រឿងរសាត់តាមកម្ម
ដោយ ហាក់ ឆៃហុក
©រក្សាសិទ្ធិគ្រប់យ៉ាង
****************************************
៤- គ្រូពេទ្យចិត្តធម៌
ថ្ងៃសៅរ៍ ទី12.ធ្នូ 2015.ម៉ោង 9:06
សង្រ្គោះអ្នកក្រ | ស្មោះសល្អ | មិនថាថ្ងៃយប់ |
អិតឈប់សំច | ទោះទីជិតឆ្ងាយ | គ្មានស្ដាយកម្លាំង។ |
អាចោរអប្បលក្ខណ៍ | ធ្លាប់ធ្វើអិស្សរ | ចិត្តខ្មៅដូចខ្មាំង |
លបលួចចូល | ប៉ុនប៉ងប្រឆាំង | អោយពេទ្យរណំ |
សង្ខារក្សិនក្ស័យ ។ |
- ព្រឹកស្អែកឡើង នៅពេលលោកគ្រូពេទ្យត្រលប់មកផ្ទះវិញ ការឈ្លោះប្រកែកគ្នារវាងលោកគ្រូ និង ភរិយាក្មេងក៏ចាប់ផ្ដើមម្ដងទៀត។
- - អូនមិនគួរខឹង នឹង បងសោះ! សព្វរឿងប៉ុណ្ណឹងទៅជាយំស្រែកមិនចេះខ្មាសគេ ករណីយកិច្ចរបស់គ្រូពេទ្យវាអីចឹងណា៎អូន?
- លោកគ្រូប្រឹងនិយាយលួងលោមប្រពន្ធដោយឃើញចន្ទីខឹងខ្លាំង។
- - ហ៊ឹះ! ករណីកិច្ច! ចុះត្រង់គេរាល់គ្នា គេគិតដូចបងអីចឹងដែររឺ ?
- ចន្ទី ឆ្លើយរ៉ាវទាំងទឹកភ្នែកមកប្ដីវិញ
- - អូនយកគេ យកមកប្រៀបនឹងបងមិនបានទេ! ព្រោះចិត្តគំនិតមនុស្សយើងវាខុសគ្នា!
- - ចាប់តាំងពីបងមកនៅធ្វើពេទ្យស្រុកគៀនស្វាយ មិនទាន់ឃើញបានផលអ្វីសោះ !
- - ម្ដេចក៏អូនថាមិនបាន ?
- - ចុះបានអ្វីខ្លះទៅ ?
- ចន្ទីសួរសង្ឃកទៅប្ដី តែលោកគ្រូពេទ្យនៅញញឹមដោយអារម្មណ៍ត្រជាក់
- - អូនមិនទាន់ដឹងថាបានអ្វីខ្លះរឺ? គឺបានប្រយោជន៍ជូនជាតិ បានសេចក្ដីសុខជូនរាស្រ្តខ្មែរ បានជួយសង្រ្កោះជីវិតអ្នកជំងឺអោយរួចពីសេចក្ដីស្លាប់
- - ច៎ាះ! បានប៉ុណ្ណឹង? ចំណែកលុយកាក់មាសប្រាក់គ្មានបានទេ រវល់តែយោគយល់អ្នកនេះអ្នកក្រអ្នកនោះ គ្មានប្រាក់ ហ៊ឺ! មិនយូរប៉ុន្មានមុខតែខ្វះប្រាក់ទិញថ្នាំ ហើយខ្វះអង្ករច្រកឆ្នាំងជាពុំខាន
- - ចន្ទី! អូនកុំមើលឃើញប្រាក់ធំជាងមនុស្សធម៌ណា៎ ជីវិតមនុស្សថ្លៃជាងប្រាក់ឆ្ងាយណាស់
- - តែមនុស្សមានសេចក្ដីសុខ អាចរកសុភមង្គលបានក៏ដោយសារប្រាក់
- លោកគ្រូពេទ្យ នឹកហួសចិត្តនឹងប្រពន្ធ ក្រវីក្បាលសើច
- - ហះ! ហា! អូនកំពុងយល់ខុសធំហើយ
- - យល់ខុសរឿងអ្វី ?
- ចន្ទីសួរទៅប្ដីធ្វើមុខក្រញ៉ូវដោយមិនពេញចិត្ត។ លោកគ្រូពេព្យចង់ឆ្លើយឆ្លង ជូនចិត្តប្រពន្ធក្មេងលេងតទៅទៀត តែពេលនោះកល្យាណលើកថាសនំបុ័ងកាហ្វេចូលមក លោកគ្រូបង្អាក់ប្រយោគត្រឹមហ្នឹង បែរមកសួរកល្យាណថា៖
- - អូនកល្យាណ . . . ! ណាវីទៅអែណាហើយម្ដេចក៏មិនឃើញ ?
