ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
****************************************
១៨. បទកាកគតិ
សៅរ៍ ទី24.តុលា 2020.ម៉ោង 12:55
កាលនោះព្រះអង្គ | អំបូរពូជពង្ស | សារពេជ្ញច្បាស់ច្បង |
ស្ដាប់ពាក្យសេនា | យោធាពលផង | អញ្ជើញទៅគ្រង |
រាស្ដ្ររាជរដ្ឋា។ | ||
ស្ដេចព្រមព្រះទ័យ | ទើបក្សត្រជៀស្ឋជ័យ | នូវនាងជាយា |
បែរបើកបន្ទូល | មធូរត្រាស់ថា | ហៃអស់អង្គអា- |
មាត្យមុខមន្ដ្រី។ | ||
បើអស់គ្រប់គ្នា | ចង់ឲ្យយើងជា | ក្សត្រាធិបតី |
ចូរសង់មន្ទីរ | ជាកេរ្ដិ៍ថ្មោងថ្មី | យើងពុំនៅទី |
ដែលស្ដេចព្រហ្មទត្ដ។ | ||
មើលឋានទីទួល | ឯណាសមគួរ | សមជាទីក្សត្រ |
រិះគិតរួសរៀប | រណ្ដាប់ថ្វាត់ៗ | តាក់តែងចាប់ចាត់- |
ចែងចែកដោយងារ។ | ||
ធ្វើឲ្យសមគួរ | ហើយមកទទួល | អញ និង ភរិយា |
មន្ដ្រីផងស្ដាប់ | បង្គាប់ក្សត្រា | ទើបតែងដោយងារ |
ដោយមុខទីទៃ។ | ||
ខ្លះក្រាបលុតលា | ចេញចរម្នីម្នា | រើសរកឈើព្រៃ |
ខ្លះដេកចាំនៅ | គាល់ហ្វៅក្សត្រថ្លៃ | គ្រឿងគ្រប់ដោយដៃ |
ចាំក្សត្រពីរពង្ស។ | ||
ខ្លះដើររកមើល | ទីភូមិប្រសើរ | គួរជាស្ដេចគង់ |
យល់ទីមួយធំ | សួស្ដិ៍សមគួរសង់ | មន្ទីរទើបទង់ |
ខ្សែសិនបុះបោះ។ | ||
វាស់ចែកដោយងារ | កំណាន់ខ្មាន់ការ | ឥតឯចន្លោះ |
ចូកចាំងច្រាស់ប្រាប | ឲ្យរាបស្មើស្មោះ | លុះល្ងាចវិលឆ្ពោះ |
ទៅផ្ទះទីទៃ។ | ||
ហេតុតែសម្ភារ | ពង្សពោធិសា- | ព៌េជ្ញពុទ្ធញ្ញាណញេយ្យ |
ក្ដៅដល់អាសនា | ឥន្ទ្រាថ្លាថ្លៃ | ដូចភ្លើងវិស័យ |
រោរាលមហិមា។ | ||
ព្រះឥន្ទ្រប្រែភក្ដ្រ | បែរបើកទិព្វចក្ខុ | សហស្សនេត្រា |
ទតយល់ព្រះអង្គ | ពូជពង្សសាស្ដា | នូវនាងសុខុមា- |
លន្ទាទេវី។ | ||
បរិបូណ៌បានជា | ស្ដេចស្ដែងនៅនា | ពារាណសី |
ពុំមានមន្ទីរ | ជាកេរ្ដិ៍ថ្មោងថ្មី | សមគួរជាទី |
លំនៅក្សត្រា។ | ||
ទៀងទើបព្រះឥន្ទ្រ | ចមចៅទេវិន្ទ | បរមទេពា |
មានព្រះបន្ទូល | មធូរត្រាស់ថា | ហៃពិស្ណុការ |
បាចូរចុះទៅ។ | ||
សាងសង់ប្រាសាទ | ទាំងប្រាំស្អាងស្អាត | សឹងមាសសន្ធៅ |
ដាំដាសដោយរត្ន | ថ្វាយក្សត្រចមចៅ | ទាំងពីរនិត្យនៅ |
ពារាណសី។ | ||
កតួកំពែង | កែវគិតតាក់តែង | ឲ្យសមសោភី |
ឲ្យបានរួចក្នុង | កម្លុងរាត្រី | យប់នេះកុំបី |
ផ្សូផ្សងរេរា។ | ||
ពិស្ណុការស្ដាប់ | ទទួលបង្គប់ | សម្ដេចឥន្ទ្រា |
ក្រួញក្រាបប្រណម្យ | បង្គំលុតលា | នាំអស់ទេវតា |
ទេវបុត្រច្រើនក្រៃ។ | ||
ហោះចុះមកត្រង់ | ទីភូមិនឹងសង់ | មន្ទីរក្សត្រថ្លៃ |
គន់គិតធ្វើជា | ប្រាង្គប្រាសាទជ័យ | ទាំងប្រាំត្រឈៃ |
ត្រឈឹងខ្ពង់ខ្ពស់។ | ||
សឹងមាសចិញ្ចាច | ចិញ្ចែងត្រដាប | ត្រដែតដោមដុង |
ដាំដាក់រត្នរាយ | ឆាឆាយយល់យង់ | គាងឃ្វាយចមចង |
កែវកែមរចនា។ | ||
