ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
****************************************
ជីវប្រវត្ដិអ្នកនិពន្ធ
ថ្ងៃសៅរ៍ ទី13.មិថុនា 2020.ម៉ោង 10:42
តាមសេចក្ដីអារាធនានៃអ្នកនិពន្ធ នាំឲ្យយើងដឹងបានអំពីពត៌មានជាច្រើន គឺកាលបរិច្ឆេទ និង នាមអ្នកនិពន្ធច្បាស់ប្រាកដនៃរឿងនេះ។
រឿងភោគកុលកុមារ តាក់តែងឡើងដោយលោកឧកញ៉ាឃ្លាំង នង ដែលជាអ្នកប្រាជ្ញសំខាន់ និង ជាមន្ដ្រីជាន់ខ្ពស់ក្នុងបរមរាជវាំង។ តាមពត៌មានថាលោកឧកញ៉ា ប្រហែលមានកំណើតកើតជា នៅកោះសូទិន ជាស្រុកនៅលើកោះធំមួយក្នុងទន្លេមេគង្គ ស្ថិតនៅក្នុងខេត្ដកំពង់ចាម។
កាលពីកុមារ លោកបានស្វែងរករៀនវិជ្ជាប្រែបាលីនៅតាមវត្ដជាច្រើនក្នុងព្រះរាជអាណាចក្រ ក្នុងភេទជាសង្ឃយ៉ាងយូរឆ្នាំ។ ទីបំផុតលោកបានទៅបន្ដ ការសិក្សាព្រះត្រ័យបិដកនៅឯប្រទេសសៀម លុះត្រាតែបានប្រឡងជាប់ទីមហា ទើបលោកនិមន្ដត្រឡប់មកប្រទេសជាតិវិញ។ ក្រោយដែលមកដល់ហើយព្រះបាទសម្ដេចព្រះអង្គអេង បានតាំងកវីរូបនេះជា គោរម្យងារ ព្រហ្មមុនី ចៅអធិការវត្តប្រាង្គណ៍ (ឧត្ដុង្គ) និង ជាគ្រូនៃព្រះរាជបុត្រទាំងបួនព្រះអង្គ ហេតុនេះហើយបានជាលោកជាឧបជ្ឈាយ៍បំបួស ព្រះរាជកុមារអង្គចន្ទ និង ព្រះអង្គឌួង។ នៅពេលដែលព្រះរាជកុមារយាងទៅសិក្សានៅប្រទេសសៀម ព្រះសង្ឃអង្គនេះក៏បានជូនព្រះរាជដំណើរទៅរៀនសូត្រជាយូរឆ្នាំ ទើបវិលត្រឡប់មកវិញ។ វិលមកដល់បាត់ដំបង ព្រះមហា នង ក៏លាចាកសិក្ខាបទ ហើយមានប្រពន្ធ កូននៅទីនោះ។
នៅពេលព្រះអង្គឌួង ទ្រង់ឡើងគ្រងរាជសម្បត្ដិហើយ ព្រះអង្គទ្រង់ប្រោសព្រះរាជានុញ្ញាតតែងតាំងបណ្ឌិតនង ជាអធិបតីក្រុមរាជបណ្ឌិត (បើធៀបសព្វថ្ងៃជាបណ្ឌិតសភា) ដែលមាននាទីជាអ្នកគ្រប់គ្រង លើអ្នកប្រាជ្ញ ព្រមទាំងតាក់តែងក្បួនផ្សេងៗ សំរាប់សិក្សាខាងផ្លូវលោក ផ្លូវធម៌ មានគម្ពីរសាស្ដ្រ ច្បាប់ផែនដី និង ប្រវត្ដិស្រុកទេសជាដើម។ មិនតែប៉ុណ្ណោះព្រះរាជាទ្រង់ប្រោសប្រទានខេត្ដ កោះសូទិន ឲ្យជាស្រុកសួយ លុះត្រាតែអស់មួយជីវិតលោកផង។