- - ចា៎:! ណាវីនៅគេងមិនទាន់ភ្ញាក់ទេបង! ឆ្លើយរួចយុវតីក៏ដើរចេញទៅក្រៅទៅ ។
លោកគ្រូពេទ្យនិងភរិយា នាំគ្នាស្រស់ស្រូបអាហារពេលព្រឹក ដោយសភាពស្ងប់ស្ងាត់។ ទឹកមុខក្រៀមក្រោះជាទីបំផុត។ លំដាប់តទៅនេះ អ្នកនិពន្ធសូមនាំក្រសែចក្ខុអស់លោកអ្នកអានទៅអោយស្គាល់ប្រវត្តិលោកគ្រូថ្នាំខ្មែរ រឺលោកគ្រូឈុនម្ដង។ លោកគ្រូឈុនគ្មានចេះដឹងខាងវិជ្ជាពេទ្យទេ លោកគ្រូពីដើមជាមេឥស្សរចាស់ ធ្លាប់រស់នៅតាមព្រៃក្រំថ្ម ជ្រោះជ្រងជ្រលងដងអូរ ម្ល៉ោះហើយក៏បានរៀនតាមគេតាមអែងអំពីរបៀបផ្សំថ្នាំរិសឈើ និងប្រទាលផ្សេងៗ ដែលជាឱសថដោះទាល់មួយដងមួយយាមក្នុងព្រៃភ្នំដោយមិនដឹងរត់ទៅរកថ្នាំពេទ្យអែណា។ លុះស្រុកទេសសានត្រានបានអែករាជ្យ លោកគ្រូឈុនក៏សារភាពខ្លួនចូលមកធ្វើពលរដ្ឋត្រឹមត្រូវ ដូចគេអែងក្នុងស្រុកគៀនស្វាយ ហើយក៏ប្រកបមុខរបរជាលោកគ្រូមើលជំងឺដោយថ្នាំរឺសឈើ រឺថ្នាំខ្មែរនេះ។
លោកគ្រូឈុនជាមនុស្សបូជាទឹកប្រាក់ជាងជិវិតមនុស្ស។ អ្នកជំងឺដែលចូលមករកលោកសុំអនុគ្រោះ យំទឹកភ្នែកទឹកសំបោរ លោកគ្រូមើលឃើញទៅជានុយដ៏មានអោជារស ប្រឹងលេបត្របាក់ដោយអិតកេរខ្មាស់។ តែបើជនជំងឺនោះ ជាអ្នកក្រីក្រ គ្មានប្រាក់គ្រាន់នឹងទ្រនឹបគ្រូរបស់លោកគ្រូវិញ លោកគ្រូបណ្ដេញអោយចុះចេញពីលើផ្ទះយ៉ាងគ្មានធម៌មេត្តា ព្រោះលោកគ្រូមានឧត្តគតិប្លែកពីគ្រូគេដទៃ គីនិយមតែលោកប្រាក់ម្យ៉ាងប៉ុណ្ណោះ។
អីលូវនេះ លោកគ្រូឈុនមានការកង្វល់ជាខ្លាំង ដោយមកពីអ្នកស្រុកលែងមានជំនឿទៅលើថ្នាំរឺសឈើ ហើយបែរនាំគ្នាទៅជឿពេទ្យអស់។ សត្រូវទីមួយរបស់លោកគ្រូ គឺលោកគ្រូពេទ្យសែនមេត្តា លោកគ្រូដែលស្រលាញ់ជីវិតមនុស្ស ជាងទឹកប្រាក់ ផ្ទុយស្រលះពីគោលគំនិតរបស់លោកគ្រូឈុនមេឃ និង ដី។ ម្ល៉ោះហើយលោកគ្រូឈុន ជាមនុស្សចិត្តឃោរឃៅធ្លាប់រស់នៅក្នុងជីវភាពអិស្សរ មកពីមុនស្រាប់ ក៏នឹកច្រណែនឈ្នានិស ដើរហៅដើរកេណ្ឌពួកកូនចៅចាស់ៗ មកប្រជុំគ្រោងការណ៍ព្យាបាទមួយ ចំពោះលោកគ្រូពេទ្យសែនមេត្តាជាសំងាត់។
- នែ! ពួកអារាល់គ្នា! (លោកឈុន និយាយទៅកាន់កូនចៅចាស់) អញសព្វថ្ងៃរកស៊ីលែងបានដូចមុខទៀតហើយ អ្នកស្រុកគេស្អប់អញគេលែងជឿថ្នាំរិសឈើ បែរជានាំគ្នាទៅជឿថ្នាំពេទ្យអស់រលីង ទាំងនេះគឺមកតែពីមានអាលោកគ្រូពេទ្យសែនមេត្តានោះអែង។
- - ចុះលោកគ្រូ ហៅពួកខ្ញុំមកប្រជុំនេះដើម្បីសំរេចពីគោលបំណងអ្វីដែរ ? កូនចៅចាស់ម្នាក់សួរឡើង។
- - អើ! អាដុន ចិត្តអញដូចពួកអែងរាល់គ្នាធ្លាប់ស្គាល់ស្រាប់ អញមិនដែលអោយចាញ់ប្រៀបអ្នកណាទេ អញហៅពួកអែងរាល់គ្នាមកប្រជុំនេះ គឺបបួលគ្នាទៅប្លន់ផ្ទះអាលោកគ្រូពេទ្យមេត្តា កាប់សំលាប់វាមួយផ្ទះកុំអោយសល់ តើពួកអែងយល់ព្រមចូលដៃជាមួយអញទេ ?
- - បាទ! យល់ព្រមលោកគ្រូ!
