- សូផានបានស្រីនេះពីណាមក ស្លៀកពាក់មើលតែភ្នងអីចឹង ? ជាម្តេចនឹងឯង ?
មីងតៅ ជាម្តាយ​សូផាន​ ស្រី​មាត់​រឹង​សំដី​អា​ក្រក់​ចិត្ត​កាច​រិស្យា​ឈរ​ច្រត់​ចង្កេះ​មើល​សូផាន និង​មណ្ឌល​គិរី​ដែល​លុត​ជង្គង់​អោប​ជើង​ម្តាយ សុំ​ទោស​ដែល​រូប​គេ​បាន​ស្រលាញ់​គ្នា​ជា​ប្តី​ប្រពន្ធ​។ សូផាន​អង្វរ និង ជំរាប​ម្តាយ​ដោយ​ត្រង់​។
- ម៉ាក់! ម៉ាក់! សូម​អភ័យ​ទោស​! នាង​ជា​ប្រពន្ធ​របស់​ខ្ញុំ ជា​កូន​លោក​មេ​កន្ទ្រាញ​ភ្នំ​យុក​ណាំ​លៀរ​។ ខ្ញុំ​បាន​ស្រលាញ់​នាង​ស្មើ​ជីវិត​ខ្ញុំ បាន​ស្បថ​ស្បែរ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ពុទ្ធ​រូប​វត្ត​កម្ពីទៅ​ហើយ​ម៉ាក់​អើយ​។​
- ហ៊ឹះ​! អញ​ក្តៅ​ណាស់ អាសូផាន​ឯង​មិន​ត្រូវ​យក​ស្រី​របៀប​នេះ​ធ្វើ​ជា​ប្រពន្ធ​ទេ​។ លែង​វា​ចេញ​ទៅ។ អញ​មិន​អោយ​មី​មនុស្ស​ព្រៃ​មក​ធ្វើ​កូន​ប្រសា​ទេ​។ អញ​បាន​ដណ្ដឹង​នាង​ដា​វ៉ាន់​កូន​អ្នក​ជំនួញ​នៅ​កំពង់​ចាម អោយ​ឯង​រួច​ទៅ​ហើយ ចុះ​ម្តេច​បាន​ឯង​យក​ស្រី​ភ្នង​ធ្វើ​ប្រ​ពន្ធ​?​
- ទេ ! ទេ ! ម៉ាក់ ខ្ញុំមិនស្រលាញ់ដាវ៉ាន់នោះទេ ខ្ញុំស៊ូស្លាប់រស់​ជា​មួយ​អូន​គិរី​ប្រពន្ធ​ខ្ញុំ​មួយ​នេះ!
-  ឯងថ្លើមធំជាង​អញ​ជា​ម្តាយ​ទៅ​ទៀត រឺ​អ្វី ។
-ខ្ញុំមិនធំទេ តែខ្ញុំស្រលាញ់នាងណា ត្រូវ​តែ​យក​នាង​នោះ​។ ចំណែក​ដាវ៉ាន់​ជា​ស្រី​ស៊ី​វីល័យ ខ្ញុំ​មិន​ព្រម​យក​ជា​ដាច់​ខាត​!
- អាសូផាន បើ​អា​ឯង​នៅ​តែ​ចចេស​យក​មី​ថោក​ដូច​អាច់ ធ្វើ​ប្រពន្ធ ត្រូវ​ចុះ​ចេញ​ពី​ផ្ទះ​អញ ៗ​កាត់​កាល់​លែង​រាប់​ឯង​ជា​កូន​!
- តាម​ចិត្ត​ម៉ាក់​ចុះ បើ​ម៉ាក់​អាណិត​កូន ស្អប់​កូន​តាម​ម៉ាក់​យល់​ឃើញ​។ ទោះ​បី​គិរី​ជា​ស្រី​ថោក​ទាប​ដូច​អាច់ បើ​ខ្ញុំ​ស្រលាញ់ ហើយ​នាង​ក្លាយ​ទៅ​ជា​មាស ជា​ពេជ្រ​ សំរាប់​សុភ​មង្គល​របស់​ខ្ញុំ​ណា៎​ម៉ាក់​!​។
- លោក​អើយ​! ស្តាប់​ចុះ អា​កូន​អកតញ្ញូ​វា​បញ្ចេញ​សំដី អួត​សរ​សើរ​វា​ រមិល​គុណ​ខ្ញុំ​ជា​ម្តាយ ដែល​ចិញ្ចឹម​វា​ពី​តូច​រហូត​ដល់​ធំ វា​ក្លាយ​ទៅ​ជា​សត្វ​ក្រពើ​ហើយ​តើ​!