តាមឯកសារខ្លះទៀត ដូចជាក្នុងរឿងរបាក្សត្រស្រុកខ្មែរជាដើម បានបន្ថែមពត៌មានទៀតថា បណ្ឌិត នង បានចូលរួបរួមក្នុងចលនាប្រយុទ្ធយកសេរីភាពជូនជាតិដែលព្រះករុណា ព្រះអង្គឌួងបានបង្កើតឡើង ដើម្បីកំចាត់ខ្មាំងយួនដែលមកទន្ទ្រានក្នុងប្រទេសយើងសម័យរាជ្យព្រះត្សត្រីអង្គមី គឺមុនពេលដែលព្រះបាទសម្ដេចព្រះអង្គឌួងឡើងគ្រងរាជ្យ។ ចលនាប្រយុទ្ធនេះមានសកម្មភាពអស្ចារ្យ (សូមអានរឿងរបាក្សត្រស្រុកខ្មែរ) ដែលបណ្ណាគាររស្មីកម្ពុជា បានបោះពុម្ពផ្សាយពី គ.ស ១៩៥៨ លុះត្រាតែអស់រយៈ ២ឆ្នាំ ក៏បានសុខសន្ដិភាពឡើងជូនប្រទេសជាតិ។
ក្រៅពីមុខងារជាអធិបតីនៃក្រុមរាជបណ្ឌិត លោកបណ្ឌិត នង កាន់នាទីជាចៅហ្វាយឃ្លាំងមណីរតន៍ គឺឃ្លាំងព្រះរាជទ្រព្យ ហេតុនេះហើយបានជាលោកមានគោរម្យងារជាឧកញ៉ា ព្រះឃ្លាំង។ អាស្រ័យការយកចិត្ដទុកដាក់យ៉ាងស្វិតស្វាញក្នុងកិច្ចការរាជការ និង កិច្ចការស្ថាបនាវប្បធម៌ជាតិផង ឧកញ៉ាព្រះឃ្លាំង នង ក៏ត្រូវទទួលសេចក្ដីប្រោសប្រាណពីរាជបល្ល័ង្កជាញឹកញាប់ គឺបានឡើងយសជាលំដាប់ ជាឧកញ៉ាព្រះឃ្លាំង ឧកញ៉ាវង្សាសព៌េជ្ញ និង ទីបំផុតជាឧកញ៉ាវង្សាក្សត្រី។ លោកឧកញ៉ា នង មានប្រពន្ធពីរ គឺប្រពន្ធដំបូងនៅបាត់ដំបង ឈ្មោះនាង មាស ដែលមានកូន ៦នាក់ ក្រោយមកមានប្រពន្ធមួយទៀតឈ្មោះនាងតូច នៅឧត្ដុង្គ មានកូន ៣នាក់ទៀត។
ចំណេះវិជ្ជារបស់លោកបណ្ឌិតនេះ គេអាចចាត់ទុកជាឆ្នើមបំផុតនៅពេលនោះ ព្រោះស្នាដៃទាំងប៉ុន្មានដែលមាននៅសល់ដល់សព្វថ្ងៃ បើគេយកមកពិនិត្យ ពីសម្ផស្សណែងណងរបស់ពាក្យ ពីខ្លឹមសារជាអាថិសេចក្ដី ឃើញថាមានតម្លៃខ្ពស់ណាស់។ ម្យ៉ាងទៀត សកម្មភាពរបស់លោកក្នុងការកសាងវប្បធម៌ជាតិ នៅសម័យដែលខ្មែរចាប់ផ្ដើមបង្កបង្កើតឡើងវិញ ក្នុងសម័យកាលលង្វែក គឺ សម័យរាជធានីឧត្ដុង្គមានជ័យ។ ហេតុទាំងនេះហើយដែលគេពុំអាចបំភ្លេចនាមលោកបាន ពីទំព័រប្រវត្ដិសាស្ដ្រខ្មែរបានឡើយ។
- ស្នាដៃលោក ដែលគេស្គាល់ច្បាស់លាស់ នៅសល់ដល់សព្វថ្ងៃមានដូចខាងក្រោម៖
- ១ - ច្បាប់សុភាសិតតែងពីក្នុង គ.ស. ១៧៩០
- ២ - រឿង បុញ្ញសារសិរសា តែងពីក្នុង គ.ស. ១៧៩៨
- ៣ - លោកនយបករណ៍ តែងពីក្នុង គ.ស. ១៧៩៤
- ៤ - រឿងភោគកុលកុមារ តែងពីក្នុង គ.ស. ១៨០៤
- ៥ - រឿងព្រះសមុទ្ធ តែងពីក្នុង គ.ស. ១៨០៨
ក្រៅពីស្នាដៃដែលស្គាល់ច្បាស់រាប់រៀបមកនេះ គេដឹងថា លោកមានសរសេរអត្ថបទខ្លីៗ ជាធម៌អាថ៌ ឬ ច្បាប់ទំលាប់ផែនដីជាច្រើនទៀត។