- - ពួកកូនចៅចាស់ ឆ្លើយឡើងស្រុះគ្នាវៀរលែងតែដុនម្នាក់ មិនព្រមឆ្លើយ
- - យើងគិតចូលប្លន់ផ្ទះវាថ្ងៃណាលោកគ្រូ ? កូនចៅម្នាក់ទៀត ឈ្មោះគ្រឿងសួរទៅលោកគ្រូឈុន
- -លោកគ្រូចិត្តចោរ អង្គុយស្ងៀមគិតមួយស្របក់ ក៏ក្តក់ដៃ ឆ្លើយទៅបរិវារជំនិតថា ៖
- - យើងចូលប្លន់ផ្ទះវា នៅពេលម៉ោង ១២ យប់ស្អែកនេះ អាគ្រឿនអែងរៀបចំគ្នាយើងអោយស្រួលបួល ហើយកុំអោយបែកការណ៍ណា៎ បើអញដឹងថា បែកការណ៍ពីអាណាមួយ អញនឹងសំលេះវាចោលមួយរំពេច ចិត្តថ្លើមអញ អែងធ្លាប់ដឹងស្រាប់មកហើយកាលនៅធ្វើមេអិស្សរវាសំបើមយ៉ាងណា។
- កូនចៅលោកគូ្រឈុនស្ងាត់ច្រៀប គ្មាននរណាហ៊ានជំទាស់ រឺបញ្ចេញយោបល់អ្វីឡើយ ព្រោះម្នាក់ៗសុទ្ធតែធ្លាប់បានដឹងហើយ នូវបទបញ្ញាត្តិច្បាប់ព្រៃរបស់លោកគ្រូ បើអ្នកណាហ៊ានប្រឆាំង ក៏ដូចជានាំខ្លួនទៅរកសេចក្ដីស្លាប់ឆាប់ប៉ុណ្ណោះ។
- - អែងរាល់គ្នាត្រូវខិតខំធ្វើការណ៍នេះអោយសំរេច (លោកគ្រូមានវាចាតទៅទៀត) បើសំរេចបានសេចក្ដីថា អាមេត្តាវាត្រូវស្លាប់ បើបែរជាមិនបានសំរេចសមគោលបំណងទៅវិញ ពួកអែង និង អញប្រាកដជាស្លាប់ រឺមិនដូច្នោះពួកអ្នករាជការចាប់បានជាមិនខាន ព្រោះសម័យនេះជាសម័យប្រទេសអែករាជ្យសុខសាន្ត ការប្លន់កាប់សំលាប់មិនមែនសប្បាយដៃដូចសម័យអាណានិគមនិយមបារាំងសែសទេ ហេតុនេះអែងត្រូវទន្ទេញធម៌ប្រយ័ត្នអោយជាប់ជានិច្ច។
- - សូមលោកគ្រូទុកចិត្តលើខ្ញុំចុះ ខ្ញុំនឹងខិតខំធ្វើការនេះបំរើលោកគ្រូទាល់តែសំរេច
នាយគ្រឿន និយាយបញ្ចេញសេចក្ដីស្វាមីភ័ក្រ្តរបស់ខ្លួនចំពោះចៅហ្វាយចាស់ដោយទឹកមុខមុតមាំ។
លោកគ្រូឈុន នៅនិយាយពន្យល់អំពីល្បិចកលសំងាត់ប្លន់ផ្ទះលោកគ្រូពេទ្យសែនមេត្តា ប្រាប់ដល់ពួកបរិវារខ្លួនមួយសន្ទុះមកទៀត ទើបអោយពួកទាំងនោះបែកខ្ញែកគ្នាចេញពីជំរុំសំងាត់ទៅផ្ទះវិញ។ ដុន ត្រលប់ទៅដល់ផ្ទះបាននិយាយរឿងហេតុលោកគ្រូឈុនប្រើខ្លួន និងបក្សពួកអោយទៅប្លន់ផ្ទះលោកគ្រូពេទ្យ សែនមេត្តា នៅរាត្រីស្អែកប្រាប់ប្រពន្ធយ៉ាងល្អិតល្អន់។ ទីបំផុត អតីតកូនអិស្សរចាស់ ក៏និយាយទាំងទឹកមុខក្រៀមក្រំទៅកាន់ប្រពន្ធថា៖
- ហ៊ឺ …! បងមិនដាច់ចិត្តចូលរួមដៃទៅប្លន់ផ្ទះលោកគ្រូពេទ្យមេត្តាទេអូន បងនៅចាំមិនភ្លេចកាលយប់ ដែលអូនចុកពោះខ្លាំង បើកុំបានលោកគ្រូពេទ្យអញ្ជើញមកមើលអូនទាំងពាក់កណ្ដាលអធ្រាត្រ ប្រហែលជាអូនអស់មានជីវិតទៅហើយ អីលូវលោកគ្រូឈុនប្រើដូច្នេះ តើយើងចាត់វិធានការណ៍ជួយសង្រ្គោះ ជីវិតលោកគ្រូពេទ្យចិត្តបុណ្យយ៉ាងម៉េចទៅវិញអូន?
- យើងជំពាក់គុណបុណ្យលោកគ្រូពេទ្យមេត្តាធ្ងន់ណាស់! (ប្រពន្ធដុននិយាយ ព្រមទាំងហៀរហូរទឹកភ្នែករហាម) លោកគ្រូឈុន ជាមនុស្សចិត្តកាចសាហាវអាក្រក់ឃោរឃៅផុតលេខ កាលខ្ញុំឈឺបងទៅអញ្ជើញអោយគាត់មកមើល គាត់មិនព្រមមកអែណា ទាំងនេះមកពីគាត់ឃើញយើងទីទ័លក្រមិនអាចរកប្រាក់អោយគាត់បាន បើកុំតែបានចិត្តសប្បុរសធម៌របស់លោកគ្រូពេទ្យមេត្តា ម្ល៉េះសមខ្ញុំស្លាប់ចោលបងនិងកូនតូចយើងទៅហើយ អីលូវបើលោកគ្រូពេទ្យមេត្តាមានទុក្ខ យើងត្រូវសំដែងសេចក្ដីកតញ្ញូកតវេទីតបស្នងសងគុណលោកវិញណា៎បង ….ប្រពន្ធដុនឈប់ស្ងៀមបន្តិច ទើបបន្តពាក្យទៅទៀត៖
- - បងត្រូវយកដំណឹងនេះ ទៅប្រាប់ដល់លោកគ្រូពេទ្យ ហើយរកកែណ្ឌកម្មករគ្នាយើងអោយប្រុងជើងការជួយគាត់ក្នុងពេលយប់ស្អែកអោយមែនទែន។ ចំណែករូបបងក៏មិនត្រូវទៅរួមជាមួយពួកទុច្ចរិតទាំងនោះដែរ។
- - ត្រូវហើយអូន! បងនិងប្រាប់ពួកកម្មករធាក់រ៉ឺម៉កទាំងអស់អោយបានដឹងដំណឹងនេះ អូនអែងនៅមើលផ្ទះចុះបងទៅហើយ!
