ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
****************************************
២០. បទកាកគតិ
ថ្ងៃសៅរ៍ ទី7.វិច្ឆិកា 2020.ម៉ោង 12:58
មន្ដ្រីសេនា | សេនីអស់អា- | មាត្យគិតខ្វល់ខ្វាយ |
តភារភេត្រា | រចនាថ្វាត់ថ្វាយ | ក្សត្រថ្ងៃពណ្ណរាយ |
ឥសូរសិរសា។ | ||
ចាត់ចែងដោយងារ | ចាំងពត់លើកក្ដារ | បោះកុងម្នីម្នា |
ឡើងសៀវសិតទ្រង់ | ផ្ចិតផ្ចង់រចនា | ក្បាលធ្លាក់មុខរាហ៍ |
នាគនែបសងខាង។ | ||
អាណបក្របក្រៅ | បិទមាសសន្ធៅ | សន្ធោស្អិតស្អាង |
ក្ដារពាសសន្ធប់ | គ្រប់ៗរវាង | ក្ដារខ្ទប់សងខាង |
ដាក់ជាកន្លែង។ | ||
កន្សៃភេត្រា | ទែនទីក្រឡា | បន្ទប់ស្ដេចស្ដែង |
ធ្វើជាប្រាសាទ | ស្អាងស្អាតខ្វាត់ខ្វែង | មុខដាច់ត្រឡែង- |
កែងគួរស័ក្ដិសម។ | ||
មណ្ឌបក្លោងទ្វារ | មុខនាគដងក្ដារ | ជហ្វាមេលឹម |
ត្រីសូល៍រចនា | ឆ្លាក់ជាមុខព្រហ្ម | ដាសដាំបទុម- |
រាគរ័ត្ឋសូរកាន។ | ||
ហោជាងដាំពេជ្រ | នីលនែបដោយក្បាច់ | ភ្ញីញ័រប្រតិយាន |
បញ្ចាំងរ័ត្នរាយ | ទែនទយពិដាន | កែមកែវប្រពាន |
ប្រពៃពណ្ណរាយ។ | ||
លំហួតក្បាច់ពេជ្រ | ដាក់ដាំរំលេច | មរកតពិទាយ |
ពិទូរ្យមុក្តា | ដោយមាលាលាយ | ម្លិះលាសារាយ |
រស្មីឆាយឆើត។ | ||
ក្រឡាបន្ទំ | គ្រែគ្រប់ដោយមុំ | រូបគ្រុឌស្ទួយស្ទីក |
ស្ទាញស្ទបកាងករ | ឈានឈរទំទើត | ទំទាញចំអើត |
ចំអែទ្រូងទ្រ។ | ||
ឆ្លូកឆ្លាក់កុម្ភ័ណ្ឌ | ឈានឈរករកាន់ | ផ្ទប់ផ្ទល់ទៅមក៍ |
ច្រមុះសឹងសម | បន្ទំជាជរ | ត្របកឈូកទ្រ |
ក្លែបក្លាយជាភ្ញី។ | ||
បាតសំពៅពាស | ផែទង់ដែងដាស | សព្វគ្រប់អស់ក្ដី |
ទើបអស់សេនា | យោធាមន្ដ្រី | រករិក្សនាទី |
ឧត្ដមពេលា។ | ||
បានបើកទំនប់ | ទំលាយទឹកទប់ | ចេញតាមជលសា |
ជំនោរជោរធំ | នានាំភេត្រា | បានបោះយុថ្កា |
ប្រយ័ត្នជោរនាច។ | ||
លើកដងក្ដោងក្បាល | ដងក្ដោងកណ្ដាល | កញ្ចក់ស្ងាច |
បិទមាសឆ្អិនឆ្អៅ | សន្ធៅចិញ្ចាច | ចិញ្ចែងត្រដាច |
ត្រដួចយល់យង់។ | ||
អាមាត្យឡើងដាក់ | ខ្សែហូតគ្រប់ក្លាក់ | មាមេលឹមចុង |
ខ្សែឃាត់ខ្សែខារ | កង្ហារប្រៀបប្រុង | បង្គាប់តៃកុង |
ថែទាំចង្កូត។ | ||
យុថ្កាស្រោបស្រាក់ | ចង្កំដែកដាក់ | មិនឲ្យរបូត |
