្ឆេះគ្រឿងចក្រហើយ នាវានេះក៏ពុះជ្រែកផ្ទៃទឹកនៃមហាជលាស័យ សំដៅកំនត់សំគាល់ នៃផែនទីចំងាយប្រមាណតែពីរគីឡូម៉ែត្រប៉ុណ្ណោះ ពីច្រាំងក្បែរភ្នំមួយដ៏មានថ្មដាលយរដិបរដុបមកក្នុងសមុទ្រ។ ក្រោយពីបានបោះយុថ្កា និង ពន្លត់ភ្លើង លើនាវាហើយ អច្ឆរិយា ប្រដាប់កាយដោយសម្ភារគ្រប់គ្រាន់ ហក់ចុះទៅក្នុងទឹក ទឹកត្រជាក់ អច្ឆរិយាមុជជ្រៅទៅ ជ្រៅទៅ ដល់បាត សែនគ្រោះថ្នាក់ណាស់ ប្រសិនបើមានត្រីឆ្លាម តែឈូងសមុទ្រសៀមជិតច្រាំងគ្មានត្រីចំពូកនេះទេ។ វារីពិលនៃ អច្ឆរិយា ឈួលទៀត នៅមុខអច្ឆរិយា ដូចមានអគារខ្មៅមួយនៅក្នុងជលសានេះ។ អច្ឆរិយា ហែលទៅជិត គឺនាវាចាស់មួយដែល លិចតាមកំនត់សំគាល់នៃផែនទី គឺជានាវាថៃមួយ ដែលលិចដោយខ្យល់ព្យុះ។ នាវានេះឈ្មោះ “ព្រះអាទិត្យ”។
- អច្ឆរិយា ចូលទៅក្នុងនាវានោះ ។
- ម្ភៃឆ្នាំ ក្នុងបាតមហាជលាស័យ គម្រោងដែកខាងក្រៅច្រេះបាក់បែកអស់ ពន្លឺពិលឈួលតទៅទៀត ប៉ៃអាខ្មោចឆៅអ្ហើយ! អដ្ឋិសង្ខលិកមួយ ដេកស្ដូកស្ដឹង គឺគម្រោងឆ្អឹង អាចោរសៀម ឈួលពិលទៅម្ខាងទៀត គំរោងឆ្អឹងមនុស្សមួយទៀត។ ម្ភៃឆ្នាំសាច់ឈាមសរសៃរលេះរលួយអស់។ គឺឆ្អឹងពលទោម្នាក់ នឹងវរសេនីយអែកម្នាក់ដែលបាញ់ប្រហារគ្នាស្លាប់នៅទីនេះ។ តែក្នុងមួយរំពេចនោះ អច្ឆរិយា ហាក់ដូចបានលឺវត្ថុអ្វីតូចមួយញែកទឹករត់មកឆ្វឺត ក្បែរត្រចៀកអ្នក គឺជាព្រួញដែលគេប្រើក្នុងទឹក ដើម្បីបាញ់ត្រីធំៗ មធ្យម ។
- ប៉ៃអា! អច្ឆរិយា ភ្ញាក់ដូចគេចោល ហើយគេចផាំងមកចំហៀង ពិលឈួលចំកន្លែងដែលព្រួញនេះរត់មក។ បុរសម្នាក់ប្រដាប់ដោយសម្ភារ:សន្សំដង្ហើមដូចអច្ឆរិយាដែរ មាឌធំដំបង ពោះកំប៉ោង កំពុងញាត់ព្រួញមួយទៀតក្នុងវារីកាំភ្លើងវ៉េស្ស័រ។ អច្ឆរិយា គ្មានអាវុធអ្វីសោះ សម្រាប់ការពារខ្លួន។
- បច្ចាមិត្រពិតជាមានប្រៀបខ្ពស់ជាង។ សេចក្ដីក្លាហានក្នុងសេចក្ដីស្លាប់មិនមែនត្រូវយកមកប្រើក្នុងពេលនេះទេ អច្ឆរិយា ហែលឡើងទៅលើសំដៅផ្ទៃជលសា។ បុរសសំងាត់ដដែលនេះ កាន់កាំភ្លើងដាក់ព្រួញដេញតាម អច្ឆរិយា ពីក្រោយហើយបាញ់ឆ្វឺត!...