- វាចាចប់ ដុនក៏លោកភ្លែតចុះពីលើផ្ទះរត់តំរង់ទៅចំណតរ៉ឺម៉កអែផ្សារគៀនស្វាយយ៉ាងប្រញាប់។ ដុនបាននិយាយរឿងរ៉ាវ ដែលគេបានដឹងប្រាប់ទៅពួកកម្មករទាំងអស់ ជាពិសេសគេប្រាប់ចនកម្មករចិត្តមួយថ្លើមមួយថា៖
- - រឿងនេះ បងចនយកដំណឹងទៅជំរាបលោកគ្រូពេទ្យអោយបានដឹងផង ខ្ញុំមិនហ៊ានទៅជំរាបគាត់ទេខ្លាចពួកលោកគ្រូឈុនឃើញនាំបែកការណ៍ អាចមានអន្តរាយដល់ជីវិតខ្ញុំទៀត ចំណែកមិត្តយើងរាល់គ្នានោះទុកអោយខ្ញុំចាត់ការម្នាក់អែងបានហើយ។
- - មិនអីទេដុន! ចាំខ្ញុំទៅជំរាបលោកគ្រូពេទ្យ ដុនអែងទៅនិយាយពន្យល់ពួកយើងអោយស្គាល់បានមែនទែនទៅណា៎
- - បាទបងកុំព្រួយ
- ចន និយាយផ្ដាំផ្ញើបន្ថែមពាក្យ នឹង ដុនមួយម៉ាត់ពីរទៀតអ្នកក៏ធាក់រ៉ឺម៉កចេញពីបនតំរង់ទៅផ្ទះលោកគ្រូពេទ្យសែនមេត្តា។ ពេលនោះ កល្យាណ និង ណាវីកំពុងលេងវាយសីនៅវាលមុខផ្ទះ។ កុមារីតូចក្រលេកឃើញរ៉ឺម៉កឳពុកបត់ក្បាលចូលមកនាងក៏ស្រែកប្រាប់កល្យាណដោយអំណរថា៖
- - មីងយ៉ាន! មីងយ៉ាននុ៎ះ! ប៉ាណាវីមកលេងទៀតហើយ
- ណាវី ទំលាក់សីចោលរត់អោបឳពុក កល្យាណឃើញមុខបុរសនេះសេចក្ដីអៀនអន់ក៏កើតមានដល់រូបនាងមួយរំពេចស្រីក្រមុំងាកមុខចេញពីចន ធ្វើជាមើលទៅដើមផ្កានានាដែលកំពុងរីកស្គុះស្គាយនាពេលសាយណ្ហសម័យ។ ចនដឹកដៃកូនដើរមកដល់ជិតយុវតី ក៏សួរទៅនាងថា៖
- - អត់ទោសអ្នកនាង! លោកគ្រូលោកមាននៅផ្ទះទេ?
- - ចា៎:! គាត់នៅខាងលើផ្ទះ
- - បាទ! អរគុណហើយអ្នកនាង
- ពេលនេះមិនដឹងបណ្ដាលមកពីហេតុអ្វី កល្យាណដាច់ចិត្តសួរទៅចនទាំងលាយអៀនអន់ថា៖
- - បង! អញ្ជើញមកយកណាវីត្រលប់ទៅផ្ទះវិញល្ងាចនេះរឺ ?
- - បាទមិនមែនទេអ្នកនាង! ខ្ញុំមកមានកិច្ចធុរ:ផ្ទាល់ខ្លួននិងលោកគ្រូបន្តិច អា៎! ខ្ញុំសូមលាឡើងទៅលើផ្ទះមុនហើយ
- និយាយរួចក៏ដឹកដៃកូនដើរ ឡើងជន្ដើរទៅលើផ្ទះបាត់ទៅ។
កល្យាណ នឹកសប្យាយចិត្តកាលបើបានដឹងថា ចនមកនេះមិនមែនមកយកណាវី ដែលនាងស្រលាញ់បាត់មុខមិនបានទេ។ តែ... ហើយនាងក៏នឹកអៀនខ្មាសត្រង់ដែលនាងហ៊ានហៅគេបងៗ ពេញមាត់។ នាងរកនឹកមិនឃើញសោះថា ហេតុអ្វីបានជាបណ្ដាលអោយចិត្តនាងហ៊ានកាត់ការអៀនខ្មាសហៅគេដូច្នេះ ?។ លោកគ្រូពេទ្យសែនមេត្តា បានដឹងដំណឹងថា លោកគ្រូឈុនប៉ុនប៉ងអាឃាតព្យាបាទចូលប្លន់ផ្ទះនៅរាត្រីស្អែក លោកក៏មានទឹកមុខក្រៀមក្រមស្រពោន សំដែងសេចក្ដីព្រួយបារម្ភពន់ប្រមាណ។ លោកពេទ្យ មានប្រសាសន៍មួយៗ ទៅកាន់ចនកម្មករភក្ដីភាពរបស់លោកថា ៖
- - ម្ដេចក៏មានគេស្អប់ខ្ញុំអីចឹង? ខ្ញុំខំធ្វើបុណ្យធ្វើអំពើល្អចំពោះអ្នកស្រុកអស់ប៉ុណ្ណឹងហើយចន! ចំពោះលោកគ្រូឈុនក៏ខ្ញុំមិនដែលទាស់សារហេតុអ្វី នឹង គ្នាម្ដងសោះហេតុដូចម្ដេចក៏គេចូលចិត្តចង់ធ្វើបាបខ្ញុំទៅវិញ?
