បានទទួលសេចក្ដីអនុញ្ញាតិឲ្យចុះផ្សាយបន្ដ ពីអ្នកនិពន្ធប៉ិច សង្វាវ៉ាន
៣ -ស្នេហ៍តាមលង
ថ្ងៃសៅរ៍ ទី12.តុលា 2013.ម៉ោង 9:46

   ជាងបីរយថ្ងៃកន្លងផុតទៅ យើងទាំងពីរនាក់ ស្រឡាញ់ថ្នាក់ថ្នមចិត្តគ្នាឥតមានមន្ទិលសៅហ្មងអ្វីសោះឡើយ។ ខ្លួនខ្ញុំដែល​ធ្លាប់​ស្គាល់​ស្រី​បរ​ទេស​ច្រើន​នាក់ មិន​ទាន់​មាន​មនោសញ្ចេតនាខ្ជាប់ខ្ជួនចង់បាននារីណាម្នាក់ជាគូគ្រងសោះ។ គឺទើបតែជាមួយនាង អង់រីយ៉ែត ម្នាក់​នេះ​ដែល​ ខ្ញុំ​ដូច​ជា​មាន​ចិត្ត​ប្លែក​។ ប្លែក​ព្រោះ​ខ្ញុំគិតថា ស្រីរូបល្អដូចអង់រីយ៉ែត គួរតែមានភ័ព្វសំណាងល្អ មានសុភមង្គល​ក្នុង​គ្រួសារ​។ ផ្ទុយ​ទៅ​វិញ​នាង​ ពុំ​ដែល​ស្គាល់​សុភ​មង្គល​។ ចំណុចនេះហើយ ដែលបណ្តាលឲ្យខ្ញុំចេះតែអាណិតនាង ហើយចង់ស្វែងរកសេចក្តី​សុខ​ផ្តល់​ឲ្យ​នាង និង​កូន​ប្រុស​ នាង​ផង​។ ខ្ញុំ​ប្រាថ្នា​ចង់​បាន​នាង​មក​នៅ​ជា​មួយខ្ញុំគ្រប់ពេលវេលា។

◊ ◊

   រដូវផ្ការីកចូលមកដល់…។ រឿងមេត្រីស្នេហារបស់ខ្ញុំ ជាមួយអង់រីយ៉ែត ហាក់នាំឲ្យខ្ញុំភ្លេចអតីតកាលមួយអស់​រលីង​។ ស្រាប់​តែ​ថ្ងៃ​មួយ ខ្ញុំ​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ដែល​មាន​សេចក្តី​ដូច​ត​ទៅ៖

បាងកក បាំងចិត្ត ថ្ងៃខែ… ឆ្នាំ ១៩៨២

   សំណាងប្រុសថ្លៃ! អនុស្សាវរីយ៍ដែលកន្លងទៅ ខ្ញុំនៅតែចងចាំគ្មានភ្លេច។ ខ្ញុំដឹងថា ជីវិតកំលោះ​របស់​អ្នក​ពោរ​ពេញ ទៅ​ដោយ​ការ​សប្បាយ​រីក​រាយ​រហូត​អ្នកភ្លេចបុប្ផាក្រៀមដែលអ្នកបានសុំពីខ្ញុំ មិន​មែន​ដូច្នេះ​ទេ​ឬ? ថ្ងៃ​៣០​ខែ​នេះ ខ្ញុំ​នឹង​ មក​ប៉ារីស​ជា​លើក​ទី២ ព្រោះ​ខ្ញុំ​ប្រាថ្នាជួបអ្នកជាថ្មី។ ប្រសិនបើអ្នកនៅនឹកដល់ផ្កា​ឥត​ក្លិន អ្នក​នឹង​មក​ជួប​ខ្ញុំ​មិន​ខាន នៅ​ ផ្ទះ​មាតា​អ្នក​។

   ពីចិត្តរាយមាយឥតព្រំដែន
ប៉ាទីនយ៉ា អង់ហ្សេឡា

   មួយឆ្នាំកន្លងទៅយ៉ាងលឿន… បេះដូងខ្ញុំផ្ទុកស្នេហ៍រាប់មិនអស់។ សឹងថាមិនបាច់ធ្វើសេចក្តីអធិប្បាយពីចិត្តកំលោះ​យ៉ាង​ដូច​រូប​ខ្ញុំ​នេះ​ឡើយ​។ ក្រោយ​ពី​បាន​អាន​ចុត​ហ្មាយ​នេះ​កាលណា ចិត្តខ្ញុំកម្រើកទៅរកស្នេហ៍ចាស់សាថ្មី។ ខ្ញុំនឹកដល់ភ្នែក ច្រមុះ មាត់ នៃ នារី​កូន​កាត់​សៀម​ម្នាក់​ដែល​ ខ្ញុំ​ស្រ​ឡាញ់ លាយ​នឹង​ការ​ឈឺ​ចាប់​។ លុះដល់ថ្ងៃកំណត់ក្នុងចុតហ្មាយរបស់ប៉ាទីនយ៉ា ខ្ញុំមិនភ្លេចហក់ទៅ​ផ្ទះ​មាតា​បិតា​ខ្ញុំ​ឡើយ​។ សេចក្តី​ស្នេហា​ ខុស​វ័យ​គ្នា​ស្រឡះ​នេះ​តែង​ស្ថិត​នៅ​ក្នុង​អាថ៌កំបាំងជានិច្ចចំពោះប៉ាម៉ាក់ខ្ញុំ។ នៅពេលដែលយើងបានជួបគ្នាជាថ្មី ខ្ញុំ​បាន​សារ​ភាព​កំហុស​ខ្ញុំ​ចំពោះ​ ស្រី​ប៉ា​ទីន​យ៉ា។