សក្ដិសមកំពូល | កំពស់ត្រីសូល៍ | ដងក្ដារជហ្វា |
មុខនាគឆ្លាក់ឈ្លេច | រំលេចរចនា | កែមកែវមុក្ដា |
មរកតកាល់កិត។ | ||
រនូតរនាំង | រនាបជញ្ជាំង | ចិញ្ចាយរាយរត្ន |
រៀបរៀងរំលេច | ដោយក្បាច់ដាលដិត | ដាសដេរប្រកិត |
ប្រកបសក្ដិសម។ | ||
ហោជាងក្បូរក្បាច់ | ឆ្លាក់ឆ្លៅឆ្លងឈ្លេច | ជាទេពប្រណម្យ |
កាន់ភ្ញីវល្លិវ័ណ្ឌ | ពាក់ពាន់ក្លៀវក្លំ | ក្លែងក្លាយបន្លំ |
ជារូបពានរ។ | ||
ប្រែប្រឹងប្រាណប្រួញ | កាងករកង្កួញ | កាន់ភ្ញីឈានឈរ |
ក្លាយជានរសីហ៍ | ដំរីនាគនរ | ក្លាយជាកិន្នរ |
រេរាកាន់ភ្ញី។ | ||
កញ្ចាំងទែនទយ | សារាយរាករយ | រៀបរាយមណី |
រត្នរៀងរំលេច | ដោយក្បាច់សោភី | ឆ្លាស់ឆ្លុះរស្មី |
ភ្លឺផ្លេកព្រោងព្រាយ។ | ||
សសរស្ដម្ភស្ដែង | សឹងមាសទន្ទេង | ល្អល្អះពណ្ណរាយ |
ស្លោមស្លឹកខ្ទរខ្ទាប់ | ប្រដាប់ក្លៀមក្លាយ | ជាភាពរៀងរាយ |
ត្របកបទុមា។ | ||
ដាសដាំរំលេច | សឹងសូរកានពេជ្រ | កែមកែវមុក្ដា |
ពពាលរត្នរាយ | ពិទាយតារា | នែបពៃទូរ្យទា- |
ទិមៗស្រស់ស្រី។ | ||
ឆ្លូកឆ្លាស់មក៌ត | កែមកែវបុសរត្ន | ពៃទូរ្យជោតិត្រី |
បទុមរាគទឹកវិល | ពព្រិលរស្មី | នែបនៅមណី |
រត្នរាយរេខា។ | ||
ក្រឡាបន្ទំ | ទែនទិព្វឧត្ដម | សឹងរូបយក្សា |
កុម្ភណ្ឌគ្រុឌគ្រប | ស្ទាញស្ទប់បាទា | កែកាងហត្ថា |
ប្រែប្រឹងទ្រាំទ្រ។ | ||
ឈូកផ្កាប់ក្បាច់ពេជ្រ | លួសលាយរំលេច | ទងទាក់ទៅមក៍ |
ជាភ្ញីពេនពាក់ | ឆ្វាយឆ្វាក់ល្អះល្អ | ក្លែបក្លាយជាជរ |
ពិតានសំយុង។ | ||
ក្រឡាទីនាំង | កោសកលបល័្លង្ក | ពានរទ្រទ្រង់ |
ត្របកឈូកឆ្លាក់ | ដាំដាក់រត្នរុង- | រឿងរំលេចក្នុង |
ចម្លាក់ព្រោងព្រាយ។ | ||
មានស្វេតច្ឆត្រ | ប្រាំពីររួតរត្ន | បើកបាំងរៀងរាយ |
គ្រប់គ្រែមាសមាន | ពិតានរំភាយ | រំភើយត្រសាយ |
ត្រសាក់សួស្ដិ៍សម។ | ||
កន្សោមត្អោរ(១)ផ្កា | សំយុងមាលា | រំយោលជិតជុំ |
ខ្នើយខ្នល់ព្រះក្រាល | កម្រាលចៀមចំ | ពូកពាសព្រែព្រំ |
ប៉ាក់បានសុវណ្ណា។ | ||
ផ្សែផ្សំរោងរាន | រោងរម្យសោតមាន | រោងយាមនាលិកា |
រោងដាក់ដំរី | ពាជីរថា(២)- | សាល័យសាលា |
បញ្ចង់សឹងសម។ | ||
មានផ្ទះមណ្ឌប(៣) | ពិសេសគ្រាន់គ្រប់ | រានហាលធេងធំ |
វាំងខាំងវាំងខណ្ឌ | ច្រើនជាន់ជិតជុំ | ផ្ទះស្រីព្រះស្នំ |
រៀបរៀងរាល់រាយ។ | ||
កំពែងកែវពិត | ប្រាំពីរជាន់ជិត | ជុំជាបន្ទាយ |
ទល្ហនាងច្រាល | រន្ទាលពព្រាយ | ពព្រោងភ្លឺសាយ |
ភ្លឺសព្វទិសា។ | ||
មានទាំងមណ្ឌប | ដាក់ដោយទារគ្រប់ | មុំមានបញ្ចា(៤) |
ដោយមុំខាំងខ័ណ្ឌ | មានចន្ទឆាយា | មានស្រះស្រង់ថ្លា |
សំរាប់ក្សត្រថ្លៃ។ | ||
ឃ្លាំងមាសឃ្លាំងប្រាក់ | ឃ្លាំងព្រែសុភ័គ | កាសាកោសេយ្យ |
ពស្ដ្រាទិព្វទេស | ពិសេសច្រើនក្រៃ | ពេញទាំងឃ្លាំងជ័យ |
ឥតឯគណនា។ | ||
ព្រះពិស្ណុការ | ជាងចេះរចនា | តាក់តែងប្រាងប្រា |
