មួយសប្តាហ៍កន្លងផុត.....។
- គិរីកូនមានរឿងអ្វី បានជាយំទាំងព្រលឹមយ៉ាងនេះ ?
- ចា៎ ! ចា៎ ! កូនសុំពុកទៅលេងទឹកអែស្ទឹងស្រលាញ់ !
- គ្រាន់តែរឿងប៉ុណ្ណឹង កូនយំយែកដែរ ពិបាកមែនកូនក្រមុំមួយ! ណ្ហើយ​ឈប់​យំ​ទៅ ចាំ​ពុក​ទៅ​ហៅ​កូន​អ្នក​ស្រុក ក្រមុំ ៥​នាក់​អោយ​ជូន​ទៅ​ជា​មួយ​!
- ចា៎ ! ចា៎ ! កូនអរណាស់ពុក!

កញ្ញា​គិរី​ចេញ​ពី​លោក​មណ្ឌល ទៅ​រក​បន្ទប់​រៀប​ចំ​ខោ​អាវ​ស្បៀង​អាហារ​។ លោក​មណ្ឌល​ទៅ​រក​ហៅ​កូន​ក្រមុំ​អ្នក​ភូមិ​ជិត​ដិត​ប្រាំ​នាក់​មក​ជូន​បុត្រី​គាត់​ទៅ​កំសាន្ត​។ កញ្ញា​ព្រៃ​ភ្នំ​ប្រាំ​មួយ​រូប​ប្រ​ដាប់​ដោយ​ស្បៀង​អាហារ នឹង​អាវុធ​ការ​ពារ​សត្រូវ ចេញ​ដើរ​កាត់​ព្រៃ​ជ្រៅ​សំដៅ​ស្ទឹង​ស្រលាញ់​ ដែល​នៅ​ឆ្ងាយ​ជាង ៥​គីឡូ​ម៉ែត្រ​ពី​ភ្នំ​យុក​ណាំ​លៀរ​។

- អ្នកនាងសប្បាយចិត្តទេ ដើរកាត់ព្រៃជ្រៅលន្លង់លន្លោចយ៉ាងនេះ ?
- ចា៎ ! សប្បាយណាស់បងសូភីអើយ ! បងចេះច្រៀងទេ ?
- អត់ចេះទេអ្នកនាង ! បើអ្នកនាងចេះច្រៀងមកអោយខ្ញុំសុំស្តាប់ផង !
- មិនចេះទេ អៀនណាស់ខ្មាស់សត្វបក្សាបក្សីក្នុងព្រៃ . . . ។
- ដឹងខ្មាស់អីទេ សព្វបើច្រៀង !
- ចា៎ ! បើអីចឹង បងទាំងអស់គ្នាចាំជួយបន្ទរជាបទល្ខោនណា៎ ខ្ញុំដើរតួនាងកៃស៊ុន !
- ហះ ! ហះ ! ។ គេសើច ៗ ព្រមគ្នា ទះដៃអោយគិរីច្រៀង ។

អនិច្ចា​ខ្លួន​ខ្ញុំ​ជា​ស្រី ព្រាត់​ប្រាស​ស្វាមី​ប្តី​សង្សារ គេ​ទៅ​បាត់​យូរ​ទ្រូង​អួល​ផ្សា អោ​ប្រុស​ស្នេហា​មាស​អូន​អើយ។
ខ្យល់ បក់រំភើយផាត់ពពក ថ្ងៃណាបងមកទុក្ខអូនស្បើយ រឺមួយប្រុសបងភ្លេចអូនហើយ អូនយំខ្វើយៗ រៀងរាល់ថ្ងៃ។
ស្តាប់សូរ បក្សីបក្សា ហួចច្រៀងចរចារំពងព្រៃ តៅវ៉ៅយំឆ្លងសំលេងរៃ ពីរោះពេកក្រៃរំជួលចិត្ត។

-ហះ ! ហះ ! ហះ ! ពីរោះ​ណាស់​អ្នក​នាង​អើយ​! ស្រណោះ​ចង់​តែ​បោក​ខ្លួន​អោយ​ស្លាប់ នឹង​ដុំ​តៅហ៊ូ​តែម្តង​​។ ទន់​អស់​ល្វែង​ក្រោម​ហើយ​អ្នក​នាង​អើយ​។
- ស្អប់​ណាស់​ បង​សូភី ជោរ​ដល់​ហើយ ខ្ញុំ​លែង​ច្រៀង​អោយ​ស្តាប់​ហើយ!
- ខ្ញុំសរសើរទេ​តើអ្នក​នាង ម្តេច​ក៏​ឆាប់ង​ខ្ទើត​ដូច​សត្វ​ខ្ទួយ​ម្ល៉េះ ​?