- ម៉ាក់ ! ម៉ាក់ ! បង្កើតកូនមកត្រូវតែចិញ្ចឹមយ៉ាងនេះហើយ ! ។
- មីងតៅ ក្តៅដល់កំរិត ធាក់​តុ​ក្តារ​តូង​ៗ ផ្អើល​អស់​អ្នក​ជិត​ខាង។
- អាសូផាន ចេញ​​​ពី​ផ្ទះ​អញ​អោយ​ឆាប់ អា​កូន​ក្រ​ពើ អញ​កាត់​សាច់​អាក្រក់​មួយ​នេះ​ចោល​។ ចេញ​ៗ​ ពី​ផ្ទះ​អញ​អោយ​ឆាប់​ៗ​!​។
អាសូរមណ្ឌលគិរីណាស់ នាងយំអោបជើងម្តាយក្មេក។ ប៉ុន្តែ​ម្តាយ​អិត​ធម៌​មេត្តា​បាន​អោយ​វង្វាន់​យ៉ាង​ខ្លោច​ផ្សា​។
- ផាំង ! ផាំង ! ផាំង ! អូយ....អុ....អុ .... ។
អ្នកស្រីអតី​ភរិ​យា​លោក សៅរ៍ គាត់​វាយ​កូន​ប្រសា ទាត់​ធាក់​តាម​កំហឹង​ចិត្ត​។ មណ្ឌល​គិរី នារី​អភ័ព្វ​ចុក​ដួល​ស្ទើរ​ដាច់​ដង្ហើម​។
- អូន ! អូន ! ឈឺខ្លាំងណាស់ ។ បងរឹតទ្រូងអោយអូន ។
សូផានរឹតទ្រូងអោយភរិយាដែលចុកបាត់មាត់។
- ប៉ាំង ! ប៉ាំង ! ប៉ាំង ! ។
មីងតៅវាយសូផាន នឹង​ឈើ​ជ្រុង​ទប់​បង្អួច​។ ឈាម​ក្រហម​ហូរ​ចេញ​ពី​ក្បាល​ស្រោច​លើ​អាវ​។
- ម៉ាក់ សំលាប់ខ្ញុំអោយហើយទៅ កុំទុក !
សូផានត្រកងភរិយាដួងចិត្តចុះដី ដាក់​នាង​អោយ​អង្គុយ​អ្នក​ឡើង​ទៅ​រៀប​ចំ​ខោ​អាវ និង សំពាយ។
- អាសូផាន ! អារៀបចំខោអាវទៅណា?
- ខ្ញុំទៅនៅស្រុកព្រៃហើយនៅធ្វើអ្វីបើម៉ាក់កាចដូចយក្ស
- អាក្រពើ ទៅ ទៅ . . ទៅអោយបាត់ពីមុខមាត់អញឆាប់ កុំនៅ !
- ខ្ញុំទៅអិលូវហើយ ចាំរៀបខោអាវរបស់របរខ្ញុំសិន !
សូផានប្រមូលខោអាវរួច យក​ចុះ​ដី ចាប់​សេះ​មក​ក្បែរ នាង​កញ្ញា​សា​រឿន​ជា​ប្អូន​បង្កើត​ឃើញ​បង​រៀប​ដំណើរ​ចេញ នារី​ស្ទុះ​អោប​ជើង​បង​ប្រុស​យំ​។
- បង ! បង ! កុំទៅណាចោលប្អូន ! ខ្ញុំស្រលាញ់បងណាស់ ! ហ៊ី . ..ហ៊ី ...ហ៊ី ...
- ប្អូននៅជាមួយម៉ាក់ចុះ បងលាប្អូនទៅរកស៊ីស្រុកគេហើយ ។ កាលណាបងមានលំនៅជាក់លាក់ សឹមបងមកយកប្អូនទៅលេង ។
- បងស្រី ! បងស្រី ! នៅជាមួយខ្ញុំហើយ ខ្ញុំអង្វរម៉ាក់ ។
សារឿន​ចាប់​អោប​មណ្ឌល​គិរី​ដោយ​ពេញ​ចិត្ត​។ គិរី​យក​ដៃ​អង្អែល​ប្អូន​ថ្លៃ​ដោយ​អាណិត​រំជួល​បេះ​ដូង​។ នារី​អោប​បង​ទាំង​ពីរ​យំ​ក្តែង​ៗ​។ មីង​តៅ​កាន់​រំពាត់​ផ្តៅ​ចុះ​មក​ចាប់​ដៃ​នាង​សា​រឿន​អូស​ចូល​បន្ទប់​។
- ទុកអោយវាទៅចុះ អាកូនថ្លើមក្រពើ វាចិត្តធំ វាយកមីស្រីភ្នងធ្វើប្រពន្ធ វាល្អណាស់ហើយ ។
- ម៉ាក់ ! ម៉ាក់ ! កុំបន្ដេញបង ទុកអោយគាត់នៅជាមួយផងទៅ ប្រពន្ធបងល្អណាស់ម៉ាក់អើយ ...ហ៊ី ...ហ៊ី ។.
