២ - ជីវិតអភ័ព្វ
ថ្ងៃសៅរ៍ ទី28.វិច្ឆិកា 2015.ម៉ោង 9:41

                                                                                                                                                                                                                                                             
រស់នៅគ្មានគាប់ ជាទ្រព្យនិស្ស័យ កូនតូចឈឺខ្លាំង
ភាន់ភាំងស្មារតី នេះជីវភាពថ្មី នៃជនឃាតករ។
ប្រាក់កាសក៏គ្មាន បែរបន់សុំទាន អំណោយបវរ
ផលបុណ្យនៅមាន ជួបពេទ្យចិត្តល្អ សង្រ្គោះអ្នកក្រ
ឈ្មោះសពេកក្រៃ ។

បី​ឆ្នាំ​បាន​កន្លង​ទៅ​មុខ​យ៉ាង​រហ័ស កុសល​ក្រោយ​ពី​ថ្ងៃ​ដែល​អ្នក​សំលាប់​ភរិយា​ក្បត់​ និង​ប្រុស​សាហាយ អ្នក​ក៏​ភៀស​ខ្លួន​ចេញ​ពី​ខេត្ត​ពោធិ៍​សាត់ មក​សំងំ​ពួន​អាត្មា​នៅ​ក្នុង​ស្រុក​គៀន​ស្វាយ​ខេត្ត​កណ្ដាល ដោយ​ប្រែ​ឈ្មោះ​ថ្មី​ថា ចន​។ កុសល​ រឺ ចន មាន​ជីវ​ភាព​ត្រឹម​អ្នក​ធាក់​រ៉ឺ​ម៉ក​បាន​ប្រាក់​បន្តិ​ច​បន្តួច​គ្រាន់​ចិញ្ចឹម​ជីវិត​បុត្រី​ទាំង​ត្រដាប​ត្រដួស​ ក្នុង​មួយ​ថ្ងៃៗ​ប៉ុណ្ណោះ​។ អីលូវ​នេះ​ស្រមោល​ទុក្ខ​កំពុង​គ្រប​ដន្ដប់​លើ​ខ្សែ​ជីវិត​កម្មករ​ ចន​ ម្ដង​ទៀត បុត្រី​កំព្រា​ដែល​កំពុង​ជា​ទី​ស្រលាញ់​របស់​គេ ត្រូវ​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​។ ចន​ខំ​ធាក់​រ៉ឺ​ម៉ក​មិន​ហ៊ាន​ឈប់​សំរាក​ទ្វេ​មួយ​ជា​ពីរ​ តែ​ប្រាក់​ដែល​រក​មក​បាន​បន្ដិច​បន្ដួច​​មិន​អាច​ទិញ​ថ្នាំ​ថ្លៃ​ៗ មក​មើល​ថែ​ថួន​ជំងឺ​កុមា​រី​តូច ដែល​មាន​សភាព​ធ្ងន់​ធ្ងរ​ណាស់​ទៅ​ហើយ អោយ​ស្រាក​ស្បើយ​បាន​ឡើយ​។

កាល​បើ​អស់​សង្ឃឹម​រក​ប្រាក់​ទិញ​ថ្នាំ​អោយ​កូន​មិន​បាន ចន​ក៏​ដាច់​ចិត្ត​បី​បុត្រ​កំព្រា​ ទៅ​​ផ្ទះ​លោក​គ្រូ​ថ្នាំ​ខ្មែរ​មួយ​នៅ​ចុង​ភូមិ​រំពឹង​សំពះ​អង្វរ​ករ​អោយ​គេ​ជួយ​មើល​ព្យា​បាល​រោគ​របស់​កូន តែ​សេច​ក្ដី​សង្ឃឹម​ត្រូវ​រលាយ​ខ្សុល​អស់​ទៅ​វិញ កាល​បើ​ទៅ​ដល់​ផ្ទះ​លោក​គ្រូ​។ ព្រោះ​លោក​គ្រូ​ឈុន​ដែល​ជា​មនុស្ស​បូជា​ទឹក​ប្រាក់​ជា​ជាង​ជីវិត​មនុស្ស​ មិន​ព្រម​ទទួល​មើល​ជំងឺ បុត្រី​ចន​ដោយ​អិត​ប្រាក់​ឈ្នួល​ឡើយ​។

