១.បកកាកគតិ
ថ្ងៃសៅរ៍ ទី19.មិថុនា 2020.ម៉ោង 18:15

អហំ នមោ នមក្ការោ អញ្ជលិយំ សុ-សិរសា ពុទ្ធសេដ្ឋំលោកុត្ដមំ
តមោនុទោ។ នមធមំ សុខាវហំ អរិយបថោទេវជនំ មោក្ខម
ត្ដោសន្ដិករោ និយ្យានិកំ។ នមសង្ឃោ វរវិសុទ្ធោ ទក្ខិណេយ្យំ
សន្ដិន្ទ្រិយំ បុញ្ញក្ខេត្ដំ អនាសរំ សមិទ្ធយោ។

អហំរីខ្ញុំនមោបង្គំនមក្ការោ
ក្រួញក្រាបនមស្សការពុទ្ធសេដ្ឋោ(1)អញ្ជលិយោ
លើកអញ្ជលី។
សុសិរសាគ្គូគ្គុំហត្ថាដាក់ដល់សិរសី
ពុទ្ធសេដ្ឋោវន្ទាព្រះស្រីសរពេជ្ញមុនី
ប្រសើរសួស្ដិ៍សម
តមោនុទោ(2)លោតុត្ដមោ(3)ព្រះអង្គឧត្ដម
លើសលែងមនុស្សាទេវតាឥន្ទ្រព្រហ្មបន្ទោបង់បំ
បាបវេរា។
នមធម្មំ(4)សុខាវហំ(5)អញខ្ញុំវន្ទា
បង្គំព្រះធម៌សុពណ៌ភេត្រា(6)នាំសត្វសុខស-
ប្បាយបាននិព្វាន។
អរិយបថោ(7)ទេវជនោ(8)ជាមាគ៌ាឋាន
សព្វសត្វមនុស្សាទេវតាឲ្យបានយង់យល់ត្រើយត្រាណ
អមតបុរី។
មោក្ខមគ្គោ(9)សន្ដិករោ(10)នាំសត្វភពត្រី
ដាក់ដល់ឋិតឋាននិព្វានជាទីពឹងពាក់ពួនពី
ភូមិភពតណ្ហា។
នមសង្ឃោ(11)វរវិសុទ្ធោ(12)អញខ្ញុំវន្ទា
បង្គំព្រះសង្ឃទ្រទ្រង់រក្សាសីលសុទ្ធសេដ្ឋោ
ប្រសើរពេកពន់។
សន្ដិន្ទ្រិយំ(13)បុញ្ញក្ខេត្ដំ(14)អស់អង្គអរហន្ដ
សង្រួមកាយាមេត្ដាលើសលន់ជាតិជាស្រែបុណ្យ
សព្វសត្វសម្ទាយ។
អនាសវោ(15)សមិទ្ធិយោ(16)សុខសួស្ដិ៍ពណ្ណរាយ
ឥតឋានលំនៅឥតក្ដៅក្រហាយឥតអន្ដរាយ
ដូចក្ដីប្រាថ្នា។
មហាសករាជរាប់ចូលជាឯកស័ប្ដទោឆសកា
ជួបចូលវស្សា(17)សាវ័ណមាសា(18)ភុម្មពារា(19)
បុណ្ណមិយំ(20)។
នាមោមយានង នាមជាតិជាឧញ៉ាព្រះឃ្លាំង
គន់គិតកាព្យកិច្ចពាក្យពេចន៍ទុកតាំងជាកេរ្ដិ៍ដំណាំង
តំណសាសនា។
កប្បកាលពោធីសត្វសាងបារមីក្នុងសង្សារា
អន្ទោលទៅមកយោនយកជាតិជាគោគកុលកុមារ
ទុគ៌តពេកពន់។
បានជាមហាក្សត្រក្សេមចិន្ដាបរិបូណ៌បទ(21)បុណ្យ
ត្បិតផលសំណាងស្ដេចសាងច្រើនលន់ទើបខ្ញុំគិតគន់