សាទដូចជាឋាន | ពិមានសួគ៌ា | ស្រូតស្រុតមកនា |
ភូមិភពផែនដី។ | ||
សរសេរអក្ខរា | នៅខ្លោងទ្វារថា | សម្ដេចកោសីយ |
ប្រើពិស្ណុការ(១) | សម្មាមកពី | សួគ៌សង់ទិព្វទី |
ប្រាសាទសុវណ្ន។ | ||
ថ្វាយក្សត្រពីរពង្ស | អញ្ជើញស្ដេចគង់ | ក្សេមក្សាន្ដចិន្ដា |
ហើយហោះវិលវឹង | ត្រៃត្រឹងសួគ៌ា | ទូលព្រះឥន្ទ្រា |
សុសសព្វសេចក្ដី។ | ||
លុះព្រឹកស្រាងស្រេច | សូរ្យសែងឡើងលេច | ពីបូព៌ទិសទី |
អស់អង្គសេនា | យោធាមន្ដ្រី | ភ្ញាភ្ញាក់ឡើងពី |
ដំណេកនិទ្រា។ | ||
រលះរលាំង | លុបលាងមុខទាំង | ខ្ពុរមាត់ឆីស្លា |
ហើយហៅកូនក្មួយ | តាមក្រោយយាត្រា | ចេញចាកគ្រឹហា |
ទៅធ្វើរាជការ។ | ||
មៀងមើលទៅត្រង់ | ទីដែលនឹងសង់ | មន្ទីរកូបាល(១) |
យល់ប្រាសាទមាស | ឱភាសរន្ទាល(២) | បញ្ចាច្រើនច្រាល |
កែមកែវព្រោងព្រាយ | ភាន់ភាំងផ្អូកផ្អើល | ហៅគ្នាមៀងមើល |
អំពីចំងាយ។ | ||
ថាវើយគ្នាយើង | ឆាប់ឡើងមកអាយ | មើលទៅឯនាយ |
ភ្លឺអ្វីដល់ម៉្លេះ។ | ||
ចៅខ្លះលលើ | ថាភ្លើងឆេះឈើ | ទើបភ្លឺដូច្នេះ |
នាយជេរទៅថា | ម្ដាយអាស្លាប់ប្រេះ | ភ្លើងអ្វីឆុរឆេះ |
ភ្លឺផ្លេកត្រកាល។ | ||
កូនក្មួយខ្លះឆ្លើយ | ទៅថាលោកអើយ | ភ្លឺដូចមេឃដាល |
ដុំៗដូចផ្កាយ | ព្រោងព្រាយរន្ទាល | អស្ចារ្យត្រកាល |
ចំឡែកមហិមា | ||
នាយជាអមាត្យ | មើលហាក់ប្រសាទ | ប្រសើរមិនថា |
ដុំវិញតូចៗ | ហាក់ដូចបញ្ចា | អាតាមតែថា |
ពភ្លើតពភ្លាក់។ | ||
សង្ឃឹមភ្នែកអា | ឲ្យមើលគ្រប់គ្នា | ដូចប្រើមនុស្សខ្វាក់ |
ចាញ់នឹងភ្នែកចាស់ | ឆ្ងាយណាស់ជៀងជាក់ | អញមើលយល់ហាក់ |
ប្រាសាទសុវណ្ណា | ||
មន្ដ្រីតូចធំ | រូតរត់ប៉ព្រំ | បំព្រាងគ្រប់គ្នា |
បែកញើសហូរហត់ | រន្ធត់អង្គា | ដល់មុខនាគណា |
ខ្លោងទ្វារកំពែង។ | ||
មើលយល់អក្ខរា | សេរសេរទុកថា | គឺព្រះឥន្ទ្រឯង |
ប្រើពិស្ណុការ | សម្មាតាក់តែង | ធ្វើថ្វាយស្ដេចស្ដែង |
គួរគង់ក្សេមក្សាន្ដ។ | ||
មន្ដ្រីទាំងឡាយ | អរឯងរីករាយ | ពេកពន់ប្រមាណ |
សឹងសរសើរថា | ឱបុណ្យបូរាណ | សំណាងយើងបាន |
ម្ចាស់ថ្លៃមានបុណ្យ។ | ||
ពីដូនពីតា | ពីទួតលួតលា | រៀងរាជពីមុន |
ឥតអង្គក្សត្រា | ឯណាមានបុណ្យ | យើងមានភ័ព្វពន់ |
ភ័ព្វពេកមហិមា។ | ||
បានជួបនឹងម្ចាស់ | មានបុណ្យក្រៃក្រាស់ | ឥតឯគណនា |
យើងនឹងបានសុខ | ទៅមុខគ្រប់គ្នា | ដោយបារមីមហា- |
ក្សត្រថ្លៃថ្កើងថ្កាន។ | ||
ឥតទុក្ខឥតភ័យ | ឥតស្ដេចដទៃ | ណាមកបៀតបាន |
ទើបនាំគ្នាដើរ | ចូលមើលសព្វឋាន | ប្រាសាទមាសមាន |
បន្ទប់ខ្វាត់ខ្វែង។ | ||
ឃ្លាំងប្រាក់ឃ្លាំងមាស | ឃ្លាំងសំពត់ពាស | ពោរពេញគ្រប់ល្វែង |
ព្រឺព្រួចរោមា | គ្រប់គ្នាស្ញប់ស្ញែង | កោតចេស្ដាស្ដែង |
លើសលើលោកា។ | ||
មន្ដ្រីអបអរ | នាំគ្នាចេញចរ | ទៅទីសាលា |
