បានទទួលសេចក្ដីអនុញ្ញាតិឲ្យចុះផ្សាយបន្ដ ពីម្ចាស់អ្នកនិពន្ធប៉ិច សង្វាវ៉ាន
១ ​-កំលោះសេរី
ថ្ងៃសៅរ៍ ទី4.ឧសភា 2013.ម៉ោង 0:10

   រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សេរីកូនប្រុសខ្ញុំតែងតែមកជួបជុំគ្រួសារជា និច្ច។ ប៉ុន្តែប្រហែលជាងបីខែនេះ សេរីបាត់​មុខ​ឈឹង​គ្មាន​បញ្ជាក់​មូល​ហេតុ ឬ​គោល​បំណង​ឲ្យ​ខ្ញុំ​ដឹងបន្តិចសោះ។ ម្ល៉ោះហើយ ការបាត់វត្តមាន របស់កូនប្រុសខ្ញុំនេះ បណ្តាលឲ្យខ្ញុំខ្វាយ​ខ្វល់​ជា​ពន់​ពេក​។ ខ្ញុំ​ព្រួយបារម្ភ ខ្លាច​ក្រែង​មាន​គេ​ស្អប់ព្រួតគ្នាបៀតបៀនសេរី ពីព្រោះសេរីមានឫកពា ក្រអឺតក្រទម និងមានចិត្តឆេវឆាវ។ សេរី​មាត់​ឆៅ ពេល​ហា​និយាយ​ស្តី​ម្តង​ៗ​ឥត​ខ្លាច​ទើស​ត្រចៀកនិងមិនខ្លាចចិត្តគេ ឬខ្លាចគេខឹងឡើយ។ ចរិតឫកពារបស់សេរី ដែលខុសប្លែកពី​បង​ប្អូន​ឯ​ទៀត នេះ​សុទ្ធ​សឹង​ជា​កត្តា​គ្រប់​គ្រាន់​បណ្តាល​ឲ្យខ្ញុំកាន់តែបារម្ភខ្លាំងឡើង។ កាលណា ខ្ញុំកាន់ តែគិតពិចារណា សេចក្តីទុក្ខក៏ទន្ទ្រានឱរាខ្ញុំ​ឲ្យ​កាន់​តែ​ក្រៀម​ក្រំ​ឡើង​កាល​នោះ​ដែរ​។ ម្យ៉ាង​ទៀត ខ្ញុំនៅចាំសម្តីរបស់សេរីកូនខ្ញុំដែលបាន ដំណាលប្រាប់ខ្ញុំថា ខ្មែរៗដែលធ្វើការជាមួយសេរី​ពីរ​បី​នាក់​សុទ្ធ​តែ​ជា​ជន​កម្រោល​ អាង​តែ​ប្រើ​កម្លាំង​បាយវាយតប់។

- ជម្រាបសួរម៉ាក់! ម៉ាក់សុខសប្បាយជាទេ?
- អើ! ម៉ាក់សុខដែរ តែមិនសូវសប្បាយប៉ុន្មានទេ។
សេរីឥតខ្វល់នឹងចម្លើយកំបុតកំបុយរបស់ខ្ញុំទេ។ គេបែរជាសើចក្អាកក្អាយ ហើយចូលទៅអង្គុយលើកៅអីវែង​ទម្រេត​ខ្លួន​ប្រាណ​បែប​រាង​រវើយ​ធ្វើ​ព្រ​ងើយ​។ ខ្ញុំ​សម្លឹង​មើល​កាយ​វិការកូនប្រុសខ្ញុំទាំងឃ្នាន់ខ្នាញ់។ ខ្ញុំសួរសេរីចុងមាត់ចុងករ។
- ម៉េចបានជាបាត់មុខយូរម្ល៉េះលោក?
ខ្ញុំប្រើពាក្យលោក សម្រាប់បញ្ជោះបន្សោក។
- សូមទោសណ៎ាម៉ាក់ ខ្ញុំរវល់ពេក។ កិច្ចការក្នុងរោងចក្រច្រើនហួស។ គេបង្ខំកម្មករឲ្យបញ្ចេញផលច្រើន តែ​គេ​ដក​កម្ម​ករ​ចេញ​ខ្លះ​។ ខ្ញុំ​នឿយ​ហត់​ពេក​ឡើង​បាក់​កម្លាំង​។ ធ្វើការរបៀបនេះ បែបរស់មិនបានយូរទេ។ ម៉ាក់អើយ! នេះហើយជីវិតកម្មម៉ាក់​មិន​អាណិត​កូន​ទេ​ឬ?​ ការ​រោង​ចក្រ​។ ខ្ញុំ​នឿយ​ណាស់​ម៉ាក់!
