១២. បទកាកគតិ
ថ្ងៃសៅរ៍ ទី12.កញ្ញា 2020.ម៉ោង 12:51

កាលនោះព្រះពោ- ធិសត្វសេដ្ឋា អ្នកនៅសម្រាន្ដ
ឈប់បាំងឆ្នេរស្រះ ប្រទះយល់ប្រាណ ស្រីទាំងបីបាន
មកដងគង្គា។
ទើបអ្នកគន់គិត អធិដ្ឋានចិត្ដ ទាំងផ្សងឡើងថា
ឱអស់ទេព្រ័ក្ស(១) អារក្សទេវតា ឋិតឋានសួគ៌ា
ភពភូមិផែនដី
តេជខ្ញុំរក សូមអ្នកចូលមក ជួយជាសាក្សី
បើនាងសុខុមា- លន្ទាទេវី នឹងបានមេត្រី
ជាគូផងគ្នា។
សូមឲ្យក្អមនោះ ធ្ងន់ក្រៃចំពោះ ដូចថ្មសិលា
កុំឲ្យអស់ស្រី ទាំងបីនេះណា លើកក្អមគង្គា
ដល់សិរសីបាន។
ផ្សងស្រេចពុំលង់ ក្សិណនោះអស់អង្គ ស្រីទាំងបីប្រាណ
ងូតទឹកស្រេចស្រាប់ ត្រឡប់វិលថ្កាន ដល់ឆ្នេរជលសាន្ដ
ហើយផ្លាស់ពស្ដ្រា។
ដាក់ដៃថ្នាក់ថ្នម យួរយកទឹកក្អម ធ្ងន់ក្រៃមហិមា
ពិតពុំកក្រើក ព្រួតលើកជួយគ្នា ក្អមទឹកនោះវា
នៅនឹងដូចគល់។
លុះលាន់មាត់ថា ពុទ្ធោលាៗ គិតគួរតែឆ្ងល់
ក្អមអ្វីនេះប្លែក ចំឡែកពេកសល់ អញពុំដែលយល់
ដែលឃើញដូច្នេះ។
មេមួយធាត់ធំ ពាលពេញក្រមុំ ជេរថាមេនេះ
ហងឯងជៀសចេញ ឲ្យអញឯងអេះ ធ្ងន់អីប៉ុណ្ណេះ
អញលើកដាក់ឲ្យ។
បានតែបុះបាយ ដណ្ដើមប្រញាយ ដែលក្រយាស្ងោយ
សេសសល់ចំណី បានឆីបែរក្រោយ កំឡាំងកំសោយ
ដូចគេអត់បាយ។
ជេរហើយប្រឹងលើក ពិតពុំកក្រើក បែកញើសហូរខ្ចាយ
ហត់ហើយស្រដី ធ្ងន់អ្វីអម្បាយ អញគិតមើលងាយ
ស្មានជាស្រាលទេ។
មេនោះឆ្លើយវិញ ថាហងជេរអញ អួតឯងពូកែ
កន្ទ្រលឥតបទ មានមាត់ស្រួចតែ រំលឹកជេរគេ
តាមតែនឹងថា។
កាលនោះពោធី យល់មេទាំងបី លើកក្អមគង្គា
ពុំរួចដាក់ដល់ មណ្ឌលសិរសា ទើបអ្នកយាត្រ
ចេញចរទៀបទៅ។
អស់ស្រីផងយល់ មានចិត្ដអរសល់ បោយដៃហើយហៅ
អង្វរចរចា លោមថាហៃចៅ កំឡោះល្ពេញល្ពៅ(២)
មានរូបសោភា។
សូមអ្នកប្រោសព្រួយ អាសូរមកជួយ លើកក្អមគង្គា
ដោមដាក់ដំកល់ មណ្ឌលសិរសា កុំអ្នករួញរា
ធុញថានាយអាយ។
ព្រះពោធិសត្វ មហាបុរសរ័ត្ន លើសលោកទាំងឡាយ
សាកសួរទៅវៃ ថាហៃនាងអាយ លំនៅឆោមឆាយ
ហាក់ស្រីអ្នកលើ។
មកដងទឹកឯង ឬគេតាក់តែង បង្គាប់ប្រាប់ប្រើ
មកដងទឹកនោះ ចំពោះបានបើ ងូតផឹកឬធ្វើ
អ្វីចូរប្រាយប្រាប់។
សាវជៃ(៣)ទាំងបី ឮពាក្យពោធី- សត្វសួរសាកស័ព្ទ
