មួយខែកន្លងមក ... ។
សូផាន​បាន​រៀប​ការ​ជា​មួយ​កញ្ញា​សារុន​។ រៀង​រាល់​ទិវា​រាត្រី អ្នក​តែង​តែ​អង្គុយ​នឹក​មមៃ​ដល់​មណ្ឌល​គិរី​។ ជួន​កាល​បុរស​ដេក​យំ​សោក​តែ​អែង​។ ទោះ​បី​ភរិយា​ថ្មី​លួង​លោម​ជជីក​សួរ​ហេតុ​ផល​យ៉ាង​ណា សូផាន​មិន​បាន​ប្រាប់​រឿង​របស់​គេ​ទេ គេ​កុហក​ភូត​អោយ​តែ​រួច​ពីមាត់​។ មិន​យូរ​ប៉ុន្មាន​ រូប​កាយ​សូផាន​ស្គាំង​ស្គម ស្បែក​លឿង ភ្នែក​ស្លក់​រហូត​ធ្លាក់​ខ្លួន​មាន​ជំងឺ​ជា​ទំងន់​។ ថ្ងៃ​មួយ សូផាន​អង្គុយ​ហាល​ក្តៅ​កុំ​អោយ​រងា​នៅ​មុខ​ផ្ទះ ឃើញ​នារី​ម្នាក់​ជិះ​សេះ​តំរង់​ចូល​មក​រក​ជិត​ឡើង​ៗ​។ បុរសយក​​ដៃ​​ឈ្លី​ភ្នែក​ខំ​សំលឹង​មើល ​។

- អូនសារឿន ! អូនសារឿនមកវិញហើយ !
-បងផាន! បងផាន!  ព្រឹក​មិញ​នេះ​បង​គិរី​រៀប​ការ​ជា​មួយ​កូន​លោក​មេ​កន្ទា្រញ​កោះ​ញឹក​រួច​ទៅ​ហើយ!​
- គិរីរៀបការជាមួយកូនលោកមេកន្ទ្រាញកោះញឹក ?
- ចា៎ ! បងអញ្ជើញអោយលឿនទៅ ជួយយកបងគិរីមកវិញ !។

ភ្លាម​នោះ សូផាន ហាក់​ជា​ស្បើយ​ក្នុង​ខ្លួន​អស់​រលីង​។ បុរស​ស្លៀក​ពាក់​ឡើង​បំផាយ​សេះ​ជា​មួយ​សារឿន​ទៅ​រក​ភ្នំ​យុក​ណាំ​លៀរ​។ អ្នក​បំបោល​សេះ​គ្មាន​បង្អង់​ដៃ​កាត់​ព្រៃ​ព្រឹក្សា​ភ្នំ​តូច​ធំ​។ បើ​មើល​ទៅ​ជើង​ភ្នំ​អែ​នោះ​វិញ គេ​លឺ​តែ​ភ្លេង​ការ តាម​ទំនៀម​ទំលាប់​ប្រពៃ​ណី​របស់​ពួក​ភ្នំ​។ ស្នូរ​ស្នែង​លាយ​នឹង​គង​ឃ្មោះ​ទ្រហឹង​អឺង​កង​។ រាត្រី​យាង​មក​ដល់ ព្រះចន្ទ​ថ្ងៃ​ពេញ​បូរណ៌មី​រះ​ភ្លឺថ្លា​។ បណ្ដា​រាស្ត្រ​គ្រប់​សាសន៍ មាន​មន​ស្ទៀង កួយ ភ្នង ជ្រាយ​ ជា​​ដើម​នាំ​គ្នា​ស៊ី​ផឹក​សប្បាយ​ពេញ​បរិ​វេណ​គេហដ្ឋាន លោក​មណ្ឌល​។ នារី​ម្នាក់​ស្លៀក​ពាក់​តាម​ប្រពៃ​ណី​អាពាហ៍​ពិពាហ៍ លោត​ចេញ​តាម​បង្អួច​កាត់​ស្បៃ​រាត្រី រត់​តំរង់​ទៅ​រក​ទឹក​ស្ទឹង​ដែល​នៅ​ឆ្ងាយ​ពី​ភូមិ​។ គិរី​នឹក​ឃើញ​ពាក្យ​សម្បថ​ជា​មួយ​សង្សារ ក៏​លើក​ដៃ​សំពះ​ទៅ​ព្រះ​ចន្ទ ដែល​រះ​ថ្លា​ក្រលង់ ហាក់​សំលឹង​មក​រក​រូប​នាង​ស្រស់​ស្រី​ឈរ​មើល​ខ្សែរ​ទឹក​ហូរ​ថ្លា​សែន​ជ្រៅ​។ នាង​លើក​ដៃ​ប្រកាស​បួង​សួង​ឡើង​ថា៖