- មីសារឿន ភ្នែកង៉ែងខ្វាក់ រឺអ្វី បានជាមើលឃើញមីលំហៀរថាល្អ ? ចូលក្នុងបន្ទប់ភ្លាមៗ ។
កញ្ញា​សារឿន​យំ​លឺ​ពេញ​បន្ទប់​។ នាង​ខំ​អើត​កតាម​បង្អួច​មើល​បង​ប្រុស​ស្រី​ឡើង​ជិះ​សេះ​បំផាយ​ចេញ​ពី​ភូមិ​។ សេះ​បាន​បោល​នាំ​ម្ចាស់​វា​ទាំង​២ នាក់​កាត់​វាល​ឆ្លង​អូរ​ចូល​ព្រៃ​រក​ទី​កំណត់​គ្មាន​។

.........................................................................................................

ជាង​មួយ​សប្តាហ៍​មក​ហើយ . . . សារឿន​មាន​ជំងឺ​ជា​ទំងន់​។ ស្រស់​ស្រី​ស្រែក​រវើយ​រវាយ​ទន្ទេញ​ឈ្មោះ សូផាន​ជាប់​មាត់​។ មីង​តៅ​ភិត​ភ័យ​ជា​ភិយ្យោ​ភាព រវៀស​រវៃ​ទទួល​គ្រូ​មកព្យា​បាល​។ ប៉ុន្តែ​អាការ រោគ​នៅ​តែ​ស្ថិត​ធ្ងន់​ឡើង​ៗ​។ ទើប​ខំ​ត្រ​ដរ​និយាយ​លាយ​យំ​ខ្សឹក​ខ្សួល​កាន់​មាតា​៖

- ម៉ាក់បើ​ម៉ាក់​ចង់​អោយ ខ្ញុំ​រស់​មាន​ជីវិ​ត​ត​ទៅ សូម​ម៉ាក់​ឈប់​ខឹងនឹង​បង​ផាន ទៅ​ហៅ​អោយ​បង​មក​នៅ​ជា​មួយ​កូន​។ បង​ផាន​អើយ​ហ៊ី​ហ៊ី​អូន​មុខ​ជា​ស្លាប់​ចោល​បង​ហើយ​ ម៉ាក ទៅ​ហៅ​បង​ផាន​មក​អោយ​ខ្ញុំ​បាន​ឃើញ​បង​ផាន​មួយ​ភ្លែត ចាំ​កូន​បិទ​ភ្នែក​ស្លាប់​ដោយ​ស្រួល។
មីងតៅលឺបុត្រីពោលដូច្នោះ ចិត្តទោរទន់រលាយកំហឹងទឹកភ្នែកហៀរមួយរំពេច តបទៅកូនស្រីថា៖
- សារឿន កូន​ជា​ស្បើយ​ឆាប់​ឡើង​ចុះ ម៉ាក់​នឹង​រក​គេ​ទៅ​តាម​រក​បង​ប្រុស​ឯង​អោយ​មក​នៅ​ជា​មួយ​។ ម៉ាក់​ឈប់​ខឹង ឈប់​ជេរ​ប្រទេច​វា​ទៀត​ហើយ​។
- អោយគេទៅរកលឿនៗមកម៉ាក់។ កំលាំង​ខ្ញុំ​កាន់​តែ​ខ្សោយ​ណាស់​ហើយ។ បើ​រក​ពុំ​ឃើញ​ក្នុង​រយ​មួយ​អាទិត្យ កូន​ខាន​ឃើញ​មុខ​ម៉ាក់ ខាន​ឃើញ​បង​ផាន​ទៀត​។

