៧. បទកាកគតិ
ថ្ងៃសៅរ៍ ទី1.សីហា 2020.ម៉ោង 19:10

កាលនោះព្រះបាទ ព្រហ្មទត្ដនរនាថ ទ្រង់ព្រះចិន្ដា
នឹងគោមភោជក មេស្រុកថប់ថា យើងគិតកលប្រា-
ការម្ដេចឥឡូវ។
ទើបមេសុក្រគិត កាចកាន់ទុច្ចរិត ទូលថាព្រះភូ-
រេន្ទ្រធិ(១)រាជ អំណាចឥតគូរ ខ្ញុំធានានូវ
គិតកិច្ចឧបាយ។
ចាប់យកភរិយា ភោគកុលកុមារ ឲ្យបានទាំងងាយ
កុំព្រួយព្រះទ័យ ក្សត្រថ្លៃពណ្ណរាយ ខ្ញុំនឹងគិតថ្វាយ
ឲ្យបាននាងមក។
សូមព្រះអាជ្ញា ត្រាស់ប្រើទៅថា ឲ្យភោគកុលរក
ដំរីបានមួយ ហើយឲ្យនាំយក ដំរីនោះមក
ជល់នឹងក្សត្រថ្លៃ។
បើរកពុំបាន តាមតែក្សត្រក្សាន្ដ នឹងធ្វើទោសពៃរ៍
ខុសនឹងបង្គាប់ ប្រញប្ដិ(២) ជៀស្ឋជ័យ(៣) បានដូចព្រះទ័យ
ប្រាថ្នាពុំឃ្លាត។  
ស្ដេចស្ដាប់ទំនូល ពាក្យមេស្រុកទូល ទើបក្សត្រនរនាថ
បន្ទូលត្រាស់ត្រង់ ប្រើអង្គអាមាត្យ ថាចៅខ្មីឃ្មាត
រត់ទៅម្នីម្នា។
ប្រាប់ចៅភោគកុល កុមារទុព៌ល ឲ្យរកគជា-
សារសោតនាំយក ឲ្យមកជល់គ្នា លេងលងចេស្ដា
កុំឲ្យផ្សូរផ្សង។
អាមាត្យនានាំ ព្រះរាជបណ្ដាំ យាត្រាត្រាច់ត្រង់
ដល់ពោធិសត្វ រូតរ័ត្នពុំលង់ ថ្លែងដូចព្រះទ្រង់
បង្គាប់សព្វគ្រប់។
ព្រះពង្សពុទ្ធា ស្ដាប់ពាក្យអមច្ចា(4)  ហើយអ្នកថែថប់
ព្រួយព្រះចិន្ដា ភក្ដ្រាស្ងួតស្ងប់ ជញ្ជឹងជញ្ជប់
ពុំចេញចរចា។
ទើបវរក្សត្រី ប្រាប់ព្រះស្វាមី គម្ដែងក្រឡា
ថាម្ចាស់កុំគិត ព្រួយចិត្ដចិន្ដា ខ្ញុំរកគជា(5)
ឲ្យបានជាម្ដង។
ទើបនាងទៅត្រង់ ទីដែលដាក់ថង់ អធិដ្ឋានផ្សង
គិតគុណឥន្ទ្រា ទេវាច្បាស់ច្បង សូមបានដូចប៉ង
ដូចចិត្ដប្រាថ្នា។
ទើបនាងលូកចុះ ទៅក្នុងថង់នោះ កូវកើតគជា-
សារសោតសសុទ្ធ ប្រាកដមហិមា បានដូចចិន្ដា
គិតពុំឃ្លៀងឃ្លាត។
រ័ត្នរាជទេវី នាងយកដំរី សារសីហនាទ(6)
នានាំមកដល់ មណ្ឌលឯងអាត្ម ទៀងទើបនាងនាថ
ឲ្យទៅស្វាមី
ថាអម្ចាស់យក៍ គជសារសល្អ នេះនាំទៅខ្មី
