កំណប់ភុជង្គនាគ
ដោយ វង់ ផឿង
©រក្សាសិទ្ធិគ្រប់យ៉ាង
****************************************
៥ -នាគចាស់ពីរជួបគ្នា
ថ្ងៃអាទិត្យ ទី13.មករា 2019.ម៉ោង 8:52
- ហើយចន្ថាណូ អ្នកកាន់ចង្កូតនាវាបាន តោងដងក្ដោងមានជីវិត។ ប៉ុន្តែសង្គ្រាមក្នុងស្រុកនៃប្រទេសថៃ មិនទាន់ស្ងប់នៅឡើយទេ ចន្ថាណូ ត្រូវរាជការបញ្ជូនទៅច្បាំងត្រង់នេះត្រង់នោះរហូតមក រីអែលោកអនុសេនីយឯក កាខារ៉ង ដៃឆ្វេងពិការធ្វើការធ្ងន់ពុំបាន ក្បាលទំពែកចំកណ្ដាល។ ក្នុងឆ្នាំនោះលោក អតីតសេនីយឯក នឹកភ្នកចង់មកស្ទួចយកកំណប់មាស ១០០០គីឡូក្រាមនេះដែរ។ អនិច្ចា! ក្នុងឆ្នាំតែមួយ ក្នុងរដូវតែមួយ ក្នុងអាទិត្យតែមួយ ចន្ថាណូ អតីតអ្នកកាច់ចង្កូតនាវាក៏មកក្រុងប៉ាកណាមនេះ ដើម្បីស្រង់យកកំណប់ដែរ គាប់លើជួន អច្ឆរិយា អូសបាតស្បែកជើងក្នុងដែនដីសៀម ដើម្បីដណ្ដើមកំណប់ខ្មែរនៃឈូងសមុទ្រនេះដែរ។ រស្មីព្រះសុរិយាចែងចាំង អតីតអ្នកកាច់ចង្កូតនាវាសៀម ឈ្មោះចន្ថាណូ ដែលអីលូវធាត់ដុះពោះស្គុយ ឈរលើឆ្នេរសមុទ្រសំលឹងគយគន់ផ្ទៃគង្គា។ វចនគំនិតរបស់ជននេះត្រូវត្រសែតអណ្ដែតទៅឆ្ងាយម្ភៃឆ្នាំហើយ ដែលមហាកំណប់មាស ១០០០គីឡូក្រាមនេះដេកក្នុងបាតសមុទ្រ គឺតាំងពីឆ្នាំ ១៩៤៥ម្ល៉េះ ចាំយប់សិន អញនឹងទៅពាក់ប្រដាប់សន្សំដង្ហើមមុជទឹកនេះ រកមើលជាមុនសិនអោយច្បាស់កន្លែង ពីសណ្ឋាគារក្បែរមាត់សមុទ្រ បុរសម្នាក់លើកកែវឆ្លុះមើលឆ្ពោះទៅបុរសដែលឈរសញ្ជប់សញ្ជឹងនេះដោយចៃដន្យ។
- ប៉ៃអាខ្មោចឆៅហើយ បុរសនោះភ្ញាក់ដូចធ្លាក់ពីឋានសួគ៌ទៅឋាននរក
- - យី អាអ្នកកាច់ចង្កូតនាវាឈ្មោះ ចន្ថាណូ ទេតើ! វាមកប្រាថ្នាយកមហាកំណប់មាសនេះដែរឬ? អញសងសឹកអាអោយបាន ចំពោះគ្រាប់សំណពីរដែលអាអែងបាញ់បញ្ចូលក្នុងស្មាអញនៅអែលើនាវា
