ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
****************************************
១៣. បទពំនោល
ថ្ងៃសៅរ៍ ទី19.កញ្ញា 2020.ម៉ោង 12:39
ព្រះពោធិសត្វច្បាស់ច្បង | ក្រួញក្រាបរាបរង | ព្រះរាជឱង្ការ។ |
លុតលាយាត្រាត្រអាល | ទៅដល់កណ្ដាល | ទីមុខព្រះលានក្សត្រា។ |
ទើបអ្នកឈរឈោងហត្ថា | យកធ្នូសរថ្លា | គ្រវាសគ្រវីលេង។ |
យល់ហាក់ស្រាលក្រៃកន្លង | ដូចកលស្រីផង | កាន់ដងដំបងពេចសំឡី។ |
ដំឡើងឆាប់ខ្មី | គ្មានភិតភ័យអ្វី | ទើបយកសរមកផ្គូផ្គាប់។ |
បែរបាញ់ចេញទៅឮស័ព្ទ | សូរសរហាក់ផ្កាប់ | ក្រឡាប់ទាំងភូមិភពភា។ |
ឮទៅដល់ក្រៅចក្រពាល | កំពែងចក្រវាល(១) | ហាក់ដូចនឹងផ្កាប់ទ្រោមទ្រុឌ។ |
ពុះពោរជន់ជោរសមុទ្រ | សុមេរុបព៌ត | កក្រើករំពើកញាប់ញ័រ។ |
លាន់ឮរន្ទឺអស្ចារ្យ | រំពងខ្ទរខ្ទារ | ដូចសែនរន្ទះគណនា។ |
អស់រាស្ដ្រភិតភ័យតក្កមា(២) | លុះលាន់មាត់ថា | ឧៈអៈពៈស្លាប់នេះម្ដង។ |
ស័ព្ទអីឮក្រៃកន្លង | ស្ទៀរស្ទះដ៏រំពង | ស្ទើរនឹងបែកខ្ទែងកាំម៉ា។ |
រាស្ដ្រខ្លះដឹងហើយប្រាប់ថា | ដ្បិតព្រះសុណិសា(៣) | ក្សត្រាធិរាជថ្កើងថ្កាន។ |
បាញ់ធ្នូនៅមុខព្រះលាន | ភាណអើយកុំភាណ៤ | ភិតភ័យខ្លាចក្ស័យជន្មា។ |
អស់មុខមន្ដ្រីយោធា | យង់យល់ចេស្ដា- | នុភាពព្រះអង្គលើសក្រៃ។ |
សឹងកោតស្ញប់ស្ញែងទីទៃ | ព្រើសព្រមជួយជ័យ | ចំរើនព្រះពរអឺអឹង។ |
សិល្បសរសក្ដិសោតវិលវឹង | វិលមកនៅនឹង | បំពង់ដែលដាក់និត្យនៅ។ |
ទើបអ្នកលីលាឡើងទៅ | បង្គំគាល់ហ្វៅ | នៃព្រះជនកក្សត្រា។ |
ស្ដេចយល់រិទ្ធិពលចេស្ដា | បុណ្យបុត្រប្រសា | ប្រសើរប្រសប់សិល្បសៃយ។ |
ព្រួចព្រឺព្រើសព្រះភក្ដ្រថ្លៃ | ត្រេកត្រូវព្រះទ័យ | រំពៃរំពឹងរកកល។ |
ដោយព្រះទិព្វញ្ញាណយោបល់ | ចង់ល្បងឲ្យយល់ | អំពលអំពើកម្រ។ |
ឲ្យយករទេះពីរមក៍ | មកដាក់គ្រាប់ល្ង | មួយទុកទទេនិត្យនៅ។ |
ទើបស្ដេចបើកបន្ទូលទៅ | ត្រាស់ថាហៃចៅ | ភោគកុលជាបុត្រសំឡាញ់។ |
ចូរបាឧស្សាហ៍អស់អញ | រើសគ្រាប់ល្ងចេញ | ពីក្នុងរទេះនេះទៅ។ |
ដាក់រទេះទទេនៅ | ម្ដងមួយគ្រាប់ទៅ | ឲ្យអស់ក្នុងថ្ងៃនេះថ្វាត់។ |
ឯអង្គពូជពង្សពុទ្ធរត្ន | ក្រួញក្រាបប្រណិប័តន៍ | ទទួលព្រះរាជអាជ្ញា។ |
អ្នកគិតតាំងចិត្ដចិន្ដា | ព្រណិធានសច្ចា | នឹកដល់ព្រះឥន្ទ្រធិបតី។ |
ថាឱអស់បុណ្យបារមី | អញសាងអំពើ | ម្ភៃអសង្ខេយ្យា(៥)។ |
បើអញនឹងបានត្រាស់ជា | អង្គព្រះសម្មា- | សម្ពុទ្ធប្រាកដទៀងទាត់។ |
ឆ្លាស់ឆ្លងការភូមិភពវដ្ដ | សង្សារនាំសត្វ | ដាក់ដល់នគរនិព្វាន។ |