ចន​ត្រូវ​បី​បុត្រ​កំព្រា​ចាក​ចេញ​ពី​ផ្ទះ​លោក​គ្រូ​ឈុន​ទាំង​ទឹក​ភ្នែក​។ អាការ​រោគ​របស់​កុមារី​ក៏​កាន់​តែ​ដុន​ដាប​ខ្លាំង​ឡើង​ជា​លំដាប់​។ ពេល​ម៉ោង​មួយ​ទៅ​ហើយ ចន​នៅ​តែ​បី​កូន​ដើរ​ទៅ​មុខ​ដោយ​គ្មាន​គោល​ដៅ​ ទី​បំផុត​ជំហ៊ាន​របស់​ជន​កំសត់​ ក៏​មក​ឈប់​ទ្រឹង​នៅ​ចំ​ពី​មុខ​ផ្ទះ​ភូមិ​មួយ (Villa) មាន​តាំង​ផ្លាក​សញ្ញា​ពេទ្យ ហើយ​ដាក់​ចំណង​ជើង​ថា លោក​គ្រូ​ពេទ្យ​សែន​មេត្តា​។

សេចក្ដី​វិតក្ក​ភិត​ភ័យ​ទាំង​ប៉ុន្មាន​ហាក់​ដូច​ជា​មាន​សង្ឃឹម​បន្តិច​ឡើង​វិញ​។ ចន​ឈរ​រេរា​មិន​ឃើញ​មាន​អ្នក​ណា​ដើរ​ចេញ​មក ជន​កំសត់​ក៏​បី​បុត្រ​កំព្រា​ដើរ​ចូល​ទៅ​ រំពឹង​ថា​នឹង​សំពះ​អង្វរ​សុំ​សេច​ក្ដី​មត្តា​ករុណា ពី​លោក​គ្រូ​ពេទ្យ​គ្រប់​បែប​យ៉ាង អោយ​តែ​ខាង​បាន​ជួយ​ព្យា​បាល​ជំងឺ​កូន​អ្នក រួច​ពី​ចង្កូម​មរណៈ​។ ​​ចន​ បី​កូន​មក​ដល់​មាត់​ជណ្ដើរ​ក៏​ត្រូវ​ឈប់​ទ្រឹង ព្រោះ​នៅ​កាំ​ជណ្ដើរ​ខាង​លើ យុវតី​ក្មេង​រូប​ស្អាត​មួយ​រូប​កំពុង​អង្គុយ​ប៉ាក់​ជ័រ​កូន​កន្សែង​ច្រៀង​ភ្លេង​ក្នុង​ដើម​ករ​ហ៊ឺម​ៗ ពុំ​បាន​ឃើញ ចន មក​ឈរ​នៅ​ពី​មុខ​ទេ​។ ជន​កំសត់​ឈរ​ស្ងាត់​ស្ងៀម​មួយ​ស្របក់​ក្រែង​លោ​គេ​អើត​មក​ឃើញ​ខ្លួន​ លុះ​ចាំ​យូរ​បន្តិច​ទៅ​ នាង​នៅ​តែ​មិន​ព្រម​ងើប​មុខ​ ពី​កូន​កន្សែង​ទៀត​ អ្នក​ក៏​ដាច់​ចិត្ត​ស្រែក​ហៅ ​៖

- អ្នកនាង . . . ! ខ្ញុំជំរាបសួរ!
កញ្ញាកល្យាណ កំពុងភ្លើតភ្លើន នឹងកូនកន្សែង ស្រាប់​តែ​ភ្ញាក់​ព្រើត​ ភ្លាត់​ដៃ​ធ្លាក់​កូន​កន្សែង​ទៅ​ក្រោម​ផ្ទះ​ប្រលាក់​ភក់​អស់​។
- អត់ទោស! លោកគ្រូពេទ្យលោកមាននៅផ្ទះទេអ្នកនាង ?
ចន សួរទៅម្ដងទៀត​។ កញ្ញា​កល្យាណ​ កំពុង​ខឹង​នឹង​កូន​កន្សែង​ធ្លាក់​ប្រលាក់​ភក់​ផង នាង​ក៏​បែរ​មក​សំលិត​សំលក់​ដាក់​ចន​យ៉ាង​ឃ្នាន់​ខ្នាញ់​និយាយ​ឆ្លើយ​តប​ទាំង​គំរោះ​គំរើយ​មក​វិញ​ថា៖
- រកគាត់មានការស្អីហ្អា៎ ?