    - ប៉ាទីនយ៉ា! ខ្ញុំនឹកស្តាយនូវអំពើឆ្គាំឆ្គងរបស់ខ្ញុំដែលបានប្រព្រឹត្តទៅលើអ្នកកាលគ្រាមុន ខ្ញុំសូមទោសណ៎ា។ អ្នក​ដឹង​ទេ ជា​លើក​ដំបូង​ ក្នុង​ជីវិត​ខ្ញុំ​ដែល​ខ្ញុំ​ចេះ​ស្រឡាញ់​គេ​។ ស្រឡាញ់ខ្លាំងពេកទៅ ខ្ញុំចង់បានមកហួងហែងតែម្នាក់ឯង។ តែរឿងយើងជា​រឿង​ដែល​មាន​ខណ្ឌ​សីមា​។​ ពេល​ខ្ញុំ​លូក​ដៃ​ប្រាថ្នា​ប៉ាទីន​យ៉ា​វេលា​ណា វេលានោះហើយដែលខ្ញុំចេះតែឮពាក្យព្រមាន ពាក្យចំអកគ្រប់ទិស​ទី​ពេញ​អារម្មណ៍​ខ្ញុំ។ ម្ល៉ោះ​ហើយ​ ខ្ញុំ​ពិបាក​ទប់​ចិត្ត​ឲ្យ​ស្ងប់​បាន​។ ខ្ញុំ​យល់​ថា ខ្ញុំ​ក៏​បាន​យល់​ខុសប្រព្រឹត្តអំពើមិនសមរម្យចំពោះមនុស្សម្នាក់​ដែល​ជា​ស្នេហា​ទី​មួយ​របស់​ខ្ញុំ​។
- សូមសំណាងកុំរលឹករឿងអ្វីដែលនាំឲ្យយើងមានវិប្បដិសារី! យើងត្រូវគិតតែម្យ៉ាងបាន​ហើយ​ថា យើង​ស្រឡាញ់​គ្នា នឹក​រក​គ្នា មែន​ទេ​សំណាង​?។
    - ហាស៎! ហាស៎! ហាស៎!…
    យើងសើចព្រមគ្នា ហើយក៏លូកហត្ថាទាំងគូចាប់កាន់គ្នា ស្រវាឱបរឹតគ្នាដោយស្វ័យប្រវត្តិ។ ខ្ញុំបាននាំស្រី​ស្នេហ៍​មក​មើល​កន្លែង​ដែល​ ខ្ញុំ​រស់​នៅ​ក្នុង​ប្រទេស​ស្វីស​។ យើង​បាន​ឆ្លៀតនាំគ្នាទៅលេងនៅ LUZERN ដើរលេងតាមមាត់ទន្លេជិះ​កាណូត​ម៉ា​ស៊ីន​កម្សាន្ត​លើ​ដង​នភា​ជា​ មួយ​គ្នា​ភ្លេច​អស់​ទុក្ខ​កង្វល់​បាន​មួយ​គ្រា។ ប៉ាទីនយ៉ាញញឹមដាក់ខ្ញុំជានិច្ច។ នាងថ្លែងវាចាមកកាន់ខ្ញុំ៖
- ឱ! ប្រទេសក្នុងអឺរ៉ុបសប្បាយណាស់ហ្ន៎! ចំពោះខ្ញុំកន្លែងនេះរឹតតែបានក្លាយជាទីមនោរម្យ ពីព្រោះ ខ្ញុំបានដើរ​លេង​ជា​មួយ​សំណាង​។ ចុះ​សំណាង​វិញ​យ៉ាង​ម៉េច​ដែរ​?
- ដូចគ្នា តែខ្ញុំចង់ទៅលេងបាងកកវិញ ទោះបីជាខ្ញុំធ្លាប់ស្គាល់បីបួនដង!
- កុំទៅធ្វើអី ប្រទេសអាស៊ីអាគ្នេយ៍គ្មានអ្វីសប្បាយប៉ុន្មានទេ… មានឧបសគ្គច្រើនណាស់ យើង​មិន​អាច​ដើរ​លេង​ជា​មួយ​គ្នា​ដូច​អី​ចឹង​ទេ​។
- ឱ! មែនហើយ! ខ្ញុំទើបនឹកឃើញ។
ថារួចខ្ញុំលូកដៃឱបចង្កេះនារីកូនកាត់សៀម។ ចំពោះខ្ញុំ នាងនៅជានារីដែលមានក្លិនជាដរាប គឺដូចជាកូលាបក្រពុំមួយទង។