ប្រដាប់ស្លាបក្ដោង | ខ្សែយោងចង្កូត | បង្ហែខ្សែលូត |
ខ្សែលៀវរៀងរស់។ | ||
ទើបស្រាល់ស្រឹតស្រាំង | រើសរកបារាំង | ប្រសប់ដឹងស្គាល់ |
មើលត្រីវិស័យ | រំពៃគិតការ | ដឹងដានពានពារ |
គោកកឿងភេត្រា។ | ||
ស្រេចទើបសេនីយ | សេនាមន្ដ្រី | ប្រដាប់ប្រដា |
សំពៅអង្គឯង | តាក់តែងម្នីម្នា | ប្រុងប្រៀបបានហា- |
រយរៀបស្រាប់ស្រេច។ | ||
នាំគ្នាចរចូល | បង្គំក្រោបទូល | ថ្លែងសព្វសេចគ្រេច |
អញ្ជើញព្រះអង្គ | ពីរពង្សស្ដែងស្ដេច | យាងយាសយាត្រាត្រាច់ |
ចរចុះភេត្រា។ | ||
កាលនោះព្រះពង្ស | ពូជពោធិវង្ស | នូវនាងសុខុមា- |
លន្ទាស្ដែងស្ដាប់ | សារសព្ទអមច្ចា | ត្រេកសោមនស្សសា |
ទរទើបបង្គាប់។ | ||
ទៅលើភ្នាក់ងារ | រៀបរកភស្ដុភារ | អាហារប្រដាប់ |
អង្ករស្បៀងទឹក | ដោយមុខងារស្រាប់ | ហើយឲ្យយកទ្រព្យ |
កែវកងមណី។ | ||
មាសប្រាក់ពស្ដ្រា | ព្រែព្រំកាសា | កោសេយ្យពស្ដ្រពី- |
ក្នុងឃ្លាំងផ្ទុកទៅ | សំពោះបានបី | នឹងថ្វាយជននី |
ជនកឯនាយ។ | ||
ទើបអស់មន្ដ្រី | សេនាសេនីយ | ធំតូចទាំងឡាយ |
តែងតាមបង្គាប់ | ប្រដាប់ខ្វល់ខ្វាយ | រួសរៀបប្រញាយ |
ប្រញាប់ម្នីម្នា។ | ||
ស្រាប់ស្រេចបរិបូណ៌ | ហៅហោរគន់គូរ | ផ្ទឹមផ្ទៀបពេលា |
រកឫក្សជ័យជោគ | យាមយោគយាត្រា | នាទីឆាយា |
ឧត្ដមបើកបាន។ | ||
ក្សិណក្សត្រទ្រង់គ្រឿង | ល្អល្អះរុងរឿង | ចេញចាកពិមាន |
ទាំងពីរព្រះអង្ក | គង់លើព្រះយាន | សេនាទាហាន |
ហែៗត្រៀបត្រា។ | ||
បើកបាំងក្លស់ក្លំ | សែងសូរ្យអភិរម្យ(១) | រៀបរៀងរាយគ្នា |
តូរ្យតន្ដ្រីត្រែ | ផ្លុំហែរាជា | ចរចុះភេត្រា |
មាសមានរស្មី។ | ||
ទាំងពីរព្រះអង្គ | លីលាឡើងគង់ | លើទែនទិព្វទី |
ស្នំស្និទ្ធស្រឹង្គារ(២) | បរិពានារី | នៅដោយនាទី |
សងខាងស្រេចស្រាប់។ | ||
មន្ដ្រីយោធា | ចរចុះភេត្រា | អង្គឯងប្រដាប់ |
លុះបានពេលា | ឆាយាគួរគាប់ | ស្រេចស្រែកប្រាមប្រាប់ |
អោយស្រាវយុថ្កា។ | ||
ទើបទូងស្គរធំ | គោះគងប្រគំ | លន់ឮមហិមា |
ពលផងខ្ញារខ្ញៀវ | ចុះជៀវនាវា | យោងយកភេត្រា |
ចេញដល់មាត់ច្រាំង។ | ||
ហើយហូតក្ដោងគ្រប់ | ភេត្រាសាយសព្វ | ច្រើនច្រុះច្រូងច្រាង |
បើកកាត់សំដៅ | ជម្រៅវេះវាង | អស់កោះជ្រោយខាង |
ប្រយ័ត្នក្រែងរាក់។ | ||