ជល់នឹងគជសារ ក្សត្រាធិបតី អម្ចាស់កុំបី
ធុញថប់បារម្ភ។
ភោគកុលកុមារ យល់ដំរីសារ សសុទ្ធស័ក្ដិសម
ត្រេកអរសោមនស្សា ចិន្ដាអរអំ- ណរណាស់រិះរំ-
ពេចត្រាច់យាត្រា
ដើរដល់ព្រលាន បង្គំក្សត្រក្សាន្ដ ទៀងទើបទូលថា
បពិត្រព្រះអង្គ ទ្រើសទ្រង់ចេស្ដា ខ្ញុំបានគជា
នាំមកជាញជល់។
កាលនោះព្រះមហាក្សត្រ ព្រះបាទព្រហ្មទត្ដ ស្ដេចទតទៅយល់
ដំរីសារស ល្អះល្អមង្គល ស័ក្ដិសមសួស្ដិ៍សល់
ពេកពន់ប្រមាណ។
ខ្លួនចៅភោគកុល- កុមារទុព៌ល ក្សីណខ្សត់ធនធាន
ម្នាក់ឯងឥតត្រើយ ម្ដេចឡើយមកបាន ដំរីពីឋាន
ណានាំមកថ្វាត់។
ទើបក្សត្រធិបតី ឲ្យយកដំរី ជ័យក្នុងរោងរ័ត្ន
ចង់គ្រឿងស្នាប់មុខ ស្រោមភ្លុកល្អក្ដាត់ សឹងមាសពិចិត្រ
រ័ត្នរាយរចនា។
ស្រេចនាំមកថ្កាន ដល់មុខព្រះលាន ទើបស្ដេចត្រាស់ថា
ហៃចៅភោគកុល យើងជល់គជា លេងលងភ្នាល់គ្នា
ចង់ដឹងតេជដៃ។
ក្សត្រក្សាន្ដត្រកាល ឲ្យលែងគជា ទំនាំងនិរភ័យ
ចរចូលទៅក្នុង រង្វង់ស្នាមជ័យ(7) មហាជនច្រើនក្រៃ
មើលមីត្រៀបត្រា។
កាលនោះដំរី ព្រះពង្សពោធី ជញ្ជួច(8)ក្លៀវក្លា
រោទ៍រត់ដេញដល់ ជាញជល់សោះសា កៀវកៀកពានពារ
ព្រេចព្រះទីនាំង។
គជេន្ទ្រក្សត្រា ញ័រអស់អង្គា ភិតភ័យភាន់ភាំង
ទ្រេតទ្រោតទ្រោមទ្រុឌ ស្លក់ស្លុតស្លាំងកាំង ដល់ដួលទៅទាំង
ជំហរស្លុតស្លាប់។
អស់មុខមន្ដ្រី ប្រជារាស្ដ្រក្ដី មកមើលខ្នាន់ខ្នាប់
យង់យល់ដំរី ព្រះទីនាំងស្លាប់ មន្ដ្រីអន់អាប់
ចិត្ដជាទុក្ខក្រៃ។
ឯអង្គមហាក្សត្រ ព្រះបាទព្រហ្មទត្ដ យល់គជេន្ទ្រជ័យ
ជល់ចាញ់ស្លុតស្លាប់ អន់អាប់ព្រះទ័យ ទុក្ខទោមនស្សក្រៃ
ពេកពន់ប្រមាណ។
កាលនោះព្រះពោ- ធីសត្វសេដ្ឋោ លុតលាក្សត្រក្សាន្ដ
នាំដំរីស ល្អះល្អថ្កើងថ្កាន វិលវឹងទៅឋាន
លំនៅអាត្មា។
ទើបព្រះព្រហ្មទត្ដ បើកបន្ទូលថ្វាត់ ដណ្ដឹងអាជ្ញា