- ព្រួញហោះតំរង់ត្រចៀកស្ដាំអច្ឆរិយា ហើយបុកទម្លាយបំពង់ខ្យល់កៅស៊ូធ្លាយ ដោយសារខ្យល់អុកស៊ីហ្សែន (oxygène) ទើបអច្ឆរិយាមុជក្នុងទឹកដូចមច្ឆាបាន អីលូវបំពង់អុកស៊ីហ្សែនធ្លាយ អច្ឆរិយា ពន្លត់ពិលហែលស្ទុះយ៉ាងលឿនគេចទៅម្ខាងដើម្បីបង្វែងដានសត្រូវ។
- ទឹកចូលតាមបំពង់កៅស៊ូអុកស៊ីហ្សែន ចូលរហូតដល់មាត់។ អច្ឆរិយា ថប់ដង្ហើមដាច់ខ្យល់អីលូវហើយ ស្រាប់តែភ្សឺត អច្ឆរិយា កញ្ឆក់ប្រដាប់ត្រង់ច្រមុះចេញ នៅគ្រាដែលអ្នកបានដឹងថា សក់របស់អ្នកត្រូវខ្យល់ពីលើផ្ទៃទឹកហើយ ខ្យល់! ខ្យល់! ខ្យល់! អោបើយឺតតែបីវិនាទីទៀតអញខ្ជិលដកដង្ហើមស្រេចទៅហើយ។
- អច្ឆរិយា ឡើងនាវា ស្រមោលមួយឃ្លាតចេញពីជញ្ជាំង ដៃឆ្វេងកាន់ពូថៅ ដោយនេត្រាអិន្ត្រីនៃ អច្ឆរិយា អ្នកឃើញ ដៃស្ដាំជននោះ ព្យួរនៅអែទ្រូងដោយសំពត់ខ្មៅ។ គំនិតប្រតិកម្ម អច្ឆរិយា យល់ថា គឺអាកំពិកដែលអ្នកបានជាន់ក្បាលវា អោយច្រាស់ដីខ្សាច់ពីម្សិលមិញ។ វាមកដើម្បីសងសឹក។ សងសឹកដល់ជីវិត។ មនុស្សនេះរបួសដៃម្ខាង។ ការសម្លាប់មនុស្សរបៀបនេះ ជាអំពើដ៏កំសាកថ្វីត្បិតតែអាសៀមកំពិកជាសត្រូវរបស់ខ្មែរក៏ដោយ។ អានេះស្ទុះមក យារពូថៅខ្ពស់ អច្ឆរិយាគេចទៅម្ខាង។ អាកំពិកស្រែកថា៖
- - ពីថ្ងៃមុនអញបានប្រាប់ហើយថា អាអែង នឹង ស្លាប់ដោយស្នាដៃអញ !
- - នែ៎សំលាញ់រឿងចាស់បំភ្លេចទៅខ្ញុំសុំទោសចុះ! អច្ឆរិយា និយាយដោយប្រុងគេច នឹង ពូថៅដៃសត្រូវជានិច្ច។
- - ដឹងថាមុខតែ នឹង ស្លាប់, អាអែងសំទោសអញរឺ? អាអែងឃើញឋាននរកក្នុងពេលនេះហើយ!
- វាស្ទុះហេមកកាប់ អច្ឆរិយា ។ អច្ឆរិយា គេចភ្លែតដោយគំនិតប្រតិកម្ម មើលឃើញអាវុធ សត្រូវដែលចាំងភ្លែតៗ នឹង ពន្លឺដួងផ្ដាយ។
- - អញសុំទោសអែង មិនមែនមកពីអញខ្លាចស្លាប់នោះទេ បើអែងគ្មានរបួសដៃស្ដាំនេះ អញប្រគល់ថែមកាំបិតអោយអែងមួយទៀត អញធ្លាប់ ១ ត ៧ គឺការសុំទោសរបស់អញជាការព្រមានដល់ជីវិតអែងដោយសប្បុរសធម៌ទេ អាក្របីព្រៃនោះ អិតស្ដាប់, វាមុជក្បាលចូលកាប់ អច្ឆរិយា ផាំង។
- - អោះ !