គម្ភីរជលជោរ | ជួបជួនជំនោរ | ខ្យល់ជូនឥតអាក់ |
រំភាយរំភើយ | រំហើយត្រជាក់ | ត្រសាយត្រសាក់ |
ត្រសៀកវាតា(៣) | ||
សំពៅលឿនលន់ | ក្សត្រថ្លៃមានបុណ្យ | ស្ដេចដោយជលសា |
បើកកាត់រំលង | កោះផងត្រៀបត្រា | ទើបដល់នគរា |
សត្ដកូដបុរី។ | ||
ចូលចងភេត្រា | បានបោះយុថ្កា | ទើបប្រើមន្ដ្រី |
ឡើងទូលព្រះមហា- | ក្សត្រាធិបតី | ជាព្រះជននី |
ជនករាជា។ | ||
ឲ្យជ្រាបពត៌មាន | ក្រោយនោះក្សត្រក្សាន្ដ | នូវនាងជាយា |
ស្ដេចទ្រង់គ្រប់គ្រឿង | រុងរឿងរចនា | ចុះចាកភេត្រា |
ឡើងលើរាជយាន។ | ||
មន្ដ្រីសេនា | សេនីយយោធា | ហែៗក្សត្រក្សាន្ដ |
បើកបាំងក្លស់ក្លំ | អភិរម្យថ្កើងថ្កាន | ទៅទៀបពិមាន |
រាជវាំងក្សត្រា។ | ||
ស្ដេចចុះចាកយាន | យាងព្រះបាទបាន | ឡើងលើប្រាង្គប្រា- |
សាទសុខគួរគង់ | ឱនអង្គអភិវាទ | បង្គំបិតា |
មហាក្សត្រី។ | ||
ពីរព្រះមហាក្សត្រ | យល់រាជបុត្ររត្ន | ពីរពង្សពិសី |
ពិសេសមកដល់ | មណ្ឌលទិព្វទី | សោមនស្សបេតី |
អរឥតឧបមា។ | ||
មានព្រះបន្ទូល | សំណេះមធូរ(៤) | សាកសួរថែថា |
ហៃបុត្រសំឡាញ់ | កាលយាត្រាចេញ | ទៅនគរា |
ពារាណសី។ | ||
ហេតុម្ដេចបាបាន | ជាមហាក្សត្រក្សាន្ដ | គ្រប់គ្រងបុរី |
ព្រហ្មត្តពាលា | មាហោតិរិ្ថយ | វាក្ស័យជីវី |
ឬរត់ទៅណា។ | ||
ព្រះពោធិសត្វ | ក្រួចក្រាបប្រណិប័តន៍ | ទូលព្រះបិតា |
ពីព្រះព្រហ្មទត្ដ | ជាក្សត្រពាលា | និងមេស្រុកវា |
មកចោមព្រះអង្គ។ | ||
ពុំបានដូចចិត្ដ | ក្សិណក្ស័យជីវិត | វិនាសបាត់បង់ |
ទូលកាលស្ដេចបាន | ពិមានភិម- | ង្គលគាប់គួរគង់ |
សេពសោយរាជា។ | ||
ទូលស្រេចព្រះអង្គ | ប្រាប់ចតុរង្គ | ពលពាលអាសា |
ជញ្ជូនកែវកង | ទ្រព្យផងនានា | ពីការភេត្រា |
ឡើងទៅថ្វាត់ថ្វាយ។ | ||
ព្រះវរបិតា | មាតាថ្លៃថ្លា | ពីរពង្សពណ្ណរាយ |
ទ្រង់អំណរណាស់ | សោមនស្សាសាយ | ព្រួចព្រឺព្រះកាយ |
ស្ញប់ស្ញែងចេស្ដា។ | ||
ទើបពោធិសត្វ | នូវនារីរត្ន | បង្គំលុតលា |
មកនៅពិមាន | ខាងឋានក្សត្រា | ដែលព្រះរាជា |
ស្ដេចគង់ពីមុន។ | ||
អស់មុខមន្ដ្រី | ព្រាហ្មព្រឹទ្ធសេដ្ឋី | រាស្ដ្រប្រជាជន |
មូលមកបង្គំ | ជួបជុំច្រើនលន់ | ស្ដេចឲ្យទ្រព្យធន |
ប្រទានគ្រប់គ្នា។ | ||