- - មនុស្សផ្គាប់ចិត្តមនុស្សដូចគ្នាមិនត្រូវទេលោកគ្រូ (ចននិយាយ សូម្បីតែព្រះពុទ្ធជាម្ចាស់ព្រះអង្គជាមហាបុរសដ៏ប្រសើរក្នុងត្រៃភពក៏គង់មានមារតាមជ្រែក សូមលោកគ្រូកុំព្រួយបារម្ភអោយសោះ ទុកកិច្ចការទាំងនេះជាភារ:របស់ខ្ញុំចុះយប់ស្អែកខ្ញុំ នឹង បបួលកម្មកររ៉ឺម៉កទាំងអស់គ្នាមកជួយការពារផ្ទះលោកគ្រូ។
- លោកគ្រូពេទ្យ បានស្ដាប់វាចាដ៏ស្រទន់ប្រកបដោយសេចក្ដីស្វាមីភក្ដរបស់ចន សែនរីករាយក្នុងដួងរិទ័យ។ លោកគ្រូទះខ្នងមាណពស្រាលៗ ជំរុះវាចាសំដែងអំណគុណមកបុរសកំសត់វិញ ៖
- - ចនអែងជាមនុស្សល្អ នឹង ខ្ញុំណាស់! ក្នុងមួយជីវិតនេះខ្ញុំមិនអាចបំភ្លេចគុណរបស់ចនបានឡើយ
- - កុំមានប្រសាសន៍ដាក់ខ្លួនដូច្នោះលោកគ្រូ! លោកគ្រូក៏មានគុណធ្ងន់លើខ្ញុំណាស់ដែរ ជីវិតណាវីកូនស្រីខ្ញុំ បើកុំបានលោកគ្រូព្យាបាល ប្រហែលស្លាប់បាត់បង់ទៅយូរហើយ
- លោកគ្រូពេទ្យ ឈោងដៃទាំងពីរទៅចាប់ស្មាចន សំដែងការពេញចិត្ត និងសែនស្រលាញ់ចន។ ក្នុងជីវិតលោកគ្រូ លោកគ្រូទើបតែឃើញចនជាដំបូងបំផុត ដែលមានចិត្តស្មោះស្ម័គ្រ ស្វាមីភ័ក្ដភក្ដីភាពចំពោះលោកគ្រូរកអ្នកអែណាមកប្រដូចមិនបាន។
រាត្រីនេះ ជារាត្រីខាងរនោច ដួងព្រះចន្រ្ទាមិនអើតព្រះភ័ក្រ្តញញឹមបញ្ចេញរស្មីភ្លឺផ្លេកមកពិភពលោកទេ។ ទុកអោយស្រមោលអន្វការលាតសន្ធឹងស្បៃខ្មៅគ្របដន្ដប់គ្រប់គ្រប់ទិសទី។ ហ្វូងតារាតូចៗ រាប់រយពាន់ដួងបញ្ចេញកំញ៉មពេជ្រភ្លឹភ្លេតៗ ចួនឃើញចួនបាត់ ហាក់ដូចជាមិនពេញចិត្តស្រមោលរាត្រីខាងរនោចនេះឡើយ។ អំពិលអំពែកហើរឆ្វាត់ចុះឆ្វាត់ឡើងធ្វើអោយយើងមើលឃើញអ្វី ដែលកប់បាត់ នឹងស្រមោលងងឹតបានមួយខណៈ រួចហើយក៏ស្ថិតនៅក្នុងសភាពដើមដដែល។ ផ្ទះលោកគ្រូពេទ្យសែនមេត្តាស្ថិតនៅក្នុងសភាពស្ងាត់ច្រៀប។ យូរៗគេឃើញក្រោមផ្ទះនេះ មានស្រមោលមនុស្សធ្វើចលនាផ្លាស់ប្ដូរទីកន្លែងម្ដងៗ គឺជាពួករបស់កម្មកររ៉ឺម៉កស្ម័គ្រចិត្ត នៅក្រោមបង្គាប់បញ្ជារបស់ចន សំងំពួនប្រុងជើងការ ចាំប្រយុទ្ធតទល់ហ្វូងខ្មាំងដែលនឹងចូលមកយាយីគ្រប់កាលទេស។
ប៉ូក! ប៉ូក! ប៉ូក! ស្នូរត្រដោកផ្លាស់យាមនៅប៉ុស្តិកងរាជតម្រួតក្បាលភូមិ អណ្ដែតរសាត់តាមរលកព្រះពាយ លឺរវើយៗ កណ្ដាលអធ្រាត្រស្ងាត់។ ស្រមោលភ្លើងគប់មួយចំនួន កំពុងខិតចូលមកជិតផ្ទះលោកគ្រូពេទ្យជាលំដាប់។ អ្នកទាំងអស់គ្នាពួននៅក្រោមផ្ទះ ដឹងជាស្រេចថា មិនមែនអ្នកណាក្រៅពីក្រុមចោរ ដែលប្រុងយាយីផ្ទះលោកគ្រូពេទ្យនៅពេលបន្តិចទៀតនេះ។ កាលបើភ្លើងគប់មកដល់មុខផ្ទះ សូរស្រែកយកជ័យពីក្រុមចោរក៏លាន់លឺឡើង។
- - ចូល! ចូល! អាកូនចូល!
