រឿងពេលដែលកន្លងទៅ
The time that has gone
ដោយប៉ិច សង្វាវ៉ាន
pechsangwawann.wordpress.com
@រក្សាសិទ្ធិគ្រប់យ៉ាង
ដកស្រង់ ពីសៀវភៅ «ស្នេហាខ្ញុំ My Love» ទំព័រទី១ដល់ទី១០
បោះពុម្ពលើកទី១ ដោយសមាគមអក្សរសិល្ប៍កម្ពុជាស៊ុយអែដ ឆ្នាំ២០០៩
****************************************
បានទទួលសេចក្ដីអនុញ្ញាតិឲ្យចុះផ្សាយបន្ដ ពីអ្នកនិពន្ធប៉ិច សង្វាវ៉ាន
ថ្ងៃសុក្រ ទី8.សីហា 2014.ម៉ោង 23:12
បទវិភាគលើ «រឿងពេលដែលកន្លងទៅ»
ដោយកែវ ឈុន
មែនហើយ វាពិតជាពីរោះជក់ចិត្តពិតមែន រឿង «ពេលដែលកន្លងទៅ»ដកស្រង់ពីសៀវភៅ«ស្នេហាខ្ញុំ» របស់អ្នកនិពន្ធប៉ិច សង្វាវ៉ាន បានចូលមកច្រៀងបំពេអារម្មណ៍របស់ខ្ញុំអោយធ្លាក់ចុះក្នុងអន្លង់ស្នេហ៍ ដែលបាត់បង់ដ៍យូរសែនយូរ។
រឿង «ពេលដែលកន្លងទៅ» ដែលអ្នកនិពន្ធលើកមកសរសេរនៅទីនេះ គឺលាតត្រដាងពីស្នេហា យុវនារីម្នាក់ ដែលប្រកាន់ខ្ចាប់នូវទំនៀមទម្លាប់ដ៏តឹងរឹង និង អៀនខ្មាសដែលចរិតលក្ខណរបស់នារីខ្មែរយ៉ាងពិតប្រាកដ។ នារីខ្មែរ ដែលតែងតែអៀនខ្មាសគេចមុខ ពួនចំពោះបុរសដែលស្រលាញ់ខ្លួន ឬចូលមកស្ដីដណ្ដឹងខ្លួន មិនអោយឃើញមុខបានឡើយ។ ទោះជាយ៉ាងនេះក្ដី ក៏នៅទីបំផុត នាងបានសារភាពស្នេហ៍ ខ្សឹបនៅក្នុងដួងចិត្ដដោយសំងាត់ប្រាប់ខ្លួនឯងថា «ចា៎ស! ខ្ញុំក៏ស្រលាញ់បងនរៈដែរ» ជាសេចក្ដីស្នេហាមួយ ដែលបេះដូងនារីម្នាក់ ហាក់បែកធ្លុះធ្លាយក្រៀមស្វិត ស្រពោន ស្លាប់ទៅព្រមជាមួយបុរសម្នាក់ ដែលតាមស្រលាញ់នាង ហើយដែលត្រូវកាត់ ខណ្ឌ័្ធដាច់ដោយ ភពបីផ្សេងគ្នា ៖ ភពមួយ គឺទំនាស់រវាងគ្រួសារ។ ភពមួយទៀត គឺការបែកឃ្លាតឆ្ងាយពីស្រុកទេស។ ឯភពមួយទៀត គឺអវសានភព គ្មានរូប គ្មានក្លិន គ្មានវិញ្ញាណតែម្ដង។
វគ្គចុងក្រោយលើទំព័រនេះនៃរឿង «ពេលដែលកន្លងទៅ» ដែលយើងមើលឃើញថា បេះដូងនារី ក្រមុំដ៏ស្រស់ម្នាក់ហាក់ស្ពឹកលែងត្រូវការ មិនថាមានបុរសល្អៗច្រើនយ៉ាងណាចូលមកក្នុងជីវិតនាង តែនាងក៏មិនដែលមានអារម្មណ៍ជាមួយអ្នកណាស្មើនឹងបងនរៈ របស់នាងឡើយ។