ហើយស្ដេចតែងទៅ | បង្គំគាល់ហ្វៅ | ព្រះវរបិតា |
នូវវរជននី | បានបីមាស | ទៀងទើបទូលថា |
បរពិត្រអម្ចាស់។ | ||
ទាំងពីរព្រះអង្គ | វរវិសេសទ្រង់ | ព្រះគុណក្រៃក្រាស់ |
សូមស្ដេចសន្ដោស | អត់ទោសខ្ញុំម្ចាស់ | ហាក់ខ្ញុំរហ័ស |
រហួនដោះដៃ។ | ||
ដ្បិតស្រុកពារា- | ណសីមិនមាន | អ្នកណាគ្រងផ្ទៃ |
ក្រោមក្រែងកង្វល់ | អំពល់ភិតភ័យ | ពុំចេរក្សត្រថ្លៃ |
ទ្រង់ព្រះមេត្ដា។ | ||
ខ្ញុំទូលព្រះអង្គ | គន់គិតចិត្ដចង់ | អង្វរក្រាបលា |
នាំនាងនារី | បុត្រីក្សត្រា | ទៅគ្រងសីមា |
ពារាណសី។ | ||
មាតាបិតា | ស្ដាប់បុត្រទូលលា | នឹងវិលវឹងខ្មី |
ព្រមព្រះហរិទ័យ | ក្សត្រថ្លៃទាំងពីរ | បើកបុត្រភ្ងាប្រីយ |
តាមព្រះចិន្ដា។ | ||
ព្រះបាទសត្ដកុដ- | រាជាវិសុទ្ធ | វិសេសត្រាស់ថា |
ហៃកូនសំឡាញ់ | ចង់ចេញឃ្លាតឃ្លា | ទៅនគរា |
ពារាណសី។ | ||
អាពុកបើកតាម | ចិត្ដពុំឃាត់ហាម | កូនស្ងួនប្រិមប្រីយ |
ចូរបាផ្គត់ផ្គង់ | តម្រង់ស្មារតី | គ្រប់គ្រងធណី |
នានាំរាស្ដ្រផង។ | ||
តាមដោយទសពិធ | រាជធម៌សុចរិត | កុំឲ្យមានហ្មង |
រដ្ឋរាស្ដ្រសព្វឋាន | ឥតមានភ័យផង | តាមដោយគន្លង |
ធម៌ព្រះទូន្មាន។ | ||
មួយគឺធម៌ថា | ឲ្យសង់សាលា | ជីកស្រះសង់ស្ពាន |
ឧស្សាហ៍ខ្វល់ខ្វាយ | ចែកចាយធនធាន | ធ្វើបុណ្យឲ្យទាន |
សព្វថ្ងៃប្រក្រតី។ | ||
គំរប់ពីរចាំ | រក្សាសីលប្រាំ | លុះថ្ងៃអដ្ឋមី |
ថ្ងៃឧបោសថ | ស្រគត់ឥន្ទ្រីយ៍ | សូមសីលប្រាំបី |
កាន់កុំខាតខាន។ | ||
ជាគំរប់បី | ចូរបាប្រណី | ដាក់ព្រះរាជទាន |
ចិញ្ចឹមយោធា | សេនាទាហាន | បរិពារគ្រប់ប្រាណ |
ថែទាំរក្សា។ | ||
ជាគំរប់បួន | ចូរចិញ្ចឹមខ្លួន | តាមដោយសម្មា |
សមានបរិភោគ | អធ្យោគអធ្យា | កុំគិតបំពារ |
បំពានទ្រព្យគេ។ | ||
ជាគំរប់ប្រាំ | ចូរចងចិត្ដចាំ | កុំកាន់វៀចវេ |
គិតដោះទុក្ខរាស្ដ្រ | ទាំងផ្ដាស់ឲ្យថែ | ឲ្យធួនប្រើប្រែ |
ព្រះទ័យឲ្យទន់។ | ||
ជាប្រាំមួយមាន | តបៈឲ្យបាន | ឈ្នះចិត្ដលោភលន់ |
លះលែងទោសា | មោហាទុជ៌ន | បានបរិបូណ៌បុណ្យ |
បំបាត់បាបបង់។ | ||
ជាប្រាំពីរសោត | កុំឲ្យក្រេវក្រោធ | ឆុះឆាបឲ្យរង់ |
ឲ្យរិះរំពឹង | ជញ្ជឹងគិតក្នុង | ហរិទ័យឲ្យត្រង់ |
ឲ្យត្រូវធម្មា។ | ||