សូមព្រះឥន្ទ្រហោះធ្យាន | មកជួយឲ្យបាន | សម្រេចដូចក្ដីប្រាថ្នា។ |
តេជហេតុបារមីតា(៦) | ពន្លកសាស្ដា | ក្ដៅដល់មណ្ឌលកម្ពល។ |
សិលាអាសនថ្កើងថ្កល់ | ទិព្វទីមណ្ឌល | សម្ដេចអមរិន្ថឥន្ទ្រា។ |
បែរបើកទិព្វចក្ខា | យង់យល់ព្រះមហា- | បុរសព្រួយព្រះហឫទ័យ។ |
ស្ដេចហោះចុះចាកឋានត្រៃ- | ត្រឹង្សត្រាច់ត្រង់ឰ | បុរីសក្ដកូដរាជា។ |
ប្រួញប្រាណប្រឹងប្រែក្រឡា | និមិត្រកាយា | ជាក់ជាស្រមោចខ្មៅខ្មួល។ |
ពេញពាសដេរដាសទង្គួល | ពាំល្ងជាជួរ | ជញ្ជូនពីរទេះចេញ។ |
ដាក់ទៅរទេះមួយមិញ | មួយរំពេចចេញ | ពុំសល់ដល់មួយគ្រាប់នៅ។ |
ព្រះវរបិតាចមចៅ | ស្ដែងស្ដេចទតទៅ | យល់ជាអស្ចារ្យពេកពន់។ |
សេនាយោធាមុខម- | ន្ដ្រីប្រជាជន | យល់ហើយសឹងកោតចេស្ដា។ |
ស្ញែងបុណ្យស្ញែងបារមីតា | សឹងឲ្យស័ព្ទសា- | ធុការចំរើនព្រះពរ។ |
កាលនោះសម្ដេចព្រះវរ- | បិតាសាទរ | ព្រះអង្គទ្រង់ព្រះចិន្ដា។ |
ចង់លចង់ល្បងប្រាជ្ញា | បុណ្យបុត្រប្រសា | ប្រសើរឲ្យបានបីដង។ |
ស្ដេចប្រើនាយព្រះកាលផង | ក្រាលព្រំចៀមចង | រនាំងបាំព្រះសន្ធិយា(៧) |
ស្រេចឲ្យអស់អង្គធីតា | ប្រាំពីរអង្គា | លីលាឡើងមកគាល់គង់។ |
រៀបរៀងរាល់រាយពីក្នុង | បន្លេចតែចុង | ម្រាមព្រះហត្ថាមកក្រៅ។ |
ស្ដែងស្ដេចបើលបន្ទូលទៅ | ត្រាស់ថាហៃចៅ | ភោគកុលជាបុត្រស្នេហា។ |
បាមើលអម្រាម១ហត្ថា | ភរិយានៃបា | ត្រង់ណាចាប់ឲ្យត្រូវត្រង់។ |
ព្រះពោធិសត្វវរវង្ស | ស្ដាប់ស្ដេចត្រាស់ទ្រង់ | បង្គាប់ឲ្យចាប់ហត្ថា។ |
អ្នកទតទៅយល់ដូចគ្នា | ពុំស្គាល់ត្រង់ណា | ជាក់ជាព្រះហត្ដក្សត្រី។ |
តេជៈហេតុព្រះបារមី | ទើបព្រះកោសីយ | កាឡាអង្គាគួរគាប់។ |
ជារុយមាសមួយផ្ទាប់ | ខាងព្រះស្រោតស្រាប់ | ខ្សិបប្រាប់ព្រះពង្សពុទ្ធា។ |
បើអ្នកពុំស្គាល់ហត្ថា | នៃនាងសុខុមា- | លន្ទាទេវីវរវង្ស។ |
យើងទៅទុំនៅនាចុង | អម្រាមចាប់ត្រង់ | នោះឯងព្រះហត្ដធីតា។ |
ប្រាប់ហើយទៅទំម្នីម្នា | ទើបអ្នកប្រវា | ចាប់តាមតែរុយទៅទំ។ |
អ្នកទូលក្សត្រថ្លៃឧត្ដម | ម្រាមភរិយាខ្ញុំ | នេះឯងប្រកដជៀងជាក់។ |
នាងសុខុមាវរល័ក្ខណ៍ | ចេញមកសំណាក់ | សំណេះសំណាលសាកសួរ។ |
ឱនអង្គាគង់គាល់គួរ | បិតាស្ដេចស្រួល | ព្រះទ័យត្រេកសោមនស្សា។ |
១. ចក្រវាល ឬ ចក្កវាឡ ភ្នំជាកំពែងព័ទ្ធជុំវិញនៃពិភពលោក។ ២ តក្កមា=ញ័រល្លុត ញាប់ញ័រ។ ៣. សុណិសា=កូនប្រសាប្រុស។ ៤ ភាណ=ពាក្យបុរាណ សំរាប់ហៅប្ដីប្រពន្ធទៅវិញទៅមក ។ 5 អសង្ខេយ្យា=ច្រើនរាប់មិនអស់។ 6. បារមីតា=អំពើប្រកបដោយកំឡាំងលុះចិត្ដគំនិត។ 7. សន្ធិយា=យប់ងងឹត គ្នុងទីនេះគឺវាំងនន។