- បាទ! កូនខ្ញុំបាទឈឺខ្លាំងអ្នកនាង …!
- ហ៊ឺះ! បើឈឺខ្លាំងម្តេចក៏មិនជួលឡានតូច ដឹកយកទៅព្យាបាលអែភ្នំពេញទៅ ពេលនេះបងខ្ញុំគាត់សំរាន្តលក់ហើយ !
- ពុទ្ធោ! សូម​អ្នក​នាង​អាណិត​មេត្តា​ជួយ​ជំរាប​លោក​គ្រូ​យក​បុណ្យ​អោយ​ខ្ញុំ​ផង​ទៅ​ចុះ កូន​ខ្ញុំ​ឈឺ​ខ្លាំង​ដាប​ណាស់​ទៅហើយ​អ្នក​នាង !
- យី! គាត់​អី​គេ​នេះ​និយាយ​ដូច​ជា​មិន​ចេះ​ស្ដាប់​ភាសា​ខ្មែរ បើ​គេ​ថា​ដេក​ៗ ហើយ​នៅ​តែ​ពោល​ង៉ូវ​ៗ​ថែម​មក​ទៀត
ឆ្លើយ! រួច​ហើយ តរុណ​ក៏​ស្ទុះ​រត់​ចូល​ទៅ​ក្នុង​ផ្ទះ​បាត់​ទៅ​។ ចន​ឈរ​សំរក់​ទឹក​ភ្នែក​នៅ​មាត់​ជណ្ដើរ​នឹក​អស់​សង្ឃឹម នឹង​បាន​ជួប​លោក​គ្រូ​ពេទ្យ តែ​ខណៈ​ដែល​អ្នក​រៀប​ឈាន​ជើង​ចេញ ក៏​លេច​បុរស​រាង​ចំណាស់​បន្តិច​ចេញ​មក​។
- នែប្អូនប្រុស! រកខ្ញុំមានការអ្វី រឺ ?
លោកគ្រូពេទ្យសែន-មេត្តាសួរ។ ចនបែរមកឃើញក៏ប្រញាប់លើកដៃសំពះឆ្លើយតបទៅវិញ
- កូនខ្ញុំបាទឈឺខ្លាំងទាន . . . ! សូមលោកគ្រូអានិតមេត្តាជួយស្រោចស្រង់ជីវិតកូនខ្ញុំបានផង !
- បើចឹងបីកូនឡើងមកលើផ្ទះមក នៅឈរហាលក្ដៅយូរកាន់តែមិនស្រួលខ្លាំងហើយ !
ចន បាន​ស្ដាប់ មធុរ​វាចា​រ​បស់ លោក​គ្រូ​ពេទ្យ​សែន-មេត្តា​ដែល​ប្រកប​ទៅ​ដោយ​ទឹក​ចិត្ត​មនុស្ស​ធម៌ ទឹក​មុខ​ឡើង​ថ្លា ស្រស់​សប្បាយ​ចិត្ត​នឹក​កោត​សរ​សើរ​នូវ​សប្បុ​រ​ធម៌​របស់​លោក​គ្រូ​ពេទ្យ​នេះ​ជា​ភិយ្យោ​ភាព​។ ក្រោយ​ពី​ត្រួត​ពិនិត​អាការ​រោគ​កុមារី​តូច​មួយ​សន្ទុះ លោក​គ្រូ​ពេទ្យ​មេត្តា​ក៏​គ្រវី​ក្បាល​ដក​ដង្ហើម​ធំ៖
- ហ៊ឺ អាការ​រោគ​របស់​នាង​តូច​នេះ​ធ្ងន់​ណាស់​ប្អូន​! គឺ​កើត​ពឹស​នៅ​ក្នុង​ក្រពះ​បាយ បើ​បណ្ដែត​បណ្ដោយ​ពីរ រឺ​ បី​ថ្ងៃ​ទៀត អាច​មាន​អន្ត​រាយ​ដល់​ជីវិត ហើយ​រោគ​នេះ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ណាស់​ទើប​ជា​។
- អោ! ចំណាយប្រាក់ច្រើនណាស់ទើបមើលជា?
