ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
****************************************
៣.បទកាកគតិ ថ្ងៃអាទិត្យ ទី5.កក្កដា 2020.ម៉ោង 11:42 | ||
រីចៅភោគកុល- | កុមារនិម៌ល | និត្យនៅគ្រឹហា |
កណ្ដោចកណ្ដែង | ម្នាក់ឯងកំព្រា | ឥតញាតិកា |
គ្រាន់ពឹងអាស្រ័យ។ | ||
ច្នេះគួរអញរក | សត្វឆ្កែមួយមក | ចិញ្ចឹមសព្វថ្ងៃ |
នឹងធ្វើចំការ | នៅនាក្នុងព្រៃ | គ្រាន់នឹងប្រាស្រ័យ |
កំដរអាត្មា។ | ||
គិតដូច្នោះស្រេច | ពន្លកសារពេជ្ញ(1) | ពូជពង្សសាស្ដា |
ចុះចាកមណ្ឌល | ដើរដល់គ្រឹះហា | ដូនចាស់មួយជា |
មេម៉ាយឥតប្ដី។ | ||
គាត់ចិញ្ចឹមឆ្កែ | ញីមួយជាមេ | មានកូនបានបី |
មួយលឿងមួយច្រាល | ពពាលពិសី | មួយដូចសំឡី |
សសុទ្ធសោភា។ | ||
ឯចៅភោគកុល- | កុមារមើលយល់ | កូនសុនខា |
អ្នកឡើងទៅថ្កាន | ដល់ឋានគ្រឹហា | សំពះពោលថា |
បពិត្រលោកយាយ។ | ||
ខ្លួនខ្ញុំនេះជា | អ្នកខ្សត់កំព្រា | ឥតឪពុកម្ដាយ |
ឥតញាតិផៅផង | រៀមច្បងទាំងឡាយ | តាមតែអ្នកយាយ |
អាសូរករុណា។ | ||
ខ្ញុំមកនេះមិញ | ប្រាថ្នាសូមទិញ | កូនសុនខា |
បានមួយយកទៅ | ទុកនៅជាគ្នា | គ្រាន់ធ្វើចំការ |
ចិញ្ចឹមជីវិត។ | ||
ដូនចាស់ស្ដែងស្ដាប់ | អស់អាថ៌សាស័ព្ទ | នៃពង្សពោធី |
មានចិត្ដអាណិត | មេត្ដាប្រណី | ទើបគាត់ស្រដី |
ឆ្លាស់ឆ្លើយទៅថា។ | ||
ហៃកូនកល្យាណ | អ្នកនឹងចង់បាន | កូនសុនខា |
ម្ដាយសោតព្រមឲ្យ | តាមដោយចិន្ដា | ម្ដាយពុំប្រាថ្នា |
យកថ្លៃពីអ្នក។ | ||
ភ័ព្វម្ដាយបានជួន | បានជួបនឹងស្ងួន | ថ្លើមថ្លៃវរលក្ខណ៍ |
ល្អល្អះឆោមឆាយ | ចិត្ដម្ដាយស្មោះស្ម័គ្រ | ម្ដាយសូមយកអ្នក |
ជាកូនធម៌ថ្លៃ។ | ||
ដូនចាស់ត្រអាល | រួចរៀបអាហារ | ភោជន៍ភ័ស្ដុប្រពៃ |
ឲ្យព្រះពោធី- | សត្វវិសេសថ្លៃ | សោយស្កប់ស្កល់ក្រៃ |
ទើបផ្ដែផ្ដាំថា។ | ||
អ្នកមាសថ្លៃម្ដាយ | ទោះក្រទោះងាយ | សុខទុក្ខម្ដេចម្ដា |
អ្នកកុំបោះបង់ | ម្ដាយលង់យូរយារ | មកប្រាប់មាតា |
ឲ្យដឹងសេចក្ដី។ | ||
ទើបពោធិសត្វ | លើកករប្រណិប័តន៍ | លាធម៌ជននី(2) |
យកកូនឆ្កែស | ល្អះល្អសោភី | នាំទៅដល់ទី |
លំនៅអាត្មា។ | ||