ដោយ​ខ្លាច​កូន​ស្លាប់​ចោល មីង​តៅ​អំពាវ​នាវ​អស់​បង​ប្អូន​អ្នក​ស្រុក​អោយ​ជួយ​ស្កាត់​រក​សូផាន​គ្រប់​ដំបន់ គ្រប់​ទី​ប្រជុំ​ជន រឺ​ទី​ជន​បទ​។ រយៈ​ជាង​ប្រាំ​ថ្ងៃ​មក ការ​រក​សូផា​ន​បាត់​សូន្យ​ឈឹង​។ ចំណែក​កញ្ញា​សា​រឿន ជំងឺ​កាន់​តែ​ដុន​ដាប​ឡើង​។ នៅ​ព្រឹក​ថ្ងៃ​ទី​៦ នៃ​ចុង​សប្តាហ៍​។ ស្រី​អ្នក​លក់​បន្លែ​ម្នាក់​បាន​ជំរាប​មីង​តៅថា សូផាន​រស់​នៅ​ជាយ​ក្រុង​កំពង់​ចាម រក​ស៊ី​អូស​ទឹក​លក់​ប្រពន្ធ​លក់​បន្លែ មាន​កូន​ខ្ទម​តូច​មួយ​នៅ​មាត់​ទន្លេ​។ បាន​ទទួល​ដំណឹង​ភ្លាម មីង​តៅ និង​ស្រី​អ្នក​ពាំ​ពាក្យ ឡើង​រថ​យន្ត​មួយ​រំពេច​ទៅ​រក​សូផាន​អែ​ក្រុង​កំពង់​ចាម​។ ស្រី​ទាំង​ពីរ​នាក់​អរ​ថា មុខ​ជា​បាន​ជួប​សូផាន​មិន​ខាន​ ប៉ុន្តែ​ទៅ​ដល់​មាត់​ទន្លេ​មិន​ឃើញ​ខ្ទម​ជរា​ទេ អិត​ម្ចាស់​នៅ​។ មីង​តៅ​រឹត​តែ​ក្តុក​ក្តួល​ចិត្ត​ឈរ​សំលឹង​ខ្ទម​កំសត់ ដែល​មាន​តែ​ឆ្នាំង​ដី​២ ចាន​ថ្ម ៣​ប៉ុណ្ណោះ​។ ខណះ​នោះ​មាន​តា​ចាស់​ម្នាក់ ដែល​មាន​ជំរក​ក្បែរ​នោះ​មក​ជំរាប​មីង​តៅ​ថា ៖

អ្នកស្រីរកក្មួយផាន រឺអ្វី ផានមាន​រ​បួស​ជា​ទំងន់​ណាស់ ឡាន​បុក​បែក​ក្បាល​សន្លប់​ពេល​អូស​ទឹក​ឆ្លង​ថ្នល់​។ អីលូវ​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​កំពង់​ចាម។ អែ​ប្រពន្ធ​សូផាន​ជា​ស្រី​ចិត្ត​ល្អ​ណាស់ ចេះ​ថ្នម​ប្តី​បំផុត​ហើយ​។
មីងតៅ ស្តាប់តាចាស់និយាយចប់ ស្រែកយំង៉ោងៗ
- សូផានកូនម៉ាក់! កូន​កាល​នៅ​ជា​មួយ​ម្តាយ មិន​ដែល​ធ្វើ​ការ​អ្វី​ធ្ងន់​ទេ​។ អីលូវ​កូន​អូស​ទឹក​លក់ ព្រោះ​តែ​ម្តាយ ម៉ែ​ខុស​ហើយ​កូន​អើយ! ម៉ែ​មក​យក​ឯង​ទៅ​វិញ មិន​អោយ​លំបាក​ទៀត​ទេ​។
រំពេចនោះ ស្រី​ទាំង​ពីរ​នាក់ លា​តា​ចាស់​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​។ លោក​គ្រូ​ពេទ្យ​បាន​នាំ​មីង​មេម៉ាយ​ទៅ​បង្ហាញ​បន្ទប់​។ កាល​បើ​ក្រលេក​ឃើញ​សូផាន រុំ​សំពត់​ស​ពេញ​ក្បាល ពេញ​ខ្លួន ដែល​មាន​គិរី​អង្គុយ​បត់​ផ្លិត​​បំរើ​ចុង​ជើង​នោះ មីង​មេ​ម៉ាយ​យំ​អោប​កូន​ប្រុស​។
- សូផាន កូន ! សូផាន ម្តេច​កូន​មាន​គ្រោះ​ថ្នាក់​យ៉ាង​នេះ​កូន​! កូន​និយាយ​រក​ម៉ាក់​មក ... ម្តេច​នៅ​ស្ងៀម​យ៉ាង​នេះ​។