គរប់ប្រាំបី | កុំបៀតបៀនជីវិត | ជីវិតហឹង្សា |
មនុស្សសត្វឥតទោស | សន្ដោសមេត្ដា | អាសូរករុណា |
ជួយជនជីវី។ | ||
ជាប្រាំបួនបទ | ឲ្យមានអំណត់ | អំណរខន្ដី |
សច្ចំបរមត្ថ | កាន់កតវេទី | គិតគុណជននី |
ជនកប្រធាន។ | ||
គំរប់ដប់ដោយ | ធម៌ផ្ដែផ្ដាំឲ្យ | មហាក្សត្រក្សេមក្សាន្ដ |
ត្រេកទ្រង់សណ្ដាប់ | តាមច្បាប់បូរាណ | កុំឲ្យបំពាន |
បំពារក្រៅក្រិត្យ។ | ||
បើក្សត្រឯណា | គិតកាន់សីលា | តាមដោយទសពិធ |
រាជធម៌ទូន្មាន | នឹងបានសម្រឹទ្ធ | សម្រចដូចចិត្ដ |
ដូចក្ដីប្រាថ្នា។ | ||
ក្នុងលោកិយគាប់ | កើតគេគំនាប់ | គំនិតថ្លៃថ្លា |
បរលោកនឹងបាន | ឋិតឋានសួគ៌ា | ដល់តុសិតា |
សោយសម្បត្ដិបុណ្យ។ | ||
ទើបព្រះជននី | ទូន្មានបុត្រី | ថាកូនស្ងួនតន់ |
ចូរចេះចាំចិត្ដ | គំនិតឲ្យធ្ងន់ | ឲ្យគិតឲ្យគន់ |
ឲ្យគួរដោយធម៌។ | ||
ចូរនាងចងចាំ | រក្សាសីលប្រាំ | សព្វថ្ងៃរៀងរាល់ |
ខែដាច់អដ្ឋមី | បូណ៌មីឲ្យស្គាល់ | ឲ្យដឹងកិច្ចការ |
កាន់សីលប្រាំបី | ||
ព្រះពុទ្ធប្រទាន | ទេសនាទូន្មាន | អស់អង្គស្រិលស្រី |
ប្រាំពីរប្រការ | សព្វសារពើពី | ក្រិត្យក្រមនារី |
ចូរនាងស្ដែងស្ដាប់។ | ||
មួយស្មោះពិជ្ឈឃាដ- | ភរិយាប្រមាថ | ស្វាមីក្រៅច្បាប់ |
ចិត្ដបួនប្រការ | ឥតសារឥតស័ព្ទ | ឥតសីលពុំគាប់ |
ពុំគិតកេរ្ដិ៍កោះ។ | ||
មួយចិត្ដរឹងរូស | ប្រទះប្រទូស្ដ | ប្រតប់ឆ្លៀតឈ្លោះ |
សម្លក់សម្លឹង | មុខរឹងបោកបោះ | ពោលពាក្យទ្រគោះ |
ឲ្យប្ដីអៀនអាក់។ | ||
មួយចិត្តស្រើបស្រាល | ស្រើបស្រួលស្នេហ៍ស្នាល | ស្នំស្និទ្ធរួមរ័ក្ស |
នឹងប្រុសដទៃ | អាល័យស្មោះស្ម័គ្រ | ប្រើប្រុសឲ្យដាក់ |
សិស្បសាស្ដ្រធ្វើប្ដី។ | ||
មួយចិត្ដមិនកោត | មិនមានកំណោត | គម្ដែងស្វាមី |
រំលើកតិះដៀល | ដំនៀលជេរស្ដី | មើងាយស្រដី |
ពោលពាក្យពុំក្រែង។ | ||
មួយចិត្ដកំណាច | គំនិតគិតកាច | ចរចេញចាយចែង |
និយាយស្រដី | ដើមប្ដីសំដែង | ទោសស្វាមីឯង |
ឲ្យអស់គេស្ដាប់។ | ||
ចោរីភរិយា | មានចិត្ដប្រាំប្រា- | ការគត់ត្រងត្រាប់ |
មួយមិនចង់ធ្វើ | សារពើការគាប់ | ពុំចង់ប្រដាប់ |
ប្រដាឲ្យប្ដី។ | ||
មួយចិត្ដចង់ចាយ | ទ្រព្យប្ដីពុំស្ដាយ | គិតតែទិញឆី |
លួចលាក់បាំងបិទ | ឲ្យមិត្ដភ្ងាប្រិយ | បង្ហិនទ្រព្យប្ដី |
