​រឿង​ព្រាត់​ស្នហ៍​នៅ​មណ្ឌល​គីរី បាន​លាត​ត្រដាង​អំពី នារី​ម្នាក់​ឈ្មោះ​នាង​​មណ្ឌល​គីរី​ ​ជា​កូន​ក្រមុំ​មេ​កន្ត្រាញ​ភ្នំ​យុក​ណាំ​លៀរ នៃ​ជន​ជាតិ​ភាគ​តិច​ដ៏​មាន​រូប​ឆោម​ល្អ​ល្អះ ម្នាក់ បាន​ចាប់​ចិត្ដ​ប្រតិ​ពត្ដិ​ស្នេហ៍ ស្រលាញ់​ជា​មួយ​កំលោះ​ម្នាក់​នៅ​អូរ​រាំង​ឳ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ក្នុង​ពីធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​វត្ដ​មួយ​។ សេច​ក្ដី​ស្នេហា​នេះ​បាន​រីក​ចំរើន មាន​កំលាំង​ធំ​ធេង​ជា​លំដាប់ ទោះ​ស្នេហា​នេះ​ជា​ទំនាស់​រវាង​វណ្ណ​សង្គម​ខ្មែរ​ជន​ជាតិ នឹង វណ្ណ​សង្គម​ខ្មែរ​អ្នក​ផ្សារ​យ៉ាង​ណា​ក៏​ដោយ​។

មេ​កន្ដ្រាញ​ភ្នំ​យុក​ណាំ​លៀរ​បុរស​ពោះ​មាយ បាន​សំដែង​ពី​ការ​ស្រលាញ់​កូន​ស្រី (នាង​មណ្ឌល​គីរី) យ៉ាង​ខ្លាំង ហើយ​ក៏​មាន​ចិត្ដ​ចង់​ទុក​ភារៈ​ស្នេហា​នេះ​អោយ​កូន​ស្រី​ជា​អ្នក​សំរេច​ជ្រើស​រើស​ដោយ​ខ្លួន​អែង​ផង​ដែរ មេ​កន្ដ្រាញ​ភ្នំ​យុក​ណាំលៀរ ខិត​ខំ​ពង្វាវ​គូ​ដណ្ដឹង​នៃ​កូន​កំលោះ​ជន​ជាតិ​ម្នាក់​ទៀត​អោយ​រង់​ចាំ​អស់​ពេល​យ៉ាង​យូរ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មេ​កន្ត្រាញ​រូប​នេះ​នៅ​តែ​ពុំ​អាច​ប្រ​ឆាំង នឹង​វណ្ណ​សង្គម​បាន​ទេ ទំនៀម​ទំលាប់​បាន​គៀប​សង្កត់​អោយ​គាត់​ត្រូវ​តែ​គោរព​ច្បាប់ គោរព​ជន​ជាតិ​របស់​គាត់ បើ​ទោះ​ជា​ត្រូវ​ឈឺ​ចុក​ចាប់ ខ្វះ​សីល​ធម៌ មេត្ដា​ធម៌​យ៉ាង​ណា​ក៏​ដោយ​។​