ទើបមេមួយឆ្លើយ អ្នកអើយអ្នកស្ដាប់ ខ្ញុំនឹងប្រាយប្រាប់
ឲ្យអ្នកដឹងដាន។
ដ្បិតរាជបុត្រី ក្សត្រាធិបតី ឥសូរថ្កើងថ្កាន
ព្រះឥន្ទ្រចមចៅ យកទៅឲ្យមាន ប្ដីនៅពារា-
ណសីនគរ។
នាងនៅពុំសុខ អំពល់ជាទុក្ខ ទើបនាងចាកចរ
វិលវឹងឆ្ពោះមក រួចរកព្រះវរ បិតាភូធរ
នូវព្រះមាតា។
ទើបក្សត្រឧត្ដម ត្រាស់ប្រើយើងខ្ញុំ មកដងគង្គា
យកទៅជម្រះ ផ្សះព្រះកេសា នៃនាងនាថជា
បុត្រីកល្យាណ។
ពោធិសត្វស្ដាប់ សាវជៃប្រាយប្រាប់ ដឹងដើមពត៌មាន
ថានាងមកដល់ មណ្ឌលទីឋាន ព្រើសព្រះទ័យក្សាន្ដ
សោមនស្សាសល់។
អ្នកយកព្រះទ- ម្រង់មកដាក់ក្នុង ក្អមមាសនិម៌ល
មិនឲ្យអស់ស្រី ទាសីផងយល់ ទៀងទើបទសពល
អធិដ្ឋានថា។
បើនាងស្រប់ស្រង់ ជម្រះអស់អ- ង្គាកាយធីតា
សូមឲ្យទម្រង់ បញ្ចង់ថ្លៃថ្លា ចូលម្រាមហត្ថា
ដូចគេបំពាក់។
តាំងចិត្ដសច្ចា ផ្សងស្រេចព្រះមហា- បុរសចមចក្រ
យួរយកទឹកក្អម ថ្នាក់ថ្នមហើយអ្នក ស្ទបស្ទួយដល់ដាក់
លើក្បាលទាសី។
សាវជៃត្រេកអរ អំពើថ្ងិចថ្ងរ លាព្រះពោធី
ទូលទឹកក្អមទៅ លំនៅទិព្វទី នៃនាងនារី
ដល់ស្រេចថ្វាត់ថ្វាយ។
ទើបរាជធីតា ស្រស់ស្រង់គង្គា ជម្រះព្រះកាយ
ផ្សះព្រះកេសា ហត្ថាពណ្ណរាយ ជ្រួយជ្រងសិរសាយ
កេសីវរលក្ខណ៍។
សាវជៃស្ទួយក្អម មាសមៃថ្នាក់ថ្នម លើកឡើងផ្អៀងចាក់
ទឹកទាំងព្រះទម្រង់ នៅក្នុងក្អមធ្លាក់ ដូចគេបំពាក់
ព្រះហត្ដក្សត្រី។
នាងទតយល់ជាក់ ដឹងដើមរៀមរក្ស ជាព្រះស្វាមី
តាមមកដួចដល់ មណ្ឌលស្រះស្រី នាងនាថនារី
ត្រេកអរសោមនស្សា។
អរឯងពេកពន់ នាងត្រាស់សួរដ ណ្ដឹងសាវជៃថា
ហងទៅដងទឹក ពីព្រឹកសុរិយា ទៅលេងឯណា
បាត់យូរអម្បាយ។
ហើយហងឯងបាន ចិញ្ជៀនមាសមាន ត្បូងរ័ត្នពណ្ណរាយ
ដាក់ក្នុងទឹកក្អម លើកថ្នមមកថ្វាយ ចូរនាងនិយាយ
បានពីនរណា។
សាវជៃបង្គំ ទូលថាកាលខ្ញុំ ទៅដងគង្គា
អំពីកំពង់ ស្រះស្រង់ជលសា មានហេតុយល់ជា
អស្ចារ្យពេកពន់។
បានជាបាត់យូរ សូមម្ចាស់អាសូរ ឲ្យគង់ជីពជន្ម
ក្អមទឹកស្រាលទេ ម្ដេចប្រែជាធ្ងន់ ធ្ងន់ក្រៃពេកពន់
ខ្ញុំមិនដែលយល់។
ព្រួតគ្នាជួយលើក មិនមានកក្រើក នៅនឹងដូចគល់
រួយរសាយដៃ គាប់ចែបានយល់ ប្រុសមួយនិម៌ល
កំឡោះសោភា។