sss
s

   ប៉ាទីនយ៉ាត្រឡប់ទៅបាងកកវិញបាត់ទៅហើយ។ បាងកក បាំងចិត្តពិតជាត្រូវ។ មួយឆ្នាំបានជួបគ្នាម្តង ដូចជាយូរ​ពេក​ណាស់​។ ពេល​ខ្លះ​ ខ្ញុំ​ចោទ​ សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​ត្រដ​រផ្សង​ព្រេង​ក្នុង​សេចក្តីស្នេហាដែលជាស្រមោលដូច្នេះដល់ពេលណាទៀត? សព្វថ្ងៃ ខ្ញុំបាន​ស្គាល់​នាង អង់​រី​យ៉ែត​។ រឿង​ ក្រោយ​នេះ​មាន​លំនាំ​ប្រហាក់​ប្រហែល​គ្នានឹងរឿងមុនជាមួយប៉ាទីនយ៉ាដែរ។ ខ្ញុំរង់ចាំការសម្រេចចិត្តរបស់អង់រី​យ៉ែត​ច្រើន​ខែ​ហើយ​។ នាង​ ដូច​ជា​គ្មាន​បាន​គិត​អ្វី​ទាំង​អស់​។ គ្រប់ពេលដែលខ្ញុំសួរនាងៗឆ្លើយតែពាក្យដដែលៗ។
- ខ្ញុំពិតជាស្រឡាញ់សំណាងណាស់។
- ខ្ញុំមិនចង់ឲ្យនាងនិយាយដដែលៗប្រាប់ខ្ញុំឯណា។ ខ្ញុំចង់បាន ការសម្រេចចិត្តចុងក្រោយរបស់នាងថាសុខចិត្តរួមរស់ជាមួយខ្ញុំ ឬក៏…
- សំណាង ទុកពេលឲ្យខ្ញុំគិតបន្តិចទៀត!
- មួយឆ្នាំហើយ គិតមិនទាន់ចប់ទេឬ?
- ចុះឲ្យខ្ញុំធ្វើម៉េច? ខ្ញុំបានធ្វើសព្វគ្រប់ហើយទេតើចំពោះសំណាង!
- ឬមួយក៏ស្មានថា ខ្ញុំគ្មានលទ្ធភាពរកសុភមង្គលឲ្យឯងបាន ដោយសារខ្ញុំជាប្រុសខ្មែរ។
- មិនមែនរឿងហ្នឹងទេ! បើសំណាងជាខ្ញុំវិញនោះមិនដឹងជាពិបាកយ៉ាងណា?
- ចុះបើដឹងថាពិបាកស្រឡាញ់ខ្ញុំធ្វើអ្វី? ចិត្តស្រីសាសន៍អ្នកឯងដូច្នេះទេឬ? គឺគ្រាន់តែចង់ឲ្យគេសរសើរថាខ្លួនស្អាត មានជោគជ័យ មានប្រុសចោមរោមស្នេហ៍រាប់មិនអស់ ខ្ញុំដឹងហើយ…
- ទេ! ទេ! មិនបាច់សំណាងនិយាយពាក្យនេះឲ្យខ្ញុំទេ។
វាចាបានត្រឹមនេះ អង់រីយ៉ែត អង្គុយខ្ទប់មុខយំ បែរខ្នងដាក់ខ្ញុំ។ ខ្ញុំដើរទៅឈរពីក្រោយនាង ហើយដាក់ដៃ​ទាំង​ពីរ​កាន់​ស្មា​ស្រី រួច​ស្រដី​សម្រួល​។
- ឈប់យំទៅ អង់រីយ៉ែត ខ្ញុំមិនបង្ខំទេ។ ខ្ញុំទុកពេលឲ្យអង់រីយ៉ែត គិតមួយខែទៀត។ ខ្ញុំជិតដល់ថ្ងៃចប់កាតព្វកិច្ចធ្វើទាហានហើយ… គិត​ទៀត​ចុះ អង់​រីយ៉ែត គិត​ឲ្យ​អស់​ចិត្ត​ចុះ កុំ​ឲ្យ​ស្តាយ​ក្រោយ​។
អង់រីយ៉ែត នៅស្ងៀម ឥតស្រដីអ្វីទាំងអស់។ ស្រីស្ទុះមកឱប.កខ្ញុំ ហើយលួងលោមខ្ញុំ។
- ខ្ញុំស្រឡាញ់អ្នកណាស់ កុំខឹងនឹងខ្ញុំណ៎ា។
មួយខែបន្ទាប់មក ខ្ញុំក៏បានវិលត្រឡប់មកនៅជាមួយប៉ាម៉ាក់ខ្ញុំវិញ ដើម្បីរកការងារធ្វើនៅឯទីក្រុងប៉ារីស។ យើង​ទាំង​ពីរ​តែង​តែ​ផ្ញើ​ដំណឹង​ចំពោះ​គ្នា​និង​គ្នា​តាម​រយៈ​អក្ខរា​ដែល​ជា​ទូត​ដួង​ចិត្ត​។

