១៦. បទកាកគតិ
ថ្ងៃសៅរ៍ ទី10.តុលា 2020.ម៉ោង 15:42

ក្សត្រក្សាន្ដពីរពង្ស លីលាឡើងគង់ លើរាជមនោម័យ
ត្រចង់ត្រចះ ល្អល្អះប្រពៃ  ហាក់សូរិយោទ័យ
ចរជួបចន្ទ្រា។
គួរគង់បើកបរ ទីនាំងអស្សតរ លន់លឿនលីលា
ចេញចាកអំពី បុរីរដ្ឋា ឆ្ពោះទៅសីមា
ពារាណសី។
ស្ដេចដោយមាគ៌ា ចូលក្នុងអធ្វា ព្រៃព្រឹក្សទូរទី
លូតលាស់ផ្លែផ្កា ផលាទុំខ្ចី មានរសពិសី
ពិសេសពិសា។
ស្ដេចដល់ព្រៃស្វាយ នាំនាងឆោមឆាយ ចរចុះយាត្រា
ព្រះនេត្ររំពៃ ទតព្រៃព្រឹក្សា សំណេះចរចា
ប្រាប់ព្រះប្អូនស្រី។
ប្អូនមាសប្រសើរ ស្ងួនអើយមាសមើល ស្វាយក្បាលដំរី
ស្វាយចំពុះសេក ស្វាយចេកឥន្ទ្រី ជិតស្វាយចន្ទី
ដុះដោយពណ៌វា។
ប្អូនមើលស្វាយមាស ស្វាយមីងដេរដាស មីងព្រួសសែដា
មាក់ព្រូនស្វាយព្រៃ ក្រាស់ក្រៃត្រៀបត្រា ទាំងស្វាយរំពា
ស្វាយរមៀតផង។
មានស្វាយចន្លុះ ស្វាយកណ្ដុរដុះ ដាសដោយជ្រលង
ស្វាយសង្កើចឆ្អេះ ស្វាយសេះពងក្រង ស្វាយខាន់ស្ករផង
ស្វាយឥន្ទលាំង។
ខ្លះទុំអន្លង ខ្លះជ្រុះបង់ទង ដោយដីជោគជាំ
សេកសោតទ្រោះទ្រៀវ ខ្ញារខ្ញៀវនានាំ គ្នាហើរទៅពាំ
បានបរិភោក្ដា។
ប្អូនមាសវរវង្ស មើលក្រូចមាក់ប្លុង សម្រែសំសា
ក្រូចចិនក្រូចចង សក់ផងនានា ក្រូចឆ្មារក្រូចភ្លា
ច្រើនពណ៌ពេកក្ដាត់។
មាសមើលក្រូចព្រៃ ផ្កាពិដោរក្រៃ នូវក្រូចពោធិ៍សាត់
ផ្លែទុំរន្ទាល ច្រាស់ច្រាលច្រើនក្ដាត់        នូវក្រូចបូម៉ាត់
ក្រូចសើចក្រាស់ក្រៃ។
មានចេកអំបូង ចេកឥតត្រយូង នូវចេកមហាថ្លៃ
ចេកនួនចេកស្នែង ដុះឯងវិស័យ ចេកក្រចកដៃ
នាងនួនចេកជ្វា។
ចេករាជសីហ៍ ដុះដោយទូលទី ចេកផេះមហា-
ត្រកាលចេកល័ក្ខ ចេកចាក់នានា ចេកស្នាប់មុខវា
នូវចេកពងមាន់។
ដេរដាសដោយព្រៃ ច្រូងច្រាងច្រើនក្រៃ មានផ្លែណាស់ណាន់
ទុំទែងទន្ទាល ច្រាស់ច្រាលច្រើនជាន់         ជាជួរខែត្រខ័ណ្ឌ
ដុះដោយពណ៌វា។
ស្ដេចនូវជាយា បេះផលាហារ ដោយដងមាគ៌ា
មង្ឃុតគូលែន មាក់ប៉ែនពុទ្រា ខ្នុរណាំងបាយស្រា
ល្មុងល្មុតព្និលព្នៅ។
សាច់សិរមាន់មៀន មាក់ប្រាងទុរេន ដូងខ្ទិះអំពៅ
លាំងសាតសាវម៉ាវ បង្គាបង្គៅ ត្រៀលត្របែកព្នៅ
សំពោចស្រគំ។
ពោនពួចជន្លូស គុយភ្ញៀវព្រីងព្រូស ដុះដោយព្រៃភ្នំ
ផ្លែច្រើនច្រាស់ច្រាល រន្ទាលទែងទុំ ពីរក្សត្រឧត្ដម
ស្ដេចសោយស្កប់ស្កល់។