ដើរមកប្រទះ យើងខ្ញុំសំពះ អង្វរគ្រប់គ្នា
គាត់មកជួយថ្នម លើកក្អមគង្គា ដាក់ដល់សិរសា
ខ្ញុំទាំងបីនាក់។
ទើបខ្ញុំទូលយក ក្អមទឹកនោះមក ថ្វាយម្ចាស់ទ្រង់លក្ខណ៍
ចិញ្ជៀននេះឯង ខ្ញុំក្រែងតែអ្នក ប្រុសនោះលួចដាក់
មកក្នុងគង្គា។
នាងស្ដាប់សំដី ពាក្យពីទាសី នាងជ្រាបជាក់ជា
ព្រះស្វាមីមក តាមរកធីតា ត្រេកសោមនស្សា
អរឥតថ្លឹងថ្លែង។
ព្រះឱស្ឋទិព្វតន់ ត្រាស់ទ្រង់ចំអន់ ថាអស់ហងឯង
ពើពាក្យមាយា មុសាឥតក្រែង នាំគ្នាដើរលេង
ទៅរកសាហាយ។
ជួបជួនប្រុសប្រាណ ប្រឡែងគ្នាបាន កៀកកនិយាយ
អស់ចិត្ដទើបយក ទឹកមកថ្វាត់ថ្វាយ ភរភូតប្រាប់ប្រាយ
ថាក្អមទឹកធ្ងន់។
សាវជៃភាំងភិត ទូលថាបពិត្រ ម្ចាស់ថ្លៃមានបុណ្យ
ខ្ញុំទូលពុំនិត្យ ពាក្យពិតពេកពន់ ពិតថាក្អមធ្ងន់
ពុំហ៊ានមុសា។
នាងនាថគក់ស្រង់ ស្រេចក្សត្រីទ្រង់ អម្ពរពស្ដ្រា(៤)
តាក់តែងព្រះអង្គ ហើយនាងលីលា ឡើងគាល់បិតា
ធិរាជថ្កើងថ្កល់។
ដល់ស្រេចនាងថ្វាយ បុស្បង្គ័ជ(៥)កាយ ករកបកោមល(៦)
ទូលថាដ្បិតប្ដី ស្វាមីនិម៌ល តាមខ្ញុំមកដល់
ស្រះស្រង់ជៀងជាក់។
ដឹងដោយទាសី ទៅដងទឹកពី ស្រះជួបនឹងអ្នក
យកព្រះទម្រង់ រ័ត្នផ្ចង់ទំលាក់ ក្នុងក្អមដែលដាក់
ទឹកចូលឡើងមក។
ខ្ញុំងូតគង្គា ទើបយកហត្ថា ជ្រងជ្រួយសក់ស៊ក
ចិញ្ជៀនទម្រង់ ដោយក្នុងទឹកមក ដូចគេពាក់ច្រក
នៅម្រាមកូនដៃ។
ខ្ញុំមើលស្គាល់ជាក់ ពិតពុំសង្ស័យ ទើបខ្ញុំចរចូល
មកទូលក្សត្រថ្លៃ ឲ្យជ្រាបព្រះទ័យ តាមតែមេត្ដា។
ស្ដេស្ដាប់ទំនូល រាជបុត្រីទូល ពីព្រះសុណិសា
មកដល់ស្រះស្រង់ ស្ដេចទ្រង់ចិន្ដា ត្រេកសោមស្សសា-
ទរទើបបង្គាប់។
ថាហៃសេនា ទាំងបួនម្នីម្នា រួសរៀបប្រដាប់
គ្រឿងព្រះរាយាន មាសមានសម្រាប់ ក្លៀងក្លស់ផ្គូផ្គាប់
គ្រឿងពរពស្ត្រា។
ឲ្យល្អសមគួរ ចេញទៅទទួល យកកូនប្រសា
អញពីកំពង់ ស្រះស្រង់រងថ្លា នាំមកម្នីម្នា
កុំឲ្យផ្សូរផ្សង។
សេនាស្ដែងស្ដាប់ ស្ដេចទ្រង់បង្គាប់ ប្រាប់គ្នាពុំលង់
រៀបគ្រឿងប្រដាប់ សម្រាប់ស្ដេចទ្រង់ នានាំត្រាច់ត្រង់
ដល់ឆ្នេរស្រះស្រី។
យល់មហាបុរស រ័ត្នរូបស្រៀវស្រស់ លើសលែងលោកិយ
ទើបអស់សេនា យោធាមន្ដ្រី ចរចូលអភី-
វាទវរវន្ទា។