   យូរៗម្តង យើងបានទទួលទូរសព្ទទៅវិញទៅមក។ លិខិតថ្មីៗរបស់អង់រីយ៉ែតបានបញ្ជាក់ប្រាប់ខ្ញុំថា នាងកំ​ពុង​ធ្វើ​សំបុត្រ ហើយ​ទាក់​ទង​មេ ​ធាវី​របស់​នាង ដើម្បី​ធ្វើ​ពាក្យ​សុំ​លែង​លះគ្នាជាមួយស្វាមីនាងដែលប្រើអាកប្បកិរិយាកម្រោលដាក់នាងឥត​ឈប់​ឈរ​។ នាង​ពុំ​អាច​ទ្រាំ​ទ្រត​ ទៅ​ទៀត​កើត​ឡើយ​។ ក្នុង​រយៈ​ពេលនៃការរង់ចាំការលែងលះរវាងអង់រីយ៉ែត និងស្វាមីនាង ខ្ញុំបានស្គាល់នាង​ម្នាក់​ដែល​ជា​បុត្រី​សម្លាញ់​ជិត​ ដិត​របស់​លោក​ប៉ា​ខ្ញុំ​។ តា​រាវី ជានារីខ្មែរយើង។ នាងមានរូបរាងតូចច្រឡឹងសម្បុរស្រអែម សក់វែងអន្លាយ។ ភក្រ្ត​មាន​អំ​ណោយ​ទាន​គួរ​ឲ្យ​ ស្រ​ឡាញ់​ណាស់​។ នាង​មាន​វាចា​មួយ​ៗពិរោះទន់ភ្លន់ផ្អែមល្ហែម ឫកពាស្លូតបូតសុភាពរាបសាថ្លៃថ្នូរ។ យើង​ឧស្សាហ៍​បាន​ជួប​គ្នា​ញឹក​ញាប់​រៀង​ រាល់​ថ្ងៃ​ចុង​សប្តាហ៍ ព្រោះ​តារាវី​ជា​មិត្តនារីរបស់ប្អូនស្រីខ្ញុំ។ ពេលវេលាបាននាំឲ្យខ្ញុំបានស្គាល់ចំណូលចិត្ត​របស់​តារាវី​។មាន​ចំណុច​ជា​ច្រើន​មិន​ ស្រប​ទៅ​តាម​ចំណង់​ចំណូល​ចិត្តខ្ញុំឡើយ។ នាងមិននិយមរាំរញាក់រញ័រ មិននិយមស្តាប់ចម្រៀងបរទេស​ក្រៅ​ពី​បទ​ចម្រៀង​ខ្មែរ​យើង​។ ពេល​មួយ ខ្ញុំ​សាក​ល្បង​បបួលតារាវី។

- យើងគិតនាំទៅស្រូបខ្យល់នៅព្រៃវ៉ាំងសែន (Bois de vincennes) ម្តងឬ?
- តើបងសំណាងគិតទៅប៉ុន្មាននាក់?
- តែពីរនាក់យើងប៉ុណ្ណោះណាតារាវី!
- យី! អីក៏ស្រួលម្ល៉េះ ខ្ញុំខ្មាសគេណាស់។
- ខ្មាសរឿងអី?
- ខ្មាសរឿងប្រុសនិងស្រីដើរតែពីរនាក់អីចឹង វាមិនសម។ ខ្ញុំមិនធ្លាប់ទេ!
- បើមិនធ្លាប់ត្រូវទម្លាប់ខ្លះទៅណ៎ានៅស្រុកគេ!
- ទេ! ខ្ញុំមិនទម្លាប់ផ្តេសផ្តាសទេ ទោះបីខ្ញុំរស់នៅក្នុងទ្វីបអឺរ៉ុប។ ខ្ញុំប្តេជ្ញាថា ខ្ញុំនឹងដើរតែជាមួយបុរសណាដែលជាគូដណ្តឹងរបស់ខ្ញុំ។
- អីចឹង! ចុះបើខ្ញុំសុំធ្វើជាពួកម៉ាក់របស់តារាវី ថាម៉េចដែរ?
- ពួកម៉ាក់? ពួកម៉ាក់យ៉ាងម៉េច បែបខ្មែរ ឬបែបបរទេសនិយម?
- បែបខ្មែរយ៉ាងម៉េច បែបបរទេសយ៉ាងម៉េច?
- កុំធ្វើពើច្រើនពេក ខ្ញុំដឹងរឿងរបស់បងសំណាងឯងអស់ហើយ!
- ដឹងរឿងអស់ហើយ បើខ្ញុំសុំធ្វើពួកម៉ាក់បែបមិនសុខចិត្តទេមើលទៅ?
- ចុះយើងមានជាសត្រូវនឹងគ្នាពីកាលណា?
- តែ! នែ! ចុះបើដឹងរឿងខ្ញុំខ្ទេចខ្ទីយ៉ាងហ្នឹង តារាវីឯងស្អប់ទេប្រុសដូចខ្ញុំ?
- ដឹងអី? សួរខ្ញុំអីយ៉ាងនេះ។ ខ្ញុំមិនដែលគិតដល់រឿងនេះផង?
- ខ្ញុំចង់ដឹងចិត្ត តារាវីឯងដល់ហើយ។ ឧបមាថា បើតារាវីមានស្វាមី អ��ហ៍សូមទោស ឬគូដណ្តឹង​ដែល​មាន​ប្រ​វត្តិ​ដូច​ខ្ញុំ​។ តើ​តារាវី​យល់​ឃើញ​ដូច​ម្តេច​?​
- យីដូចជាប្លែកណាស់ហ្ន៎! បងសំណាង ថ្ងៃនេះ។ តាំងពីយើងស្គាល់គ្នា បងពុំដែលសួរ​ខ្ញុំ​ដូច្នេះ​សោះ​។ បង​ហាក់​ដូច​ជា​ចង់​បាន​ចម្លើយ​ខ្ញុំ​ខ្លាំង​ណាស់​មែន​ទេ បានប្រយោជន៍អ្វី?… អតីតកាលរបស់បុរសមិន​សំ​ខាន់ គួរ​យក​មក​លាយ​ឡំ​នឹង​បច្ចុប្បន្ន​កាល​ទេ​។ រឿង​ដែល​កន្លង​ហួស​ទៅ​ហើយ បើ​បង​ចេះកែចិត្តគំនិត វានឹងរឹតតែប្រសើរទៅវិញទេតើ!
- ប៉ុន្តែ វាអាចមានទម្ងន់ខ្លះមកលើបច្ចុប្បន្នកាលដែរណ៎ា តារាវី!
- បងសំណាងឯងមិនមែនជាមនុស្សគិតច្រើន ស្រាប់តែថ្ងៃនេះ លោតែចេះគិតគូរសាកសួរអ្វីច្រើនម្ល៉េះ?
- មែន! តាំងពីខ្ញុំស្គាល់ តារាវី ខ្ញុំចេះតែមានចិត្តប្លែកៗ ប្លែកច្រើនណាស់។ ខ្ញុំចង់ស្គាល់តារាវី​ឲ្យ​ច្បាស់​ជាង​នេះ​។ ខ្ញុំ​សុំ​រូប​ថត​មួយ​សន្លឹក​បាន​ឬ​ទេ​?
- យី! យករូបខ្ញុំទៅធ្វើអី? យកទៅអួតបង្ហាញគេថា ខ្ញុំជាសង្សាររបស់ខ្លួនហើយមើល​ទៅ​។ បើ​យ៉ាង​ហ្នឹង​មែន​ ខ្ញុំ​អត់​ឲ្យ​ដាច់​ខាត កុំ​សង្ឃឹម​ឲ្យ​សោះ!
- ទេ! ខ្ញុំយកមកលាក់ទុកម្នាក់ឯងដាក់ក្នុងកាបូបមិនឲ្យអ្នកណាឃើញទេ។ ខ្ញុំទុកមើលតែម្នាក់ឯងគត់…