- អាសៀមភ្លាត់ឧទានស័ព្ទ ដោយពូថៅវាកាប់ជ្រុលទៅជាប់លើក្បាលបង្គោលឈើនៃនាវាគិប កប់កន្លះផ្លែរហ័សដូចពន្លឺ មុន នឹង អាកំពិកនេះដកពូថៅចេញ ពីសាច់បង្គោលឈើ បានកន្ដាប់ដៃ អច្ឆរិយា ធ្វើប្រតិកម្មយ៉ាង ដំនំលើថ្គាមវាផាំង ខ្ទាតប្រាំជំហាន
- - អាភ្លើ! បើអញសម្លាប់អាត្មាតអែង កាលពីលើកទីមួយ វាស្រេចទៅហើយ! ចិត្តធម៌ ជាគុណវិបត្តិមួយដ៏ថោកទាបបើកាលណាគេធ្វើចំពោះ អាក្រពើសៀមដូចកំពូជសាសន៍អាអែងនេះ !
- បីដូចបាដិហារ្យ ពូថៅចាំងភ្លែតៗ នឹង រស្មីនៃមេឃានៅអែដៃអច្ឆរិយា មួយប៉ប្រិចភ្នែកប៉ុណ្ណោះ ផ្លែពូថៅជ្រៀតលលាដ៏ក្បាលវាក្រិបៗ... ធ្លាយខួរ។
- មែន, អច្ឆរិយា មានបំណងចង់សន្ដោស ទោសដល់អាតិរច្ឆាននេះដែរ តែសាសន៍សៀម, ខ្មែរធ្លាប់បានស្គាល់ ច្រើនសតវត្សមកហើយជាសាសន៍អកតញ្ញូ... ហើយម្យ៉ាងទៀតបេសកកម្ម កំណប់មាស ១០០០ គីឡូក្រាមនេះធំពេកកន្លង។ មួយថ្ងៃកន្លះទៀត ត្រូវធ្វើអោយសំរេចក្នុងមធ្យោបាយ ៣៦បែប ដែល អច្ឆរិយា ចេះ បីវារសអាចរំខានបេសក កម្មដ៏ធំនេះ ។
- ស្លាប់ចុះអា ។ អិតអាណិត ។
- លោកយមបាលក៏ជ្រាបដែរ ថាអាតិរច្ឆានអែងចង់ធ្វើលិខិតឆ្លងដែនអោយអញទៅទស្សនាឋាននរក! កុំចង់ធ្វើ វរជនជាមួយអច្ឆរិយា! ធ្ងន់ណាស់អា! ធ្ងន់ជាងផែនដីនេះទៅទៀត! ប្រុសក៏ដោយ ស្រីក៏ដោយ បើចង់លជាមួយ អច្ឆរិយា វាលិចកប់ដល់គល់អ៊ីចឹង!