ពុំចេះផ្គត់ផ្គង់។ | ||
មួយបើប្ដីបាន | កាសប្រាក់ធនធាន | រក្សាពុំគង់ |
ពុំគិតដាក់ទុក | ទំនុកបំរុង | អម្រស់ឲ្យបង់ |
ឲ្យបាត់ពុំស្ដាយ។ | ||
មួយចេះតែស្អាង | បញ្ចើរូបរាង | ពព្រើមពព្រាយ |
ពព្រើតដើរលេង | ជាល្បែងសប្បាយ | ចង់មានសហាយ |
ស្អប់ប្ដីអាត្មា។ | ||
មួយបើស្វាមី | ស្រឡាញ់មេត្រី | ស្ម័គ្រស្មោះចិន្ដា |
រឹងធ្វើចិត្ដធំ | ពិតពុំនាំពា | នាំពាក្យចរចា |
ឲ្យអាក់ចិត្ដប្ដី។ | ||
សត្រូវភរិយា | មានប្រាំមួយប្រា- | ការកាចអប្រិយ |
មួយចិត្ដពុំចង់ | បំរុងស្វាមី | ពុំតាមចិត្ដប្ដី |
យកតែចិត្ដឯង។ | ||
មួយខ្ជិលកាន់ការ | ខ្ជិលរៀបអាហារ | អណ្ដាប់តាក់តែង |
បើបានចំណី | សោតឆីតែឯង | ពុំគិតពុំក្រែង |
ពុំទុកឲ្យប្ដី។ | ||
មួយចិត្ដចង្រៃ | ចង់ជាធំក្រៃ | លើសលែងស្វាមី |
ពោលពាក្យថ្នាំងថ្នាក់ | ឲ្យអាក់ចិត្ដប្ដី | មិនមានមេត្រី |
ចងចិត្ដស្នេហា។ | ||
មួយចិត្ដកំណាច | ប្រច័ណ្ឌកោងកាច | ប្រចាំរិស្សា |
បន្ទោសផ្ដងប្ដី | ឥតបីមេត្ដា | ប្រទេចផ្ដាសា |
ពុំគិតបាបកម្ម។ | ||
មួយប្ដីមានទុក្ខ | មានទោសពុំសុខ | សឹងមើលបំណាំ |
បើប្ដីឈឺថ្កាត់ | ដើរបាត់ពុំចាំ | ពុំចង់រកថ្នាំ |
រកទ្រព្យមើលប្ដី។ | ||
មួយប្ដីប្រដៅ | សារពើរាក់ជ្រៅ | ក្រិត្យក្រមច្បាប់ស្រី |
ចិត្ដចោរខេខឹង | ទៅនឹងស្វាមី | ពុំយកពាក្យប្ដី |
ចងជាទោសា។ | ||
ភរិយាទាំងបី | នេះកាឡកណ្ណី | ចិត្ដចោររិស្សា |
ជាស្រីទុរលក្ខណ៍ | អប្បល័ក្ខណ៍មោហា | អស់អង្គទេវតា |
បៀនបរាមុខ។ | ||
លុះលែងជាតិពី | កំណើតលោកិយ | ធ្លាក់ទៅនរក |
ទុរាទុរន់ | ពេកពន់ពុំសុខ | រងទោសរងទុក្ខ |
នៅនាអវចី។ | ||
លង់លុះមួយកល្ប | ទៀងទើបរួចរាល់ | មកកើតជាស្រី |
ផ្កាមាសអប្បលក្ខណ៍ | ជាយក្ខិនី | កំព្រាឥតប្ដី |
ប្រាំរយជាតិជាក់។ | ||
បើស្រីនោះបាន | ធ្វើបុណ្យឲ្យទាន | គង់តែថ្លស់ធ្លាក់ |
ទៅទីនរក | ទល់ទុក្ខឥតអាក់ | ឥតឯមានអ្នក |
ណានឹងប្រោសប្រាណ។ | ||
ទោសព្រះបញ្ញា | ធិកសាងសទ្ធា | វិរិយាញេយ្យាញាណ |
ត្រាច់ត្រាស់ទ្រទ្រង់ | ស្រោចស្រង់ពុំបាន | ហេតុស្រីនោះមាន |
ចិត្ដចៀសក្រៅធម៌។ | ||
កូនអើយចូរចាំ | ចូរចេះចៀសកម្ម | ចៀសកាចអំបាល |