   ខ្ញុំបានជូនរថយន្ត តារាវីទៅផ្ទះនាងវិញ។ នៅតាមដងផ្លូវ ខ្ញុំគិតមិនឈប់។ កាលពីគ្រាមុន ខ្ញុំនឹកថា អ្វីៗ​ដែល​ស្ថិត​ជាប់​ក្នុង​អា​រម្មណ៍​ពុំ​មាន​ គ្រា​រសាយ​នោះ​ គឺ​ស្រ​មោល​ស្នេហ៍​របស់​ ប៉ាទីន​យ៉ា ដែល​តែង​តែ​អន្ទោល​តាម​រូប​កាយ​ខ្ញុំជា​និច្ច​។ ខ្ញុំ​ហាក់​ជឿ​ខ្លួន​ឯង​ថា ទោះ​បី​ខ្ញុំ​ត្រូវ​រៀប​ ការ​ជា​មួយ​នារី​ណា​ម្នាក់​ទៀត​ក៏​ខ្ញុំពុំអាចបំភ្លេច ប៉ាទីនយ៉ា នារីកូនកាត់ថៃបានងាយៗដែរមើលទៅ។ រីឯការ​នឿយ​ណាយ​ក្នុង​ការ​រង់​ចាំ​ចាប់​ យក​សេចក្តី​ស្នេហា​មួយ​ទៀត​ជា​មួយអង់រីយ៉ែតដែលជាស្រមោលស្នេហ៍ថ្មី ដែលចាប់ផុត ចាប់ពុំបាន វា​ប្រ​ហែល​ជា​ជិត​ដល់​ទី​បញ្ចប់​ដែរ​។ ខ្ញុំ​ពុំ​អាច​រង់​ចាំ​ផ្សង​ព្រេង​ធ្វើ​ជា​សា​ហាយ​របស់អង់រីយ៉ែត តទៅទៀតទេ។ ម្តងនាងបញ្ជាក់ថា នាងបានប្តឹង​លែង​លះ​គ្នា​។ ក្រោយ​មក​ទៀត​ នាង​ទូរ​សព្ទ​មក​ខ្ញុំ​ថា ស្វាមី​នាង​អង្វរ​លន់​តួនាងៗក៏ដកពាក្យនោះ ចេញហើយក៏បានកំណត់ពេលជាថ្មីសម្រាប់ឲ្យខ្ញុំគេងរង់ចាំ។

   នៅទីបំផុត ខ្ញុំសម្រេចចិត្តជម្រាបប៉ាម៉ា់ក់ខ្ញុំឲ្យចូលស្តីដណ្តឹង កញ្ញាតារាវី។ យើងក៏បានកំណត់ពិធីភ្ជាប់​ពាក្យ​ភ្លាម​ៗ​។ ក្នុង​ថ្ងៃ​ភ្ជាប់​ពាក្យ​របស់​ខ្ញុំ​ និង​អូន តារាវី មាន​គេ​មក​ហៅ​ខ្ញុំ​ឲ្យ​ទៅ​ទទួល​ទូរ​សព្ទមួយពីនារីម្នាក់ គឺអង់រីយ៉ែត។ នាងបាននិយាយប្រាប់ខ្ញុំទាំងទឹកចិត្តរីករាយ។