ទូលថាសូមទាន ពីមហាក្សត្រក្សាន្ដ ជាព្រះបិតា-
ធិរាជឧត្ដម ប្រើខ្ញុំករុណា យកព្រះកូសា
ព្រះពស្ដ្រដែលទ្រង់។
ទ្រង់ព្រះរាជទាន មកអម្ចាស់មាន រូរ័ត្នវរវ-
ង្សាសក្ដិសួស្ដិ៍សម ឲ្យអម្ចាស់ទ្រង់ ស្រេចហើយឲ្យគង់
លើរាជយានទៅ។
ព្រះពោធិសត្វ មហាបុរសរ័ត្ន វិសេសចមចៅ
ទទួលពស្ដ្រា ភូសា(៧)មាសឆ្អៅ ល្អល្អះឥតសៅ
អ្នកយកមកទ្រង់។
សក្ដិ៍សមសោភា ហាក់អង្គទេព្ដា យាងយាសឡើងគង់
លើព្រះរាជយាន មាសមានពលពង្ស សេនាចតុរង្គ
ហែៗរៀងរាយ។
បើកបាំងក្លស់ក្លំ ខ្ពង់ខ្ពស់ត្រសុំ ត្រសាក់ត្រសាយ
ត្រសៀករំហើយ រំភើយព្រះពាយ ទៅទៀបបន្ទាយ
រាជវាំងក្សត្រា។
អ្នកចរចុះថ្កាន ពីព្រះរាជយាន យាងយាសលីលា
ឡើងលុះលើឋាន ពិមានរាជា ក្រួញក្រាបវន្ទា
ប្រណមនិត្យនៅ។
កាលនោះក្សត្រា ជាព្រះបិតា គយគន់មើលទៅ
យល់ពោធិសត្វ រូរ័ត្នល្ពេញល្ពៅ ព្រះភក្ដ្រឥតសៅ-
ហ្មងមានរស្មី។
ដូចចន្ទ្រចែងចាំង ភ្លឺផ្លេកអស់ទាំង អាកាសនភី
ឥតនីរអ្នកស្មើ លើសលើលោកិយ ប្រុសនៅផែនដី
ផ្ទាប់ផ្ទឹមមិនបាន។
ទ្រង់ព្រះចិន្ដា ក្នុងព្រះទ័យថា ឱបុត្របុរាណ
សំណាងកូនអញ សំឡាញ់មកបាន ស្វាមីមិញមាន
ឆោមឆាយសោភា។
គាប់គួរជាគូ ល្អល្អះត្រឹមត្រូវ សក្ដិសមនឹងគ្នា
ស្ដេចគិតឯកអរ សាទរមហិមា ត្រេកត្រាស់សួរថា
ហៃបុត្រពិសី។
អពុកចង់ដឹង ចង់ជ្រាបដំណឹង ដំណើរអំពី
ព្រហ្មទត្ដពាលា ហៅបាទៅថ្វី បានជាបុត្រី
រត់មកតើម្ដេច។
កាលនោះព្រះពង្ស ពូជពោធិវ- ង្សាស័ក្ដិសព៌េជ្ញ
ឱនអង្គបង្គំ ប្រណម្យស្រួលស្រេច ទូលទៅសម្ដេច
ព្រះវរបិតា។
ពីនាងនាថរត់ ព្រោះព្រះព្រហ្មទត្ដ កាចគិតឫស្សា(៨)
ត្រាស់ឲ្យមកហៅ ខ្ញុំទៅភោក្ដា សឹងស៊ុតមាន់ទា
លាយនឹងចំណី។
ខ្ញុំបរិភោក្ដា ស្រេចហើយលុតលា មកមណ្ឌលទី
រកនាងពុំយល់ សោកសល់សែនទ្វី ដឹងដើមសេចក្ដី
ដោយឆ្កែប្រាប់ប្រាយ។
ថានាងកល្យាណ នឹងនៅពុំក្សាន្ដ រត់មកស្រុកអាយ
ទើបខ្ញុំត្រាច់មក តាមរកឆោមឆាយ ឆ្លងជលសាសាយ
រួចដល់ត្រើយត្រាណ។
ទើបឆ្កែមរណា ត្មាតនាំមាគ៌ា ៧យោជន៍(៩)បាន
ត្មាតនោះសោតស្លាប់ ស្រេចស្រាប់តែមាន ក្អែកនាំផ្លូវបាន
៧យោជន៍សល់។
ក្អែកនោះសោតស្លាប់ មានរុយមួយប្រាប់ ណែនាំដើរដល់
