១០. បទព្រហ្មគីត
ថ្ងៃសៅរ៍ ទី29.សីហា 2020.ម៉ោង 9:24

កាលនោះពោធិសត្វ បុរសរត្នថ្លៃសោភា សីហនាទយាងយាត្រា ត្រាច់ដើរតាមស្ដេចត្មាតនោះ។
ចូលក្នុងព្រៃព្រឹក្សា ដោយបព្វតាជ្រុងជ្រោយជ្រោះ លុះលេចដល់របោះ(1) យល់សព្វសត្វនៅដោយវាល។
រមាំងៗរមៀង មើលកាល់កៀងគូត្រអាល ឆីស្មៅនៅកណ្ដាល វាលរបោះរបបគ្នា។
រមាសៗដើរ ដើរមៀងមើលរកបន្លា បរិភោគឈររេរា ឈប់ដោយម្លប់ព្រៃដង្គុំ។
ដំរីៗស្រប់ ស្រប់ក្រោមម្លុប់ដើមឳជុំ បេះបោចរោចវល្លិនំ ដំរីបានបរិភោក្ដា។
ក្របីៗព្រៃ រករំពៃកៀងគូវា ថ្ងួចថ្ងររកភោក្ដា ត្រួយក្របាសក្របៅថ្មី។
ទន្សាយៗសឹង ពាក់ពួនពឹងរកចំណី ប្របិចត្រួយស្មៅខ្ខី ជ្រកក្រោមម្លប់ៗទន្សែ។
ទន្សោងៗសោត ដើរលេងលោតប្រឹងប្រាណប្រែ ឆីស្មៅល្បាស់បានបែរ ទៅឈរឈប់ម្លប់ទន្សារ។
ឆ្កែព្រៃៗព្រើស ដេញចោមប្រើសនៅកណ្ដាល ខាំឆីជាអាហារ ហើយទៅឈប់ម្លប់ឆ្កែស្រែង។
គោព្រៃៗព្រោះ ដើរចន្លោះដោយវាលវែង ឆីស្មៅហើយលោតលេង នៅក្រោមម្លប់ៗគោមួយ។
ចចកៗនៅ ដើមចចៅឈររងួយ ជ្រូកព្រុលៗព្រួយ ឈ្មុសឆីមើមក្រវាញជ្រូក។
ខ្លាំធំៗក្រាប ក្រាបស្រពាបនៅដំបូក គយឃ្លាំចាំចាប់ជ្រូក ផ្ទាប់ខាងដើមៗដៃខ្លា។
ក្ដាន់គាងៗកៀង គូមិត្រមៀងរកភោក្ដា អណ្ដាប់អណ្ដោយគ្នា ឈប់នៅម្លប់ៗដើមក្ដុល។
ស្វាព្រាមៗព្រៃ ភ្នែករំពៃរកភ័ស្ដុផល ដណ្ដើមគ្នារចល់ ឆីផ្លែស្វាយៗមេងព្រួល។
ព្រះពោធិសត្វយល់ សត្វសែនសល់អន់អាក់អួល ឱរារឹងរំជួល គិតទៅដល់វរជាយា(2)
ថាឱប្អូនរូរ័ត្ន អស់សព្វសត្វកៀងគូវា ដណ្ដើមរកភោក្ដា ទន្ទឹមទាំងគូឈ្មោលញី។
ម្ដេឡើយតែបងបង់ ប្អូនវរវង្សពេញពិសី ឃ្លាឃ្លាតទៅទូរទី មិនមូលមិត្ដដូចសព្វសត្វ។
ទួញភ្លាងយាងយាត្រា ក្នុងព្រឹក្សាសូន្យស្ងប់ស្ងាត់ ប្រាំពីរយោជន៍ទៀងទាត់ លុះព្រលប់ព្រះសុរិយា។
ចរចូលឈប់សម្រាន្ដ នៅក្រោមឋានម្លប់ព្រឹក្សា ឯត្មាតនោះធ្វើជា មរណ៍ក្សីណក្ស័យជីពជន្មជាតិ។
ព្រះពោធិនិម៌ល មៀងឃើញយល់នូវស្ដេចត្មាត ក្សីណក្ស័យសាកសាត អ្នករឹងព្រួយព្រះចិន្ដា។
ទួញទ្រង់ព្រះកន្សែង ពិលាបថ្លែងទំនួញថា ឱប្អូនពៅពុំងា បាបអ្វីបងឲ្យអភ័ព្វ។