សូម​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ទេព្តា​ទាំង​មួយ​ម៉ឺន​លោក​ធាតុ អារក្ស​ព្រៃ​ព្រឹក្ស សូម​ជួយ​ធ្វើ​ជា​សាក្សី​នៃ​នាង​ខ្ញុំ​ផង​។ នាង​ខ្ញុំ​សំលាប់​ខ្លួន​វេលា​នេះ គឺ​គោរព​តាម​ពាក្យ​សម្បថ​នៅ​វត្ត​កម្ពី កាល​នាង​ខ្ញុំ នឹង​សូផាន​ស្រលាញ់​គ្នា​ដំបូង​សច្ចា​ថា ​មិន​បែក​ចិត្ត​ចោល​គ្នា​ឡើយ​។ ឥលូវ​មាតា​បិតា​បាន​រៀប​ការ​នឹង​គូ​ថ្មី នាង​ខ្ញុំ​សុខ​ចិត្ត​ពី​ក្ស័យ​ប្រ​ល័យ​ជីវិត​តាម​ខ្សែ​ជល​សា​នេះ​ហើយ​។ សូម​ព្រះ​អង្គ​ជួយ​នាំ​ព្រលឹង​នាង​ខ្ញុំ​ទៅ​ចាប់​ភព​ជា​ថ្មី រង់​ចាំ​បង​សូផាន​កុំបី​ខាន​។

នារី​បួង​សួង​រួច​សង្រួម​កាយ​វាចា​ចិត្ត វិញ្ញាណ លោត​ប្រូង​សំលាប់​ខ្លួន​ទៅ​ក្នុង​ជល​សា​ដ៏សែន​ជ្រៅ​។ ខ្សែ​ទឹក​កួច​ត្រលប់​ត្រលិន​កាយ​ស្រី​ផ្តាច់​សង្ខារ​ក្នុង​វេលា​នោះ​ឯង​។ មិន​យូរ​ប៉ុន្មាន​រូប​កាយ​ស្រី​អណ្ដែត​ទៅ​កឿង​ជាប់​មាត់​ជ្រោះ​មួយ ក្រោ​ម​ដើម​ជ្រៃ​ធំ​ក្បែរ​ទី​ទួល​ដ៏​ខ្ពស់​។ រី​អែ​អ្នក​ស្រុក​ជើង​ភ្នំ​យុក​ណាំ​លៀរ កាល​បើ​បាត់​សាមី​ខ្លួន​ស្រី​ក្នុង​អាពា​ហ៍​ពិពាហ៍​ហើយ ក៏​ចាត់​មនុស្ស កង​កំលាំង​ដើរ​រក​ទាំង​យប់​ជ្រៅ​។ ខ្លះ​ចុះ​រាវ​ក្នុង​អណ្ដូង ស្រះ ខ្លះ​រក​គ្រប់​ដើម​ឈើ​ក្រែង​នាង​ចង​ក​សំលាប់​។ ទោះ​បី​ខំ​រាវ​រក​យ៉ាង​ណា ក៏​ពុំ​បាន​ទទួល​លទ្ធ​ផល​ឡើយ​។ មួយ​យប់​ទាល់​ភ្លឺ គេ​រក​ប្រ​សេច​ ប្រសាច​ពេញ​ព្រៃ​ភ្នំ​។ ព្រះ​អាទិត្យ​រះ​ភ្លឺ​ច្បាស់ បំភ្លឺ​ពេញ​ចក្រ​វាឡ​។ ខ្សែ​ជីវិត​ទារុណ​ទាំង​ទ្វេ បំផាយ​អាជា​នេយ្យ​ដល់​ម្លប់​ដើម​ជ្រៃ ដើម្បី​សំរាក​កំលាំង​លុប​មុខ លាង​ភ្នែក​អោយ​ជ្រះ​ស្រលះ​។ សូផាន​ចង​សេះ​អោយ​ឈរ អ្នក​ចុះ​ទៅ​ក្បង់​ទឹក​លុប​មុខ​។ ស្រាប់​តែ​ប្រទះ​សាក​សព​គិរី​។