នេះនឹងបានសុខ | ទៅមុខរៀងរាល់ | រៀងរួចទៅដល់ |
សួគ៌និព្វានពិត។ | ||
ហៃបុត្រពន្លក | ចូរនាងរៀនយក | ក្រិត្យក្រមសុចរិត |
ភរិយាទាំងបួន | ស្រីស្ងួនចងចិត្ដ | ចាំចេះគន់គិត |
តាមដោយធម៌ថា។ | ||
ច្បាប់មួយហៅមាតុ៍ | ភរិយាជាអាទិ៍ | មានចិត្ដប្រាំប្រា- |
ការកលមួយមាន | ចិត្ដក្សាន្ដរក្សា | ទុកដាក់ទ្រព្យា |
ពុំឲ្យបង់បាត់។ | ||
មួយចិត្ដឈឺឆ្អាល | ស្វាមីគាប់កាល | មានទោសទ័ណ្ឌទាត់ |
កាលកើតរោគា | ជរាឈឺថ្កាត់ | ថែទាំប្រយ័ត្ន |
ប្រយោជន៍រក្សា។ | ||
មួយចេះបំរើ | រណ្ដាប់សារពើ | ភ័ស្ដុភោជនា |
ទើបបានអាហារ | ត្រកាលឧជា | ពុំឃ្លានភោក្ដា |
ទុកឲ្យស្វាមី។ | ||
មួយមករបស់ | អម្រអម្រស់ | បំរុងឲ្យប្ដី |
តាក់តែងជួញប្រែ | ធ្វើស្រែរកស៊ី | ធ្វើការប្រក្រតី |
ចិញ្ចឹមអាត្មា។ | ||
មួយចេះសង្វាត | រាប់អានសាច់ញាតិ | រៀមច្បងមេបា |
បើបានភស្ដុភារ | អាហារពិសា | ចែកជូនគ្រប់គ្នា |
មិនមានកំណាញ់។ | ||
នានាមភគិនី- | ភរិយាលក្ខណ៍ស្រី | បួនប្រការមិញ |
មួយចេះចាំចិត្ដ | គន់គិតស្រឡាញ់ | ស្វាមីអស់អញ |
ដូចបងអាត្មា។ | ||
មួយមានអំណត់ | អំណរអាចអត់ | ចិត្ដចាំស្នេហា |
មែនមានមេត្រី | ឥតបីក្រោធា | ទាសីទាសា |
ពុំចងទោសទុក្ខ។ | ||
មួយមានសីលវត្ដ | បំរើប្រណិប័តន៍ | ស្វាមីជាសុខ |
មិនមានខឹងខាន់ | ប្រច័ណ្ឌញ៉ិកញ៉ុក | អាចឲ្យស្រណុក |
ចិត្ដប្ដីសព្វថ្ងៃ។ | ||
មួយមានមារយាទ | ការកេរអង្កអាត្ម | មានខ្មាសប្រពៃ |
បើយល់បុរស | ប្រាណប្រុសដទៃ | មិនមានមូលមៃ- |
ត្រីត្រេកស្រើបស្រាល។ | ||
នានាមាមិត្ដ | ភរិយាសុចរិត | មានបីប្រការ |
មួយមិនប្រទូស្ដ | រឹងរូសបណ្ដាល | រកហេតុរង្គាល |
ឲ្យអាក់ចិត្ដប្ដី។ | ||
មួយមានគំនិត | គំនាប់ស្នេហ៍ស្និទ្ធ | ស្នេហ៍ស្នាលមេត្រី |
ស្រឡាញ់ស្មោះស័្មគ្រ | រាក់ទាក់នឹងប្ដី | ដូចយល់មិត្ដពី |
ចម្ងាយមកដល់។ | ||
មួយមានអនុកូល | ផ្ដេកផ្ដិតមិត្រមូល | ជាសុខសាន្ដសល់ |
នែបនិត្យស្វាមី | ឥបីមានកល | មានកិច្ចអំពល់ |
អំពីអ្វីៗ។ | ||
ទាសីភរិយា | មានលក្ខណ៍បីប្រា- | ការគួរជាស្រី |
មួយមានពាក្យស្មោះ | ពីរោះស្រដី | ផ្ញើខ្លួនលើប្ដី |
ឲ្យប្ដីអាណិត។ | ||
មួយបើស្វាមី | ស្រឡាញ់អស់ស្រី | បរិពារស្នំស្និទ្ធ |