ស្នេហានាងវិធាវី ក្នុងរឿងផ្កាស្រពោន ក៏ដូចជាស្នេហានាងកង្រី សុទ្ធតែស្នេហា មានកម្លាំងដ៏ធំធេងក្រៃលែង។ ស្នេហារបស់យុវតីឈ្មោះនារី ដែលមានមកក្នុងរឿង «ពេលដែលកន្លងទៅ» ក៏មានដូចនោះដែរ។ វាពិតជាពិធីសាស្រ្ដបង្ហាញពីវិបត្ដិស្នេហាមួយ ដែលអ្នកនិពន្ធបានទាញយកមក សរសេរយ៉ាងប៉ិនប្រសប់ ផ្តោតទៅលើសង្គមទំនៀមទំលាប់ខ្មែរ មានតម្លៃដ៏ជ្រាលជ្រៅ ក្នុងបទអក្សរសិល្ប៍ខ្មែរ ធ្វើឲ្យអ្នកអានជក់ចិត្ដ ពោលតិចៗថា «ឆើតមែន!..ឆើតមែន!.»។
វាចាអ្នកនិពន្ធ
ខែមេសា 29, 2011 ម៉ោង 3:18 ល្ងាច
អរគុណលោកកែវ ឈុនដែលបានអានរឿង «ពេលដែលកន្លងទៅ»និងបានវិភាគរឿងយ៉ាងលំអិត។ ជាពិសេសគឺលោកបានយល់ច្បាស់ពីគោលគំនិតដែលខ្ញុំចង់បង្ហាញនៅក្នុងរឿង «ពេលដែលកន្លងទៅ» នេះ។ ខ្ញុំសរសើរអស់ពីដួងចិត្ត។ លោកពូកែវិភាគអត្ថបទអក្សរសិល្ប៍មែននិងយល់ច្បាស់ពីទស្សនៈរបស់ អ្នកនិពន្ធខ្ញុំនេះ។ ខ្ញុំពេញចិត្តការវិភាគរបស់លោកណាស់។
រឿងពេលដែលកន្លងទៅ
The time that has gone
ដោយប៉ិច សង្វាវ៉ាន
ខ្ញុំតែងតែគិត និងដណ្តឹងសួរខ្លួនឯងថា តើហេតុអ្វីបានជាបងនរៈចាប់ចិត្តប្រតិព័ទ្ធមកលើរូបខ្ញុំ? បើកាលនោះ ខ្ញុំទើបតែមានវ័យ១៣ឆ្នាំតែប៉ុណ្ណោះ។ គឺជាក្មេងជំទង់ម្នាក់ដែលពុំទាន់ពេញរូបរាងគួរឲ្យទាក់ទាញចិត្តបុរសនៅឡើយ។
ខ្ញុំចាំមិនភ្លេចអនុស្សាវរីយ៍ចុងក្រោយ នៅមុនថ្ងៃដែលបងនរៈចាកចេញពីប្រទេសកម្ពុជាទៅបន្តការសិក្សានៅប្រទេសបារាំង។ ខ្ញុំបានរត់មប្រើបងនរៈតាមចរិតក្មេងម្នាក់គួរឲ្យចូលចិត្ត។ ចាស៎ តាមពិតខ្ញុំដឹងខ្លួនឯងថា ខ្ញុំចូលចិត្តបងនរៈណាស់។ រីឯបងនរៈវិញក៏ចូលចិត្តខ្ញុំដែរ។ នៅពេលខ្ញុំអង្គុយជិតបងនរៈ បងនរៈលូកហត្ថារបស់គាត់មកចាប់ចង្កាខ្ញុំភ្ងើយឡើង។ កែវភ្នែកដ៏ភ្លឺថ្លាទាំងគូរបស់គាត់ផ្តោតលើទម្រង់ភ័ក្រ្តខ្ញុំយ៉ាងយូរ ទើបបន្លឺវាចាថា៖
- -នារី! មុខអូនស្អាតម្ល៉េះ..! បងស្រឡាញ់ភ្នែកអូន។ បងស្រឡាញ់ច្រមុះអូន និងបបូរមាត់អូននៅពេលអូនញញឹមម្តងៗ…។
- និយាយពាក្យនេះរួច ខ្ញុំឃើញបងនរៈញញឹមយ៉ាងស្រស់គួរឲ្យត្រជាក់ចិត្ត។ ខ្ញុំមិននិយាយអ្វីទាំងអស់ សូម្បីតែពាក្យថាអរគុណមួយម៉ាត់ ក៏ខ្ញុំមិនបានថ្លៃងដែរ។ បងនរៈក៏ថយចេញពីខ្ញុំទៅ។នៅពេលខ្ញុំដើរចូលទៅក្នុងបន្ទប់ខ្ញុំ ខ្ញុំឃើញបងនរៈដើរចេញពីបន្ទប់ខ្ញុំវិញ ដោយបញ្ចេញជួរធ្មេញរាបស្មើត្រឹមញញឹមយ៉ាងផ្អែមថែមទាំងមានវាចាយ៉ាងខ្លីដូចជាតប់ប្រមល់ណាស់។
- -ហ៊ឺ! មិនដឹងជាថ្ងៃណា ខែណា ឆ្នាំណា បងវិលមកជួបមុខនារីទៅហ្ន៎?