ថាចៅភោគកុល ទុព៌លកំព្រា រកបានគជា-
សារសនិម៌ល។
ចំឡែកមហិមា បានពីឋានណា នាំមកជាញជល់
ឈ្នះដំរីជ័យ ក្សីណក្ស័យអញឆ្ងល់ អញគិតពុំយល់
ចៅដឹងឬទេ។
ទើបរាជអមច្ចា ដែលជាអាជ្ញា លុតលើកហត្ថេ
ប្រណម្យដាក់ដល់ មណ្ឌលសិរេ ទើបទូលថាឯ
កាលខ្ញុំយាត្រា។
ទៅប្រាប់ភោគកុល- កុមារខ្ញុំយល់ គាត់ប្រើភរិយា
ទៅរកដំរី អំពីចំការ បានមកពីណា
ខ្ញុំពុំដឹងឡើយ។
ស្ដេចស្ដាប់ទំនូល អាមាត្យក្រាបទូល ជ្រាបដូច្នោះហើយ
ស្ដាយគជេន្ទ្រជ័យ មមៃពុំស្បើយ ទើបស្ដេចត្រាណត្រើយ
ទ្រង់ព្រះចិន្ដា។
នឹងគាមភោជក ជាចៅមឿងស្រុក វឹងវិញទៀតថា
យើងរកកលគិត គំនិតម្ដេចម្ដា ឲ្យបានភរិយា
ភោគកុលនោះមក។
មេស្រុកទូលថា បពិត្រព្រះមហា- ក្សត្រថ្លៃពន្លក
កុំស្ដេចបារម្ភ អញខ្ញុំរិះរក ឧបាយកលយក
នាងថ្វាយបាន។
សូមព្រះចមចៅ ឲ្យដាំទឹកក្ដៅ ពុះពន់ប្រមាណ
បើចៅភោគកុល មកដល់រាជដ្ឋាន ត្រាស់ប្រើឲ្យបាន
លូកក្នុងទឹកក្ដៅ។
បើខ្លាចពុំហ៊ាន លូកឡើយយល់មាន ទោសទាស់ហេតុហៅ
ខុសនឹងបង្គាប់ ប្រញប្ដិចមចៅ សូមស្ដេចឲ្យទៅ
ចាប់យកភរិយា។
ស្ដេចស្ដាប់ស្រាក់ស្រួល ព្រើសព្រមទទួល ធ្វើតាមវាចា
ពាក្យគាមភោជក មេស្រុករិស្សា ហេតុស្ដេចប្រាថ្នា
ចង់បាននារី។
ទើបប្រើអាមាត្យ មួយរត់ខ្មីឃ្មាត ទៅហៅពោធី
អាមាត្យទៅដល់ មណ្ឌលឋានទី ទើបថ្លែងថាពី
មហាក្សត្រចមចៅ។
ស្ដេចទ្រង់បង្គាប់ ព្រះរាជប្រញប្ដិ ត្រាស់ឲ្យមកហៅ
ចៅឯងទៅឆាប់ ប្រញាប់ឥឡូវ លង់លូកទឹកក្ដៅ
កុំឲ្យផ្សូរផ្សង។
ឯរាជធីតា ឮពាក្យអមច្ចា នាងយាត្រាត្រង់
ទីឋានចំការ យកស្លាពីថង់ មកឲ្យព្រះអង្គ
ជាព្រះស្វាមី។
ទើបនាងផ្ដាំថា ចូលម្ចាស់យកស្លា នេះបៀមទៅខ្មី
ថាបើព្រះមហា- ក្សត្រាធិបតី ធ្វើម្ដេចៗក្ដី
ម្ចាស់កុំបារម្ភ។
ភោគកុលកុមារ ស្ដាប់ពាក្យជាយា(9) ផ្ដែផ្ដាំសុខុម
អ្នកបៀមស្លានោះ ចរចុះដល់លំ- នៅនៃរោងរម្យ
មហាក្សត្រចមចៅ។
