១១. បទភូជង្គលីលា
ថ្ងៃអាទិត្យ ទី6.កញ្ញា 2020.ម៉ោង 20:10

លុះស្រាងព្រឹកព្រាងសុរិយា ទៀងទើបទេព្ដា  មួយសឹងសន្ដាន។
កាឡាអាត្មាប្រែប្រាណ ជារុយមួយមាន កំឡាំងស្មើខ្យល់។
ហើរហោះផ្លេកផ្លោះមកដល់ ជួបចៅភោកុល ពើពាក្យសួរថា។
ហៃទ្រង់វរវង្សសោភា មិនមានគ្នីគ្នា ដើរតែឯងអង្គ។
ចិន្ដាប្រាថ្នាហេតុចង់ យាត្រាត្រាច់ត្រង់ ទៅទីឋានណា។
ពោធិសត្វវិសេសថា រុយអើយភរិយា អង្គអញព្រាត់ទៅ។
អញមករកតាមសំដៅ ឲ្យដល់នាងនៅ សត្ដកុដបុរី។
រុយឯងចូរឈ្វេងប្រណី ជួយនាំផ្លូវពី អាយឲ្យអញដល់។
ឲ្យបានរួមជាឋានមណ្ឌល នឹងនាងនិម៌ល ដូចក្ដីប្រាថ្នា។
រុយស្ដាប់អ្នកប្រាប់ឆ្លើយថា ងារខ្ញុំធានា នឹងនាំអ្នកទៅ។
ហើយហើរបណ្ដើរចមចៅ ចរចូលព្រៃជ្រៅ ដោយដានមាគ៌ា។
ផ្លូវឆ្ងាយចម្ងាយយាត្រា ថ្ងៃនោះគណនា ប្រាំពីរយោជន៍គត់។
សុរិយាវេលាកំណត់ អ័ព្ទអស្ដង្គត អ្នកឈប់និទ្រា។
រុយនោះចំពោះអ្វីជា ក្សីណក្ស័យមរណា បាត់បង់ជីវិត។
លុះស្រាងបំព្រាងរង្សី សូរ្យសែងអំពី ទីទិសបូព៌ា។
អមរិន្ទ្រ(១)អង្គឥន្ទកាឡា ប្រែប្រាណជាតិជា អំពិលអំពែក។
ឆវី(២)រស្មីល្អប្លែក ល្អក្រៃចំឡែក ភ្លឺដូចតារា។
ថ្លស់ធ្លាក់ចុះចាកសួគ៌ា មកដល់ព្រះមហា បុរសរូរ័ត្ន។
ក្រឡឹងដណ្ដឹងទៅថ្វាត់ ថាអ្នកដើរកាត់ ទៅទីឋានណា។
ភោកុលនិម៌លថ្ងៃថ្លា យល់ហើយគិតថា អំពិលអំពែក។
ល្អក្រៃប្រពៃចំឡែក រស្មីភ្លឺផ្លេក នេះសមទេព្ដា។
ទ្រង់រិទ្ធិនិម្មិតកាឡា ទើបអ្នកឆ្លើយថា ខ្ញុំនឹងឆ្ពោះទៅ។
ត្រាច់ត្រង់ដម្រង់សំដៅ ភរិយាខ្ញុំនៅ សត្ដកុដនគរ។
សក្កោទេវោសាទរ នាំគ្នាចេញចរ ដើរដោយដងព្រៃ។
ខ្មីឃ្មាតសង្វាតពេកក្រៃ រសៀលល្ងាចថ្ងៃ នោះអ្នកដើរដល់។
ស្រះស្រីជាទីជាតជល- សាសាន្ដសុខសល់ សម្រាប់ក្សត្រា។
ព្រះឥន្ទ្រទេវិន្ដ្រផ្ដាំថា ចូរអ្នកនិទ្រា នៅនេះសម្រាន្ដ។
ឈប់ស្លេះនៅនេះនឹងមាន ស្រីទាំងបីប្រាណ មកដងគង្គា។
ទៅស្រង់នូវអង្គធីតា គឺនាងសុខុមា- លន្ទាកល្យាណ។
អ្នកនឹងបានដឹងពត៌មាន ជៀងជាក់នឹងបាន ជួបនឹងភរិយា។
ផ្ដាំស្រេចសម្ដេចឥន្ទ្រា ហោះទៅសួគ៌ា ទិព្វទីលំនៅ។