ខ្លះរត់ឆ្ពោះទៅ | លំនៅក្សត្រា | ទូលព្រះរាជា |
ឲ្យជ្រាបជាមុន។ | ||
ខ្លះទៅប្រញាប់ | ដង្ហោយប្រាបប្រាប់ | រាស្ដ្រប្រជាជន |
ចាមចិនកួយតាំង | បារាំងជប៉ុន | យូនលាវសៀមល- |
ន្ទាទាំងភូមា។ | ||
ករកាន់លំពែង | ដាវខ្លីដាវវែង | កាំភ្លើងធ្នូស្នា |
តូរដន្ដ្រីត្រែ | ដង្ហែក្សត្រា | ភ្លេងចិនភ្លេងជ្វា |
ភ្លេងសៀមមហោរី។ | ||
ទីនាំងគជសារ | ចងគ្រឿងរចនា | សឹងមាសមណី |
គជេន្ទ្របាសាទ | ព្រោងព្រាតរស្មី | ស្នាប់មុខសោភី |
ទង្គន់ខ្សែឆ្នាក់។ | ||
ភ្លុកកងសក្ដិសម | សុទ្ធសឹងចង្កំ- | មាសមានចម្លាក់ |
ចម្លែកល្អះល្អ | ដងក្រពាត់ពាក់ | ខ្សែយោងច្រវាក់ |
ច្រវាត់រង្សី។ | ||
ទីនាំងអស្សពាហ៍ | អានមាសមុខរាហ៍ | រុងរឿងរស្មី |
ខ្សែហាងកូបទាំង | បុស្សនាងថ្មោងខ្មី | ឃ្មុំមុខមណី |
កែមកែវយល់យង់។ | ||
រិតអុករិតថោង | ខ្សែហាងខ្សែហោង | ដោតដាក់ចង្ក្រង់ |
បង្កាប៉េកប៉ាត់ | ដាំដាក់ត្បូងផ្ចង់ | ខែឈ្នាន់សំយុង |
សំយាកឆើតឆាយ។ | ||
ទីនាំងរាជរថ | ទឹមសេះសសុទ្ធ | ពីរពណ៌ពណ្ណរាយ |
ទ្រពងឆ្នៀរឆ្នង់ | កាំកង់ប្រែកទ្រាយ | ដាក់ដាំរត្នរាយ |
រំលេចរចនា។ | ||
ចន្ទោលសឹងពេជ្រ | ឆ្លាក់ឆ្លៅរំលេច | ជាត្បូងនាគា |
ខ្សែទាមខ្សែបរ | បវរសោភា | លួសមាសចាក់ជា |
កញ្ជ្រឹលសក្ដិសម។ | ||
ប្រដាប់គ្រែព្រះ- | រាជយានល្អល្អះ | សឹងមាសឧត្ដម |
ចាមរបាយបន់ | សែនត្វាន់ក្លស់ក្លំ | សែងសូរ្យអភិរម្យ |
រៀបរៀងត្រៀបត្រា។ | ||
អស់អង្គខុនណាង | តែងតួស្អិតស្អាង | ប្រដាប់អាត្មា |
សឹងឡើងជាន់ជិះ | រទេះរៀងគ្នា | ទៅទទួលមហា- |
ក្សត្រថ្លៃពីរពង្ស។ | ||
អស់មុខមន្ដ្រី | សឹងជិះពាជី | ប្រដាប់អស់អង្គ |
នាំគ្នាដង្ហែ | បរបែរតម្រង់ | ទៅទីស្ដេចគង់ |
និត្យនៅចំការ។ | ||
ដល់ស្រេចឱនអង្គ | ក្រួញក្រាបជួញជង្ឃ | ប្រណម្យទួលថា |
បពិត្រព្រះអង្គ | ទ្រើសទ្រង់ចេស្ដា | យើងខ្ញុំគ្រប់គ្នា |
ដើរទៅមៀងមើល។ | ||
យល់ភូមិមួយម- | ង្គលគាប់គួរសង់ | មន្ទីរប្រសើរ |
ចូកចាំងប្រាសប្រាប់ | ឲ្យរាបបណ្ដើរ | ដល់ល្ងាចយប់ស្ទើរ |
វិលមកនិទ្រា។ | ||
លុះព្រឹកឡើងវិញ | នាំគ្នាចរចេញ | ទៅទីគ្រឹសហា |
យល់ប្រាសាទមាស | ឆ្លុះឆ្លាស់នៅនា | ភូមិនឹងសង់ជា |
មន្ទីរក្សត្រថ្លៃ។ | ||
មានតួកំពែង | កែវកើតខ្វាត់ខ្វែង | ព្រោងព្រាយប្រពៃ |
អស្ចារ្យចំឡែក | ពន់ពេកល្អក្រៃ | យើងខ្ញុំទីទៃ |
រួសរត់ដំរង់។ | ||
ដល់យល់អក្ខរា | នៅខ្លោងទ្វារថា | ព្រះឥន្ទ្រាទ្រង់ |
ប្រើពិស្ណុការ | សម្មាមកសង់ | ធ្វើថ្វាយព្រះអង្គ |
អម្ចាស់មានបុណ្យ។ | ||
យើងខ្ញុំចូលមើល | ក្នុងឋានប្រសើរ | ប្រាសាទទិព្វតន់ |
ម្ចាស់អើយអម្ចាស់ | ល្អណាស់ពេកពន់ | មានឃ្លាំងទ្រព្យធន |
ដូចឋានសួគ៌ា។ | ||
ឥឡូវយើងខ្ញុំ | ចូលមកសូមសុំ | អញ្ជើញក្សត្រា |