- បុរសនេះគឺ អតីតអនុសេនីយអែក នៃកងទ័ពសៀមឈ្មោះ កាខារ៉ង ដែលត្រូវអ្នក កាច់ចង្កូតនាវាឈ្មោះ ចន្ថាណូ បាញ់ពីរគ្រាប់ហើយស្មានថានាយទាហាននេះស្លាប់ទៅហើយ អតីតអនុសេនីយអែកថៃនេះទាញបារីមកជក់ហើយ និយាយម្នាក់អែងតទៅទៀត៖
- - អស់កាលដ៏យូរអញតាមរកដានអាចន្ថាណូ អ្នកកាច់ចង្កូតនាវាអែង ទីបំផុត អញមកឃើញអាអែងហើយ អាចន្ថាណូ អែងមានជីវិតវែងណាស់ ប៉ុន្តែចំនែកអញ អញក៏មានសង្ខារស្វិតស្វាញណាស់ដែរអា! អាក្បត់អែងហ៊ានបាញ់អញជាអនុសេនីយអែកត្រួតក្បាលអាអែង រួចអាអែងស្មានថាអញស្លាប់ចោល ឆ្អឹងក្នុងបាតសមុទ្រហើយ! មានតែពីរនាក់យើងទេដែលស្គាល់កំណប់នេះ។
- ផ្សែងបារីគួចជារាងអុត្បាតផ្សេងៗ ហើយហើរទៅកាន់អាកាស “កំណប់ភុជង្គនាគ” នេះលិចនៅក្នុងបាតសមុទ្រ អញក៏ចង់បានដូចអាដែរ អញអោយអាចន្ថាណូ អែងទៅស្ទូចមក រួញអញ នឹង លួចអាអែងតាមក្រោយវិញ ប្រែហែលស្រណុកណាស់មធ្យោបាយនេះ អច្ឆរិយា ដេកលើព្រែពូកតែម្នាក់អែងលើកហ្វីល “ផែនទីមហាកំណប់” បញ្ចាំងភ្លើងអគ្គីសនីមើល ហើយយកខ្មៅដៃគូសសំគាល់លើក្រដាសស អ្នកប្រើគំនិតប្រតិកម្ម ពីរគីឡូម៉ែត្រពីច្រាំងសមុទ្រនៃក្រុងប៉ាក់ណាម ៤៥អង្សា ទិសពាយ័ព្យ ដំបូងអ្នកត្រូវមុជដោយប្រដាប់បន្សំដង្ហើម រកមើល ថាតើ កំណប់នៅទីនោះមែន រឺ ទេ?
- ប៉ៃអាខ្មោចឆៅអ្ហើយ ម្ភៃឆ្នាំទៅហើយបែបមានអាចោរណាវ័ធទៅហើយទេដឹង ក្នុងការបានជួបកំណប់នេះដោយចៃដន្យ?
- - សួស្ដីបង សំលាញ់ច្រានិដ្ឋា! លោកជំទាវ ប្រកិតពិផាតសួរ ដោយមារយា តើបងគិតអ្វី? បានដូចជាមានមនោសញ្ចេតនាសៅហ្មងណាស់រឺ?
- ភ័ន្តហើយមាសបង បងនឹកអូន ចូលមកចាំបងប្រាប់ ម៉ារីណា កេសីទង់ដែង ដាក់បូក្រហម អាវទ្រនាប់ទ្រសុដន ខោស្លីបត្រីកោណ បង្ហាញផ្ចិតផ្ចង់ល្អអិតផ្ទឹម និងជើងសែនភិរម្យ នាងដើរចូលមកអង្គុយក្បែរអច្ឆរិយា អច្ឆរិយាយក ដៃភ្លើយចង្កានាង សំលឹងភក្ត្រានាងម៉ារីណា ហើយបបូរមាត់អ្នកក៏ធ្វើប្រតិកម្មភ្លាម
- - បងនឹកអាហ្នឹងរឺ? អូនដឹងអ៊ីចឹងមិនខ្ចីមកទេ ?