ចេះជួយស្រឡាញ់ | បំពេញតាមចិត្ដ | តាមដោយគំនិត |
ស្វាមីស្ម័គ្រស្មោះ។ | ||
មួយបើស្វាមី | ខេខឹងស្រដី | រំលើកបោកបោះ |
ជេរពោលប៉ុន្មាន | ពុំហ៊ានឆ្លើយឈ្លោះ | សាសងទ្រគោះ |
តតបវាចា។ | ||
ច្បាប់ស្រីទាំងបួន | ចំពូកចូរស្ងួន | រៀនរិះរក្សា |
ក្នុងលោកិយគាប់ | គំនាប់ថ្លៃថ្លា | ឥតគេនិន្ទា |
ដៀលដល់មកម្ដាយ។ | ||
អស់អង្គទេវព្រ័ក្ស | មហាមហេស័ក្ខ | ទេវតាទាំងឡាយ |
ជ្រោមជ្រែងឲ្យពរ | បវរពណ្ណរាយ | សួស្ដិ៍សុខសប្បាយ |
សក្ដាក្ដិត(១)។ | ||
លុះលែងជាតិបាន | សោយសុខពិមាន | ពិភពតុសិត |
សក្ដិសម្រិទ្ធី | សិរីវិវិធ | វិវេតវោនឋិត |
ប្រាង្គប្រាសាទសួគ៌។ | ||
សុទ្ធសឹងកែវកើត | សម្រាប់ត្រឆើត | ត្រឈៃស្រោងស្រួល |
ស្រីទេពកញ្ញា | រៀបគ្នាជាជួរ | គង់គាល់គាប់គួរ |
ក្រាស់ក្រៃត្រៀបត្រា។ | ||
លុះអស់កំណត់ | សួគ៌សោតច្យុត | មកកើតនៅនា |
ត្រកូលក្សត្រក្សាន្ដ | មែនមានប្រាជ្ញា | ល្អដូចទេវតា |
ជាស្រីគ្រប់លក្ខណ៍។ | ||
នឹងបានជាមហា- | មហេសីក្សត្រា | បរមចមចក្រ- |
ពត្រាធិរាជ | អំណាចឯកអគ្គ | ឯកឯងឥតអ្នក |
ណានឹងផ្ទឹមបាន។ | ||
ទោះបីប្រាថ្នា | នឹកនឹងចង់ជា | កន្សៃពុញ្ញាណ |
សឹងបានដូចចិត្ដ | គន់គិតរិះធ្យាន | ហេតុស្រីនោះមាន |
មារយាទគួរគាប់។ | ||
ស្ងួនសង្សារសាច់ | កុំភ្លាំងភ្លាត់ភ្លេច | ចូរចេះចាំចាប់ |
រួសរករៀនរិះ | ត្រេកត្រិះត្រងត្រាប់ | ធម៌នេះជាច្បាប់ |
ប្រសើរឯកស្រី។ | ||
ពីរព្រះរាជបុត្រ | ពិសេសលំអុត | អង្គឱនសិរសី |
ទទួលបណ្ដាំ | ចងចាំពាក្យពី | ព្រះវរជននី |
ជនកទូន្មាន។ | ||
សេចគ្រេចគ្រាន់គ្រប់ | អរឱនអង្គអ- | ភិវាទក្សត្រក្សាន្ដ |
លុតលាចេញទៅ | ដល់ក្រៅវាំងបាន | ឡើងគង់រាជយាន |
មាសមៃយល់យង់។ | ||
មន្ដ្រីសេនា | សេនីយយោធា | រៀបរៀងរាយរង់ |
តូរ្យតន្ដ្រីត្រែ | ផ្លុំហែព្រះអង្គ | យាត្រាត្រាប់ត្រង់ |
ដល់ឆ្នេរជលសា។ | ||
ចុះចាកយានយាង | ព្រះបាទនាំនាង | ឡើងលើភេត្រា |
អស់មុខមន្ដ្រី | សេនីយសេនា | ប្រដាប់ប្រដា |
ប្រុងប្រៀបស្រេចស្រាប់។ |
១ អភិមេយ្យ=រីករាយក្រៃលែង គ្រឿងលំអមានរំយោលសំរាប់ហែក្សត្រ។ ២ ស្រឹង្គារ=អ្នកហែជាកិត្ដិយស។ ៣ វាតា ឬ វាគ=ខ្យល់។ ៤ មធូរ=សំដីផ្អែមពីរោះ។