៧យោជន៍ឆ្ងាយ ចម្ងាយទុព៌ល រុយស្លាប់ទៀតយល់
អំពិលអំពែក។
មួយមានឆវី រុងរឿងរស្មី អស្ចារ្យចំឡែក
ល្អដូចផ្កាយព្រឹក ភ្លឺផ្លេកពន់ពេក កណ្ដាលផ្ទៃមេឃ
លើសលែងតារា។
នាំខ្ញុំត្រាច់ត្រង់ មកដល់ស្រះស្រង់ ទ្រង់ព្រះករុណា-
ពិសេសហើយហោះ ឆ្ពោះទៅសួគ៌ា សមអង្គទេវា
មែនមិនដទៃ។
បពិត្រអម្ចាស់ ខ្ញុំលំបាកណាស់ កាលដើរដោយព្រៃ
ម្នាក់ឯងពុំគិត ជីវិតក្សីណក្ស័យ សូមជ្រាបព្រះទ័យ
ពុំចេរមេត្ដា។
ស្ដេចស្ដាប់ពាក្សពី ពូជពង្សពោធី ទូលទើបក្សត្រា
ជ្រាបសព្វសេចគ្រេច ហើយស្ដេចអនិច្ចា សង្វេគចិន្ដា
អាណិតពោធី។
ទើបស្ដេចត្រាស់ឲ្យ រៀបក្រយាស្ងោយ ភោជន៍ភស្ដុពិសី
ពិសាត្រកាល អាហារថ្មោងថ្មី មកឲ្យពោធី-
សត្វសោយស្កប់ស្កល់។
កាលនោះក្សត្រា ទ្រង់ព្រះចិន្ដា ដោយព្រះយោបល់
ជាបុត្រប្រសា សោកានិម៌ល មានរិទ្ធិពល
ឬឥតរិទ្ធី។
គិតគួរតែអញ យកធ្នូឲ្យបាញ់ លេងលងបារមី
ទើបបើកព្រះសូរ បន្ទូលទៅខ្មី ថាហៃមន្ដ្រី
កំណាន់រក្សា។
ចូរចៅចរទៅ យកធ្នូសិល្បនៅ សរស័ក្ដិ(១០)ថ្លៃថ្លា
សែងមកឲ្យឆាប់ ប្រញាប់ម្នីម្នា មន្ដ្រីលុតលា
ចុះចររួសរាន់។
ប្រើនាយប្រាប់ពល ហៅគ្នារចល់ ចូលមកបន្ទាន់
កាន់ឈើស្នែងទៅ សែងធ្នូកំណាន់ រត់រួសរន្ថាន់
ដល់ថ្វាយក្សត្រា។
ស្ដេចទតទៅយល់ ធ្នូជ័យមកដល់ បើកបន្ទូលថា
ហៃចៅភោគកុល និម៌លសោភា កូនអើយចូរបា
បាញ់ធ្នូនេះមើល។
ចង់ដឹងរិទ្ធី ពាលពលបារមី បាបុត្រប្រសើរ
លងលេងចេស្ដា ឲ្យអាពុកមើល ឲ្យដឹងដំណើរ
កាលគ្រានេះម្ដង។

(1) ទេព័្រក្ស = សរសេរឲ្យត្រូវ គឺ ទេពារក្ស ប្រែថា ទេវតាជាអ្នកថែរក្សាទ្វីបលោក។ (2) ល្ពេញល្ពៅ ទងវងសមរម្យ។ (3) សាវជៃ =ស្ដ្រីក្រមុំសម្រប់ប្រើប្រាស់។ (4) អម្ពពស្ដ្រា ឬ ពរពស្ដ្រា ឬ ពស្ដ្រាពរ សំពត់អាវ សំលៀកបំពាក់។ (5).បុស្សង្ក័ជ> បុស្ស «ផ្កា» ឧប្បសម្ខយយ៉ាងផ្កាតូចៗមានត្របក៧ស្រទាប់ (ឈូកច្រាក) ។ (6). ដៃផ្គុំឡើងមានសណ្ឋានដូចផ្កាឈូក។ (7) ភូសា= ក្រណាត់សំពត់ជាគ្រឿងពាក់, អាវ។ (8) ឫស្សា= អាក្រក់ មានៈសាហាវ។ (9) យោជន៍= មានចម្ងាយប្រវែង ៤០០សិន។ (10) សរស័ក្ដិ = សរប្រកបដោយយសខ្ពង់ខ្ពស់។