ក្រោយ​ពី​បាន​ដឹង​ថា នាង​មណ្ឌល​គិរី និង កំលោះ​សូផាន​មាន​ទំនាក់​ទំនង​ស្នេហា​ស្រលាញ់​គ្នា មេ​កន្ដ្រាញ និង បក្ខ​ពួក​កូន​ក្រុម បាន​នាំ​គ្នា​ទៅ​ចាប់​កំលោះ​សូផាន គូ​ស្នេហ៍​នាង​មណ្ឌល​គីរី ចង​ធ្វើ​ទារណ​កម្ម និង ធ្វើ​ពិធី​កាត់​ក្បាល​សែន​ថ្វាយ​អ្នក​តា​ព្រៃ​ភ្នំ​តាម​ទំនៀម​ទំលាប់​នៃ​ជន​ប្រ​ព្រឹត្ដ​ខុស​ក្នុង​សីល​ធម៌​ស្នេហា​លួច​លាក់​​។ ក្នុង​ពិធី​នេះ មេ​កន្ដ្រាញ និង បក្ខ​ពួក​បាន​ផឹក​ស្រា​បង្កប់​ដោយ​ថ្នាំ​សន្ដំ ធ្វើ​អោយ​ស្រវឹង ទោ​ទន់​លង់​លក់​ក្នុង​ដំណេកទាំងអស់​​គ្មាន​សល់​ម្នាក់ នាង​មណ្ឌល​គីរី​ដែល​ជា​អ្នក​រៀប​ចំ​គំរោង​ការ បាន​លប​លួច​ចូល​ទៅ​ស្រាយ​ចំណង​គូស​ង្សារ ហើយ​នាំ​គ្នា​រត់​កាត់​ព្រៃ​ចូល​ទៅ​ល្រុក​អូរ​រាំង​ឳ​ដែល​ជា​ទី​លំ​នៅ​របស់​កំលោះ​សូផាន​បាត់​ទៅ​។

មក​ដល់​ផ្ទះ​សូផាន ទំនាស់​វណ្ណ​សង្គម​ស្នេហា​មួយ​ទៀត​បាន​ផុស​ឡើង​សារ​ជា​ថ្មី ម្ដាយ​កំណាច អសីល​ធម៌​របស់ សូផាន មិន​ព្រម​ទទួល​ស្គាល់ នារី​មណ្ឌល​គិរី​ជា​កូន​ប្រសារ​ទេ ព្រោះ​នាង​ជា​នារី​ភ្នង​ព្រៃ​ភ្នំ​ស្ថិត​ក្នុង វណ្ណៈ​ខុស​គ្នា។ មីង​តៅ ម្ដាយ​កំណាច​ចិត្ដ​រិស្សា បាន​ប្រើ​អំពើ​ហឹង្សា​ធ្វើ​បាប​រាង​កាយ​គ្រប់​បែប​យ៉ាង​ទៅ​លើ​នាង​មណ្ឌល​គីរី ហើយ​បាន​អូស​ទាញ​អោយ​សូផាន ទៅ​រៀប​ការ​ជា​មួយ​នារី​ថ្មី​ម្នាក់​ទៀត​ដែល​គាត់​បាន​ស្ដី​ដណ្ដឹ​ងទុក​។

នាង​មណ្ឌល​គីរី​ដែល​ទ្រាំ​រួម​រស់​លែង​កើត​ក្នុង​ផ្ទះ​ម្ដាយ​ក្មេក​ចិត្ដ​យក្ស​រិស្សា បាន​លួច​រត់​ចេញ​ទៅ​រស់​នៅ​ជា​មួយ​មេ​កន្ដ្រាញ​ជា​ឳពុក​នៅ​អែ​ភ្នំ​យុក​ណាំ​លៀរ​វិញ​។ មេ​កន្ដ្រាញ​បាន​លើក​នាង​អោយ​ទៅ​បុរស​ជន​ជាតិ​ម្នាក់​ទៀត​។ ថ្ងៃ​រៀប​ការ​មក​ដល់ ភ្លេង​វង់​តន្ដ្រី​កំពុង​ប្រគំ​យ៉ាង​រងំ បង​ប្អូន​ជន​ជាតិ បក្ខ​ពួក​មេ​កន្ដ្រាញ​ផឹក​ស្រា សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​។ ស្បៃ​ងងឹត​នៃ​រាត្រី​កាល​ធ្លាក់​មក​ដល់ នាង​មណ្ឌល​គិរី​ស្ថិត​ក្នុង​សំលៀក​បំពាក់​អាពាហ៍​ពិពាហ៍​យ៉ាង​ស្អាត​ប្រិម​ប្រិយ ក្នុង​ភាព​ងងឹត​អន្ធ​កាល នាង​លួច​ផ្លោះ​បង្អួច ធ្វើ​ដំណើរ​ទៅ​កាន់​ដង​ស្ទឹង ដែល​មាន​ទឹក​កំពុង​ហូរ​ធ្លាក់​យ៉ាង​គំ​ហុក​។