- បន្ទាប់មក
- - បុ័ង! បុ័ង! បុ័ង!
- - ឆាំង! ឆាំង! ឈឹប !
- សូរកាំភ្លើង និង សូរដំបងកាំបិត រវាងពួកកម្មករការពារលោកគ្រូពេទ្យ និង ពួកចោរខ្មាំងក៏ចាប់បើកឆាកប្រយុទ្ធកាប់សំលាប់បង្ហូរឈាមគ្នាទៅវិញទៅមកគួរស្ញើបរន្ធត់។ ហើយសំរែកដ៏គួរសង្វេគដួងចិត្តនៃអ្នករងគ្រោះ ក៏លាន់លឺឡើងក្នុងពេលនោះដែរ។
- - អូយ! អូយ
- - អ្ហា៎…! អៃយូយ
- - ឈឹប! អឿក! អា
- ពួកចោរខ្មាំង ដែលមិនបានដឹងថា មានគេពួននៅក្រោមផ្ទះប្រុងចាំប្រយុទ្ធ ក៏សំរុកចូលទៅអិតប្រុងប្រយ័ត្នបណ្ដាលអោយខាងពួកកម្មកររ៉ឺម៉កមានប្រៀបជាង ចាក់កាប់សំលាប់ចោរខ្មាំងអស់ជាច្រើន។ ខណដែលកំពុងជាប់ដៃប្រយុទ្ធលោកគ្រូឈុនក្រលេកមើលទៅឃើញដុនស្គាល់ក៏ស្រែកគំរាមដូចខ្លាត្រូវរបួសថា៖
- - យើ! អាដុន! អាក្បត់ ! អែងហ្នឹងហើយធ្វើអោយអញជាប់ឡោមរបស់អាអែង។
- - បុ័ង! បុ័ង! បុ័ង!
- គ្រាប់កាំភ្លើងបីគ្រាប់ របូតចេញពីកាណុងលោកគ្រូឈុនទៅទំលុះទ្រូងដុនបុរសកំសត់ អោយដល់នូវក្ដីមរណ:មួយរំពេចតែពេលនោះកម្មពៀរនៃអំពើទុច្ចរិតក៏បានមកសងឈាមវាវិញយ៉ាងទាន់ហន់ ចនលបចូលមកពីក្រោយលើកខ្វែវកាប់ចំពាក់កណ្ដាលខ្លួនអស់ទម្ងន់ដៃ។
- - ខ្វាក់! អូ . . . យ …!
- លោកគ្រូឈុនអស់រិទ្ធ ដួលដេកក្នុងថ្លុកឈាមដាច់ខ្យល់ស្លាប់តាមព្រលឹងដុន ទៅស៊ីសងចងពៀរគ្នាទៀតអែបរលោក។ អនិច្ចា! ខណ:ដែលចនបែរខ្លួនមកក្រោយបំរុងទៅជួយមិត្តដែលកំពុងជាប់ដៃនៅមុខផ្ទះ ស្រាប់តែ
- - បុ័ង!
- - អូយ! អូយ !
- គ្រាប់កាំភ្លើងពួកខ្មាំងមួយគ្រាប់ បាញ់មកត្រូវដើមដៃខាងឆ្វេងរបស់ចន ធ្វើអោយចនចុកចាប់ដួលសន្លប់បាត់ស្មារតីក្នុងគ្រានោះទៅ។
ព្រះអរុណោទ័យនៃថ្ងៃថ្មី បញ្ចេញរស្មីក្រហមព្រឿងៗអែទិសបូព៌។ ចន បុរសកំសត់ដេកលើគ្រែដៃខាងឆ្វេងមានរុំក្រណាត់សប្រលាក់ទៅដោយក្រម៉រឈោមកកក្រាំង។ យុវជនដឹងខ្លួនពីសន្លប់បើកភ្នែកឡើង ក៏ឃើញកល្យាណនិងណាវីនៅក្បែរខ្លួនគេបង្កើយ ចនមានសេចក្ដីងឿងឆ្ងល់ក្រៃលែង គេមិនទាន់ស្លាប់ទេរឺ? កាលពីយប់ម៉ិញគេចាំបានថាគេប្រយុទ្ធនឹងពួកចោរ សំលាប់លោកគ្រូឈុនបានហើយ គេត្រូវគ្រាប់របស់ពួកចោរ ផុតពីហ្នឹងគេក៏លែងនឹកឃើញអ្វីទាំងអស់។ ចនបំរុងស្ទុះក្រោកអង្គុយ កល្យាណក៏ច្រានគេអោយដេកទៅវិញ នាងញញឹមយ៉ាងមានស្នេហ៍និយាយទៅកាន់ចន ៖
- - បងមេត្តាកុំទាន់អាលប្រឹងក្រោក។
- - អត់ទោសអ្នកនាង ហេតុអ្វីបានជាខ្លួនខ្ញុំមកនៅកន្លែងនេះ? ពួកចោរយ៉ាងម៉េចទៅហើយ សូមអ្នកនាងអាណិតមេត្តាអធិប្បាយអោយខ្ញុំដឹងផង !