ក្សត្រីបវរ | ទៅគង់ប្រាង្គប្រា- | សាទសោយរាជ្យជា |
ឥសូរសិរសី។ | ||
កាលណោះព្រះអង្គ | ក្សត្រទាំងពីរពង្ស | ស្ដាប់ពាក្យមន្ដ្រី |
ក្រាបទូលគ្រាប់គ្រប់ | សុះសព្វសេចក្ដី | ទ្រង់ព្រះបេតី |
ត្រេកសោមនស្សា។ | ||
ក្សិណក្សត្រវររង្ស | ទាំងពីរស្ដេចទ្រង់ | គ្រប់គ្រឿងរចនា |
មកុដកែវកង | អម្ពរពស្ដ្រា | សង្វារមាលា |
អារមរត្នរាយ។ | ||
ទើបមហាក្សត្រក្សាន្ដ | ឡើងគង់រាជយាន | មាសមៃឆើតឆាយ |
បើកបាំងអភិរម្យ | ក្លស់ក្លំរំភាយ | រំភើយត្រាសាយ |
ត្រសៀកវាតា។ | ||
វររាជក្សត្រី | ឡើងគង់ដំរី | ទីនាំងសោភា |
អករ៍យាយខុនណាង | ហែនាងត្រៀបត្រា | សឹងជិះរថា |
ចរក្រោយរៀងរាយ។ | ||
តូតន្ដ្រីត្រែ- | សង្ខសព្វស៊ានស៊ៃ | ឮលេចសូរសាយ |
ស្គរទ័ពស្គរថ្វា | ស្គរងារកែកាយ | កងករវិលវាយ |
ដោយងារទីទៃ។ | ||
អស់មុខមន្ដ្រី | ករកាន់ដាវខ្លី | ដើរហែក្សត្រថ្លៃ |
ឆ្វេងស្ដាំបង្ហែ | ក្រោយក្រែលក្រាស់ក្រៃ | គ្រឿងគ្រប់ដោយដៃ |
ច្រើនច្រុះច្រូងច្រាង។ | ||
ភ្លេងចិនភ្លេងជ្វា | ក្លេងសៀមរមនា | ដើរដោយសងខាង |
ជាជួរសង្កាត់ | ហែក្សត្រនូវនាង | នៅទល់ទីប្រាង្គណ៍ |
ប្រាសាទសោភា។ | ||
ស្ដេចនាំក្សត្រី | ប្រទក្សិណបី | ជុំចរលីលា |
ទតទីពិមាន | ហាក់ឋានសួគ៌ា | ពេញព្រះទយា |
សោមនស្សបេតី។ | ||
ទតស្រេចព្រះអង្គ | លីលាឡើងគង់ | ប្រាង្គប្រាសាទស្រី |
អករ៍យាយចាស់ទុំ | ស្និតស្នំនារី | សេនាមន្ដ្រី |
គង់គាល់ត្រៀបត្រា។ | ||
ទើបមន្ដ្រីធំ | រិះគិតជំនុំ | តាក់តែងអាជ្ញា |
ស្រូតរូតចេញទៅ | ស្រុកក្រៅនានា | ប្រាមប្រាប់ប្រជា- |
រាស្ដ្រផងសព្វសាយ។ | ||
ប្រាប់គាមភោជក | ជាចៅមឿងស្រុក | គ្រប់ខេត្ដជិតឆ្ងាយ |
រកបណ្ណាការ | ភ័ស្ដុភាដង្វាយ | នាំចូលមកថ្វាយ |
បង្គំក្សត្រថ្លៃ។ | ||
ទើបឲ្យបុរោហិត | អាចារ្យព្រាហ្មព្រឹទ្ធ | ហោរាសាស្ដ្រសេយ្យ |
គន់គូរបូកហារ | រកពារប្រពៃ | មានឫក្សជោគជ័យ |
ឧត្ដមពេលា។ | ||
នឹង រៀបអភិសេក | ព្រះពោធីឯក | នូវនាងជាយា |
ទាំងពីរព្រះអង្គ | ទ្រើសទ្រង់រាជា | ឥសូររដ្ឋា |
រដ្ឋរាជធានី។ | ||
ប្រុងប្រៀបប្រដាប់ | តាក់តែងបង្គប់ | អស់មុខមន្ដ្រី |
ខុនណាងតូចធំ | ធ្វើនំចំណី | បង្អែមពិសី |
ពិសាត្រកាល។ | ||
ចំណីចំអាប | ខួរស្លដរាប | គ្រប់ពណ៌អាហារ |
ចំណីចិនជ្វា | ភូមាសៀមសារ- | រពើព័ណ៍ភោជន៍ភារ |
មិនឲ្យមានខ្វះ។ | ||
រើសកូនមន្ដ្រី | សេនាសេនីយ | រូបរាងល្អល្អះ |
ភក្ដ្រាផូរផង់ | ត្រចង់ត្រចះ | រៀបដើរហែព្រះ |
មហាក្សត្រទាំងទ្វី។ | ||
ពាក់ចារុ៍ចិញ្ចៀន | ស្លៀកសំពត់ខៀន | ពាក់អាវលាវថ្មី |
ស្នៀតសក់សសាល់ | ភ្ញីញ័រសោភី | សុភាពដូចស្រី |
ទេពអប្សរសួគ៌។ | ||
រើសរកកូនប្រុស | ឆោមឆាយស្រៀវស្រស់ | ស័ក្ដិសមគាប់គួរ |
ពាក់ពរពស្ដ្រា | រៀបគ្នាជាជួរ | កិលកែទទួល |