- ខ្ញុំបានលែងលះគ្នាដាច់ស្រឡះហើយជាមួយប្តីខ្ញុំ។ តើសំណាងឯងសប្បាយចិត្តទេ!
(ខ្ញុំភ្ញាក់ផ្អើលស្ទើរតែមិនជឿពាក្យទាំងនោះទាល់តែសោះ។)
- ថាម៉េច? លែងគ្នាដាច់ហើយ? ឯងនិយាយលេងឬអង់រីយ៉ែត?
- ពិតណ៎ា សំណាងមិនជឿខ្ញុំទេឬ?
- ល្អ! ឥឡូវនេះខ្ញុំមានការបន្តិច ចាំខ្ញុំហៅទូរសព្ទទៅវិញ។ ថ្ងៃក្រោយ យើងនិយាយគ្នាម្តងទៀត។ សូម​ទោស ថ្ងៃ​នេះ​ខ្ញុំ​កំពុង​តែ​ជាប់​រវល់​ខ្លាំង​ណាស់​!
- រវល់អីខ្លះ?
- មានបុណ្យទាននៅផ្ទះខ្ញុំ! ពុទ្ធោអើយ! តើមានអ្វីដែលធ្វើឲ្យខ្ញុំពិបាកចិត្តស្មើនឹងបានទទួលដំណឹងនេះ។ ខ្ញុំ​ខំ​រៀប​ទឹក​មុខ​ខ្ញុំ​ឲ្យ​ស្រួល​បួល​ ដើម្បី​កុំ​ឲ្យ​ភ្ញៀវ​និង​ក្រុម​ញាតិ​ខ្ញុំ​សង្ស័យ។ ចុះហេតុអ្វីក៏ បណ្តឹងលែងលះរបស់អង់រីយ៉ែត មិនសម្រេច នៅមុនពេលខ្ញុំស្គាល់តារាវី ហើយ​ទើប​នឹង​សម្រេច​នៅ​ពេល​នេះ​?​។

s s
s

តារាវីរង់ចាំខ្ញុំនៅចំណតអាកាសយាន ORLY CHARLES de GAULLE ។ ខ្ញុំដើរឆ្ពោះទៅរកនាងយ៉ាងលឿន។ ក្នុងចិត្តនឹកអាណិតចិត្តស្រី ដែលខំជិះរថយន្តក្រុងមកចាំទទួលខ្ញុំ ។ តារាវីនារីតូចតន់សម្លឹងភក្ត្រខ្ញុំយ៉ាងពិនិត្យពិច័យមួយស្របក់ធំទើបហ៊ានផ្តើមវាចាសួរ ។
- មុខបងសំណាង ដូចជាស្លេកស្លាំងម្ល៉េះ បែបមិនស្រួលខ្លួនក្នុងពេលធ្វើដំណើរទេដឹង?
- បងអត់ឈឺអីទេ ប្រហែលមកពីបងដើរលេងច្រើនពេក។
- ប្រហែលជាបងបានសប្បាយណាស់។ បងបានជួបនាងអង់រីយ៉ែតសម្លាញ់ចិត្តបងទេ?
- កុំនិយាយរឿងហ្នឹងអី បងសុំចិត្ត។ បងប្រញាប់ត្រឡប់មកវិញឲ្យទាន់ថ្ងៃបុណ្យខួបរបស់អូនតារាវី!
- បងនឹកដល់ថ្ងៃបុណ្យខួបកំណើតខ្ញុំមែនឬ? ខ្ញុំស្មានតែបងភ្លេចឈឹងទៅហើយ។
- ភ្លេចឯណាបាន ម្ចាស់ថ្លៃអើយ!
- ចេះតែថាហើយ នៅចំពោះមុខខ្ញុំ បងថាអីចឹង។ពេលបងជួបអង់រីយ៉ែតមុខជាផ្អែមជាមួយគេ…
- កុំលើកឈ្មោះនេះមករម្លឹកឲ្យបងឮទៀតអូនតារាវី បងសូមអង្វរ។
- សូមទោស បងសំណាង។
- គ្មានទោសពៃរ៍អ្វីទេ អូនតារាវី។ គ្មានអ្នកណាអាចខឹងអូនបានទេ! ទិវារាត្រី សប្តាហ៍ និងខែទាំងឡាយដែលបាន​ផ្តុំ​ច្រ​បល់​និង​ផ្ទុក​ក្តី​អំពល់​ ភាព​ តាន​តឹង លាយ​ឡំ​ជា​មួយ វិប្ប​ដិសារី​នៃ​អតីតកាល ឬបច្ចុប្បន្នកាលនៅក្នុងដំណើរជីវិតផ្សងព្រេងមួយរបស់ខ្ញុំ វាត្រូវតែមានពេលបញ្ចប់ នាកាលៈទេសៈមួយ គឺនៅថ្ងៃ ខ្ញុំសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយអូនតារាវីនារីខ្មែរប្រចាំជីវិតរបស់ខ្ញុំ។ រឿង​មួយ​ដែល​ខ្ញុំ​មិន​ដែល​នឹក​ នា​ដល់​សោះ​បាន​កើត​មាន​ឡើង គឺ​នៅក្នុង​ពិធី​មង្គល​ការ​របស់​យើង។ ខ្ញុំបានបណ្តើរអូនតារាវីសំដៅទៅ​រថ​យន្ត ស្រាប់​តែ​យើង​ឃើញ…​
- អង់រីយ៉ែត!!
ខ្ញុំភ្ញាក់ផ្អើលហៅឈ្មោះនេះភ្លាត់សំឡេង។ អង់រីយ៉ែតឈរឱបកញ្ចប់អំណោយអពាហ៍ពិពាហ៍មួយ ធំ​កំ​ប្រោន​ៗ ក្រោម​គ្រាប់​ព្រិល​ដែល​ធ្លាក់​​មក​​រពុយ​​ដណ្តប់​​លើ​​ផែន​​ពសុធា​។
- ច៎ាះ! គឺខ្ញុំ… ខ្ញុំដឹងថាសំណាងមិនចង់ឃើញមុខខ្ញុំ ទេ។ ខ្ញុំដាច់ចិត្តមកទីនេះ មិនមែនមានបំណង ឆា​ឆៅ​ធ្វើ​ឲ្យ​ល្អក់​កករ​អា​រម្មណ៍​និង​សុភ​មង្គល​ របស់​សំណាង និង​ភរិយា​អ្នក​ទេ​។ ខ្ញុំ​កាត់​ចិត្ត​មក​ទាំង អាម៉ាស់ក្នុងឱកាសនេះដើម្បីជូនពរគូស្វាមីភរិយាថ្មីថ្មោង និង​សុំ​ឃើញ​មុខ​សំណាង​ចុង​ ក្រោយ ហើយ​យើង​លា​បែក​គ្នា កម្ទេច​អនុស្សាវ​រីយ៍​របស់យើងឲ្យរលាយក្នុងថ្ងៃនេះតែម្តង…។ ខ្ញុំស្រឡាំងកាំង អណ្តាត​ខ្ញុំ​ខ្ទាស់ រក​ពាក្យ​ណា​ មួយ​មក​និយាយ​ឆ្លើយ​តប​នាង​អង់​រីយ៉ែត​វិញពុំបាន។ ខ្ញុំមើលមុខតារាវី នាងដាក់ទឹកមុខជ្រុប។ ខ្ញុំរឹតតែពិបាកចិត្តតឹង​ទ្រូង​ខ្លាំង​ឡើង​ៗ​។ អង់រី​យ៉ែត​ ឃើញ​អាកប្ប​កិរិយា​មិន​ប្រក្រតីរបស់ខ្ញុំ ក៏ប្រញាប់បញ្ចេញសូរសៀងបន្ថែម ៖
- ណេះ សូមសំណាងទទួលយកអំណោយដំណាងដួងចិត្តស្មោះ និងអស់សង្ឃឹមមួយដោយរីករាយផងចុះ។ ទោះ​បី​ជា​សំណាង​ស្អប់​ខ្ញុំ​ យ៉ាង​ណា​ក្តី​ សូម​អ្នក​ទទួល​យក​វត្ថុ​នេះ​ទៅ​។ ខ្ញុំបានជ្រើសរើសសម្រាំងសម្រាប់ជាចំណងដៃអ្នក និងភរិយាដ៏ល្អ​ស្អាត​ប្រិម​ប្រិយ៍​របស់​អ្នក​ណា៎​។ ខ្ញុំ​លា​ហើយ​សំណាង លា​អ្នក​លុះអវសានជីវិត…