ចងជាកាព្យទុក។
តំណសាសនាប្រាំពាន់វស្សាជាផលទៅមុខ
សូមសំរិទ្ធីសិរីសួស្ដិ៍សុខចៀសចាកទោសទុក្ខ
ភ័យផងសម្ទាយ។
សូមលុះគន្លងនៃអ្នកប្រាជ្ញផងពីបូរាណនាយ
សូមទាន់ពុទ្ធុប្បាទសព្វជាតិជិតឆ្ងាយសូមទេពទាំងឡាយ
ជួយជ័យចេស្ដា។
ខ្ញុំសូមដំណើរដំណាលសរសើរកាលព្រះភគវា(22)
សារពេជ្ញពុទ្ធពង្សស្ដេចគង់ធម្មាអាស្រ័យនៅនា
វត្តព្រះជេតពន។
ព្រះអង្គមេត្ដានាំធម៌ទេសនាប្រោសប្រាប់មហាជន
ភិក្ខុសុសង្ឃ(23)អស់អង្គអរហន្ដបានបរិបូណ៌បុណ្យ
ដោយពុទ្ធវចនា(24)។
មានកាលមួយថ្ងៃភិក្ខុផងច្រើនក្រៃជួបជុំចរចា
ពីព្រះទេវទត្ដកាចឥតប្រាជ្ញាបៀតបៀនពាធា
ចិត្ដចង់ពិឃាត។
នៃព្រះសម្មា-សម្ពុទ្ធសាស្ដា-ចារ្យចមលោកនាថ(25)
គាត់គិតកលធ្វើអំពើប្រមាថប៉ុនប៉ងពិឃាត
ព្រះអង្គពុំបាន។
ឯអង្គទេវទត្ដបាបតាមទាន់ក្ដាត់ពេកពន់ប្រមាណ
ព្រះធរណីស្រូបទាំងរូបទៅបានកើតជាប្រេតប្រាណ
នៅនាអវចី។
កាលនោះសម្ដេចព្រះស្រីសារពេជ្ញជ្រាបសព្វសេចក្ដី
ដោយទិព្វស្រោតស្រេចទើបស្ដេចចេញពីសុគន្ធកុដិ(26)
សេយ្យនាឧត្ដម(27)។
ព្រះអង្គចរចាកឆ្ពោះធម្មសភាគ(28)សាលាជំនុំ
បែរបើកព្រះសូរមធូរសួស្ដិ៍(29)សំ-ឡេងឮដូចព្រហ្ម
បន្ទូលទៅថ្កាន។
ថាហៃអាវុសោនៅថ្វីឆោឡោមិនទៅស្មាទាន
ចំរើនមេត្ដាភាវនានាំប្រាណឲ្យបរិបូណ៌បាន
ដូចក្ដីប្រាថ្នា។
ទើបអស់ភិក្ខុផងប្រណម្យសាសងទូលព្រះពុទ្ធដិកា
រីអស់យើងខ្ញុំមកជុំជួបគ្នានិយាយអនិច្ចា
ពីព្រះទេវទត្ដ។
កាចគិតប្រមាថចិត្ដចង់ពិឃាតបៀតបៀនបំបាត់
ព្រះជន្មព្រះអង្គពូជពង្សពុទ្ធរតន៍ពុំបានដូចចិត្ដ
ដូចក្ដីប្រាថ្នា។
សម្ដេចភគវាមានព្រះពុទ្ធដិកាព្រះសូរសាស័ទ្ធ
ថាហៃភិក្ខុសង្ឃឯអង្គទេវទត្ដចងពៀរចាំចិត្ដ
ប៉ុនប៉ងពិឃាត។
ធ្វើអង្គតថា-គតតែមិនគ្រាបច្ចុប្បន្នជាតិ
ពុំបានដូចចិត្ដកាចគិតប្រមាថមានពីបុព្វជាតិ
មុនមកច្រើនគ្រា។