ចន ធ្លាក់ទឹកមុខឧទានចេញមកទាំងតក់ស្លុត ។
- ប្រាក់ច្រើន​ទើប​កូន​ខ្ញុំ​អាច​មាន​ជីវិត … ពុទ្ធោ​អើយ …! បើ​ខ្ញុំ​ក្រី​ក្រ​ម្ល៉េះៗ ធ្វើម្ដេច​ខ្ញុំ​នឹង​មានប្រាក់​ទិញ​ថ្នាំ​?

ចំលង​ជីវិត​កូន​ខ្ញុំ​បាន​ កូន​មាស​ឳពុក​! កូន​មុខ​ជា​ត្រូវ​ស្លាប់​ចោល​ឳពុក​ហើយ​តែ​បើ​កូន​ស្លាប់ ឳពុក​ក៏​មិន​ព្រម​នៅ​រស់​ក្នុង​លោក​ដ៏​សែន​ទារុណ​នេះ​ទៅ​ទៀត​ដែរ​!​។ ពោល​ចប់ ចន​ក៏​យំ​ននាក់​ននាល​នឹង​កូន​សំលាញ់​ លែង​គិត​ខ្មាស​អៀន​ ខ្លួន​គេ​កំពុង​ស្ថិត​នៅ​លើ​ផ្ទះ​អ្នក​ណា​ឡើយ​។ លោក​គ្រូ​ពេទ្យ​សែន​ -​មេត្តា អត់​ទ្រាំ​មើល​ទិដ្ឋ​ភាព​ដ៏​សែន​ខ្លោច​ផ្សា​នេះ​ពុំ​បាន ​លោក​ក៏​អួល​ដើម​ក រក​កល់​ចង់​ចេញ​ទឹក​ភ្នែក​មក​ដែរ​។ លោក​គ្រូ​ពេទ្យ​មិន​មែន​ជា​មនុស្ស​ចិត្ត​អាក្រក់ ​ឃើញ​តែ​ទឹក​ប្រាក់​ជា​ធំ​ដូច​លោក​គ្រូ​ឈុន​ថ្នាំ​ខ្មែរ​នោះ​ទេ លោក​តែង​មាន​ចិត្ត​សន្ដោស​អាណិត​មេត្តា​ស្រោច​ស្រង់​ជីវិត​អ្នក​ក្រី​ក្រ​ជា​និច្ច ដោយ​ពុំ​គិត​ទៅ​ដល់​ប្រាក់​កាស​ដែល​ នឹង ត្រូវ​បាន​មក​វិញ​ឡើយ​ ដូច្នេះ​ចំពោះ​មនុស្ស​អត់​ប្រាក់​ដូច​យ៉ាង​ចន​ក្នុង​ពេល​នេះ ក៏​មិន​មែន​ជា​ការ​ប្លែក​អ្វី​សំរាប់​លោក​ទាល់​តែសោះ​។ លោក​គ្រូ​ពេទ្យ ទះ​ស្មា​លួង​លោម​ចន​ស្រាល​ៗ​ព្រម​ទាំង​មាន​ ប្រសាសន៍​ឡើង​ថា៖

- ឈប់​យំ​សោក​ឈប់​ព្រួយ​បារម្ភ​ទៅ​ប្អូន​! បើ​ប្អូន​គ្មាន​លុយ​បង​ក៏​អាច​ជួយ​សង្រ្គោះ​បាន​ដែរ ជីវិត​មនុស្ស​ម្នាក់​ចំពោះ​រូប​បង​ គឺ​មាន​តំលៃ​ណាស់ បង​មិន​មែន​យក​ប្រាក់​ធ្វើ​ជា​ត្រី​មុខ​ដូច​លោក​គ្រូ​ខ្លះ​នោះ​ទេ!​ ប្អូន​សព្វ​ថ្ងៃ​ប្រកប​របរ​ រក​ស៊ី​អ្វី​ដែរ​?​
- បាទ! ខ្ញុំបាទជាកម្មករធាក់រ៉ឺម៉កទាន !
- អ៊ឺម៍! (លោកគ្រូងក់ក្បាលតិច ទ្រង់ជួយអានិត) ប្អូនឈ្មោះអ្វី “ប្រពន្ធទៅណាហើយ ?
- បាទខ្ញុំឈ្មោះចន …! ប្រពន្ធខ្ញុំស្លាប់យូរហើយទាន …!