- បើហត់នឿយម្លឹងៗ ម៉េចក៏ឯងមិនព្រមនៅផ្ទះសម្រាកយកកម្លាំងថ្ងៃសៅរ៍ថ្ងៃអាទិត្យខ្លះទៅ បែរជារវល់​តែ​ចេញ​ចូល​ត្រុកៗ​ ក្នុង​ហ្វ័រ​យេ​ឲ្យ​គេ​និយាយ​ដើម គេ​មើល​ងាយម្លឹងៗ។
- ម៉ាក់មានប្រសាសន៍រឿងអីហ្នឹង ខ្ញុំមិនយល់ទេ?
- អ្នកណាគេ ឈ្មោះសម្ជស្សភួង?
- អូហ៍ សម្ជស្សភួង! នាងហ្នឹងទើបតែមកដល់ស្រ្តាស់បួរប្រហែលជាបីខែប្លាយនេះណាម៉ាក់។
- ឯងស្រឡាញ់គេឬ? បានជា? ឱ! អីចឹងទេតើបានជាបាត់ដំណឹងឈឹងប៉ុន្មានខែនេះ។ ស្អាត​ល្អ​ប៉ុណ្ណា​ទៅ បាន​ជា​ធ្វើ​​ឲ្យ​ឯង​​ងប់​ងុល​​ដល់​​ម្លឹង​។ ឃើញ​ស្រី​មិន​បាន​ទេ ឯង​ស្រឡាញ់ទាំងអស់។ មិនដែលឃើញប្រុសណា​អី​ចឹង​ទេ​។ តើ​ឯង​កាត់​រក​អ្នក​ណា បាន​ជា​មាន​ចិត្ត​ខុស​គេ​ឆ្កុយ​តែ​ម្នាក់​ ឯង​អ៊ី​ចឹង​?
- ម៉ាក់! ខ្ញុំជម្រាបម៉ាក់តាមត្រង់ នាងសម្ជស្សភួង និងគ្រួសារនាងនៅហ្វ័រយេសូណាកូត្រា(Foyer SONACOTRA)​។ គ្រួ​សារ​​របស់​​នាង​​គ្មាន​​ អ្នក​ណា​ម្នាក់​ចេះ​បារាំង​ទេ​។ ខ្ញុំ​អាណិតក៏ជួយរត់សំបុត្រស្នាម​ផ្សេង​ៗ និង​ជួន​គ្រួ​សារ​នាង​ទៅ​បើក​ប្រាក់​ជំនួយ​ ដែល​​រដ្ឋា​ភិបាល​បារាំង​ផ្គត់​ផ្គង់​ជន​ ភៀស​ខ្លួន…
- ក្រែងនៅហ្វ័រយេ មានលេខាធិការដែរឬ? ជឿម៉ាក់ចុះ ល្មមឈប់ខាតពេលទៀតទៅ។ ថ្ងៃមុន នៅផ្សារ ម៉ាក់ឮស្រ្តីខ្មែរពីរបី​នាក់​និយាយ​ដើម ឯង​ថា នាង​សម្ជស្ស​ភួង​មិន​ត្រូវ​ការ​ឯង​ទេ តែឯងចេះតែត្រុកៗមុខក្រាស់ទៅរកនាង។ គេថានាងសម្ជស្សភួងហ្នឹង ឃើញមុខ​ឯង​ម្តង​ៗ ចង់​តែ ដេញ​ទម្លាក់​ដី ហើយ​ជះ​បាយ​លើ​ក្បាលឯងទៀត ម៉ាក់ឮច្បាស់ នឹកសម្តីនេះឡើង ម៉ាក់ខឹងញ័រសាច់ មិននឹងស្មានថា ឯង​នេះ​ឫក​ថោក​ដល់​ម្លឹង សោះ​ ធ្វើ​ឲ្យ​ស្រី​ៗ​ដែល​ទើប​តែ​មក​ដល់មិនទាន់ស្គាល់ទិសតំបន់ស្រុកបារាំងផង មើលងាយមើលថោករបៀបនេះ។
- ម៉ាក់! អ្នកណានិយាយរឿងនេះ?
- មិនដឹងអ្នកណាទេ។ បើក្រៅពីសាមីខ្លួន តើនរណាគេអាចដឹងរឿងនេះ?