អ្នកឲ្យបាយទឹក | បរិភោគយប់ព្រឹក | ចិញ្ចឹមរក្សា |
សុនខាធី | សសមរូបា | ដើរតាមកុមារ |
សព្វថ្ងៃប្រក្រតី។ | ||
លុះរដូវខែ | ធ្វើចំការស្រែ | ទើបព្រះពោធី |
យកឆ្អឹងសិរសា | បិតាចេញពី | មណ្ឌលទៅទី |
ព្រៃព្រឹកស្មសាន។ | ||
ចងបង្អូសទៅ | ដោយដងព្រៃជ្រៅ | ពីរបីថ្ងៃបាន |
ពុំជាប់និត្យនៅ | អូសទៅលើឋាន | ទួលតូចមួយមាន |
ឈើផងច្រើនច្រុះ។ | ||
ទួលនេះប្រមាណ | ទំហំធំបាន | ប្រាំសិនស្មើស្មោះ |
បង្អូសទាញទៅ | ជាប់នៅឋាននោះ | ដូចគេកាន់កោះ |
ជំពាក់និត្យនៅ។ | ||
អ្នកក្រាបសំពះ | ឆ្អឹងសិរសាព្រះ- | បិតាចមចៅ |
ទើបអ្នកយកឆ្អឹង | វិលវឹងឆ្ពោះទៅ | ដំកល់ទុកនៅ |
មណ្ឌលគ្រឹហា។ | ||
លុះព្រឹកព្រាងព្រះ | សូរ្យសែងរឿងរះ | ពីទិសបូព៌ា |
អ្នកដណ្ដាំបាយ | វេចស្ពាយម្នីម្នា | ហៅសុនខា |
ចរចូលក្នុងព្រៃ។ | ||
ដល់ដែនជំពាក់ | ឆ្អឹងបិតាអ្នក | គិតកាប់ព្រឹក្សព្រៃ |
ធ្វើជាចម្ការ | សុរិយាល្ងាចថ្ងៃ | ទើបអ្នកវិលវៃ |
មកឋានគ្រឹហា។ | ||
កាលក្នុងរាត្រី | នោះហេតុបារមី | ពោធិសាស្ដា |
កក្រើកទៅដល់ | មណ្ឌលអាសនា(3) | សម្ដេចឥន្ទ្រា- |
ធិរាជនិម៌ល(4)។ | ||
ព្រើសប្រែព្រះភ័ក្ដ្រ | បែរបើកទិព្វចក្ខុ | ទៀងទតយង់យល់ |
ពន្លកពោធិ- | សត្វពិបាកណាស់ | ម្នាក់ឯងទុព៌ល(5) |
គិតកាប់ចម្ការ។ | ||
ទើបព្រះកោសិយ | ចុះចាកទែនទី | សួគ៌ត្រៃត្រឹង្សា |
នាំអស់បរិពារ | ក្រកាលលីលា | ហោះចុះមកនា |
ពារាណសី។ | ||
ស្ដេចដល់ចម្ការ | បណ្ដាលចេស្ដា- | នុភាពបារមី |
ឲ្យឈើតូចធំ | រលំដល់ដី | ហើយប្រាប់(6)ជាទី |
ទួលឋានចម្ការ។ | ||
ទើបធ្វើកំណត់ | សរសេរការកត់ | អក្សរទុកថា |
យើងជាព្រះឥន្ទ្រ | ទេវិន្ទ(7)ថ្លៃថ្លា | ជួយធ្វើចម្ការ |
ភោគកុលកុមារ។ | ||
ស្រេចព្រះឥន្ទ្រា | នាំអស់ទេវតា | ទេវបុត្របរិពារ |
វិលវឹងឆ្ពោះទៅ | លំនៅភពភារ | នៃសួគ៌ាកាល- |
នោះនៃពុំលង់។ | ||
លុះអរុណោ- | ទ័យ(8)ទើបសុរិយា | រឿងរះត្រចង់ |
ព្រះពោធិសត្វ | រូតរ័ត្នពុំផ្សង | ប្រដាប់ព្រះអង្គ |
ហៅសុនខា។ | ||
អ្នកចរចេញទៅ | ដល់ទីលំនៅ | ព្រៃព្រឹក្សចម្ការ |
យល់ឈើតូចធំ | រលំលើគ្នា | បាក់បែកល្អិតជា |
គេកាប់ខ្ចាត់ខ្ចាយ។ | ||