បន្ទូលតែម៉្លោះបញ្ឈប់នៅនោះពុំមានពុទ្ធដីកា
អស់ភិក្ខុទាំងឡាយក្រាបថ្វាយវន្ទាសូមអារាធនា
ព្រះធម៌ថ្លាថ្លៃ។
កាលនោះព្រះអង្គសារពេជ្ញស្ដេចទ្រង់ព្រះទិព្វញាណញេយ្យ(30)
ស្ដេចបើកព្រះសូរមធូរប្រពៃត្រេកត្រាស់ថាហៃ
អាវុសោបរិសុទ្ធ។
កាលកប្បខ័ណ្ឌខាំងស្ងាត់បាត់កំបាំងកន្លងលង់ក្ដាត់
មានក្សត្រនាមនាថព្រះបាទព្រហ្មទត្ដសោយរាជសម្បត្ដិ
ពារាណសី។
កាលនោះមានមហាសេដ្ឋីនាមាឈ្មោះភោគវុឌ្ឍី
និត្យនៅគាមា(31)មួយនាខាងទីទិសបូព៌បុរី
បូរាណរដ្ឋា(32)។
ឯអង្គសេដ្ឋីនោះកាលអំពីមុនមានទាសា
ទាសីទ្រព្យធនច្រើនលន់មហិមាប្រមាណអដ្ឋា-
សេកោដិ(33)ឃ្លាំងនោះ
សេដ្ឋីធ្វើបុណ្យឲ្យទានទ្រព្យធនសព្វថ្ងៃចំពោះ
ឧទ្ទិសជាផលតំកល់ចិត្ដស្មោះទ្រព្យផងរលស់
ពីឃ្លាំងអស់ទៅ។
ធ្វើបុណ្យឲ្យទានទ្រព្យគង់ប្រមាណរទេះមួយនៅ
អស់ខ្ញុំទាំងឡាយខ្ចាត់ខ្ចាយបាត់ទៅសេដ្ឋីនោះនៅ
តែនឹងភរិយា។
បង្ក័តមានបុត្រប្រុសមួយសន្មតនាមឈ្មោះហៅថា
ចៅភោគវុឌ្ឍីដូចចិត្ដបិតាចំរើនជន្មា
បានឆ្នាំម្ភៃ។
សេដ្ឋីបិតាចាស់ជាតិជរាបៀនបៀតក្សីណក្ស័យ
ហេតុផលឲ្យទានធនធានច្រើនក្រៃមិនមានសង្ស័យ
ធុញថប់បារម្ភ។
ទើបទៅកើតជាសម្ដេចឥន្ទ្រា-ធិរាឧត្ដម
ឋិតត្រៃត្រឹង្សាសួគ៌ាសោយស-ម្បត្ដិបានជាធំ
លើសលែងទេពតា។
ទៀងទើបព្រះអង្គព្រះឥន្ទ្រស្ដេចទ្រង់បើកទិព្វនក្ខា
មើលមកយល់បុត្រទុគ៌តកំព្រាតែនឹងភរិយា
ក្សីណក្សត់ធនធាន។
សម្ដេចព្រះឥន្ទ្រាទ្រង់ព្រះចិ- ន្ដាដោយព្រះញាណ
ថាច្នេះគួរអញប្រោសប្រាណឲ្យបានកូនប្រុសឲ្យមាន
ត្រកូលតទៅ។
កាលនោះព្រះពោ-ធិសត្វសេដ្ឋោវិសេសចមចៅ
កើតជាទេវបុត្របរិសុទ្ធឋិតនៅពិមានមាសឆ្អៅ
នៅត្រៃត្រឹង្សា។
ទើបព្រះឥន្ទទៅដល់ឋានលំនៅពន្លកសាស្ដា
ឱនអង្គអភិវាទអារាធនាអញ្ជើញព្រះមហា
បរមពោធី។
ឲ្យស្ដេចចាកឋានសួគ៌សុខពិមានយោនយកបដិ-
សន្ធិក្នុងឧទរបវរមហេសីនៃភោគវុឌ្ឍី
ជាបុត្រអាត្មា។