កាន់ពានព្រះស្រី។ | ||
ខ្លះកាន់ព្រះពស្ដ្រ | ព្រះសុទ្ធរស | ព្រះវិជនី |
ព្រះខត្ដព្រះខ័ន | សោភ័នព្រះស្រី | ព្រះសុគន្ធពិ- |
សេសសំអាងអង្គ។ | ||
កាន់ព្រះភូសា | កាន់ព្រះកនិច្ចា | រៀបរាយរៀងរង់ |
រាងរូបឧត្ដម | សក្ដិសមមានទ្រង់ | ជំទើជំទង់ |
ជំទាស់ហត្ថា។ | ||
ករកាន់គ្រប់គ្រឿង | ល្អល្អះរុងរឿង | ដើរដូចតារា |
ត្រចង់ត្រចះ | ហែព្រះចន្ទ្រា | ប្រទក្សិណមហា- |
សុមេរុ៍បព៌ត។ | ||
ព្រះពោធិវ- | ង្សាសក្ដិឧតុង្គ | ឧត្ដមប្រាកដ |
ប្រកបទ្រង់នូវ | ព្រះភូសាសុទ្ធ | មាសមានមកុដ |
កែមកែវសុណ្ណា។ | ||
ព្រះហត្ដទ្រង់ព្រះ | ទម្រង់ត្រចះ | ត្រចង់ថ្លៃថ្លា |
សឹងសូរកាន្ដពេជ្រ | រត្នរេចរេខា | ទ្រង់ព្រះពស្ដ្រា |
រឿងរ័ត្នកម្ពល។ | ||
ក្សត្រីវរវង្ស | វរវាសទ្រទ្រង់ | គ្រប់គ្រឿងមង្គល |
មកុដរត្នភ្លាវ | កែវកាវកុណ្ឌល | កន្ទួតសួស្ដិ៍សល់ |
សក្ដិសមអង្គអគ្គ។ | ||
នាងទ្រង់ព្រះពស្រ្ដ | ប្រពៃស្រៀវស្រស់ | កូសាប៉ានប៉ាក់ |
សឹងសែសយមាស | ពោរពាសដេរដាក់ | ទ្រង់ព្រះសុភ័គ |
សោភាវែងវាស។ | ||
ទ្រង់ពីទម្រង់ | តម្រួតក្បាច់ហ- | ង្សាសមសោភាស |
លួសលាយទងទាក់ | ដាំដាក់ពេជ្រពាស | រុងរឿងឆ្លុះឆ្លាស់ |
កាល់កែវសូរកាន្ដ។ | ||
លុះល្មមពារពី- | លាលក្ខណ៍នាទី | ឫក្សបើកបីឋាន |
ជោគឫក្សឥតខ្វះ | ស្រឡះបើកបាន | ឆាយាមែនមាន |
សេសសោតឧត្ដម។ | ||
ទើបព្រះរាជា | ទ្រង់នាំព្រះមហា | មហេសីឧត្ដម |
ស្ដេចគង់ផ្ទាប់ផ្ទឹម | ទន្ទឹមលើព្រំ | មាសមានចៀមចំ |
លើទែនទិព្វទី។ | ||
ទៀងទើបប្រគំ | ប្រកបភ្លេងផ្លុំ | ត្រែសង្ខភេរី |
គោះគងគគ្រេង | គ្រប់ភ្លេងតន្ដ្រី | ព្រាហ្មណ៍ព្រឹទ្ធព្រឹទ្ធី |
ថ្វាយជ័យអឺងអរ។ | ||
ព្រះកេរ្ដិ៍ប្រាកដ | ប្រកបសន្មត | ចំរើនព្រះពរ |
ប្រពៃតបៈ | តេជៈបវរ | ថ្វាយព្រះនាមករ |
សន្មតឡើងជា។ | ||
សម្ដេចព្រះបាទ | ភោគកុលរាជជាត | វរវង្សពង្សា |
ខត្ដិយោត្ដម | បរមក្សត្រា | ឯកអគ្គរាជា |
បរមបពិត្រ។ | ||
អស់មុខមន្ដ្រី | ចំរើនព្រះស្រី | បវរវិវិធ |
វររុឌ្ឍីពរ | សាទរពេកពិត | សុខសួស្ដិ៍សម្រិទ្ធិ |
សម្រេចការគួរ។ | ||
ឲ្យលេងមហោស្រព | របាំរាំគ្រប់ | រោងរៀបជាជួរ |
អស់រាស្ដ្រទាំងឡាយ | សប្បាយបបួល | ប្រុសស្រីស្រើបស្រួល |
មកមើលត្រៀបត្រា។ | ||
ស្រីខ្លះពកូន | ជ្រេកជ្រៀតពពូន | ពព័ន្ធពានពារ |
ចង់ចរចូលជិត | ពុំគិតអាត្មា | ស្អុះស្អាប់មហិមា |
ស្លាប់កូននៅដៃ។ | ||
ខ្លះមើលពីក្រៅ | ចង់ជែកចូលទៅ | គេច្រានស្ទើរក្ស័យ |
រាងរាចៀសចរ | មកឈរហាលថ្ងៃ | មុខមាត់ក្រៀមក្រៃ |
ដូចគេហាលងៀត។ | ||
អស់ស្រីក្រមុំ | ដណ្ដប់ផាហ៊ុំ | លាបម្សៅរមៀត |
ប្រុសប្រែយង់យល់ | រកកលជ្រែកជ្រៀត | ផ្ទុញផ្ទាប់បានបៀត |
ដុំដៃដល់ដោះ។ | ||
ដោះដៀងវៃវេះ | ធ្វើជាឯងអេះ | ខ្លួនប្រាណស្មានស្មោះ |