- មានប្រសាសន៍រួចហើយ បងនរៈឈរបណ្តែតអារម្មណ៍ទៅឆ្ងាយតាមមាត់បង្អួចនៃបន្ទប់ទទួលភ្ញៀវដែលខ្ញុំមិនអាចកាត់យល់អ្វីបានឡើយទៅតាមវ័យក្មេងខ្ចី។
ព្រលឹមឡើង ចៃដន្យ ខ្ញុំបានឃើញសំបុត្រមួយច្បាប់នៅក្រោមខ្នើយខ្ញុំ។ ខ្ញុំអានសំបុត្រចម្លែកនោះដោយភ្ញាក់ផ្អើល។
ភ្នំពេញ, ថ្ងៃអាល័យ ខែស្រណោះ ឆ្នាំនឹក (១៩៦២)
អូននារីជាទីស្រឡាញ់តែមួយគត់នៅក្នុងលោក«នារី» នាមដ៏ខ្លីតែមានន័យគ្រប់គ្រាន់បង្កប់យ៉ាងជ្រៅក្នុងជម្រៅដួងចិត្តបង។ បងចង់តែហៅឈ្មោះអូនរាល់វិនាទី និងចង់នៅជិតអូនគ្រប់ពេលវេលា។ ប៉ុន្តែ ជំនោរវាសនាបន្សាត់រូបបងឲ្យទៅឆ្ងាយពីអូនជាងមួយម៉ឺនគីឡូម៉ែត្រ ដើម្បីបន្តការសិក្សាឲ្យបានខ្ពង់ខ្ពស់។
តើនារីដឹងខ្លួនឬទេថា អូនស្អាតណាស់? ទើបតែមានអាយុប៉ុណ្ណេះសោះ អូនស្អាតម្លឹងទៅហើយ ចុះទម្រាំអូនធំពេញរូបពេញរាងទៀត តើនារីមាសបងរឹតតែស្រស់ប្រិមប្រិយយ៉ាងណាទៅ? នៅពេលនោះ តើបុរសប៉ុន្មាននាក់ដែលត្រូវខូចចិត្តដោយសារសម្ជស្សរបស់អូន? បងសែនស្តាយ! ស្តាយមិនបាននៅជិតអូន ដើម្បីធ្វើជាអង្គរក្សការពាររូបអូនផ្ទាល់កុំឲ្យកន្លង់ទាំងឡាយប្រមាថរូបអូននារីតែម្នាក់គត់របស់បង។
នារី! បងសួរអូនយ៉ាងខ្លី តើនារីអាចនៅរង់ចាំបងបានឬទេ?…
ពីបងនរៈដែលស្រឡាញ់ និងសែននឹកអូនតែម្នាក់ជានិច្ច
អានរួចហើយខ្ញុំបត់លិខិតពណ៌ផ្កាឈូកនេះទុកក្នុងទូ។ ខ្ញុំក៏មិនដែលបាននឹកគិតអ្វីឲ្យវែងឆ្ងាយតទៅទៀត។ ថ្ងៃខែឆ្នាំកន្លងផុតទៅ វ័យនិងរូបរាងមនុស្សយើងក៏ចម្រើនទៅតាមពេលវេលា។ ពីរឆ្នាំកន្លងទៅយ៉ាងឆាប់រហ័សប្រៀបបីដូចជាការយល់សប្តិ។ ខ្ញុំចម្រើនវ័យបាន១៥ឆ្នាំហើយ។ ខ្ញុំរៀនដល់ថ្នាក់ទី៥ទំនើបជាតិនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
ថ្ងៃមួយ នៅពេលដែលខ្ញុំរៀបទូរបស់ខ្ញុំ ស្រាប់តែសំបុត្ររបស់បងនរៈធ្លាក់ខ្ពោកមកលើកម្រាលឥដ្ឋ។ ខ្ញុំរើសយកវាមកអានឡើងវិញ។ គឺនៅពេលនោះហើយ ទើបខ្ញុំដឹងច្បាស់ថា បងនរៈស្រឡាញ់ខ្ញុំដែលជាប្អូនជីដូនមួយ។
នៅឆ្នាំនោះឯង ខ្ញុំត្រូវបានលោកអគ្គានុរក្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ កោះហៅទៅប្រាប់ព្រមានជារឿយៗថា «មានសំបុត្រពីឈ្មោះ ចិត្ត នរៈ ផ្ញើមកពីប្រទេសបារាំង»។ ប៉ុន្តែ ខ្ញុំគ្មានសិទិ្ធទទួលសំបុត្រទាំងនោះទេ ព្រោះវិន័យសាលាតឹងតែងខ្លាំងណាស់។ គេមិនអាចឲ្យសិស្សនារីទទួលសំបុត្រពីបុរសជាដាច់ខាត។ បើខ្ញុំចង់បានសំបុត្រទាំងនោះ ទាល់តែសុំឲ្យលោកប៉ា ឬប្អូនប្រុសខ្ញុំទើបអាចយកបាន។ ថ្វីត្បិតតែខ្ញុំមិនដែលបានអានសំបុត្រក្រោយនេះដែលបងនរៈផ្ញើមកខ្ញុំមែន តែខ្ញុំយល់ថា បងនរៈច្បាស់ជាគ្មានសរសេរអ្វីក្រៅពីសារភាពសេចក្តីស្នេហារបស់គាត់មកលើរូបខ្ញុំឡើយ។ ក្នុងវ័យដ៏ក្មេងខ្ចីនេះ ខ្ញុំមិនត្រូវប្រើខួរក្បាលខ្ញុំឲ្យគិតពីរឿងឥតប្រយោជន៍នេះដែលនាំឲ្យខូចដល់ការសិក្សាទេ។ គោលបំណងដ៏ធំរបស់ខ្ញុំ គឺក្រេបជញ្ជក់ចំណេះវិជ្ជាឲ្យបានជ្រៅជ្រះខ្ពង់ខ្ពស់ ដើម្បីកិត្តិយសខ្ញុំផ្ទាល់ និងកិត្តិយសគ្រួសារខ្ញុំផងដែរ។ ខ្ញុំចង់សាងខ្លួនខ្ញុំឲ្យទៅជាបញ្ញវន្តម្នាក់។