- អច្ឆរិយា បោះសពប្រូងទៅក្នុងទឹក ដែលលេបសពនេះបាត់មួយរំពេច។ អច្ឆរិយា បញ្ឆេះយន្តនាវាចេញដំណើរពីទីនេះអោយបានឆ្ងាយទៅអែឆ្នេរសមុទ្រ អែនាយពីកន្លែងចាស់ ព្រោះសពនេះគេ នឹង ឃើញនៅថ្ងៃស្អែកហើយ អច្ឆរិយា មិនចង់អោយប៉ូលិសសៀមមកត្រេងត្រាងជាមួយអ្នក ក្នុងរឿងឃាតកម្មនេះឡើយ។
- គ្រឿងចក្រនៃខួររបស់អ្នកគិតទៀត
- “អាមួយដែលនៅលើនាវាប្រាថ្នាប្រហារអ្នកអំបាញ់មិញនេះ ពុំមែនអាមួយនោះ ដែលលបប្រហារអ្នកនៅអែបាតសមុទ្រនោះទេ តើសត្រូវ ថ្មីរបស់អ្នកជានរណា?” បិសាចរក្សាកំណប់មាសរឺ? នាវា អច្ឆរិយា ពុះជ្រែកផ្ទៃជលសា នៅពីក្រោយបុរសម្នាក់ស្រោបក្បាលដោយសម្ភារ:សន្សំដង្ហើម, ក្បាលចេញផុតពីទឹកខំទម្លុះអន្ធការដោយក្រសែភ្នែក ប្រឹងមើលឈ្មោះនាវាដែលចេញទៅនេះ។ តែមើលពុំឃើញ។ ងងឹតហួសហេតុ។
- - យី នាវាតូចនេះអញគ្មានសង្ស័យទេ គឺពិតជានាវារបស់អាដែង កាខារ៉ង អីតីតអនុសេនីយអែក នៃកងទ័ពសៀម ដែលអញបានបាញ់ វាចំស្មាពីរគ្រាប់ គឺវាហ្នឹងហើយ! អញជួបវាក្នុងរង្គសាល វាប្រកែកថាមិនមែនវាទេ ដែលជាអនុសេនីយអែកកាខារ៉ង! អញមិនត្រូវផ្សងព្រេងក្នុងហានិភ័យដោយមានវាជាគូប្រជែងឡើយ។ ស្អែកត្រូវតែអញចាត់ការអោយវាទៅផ្លូវនរកអោយហើយ រួចបុរសនេះក៏ហែលសំដៅឆ្នេរសមុទ្រ។ ទើបនឹងដាក់អាវុធចុះលើខ្សាច់បានមួយវិនាទីសំលេងគ្រលៗ មួយៗ បន្លឺពីក្រោយខ្នងនាយ ចន្ថាណូ នេះថា៖
- - ម៉េចពលទោ ចន្ថាណូ អ្នកកាន់ចង្កូតនាវា ការងារស្រួលបួលទេ?
- សំលេងនេះ ចន្ថាណូ ថ្វីត្បិតតែ២០ឆ្នាំ បានកន្លងទៅចាំជាក់ថា ជាសំលេងអនុសេនីយអែក កាខារ៉ង។
- - អនុសេនីយអែកកាខារ៉ងមែនទេ? ចន្ថាណូ សួរ។
- ចន្ថាណូ អតីតអ្នកកាន់ចង្កូត នាវាងាកក្រោយស្គាល់រូបពិចិត្រ នៃអតីតអនុសេនីយអែកដែលគាត់បាន បាញ់ចំស្មាពីរគ្រាប់លើនាវាកាលពីម្ភៃឆ្នាំមុន អនុសេនីយអែកផ្ជង់កាំភ្លើងចំពីមុខចន្ថាណូ។
- អនុសេនីយអែកកាខារ៉ង ពិតមែន! ម្ភៃឆ្នាំហើយដែលអញរកអាអែង ហើយទីបំផុតអញបានមកជួប! អញមិនអោយ អាចន្ថាណូ អែងមកស្ទូចយកផ្លែផ្កានៃការក្បត់របស់អែងទេ!
- - មាសនេះក៏ជាផ្លែផ្កានៃការក្បត់ជាតិសៀមនៃអនុសេនីយអែកអែងដែរ! ម៉េចក៏យើងមិនសំរុះសំរួលគ្នាយើងទៅ? អនុសេនីយអែកភ្លេចខ្លួនប៉ប្រិចភ្នែក ចន្ថាណូ អតីតអ្នកកាច់ចង្កូតហូតកាំបិតខ្វាច់ពីចង្កេះ ប៉ុន្តែមុននឹងជននេះហក់ចូលមកកាន់ អតីតអនុសេនីយអែក កាខារ៉ងរលាស់កៃអាវុធផាំងៗ ធ្លុះបេះដូងវាជាពីរប្រហោង...។
- ផ្លូវទៅនរក ចំហចាំចន្ថាណូ ហើយ .....