គន់គិតថែថា | អស្ចារ្យមហិមា | ពេកពន់អម្បាយ(9) |
ខ្យល់ម្ដេចខ្លាំងប្លែក | បោកបែករាត់រាយ | ព្រៃព្រឹក្សាសា |
រលំបែកបាក់។ | ||
អ្នកចរត្រអាល | ទៅដល់កណ្ដាល | ចម្ការជៀងជាក់ |
យល់អង្គអក្សរ | បវរអក្ខរៈ | សរសេរដោតដាក់ |
ជាចារឹកថា។ | ||
គឺអង្គសក្កោ(10) | ទេវោសេដ្ឋោ(11) | បណ្ដាលព្រឹក្សា |
ឲ្យបាក់បែកបង់ | នាក្នុងចម្ការ | ជៀងជួយចៅមហា- |
បុរសនិម៌ល។ | ||
អ្នកមានអំណរ | សោមនស្សសាទរ | ឥតឯផ្ទឹមដល់ |
ទើបវិលវឹងថ្កាន | ទីឋានមណ្ឌល | អង្គឥតអំពល់ |
ខ្វល់ពីចម្ការ។ | ||
លង់លុះយូរថ្ងៃ | ទៅទើបព្រឹក្សព្រៃ | ក្រៀមស្ងួតសោះសា |
អ្នកយកភ្លើងទៅ | ដុតនៅចម្ការ | ឆាបឆេះល្អិតជា |
ពពុះផែះផង់។ | ||
ទើបយកពូជស្រូវ | ល្ងសណ្ដែកទៅ | ដាក់ដាំនាក្នុង |
ចម្ការស្រេចស្រាប់ | គិតកាប់ឈើសង់ | ជាខ្ទមមួយត្រង់ |
កណ្ដាលចម្ការ។ | ||
ស្រេចទើបអ្នកយក | ឆ្នាំងបាយអ្នករក | ត្រីសាច់ម្លូស្លា |
អំពីផ្ទះទៅ | និត្យនៅរក្សា | ខ្ទមចាំចម្ការ |
កណ្ដាលព្រៃស្ងាត់។ | ||
អ្នកធ្វើរបង | របាចងឃ្នង | ប្រយោជន៍ប្រយ័ត្ន |
ការក្រែងប្រើសទ្រាយ | ទន្សាយសព្វសត្វ | ចូលចម្ការកាត់ |
ដំណាំភោក្ដា។ | ||
ឯអស់ដំណាំ | នូវស្រូវដល់ដាំ | ដុះល្អមហិមា |
បែកគុម្ពលូតលាស់ | រហ័សផ្លែផ្កា | ព្រោះដ្បិតបិតា |
ផ្ដាំទុកប្រធាន(12) | ||
មានមួយរាត្រី | ពារពេញបូណ៌មី | អ្នកអធិដ្ឋាន(13) |
ឧបោសថ៍សីលសុទ្ធ | ស្រគត់អស់ប្រាណ | សង្រួមមែនមាន |
ក្រិត្យក្រមឥរិយា។ | ||
រំលឹកព្រះស្រី | គុណកែវទាំងបី(14) | ចំរើនភាវនា |
លុះម៉ោងបួនបាន | ប្រះប្រាណនិទ្រា | គន់គិតថប់ថា |
ឱអញក្រក្រៃ។ | ||
នៅតែម្នាក់ឯង | កណ្ដោចកណ្ដែង | កណ្ដាលព្រឹក្សព្រៃ |
មានតែឆ្កែស | កំដរសព្វថ្ងៃ | ឥតអ្នកដទៃ |
មួយមកជាគ្នា។ | ||
ប្រសិនបើមាន | ជម្ងឺក្នុងប្រាណ | ព្យាធិបិណ្ឌា(15) |
សមអង្កអញក្ស័យ | ក្នុងព្រៃព្រឹក្សា | ឥតអ្នកឯណា |
មួយមកយង់យល់។ | ||
ឥឡូវអង្គអញ | ចិត្ដចង់បំពេញ | បារមីផ្ដេកផ្ដល់ |
ឲ្យបានក្រាស់ថ្វាត់ | នាំសត្វសែនសល់ | ដោមដាក់តំកល់ |
ដល់ត្រើយនិព្វាន។ | ||
បើអញក្សីណក្ស័យ | កណ្ដាលព្រឹក្សព្រៃ | សូន្យសមសោះខាន |