ភោគកុលនិម៌លឥតសៅ ក្រោយព្រះឥន្ទ្រទៅ អ្នកចូលចុះស្រង់។
ក្នុងស្រះជ្រៅជ្រះថ្លាឆ្វង់ ជំរះព្រះអង្គ ជាសុខសប្បាយ។
ភ្ញីផលក្នុងជលរីករាយ ព្រលឹតលេចលាយ នឹងដើមស្គន់ស្គុះ។
សេតុប្បលនីលុប្បល(៣)ដាលដុះ ឈូកសច្រើនច្រុះ ច្រាសច្រាលសឹងផ្កា។
ត្រកៀតស៊កសៀតស្លាបទា ស្លោមស្លាបច្រវា កំពីងពួយព័ន្ទ។
សួងសាយសារាយជើងមាន់ ក្រចាប់ណែនណាន់ ត្រកួនកញ្ឆែត។
មច្ឆារេរាអណ្ដែត ហក់ហែបហែលហិត រកបរិភោក្ដា។
អ្នកស្រង់កម្លុងគង្គា ជម្រះកាយា ស្រេចបរិបូណ៌បាន។
ឡើងពីស្រះស្រីក្សេមក្សាន្ដ ដល់ឆ្នេរមើលមាន សុទ្ធសឹងដើមផ្កា។
មហាហង្សត្រយង់យុថ្កា ខ្ទឹងក្ទមចំប៉ា ចំប៉ីចេកទេស។
មង្គ្រេលណ្ដែការរោស នូវនួនពិសេស ម្លិសរួតម្លិលា។
ឈូករ័ត្នព្រលឹតក្ដាំងងា រម្ដេញមាសច្បារ រំចេកមាលដី។
រំចាកបុសនាគនួនស្រី ចន្ធូសូរភី ស្បៃរឿងរំដួល។
ដាំដុះច្រើនច្រុះជាជួរ រៀងរាយគាប់គួរ ដោយឆ្នេរស្រះស្រង់។
អ្នកបានសម្រាន្ដផ្ទំក្នុង ព្រៃប្របកំពង់ ឆ្នៀរឆ្នេរស្រះស្រី។
លុះស្រាងព្រឹកព្រាងរង្សី ឯក្សត្រធិបតី សត្តកូដរាជា។
ព្រះអង្គស្ដេចទ្រង់ចិន្ដា បង្គាប់ទៅថា នឹងមេទាសី។
ឲ្យយកក្អមមកបានបី ទៅដងទឹកពី ស្រះស្រង់រងថ្លា។
មកស្រង់នៃអង្គធីតា ជម្រះកាយា ផ្សះព្រះកេសី។
ស្រឹង្គារបរិពានារី លុះឮពាក្សពី ស្ដេចទ្រង់បង្គាប់។
ម្នីម្នាហៅគ្នាប្រញាប់ កាន់ក្អមផ្គូផ្គាប់ ទូលទុកសិរសា។
ផ្អៀងផ្អងត្រសងនាំគ្នា ទាំងបីយាត្រា ដើរដល់ស្រះស្រង់
ផ្លាស់ពស្ត្រ(៤)ចុះចរទៅក្នុង ជលសាថ្លាយង់ ដងដាក់ក្អមពេញ។
នាំគ្នាលីលាវិលវិញ យួរយកក្អមមិញ ដាក់ដល់ឆ្នេរស្រះ។
ស្រេចស្រូតទៅងូតជម្រះ មន្ទិលអង្គះ(៥) ក្នុងជលសាសាន្ដ។

(1) អមន្ទ្រិ <អមរ+ឥន្ទ្រ=អ្នកជាកំពូលនៃទេវតា។ (2). ឆវី =រូបឆោមខាងក្រៅ លំអស្បែក។ (3) សេតុប្បល=ព្រលិត លំចង់ពណ៌ស។ និលុប្បាល = ព្រលិតរំចង់ពណ៌ខៀវ។ (4) ពស្ដ្រ= សំពត់សំលៀកបំពាក់។ (5). សរសេរថា អង្គៈ ដើម្បីអោយជួននឹងពាក្យ «ជម្រះ» តាមពិត គឺ អង្គ។