៣ឆ្នាំក្រោយមក…
ខ្ញុំដឹងថា បងនរៈបានប្រឡងជាប់សញ្ញាបត្រជាវិស្វករខាងសំណង់ហើយ។ គាត់បានសរសេរមកជម្រាបលោកប៉ាខ្ញុំថា គាត់នឹងបន្តវិជ្ជាតទៅទៀត បើប្រសិនណាជាគាត់ពុំទាន់មានគូស្រករនៅឡើយ។ ស្រាប់តែនៅថ្ងៃមួយនោះ ខ្ញុំស្ទើរតែមិនជឿភ្នែកខ្ញុំសោះ។ ពេលខ្ញុំចេញពីរៀននាថ្ងៃត្រង់ ខ្ញុំភ្ញាក់ស្រឡាំងកាំងដោយឃើញបងនរៈ កំពុងអង្គុយសន្ទនាជាមួយលោកអ្នកមានគុណរបស់ខ្ញុំទាំងទ្វេ និងអ្នកបងធីតារៀមច្បងរបស់ខ្ញុំ។ រំពេចនោះខ្ញុំដឹងថា លោហិតបានរត់ពេញផ្ទៃមុខខ្ញុំ។ ខ្ញុំអៀនបងនរៈយ៉ាងខ្លាំង។ ខ្ញុំលើកដៃជម្រាបសួរគាត់មិនហ៊ានទាំងមើលមុខបងនរៈឲ្យចំស្រួលបួលដូចពីប៉ុន្មានឆ្នាំមុនផង ខ្ញុំក៏ដើរបង្ហួសចូលទៅក្នុងបន្ទប់ខ្ញុំនៅក្បែរនោះភ្លាមទៅ។ ទោះបីជាមាតាខ្ញុំស្រែកហៅយ៉ាងណា ក៏ខ្ញុំគ្មានសេចក្តីក្លាហានចេញមកជួបសាសងជាមួយបងនរៈដែរ។ ប៉ុន្តែពាក្យសន្ទនាទាំងអស់រវាងបងនរៈនិងមាតាបិតាខ្ញុំ ខ្ញុំស្តាប់ឮទាំងអស់ គ្មានចន្លោះពាក្យមួយម៉ាត់ណាសោះឡើយ។ ខ្ញុំឮមាតាខ្ញុំមានប្រសាសន៍ថា៖
- -នារីខ្មាសអៀនច្រើនណាស់ ចូលចិត្តសម្ងំនៅតែក្នុងបន្ទប់។
- អ្នកម្តាយខ្ញុំមានប្រសាសន៍ដូច្នេះដើម្បីកុំឲ្យបងនរៈប្រកាន់ខឹងនឹងអាកប្បកិរិយាជម្លើយ ខ្វះការគួរសមរបស់ខ្ញុំ។ បងនរៈឆ្លើយតបវិញថា៖
- -ចេះអៀនប្រៀនអីចឹងល្អហើយម៉ាក់មីង។ អូននារីស្រគត់ស្រគំណាស់ មិនសូវចេះនិយាយស្តីទេ។ បែកគ្នាតែបីឆ្នាំសោះ នារីដកកម្ពស់ប្លែកច្រើនណាស់ ហើយរឹតតែស្អាត ខ្ញុំមើលសឹងតែមិនស្គាល់…
- -នារី! កូនចេញមកអង្គុយលេងជាមួយបងមួយភ្លែតណ៎ា។ បងឯងស្កាត់មកតាំងពីស្រុកបារាំង។ យីស! កូននេះចំតែម្តងហើយ។
អ្នកម្តាយរបស់ខ្ញុំស្រែកហៅខ្ញុំច្រើនដង។ ខ្ញុំចង់ចេញបន្តិច មិនចង់ចេញបន្តិច ហាក់ដូចជាមានអ្វីមួយមកទប់ជំហានរបស់ខ្ញុំជាប់។ បេះដូងខ្ញុំចាប់លោតញាប់ក្ឌុកក្ឌាក់ៗខុសពីធម្មតា។ ខ្ញុំខ្លាចបងនរៈអន់ចិត្តណាស់ ប៉ុន្តែដោយអៀនខ្មាសព្រោះតែបានដឹងខ្លួនថា បងនរៈស្រឡាញ់ខ្ញុំ នោះធ្វើឲ្យខ្ញុំគ្មានសេចក្តីក្លាហានបន្តិចសោះដើម្បីចេញមកជួបបងនរៈ បងជីដូនមួយរបស់ខ្ញុំ។ ខ្ញុំស្តាប់ឮវាចាបងនរៈបន្តទៀត៖
-ខ្ញុំបានសរសេរសំបុត្រជាច្រើនច្បាប់មកជូនម៉ាក់ខ្ញុំ សុំឲ្យម៉ាក់ចូលស្តីដណ្តឹងអូននារីទុក ប៉ុន្តែខ្ញុំមិនដែលបានដំណឹងតបទៅវិញពីរឿងនេះម្តងណាសោះ។ សូម្បីតែលោកយាយខូចទៅក៏ខ្ញុំមិនបានដឹងដែរ។ ខ្ញុំឆ្ងល់ណាស់ម៉ាក់មីង តើគ្រួសារយើងមានរឿងហេតុអ្វី?