ឯអង្គក្សត្រា យល់ហើយត្រាស់ថា អញប្រើឲ្យទៅ
ហៅចៅឯងមក ឲ្យលូកទឹកក្ដៅ ពុះពេញនិត្យនៅ 
ក្នុងខ្ទះនេះថ្វាត់។
បើលូកពុំបាន ចៅឯងនឹងមាន ទោសទុក្ខទៀតទាត់
អញឲ្យពិឃាត ជន្មជាតិចៅថ្វាត់ រិបយកសម្បត្ដិ
យកទាំងភរិយា។
ព្រះពោធិសត្វ ក្រួញក្រាបប្រណិប័តន៍ បង្គំទូលថា
បពិត្រព្រះអង្គ ទ្រើសទ្រង់ចេស្ដា ត្រាស់បង្គាប់ថា
ប្រើអង្គអញខ្ញុំ។
អោយលូកទឹកក្ដៅ ពុះពោរនិត្យនៅ ក្នុងខ្ទះធាធំ
ខ្ញុំនឹងលូកថ្វាត់ ថ្វាយក្សត្រឧត្ដម សូមព្រះអង្គអ-
ម្ចាស់ទតឲ្យជាក់។
ទើបអ្នកលូកទៅ ក្នុងខ្ទះទឹកក្ដៅ ពេញពុះគគ្រាក់
បទបានបៀមស្លា ប្រែជាត្រជាក់ ពុំក្ដៅដល់អ្នក
ចុះទាំងខ្លួនទៅ។
ងូតលេងក្នុងខ្ទះ ដុះក្អែលជំរះ អស់អង្គឥតសៅ
ឥតមានក្រហាយ សប្បាយនិតនៅ ក្នុងខ្ទះធំជ្រៅ
កណ្ដាលអគ្គី។
ព្រះបាទព្រហ្មទត្ដ យល់អស្ចារ្យក្ដាត់ ស្ញប់ស្ញែងបារមី
ទោះទាំងសេនា យោធាមន្ដ្រី សុទ្ធសឹងស្រដី
កោតក្រែងគ្រប់គ្នា។
ទើបព្រះពោធី លីលាឡើងពី ខ្ទះមកលុតលា
វិលវឹងទៅថ្កាន ទីឋានគ្រឹហា លំនៅអាត្មា
ដូចដែលប្រក្រតី។
ក្រោយនោះក្សត្រា ទ្រង់ព្រះចិន្ដា គិតនឹងមន្ដ្រី
គឺគាមភោជក មេស្រុកអប្រិយ ថាបើរកក្ដី
ឧបាយម្ដេចទៅ។
កើតគិតពីមុន រិះរកកលកុន អសារអាសៅ
ពុំបានភរិយា នៃវាមកកូវ បំរើគាល់ហ្វៅ
ដូចចិត្ដប្រាថ្នា។
ទើបមេស្រុកទូល បពិត្រឥសូរ ជាម្ចាស់សិរសា
ខ្ញុំគិតឧបាយ- កលថ្វាយក្សត្រា មួយទៀតយល់ជា
គប់គួរសុខុម។
សូមស្ដេចត្រាស់ប្រើ អស់ជាងផងធ្វើ ជាភេរីធំ(10)
ដាក់មនុស្សចូលទៅ ពួននៅសំងំ យកស្បែកពាសអំ-
ពីក្រៅឲ្យជិត។
ឲ្យសែងទៅដល់ ជូនចៅភោគកុល ដាក់ដល់ឋានឋិត
ចាំស្ដាប់ពាក្យពេចន៍ កលកិច្ចគំនិត និយាយរិះគិត
ម្ដេចនឹងភរិយា​។
ព្រឹកឡើងយើងយក ភេរីនោះមក វះយកមនុស្សា
បើឮពាក្យពេចន៍ ម្ដេចៗចរចា យើងដឹងពាក្យវា
សឹងងាយរកកល។
