ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
****************************************
៦. បទពំនោល ថ្ងៃសៅរ៍ ទី25.កក្កដា 2020.ម៉ោង 19:10 | ||
កាលនោះអស់មហាជនផង | ដែលស្គាល់ស្នេហ៍ស្នង | នឹងចៅភោគកុលកុមារ។ |
ដើរទៅរកលេងត្រអាល | យល់នាងត្រកាល | ស្រីសុខុមាលន្ទា។ |
ទ្រង់ឆើតឆាយសោភា | ដូចព្រះចន្ទ្រា | ទិវាពារពេញបូណ៌មី។ |
នឹងគិតនឹងគន់រកស្រី | និត្យនៅផែនដី | ផ្ទាល់ផ្ទឹមប្រៀបត្រឹមមិនមាន។ |
ប្រកបបញ្ចពិធកល្យា- | ណី(1)នៅរួមឋាន | នឹងចៅភោគកុលកុមារ។ |
ជាគូនៅស្នេហ៍ស្នាល | សេពសុខសង្សារ | នឹងមហាបុរសរូរ័ត្ន។ |
មហាជនសរសើរគ្រប់មាត់ | ពាក្យនោះពុំស្ងាត់ | ដឹងដល់ទៅគាមភោជក(2)។ |
ជាចៅមឿង(3)នៅក្នុងស្រុក | ទៅមើលនាងសុ- | ខុមាលន្ទាទេវី។ |
យល់ល្អលើសលែងនារី | ប្រដូចកលស្រី | ទិព្វទេពអប្សរសួគ៌ា។ |
ចាប់ចិត្ដគន់គិតថែថា | បើអញយកជា | ភរិយាពុំសមសេចក្ដី។ |
គួរជាព្រះអគ្គមហេសី | ក្សត្រាធិបតី- | ធិរាជឥសូរសិរសា។ |
ទើបគាមជកយាត្រា | វិលទៅគ្រឹហា | តំបន់លំនៅឋានឋិត។ |
ហឫទ័យមៃៗគន់គិត | កាចកាន់ទុច្ចរិត | អធម្មកាម(4)ឫស្សា។ |
ស្រេចឡើងទៅគាល់ក្សត្រា | ក្រួញក្រាបទូលថា | បពិត្រអម្ចាស់សិរសី។ |
ដ្បិតខ្ញុំបានយល់រូបស្រី | មួយមិញមានប្ដី | កំសត់ទុគ៌តកំព្រា។ |
នាងនោះមានឆោមឆាយា | ដូចស្រីសួគ៌ា | ត្រចះដូចចន្ទបូណ៌មី។ |
កបបញ្ចពិធកល្យាណី | ល្អលើសលែងស្រី | នៅក្នុងជម្ពូទ្វីបា។ |
គួរតែអម្ចាស់ថ្លៃថ្លា | យកនាងមកជា | ដំកល់ជាព្រះមហេសី។ |
ព្រះបាទព្រហ្មទត្ដចក្រី | ស្ដេចស្ដាប់សំដី | ពាក្យគាមភោជកក្រាបទូល។ |
ថ្លែងពីក្សត្រីត្រកូល | ទើបក្សត្រឥសូរ | មានព្រះបន្ទូលទៅខ្មី។ |
ហៃគាមភោជកមន្ដ្រី | ពាក្យចៅស្រដី | គិតនឹងយកភរិយាគេ។ |
ប្ដីនោះមិនមានទោសទេ | ពាក្យចៅស្រាលស្រែ | ពុំគាប់ពុំគួរនឹងច្បាប់។ |
រីគាមភោជកស្ដែងស្ដាប់ | ស្ដេចថាពុំគាប់ | ពុំគួរនឹងព្រះហឫទ័យ។ |