- អច្ឆរិយា យកដៃអង្អែលទ្រូងនាង ម៉ារីណា ហើយរលាស់សំដីថា ៖
- - បងទៅផ្សារប៉ាកណាមមួយភ្លែត ទិញប្រដាប់ប្រដាបន្តិចបន្តួច បង នឹង វិលមកវិញ ហើយល្ងាចនេះយើងគិតទៅរាំកំសាន្តលេងអែរង្គសាល “សម្រើបនារី” ? ម៉ារីណា ញញឹមពព្រាយមួយរំពេច។
- - បងចង់អោបអូនរាំ បង្ហាញអោយបុរសដទៃមានចិត្តច្រណែន នឹង បងដែលមានវាសនាដ៏សែនខ្ពង់ខ្ពស់ បានដួងតារាមួយមកផ្ទប់ នឹង អោរា (អច្ឆរិយាបញ្ចេញតំលៃនៃលោកជំទាវ)។
- - អោបងច្រានីដ្ឋា នៃដួងចិត្តអូន បុរសទីពីរដែលប្រសប់ទាំងគ្រប់ដូចបងពិតជាគ្មានទេលើផែនដីនេះ ប្រសិនបើអូនស្លាប់អូន នឹង ស្លាប់ក្នុងក្ដារមឈូសតែមួយជាមួយបង នេះជាបំណងទីមួយដែលអូនមិនដែលមានសោះ តាំងពីដើមមក តាំងពីក្រមុំច័ន្ទទឹកឃ្មុំម្ល៉េះ។
- អច្ឆរិយា ថើបសុដននាងពីរខ្សឺត ហើយចុះជណ្ដើរនាវា ទៅជិះឡុងបុតតូចមួយ ហើយអ្នកបញ្ឆេះយន្តចេញសំដៅច្រាំង ម៉ារីណាឈរមើល “សហាយ” ដ៏ប្រិមប្រិយនេះ។ អច្ឆរិយា ផ្ដាំមួយវគ្គយ៉ាងឆ្ងាញ់ថា៖
- - តិចបងទៅ អូនលបដឹកពពែឈ្មោលមួយមកទៀត!
- - មេឃហ្ន៎! មិនដឹងទៅរកអែណាប្រសប់ជាងបងទេ...
- បន្តិចក្រោយមកអច្ឆរិយា មកដល់ផ្សារប៉ាកណាម។ អ្នកចូលទៅក្នុងភណ្ឌាគារទិញប្រដាប់សន្សំដង្ហើមសម្រាប់មុជទឹក រួចអ្នកទិញផ្កាកេសរកូលមួយបាច់ធំ ហើយដើរសំដៅក្រសួងទូគមន៍នាគមន៍សរសេរអត្ថបទទូរលេខ៖
អមរា អូន
មកកាន់ក្រុងប៉ាកណាមជាប្រញាប់ ។ សណ្ឋាគារមជ្ឈិមបូព៌ា ។ ថើបអូនមួយពាន់ដង
ច្រានិដ្ឋា
- រួចអ្នកចារអាសយដ្ឋានគេហបាលនៀសណ្ឋាគារ អេរ៉ាវ៉ាន់ បាងកក។ អ្នកប្រើគំនិតប្រតិកម្មរបស់អ្នកអោយគិតទៅទៀត “យ៉ាងណាក៏ដោយ យប់នេះអញត្រូវបង្អកស្រាមីស្បែកស ម៉ារីណា អោយបាន លុះមីសែសនេះ ដេករមួលដូចពង្រូលហើយអញ នឹង បើកនាវាចេញទៅត្រង់កំណប់សំគាល់ហើយ មុជទឹករកមើល “កំណប់ភុជង្គនាគ” នេះដោយសន្តិភាពអិតទាញការសង្ស័យរបស់នាងឡើយ។
- យកនាវាប្រកិតពិផាត ទៅរកមហាកំណប់នៃបុព្វបុរសខ្មែរ កំណប់នេះហើយដែលបណ្ដាលអោយមនុស្សស្លាប់គរជើងលើគ្នា រាប់មិនអស់ទាំងសៀមទាំងខ្មែរ។ ម្ដងនេះធ្ងន់ខ្លួន អច្ឆរិយា វ័ធកូនក្រមុំរួចវ័ធប្រពន្ធ រួចយកនាវាដែលសុទ្ធតែកម្មសិទ្ធិនៃឯកអុត្តមប្រកិតពិផាត! ប៉ៃអាខ្មោចឆៅអ្ហើយ! បើក្រសួងសម្ងាត់សៀមចាប់អ្នកបាន សក់លើសក់ក្រោម រឺរោមក្លៀកមួយសរសៃក៏មិនសល់ដែរ! លុះមកដល់នាវាវិញនាងបារាំងសែស ស្លៀកពាក់យ៉ាងសោភារង់ចាំអ្នកៗ ហុចកេសរកូលមួយបាច់ទៅអោយនាង។
- - អូ ! បង ច្រានិដ្ឋា សុភាពណាស់ ចេះមានគំនិតទិញកេសរកូលមកផ្ញើអូនផង!
- - មិនមែនគំនិតទេ គឺមកពីបងយល់ថាអូនពេញចិត្តបុប្ផា នេះដូចដែលអូនពេញចិត្ត នឹងបងអារឿងដទៃៗ ទៀតអ៊ីចឹងដែរណា៎ !