មហាក្សត្រស្ដេចស្ដាប់ ឧបាយកលគាប់ សោមនស្សាសល់
ទើបស្ដេចត្រាស់ប្រើ ជាងធ្វើរចល់ ប្រញាប់ខ្វាយខ្វល់
រួចស្រេចពុំលង់។
ស្ដេចឲ្យអមច្ចា ជំនិតក្សត្រា ចូលទៅនៅក្នុង
ភេរីហើយពាស ស្បែកដាសពុំផ្សង ទៀងទើបព្រះអង្គ
ត្រាស់ប្រើអច្ចា។
សែងភេរីទៅ ដួចដល់លំនៅ ភោគកុលកុមារ
ស្ដេចទ្រង់បណ្ដា កិច្ចកម្មវាចា អាមាត្យលុតលា
ចុះចាករោងរ័ត្ន។
ហៅគ្នាសែងស្គរ យាត្រាចេញចរ ដល់ពោធីសត្វ
ឡើងលើគ្រឹហា ថ្លែងថាមហាក្សត្រ ព្រះបាទព្រហ្មទត្ដ
ឥសូរសិរសា។
ត្រាស់ប្រើយើងយក ភេរីជ័យមក ដាក់ក្នុងគ្រឹហា
ខាងដំណេកចៅ និត្យនៅភរិយា ឲ្យកើតសុខា
មង្គលសួស្ដី។
បើអ្នកចង់មាន ប្រាថ្នាចង់បាន បុត្រាបុត្រី
ប្រាថ្នាយសសក្ដិ ខ្ញុំប្រុសខ្ញុំស្រី សឹងបានដូចក្ដី
ប្រាថ្នាពុំខាន។
ដ្បិតភេរីជ័យ ជាមង្គលក្រៃ សម្រាប់ក្សត្រក្សាន្ដ
ទ្រង់ព្រះមេត្ដា ករុណាប្រោសប្រាណ ចង់ឲ្យចៅមាន
បុត្រាបុត្រី។
អាមាត្យចងចាំ ថ្លែងព្រះបណ្ដាំ ព្រះបាទចក្រី
ស្រេចទើបសែងស្គរ នោះចរចូលខ្មី ដាក់នៅខាងទី
ដំណេកនិទ្រា។
អាមាត្យទាំងនោះ លុតលាចាកចុះ ចេញចរលីលា
វិលវឹងទៅដល់ មណ្ឌលក្សត្រា ទើបទូលដោយនា
ដំណើរសព្វគ្រប់។
ឯព្រះពោធី នូវនាងនារី លុះល្ងាចព្រលប់
បរិភោគភោជន៍ព័ស្ដុ អាហារស្កប់ស្កល់ លង់យូរយប់
ចរចូលនិទ្រា។
ហេតុកម្មមកផ្ដល់ នោះនាងនិម៌ល និងពង្សពុទ្ធា
ឲ្យជាប្រហែស ទ្វេធ្វេសចិន្ដា ពុំពិចារណា
ពិនិត្យពីស្គរ។
អ្នកនឹងនាងនាថ ពុំដែលព្រាត់ឃ្លាត ក្សេមក្សាន្ដសាទរ
ត្រេកអររួមរ័ក្ស ស្មោះស្ម័គ្រស្មោះសរ ក្សត្រីបវរ
សំណេះចរចា។
ថាខ្ញុំជំរាប ឲ្យអម្ចាស់ជ្រាប ដ្បិតព្រះឥន្ទ្រា
ស្ដេចដាក់ត្រណម បន្ដមផ្ដាំថា កុំឲ្យភោក្ដា
ស៊ុតសត្វទាំឡាយ។
ស៊ុតមាន់ស៊ុតទា បើម្ចាស់ភោក្ដា កើតក្ដៅក្រហាយ
អស់អង្គអញខ្ញុំ ពិតពុំសប្បាយ នឹងទប់ទល់កាយ
និត្យនៅពុំបាន។