ស្រេចស្ដេចឡើងគង់ លើយានវរម- ង្គលគាប់សួស្ដិ៍សល់
ត្រាច់ចរទៀតទៅ សំដៅដួចដល់ វាលវែងយង់យល់
សព្វសត្វនានា។
មើលមានគជសីហ៍(១) គជសិង្ហព្យគ្ឃី(២) ក្រាស់ក្រៃត្រៀបត្រា
កែះកោតកុញ្ជារ កេសរសីហា ឱសឱដ្ឋផុំភា
មិត្រមាំងឆ្មាតសីហ៍។
ព្រោះព្រៃរមាំង រមាសខ្ទីងទាំង គោចៀមចាមរី
ភិលេនលៀងកា សាន់លាពាជី នរសិង្ហនរសីហ៍(៣)
ដំរីខ្លោងខ្លា។
ទន្សងទន្សាយ ទន្សោងឈ្លុះទ្រាយ គោមហិង្សា
ចចកស្វាស្វាន ប្រើសក្ដាន់សុករា ជ្រូកព្រុលប្រមា
ពង្រូលលាក់មុខ។
រញីសំពោច ឈ្មុលឆ្មាបាទោច កង្ហែនកំប្រុក
បង្កួយជាសស្ការ ពស់ថ្លាន់ថ្លែនថ្លុក វៃវាររួសរុក
រករន្ធនិត្យនៅ។
ស្ដេចយល់សត្វម្រឹគ គៀងគូគគឹក រួសរកឆីស្មៅ
បើកបររំលង ដល់ដងព្រៃជ្រៅ   យល់បក្សានូវ
បក្សីទាំងឡាយ។
ហិចហើរឆៀងឆាប ទន្ទេងទន្ទាប ទន្ទឹមរៀងរាយ
ដោយមែកព្រឹក្សព្រៃ ក្សត្រថ្លៃពណ្ណរាយ បន្ទូលប្រាប់ប្រាយ
ព្រះប្អូនពុំងា។
ស្ងួនអើយមាសមើល បក្សាផងហើរ  ដង្ហែរៀងគ្នា
សេកសោមបណ្ឌិត នែបនិត្យសារិកា- កែវកោកិលា
កុកក្រកគ្រោងគ្រែង។
ដប់លាយសៀនឃ្លៀន ជជែកជើងទៀន រន្ទេបព្រលេង
ប្រមង់ពព្លាក់ ទ្រមាក់ខ្លាខ្លែង ស្ទាំងពាក់កន្សែង
ដំដែកទុតទ្រូ។
សម្បកទំពាំង ស្លឹកសោតដាច់ស្បាំង ខែលហេងហូពូវ
ចចាតច្រឡៃ ព្រាបព្រៃបាគូ ករវិកសត្វត្វា
ចាបពូកពូម៉ា។
មាសមើលហែមហង្ស មយូរពេនពង់ ចាក់ចាន់ជុលីការ
ជីវកជីវាក ក្រៀលក្រាកក្រសារ តាដក់អកអា- 
អូតឳឡស្លឹក។
ប្រចៀចចេកទុំ ចៀបកប្បាសភ្លុំ ពពូលពុះទឹក
លលកលលេ រំពេប្រវឹក មាន់ទោមាន់ទឹក
ស្មោញអង្កត់ខ្មៅ។
មាន់ព្រៃព្រវែក ត្រចៀកកាំខ្វែក ប្រហិតស្វិតចៅ
ល្វាចេកប្រចៀវ ទៀទៀវតាវ៉ៅ ទីទុយមៀមនៅ
ផ្ទីចង្កៀលខ្យង។
ក្ងានក្ងោក ក្ងប៉ោលតោក រនាលត្រយង
សសេះសេះលាវ រងាវកកកង- កេងកុកត្រសង
ត្រសិតហើរហិច
នាងនួកក្អែកល្អាត គូកគលីងត្មាត ត្រុំត្រដៀវវ៉ិច
បង្កួចសក ចាកក្រពាកស្ដេច- គូលិតប្រពេច
ទុងទោមទទា។
បរគាវចិន្លោ អន្ទិតកុលជោ អង្គួចឥន្ទ្រា
សេកយារសេកអាត់ ច្រើនក្ដាត់ត្រៀបត្រា ភូមរីភូមរា
ត្រឹបកេសរភ្ញី។
ស្ដេចទតបណ្ដើរ ដោយផ្លូវដំណើរ ប្រាប់ព្រះប្អូនស្រី
ខែងខំបើកបរ បវរពោធី ដល់ឆ្នេរជលធី
ទឹករាក់ពុំជ្រៅ។
ស្ដេចបន្លោះឆ្លង សមុទ្ររំលង ពីនោះទៀតទៅ