សូផាន​ប្រែ​ខ្លួន​បានតិចៗ សំលឹងម្តាយ ទឹកភ្នែកហូរចេញមក។ នាងគិរីជំរាប ម្តាយក្មេក ។
- អ្នកម៉ែ ...បងរបួសធ្ងន់ណាស់ ពុំអាចនិយាយបានទេ គ្រាន់តែដឹងខ្លួន និងកំរើកបានប៉ុណ្ណោះ។
- ពុទ្ធោ ! កូនម៉ាក់មានកម្មអ្វីម្ល៉េះ ! លោក​អើយ​នេះ​មក​តែ​ពី​រូប​ខ្ញុំ​ជាម្តាយ​។ សូផាន សូផាន ម៉ែ​មក​យក​ឯង និង​ប្រពន្ធ​អោយ​ទៅ​នៅ​ជា​មួយ​វិញ​ហើយ កូន​កុំ​ខឹង​អ្វី​នឹង​ម៉ែ​។
ជនអភ័ព្វខំលេបទឹកមាត់រួចនិយាយខ្សាវៗ យ៉ាងហត់។
- ម៉ាក់ ...ម្តេច​ដឹង​ខ្ញុំ​នៅ​ទី​នេះ អែ​ណា​ប្អូន​ស្រី​ខ្ញុំ​សារឿន​នៅ​អែណា សារឿន... ​សារឿន.. បង​រលឺក​អូន​ណាស់។
​មីង​តៅ​យក​ដៃ​អង្អែល​កូន​ដោយ​ទឹក​ភ្នែក​ហូរ​ជោក​ថ្ពាល់​មិន​ដឹង​ខ្លួន​។
- សូផាន ! សូផាន ! សារឿនប្អូនរបស់ឯងឈឺធ្ងន់ណាស់ សារឿនអោយម្តាយមកតាមកូនទៅនៅវិញ ទើបបានជា ។
- ម៉ែ... ទៅថែប្អូនសិនចុះ... ខ្ញុំ​មាន​ប្រពន្ធ​មាន​គ្រូ​ពេទ្យ​ថែ​រក្សា​ហើយ ម៉ែ​ទៅ​ប្រាប់​សារឿន​ថា ខ្ញុំ​សុខ​ចិត្ត​ទៅ​វិញ​អោយ​ប្អូន​ខំ​ញ៉ាំ​បាយ ខំ​ផឹក​ថ្នាំ​អោយ​ជា​ឆាប់​ៗ នឹង​អាល​មក​យក​ខ្ញុំ​ទៅ​ផង​។
នាង​សារឿន បានដឹងថាបងប្រុសមាន​របួស​ជា​ទំងន់ ​នាង​យំ​អាណិត​បង​រហូត​អត់​បាយ អត់​ទឹក​​។
- សារឿន​កូន​មាស​ម្តាយ​ឈប់​យំ​ណា៎​កូន​! សូផាន​វា​មក​នៅ​ឆាប់​ៗ​នេះ​ហើយ​។ វា​ផ្តាំ​មក​អោយ​កូន​ខំ​ញ៉ាំ​បាយ​ច្រើន​ៗ អោយ​ឆាប់​ជា នឹង​អាល​ទៅ​ទទួល​យក​មក​នៅ​ជា​មួយ​។

មួយ​អាទិត្យ​កន្លង​ផុត​ទៅ គ្រួសារ​មីង​តៅ​បាន​មក​រស់​នៅ​ជួប​ជុំ​គ្នា​ដូច​ដើម​វិញ​។ កញ្ញា​សារឿន និង​មណ្ឌល​គិរី ស្រលាញ់​បង​ប្អូន​ចាក់​ទឹក​មិន​លេច​។ រាល់​ល្ងាច​គេ​សង្កេត​ឃើញ សូផាន​ សារឿន មណ្ឌល​គិរី​នាំ​គ្នា​ដើរ​លេង​សប្បាយ​។ មណ្ឌល​គិរី​ជា​ស្រី​មេ​ផ្ទះ​ដ៏​ពេញ​ចំណាប់​។ ធ្វើ​ការ​បំរើ​ម្តាយ​ក្មេក បំរើ​ប្តី​មិន​ទុក​ដៃ​អោយ​ទំនេរ​ទេ​។ សារឿន​ពេញ​ចិត្ត នឹង​បង​ថ្លៃ​ណាស់​ដែល​ជា​នារី​ម្នាក់​កំរ រក​បាន​ក្នុង​លោក​។