    ថារួចនាងរត់ចេញទៅ រត់ទៅមុខ… តើនាងទៅណា? នាងមកជាមួយអ្នកណា? ឬមួយនាងត្រូវត្រឡប់​ទៅ​ស្រ្តាស​បួរ​វិញ​ទាំង​អ​ធ្រាត្រ​? នៅ​ក្នុង​រថ​យន្ត តារាវី​ឥត​និយាយ​ស្តី​អ្វី​ទាំងអស់។ នាងរក្សាភាពស្ងៀមស្ងាត់នេះតាំងពីភោជនីយដ្ឋានរហូតដល់​បន្ទប់​ដំណេក​យើង​ផ្ទាល់​។ ស្ថិត​ ក្រោម​អាវ​រាត្រី​ពណ៌​ស​ប៉ាក់​ជរ​យ៉ាង​ស្អាត ដែលជាពណ៌ដំណាងភាពបរិសុទ្ធ តារាវីភរិយាពេញច្បាប់របស់​ខ្ញុំ​ឈរ​បែរ​ខ្នង សម្លឹង​មើល​ទិដ្ឋ​ភាព​ ខាង​ក្រៅ​ផ្ទះ​ដែល​លម្អ​ព្រិល​ដែល​កំពុង​ធ្លាក់។ ខ្ញុំបោះជំហានមួយៗទៅជិតនាង ហើយ ឱបក្រសោបកាយស្រីពីក្រោយថ្នមៗ។