ព្រឹក​ព្រាង​ព្រះ​សុរិយារ សូផាន​ដែល​ធ្វើ​ដំនើរ​អស់​មួយ​យប់ មក​កាន់​ភ្នំ​យុក​ណាំ​លៀរដើម្បី​តាម​រក​ភរិយា ដោយ​អស់​កំលាំង​ខ្លាំង​បុរសយើង​បាន​ឈប់​សំរាក​ក្រោម​ដើម​ជ្រៃ​ក្បែរ​មាត់​ស្ទឹង ហើយ​ចុះ​ទៅ​លុប​លាង​មុខ​ក្នុង​ដង​ស្ទឹង។ សព​នាង​មណ្ឌល​គិរី​ដែល​ហូរ​មក​ទើ​នៅ​ទី​នោះ​ធ្វើ​អោយ​សូផាន ក្ដុក​ក្ដួល​យ៉ាង​ខ្លាំង អ្នក​លើក​សព​សង្សារ មក​ដាក់​ក្រោម​ដើម​ជ្រៃ ដំណក់​ទឹក​ភ្នែក​ច្រើន​រាប់​រយ​ដំណក់​ហូរ​បណ្ដេញ​គ្នា​អិត​ឈប់​ឈរ អ្នក​លើក​ដៃ​ប្រណម្យ​បួង​សួង​នៃ​ជីវិត​ចុង​ក្រោយ​។

រឿង​ស្នេហា​ជា​ច្បាប់​ធម្ម​ជាតិ​មែន​ពិត តែ​រឿង​ស្នេហា រឿង​ស្រលាញ់​ដែល​ត្រូវ​ហាម​ឃាត់ ដោយ​វណ្ណៈ ខ្ពស់​ទាប មាន​ក្រ វា​ជា​សង្គម​បរិកាស​យ៉ាង​ចង្អៀត​ចង្អល់​នៅ​គ្រប់​សម័យ​កាល មិន​អាច​កែ​កុន រឺ ជៀស​វាង​បាន​ឡើយ។ ក្នុង​រឿង​និទាន​បុរា ប្រាសាទ​នាង​ខ្មៅ នាង​ខ្មៅ​បុត្រី​នៃ​ព្រះ​មហា​ក្សត្រ​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត ព្រោះ​បាន​លួច​លាក់​ស្រលាញ់​ស្នេហា​យ៉ាង​ជ្រាល​ជ្រៅ​ជា​មួយ​បុរស​កំ​សត់​ក្រី​ក្រ​ម្នាក់ តែ​ត្រូវ​បាន​លើក​សំរាល​ទោស​ខ្លះ ដោយ​គ្រាន់​តែ​នីរ​ទេស​វិញ​។ ក្នុង​រឿង​ទុំទាវ​ផ្កា​ស្រពោន​ជាដើម សុទ្ធ​សឹង​ជា​រឿង​សោក​នាដ​កម្ម​ស្នេហា មិន​ចុះ​សំរុង នឹង​សង្គម​បរិ​យា​កាស​ ធ្វើ​អោយ​តួ​អង្គ ធ្លាក់​ចូល​ក្នុង​ឋាននរក​ទាំង​រស​តែ​ម្ដង ចំណែក​រឿង​ព្រាត់ស្នេហ៍​នៅ​មណ្ឌល​គីរី​ក៏​ជា​រឿង​សោ​ក​ដកម្ម​ស្នេហា​មួយ​រហូត​បាត់​បង់​តួអង្គ​ផង​ដែរ។ រឿង​ស្នេហា​ជោគ​ជ័យ​របស់​នាង​ត្រចើង​ដោះក្រាល និង ចៅ​ព្រាន​ប្រមាញ់​វឹង​សុង​បាន​សំដែង​អោយ​ឃើញ ពី​ស្នេហា​បរិសុទ្ធ បើ​ទោះ​បី​ជា​មាន​ឋានៈ ស្ដេច​ផែន​ដី​កៀប​សង្កត់​សង្គម​បរិយាកាស​ក៏​ដោយ ក៏​នាង​ត្រចើង​ដោះ​ក្រាល​មិន​ព្រម​ងាក​មក​ស្រលាញ់ ហើយ​នៅ​តែ​ស្រលាញ់​ចៅព្រាន ព្រៃ​វឹង​សុង​អិត​ងាក​រេ។