- អូនគិរី ! អូនគិរី ! ហ៊ី ... ហ៊ី ... ហ៊ី អូនគិរីស្លាប់ចោលបងហើយ !។
សារឿនភ្ញាក់​រន្ធត់​ចិត្ត​ស្ទុះ​ទៅ​មើល​ឃើញ​សូផាន​ត្រកង​សព​គិរី​ឡើង​គោក​។ សារឿន​ស្រែក​យំ​ង៉ោង​ៗ ជួយ​ត្រកង​សព​បង​ថ្លៃ​។ គេ​យក​រូប​កាយ​គិរី​ដាក់​ផ្តេក​ក្រោម​ដើម​ជ្រៃ ទឹក​ភ្នែក​ហូរ​ហៀរ​ជោក​ថ្ពាល់​។
- អូនសារឿន អោយលឿន​ទៅ​អូន ជំរាប​លោក​មេ​កន្ទ្រាញ​អោយ​ជ្រាប។
- ចា៎ ! បងនៅថែសពចុះ ខ្ញុំទៅហើយ ។

សារឿន​ចេញ​ផុត​ទៅ សូផាន​អោប​ថើប​សាក​សព​យំបង្ហូរ​ននៀល​លើ​កាយ​អសុភ​។ បន្ទាប់​មក​គេ​ប្រវ៉ា​ឡើង​ដើម​ជ្រៃ សួរ​ទៅ​រក​ម៉ែក​យ៉ាង​ខ្ពស់​មួយ ឈរ​សំលឹង​មក​សាក​សព​សង្សារ​ខាង​ក្រោម​ខ្ពស់​ស្រលូង​។ បុរស​លើក​ដៃ​បួង​សួង​ប្រកាស​ដល់​ទេព្តា ព្រះ​អិន្ទ ព្រះ​ព្រហ្ម​រួច​លោត​សំលាប់​ខ្លួន​មក​ក្រោម​ប្រាវ​។ រាង​កាយ​បុរស​ធ្លាក់​បាក់​ក​ខ្ទេច​ខ្ទី​​ឆ្អឹង​ជំនីរ​ដេក​ស្តូក ស្តឹង​ទន្ទឹម​គ្នា​ខ្មោច​លង់​ទឹក​។ ឈាម​ក្រហម​ហូរ​ចេញ​ពី​មាត់​ពី​ច្រមុះ ដល់​ក្តី​មរណ​គ្រា​នោះ​អែង​។
ប���រា���​នាទី​ក្រោយ​មក​លោក​មេ​កន្ទ្រាញ​មណ្ឌល នឹង​បរិវា​រត់​មក​ដល់​។ ឈរ​គោរព​វិញ្ញាណ​ក្ខណ​អ្នក​ទាំង​២ ដោយ​ស្ងៀម​ស្ងាត់​។ បន្ទាប់​មក គេ​លុត​ជង្គង់​វន្ទា​សព​ព្រម​ៗ ​គ្នា លើក​ដៃ​សំពះ​ទៅ​លើ​សូត្រ​ធម៌ ផ្លុំ​ស្នែង​វាយ​គង​រគាំង​ប្រកាស​ថា​ មាន​មនុស្ស​ស្លាប់​។ ពិធី​ធ្វើ​បុណ្យ​បញ្ជូន​វិញ្ញាណ​ក្ខន្ធ​ដល់​គូ​សង្សារ ក៏​ចាប់​ផ្តើម​នៅ​លើ​ទី​ទួល ក្រោម​ដើម​ជ្រៃ ប្រប​មាត់​ស្ទឹង​អស់រយៈ ៣ថ្ងៃ ​។ គេ​កប់​ខ្មោច​ទាំង​២ ក្នុង​រណ្ដៅ​ផ្នូរ​តែ​មួយ​។ ខណះ​នោះ​គេ​ឃើញ​លោក​មណ្ឌល និង​កញ្ញា​សារឿន​ស្លៀក​ពាក់​តាម​ប្រពៃ​ណី​កាន់​ទុក្ខ​ដល់​គូ​ភរិយា​ចិត្ត​ស្មោះ​ត្រង់​ដែល​រំលាយ​ខន្ធ​ទៅ​ចាប់​ភព​ថ្មី នា​ជាតិ​ខាង​មុខ​។ ពិធី​បុណ្យ​បញ្ជូន​មក្គ​ផល​ក៏​បាន​ចប់​សព្វ​គ្រប់ គេ​ដក​ខ្លួន​ថយ​ចេញ​ពី​ផ្នូរ​ខ្មោច​សន្សឹម​ៗ យ៉ាង​ស្ងៀម​ស្ងាត់​។ បក្សា​បក្សី​ហើរ​ទាំង​គូ​ៗ ញី​ឈ្មោល ចេញ​ពី​ទ្រុង​ដែល​គេ​ដាក់​លែង អោយ​ហើរ​នៅ​ក្បែរ​ផ្នូរ​ខ្មោច​។