- តារាវីម្ចាស់ជីវិតបង កុំខឹងអូនណាអូន។ បងសូមទោស បង… បងស្តាយណាស់។ បងគ្មានបំណង​ធ្វើ​ឲ្យ​អូន​ល្អក់​កករ​ចិត្ត​ដោយ​សារ​រឿង​កន្លង​ទៅ​នេះ​ទេ​។
    តារាវីហាក់ទោរទន់នឹងពាក្យអង្វររបស់ខ្ញុំ។ ខ្ញុំស្គាល់ចិត្តនាងច្បាស់ថា នាងជានារីម្នាក់ដែលមានបេះដូង​សម្រាប់​​តែ​​អាណិត​​ជួយ​ឈឺ​ឆ្អាល​ និង​មេត្តា​សន្តោស​ប្រោស​ប្រណី​។ នាង​មាន​បេះ​ដូង​ដែលពោរពេញទៅដោយសប្បុរសធម៌និង​មនុស្ស​ធម៌​។ បញ្ច​​ពិត​​កល្យា​ណី បង្ហូរ​វាចា​ ស្រាល​ទន់​ត្រជាក់​តប​ខ្ញុំ​វិញ៖
    - អូនគ្រាន់តែសោកស្តាយបន្តិច ប្រសិនបើអូនមិនព្រមរៀបការជាមួយបងនោះ ម្ល៉េះសមអង់រីយ៉ែតនិង​បង​មិន​បែក​គ្នា​ទេ​។ តើ​នាង​នឹង​ត្រូវ​គ្រាំ​គ្រា​ចិត្ត​ប៉ុណ្ណា…​។​ អូន​មិននឹកស្មានថា នាងស្រឡាញ់បងដល់ម្លឹង?
- ត្រូវហើយ នាងទើបនឹងលះលែងប្តីដាច់ស្រឡះហើយសង្ឃឹមថា បានជួបបង… តែណ្ហើយអូន កុំ​គិត​គេ​អី​។ ស្រី​បរទេស​ដូច អង់​រី​យ៉ែត​ធ្លាប់​​មាន​ប្តី មិន​យូរ​មិន​ឆាប់ នាង​នឹងបានជួបបុរសណាម្នាក់ទៀតមិនខាន។ នេះក៏ដូចគ្នា​ដែល​នាង​បាន​មក​ជួប​ស្គាល់​បង​កាល​ពី​ដំបូង​ដូច្នេះ​ដែរ​។
តារាវីនារីតូចច្រឡឹងស្តាប់ខ្ញុំនិយាយចប់ ទើបនាងស្រដីតបថា៖
    អាណិតដែរ! ចិត្តស្រីគេស្រីខ្ញុំ ថ្វីត្បិតតែអូនមិនធ្លាប់មានវិបត្តិមនោសញ្ចេតនា តែអូនយល់ចិត្តមនុស្ស​ស្រី​ទូ​ទៅ ទោះ​ជា​សាសន៍​ណា​ក៏ ដូច​សាសន៍​ណា​ដែរ តែង​មាន​មនោ​សញ្ចេត​នា​ទន់ជ្រាយនៅចំពោះហេតុការណ៍អាក្រក់ដែលធ្លាក់មក​លើ​ខ្លួន ជា​ពិសេស​ក្នុង​បញ្ហា​ស្នេហា​។

    - ឈប់នឹកនារឿងនេះទៅ ណ៎ាពៅមាសបង។ អូននេះហើយជាឧត្តមភរិយាតែមួយគត់ដែលបងស្រឡាញ់​មួយ​ជីវិត​។ ជំនួស​ចម្លើយ​ដួង​ចិត្ត តារាវី​ងាក​ភក្ត្រា​ដ៏​ស្រស់​ហើយ​ញញឹម​ដាក់​ខ្ញុំ​។ កល្យាណីដាក់កេសាផ្តេកលើទ្រូងខ្ញុំស្តាប់ចង្វាក់បេះដូងខ្ញុំ ដែល​កំពុង​លោត​ញាប់​ញ័រ​រន្ធត់​ខុស​ពី​ ធម្មតា​។ បេះ​ដូង​នេះ​កំពុង​តែ​ទន្ទេញ​ពាក្យ​មួយ​មាត់ដដែលៗថា «ខ្ញុំស្នេហ៍តែតារាវីដួងចិត្តខ្ញុំ» និងស្រែកសុំអរគុណ​ដល់ «វាសនា​ដែល​បាន​ដឹក​ដៃ​ផ្សា​ភ្ជាប់​និស្ស័យ​ស្នេហ៍» នេះ​ដូច​សេចក្តី​ប្រាថ្នា​។

    ថ្ងៃអាទិត្យ ខែមករា ខ្ញុំនិងភរិយាម្ចាស់ស្នេហ៍ ខ្ញុំបានមកប្រាកដខ្លួនបម្រុងឡើងយន្តហោះធ្វើដំណើរ​កម្សាន្ត​ចន្ទ​ទឹក​ឃ្មុំ នៅ​ទី​ក្រុង​ញ៉ូវ​យ៉ក​ សហ​រដ្ឋ​អា​មេ​រិក​ដូច​ដែល​យើង​បានគ្រោងទុក។ ទោះបីជាខំបំភ្លេចក៏ពិតមែន តែស្រមោលស្នេហ៍អតីត​កាល​ចេះ​តែ​លេច​ធ្លោ​ចេញ​មក​ម្តង​ៗ យ៉ាង​លាក់​លៀម​ក្នុង​ដួង​អារម្មណ៍​ខ្ញុំ។ ជាពិសេសគឺនៅអាកាសយានដ្ឋានCHARLES de GAULLE នេះ។ ទីក​ន្លែង​តែ​មួយ​គត់ ដែល​ខ្ញុំ​បាន​ជូន​ប៉ា ​ទីន​យ៉ា​ឡើង​កប៉ាល់​ហោះ​ទៅ​ក្រុង​បាងកកប្រទេសថៃ និង ធ្លាប់ជិះចុងក្រោយបង្អស់ទៅស្ត្រាស់បួរ៍​ជួប​អង់​រី​យ៉ែត​ក្នុង​ពេល​ថ្មី​មុន​ថ្ងៃ​អពាហ៍​ ពិពាហ៍​មហា​ទិវា​នៃ​ជីវិត​ខ្ញុំ​ជាមួយអូនតារាវី នារីខ្មែរភរិយាកំពូលដួងចិត្តខ្ញុំ ៕

ស្រ្តាស់បួរ៍ ថ្ងៃទី ១ វិច្ឆិកា ១៩៨៤
កែសម្រួលចុងក្រោយនៅម៉ុងទីញីប្រទេសបារាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២