រឿង​ព្រាត់​ស្នេហ៍​នៅ​មណ្ឌល​គិរី ក៍​ជា​រឿង​មួយ​ឆ្លុះ​បញ្ចាំង​នូវ​ស្នេហា​បរិសុទ្ធ​រវាង​ក្រមុំ​ជន​ជាតិ នឹង​កំលោះ​ទី​ក្រុង ដែល​អ្នក​និពន្ធ​ចង់​លើក​បង្ហាញ​អំពី​សង្គម​បរិយា​កាស​ខុស​គ្នា ទំនៀម​ទំលាប់​ស្នេហា ទំនៀម​ទំលាប់​ប្រពៃ​ណី ដែល​ជា​ទំនាស់​ក្នុង​សង្គម​វណ្ណ​គ្រប់​កាល​ទេស​គេ​មិន​អាច​លើក​លែង​បាន​ឡើយ ហើយ​ជា​ពិសេស​គឺ​រឿង​ស្នេហា​នេះ​តែ​ម្ដង​។ យើង​សង្កេត​ឃើញ​ថា ទំនាស់​ចាស់​ទុំ ប្រកាន់​បែប​បុរាណ​ខ្លាំង​ពេក និង​ការ​ប្រកាន់​វណ្ណៈ​ខ្ពស់​ទាបមាន​ក្រ ទាំង​អស់​នេះ មិន​អាច​កែ​រារាំង​បញ្ហា​ស្នេហា​បាន​ឡើយ​។ នាង​មណ្ឌល​គិរី ក្រមុំ​ជន​ជាតិ​គួច​ប្រតិ​ពត្ដ​ស្រលាញ់​កំលោះ​ទី​ក្រុង ប្រឆាំង​នឹង​ទំនៀម​ទំលាប់​របស់​នាង គឺ​ជា​ស្ថាន​ភាព​ស្នេហា​ដ៏​ធំធេង​បែប​ធម្ម​ជាតិ​ម្យ៉ាង រមែង​កើត​ឡើង​គ្រប់​កាល​ទេស គ្មាន​អ្វី​អាច​ទប់​ស្កាត់​បាន​ឡើយ ហើយ​បើ​ទោះ​បី​ជា​ច្បាប់​រំលោភ​ខុស​សីល​ធម៌​ស្នេហា​នេះ​ត្រូវ​ដាក់​ទោស​ប្រហារ​ជីវិត​យ៉ាង​ណា​ក៏​ដោយ​។ ការ​ចាប់​កំលោះ សូផាន​ ទៅ​រាំ​ផឹក​ស្រា​កាត់​ក្បាល​ថ្វាយ​អ្នក​តា​ព្រៃ​ភ្នំ សំដែង​ពី​ទំនៀប​ទំលាប់​ដ៏​តឹង​រឹង​អស្ចារ្យ គឺ​ជា​ការ​ដាក់​ទោស​មនុស្ស​មិន​អោយ​ប្រ​ព្រឹត្ដ​នូវ​អំពើ​អានា​ចារ្យ អោយ​មនុស្ស​ចេះ​គោរព​សីលធម៌​ក្នុង​សង្គម​ផង​។