- លុះ អច្ឆរិយា ដាក់សម្ភារ:មុជទឹកចុះហើយ នាងសែសមកអោបក អច្ឆរិយា ហុចទ្រូងដ៏សម្រើបរបស់នាង មិត្តអ្នកអានស្គាល់ អច្ឆរិយាស្រាប់ហើយ! មិនសូវខាតផ្ដាស់ៗទេ។ រង្គសាល (សម្រើបនារី) មានមនុស្សម្នាណែនណាន់ហៀរមកដល់ឧទ្យានខាងក្រៅ។ បុរសស្ត្រីមួយគូចូលមកដល់ អ្នកបំរើអោនកាយគោរពក្បាលដល់ដី។ ភ្ញៀវបុរសនេះ សោភាដូចព្រះអាទិទេព ភ្ញៀវស្រីល្អល្អះបីដូចទេវនារី គឺអច្ឆរិយា និង ម៉ារីណា។
- - ម៉េចពូ? ខ្ញុំបាននិយាយទូរស័ព្ទមកអោយបំរុងតុមួយក្នុងសួនច្បារនៃរង្គសាលក្នុងនាម ម៉ារីណា
- - រៀបចំជូនស្រេចទាន អញ្ជើញនេះ ទានប្រោស។
- ក្រោយពីបានក្រេបភេជ្ជ:ហើយ ម៉ារីណា បែរមើលទៅអែលានរាំ។ ប៉ៃអាខ្មោចឆៅអ្ហើយ! ប្រុសស្រីអោបគ្នាយ៉ាងស្អិតក្រែងរបេះដាច់ពីគ្នា ម៉ារីណា កេះអច្ឆរិយា...
- - នាំអូនរាំទៅបង! បងចេះអាចង្វាក់រុមបាហ្នឹងទេ?
- - ស្រេចតែល្បងមើលទៅអូន!
- ដល់លានរបាំ នាងហុចកាយដ៏សម្រើបរបស់នាងអោយ អច្ឆរិយា អោបនាងហាក់ស្រាលខ្លួន អច្ឆរិយា ចេះសិល្បរបាំអស្ចារ្យ។
- ចប់រ៉ុមបា ឆាឆាឆា បន្ត
- អច្ឆរិយា មិនជាល្ងង់សោះ ឆាឆាឆា អច្ឆរិយា បង្វិលខ្លួនដោយអិតបាត់ចង្វាក់អន្តរជាតិបួនជំហាននេះឡើយ។ ម៉ារីណា ជានាដការីមួយរូបដែលធ្លាប់ល្បី តែនៅចំពោះមុខអច្ឆរិយា ម៉ារីណាយល់ថា នាងចាញ់នាដកម្មបុរសនេះដូចមេឃ និង ដី។ ឆាឆាឆា បង្វិលកែង ឆាឆាឆា ទន់ជង្គង់ទៅមុខ ឆាឆាឆា ផ្លាស់ខ្វែងជើងដូចកាំរទេះ... បួនជំហានជានិច្ច ទន់ទៅមុខទន់មកក្រោយ... អច្ឆរិយា រាំឆាឆាឆាដូចមកពីឋានសួគ៌! ។
- បទស្លូលន្លង់លន្លោចដូច គេគាស់ឆ្អឹងមកលាងទឹក ធ្វើបុណ្យ, បទស្លូធ្វើស្រ្តីបុរសលាទៅជាមួយគ្នាឆ្ងាយពីផែនដីនេះ .. បន្ទាប់មកបទ រ៉ុកឃេនរ៉ុល។ អច្ឆរិយា និយមណាស់ ព្រោះជារបាំកីឡា។ ១៥ នាទីកន្លងទៅ អ្នកផ្លុំភ្លេងហូរញើសពេញមុខប្រកាច់តះៗ គូរាំដែលទ្រាំ នឹង ការហត់ពុំបានថយម្ដងមួយគូៗ ១៥នាទី កន្លងទៅទៀត នៅលើលាន របាំដ៏រលីងស្រិល នៅសល់តែ អច្ឆរិយា និង នាងបារាំងសែស ម៉ារីណា តែប៉ុណ្ណោះ ។