ខំឆ្លៀតទូលទៀតវិលវ័យ | បពិត្រក្សត្រថ្លៃ | ទ្រើសទ្រង់ព្រះគុណពណ្ណរាយ។ |
ខ្ញុំនឹងរិះរកឧបាយ | កលកិច្ចគិតថ្វាយ | ឲ្យបាននាងរាជធីតា។ |
សូមស្ដេចប្រើព្រះរាជអាជ្ញា | ត្រាស់ដណ្ដឹងថា | បង្គាប់ទៅចៅភោគកុលកុមារ។ |
ឲ្យរកមាន់មកជាញជល់ | លេងលងពាលពល(5) | ចង់ដឹងកំលាំងទីទៃ។ |
បើមាន់នោះបរាជ័យ | ចាញ់មាន់ក្សត្រថ្លៃ | សូមស្ដេចប្រើអាជ្ញា(6)។ |
ឲ្យទៅយកនាងភរិយា | មកដំកល់ជា | ព្រះអគ្គមហេសីក្សត្រថ្លៃ។ |
ស្ដេចស្ដាប់សាស័ព្ទសូមៃ(7) | ព្រមព្រះហឫទ័យ | ត្រេកទ្រង់ព្រះសោមនស្សា។ |
តាមពាក្យគាមភោជកថា | ត្រាស់ប្រើអាជ្ញា | ទៅហៅភោគកុលកុមារ។ |
ថាថ្លែងព្រះរាជឱង្ការ | សម្ដេចក្សត្រា | ដ៏ជាឥសូរសិរសា។ |
ទ្រង់ព្រះបង្គាប់មកថា | ឲ្យទៅម្នីម្នា | រកមាន់បានមួយយកទៅ។ |
ជល់នឹងមាន់ក្សត្រចមចៅ | កុំផ្សងផ្សូរនៅ | ឲ្យទៅឥឡូវឆាប់ៗ។ |
ព្រះពោធិសត្វស្ដែងស្ដាប់ | អាជ្ញាប្រាយប្រាប់ | អ្នកព្រួយហឫទ័យមហិមា។ |
ប្រែប្រាប់ទៅថ្កានភរិយា | ហៃប្អូនពុំងា | សំឡូតសំឡាញ់ស្នេហ៍ស្និទ្ធ។ |
នេះសមមេស្រុកកាចក្ដាត់ | មកយល់ប្អូនរ័ត្ន | ទ្រង់ឆោមប្រសើរស្រស់ស្រី។ |
ទើបទៅទូលក្សត្រធិបតី | រិះរកកលក្ដី | ឧបាយនឹងយកប្អូនភ្ងា។ |
ឯនាងសុខុមាលន្ទា | ស្ដាប់ហើយឆ្លើយថា | បពិត្រអ្នកជាស្វាមី។ |
ទុកងារនេះលើប្អូនស្រី | រកមាន់កុំបី | អម្ចាស់ព្រួយព្រះចិន្ដា។ |
ទើបនាងទៅខាងចំការ | ដែលទីឥន្ទ្រា | ស្ដេចដាក់ថង់ស្បែកនៅនិត្យ។ |
នាងថ្វាយបង្គំតាំងចិត្ដ | អធិដ្ឋានគិត | ដល់គុណព្រះឥន្ទ្រាទ្រង់។ |
ស្រេចនាងចូលទៅក្នុងថង់ | ស្បែកទិព្វបញ្ចង់ | ក៏បានមាន់ចែឈ្មោលមាន។ |
កំលាំងខ្លាំងក្រៃហាវហាន(8) | នាងនាំមកថ្កាន | ឲ្យព្រះស្វាមីចមចៅ។ |
ថាអ្នកយកមាន់នេះទៅ | ជាញជល់ភ្នាល់នៅ | នឹងមាន់ក្សត្រាធិបតី។ |
កាលនោះព្រះពង្សពោធី | សោមនស្សបេតី | អ្នកបីមាន់ចែទៅថ្វាត់។ |