- មាណវិញញឹមងក់ក្បាលទទួលពាក្យ
- - ចា៎! កាលពីយប់មិញខណ ដែលបងត្រូវពួកចោរបាញ់ កងរាជតម្រួតនៅអែក្បាលភូមិលឺសូរកាំភ្លើងក៏នាំគ្នាមកជួយ លុះពួកចោរឃើញថាមិនអាចឡើងមកលើផ្ទះនេះបាន វានាំគ្នារត់ចូលព្រៃអស់ទៅ ពួកវាងាប់ច្រើនណាស់ខាង យើងស្លាប់ពីរនាក់ ចំណែកពួកចោរជាងដប់នាក់ដែលកងរាជតំរួតចាប់ខ្លួនបាន គេបញ្ជូនវាទៅខេត្តអស់ហើយ ពេលនោះ បងសន្លប់បាត់ស្មារតី បានជាមិនដឹងរឿងហេតុខាងក្រោយនេះ។
មានពកំសត់ ខំរកនឹកប្រមូលស្មារតីកាលរាត្រីកន្លងទៅ អោយចូលមកប្រមូលក្នុងអារម្មណ៍ម្ដងទៀត គេចាំច្បាស់ថា គេកាប់លោកគ្រូឈុនមួយខ្វែវ ហើយដុនត្រូវស្លាប់ព្រោះលោកគ្រូឈុនបាញ់។ គេនឹកអាណិតដុន ដែលមានសេចក្ដីស្វាមីភក្ដីចំពោះលោកគ្រូរហូតទាល់តែស្លាប់ខ្លួន ចោលប្រពន្ធ និង កូននៅអែផ្ទះ។ ម្ល៉េះសមប្រពន្ធដុនសោយសោកយ៉ាងណាទៅ កាលបើដឹងថាប្ដីស្លាប់យ៉ាងទាន់ហន់ដូច្នេះ ? ជនមានរបួសអុទានតិចៗ ចេញមកថា៖
- - ដុន . . ! ដុន មិត្តស្លាប់ទៅហើយសូមវិញ្ញណមិត្តទៅកាន់សុខគតិភពចុះ ធ្វើម្ដេចជាតិនេះដុនមានវាសនាបានមកស្គាល់ខ្ញុំតែត្រឹមណេះ !
- - បងកំពុងនឹកឈ្មោះអ្នកណាហ្នឹង ?
- កល្យាណសួរដោយងឿងឆ្ងល់និងអុទានសព្ទរបស់ចន ។
- បុរសកំសត់ភ្ញាក់និងសំលេងយុវតីប្រញាប់ឆ្លើយឡើងថា ៖
- - បាទ! ខ្ញុំកំពុងនឹកដល់មិត្តជួយការពារយើងម្នាក់ ត្រូវស្លាប់ក្នុងការប្រយុទ្ធកាលពីយប់ម៉ិញ
- ពេលនោះលោកគ្រូពេទ្យ និង ចន្ទីបើកទ្វារបន្ទប់ចូលមក ក៏បង្អាក់វាចាចនតែត្រឹមណេះ។ លោកគ្រូចិត្តសប្បុរសដើរចូលមកអង្គុយជើងគ្រែជិតចន ហើយសួរទៅអ្នកថា៖
- - អន់ឈឺហើយរឺនៅចន ?
- ចនញញឹម
- - បាទ! អន់ឈឺហើយលោកគ្រូ !
- លោកគ្រូពេទ្យងក់ក្បាលមានប្រសាសន៍តទៅទៀត
- - ខ្ញុំជំពាក់បុណ្យគុណចនអែងច្រើនណាស់ បើកុំបានចនជួយខ្ញុំ ប្រហែលជាខ្ញុំត្រូវស្លាប់ដោយស្នាដៃចោរមិនខាន ចនអែងជាមិនបាច់ទៅរកស៊ីធាក់រ៉ឺម៉កដូចមុនៗទៀតទេ ចននៅជាមួយខ្ញុំចុះ! ខ្ញុំជួយឧបត្ថម្ភអោយទៅជាមនុស្សមានមុខមាត់ នឹងគេម្នាក់នៅពេលអនាគត ។
- បុរសកំសត់សែនតានតឹងក្នុងដួងចិត្ត ករុណាទិគុណដ៏ធំលើសលុបរបស់លោកគ្រូពេទ្យ មិនអាចធ្វើអោយគេភ្លេចទៅវិញបានឡើយ ក្នុងជីវិតនេះ។ ចនចង់លើកដៃសំពះលោកគ្រូពេទ្យអោយសមអំណរគុណ តែអ្នកមិនអាចលើករួច ម្ល៉ោះហើយ ក៏បានតែជំរុះវាចាទាំងសោមនស្សថា ៖
- - ជាព្រះគុណដល់ខ្ញុំធ្ងន់ណាស់! ខ្ញុំបាទសូមអរគុណលោកគ្រូ លោកស្រីរហូតអស់មួយជីវិត ចន្ទីឈរញញឹមយ៉ាងពេញចិត្ត។
- - កុំសូវគិតអ្វីអោយច្រើនពេកចន! មិនមែនតែខ្ញុំអែណា៎ដែលមានគុណលើចន? រូបចនអែងក៏មានគុណលើខ្ញុំដែរ បើកុំបានចនជួយ ចោរវាឡើងមកអារកអស់បាត់ទៅហើយ។
- ចន្ទី ដើរទៅទាញដៃណាវីអោយមកអង្គុយជិតអូវពុក រួចនាងនិយាយទៅកាន់កុមារី
- - ណាវី! ម៉េចក៏មិនទៅជិតប៉ា! ឡើងជួយច្របាច់ជើងអោយប៉ាទៅ
- កុមារីឡើងទៅអង្គុយជិតអូវពុកតាំងប្របាច់ជើងផ្អៀងផ្អងមើលមុខហើយក៏សួរថា
- - ប៉ាៗ ប៉ាអែងបាត់ឈឺដៃហើយនៅ ?