ធ្វើសោះកន្ដើយ | ព្រងើយស្រីនោះ | ដឹងជាពាលគោះ |
ដោះដៃដើរចេញ។ | ||
មហាជនជុំជរ | ស្រើបស្រុះអឹងអរ | មើលមីរពាសពេញ |
ក្នុងរោងចង្អៀត | ច្រុះជ្រៀតជុំវិញ | ពុំចង់ចរចេញ |
ទៅផ្ទះអាត្មា។ | ||
ខ្លះមើលពីព្រឹក | អត់បាយអត់ទឹក | អត់ទាំងឆីស្លា |
ភ្លាំងភ្លេចប្រាណប្រឹង | សម្លឹងសោះសា | ខ្លះសរសើរថា |
ល្អម្ដេចអម្បាយ។ | ||
ព្រះអង្គឲ្យលេង | សព្វសារពើល្បែង | មហោស្រពទាំងឡាយ |
គ្រប់ប្រាំពីរថ្ងៃ | ក្សត្រថ្លៃពណ្ណរាយ | ឲ្យទៅយកយាយ |
ជាធម៌មាតា។ | ||
បន្ទូលប្រើទៅ | ថាអាមាត្យចៅ | ចូរចររកគ្នា |
យកអង្រឹងកូវ | តាំងយូយាត្រា | ទៅយកមាតា |
ធម៌អញមកថ្វាត់។ | ||
អាមាត្យចងចាំ | ព្រះរាជបណ្ដាំ | ប្រួញប្រាណប្រណិប័តន៍ |
ក្រួញក្រាបបង្គំ | ប្រណមមហាក្សត្រ | លុតលាចេញថ្វាត់ |
ដូចព្រះអាជ្ញា។ | ||
ដើរដល់ស្រុកស្រែ | ស៊ើបសួររកគេ | ប្រាប់ហើយនាំគ្នា |
បរចូលដល់ទៅ | លំនោះគ្រឹហា | ដូនចាស់ដាក់ស្លា |
ឲ្យឆីស្រេចស្រាប់។ | ||
អាមាត្យថ្លែងថា | ដ្បិតព្រះរាជា | មានព្រះប្រញប្ដិ |
ឲ្យយកដូនទៅ | ឥឡូវឆាប់ៗ | អាមាត្យពុំប្រាប់ |
ហេតុចង់ចំអន់។ | ||
ដូនចាស់ភិតភ័យ | ញ័រជើងញ័រដៃ | ញ័រខ្លួនភីតពន់ |
ភីតពេកក្នុងប្រាណ | ក្រែងមានទោសធ្ងន់ | ញ័រមាត់ស្ទើរគ្រុន |
សំពះប្រណម្យ។ | ||
អង្វរលោមថា | អ្នកអើយព្រះមហា- | ក្សត្រឲ្យយកខ្ញុំ |
ទៅតើទោសម្ដេច | ការកិច្ចសុខុម | អាសូរប្រាប់ខ្ញុំ |
ឲ្យពិតកុំលាក់។ | ||
អាមាត្យរហ័ស | ឃាត់ទៅដូនចាស់ | ថាកុំផ្អើលភ្ញាក់ |
ថាទេអ្នកយាយ | ចៅប្រាយប្រាប់អ្នក | ឲ្យបានដឹងជាក់ |
យាយកុំបារម្ភ។ | ||
ក្សត្រថ្លៃចមចៅ | ឲ្យយកយាយទៅ | នឹងឲ្យជាធំ |
ថែទាំព្រះនាង | ខុនណាងព្រះស្នំ | ចិញ្ចឹមជាជំ- |
ទាវតែងគាល់ហ្វៅ។ | ||
បើបានជាធំ | សមអ្នកយាយពុំ | ស្គាល់យើងជាចៅ |
អាងស្ដេចអាសូរ | ឲ្យចូលក្នុងក្រៅ | យល់យើងដើរទៅ |
ប្រាស់ប្រែមុខចេញ។ | ||
ដូនចាស់ឆ្លើយថា | ហៃអ្នកអាជ្ញា | កុំចំអន់អញ |
អ្នកអាសូរប្រាប់ | ឲ្យឆាប់មកមិញ | កុំអ្នកជន្លេញ |
ជន្លទៅមក។ | ||
យើងជាអ្នកស្រែ | កំសត់ឥតគេ | ណានឹងរាប់រក |
នៅដោយព្រៃស្ងាត់ | ចុងកាត់មាត់ញក | អ្នកកុំចំអក |
ចំអន់អាយនាយ។ | ||
អាមាត្យឆ្លាស់ឆ្លើយ | ថាអ្នកយាយអើយ | ពាក្យខ្ញុំប្រាប់ប្រាយ |
ពិតៗច្នេះឯង | ពុំក្លែងពុំក្លាយ | ស្ដេថាអ្នកយាយ |
ឯងជាម្ដាយធម៌។ | ||
កាលស្ដេចពិបាក | ទុគ៌តតោកយាក | ឥតអ្នកណាស្គាល់ |
មានតែអ្នកយាយ | ជាម្ដាយមានធម៌ | ឈឺឆ្អាលរៀងរាល់ |
ដល់ស្ដេចមានបុណ្យ។ | ||
ឥឡូវស្ដេចនឹក | ស្ដេចគិតរលឹក | អ្នកយាយពេកពន់ |
យកអ្នកយាយទៅ | ស្ដេចនឹងសងគុណ | ខ្ញុំពុំចំអន់ |
ចំអកអ្នកយាយ។ | ||
ដូនចាស់ស្ដែងស្ដាប់ | អាមាត្យប្រាយប្រាប់ | ដំណើរសព្វសាយ |