- អោកាសនេះលានរបាំទូលាយ អច្ឆរិយា បញ្ចេញក្បាច់ រ៉ុកឃេនរ៉ុល នៃអ្នករបាំជំនាញ ដែលអ្នកបានរៀនយ៉ាងស្ទាត់ នៅប្រទេសបារាំង ដូចជាក្បាច់ហ្សូដូ រឺ សិល្បបាញ់កាំភ្លើងដែរ ចារបុរសអែកត្រូវចេះទាំងអស់ ដែលអាចនឹងបំពេញ ចិត្តស្ត្រីហើយជួនកាល ស្ត្រីនេះអែង ជាមូលហេតុនៃការសម្រេចផលដ៏ធំបាន អែកអុត្តមមហាមន្ត្រី រីស្ហឺលីយើ (Richelieu) គឺដោយសារតែស្ត្រីទេ គឺនាងមីឡាឌីដែលនាងអាចដាក់កាំបិតក្នុងដៃអនុសេនីយទោ ហ្វេលតុន ទៅ ប្រហារអ្នកអង្គម្ចាស់ ប៊ុឃីងហ្កាម (Buckingham) បាន អច្ឆរិយា រាំ និងចុងជើងយ៉ាងរហ័ស បោះនាងម៉ារីណា តាមរបៀបហ្សូដូរបាំដ៏ប៉ិនប្រសប់។
- ទស្សនិកជនទះដៃខ្ទ័ររង្គសាល
- បទហ្សែក (jerk) ប្រគុំតទៅទៀត។ អច្ឆរិយា បញ្ចេញសិល្បរបាំអស់ដៃ បន្ថយជំហានទៅខាងឆ្វេងដូចរែងអង្ករ ជួនលោតៗ ដូចបញ្ជាន់ស្រូវជួនទះដៃជួនទះគូថ ជួនច្រៀងអង់គ្លេសបន្ទរតាមចង្វាក់ផង អច្ឆរិយា រាំដូចព្រះទិទេព។ នៅ អែតុក្បែរគុម្ពផ្កាបុរសម្នាក់ទើប នឹង បើកកញ្ចប់អ្វីមួយដាក់ក្នុងកែវ អច្ឆរិយា។ បុរសនេះ គឺយុវជនសៀម ដៃម្ខាងរបួស មានក្រនាត់ឆៀង កព្យួរដៃនេះផង។ បុរសនេះដាក់ថ្នាំសន្ដំក្នុងកែវ អច្ឆរិយា ដោយមានបំណងមួយ វាគិតថាអច្ឆរិយានេះ ជាបុរសមួយរូបដែលតោងជាយសំពត់ មារីណា ប្រាថ្នាចង់បានប្រាក់ខ្លះៗ ពីនាង។ ថ្នាំមួយកញ្ចប់នេះរៀបចំអោយផែនការណ៍សងសឹក របស់វាសម្រេចបាន។ វាចៀសទៅម្ខាង រួចពួនចាំលបមើល។ ម៉ារីណា និង អច្ឆរិយា វិលមកវិញ ទេសកាល អ្វីម៉ារីណាទៅអង្គុយ កៅអីអច្ឆរិយា អែអច្ឆរិយា ក៏អង្គុយកៅអីនាងវិញ។ ជជែកភ្លេចខ្លួន ម៉ារីណា លើកកែវភេសជ្ជ: អច្ឆរិយា ដែលដាក់នៅចំពីមុខនាងឡើងផឹក រហូតដល់ដំនក់ចុងក្រោយបំផុត ដោយនាងហត់ នឹង របាំតើនាងខ្ពើមអ្វី កែវអច្ឆរិយា បើនាងបានទាំងប្ដូរឈាមសម្ផស្សមេត្រីជាមួយគ្នាទៅហើយ? បន្តិចក្រោយមក ម៉ារីណាយកដៃទ្រថ្ងាស ហើយត្អូញប្រាប់សង្សារថា៖
- - បង អូនមិនស្រួលខ្លួនសោះ ងុយគេងអ្វីម្ល៉េះទេនាំអូនទៅលើនាវាវិញ ។