ហើយព្រះកោសិយអញ្ជើញនាងស្រីរ័ត្នទេពធីតា
ឲ្យចុះចាកឋានពិមានសួគ៌ាឲ្យបានជួបជា
គូនឹងពោធី។
ពង្សពុទ្ធពន្លកស្ដេចទទួលយកនិមន្ដកោសិយ(34)
ស្ដេចចង់សន្សំបន្ទុំបារមីនាំសត្វពួនពី
ភ័យភពតណ្ហា។
ស្រេចស្ដេចវិមុត្ដ(35)ជាតិច្យុតចាកត្រៃត្រឹង្សា
ចាប់យកបដិសន្ធិនៅនាឧទរភរិយា
នៃភោគវុឌ្ឍី។

(1) ព្រះពុទ្ធដ៏ប្រសើរបំផុត។ (2) កំចាត់​បង់នូវ​ងងឹត​គឺ​អវិជ្ជា​។(3) ប្រសើរ​បំផុត​ក្នុង​លោក។ (4) សូម​នមស្ស​ការ​ដល់​ព្រះ​ធម៌។ (5) នាំ​មក​នូវ​សេច​ក្ដី​សុខ។ (6) សំពៅ​មាស​។ (7) ជា​គន្លង​បុគ្គល​ដ៏​ចំរើន​។​ (8) ទេវ​តា​ និង មនុស្ស​។(9) ជា​ផ្ឡូវ​ទៅ​កាន់​ព្រះ​និព្វាន។ (10) ជា​ធម៌​ធ្វើ​នូវ​សេច​ក្ដី​ស្ងប់។ (11) សូម​នមស្ស​ការ​ដល់​ព្រះ​សង្ឃ។ (12) បរិសុទ្ធ​ប្រសើរ​វិសេស​។ (13) មាន​រាង​​រៅ​ដ៏​ស្រគត់​ស្រគំ​។ (14) ជា​ស្រែ​បុណ្យ។ (15) មិន​មាន​អាសវក្កិ​លេស​។ (16) មាន​រិទ្ធិ​អំណាច​ច្រើន​។ 17 រដូវ​ភ្លៀង។ 18 ខែ​ស្រាពណ៍​។ 19 ថ្ងៃ​អង្គារ​។ (20) ថ្ងៃ​ពេញ​បូណ៌មី ១៥​កើត។ (21) បទ​-ដ្បិត​។ (22) ព្រះ​ដ៏​មាន​បុណ្យ។ (23) ភិក្ខុ​សង្ឃ​ដ៏​ទ្រង់​សីល​ល្អ​បរិសុទ្ធ​។ (24) ពាក​ប្រៀន​ប្រដៅ​នៃ​ព្រះ​ពុទ្ធ​។ (25) ចម​លោក​នាថ​=គឺ​ជា​កំពូល​ទី​ពឹង​របស់​សត្វ​លោក​​។ (26) កុដិ​ដែល​មាន​ក្លិន​ក្រអូប​។ (27) ជា​ក្រឡា​ព្រះ​បន្ទំ​ដ៏​ឧតម្ដ​។ (28) ទី​ប្រជុំ​ជំនុំ​ធម៌​។ (29) មធុរ ពីរោះ​ផ្អែម​ល្ហែម​ឆ្ងាញ់​ពិសា​។ មាន​ច្បាប់​ខ្លះ​ថា មធុរ​ភិរម​ សំឡេង​ដូច​ព្រហ្ម​ដូច្នេះ​ក៏​មាន​។ (30) ព្រះ​ប្រាជ្ញា​ណាណ​ដ៏​ជា​ទិព្វ​។ (31) ស្រុក​ភូមិ តំបន់​។ (32) ដែល​បូរាណ​ខេត្រ​ដែន​ចាស់​បូរាណ​។ (33) ១៨កោដិ​ឃ្លាំង​។ (34) ព្រះ​ឥន្ទ្រ​។ (35) ការ​ផុត​ស្រឡះ​ សំ​ដៅការ​ផុត​ស្រឡះ​ចាក​កិលេស​តណ្ហា​។