- មិនពិតទេម៉ាក់! ខ្ញុំទៅហ្វ័រយេម្តងៗ ក្រុមគ្រួសារគេរាក់ទាក់អបអរទទួលខ្ញុំកក់ក្តៅណាស់។ គេរៀបបាយទឹកឲ្យ​ខ្ញុំ​ញ៉ាំ​។ គេ​អរ​ណាស់​ថា បាន​ខ្ញុំ​ជួយ​គេ​ឡាន​ទៅ​លិច​ទៅ​កើត កុំអីគេមិនដឹងទិសតំបន់ឯណាទេ។ គេថា ខ្ញុំជួយសម្រួលកិច្ចការសព្វសារពើ។ ខ្ញុំ​សប្បាយ​ចិត្ត​ព្រោះ​ខ្ញុំ​បាន​ធ្វើ​អំពើ​ល្អ​។
- អំពើល្អ ដែលបានទទួលពាក្យរមិលគុណត្រឡប់មកវិញអីចឹងឬ?
- ក្រែងមិនមែនពាក្យរបស់សាមីខ្លួន! គេចាក់រុកឲ្យម៉ាក់ខឹងខ្ញុំទេដឹង?
- ថាគេចាក់រុកអុជអាលម៉ាក់? វាហាក់ដូចជាមិនទំនង។ ម៉ាក់ធ្លាប់ប្រាប់ឯងឲ្យបានដឹងញយដងហើយថា គ្រួសារយើងទាំង​មូល​តាំង​ពី​នៅ​ស្រុក​ ខ្មែរ​រហូត​មក​រស់​នៅ​ស្រុក​បារាំង យើងមិនដែលមើលងាយថោកជនណាម្នាក់ទេ។ ដូច្នេះយើងក៏មិនអាចទ្រាំទ្រការ​ប្រ​មាថ​របស់​អ្នក​ផង​ដែរ​។ ម្យ៉ាង​ទៀត ឯង​មិន​ត្រូវ​ភ្លេច​ទេថា គ្រួសារយើងធ្លាប់មានមុខ មានមាត់មានកិត្តិយសកិត្តិនាម ត្រូវឯងចេះរក្សាកេរ្តិ៍ឈ្មោះ​វង្ស​ត្រ​កូល​កុំ​ឲ្យ​គេ បន្ទាប​បន្ថោក​ងាយ​ៗ​ពេក​។ សុខចិត្តក្រទ្រព្យចុះកុំក្រកេរ្តិ៍ឈ្មោះកិត្តិយស។ ចូរចាំបណ្តាំម៉ាក់ណ៎ាសេរី។
- ខ្ញុំទៅវិញហើយម៉ាក់។
- ទៅណាទៀតហើយ?
- ខ្ញុំទៅហ្វ័រយេទៅរកសខ្មៅ រកខុសត្រូវ ទើបខ្ញុំសុខចិត្ត។
- តាំងចិត្តឲ្យធ្ងន់កុំឆេវឆាវពេក។ អំពើល្អមិនសាបសូន្យទេកូន។ មនុស្សអាក្រក់គង់តែត្រូវព្រះបរាមុខថ្ងៃណាមួយមិនខាន។
- ខ្ញុំមិនយល់ទេ។ ខ្ញុំស្មានមិនដល់សោះ។ បើពាក្យដែលម៉ាក់បានឮពិត ជាចេញពីបបូរមាត់ក្រុមគ្រួសារសម្ជស្សភួង​មែន​នោះ ខ្ញុំ​យល់​ថា គ្រួ​សារ​នេះ​មាន​ចិត្ត​សា​មាន្យ​ជួរ​ជាតិ គ្មានដឹងខុសត្រូវអាក្រក់ល្អសខ្មៅបន្តិចសោះ។ នេះពិតជាអំពើរមិលគុណ​មួយ​គួរ​ឲ្យ​ឈឺ​ចិត្ត​មែន​។
-កុំឈឺចិត្ត។ ឯងគង់បានទទួលអំពើល្អពីអ្នកដទៃក្រៅពីអ្នកដែលឯងធ្លាប់ជួយធុរៈ។ ឯអ្នកដែលរមិលគុណ​ឯង​នោះ គេ​គង់​តែ​បាន​ទទួល​ អំពើ​បែប​នេះ​ពី​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត​មិន​ខាននៅក្នុងជាតិនេះតែម្តង ។ ឯងចាំសម្គាល់មើលចុះ ពីថ្ងៃនេះទៅ។