- ហ៊ឺ! កំព្រាម្ដាយផងហ្ន៎ …!
- ខ្ញុំបាទ សូមផ្ញើជីវិតកូន ​នឹង​លោក​គ្រូ​ហើយ​ ចំណែក​រឿង​លុយ​កាក់​ខ្ញុំ​បាទ​នឹង​ខិត​ខំ​ធាក់​រ៉ឺម៉ក​យក​មក​ជូន​លោក​គ្រូ​នៅ​ពេល​ក្រោយ​ជា​មិន​ខាន!​។
លោកគ្រូពេទ្យផ្សំថ្នាំចាក់អោយកុមារីតូចបណ្ដើរ បែរមកនិយាយជាមួយចនបណ្ដើរ
- មិនអីទេចន! រឿងលុយកាក់សូមកុំព្រួយ ខ្ញុំសន្យាមើលក្មេងនេះដោយអស់សមត្ថភាព
- អូ៎. ជាព្រះគុណធ្ងន់ណាស់ទាន!
ចនទៅសំពះបាទជើងលោកគ្រូពេទ្យ សែន -មេត្តាដោយសេចក្ដីគោរព
- ក្នុងជីវិត​នេះ​ខ្ញុំ​មិន​អាច​បំភ្លេច​គុណ​របស់​លោក​គ្រូ​បាន​ឡើយ លោក​គ្រូ​ចិត្ត​ល្អ​ចំពោះ​ជន​ក្រី​ក្រ​ណាស់។ តើ​ខ្ញុំ​ត្រូវ​យក​កូន​មក​ចាក់​ថ្នាំ​រៀង​រាល់​ព្រឹក​ រឺ​?
- ណ្ហើយ​ចុះ​ប្អូន ក្មេង​នេះ​ទុក​អោយ​នៅ​គេង​នឹង​ខ្ញុំ​បាន​ហើយ ព្រោះ​ជា​ការ​ស្រួល​ដល់​ខ្ញុំ​ព្យាបាល​ផង ម្យ៉ាង​វិញ​ទៀត​ប្អូន​យក​ទៅ​ក៏​គ្មាន​អ្នក​ណា​ថែ​រ​ក្សា​គ្នា​អោយ​បាន​ដិត​ដល់​ដែរ បើ​ប្អូនរ​វល់​តែ​ធាក់​រ៉ឺម៉ក​យ៉ាង​ដូច្នេះ​!​។
ចន លើក​ដៃសំពះ​លោក​គ្រូ​ពេទ្យ​ម្ដង​ទៀត អ្នក​នឹក​កោត​សរ​សើរ​នឹង​ចិត្ត​មេត្តា​ករុណា​របស់​ លោក​គ្រូ​ពេទ្យ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​។ ក្នុង​លោក​នេះ បើ​មាន​គ្រូ​ពេទ្យ​មិន​សូវ​គិត​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន របៀប​លោក​គ្រូ​ពេទ្យ​មេត្តា​គ្រប់​គ្នា អ្នក​ជំងឺ​ក្នុង​លោក​ប្រាកដ​ជាគេចរួច​ពី​សេច​ក្តី​ស្លាប់​បាន​ចំនួន​ច្រើន​ជា​ពុំខាន​។
- ទំហំគុណរបស់លោកគ្រូ ខ្ញុំ​បាទ​ពុំ​ដឹង​រក​អ្វី​មក​ប្រៀប​អោយ​ស្មើ​បាន​ទេ​! ​ចិត្ត​លោក​គ្រូ​ល្អ​ប្រៀប​ដូច​ព្រះ​មួយ​ព្រះ​អង្គ ដែល​អ្នក​ស្រុក​គៀន​ស្វាយ​ទូ​ទៅ​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត​
- ខ្ញុំ​សូមអរគុណ! សូមអោយសមតាមពាក្យប្អូនថាទៅចុះ
លោកគ្រូពេទ្យ​និយាយ​រួច​ញញឹម​ដាក់​ចន​យ៉ាង​រីក​រាយ​។​ មួយ​សន្ទុះ​ក្រោយ​មក​ កុសល ​រឺ ​ចន​ក៏​សូម​លា​លោក​គ្រូ​ពេទ្យ​សែន -​មេត្តា​ត្រលប់​កាន់​ខ្ទម​អែ​ចុង​ភូមិ​វិញ​។​