-ហ៊ឺ! ពិបាកណាស់ក្មួយអើយ! អ្នកបងម្តាយរបស់ក្មួយជឿពាក្យញុះញង់របស់គេពេក។ មុនពេលលោកម៉ែស្លាប់ទៅ លោកម៉ែបានចែកគ្រឿងអលង្ការពេជ្រ ទាំងគ្រាប់ ដូចជាទុំហ៊ូ(១) កថាពុកបង្កង (២)ចិញ្ចៀន ឲ្យម៉ាក់មីងជាមត៌ក។ អ្នកបងម្តាយក្មួយច្រណែន ក៏ខឹងតមមាត់តម.ក លែងរាប់រក លែងនិយាយស្តីរកគ្រួសារម៉ាក់មីងទៅ។ ម៉ាក់មីងពុំដឹងជាត្រូវធ្វើដូចម្តេច ម៉ាក់មីងជាប្អូនចំណុះចុះចាញ់ម៉ាក់ក្មួយអស់ប៉ុណ្ណឹងហើយ ពុំដឹងជាត្រូវធ្វើយ៉ាងណាទៀត? អ្នកបងកាចណាស់ និងមានចិត្តរឹងមានៈខ្លាំងពេក…។
- -បើមានរឿងទំនាស់អាក់អន់ស្រពន់ចិត្តរឿងកេរមរតករបៀបហ្នឹង ចុះរឿងអូននារីនឹងខ្ញុំ តើម៉ាក់មីងនិងលោកពូយល់ឃើញយ៉ាងណា?
- -ពិបាកដែរណា៎ ចាស់ៗមិនត្រូវគ្នាអីចឹងពុំដឹងធ្វើដូចម្តេចឲ្យសមរម្យ។
- ក្មួយនរៈស្រឡាញ់នារីដោយខ្លួនឯង ពូនិងមីងមិនដែលបានបញ្ចុកបន្ស៉ីក្មួយទេ។ អ្នកម្តាយខ្ញុំមានប្រសាសន៍កាត់ភ្លាម៖
-នរៈជាក្មួយបង្កើតរបស់មីង យើងជាសាច់ជាឈាមជិតណាស់ ជិតមែនទែន។ ចុះបើអ្នកបងមិនអញ្ជើញមកដណ្តឹងនារីមួយម៉ាត់សោះ តើមីងម៉េចនឹងហ៊ានឆ្លើយថា ព្រមស្ងាត់ៗតែខាងឯងហើយលើកនារីរៀបការឲ្យក្មួយកើត។ ស្រួលមិនស្រួល អ្នកបងមកជេរតិះដៀលផ្អើលខ្មាសអ្នកស្រុកមិនខាន។ ម្យ៉ាងទៀត តើក្មួយបានដឹងចិត្តនារីឬនៅ? មីងអរណាស់ បើនារីបានទៅលើក្មួយបង្កើត។ ប៉ុន្តែចំពោះមីងគួរតែឪពុកម្តាយទាំងសងខាងសម្រុះសម្រួលគ្នាសិន ទើបរឿងរៀបការអាចសម្រេចទៅបាន។ និយាយនេះ មីងនៅមិនទាន់ដឹងចិត្តរបស់នារីកូនស្រីរបស់មីងនៅឡើយ។ មីងនិងលោកពូរបស់ក្មួយផ្តល់សិទ្ធិសេរីភាពឲ្យកូនជ្រើសរើសគូវាសនារបស់គេ។ មីងបង្កើតនិងចិញ្ចឹមរូបកាយគេមែនតែមីងមិនបានបង្កើតនិងចិញ្ចឹមចិត្តរបស់កូនទេ។ យើងសុទ្ធតែជាអ្នកជឿបុណ្យជឿបាប។ យើងមិនអាចពង្រាត់បង្រាសធ្វើបាបកូនទេ បើសិនជានារីមានចិត្តលើបុរសណាផ្សេងក្រៅពីក្មួយ។ មីងយល់ថា តើទៅវត្តធ្វើបុណ្យបានប្រយោជន៍អ្វី បើយើងធ្វើបាបពង្រាត់បង្រាសគូរបស់កូនឲ្យគ្នារងទុក្ខពិបាកក្នុងចិត្ត។
-ឥឡូវនេះ ពូសូមក្មួយសួរបញ្ជាក់ចិត្តនារីឲ្យច្បាស់ជាមុខសិន សឹមទៅនិយាយសម្រុះសម្រួលជាមួយម៉ាក់ក្មួយឲ្យគាត់យល់ចិត្តក្មួយចុះណ៎ានរៈ ក្មួយសម្លាញ់របស់ពូ…។
ស្ងាត់ឈឹង។ ខ្ញុំលែងឮមាត់បងនរៈឆ្លើយថាម៉េចទៀត។ បងនរៈលាលោកប៉ាអ្នកម្តាយចេញទៅផ្ទះវិញ ទោះជាលោកប៉ា និងអ្នកម្តាយខ្ញុំឃាត់ឲ្យនៅពិសាបាយរួចជាមួយគ្រួសារខ្ញុំ ក៏បងនរៈមិនព្រមនៅឡើយ។