ខ្ញុំរត់វិលទៅ នគរលំនៅ បិតាក្សត្រក្សាន្ដ
នូវព្រះមាតា ថ្លៃថ្លាប្រធាន ប្រាកដពុំខាន
ដូចពាក្យខ្ញុំថា។
បើម្ចាស់ចេះតម រក្សាត្រណម ពិតពុំភោក្ដា
អស់ទាំងស៊ុតសត្វ ទៀងទាត់សត្យា(11) បាននៅផងគ្នា
លុះអស់ជីវី។
ឯអង្គអមច្ចា ដែលពួននៅនា ក្នុងស្គរភេរី
សឹងមកចាំស្ដាប់ នាងប្រាប់ស្វាមី បានស្ដាប់សំដី
សំដែងជាក់ច្បាស់។
លុះអរុណោទ័យ សុរ្យាថ្លាថ្លៃ រឿងរះរហ័ស
ពីទិសបូព៌ា ស្ដេចមានតម្រាស់ ព្រះបន្ទូលត្រាស់
ប្រើអង្គអមច្ចា។
ទៅសែងភេរី ជ័យចេញអំពី ផ្ទះពង្សពុទ្ធា
យកមកដាក់ដល់ មណ្ឌលក្សត្រា វះយកអមច្ចា
ចេញចាកភេរី។
ស្ដេចដណ្ដឹងថា អាមាត្យអើយអា បានឮពាក្យពី
ភោគកុលកុមារ ចរចាថាអ្វី នាងតើស្រដី
និយាយថាម្ដេច។
អាមាត្យឱនអង្គ លុតលើកករផ្ចង់ ប្រណមទូលស្ដេច
តាមដោយបានដឹង ដំណឹងពាក្យពេចន៍ ត្រណមការកិច្ច
នាងប្រាប់ស្វាមី។
ស្ដេចស្ដាប់ទំនូល អាមាត្យក្រាបទូល ជ្រាបអស់សេចក្ដី
ទ្រង់ព្រះចិន្ដា គិតថាអំពី មុនមកក្រក្រី
គិតឧបាយកល។
ច្រើនដងច្រើនគ្រា យកប្រពន្ធវា ពុំបានសោតសល់
វាមានតេជៈ តបៈឥទ្ធិពល ចេះកិច្ចការកល
សិស្បសាស្ដ្រឆាប់ឆុត។
ច្នេះគួរគិតឆ្លៀត ធ្វើកលវឹងទៀត ឲ្យបាននាងរត់
ទៅនគរនាយ ឲ្យឆ្ងាយប្រាកដ ឲ្យប្ដីកំសត់
នៅតែម្នាក់ឯង។
ហៃស្ដេចអន្ធពាល(12) គំនិតស្រើបស្រាល ស្មារតីវង្វេង
ពុំមានកម្មពៀរ ពុំនៀរអង្គឯង ពុំគិតពុំក្រែង
ភ័យចតុរាបាយ។
ទើបស្ដេចប្រញប្ដិ ទ្រង់ត្រាស់បង្គាប់ ទៅអស់ចៅហ្វាយ
ឃ្លាំងភោជន៍សាលី ពិសេសទាំងឡាយ ឲ្យរៀបស្រាបាយ
ភ័ស្ដុភោជនា។
អាហារចំអាប បង្អែមដរាប សឹងស៊ុតមាន់ទា
ប្រឡាក់លាយឡំ ច្រឡំផងគ្នា ខួរខញាំភ្លា
លាយនឹងស៊ុតសត្វ។
រៀបរួចស្រេចហើយ ពិតពុំលង់ឡើយ ទើបព្រះមហាក្សត្រ
ត្រាស់ប្រើអមច្ចា យាត្រាទៅថ្វាត់ ហៅពោធិសត្វ
ថាអស់មន្ដ្រី។
ឲ្យមកជួបជុំ លើរាជរោងរម្យ បរិភោគចំណី