- ចនញញឹមលូកដៃស្ដាំទៅអង្អែលក្បាលកូនដោយក្ដីស្រលាញ់
- - ប៉ានៅមិនទាន់បាត់ឈឺទេកូន . . !
- - បើអិចឹង! ម៉េចក៏ប៉ាអែងមិនយំ? ហ៊ឺះ! កាលណាវីឈឺ ណាវីយំ ហើយមីងយ៉ានទិញនំអោយញ៉ាំផង អីលូវប៉ាអែងយំទៅ !
- កល្យាណ នៅអង្គុយក្បែរនោះលួចសើច នឹង សំដីម្ញិម្ញ៉ក់របស់កុមារីតូច។ ចនអត់ទ្រាំមិនបានអ្នកក៏ញញឹមចេញមកដែរ។ លោកគ្រូពេទ្យបែរទៅមើលមុខប្អូនក្រមុំហើយនិយាយថា
- - កល្បាណ! បន្តិចទៀតអូនទៅដួសបបរមកអោយចនញ៉ាំផងណា !
- - ចា៎: ! បង !
- លោកគ្រូពេទ្យ ក្រោកឈរកាន់ដៃប្រពន្ធរៀបដើរចេញទៅក្រៅវិញ លោកងាកមកនិយាយជាមួយចនម្ដងទៀតថា
- - ចនគេងចុះណា៎! ខ្ញុំមានការត្រូវទៅមើលអ្នកជំងឺក្នុងភូមិបន្តិច !
- - បាទមិនអីទេលោកគ្រូ !
- កាលបើលោកគ្រូពេទ្យមេត្តា និង អ្នកស្រីចន្ទីដើរទៅក្រៅផុតទៅ កល្យាណនាងក៏ចេញទៅដួសបបរយកមកអោយចន។ ណាវី អង្គុយច្របាច់ជើងអូវពុកហត់ក៏ឈប់សំរាក។ ងាកទៅមើលឃើញកល្យាណ កាន់ចានបបរចូលមក ក៏សួរទៅអូវពុកថា៖
- - ប៉ាអែងឃ្លាតបបរហើយរឺនៅ ?
- ចនមិនឆ្លើយតបគ្រាន់តែញញឹម។
- - ប៉ាអែងខំញ៉ាំបបរអោយច្រើនៗទៅ ឆាប់ជា ដល់ប៉ាជា ចាំណាវីប្រាប់មីងយ៉ានអោយទិញកូនឡានអោយលេងណាប៉ាណា៎
- - ប៉ាអត់ចេះលេងទេកូន
- - ណាវី! ខិតចេញឆ្ងាយពីប៉ាបន្តិចអោយប៉ាញ៉ាំបបរ (កល្យាណប្រាប់អោយណាវីខិតចេញឆ្ងាយ នាងក៏លើកចានបបរទៅចន) បងពិសារបបរអីលូវ រឺ ?
- - បាទ! អ្នកនាង
- ចនប្រឹងក្រោកអង្គុយ កល្យាណឃើញក៏ស្ទុះទៅចាប់អោយដេកដូចដើមវិញ។
- - បងក្រោកមិនទាន់បានទេ ខំឈាមចេញច្រើនទៀតហើយ គេងអោយស្រួលចុះចាំខ្ញុំបញ្ចុក
ថាហើយស្រីក្រមុំក៏កាន់ស្លាបព្រាដួសបបរបញ្ចុកចនដូចជាកញ្ចុកកូនក្មេងតូច ដែលមិនទាន់ចេះកាន់ស្លាបព្រាខ្លួនអែង។ ក្រសែចក្ខុបានពើបពះប្រទះគ្នាលើកដំបូងក្នុងជីវិត អាការឈឺចាប់ក្នុងខ្លួនបុរសកំសត់ទាំងប៉ុនន្មាន អន្តរធានអស់ក្នុងគ្រានេះ ស្រីក្រមុំត្រូវគេមើលចំខ្លាំងពេក នាងក៏ដាក់មុខចុះដោយសេចក្ដីអៀនអន់តាមវិស័យនារីក្រមុំព្រហ្មចារីយ៍។ ចំលើយស្នេហាបានឆ្លើយប្រាប់ពីការសំងាត់ នៃប្រអប់បេះដូងនរៈនារីរៀងៗខ្លួន ថាគេទាំងពីរនាក់គ្មានការង្គៀសចិត្តរវាងគ្នានឹងគ្នាឡើយ។
អោ! អនិច្ចា … វាសនាឃាតករ និងស្រីល្អរូបស្រស់ ព្រហ្មលិខិតកំហិតជោគជតា តើសេចក្ដីស្នេហាដែលប្រកបដោយស្រមោលកម្មដូចកុសល រឺ ចននឹងប្រែប្រួលយ៉ាងម៉េចទៅវិញ? សំំណៅព្រហ្មខិត និង សំពាយកម្មរបស់ចន ដែលមិនទាន់ លាតត្រដាងអោយឃើញជាអ្វីនោះ សូមអស់លោកអ្នកអានធ្វើណើរឆ្លងកាត់តាមស្ទឹងវាសនា ជាមួយអ្នកនិពន្ធខ្ញុំតទៅ មុខទៀត។