២១ បទភូជង្គលីលា
ថ្ងៃអាទិត្យ ទី15.វិច្ឆិកា 2020.ម៉ោង 12:36

រាជាចេស្ដាគួរគាប់ បន្ទូលប្រាមប្រាប់ អស់អង្គយោធា។
គោះគងស្គរផងមហិមា ស្រេចស្រាវយុថ្កា ហើយហូតស្លាបក្ដោង។
ព្រះពាយផ្សព្វផ្សាយយោលយោង រលកសំពោង សំពៅលឿនលន់។
ភេត្រាសេនាមុខម- ន្ដ្រីត្រៀបពេកពន់ បើកហែក្សត្រថ្លៃ។
ដល់ទៅជម្រៅជលស័យ សុខសប្បាយក្រៃ មិនមានភ័យភិត។
ស្ដេចថ្កើងរុងរឿងរឹងរិទ្ធ នាងនាថនែបនិត្យ គង់គន់មច្ឆា។
ត្រីស្ពង់ទ្រយង់បេកា ឆ្លាមឆ្លាំងរាជរា ហ៊ូហក់ហែបហែល។
ល្មេះល្មិចគល់ព្រេចបបែល កម្ភរកម្ភេល មករពិន្ទង។
ត្រីខ្លបង្គាបង្កង កន្ដ្រប់កន្ដ្រង                ប្រេងព្រួលក្រុសក្រាញ់។
ឃ្មុកក្បកកញ្ជ្រូកកញ្ចាញ់- ច្រាសច្រលឹងលេញ កញ្ជាក់ស្លាស្លាត។
ច្រកែងអណ្ដែងអណ្ដាត- ឆ្កែឆ្កោកក្លាំងហាត ក្លាំងហាយគជ្រា។
ប្លាធូប្លាមូប្លាម៉ា កែសកែប្រាក់ប្រា កន្ធរកន្ធាយ។
ផ្សោកថ្ករក្រពាត់សណ្ដាយ   ឆ្ដោសំពុរបាយ អណ្ដើកត្រសៃ។
ក្សត្រថ្លៃប្រពៃឧត្ដលា ស្ដេចទតមច្ឆា ក្រសាលសុខសាន្ដ។
ភេត្រាសេនាទាហាន បើកហែក្សត្រក្សាន្ដ លឿនលន់ផ្លេកផ្លោះ។
ទៅដល់មណ្ឌលទៀបកោះ   ស្ដេចឲ្យបៀតបោះ យុថ្កានិត្យនៅ។
ចុះថ្កានសំប៉ានមាសឆ្អៅ លីលាឡើងទៅ ប្រពាតលើខ្សាច់។
ស្រឹង្គារបរិពារហែស្ដេច យាងយាត្រាត្រាច់ ដោយឆ្នេរជលសា។
ខ្សាច់សល្អល្អះសោភា មានម្នាងសិលា អណ្ដាតសមុទ្រ។
មានកាំពាហាសសុទ្ធ ច្រាលខ្មៅប្រាកដ ដុះដោយកៀនកោង។
ខ្ចៅគ្រំភិរម្យក្ដាមគ្រោង ក្ដាមសេះខ្យងហោង ខ្យងហៀនខ្យងស័ង្ខ។
ងាវគ្រែងចាក់ច្រែងប្រលាំង- កាសកៀវញីទាំង គូកៀងរកឆី។
ព្រះមហាក្សត្រាធិបតី នាំព្រះប្អូនស្រី មុខមន្ដ្រីចរ។
ដាសដេរដោយឆ្នេរសាគរ ស្រើបស្រួលអឺងអរ ក្សេមក្សាន្ដចិន្ដា។
លុះជោរជំនោរជលសា ស្ដេចយាងយាត្រា ប្រពាតលើកោះ។
ព្រឹក្សាសាខារបោះ របបចន្លោះ ដុះដោយពណ៌វា។
កែវកោដ្ឋជជោតក្រស្នា ក្លាំពូក្លាំពា ក្លាំពាក់ដីប្លី។
ម្ហោរ៉ាបញ្ចាកាលី នូវនួនពីសី ចន្ទន៍សចន្ទន៍ច្រាល។
ខ្ចេងខ្ចះច្រមះសោមសារ- គុណអគ្នេឈ្វាល ត្បាល់ដែកលូតលាស់។
ត្រៀកត្រស់ចិត្ដបុស្បសហស្ស​- គុណគុយរាជភាស លំពូស្មាច់ស្នែរ។
សណ្ដាទន្សាទន្សែ អង្គត់អង្រែ- ដែកដឹះផងដឹង។
ច្រេសប្រួយគោមួយធ្នង់ថ្នឹង ព្រះសព្រះទ្រហឹង ព្រះកំចាត់កំចាយ។
ទូរេនចាក់ប៉ែនបន្ទារ បុស្បបេងកុមារ- ពេជ្រពៃកន្ទ្រោក។
ស្នួលស្នាយទំលាយរាក់រោគ រាំងរៃមាក់ដោក មាក់ប្រេងមាក់ប្រាង។
ឈើអែមសំព័រកោងកាង លៀបលោតលាំងៗ សាតសាប់ពួបពោន។
ឆាំឆាស្លែងស្លាបត្រឱន ស្វាស្នាប់លំទោន ល្មង់ល្មុតសេដា។
ក្រសាំងខ្នុរណាំងបាយស្រា ស្វាតស្វាយរំពា ស្វាយក្បាលដំរី។
ផ្លែផ្កាផលាទុំខ្ចី សេនាមន្ដ្រី បេះបានថ្វាត់ថ្វាយ។
ព្រះអង្គពីរពង្សពណ្ណរាយ សោយផលសប្បាយ ស្រេចស្ដេចលីលា។
វឹងថ្កានពិមានក្សត្រា ស្រេចស្រាវយុថ្កា ហើយហូតក្ដោងទៅ។
គ្រប់ត្រង់តម្រង់ជំរៅ វាងជ្រោយសំដៅ កណ្ដាលជលសាន។
ខ្យល់យោងត្រូវក្ដោងបើកបាន ដល់ក្រុងពារា- ណសីនគរ។
ពលផងអឺងកងត្រេកអរ សោមនស្សសាទរ ដាក់ក្ដោងម្នីម្នា។
ស្រើបស្រុះបានបោះយុថ្កា ស្រេចហើយប្រវា គោះគងទូងស្ពរ។
ព្រះមហាក្សត្រាកូធរ នាំនាងចេញចរ ចុះចាកភេត្រា។
គង់យានមាសមានសេនា សេនីយយោធា បើកបាំងក្លស់ក្លំ។
ត្រែស័ង្គពឹងពាំងប្រគំ ហែក្សត្រឧត្ដម ឡើងគងប្រាសាទ។
មន្ដ្រីសេដ្ឋីអាមាត្យ ខុនណាងបត់បាទ បុស្បបង្គំគាល់។
ស្រឹង្គារបរិពារចោមចារ បំរើរៀងរាល់ សព្វទិនទិវា។