ខ្ញុំកាត់ស្មានថា បងនរៈខកចិត្តសន្ធឹកណាស់ ចំពោះការសោះអង្គើយរបស់ខ្ញុំ។ ខ្ញុំសែនអាណិតបងនរៈ ប៉ុន្តែខ្ញុំដូចជាគ្មានវិប្បដិសារីប៉ុន្មានទេទៅលើអំពើរបស់ខ្ញុំកន្លងមក។ ខ្ញុំជាស្រីចាំបាច់ត្រូវតែរក្សាតម្លៃរបស់ខ្ញុំ។ បងនរៈស្រឡាញ់ខ្ញុំ ចង់បានរូបខ្ញុំជាគូជីវិតពិតមែន ប៉ុន្តែបើម៉ាក់អ៊ំខ្ញុំចាត់ទុកគ្រួសាររបស់ខ្ញុំទាំងមូលដូចជាសត្រូវពីរាជ្យណាមករបៀបនេះ តើខ្ញុំអាចស្រឡាញ់បងនរៈវិញកើតដែរឬទេ? ខ្ញុំគិតថា មើលទៅបងនរៈនិងខ្ញុំពិតជាមិនមែនជាគូព្រេងឡើយ បានជានៅសុខៗបណ្តាលជាមានរឿងនេះកើតឡើង។
មួយអាទិត្យក្រោយមក ប្រហែលជាបងនរៈអស់សង្ឃឹមក្នុងការពន្យល់ឲ្យមាតាយល់ស្របតាមហើយមើលទៅ ទើបបានជាបងនរៈត្រឡប់ទៅស្រុកបារាំងវិញភ្លាមដោយមិនបានលាលោកប៉ាអ្នកម៉ាក់ខ្ញុំមួយម៉ាត់។ តាមពិតអ្នកម៉ាក់ខ្ញុំមានប្រសាសន៍ថា បងនរៈមានបំណងមកដណ្តឹងខ្ញុំរៀបការយកខ្ញុំទៅជាមួយគាត់ទៅប្រទេសបារាំង។ ថ្ងៃមួយ ស្រាប់តែខ្ញុំបានទទួលសំបុត្រមួយច្បាប់ពីបងនរៈ បងជីដួនមួយរបស់ខ្ញុំពីប្រទេសបារាំង។ ខ្ញុំគិតស្មានថា រឿងយើងវាចប់ទៅហើយតាំងពីពេលនោះមក។ ខ្ញុំអានលិខិតរបស់បងនរៈយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
បារីស, ថ្ងៃនឹក ខែចងចាំ ឆ្នាំអស់សង្ឃឹម (១៩៦៥)
អូននារីដែលបងនៅតែស្នេហ៍ក្នុងជាតិនេះ
បងជាមនុស្សអស់សង្ឃឹមម្នាក់ដែលត្រូវតែបន្សាត់ខ្លួនឲ្យឆ្ងាយពី មាតុប្រទេសរបស់យើង។ បងមិនត្រឡប់ទៅស្រុកយើងវិញដាច់ខាត ព្រោះបងមិនចង់ឲ្យបេះដូងបងគ្រាំគ្រារីងរៃមួយកម្រិតទៀត ប្រសិនបើបងឃើញអូននារីតែមួយគត់របស់បងក្លាយជាភរិយារបស់បុរសដទៃ។ នារីបណ្តូលចិត្តបងអើយ! ទឹកដីកម្ពុជាមានន័យសម្រាប់រូបបង លុះត្រាតែបងបានរូបអូនជាគូជីវិត។ តើបងមានសល់អ្វីទៀតក្រៅពីការសោកស្តាយដ៏ធំធេងនោះ។ គោលបំណងដែលចង់បាននារីជាគូគ្រង ត្រូវបានរលាយខ្សុលដូចផ្សែងត្រូវកម្លាំងព្រះពាយបក់ផាត់។
វិប្បដិសារីធំមួយទៀតដែលមានទម្ងន់ស្មើការសោកស្តាយមិនបានរូបអូនដែរនោះគឺមនសិការជេរស្តីជានិច្ច ក្នុងនាមជាខ្មែរដេលបានចេញមកក្រេបចំណេះវិជ្ជាជ្រៅជ្រះវ ហើយមិនបានវិលទៅបម្រើប្រទេសជាតិជាទីស្នេហាវិញ។ ធ្វើម្តេចទៅហ្ន៎បងជាមនុស្សទន់ខ្សោយ។ មែន! បងសារភាពថាចិត្តបងទន់ខ្សោយមែន មិនសមជាកូនប្រុសដើមទ្រូងប្រាំហត្ថទេ។
បងដឹងថា នារីស្អប់បងសូម្បីតែចេញមកអង្គុយលេងជាមួយបងនៅមុខចាស់ទុំតែបន្តិច ក៏អូនប្រកាន់ខ្លួនមិនចេញមកដែរ។ ទោះជាយើងគ្មាននិស្ស័យបានគ្នាជាគូគាប់រួមជីវិតក្តី យ៉ាងហោចណាស់ឲ្យបងបានឃើញមុខអូនជាលើកចុងក្រោយទៅចុះក៏បងអស់ចិត្តដែរ តែនេះអូនដាច់មេត្តាណាស់ អូនបណ្តោយឲ្យរូបបងត្រឡប់មកសិក្សានៅប្រទេសបារាំងវិញទាំងដើមទ្រូងផ្ទុកដោយមហាទុក្ខ មហាស្តាយ មហាអស់សង្ឃឹមយ៉ាងធ្ងន់បំផុត។ ទុក្ខនេះវានៅតែសំងំនៅក្នុងចិត្តដ៏បរិសុទ្ធនិងភក្តីរបស់បង មិនព្រមរសាយសោះណ៎ាអូននារី។