- ម៉ារីណា ទន់ល្លៀកលើកៅអី។ ក្រោយពីបាន បង់ប្រាក់តំលៃភេសជ្ជហើយ អច្ឆរិយា ពត្រកងនារី បារាំងសែសដូចផ្កាត្រកួនឆ្ពោះទៅឆ្នេរសមុទ្រ អច្ឆរិយា ប្រើគំនិតប្រតិកម្មអោយគ្រឿងចក្រខួរក្បាលដើរ ម៉ារីណាដេកដូចគល់អុស! រឿងនេះមិនមែនធម្មតាទេ!!..នាងពិតជាត្រូវគេដាក់ថ្នាំសន្ដំហើយ អោអញនឹកឃើញហើយ ម៉ារីណា ផឹកកែវភេជ្ជ របស់អញ ដូច្នេះអញទេតើដែលគេតម្រងប្រាថ្នា អ្នកណា ? នរគបាលជាតិរឺ? ប៉ុន្តែកាសែតបានផ្សាយចេញថា “អច្ឆរិយា” ស្លាប់បាត់ទៅហើយ ជាសេចក្ដីថ្លែងការណ៍នៃក្រសួងសន្តិសុខជាតិថៃតែម្ដង! មកដល់លើនាវា អ្នកបោះសរីរកាយ ដ៏វរនេះលើគ្រែនាងស្រមុកខ្វើយៗ ក្នុងនិន្ទ្រា។ នៅអែរង្គសាល “សម្រើបនារី” សេចក្ដីសប្បាយបន្តទៅទៀត។ នៅអែមុខតុខ្ពស់ បុរសទំពែកឆកចំកណ្ដាលក្បាលម្នាក់ដើរប៉ះស្មាបុរសដុះពោះស្ពីងម្នាក់ទៀត។
- - អភ័យទោសលោក! បុរសទំពែកនេះនិយាយ។
- គឺអតីតអនុសេនីយអែក កាខារ៉ង។ បុរសធាត់មុខក្រហមដោយកំហឹង ងាកផាំង មកមើលមុខ អ្នកដែលដើរប៉ះស្មានេះ គឺជាអតីតអ្នកកាច់ចង្កូតនាវាឈ្មោះចន្ថាណូ ដែលភ្លាត់ឧទានស័ព្ទថា៖
- - ប្រយ័ត្នបន្តិចទៅមិនបានទេរឺ ? អោ!… អោ!… គឺលោកអនុសេនីយអែកកា កាខារ៉ង រឺ?
- - មិនមែនទេ អតីតអនុសេនីអែក កាខារ៉ង តបវិញលោកភ័ន្តច្រលំ នឹង មនុស្សម្នាក់ទៀតហើយ!
- អតីតអនុសេនីយអែក កាខារ៉ង ប្រកែករួចហើយក៏ចេញទៅបាត់ ។
- អតីតអ្នកកាច់ចង្កូតនាវាមកអង្គុយអែតុ ដែលមានស្ត្រីឆើតឆាយម្នាក់នៅទីនេះស្រាប់។ ចន្ថាណូ អ្នកកាច់ចង្កូតនាវានេះរំលឹកដល់អនុស្សាវរីយ៍ចាស់
- គឺវាហ្នឹង ហើយ! អនុសេនីអែក កាខារ៉ង អញបានបាញ់វា! អញចាំច្បាស់ណាស់ មុខវាហ្នឹង អញចារទុកក្នុងដួងហរិទ័យអញ ថ្វីត្បិតតែម្ភៃឆ្នាំបានកន្លងផុតទៅ
- ប៉ៃអាខ្មោចឆៅអ្ហើយអញបានធ្វើអោយកាំភ្លើងដៃអញក្អូតគ្រាប់ចំស្មាវា អញស្មានថាវាទៅអែឋាននរកបាត់ទៅហើយ! គឺវាហ្នឹងហើយ អនុសេនីយអែក កាខារ៉ង បើវាមកទីនេះដែរ បានន័យថា វាពេញចិត្ត នឹង កំណប់មាស ១០០០គីឡូក្រាមនេះដែរ! ចន្ថាណូ អតីតអ្នកកាច់ចង្កូតនាវា ក្រោកឈរលើកកែវសម ប៉ាញឡើងហើយនិយាយម្នាក់អែងថា៖
- - បើអាអែងរួចខ្លួនកាលពីលើកទី១ ដល់លើកទី២ នេះ អញបំបាក់កន្ដៀតក្អមអាអែងដូចកែវនេះ ស្រដីដូច្នោះហើយចន្ថាណូ អតីតអ្នកកាន់ចង្កូតនាវាច្របាច់ដងជន្ទល់កែវសមប៉ាញបាក់ផោះ!!...