សង្ឃឹមត្មាតបក្សា នាំយាត្រាត្រាច់ឲ្យឆាប់ ឥឡូវត្មាតមិញស្លាប់ សូន្យអសារអសោចិ៍សល់។
ឱកម្មវិបាកបង តែងឲ្យរងៗទុក្ខទល់ ឯកអង្គឯកអំពល់ អំពីព្រាត់ប្រាសប្អូនភ្ងា។
ឱអង្គអញឯកោ អនាថោក្នុងអធ្វា ឥតអង្គអ្នកឯណា មួយគ្រាន់ពឹងគ្រាន់អាស្រ័យ។
មានតែគុណព្រះពុទ្ធ ជាតិជាមកុដទាំងភពត្រៃ នូវគុណព្រះធម៌ថ្លៃ នូវគុណព្រះអរិយសង្ឃ។
ជៀងជួយជាទីពឹង ជាពំនឹងពំនាក់អង្គ ទើបអ្នកលើកករផ្ចង់ ដាក់លើសិរសីសូត្រថា។
ពុទ្ធោមេនាថា(3) ឧត្ដមោមង្គលា(4) ធម្មោមេនាថា(5) សរណំមង្គលំ(6)
សង្ឃោមេនាថោ(3) វរោបុញ្ញក្ដេត្ដំ(7) សព្វទុក្ខភយំ រោគាវិនាសន្ដី(8)
ពោធិសត្វភាវនា ព្រះធម្មាលុះយាមបី អ្នកនិទ្រានៅដី លក់លុះស្រាងសុរិយា។
ទើបទេវបុត្រមួយប្រាណ ជាសន្ដានញាតិពង្សា និម្មិតប្រែអាត្មា ជាក្អែកមួយហើរមកដល់។
ពោលពាក្យស្រដីថា ហៃអ្នកមាណពនិម៌ល ខ្មោចត្មាតនេះនៅសល់ ខ្ញុំសុំបរិភោគសោះឃ្លាន។
ព្រះពោធិសត្វឆ្លើយ ថាក្អែកអើយបើអ្នកមាន ប្រាថ្នាចិត្ដចង់បាន បរិភោគខ្មោចត្មាតនោះមិញ។
យើងព្រមឲ្យអ្នកឆី ជាចំណីមិញកុំម្នេញ ហើយអ្នកជួយនាំអញ ឲ្យដល់សត្ដកុដបុរី។
ក្អែស្ដាប់ហើយហើរភ្លាង ទៅទំខាងត្មាតបក្សី បំបាំងធ្វើជាឆី ស្រេចនាំគ្នាចរយាត្រា។
ចូលក្នុងព្រៃស្រោងស្រាង សឹងរអាងថ្មសិលា មានទឹកជ្រោះរងថ្លា ដោយមាគ៌ារៀងរៀបទៅ។
អ្នកឈប់ខាងគង្គា ហើយយាត្រាត្រាច់សំដៅ ចរចូលក្នុងព្រៃជ្រៅ យល់សុទ្ធសឹងសត្វបក្សា។
កៀងគូទាំងឈ្មោលញី ហើរកស៊ីភ័ស្ដុផលា បណ្ដើរបង្ហែគ្នា ទំដោយដើមព្រឹក្សាសោត។
ម៉ាក់ដោកប៉ោលតោកទំ ទំហើរយំហើរលេងលោត កង្កាញ់កេសកែវកោដ្ឋ សត្វកង្កោញកងកេងទំ។
ភ្នែកព្រាបៗព្រៃ ទៅរកទំនៅទ្រនំ សេកយាៗយំ ហើរទៅទំដើមត្រសេក។
ឳជ្រឹងជ្រឹងសំណាក់ ពួនពឹងពាក់ជាដំណេក ជើងចាបចាបព្រៃដេក ដើមក្រសាំងក្រសារនៅ។
ចេកទំៗទេស ដើមការកេសកង្កត់ខ្មៅ ទន្ទេងទន្ទាបទៅ ទំចឹកចាប់ភ័ស្ដុភោក្ដា។
ទៀនទឹកជើងទៀនទំ ទំហើយយំរកគូវា ពព្លាក់ទំពព្លា ដើមនាងនួននាងនួននៅ។
សសេះៗសោត ទំលេងលោតហើយហើរទៅ ចរចាតចាបចចៅ ដើមមហាហង្សហង្សនៅនិត្យ។