បងតាំងចិត្តហើយថា បងនឹងភ្ជាប់វាសនាបងជាមួយនារីណាឡើយ ទោះបីនោះជាទេពអប្សរ បវរកញ្ញាក៏ដោយ។ បងពិតជានៅតែស្រឡាញ់រូបអូន នឹកអូនគ្រប់ដង្ហើមចេញចូល។ បងសូមផ្សងឲ្យកើតជាតិណាៗ បងបានជួបអូនជាគូរួមជីវិតជានិច្ច។ បងជឿជាក់លើការប្តេជ្ញាចិត្តគ្រប់យ៉ាងរបស់បង។
បងសូមលាអូននារីនិងគ្រួសារយើងទាំងមហាសែនអាល័យ គ្មានថ្ងៃបំភ្លេចឡើយ។ បងសូមជូនពរឲ្យអូននារីកំពូលដួងចិត្តម្ចាស់ជីវិតរបស់បងមានភ័ព្វសំណាងល្អ កុំបីអភ័ព្វដូចរូបបងឲ្យសោះណ៎ា។
មួយលានស្រណោះនិងស្នេហ៍អូនឥតព្រំដែន
នរៈអភ័ព្វ
ខ្ញុំអានអក្ខរារបស់បងនរៈទាំងរំជួលចិត្តក្រៃលែង។ ទឹកនេត្រាខ្ញុំដណ្តើមគ្នាហូរជ្រែកផែនថ្ពាល់ដូចទំនប់ទឹកបាក់។ ខ្ញុំខ្លោចផ្សាដួងចិត្តអនិច្ចាអាណិតបងនរៈបងជីដួនមួយរបស់ខ្ញុំរកអ្វីមកវាស់ឲ្យស្មើពុំបានឡើយ។
ខ្ញុំសារភាពយ៉ាងសម្ងាត់ថា ខ្ញុំក៏ស្រឡាញ់បងនរៈដែរ ប៉ុន្តែតើសេចក្តីស្នេហាអាថ៌កំបាំងដែលបង្កប់យ៉ាងជ្រៅក្នុងដួងចិត្តខ្ញុំមានន័យអ្វីទៅ បើបងនរៈមិនបានដឹងចិត្តខ្ញុំ ហើយនៅឆ្ងាយពីខ្ញុំជាងមួយម៉ឺនគីឡូម៉ែត្រ។ ខ្ញុំរស់នៅក្រុងភ្នំពេញ។ បងនរៈនៅបារីសរដ្ឋធានីដ៏ឆើតមួយនៅក្នុងពិភពលោក។
ឱ! បងនរៈ! ខ្ញុំក៏ស្រឡាញ់និងនឹកបងដូចជាបងស្រឡាញ់និងនឹកខ្ញុំដែរ។ ខ្ញុំបានត្រឹមនិយាយពាក្យ «ស្រឡាញ់និងនឹក» នេះនៅក្នុងចិត្តម្នាក់ឯង។ គឺមានតែព្រះទេដែលអាចទ្រង់ញាណដឹងពីអារម្មណ៍ដ៏លាក់លៀមសម្ងាត់របស់ខ្ញុំ។
រាត្រីខ្លះ ដោយនឹកបងនរៈកម្សត់របស់ខ្ញុំពេក ខ្ញុំសុបិនឃើញបងនរៈថ្នាក់ថ្នមខ្ញុំយ៉ាងស្រាលដូចថ្នមកែវខ្លាចធ្លាក់បែក។ ខ្ញុំយល់សប្តិឃើញយើងទាំងពីររៀបមង្គលការយ៉ាងឱឡារិក។ ខ្ញុំចង់ឲ្យសុបិនល្អនេះក្លាយជាការពិត ប៉ុន្តែសុបិននេះគ្រាន់តែជួយបំពេញនិងលួងលោមចិត្តក្រៀមក្រំរបស់ខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំនៅកម្ពុជា បងនរៈនៅប្រទេសបារាំងមហាអំណាចមួយដែលខ្ញុំពុំទាន់មានវាសនាបានស្គាល់នៅឡើយ។ តាំងពីខ្ញុំបានទទួលសំបុត្រមួយច្បាប់ដែលធ្វើឲ្យខ្ញុំចេះស្គាល់សេចក្តីស្នេហាវេលាណាមក ខ្ញុំបាត់ដំណឹងពីបងនរៈរហូត។ នេះក៏ព្រោះតែខ្ញុំមិនអាចរកពាក្យអ្វីសរសេរតបទៅបងនរៈវិញ។
លុះដល់ខ្ញុំភៀសខ្លួនចេញពីរបបខ្មែរក្រហមយង់ឃ្នង មករស់នៅក្នុងប្រទេសបារាំង ខ្ញុំបានដំណឹងពីអ្នកដែលធ្លាប់ស្គាល់បងនរៈថា បងនរៈបានត្រឡប់ចូលប្រទេសខ្មែរវិញតាំងពីឆ្នាំ១៩៧៦ម្ល៉េះ ហើយគាត់ត្រូវបានខ្មែរក្រហមសម្លាប់ចោលនៅខែសីហាឆ្នាំ១៩៧៦ដែលនោះ នៅក្នុងគុកទួលស្លែង។ ពុទ្ធោអើយ! បងនរៈ វាសនាបងអីក៏កម្សត់ម្ល៉េះ…!