ឃ្លាឃ្លាតបំណង | ប៉ុនប៉ងពុំបាន | បំពេញសីលទាន |
ដូចចិត្ដប្រាថ្នា។ | ||
ហេតុដ្បិតឯកោ | អង្គអនាថោ | ទុគ៌តកំព្រា |
ឥតសាច់សន្ដាន | ឥតមានភរិយា | ថែទាំរក្សា |
ស្ងួនគ្រងសព្វថ្ងៃ។ | ||
អ្នកគិតទៅសព្វ | គ្រប់យ៉ាងរឹងថប់ | ថប់ពន់ពេកក្រៃ |
ត្បិតនៅម្នាក់ឯង | កណ្ដែងក្នុងព្រៃ | ព្រួយព្រះហឫទ័យ |
ពេកពន់ប្រមាណ។ | ||
តេជៈសម្ភារ | ភោគកុលកុមារ | ពូជពង្សពុទ្ធណាញ- |
កក្រើកទៅដល់ | មណ្ឌលពិមាន | ទែនទិព្វទីឋាន |
សម្ដេចឥន្ទ្រា។ | ||
ស្ដេចបើកទិព្វចក្ខុ | យង់យល់ជៀងជាក់ | ជ្រួតជ្រាបថែថា |
ភោគកុលកុមារ | ពិសាលសោកា | ពុំមានភរិយា |
ជាគូសម្ពន្ធ(16)។ | ||
ទើបស្ដេចគិតថា | នាងទេពធីតា | ដែលអញនិមន្ដ |
ចុះទៅមនុស្សលោក | យោនយកបដិសន្ធិ៍ | នៅនាតំបន់ |
សត្តកុដបុរី។ | ||
អាស្រ័យនៅនា | ក្នុងឧទរា | ព្រះអគ្កមហេសី |
ស្ដេចសត្ដកុដរាជ | អំណាចរិទ្ធី | គ្រប់គ្រងបូរី |
ពលពាលសេនា។ | ||
រីនគរនោះ | ជាទីទួលកោះ | កណ្ដាលជលសា |
ទំហំនគរ | បវររដ្ឋា | បួនយោជន៍គណនា(17) |
រាស្ដ្រផងសប្បាយ។ | ||
ទៀបនឹងបុរី | ពារាណលី | គណនាចម្ងាយ |
យោជន៍សាមសិបប្រាំ | ពិតពុំឃ្លាតឆ្ងាយ | ភេត្រឈ្មួញឆ្មាយ |
ចូលជួញឥតអាក់ | ||
រីរាជធីតា | សោឡសវស្សា(18) | កបនូវនរល័ក្ខណ៍ |
ដូចទេពអប្សរ | បវរសួគ៌ស័ក្ដិ | ព្រះខាត់ព្រះភក្ដ្រ |
ដូចចន្ទបូណមី។ |
(1) ប្រាជ្ញចេះនូវចំណេះខ្លឹមសារ។ (2) ម្ដាយធម៌ (ជននី= អ្នកបង្កើតជន)។ (3). អាសនា=ទីស្ថិតនៅ កន្លែងអង្គុយ។ (4) និម៌ល=ឥតមន្ទិល។ (5) ទុព៌ល= គ្មានកំឡាំង ខ្សត់ខ្សោយ។ (6). ប្រាបៈ ធ្វើឲ្យរាបស្មើ។ (7) . ទេវិន្ទ<ទេវ+ឥន្ទ។ (8) អរុណោទ័យ<អរុណ+ទ័យ=ពេលព្រះអាទិត្យរះ។ (9). អម្បាយ=ពន់ពេក។ (10). សក្កទេវរាជ គឺព្រះឥន្ទ្រ។ (11). ជាទេវតាដ៏ល្អប្រសើរបំផុត។ (12). ទុកប្រធាន៖ទុជាគោល។ (13) អធិដ្ឋាន=ការតាំងចិត្ដប្រថ្នា។ (14). គុណកែវទាំងបី គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។ 15. បិណ្ឌា= បៀតបៀន។ (16). សម្ពន្ធ= ទាក់ទងចួលជាមួយគ្នា។ (17) បួនយោជន៍គណនា= ប្រហែលបួនយោជន៍។ (18) សោឡសវស្សា= អាយុ ១៦ឆ្នាំ។