ឆ្នាស់មាន់មានទឹកទៅ ទាំងគូនៅទំមូលមិត្ដ ជើងគោស្ដេចគោលិត ទៅទំនៅនៅរុក្ខា។
ឳឡោកឳឡលោត ខ្ញៀវខ្ញារសោតរកភោក្ដា ស្មែស្មាច់ស្មោញរេរា ទំសំកុកសំកាំងស្លាប។
ដៃខ្លាសត្វទ្រមាក់- ខ្លាសំណាក់ក្រួញក្រុងក្រាប ស្ទាំងស្ទុះផ្លោះទន្ទាប ទន្ទាញទៅទំទន្លា។
ក្លែងគង់ខ្លែងស្រាកស្រែក ទំលើមែករកគូវា ដើមប្រពេចចង្វា សត្វប្រពេចទំលោតលេង។
អាអូតៗទំ ដើមទ្រនំអាអូតឯង កុកក្រកកុកគ្រោងគ្រែង ទំដើមទ្រាំងដើមគ្រើលគ្រង់។
បង្គៅបង្គាវដេក ជាដំណេកនៅចំចុង ទៀបទ្រៀវទាសទន្ទុង ទុងទោមទៀវទំសម្រាន្ដ។
ក្រក្រាយក្រូចក្រួចគ្រៀល ទំសសៀរសសិតប្រាណ ដើមមនដើមមៀនមាន សត្វមៀមមុំទំនិត្យនៅ។
ព្រវាកព្រវែកទំ ទាំងគូយំហើយហើរទៅ ចាបចៀបក្របាសនៅ ដើមក្របៅក្របាសព្រៃ។
ចង្អួរៗត្មាត ត្មាតទំព្រាតគយរំពៃ រួសរាក់រោគរាំងរៃ រៃកណ្ដឹងកណ្ដូបយំ។
រំចេកនៅរំចាក ចាកក្រពាកចាប់ទ្រនំ សិរមាន់មាន់ទោទំ ដើមថ្នាំចិនចិនលោនៅ។
ព្រះពង្សពោធិសត្វ ត្រាច់ដើរកាត់ក្នុងព្រៃជ្រៅ សព្វសត្វនែបនៅ នៅដោយកនដោយគូវា។
រឹងអួលរឹងអាឡោះ គិតស្រណោះដល់ជយា ថាឱអស់បក្សា បក្សីសឹងពុំព្រាត់ប្រាស់។
ទំទឹមទឹមទាំងគូ ម្ដេចឥឡូវតែប្អូនមាស ឃ្លាឃ្លាតទៅនិរាស បោះបង់បងបាត់ពុំយល់។
អ្នកគន់ៗគិតទៅ ព្រះប្អូនពៅថ្លើមនិម៌ល ជោរជ្រាបអស្សុជល ស្រក់សស្រាក់ដោយមាគ៌ា។
លុះសូរ្យសាយណ្ហេ(9) ទាបទៅឯបស្ចឹមា ថ្ងៃនោះអ្នកយាត្រា បានប្រាំពីរយោជន៍កំណត់។
ក្អែកនោះធ្វើជាមរណ៍ អង្គអន្ដរធានប្រាកដ នាកាលអស្ដង្គត ពន់ព្រលប់ព្រះសុរិយា។
ព្រះពោធិសត្វថ្លៃ យល់ក្អែកក្ស័យជីពជន្មា រឺងព្រួយព្រះទយា ឯងអនាថោថែថប់។
សង្វេគអនិច្ចា ព្រះភក្ដ្រាស្ងួតស្ងៀមស្ងប់ ភាវនាពីព្រលប់ ដល់យាមបីអ្នកនិទ្រា។

(1) របោះ = ព្រៃដែលដុះតែកូនឈើតូចៗ ហើយរហោៗ។ (2) វរជាយ = ប្រពន្ធដ៏ប្រសើរ។ (3) ព្រះពុទ្ធជាទីពឹងរបស់ខ្ញុំ។ (4). ជាមង្គលខ្ពង់ខ្ពស់បំផុត។ (5). ព្រះធម៌ជាទីពឹងរបស់ខ្ញុំ។ (6)ជា​ទី​ពឹង​ប្រស្រ័យ​ដ៏​ជា​មង្គល​។ (7). ជាស្រែបុណ្យដ៏ប្រសើរ។ (8). ទុក្ខ​ភ័យ​និង​រោគ​ទាំង​ពួង ចូរ​វិនាស​បាត់​ទៅ​។ (9) សាយណ្ហ= ថ្ងៃរសៀល។