យាត្រាត្រាច់ត្រង់ ដំរង់សំដៅ ដល់ស្រុកលំនៅ
ឋានធម៌មាតា។
ពីរពង្សក្សត្រថ្លៃ ចុះចាកអាជានេយ្យ ឡើងលើគ្រឹហា
ដូនចាស់ស្រាកស្រួល សាកសួរក្សត្រា ស្ដេចប្រាប់ដោយនា
ដំណើរការកល។
លុះសព្វសេចគ្រេច ដូនចាស់ស្ដាប់ស្ដេច អរឥតផ្ទឹមដល់
រួសរៀបអាហារ ភស្ដុភារភោជន៍ផល ថ្វាយក្សតនិម៌ល
ទាំងពីរអង្គា
ស្ដេចសោយស្កប់ស្កល់ ផ្ទំនៅមណ្ឌល ឋានធម៌មាតា
លុះព្រឹកស្រាងស្រេច ស្ដែងស្ដេចលាកលា ឆ្ពោះទៅចំការ
ទីដែលនិត្យនៅ។
អ្នកស្រុកផងយល់ ក្សត្រថ្លៃនិម៌ល នូវព្រះប្អូនពៅ
ទ្រង់គ្រឿងរន្ទាល ច្រាស់ច្រាល់ឆ្អិនឆ្អៅ គួរគង់នែបនៅ
លើសេះអាជានេយ្យ។
សឹងគន់គិតឆ្ងល់ ថាចៅភោគកុល ទុគ៌តក្រក្រៃ
បានសេះពីណា សោភាប្រពៃ ទាំងគ្រឿងមាសមៃ
ថ្លៃឥតគណនា។
សឹងសរសើរសល់ ឮលេចដឹងដល់ គាមភោជកជា
មេស្រុកកំណាច ចិត្ដកាចឫស្សា ចាំចងវេរា
នឹងព្រះពោធី។
ដើរមកមើលយល់ ក្សត្រថ្លៃនិម៌ល នូវនាងនារី
វិលវឹងមកដល់ មណ្ឌលឋានទី បានទាំងពាជី
ទីនាំងថ្លៃថ្លា។
ទើបមេស្រុកទៅ ដល់ក្សត្រកម្លៅ ព្រហ្មទត្ដពាលា
រិះរកកលគិត គំនិតមុសា- វាទវៀចទូលថា
បពិត្រក្សត្រថ្លៃ។
ឥឡូវនេះចៅ ភោកុលចេញទៅ បាត់យូរលង់ថ្ងៃ
សមទៅអន្ទង ក្សត្រផងដទៃ មកក្បត់ក្សត្រថ្លៃ
ពិតពុំឃ្លាតឃ្លា។
វិលមកបានទាំង អស្សតទីនាំង បញ្ជិះភរិយា
ខ្ញុំបានដើរទៅ យល់នៅចំការ មើលឫកយល់ជា
ប្រែចិត្ដទីទៃ។
បើព្រះអង្គធ្លោយ ប្រហែសអត់ឲ្យ ទុកនៅក្នុងផ្ទៃ
ក្រោមក្រែងក្រក្រោយ សូមឲ្យក្សត្រថ្លៃ ផ្លាញវាឲ្យក្ស័យ
ជីវិតទើបជា។
ស្ដេចស្ដាប់ទំនូល តាមភោជកទូល ត្រេកត្រាស់ទៅថា
យើងឲ្យទៅយក ហៅមកយល់ជា មាណពនោះវា
ពុំមកដូចចិត្ដ។
បើឲ្យសេនា ទៅចោមចាប់វា សម្លាប់ជីវិត
យល់ជាពុំបាន វាមានសិល្បសិទ្ធិ ច្នេះយើងនឹងគិត
ដូចម្ដេចក៏ជា។
ទើបគាមភោជក ជាចៅមឿងស្រុក ទូលទៅទៀតថា
បពិត្រព្រះអង្គ សូមទ្រង់ចិន្ដា ឲ្យអស់សេនា
បរពលទាំងឡាយ។
ទោះចិនចាមជ្វា បារាំងលន្ទា បរទេសសៃសាយ
លើកទៅចោមចាប់ សម្លាប់ខ្ចាត់ខ្ចាយ កុំគិតមើលងាយ
ប្រហែសនឹងវា។

១ រាជសីហ៍ ឬ គជសិង្ហ=សត្វម្យ៉ាងមានខ្លួនដូចរាជសីហ៍តែក្បាលមានប្រមោយដូចដំរី។ ២. ព្យគ្ឃ=ខ្លាធំ។ ៣. នរសិង្ហ ឬ នរសីហ៍=សត្វម្រឹគម្យ៉ាងខ្លួនដូចសិង្ហ តែមានក្បាលជាមនុស្ស (មានតែក្នុសាស្ដ្រា និង អវតាព្រះវិស្ណុក្នុងសាសនាព្រាហ្មណ៍។)