អាមាត្យលុតលា ក្សត្រាធិបតី ទៅហៅសេនីយ៍
សេនាចតុរង្គ។
ហើយហួសឆ្ពោះទៅ ទាល់ទីលំនៅ មណ្ឌលព្រះពង្ស
ពន្លកសាស្ដា ថ្លែងថាព្រះអង្គ មហាក្សត្រទ្រើសទ្រង់
តម្រាស់ឲ្យហៅ។
ទើបអ្នកម្នីម្នា ដើរតាមអាជ្ញា ត្រាច់ត្រង់សំដៅ
ឡើងដល់លើឋាន ពិមានលំនៅ រោងរម្យឥតសៅ
ក្រួញក្រាបវន្ទា។
ជួបជុំមន្ដ្រី សេនាបតី រាជវង្សពង្សា
គង់គាល់ដេរដាស ពេញពាសក្រឡា គំនាល់រាជា
រៀបរៀងរាល់រាយ។
ស្ដេចទតទៅយល់ ពោធិសត្វដល់ អង្គុយពីឆ្ងាយ
ទើបស្ដេចត្រាស់ប្រើ ទៅលើចៅហ្វាយ ឃ្លាំងឲ្យលើកបាយ
លើកអស់ចំណី។
ភោជនាហារ ផ្សេងៗត្រអាល លៀងអស់មន្ដ្រី
យោធាពលពង្ស ចតុរង្គសេនីយ៍ ហើយហៅពោធី-
សត្វសួស្ដិ៍សោភា។
ហៃចៅភោគកុល- កុមារនិម៌ល ចរចូលភោក្ដា
ភោជនាហារ ត្រកាលពិសា ជាមួយនឹងអា
មាត្យមុខមន្ដ្រី។
ពោធិសត្វស្ដាប់ ស្ដេចត្រាស់បង្គាប់ ឲ្យអ្នកចូលឆី
អ្នកដឹងជាមហា- ក្សត្រាធិបតី ធ្វើកលចំណី
លាយនឹងស៊ុតសត្វ​។
អ្នកគិតថប់ថា បើពុំភោក្ដា សមព្រះមហាក្សត្រ
ស្ដេចទ្រង់ព្រះក្រោធ ពិរោធខ្វាល់ក្ដាត់ ធ្វើទោសទាល់ទាត់
ដល់ក្ស័យជន្មា។
ទើបពោធិសត្វ មហាបុរសរ័ត្ន អ្នកចូលភោក្ដា
ចំណីអាហារ ភ័ស្ដុភោជន៍ឧជា ព្រួយព្រះទយា
គិតដល់មហេសី។
ក្រែងនាងកល្យាណ នៅនឹងពុំបាន ពុំសុខឥន្ទ្រីយ
ក្រហាយក្រហល់ រត់ដល់ទៅទី នគរជនី
ជនកធីតា។

(១) ភូធេរេន្ទ្រ <ភូធរ+ឥន្ទ្រ= អ្នកទ្រទ្រង់កំពូលផែនដី។ (២) ប្រញប្ដិ= បញ្ញត្ដិ សេចក្ដីបង្គាប់។ (៣) ជៀស្ឋជ័យ = ឈ្នះជាច្បងគេ ស្ដេច។ (៤) អ្នកបំរើស្ដេច។ (៥) គជា = ដំរី។ (៦) សីហនាទ = ដំណើរដូចរាជសីហ៍។ (៧) ស្នាមជ័យ= ទីវាលប្រយុទ្ធ។ (៨) ជញ្ជួច = ស្រែកខ្លាំងដោយប្រមោយចុកមាត់ (សម្រែកដំរី)។ (៩) ជាយា = ប្រពន្ធ។ (១០) ភេរី=ស្គរ។ (១១) សត្យា ឬ សត្យ ឬ សច្ច=ទៀងត្រង់។ (១២) អន្ធពាល កាចងុបងុល។