*............*..............*..............*..............*..............*.............*.............*.............*

ពេល​នោះ លោក​តា​ខ្មៅ​និទាន​រឿង​ចប់​ហើយ ព្រះ​សុរិយា​ក៏​ចាប់​ចត​ចុះ​រក​រូង​ភ្នំ​។ ខ្ញុំ​បាទ​ជា​ភ្នាក់​ងារ​ទាហាន​មួយ​រូប​ក្រោក​ឈរ​គោរព​ ពរ​វិញ្ញាណ​ក្ខន្ធ​ផ្នូរ​ខ្មោច រួច​សំពះ​លា​បង​ប្អូន​ខ្មែរ​លើ​វិល​ទៅ​រក​ជំរំ​កង​វិញ​។ ខ្ញុំ​ដើរ​បណ្ដើរ​គិត​បណ្ដើរ គិត​ថា នឹង​យក​រឿង​ដ៏​ខ្លោច​ផ្សារ ប្រហែល​រឿង​ទុំ​ទាវ​ដែរ​នោះ មក​ចង​ក្រង​ជា​កំរង​រឿង​ឡើង​ទុក​ជូន​ដល់​មិត្ត​អ្នក​អាន​ទូ​ទៅ​អោយ​បាន​ជ្រាប រឿង​ដ៏​ល្អ​នៅ​មណ្ឌល​គិរី​ជំនាន់​ដើម​។ ដូច្នេះ ទោះ​បី​ការ​ចង​ក្រង​និពន្ធ​របស់​ខ្ញុំ​បាទ ក្នុង​រឿង​ពា្រត់​ស្នេហ៍​នៅ​មណ្ឌល​គិរី ពុំ​ក្បោះ​ក្បាយ ខុស​ឆ្គង​ត្រង់​ណា​សូម​អស់​លោក​អ្នក​នាង​អាន មេត្តា​អភ័យ​ទោស​អោយ​ទាន​ ! ។ សូម​អរគុណ ! ។

សរសេរចប់នៅមណ្ឌលគិរី ថ្ងៃ ១៨ កក្តដា ១៩៦៥