អរឯងពេកក្ដាត់ | មុខមាត់រីករាយ | ចិញ្ចើមពព្រាយ |
ពព្រើមចរចា។ | ||
ដើមអញដើមកាណ | ថាស្ដេចរាប់អាន | តែងតួម្នីម្នា |
ងូតទឹកលាបម្សៅ | ពាក់អាវព្រែផ្កា | ស្លៀកខៀនទេសផា |
ឋានខៀវផ្ទៃមេឃ។ | ||
លាបក្រមួនមាត់ | ស្អាងខ្លួនស្អាតបាត | អង្គុយផ្អៀងផ្អែក |
បែរបើកកញ្ចក់ | ឆ្លុះមុខយល់ប្លែក | ថាអញសក់ស្កូវពេក |
ផ្សាដោយនឿយណាស់។ | ||
ល្អតែជតា | ហោរលោកទាយថា | មានបុណ្យឯចាស់ |
លោកទាយនេះឆុត | ប្រាកដត្រូវណាស់ | ត្រូវនឹងអម្ចាស់ |
រាប់អានមេត្ដា។ | ||
ដូនចាស់អួតអង្គ | ពិតពុំផ្សូរផ្សង | ចុះចាកគ្រឹហា |
ឡើងជិះអង្រឹង | ទៅនឹងអាជ្ញា | ផ្ដាំអ្នកស្រុកថា |
មើលផ្ទះអញផង។ | ||
ដូនចាស់ចិត្ដឆ្មើង- | ស្មៃសំយុងជើង | ដល់ក្រៅរបង |
កាន់ផ្លិតក្រដាស | គ្រវាសម្ដងៗ | បោកបក់ទៅខ្នង |
ថាអញក្ដៅណាស់។ | ||
ពលកាន់តាំងយូ | តាំងពុំឲ្យត្រូវ | ថ្ងៃដល់ដូនចាស់ |
ពលសែងរួយស្មា | ហៅគ្នាទៀតផ្លាស់ | ចិត្ដបង់រហ័ស |
ដូចព្រះអាជ្ញា។ | ||
ដល់ទ្វារវាំងនោះ | ដាក់ដូនចាស់ចុះ | ទើបរាជអមច្ចា |
នាំឡើងលើឋាន | ពិមានក្សត្រា | ឱនអង្គវន្ទា |
អង្គុយពីឆ្ងាយ។ | ||
ស្ដេចទតទៅយល់ | ដូនចាស់មកដល់ | ត្រាស់ថាមកអាយ |
មកឲ្យទៀបទល់ | កុំគាល់ពីឆ្ងាយ | ចូរមកនិយាយ |
កុំបីខ្លាចអ្វី។ | ||
ដូនចាស់ត្រេកអរ | យល់ស្ដេចសាទរ | ទៅទៀចទែនទី |
ស្ដេចបើកព្រះសូរ | បន្ទូលទៅខ្ចី | ប៉ៃនៅធ្វើអ្វី |
បាត់មុខមិនមក។ | ||
យើងទន្ទឹងក្រៃ | ចង់យល់មុខប៉ៃ | ប៉ែពួនសំកក |
ដល់ប្រើអាជ្ញា | យាត្រាទៅរក | ទើបបានប៉ៃមក |
ប៉ៃមិនគិតកូន។ | ||
ដូនចាស់ទូលថា | ខ្ញុំម្ចាស់ពិតជា | មិនដឹងសោះសូន្យ |
នៅតែម្នាក់ឯង | កណ្ដែងឥតកូន | ឥតបងឥតប្អូន |
ណានឹងប្រាយប្រាប់។ | ||
លុះឃើញអាជ្ញា | ទៅទើបប្រាប់ថា | អម្ចាស់មានភ័ព្វ |
បានសោយរាជ្យស្រេច | ជាស្ដេចគួរគាប់ | ម្ចាស់អើយខ្ញុំស្រាប់ |
តែភ្ញាក់ខ្លួនអរ។ | ||
អរនឹងអម្ចាស់ | មានបុណ្យក្រៃក្រាស់ | លើសលោកនិករ |
មេត្ដាប្រោសប្រាណ | រាប់អានស្មោះសរ | ហេតុនោះខ្ញុំអរ |
អរឥតឧបមា។ | ||
ខ្ញុំមកដៃទេ | មិនមានបន្លែ | ចេកខ្នុរដូងស្លា |
មកថ្វាយព្រះអង្គ | ពីរពង្សថ្លៃថ្លា | ដ្បិតព្រះអាជ្ញា |
តែងតឿនពេកពន់។ | ||
សម្ដេចរាជា | អាសូរករុណា | ដូនចាស់លើសលន់ |
ប្រទានមាសប្រាក់ | យសសក្ដិទ្រព្យធន | ពស្ដ្រទិព្វតន់ |
ខ្ញុំប្រុសខ្ញុំស្រី។ | ||
ប្រទានអង្រឹង | តាំងយូថង់និង | រទេះដំរី |
ស្ដេចឲ្យជាធំ | លើស្នំនារី | លើសលែងអស់ស្រី |
ខុនណាងនានា។ | ||
ឲ្យនៅក្នុងវាំង | ថែទាំអស់ឃ្លាំង | មាសប្រាក់ទ្រព្យា |
ដូនចាស់និត្យនៅ | គាល់ហ្វៅរាជា | សព្វទិនទិវា |
ក្សេមក្សាន្ដសាទរ។ |
១ តិរ្ថិយ=ទ្រុស្ដកាចអាក្រក់។ ២. ពោធិវង្កុរ=ត្រកូល ឬ សែអ្នកត្រាស់ដឹង ។ ៣. អាជានេយ្យ = សេះ