ឡើងលើព្រះរាជរោងរដ្ឋ | ក្រួញក្រាបប្រណិប័តន៍ | បង្គំប្រណម្យនិត្យនៅ។ |
ទើបមហាក្សត្រាចមចៅ | ព្រះអង្គទតទៅ | យល់ចៅភោគកុលកុមារ។ |
បីមាន់ចែចូលត្រកាល | ស្ដេចមានឱង្ការ | បង្គាប់ទៅមេស្រុកថា។ |
ឲ្យចៅភោគកុលកុមារ | ទៅអង្គុយនា- | ឋានទីដែលនឹងជល់មាន់។ |
អ្នកប្រើអាមាត្យខ្មីខ្មាន់ | ឲ្យទៅយកមាន់ | ព្រះរាជទ្រព្យមកថ្វាត់។ |
មាន់នោះមានរូបធំធាត់ | មានកំលាំងក្ដាត់ | ក្រៃលែងនឹងមាន់នានា។ |
ទើបស្ដេចបន្ទូលត្រាស់ថា | ហៃចៅកុមារ | យើងនឹងជល់មាន់លេងលង។ |
ភ្នាល់គ្នាកាលគ្រានោះម្ដង | មុខមន្ដ្រីផង | អង្គុយមីមើលពាសពេញ។ |
ថាបើមាន់ចៅជល់ចាញ់ | បរាជ័យមាន់អញ | អញឲ្យទៅយកភរិយា។ |
នៃចៅមកទុកធ្វើជា | ខ្ញុំក្នុងគ្រឹហា | បំរើអង្គអញប្រក្រតី។ |
ទើបស្ដេចឲ្យលែងមាន់ខ្មី | ចូលទៅក្នុងទី | ឋានស្នាមដែលនឹងជាញជល់។ |
កាលនោះមាន់ចៅភោគកុល | រមិលមើលយល់ | នូវមាន់មហាក្សត្រច្បាស់ច្បង។ |
ទទះស្លាបនោះបីដង | រងាវរំពង | រំពៃរំពឹងចង់ជល់។ |
ហើរហាទទាទៅដល់ | វិលវៃកិច្ចកល | ចាំចឹកនៃមាន់ក្សត្រា។ |
ខ្វាក់ភ្នែកទាំងសងសោះសា | ងងឹតអន្ធការ | ចាលចាញ់រួចរត់ចេញថ្វាត់។ |
អស់មហាជនជុំច្រើនក្ដាត់ | សេនាបរិស័ទ | យល់ជាអស្ចារ្យគួរស្ញែង។ |
សឹងគន់សឹងគិតកោតក្រែង | ខ្សឹបខ្សៀវគ្នាឯង | ថាអ្នកនេះមានសិល្បសាស្ដ្រ។ |
ឯមហាក្សត្រាស្ដេចខ្មាស | ប្រជានុរាស្ដ្រ | ពុំចេញព្រះសូរសាសង។ |
ភោគកុលដឹងដើមទង | លាក្សត្រច្បាស់ច្បង | វិលទៅលំនៅអាត្មា។ |
(១) លំអស្ដ្រីមាន ៥ប្រការគឺ កេសកល្យាណ ល្អសក់១ មំសកល្បាណ ល្អសាច់១ អដ្ឋិកល្យាណ ល្អឆ្អឹងគឺធ្មេញ១ ឆវិកល្យាណ ល្អសម្បុរស្បែក១ វយកល្យាណ ល្អវ័យ១។ (២) មេស្រុកចៅហ្វាយស្រុក។ (៣) មឿង ពាក្យសៀម =ទីក្រុង។ (៤) ប្រាថ្នាមិនត្រូវធម៌ ចង់បានខុសច្បាប់។ (៥) លងពាសពល= លាកល្បងកំលាំង។ (៦) អ្នកទទួលបង្គប់ អ្នកបំរើ។ (៧) សូមៃ= ពាក្យសំដី។ (៨). ហាវហាន= កាចគួរស្ញប់ស្ញែង។