ដំណឹងអកុសលនេះ ប្រៀបដូចជារន្ទះបាញ់កណ្តាលខែប្រាំង ធ្វើឲ្យខ្ញុំរន្ធត់ចិត្តនិងខ្លោចផ្សាចិត្តឥតឧបមា។ ខ្ញុំរឹតតែអាណិត រឹតតែស្តាយរូបបងនរៈដ៏ស្អាតសង្ហារបស់ខ្ញុំយ៉ាងក្រៃលែង។ ខ្ញុំសែននឹកអនិច្ចាអាណិតនិងស្តាយបងនរៈដែលជាបញ្ញាវន្តម្នាក់ដែលបានបាត់បង់ជីវិតឥតន័យបែបនេះ។
ក្រោយៗមក ខ្ញុំបានជួបមិត្តភក្តិរបស់បងនរៈ។ អ្នកទាំងនោះតែងតែរំឮកប្រាប់ខ្ញុំថា បងនរៈដាច់ចិត្តចូលទៅស្រុកខ្មែរព្រោះតែប្រាថ្នាទៅរកខ្ញុំនិងគ្រួសារ ដើម្បីនាំរត់ចេញពីរបបកុម្មុយនិស្តខ្មែរ។ ឱ! ម្ចាស់ថ្លៃ! ដំណឹងនេះរឹតតែធ្វើឲ្យខ្ញុំសង្វេគចិត្តលើសពេលណាទាំងអស់។
ព្រោះតែខ្ញុំម្នាក់គត់ដែលបានជាធ្វើឲ្យបងនរៈខកក្តីបំណងជាលើកទីពីរ និងធ្វើឲ្យបងបំភ្លេចការប្តេជ្ញាចិត្ត ដាច់ចិត្តត្រឡប់ចូលស្រុកវិញរហូតដល់ក្ស័យជីវិតដោយដៃខ្មែរក្រហមអប្រិយអមនុស្សធម៌។ ព្រះអើយ! ខ្ញុំទើបតែដឹងជឿច្បាស់ថា សេចក្តីស្នេហារបស់បងនរៈចំពោះរូបខ្ញុំមានទំហំធំឥតប្រៀបផ្ទឹម។
ពេលវេលាកន្លងទៅច្រើនរដូវ ។ មានបុរសជាច្រើនចង់បានខ្ញុំជាគូ ប៉ុន្តែខ្ញុំមិនទាន់សម្រេចចិត្តប្រគល់វាសនាខ្ញុំឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់បុរសណានៅឡើយ ហើយខ្ញុំឥតរវីរវល់នឹកការចំអកពីសង្គម ឬពីក្រុមមនុស្សខ្លះដែលសប្បាយណាស់ក្នុងការពេបជ្រាយនិយាយដើមរិះគន់ខ្ញុំថា ខ្ញុំជាក្រមុំចាស់គ្មានប្តី។
ខ្ញុំជ្រើសរើសផ្លូវជីវិត សុខចិត្តរស់នៅលីវម្នាក់ឯងដូច្នេះទៅចុះ ប្រសិនបើបុរសណាដែលចង់បានខ្ញុំនោះ គ្មានរូបសម្បត្តិនិងចរិយាសម្បត្តិដូចជាបងនរៈ បងជីដូនមួយដ៏កម្សត់និងដែលស្រឡាញ់ពេញចិត្តរូបខ្ញុំយ៉ាងប្តូរផ្តាច់គ្មានពីរ៕
សរសេរចប់នៅស្ត្រាស់បួរប្រទេសបារាំងខែមករាឆ្នាំ១៩៨១
កែសម្រួលនៅម៉ុងទីញីប្រទេសបារាំងនៅថ្ងៃ៣ខែមេសាឆ្នាំ២០០៨
(១) ទុំហ៊ូ ឬ ទុំហូជាគ្រឿងអលង្ការស្តី្រមួយប្រភេទមានទងមានក្រចាប់ដាំត្បូងពេជ្រ ឬត្បូងមានតម្លៃ ឬមួយត្បូងធម្មតា។
(២) កថាពុកបង្កង ជាគ្រឿងអលង្ការស្រ្តីដែលមានរាងដូចជា«កថា» ដាំពេជ្រចំហៀង ដែលមានទ្រង់ទ្រាយដូចជាជើងបង្កង។ ស្រ្តីឋានៈខ្ពស់ពីជំនាន់ដើមនិយមយកមកពាក់ដោយស៊កវាក្នុងខ្សែកនៅសងខាងទំពក់ខ្សែក។