ជីវិត​ទេព​អប្សរ​ទាំង​ប្រាំ​មួយ​ដើរ​កាត់​ព្រៃ​ត្រាក​ព្រៃ​របោះ​។ មិន​យូរ​ប៉ុន្មាន​ទៅ​ដល់​ស្ទឹង​ស្រ​លាញ់​ ដែល​ហូរ​កង្កាញ់​ត្របាញ់​ទៅ​រក​ទន្លេ​។ ស្លឺក​ឈើ​លឿង​ទុំ​ក្រហម​ជាំ បណ្ដែត​វាសនា​ជា​យថា​កម្ម​ អោយ​រសាត់​តាម​ខ្សែ​ទឹក ទៅ​រក​ប្រភព​ទី​ដៅ​គ្មាន​។ វារី​ថ្លា​ដូច​កញ្ចក់​ថ្មី ចាំង​ឆ្លុះ​ឃើញ​បាត​ដី​ ។​ មច្ឆា​តូច​ធំ​ហែល​រហង់​ដេញ​កៀង​គូ​ឈ្មោល​ញី​។ កញ្ញា​ដង​ភ្នំ​ទាំង​ប្រាំ​មួយ ផ្លាស់​សំលៀក​បំពាក់​ទុក ចុះ​មុជ​ហែល​ដេញ​ប្រលែង​គ្នា ចាប់​លេង​កូន​កាស លេង​ចាប់​ដោះ​ក្រមុំ លេង​តូម​តាក់​ល្បែង​បុរាណ​សំរាប់​កំសាន្ត​ក្នុង​ទឹក។ គេ​ដណ្ដើម​បាន​កូន​កាស រឺ​តេ​តូម​ម្តង​ៗ គេ​ដេញ​ញៀច​ញ៉ឹង​ត្រ​ចៀក​រត់​ពេញ​ទឹក​។ ស្រប​នាទី​នោះ បើ​អស់​លោក​អ្នក​នាង លិចក្ខុង​ទៅ​កណ្ដាល​ព្រៃ រំពៃ​គយ​គន់​ទៅ​បុរ​សជិះ​សេះ​ម្នាក់​ប្រកប​ដោយ​រិក​ពារ​ក្លាហាន កំពុង​បំផាយ​សេះ​ត្រង​ស្តាប់​សំលេង​នារី​ក្នុង​ស្ទឹង​។ អ្នក​ជិះ​សេះ​រូប​ក្មេង ញាក់​ទាញ​សេះ​អោយ​ដើរ​តិច​ៗ សៀរ​មាត់​ស្ទឹង​។ ភ្នែក​គេ​រំពៃ​រក​ម្ចាស់​សំលេង​ហ៊ោ​សើច​។

- អ្ហា៎ ! ស្រីៗ មកពីណាហែលទឹក ល្អណាស់លោកអើយ មណ្ឌលគិរីទេដឹង ? ។
បុរស​លោត​ចុះ​ពី​ខ្នង​សេះ​យក​ជំនិះ​ទៅ​ចង​លាក់​ក្នុង​គម្ពោត​ព្រៃ​ឆ្ងាយ​។ នាយ​ដើរ​លប​ៗ ឃ្លាំ​មើល​នារី​ទាំង​ប្រាំ​មួយ​។ នាយ​ឃើញ​ស្គាល់​ច្បាស់​ជា​គូ​ស្នេហា ក៏​ឈរ​លើ​ច្រាំង​យក​ដៃ​អប​បបូរ​មាត់​ស្រែក​ហៅ ​។
- អូនគិរី ! អូនគិរី ! អូនគិរី ! បងមកហើយអូន !
បុត្រីលោកមណ្ឌល លឺ សំលេងក្រលេកស្គាល់ច្បាស់ជាប្រុសសង្សារ ហែលកាត់ទឹក មុជសំដៅមករកប្រុសសង្សារដោ យឆ្លើយតប ។
- បងសូផាន ! បងសូផាន ! បងសូផាន របស់អូន!

នារី​ទាំង​ប្រាំ​នាក់​ឈរ​មើល​គិរី​ស្រលាំង​កាំង យក​ដៃ​រឹត​ពោះ​ឈរ​មើល​គូ​គេ​។ គូ​ស្នេហា​ចិត្ត​តែ​មួយ មក​ដល់​ច្រាំង​គេ​ចាប់​អោប​គ្នា​ថើប​ដោយ​សេចក្តី​នឹក​រលឺក​ ស្នេហា​ដ៏​បរិសុទ្ធ​រក​អ្វី​ប្រៀប​អោយ​ស្មើ​ពុំ​បាន​ឡើយ​។ នារី​ភ្លេច​នឹក​ខ្មាស​គូ​កន​អស់​ហើយ​។ នាង​អោប​រឹត​ថើប​ប្រុស​ស្នេហ៍​អិត​អោយ​នាទី​កន្លង​ទៅ​​អិត​ប្រយោជន៍​បាន​ឡើ យ​។

- អូន ! អូន ! បង​រលឺក​ស្រលាញ់​អូន​ណាស់ បង​ខំស្វែង​រក​អូន​ជាង ៥​ថ្ងៃ​ហើយ អិត​ជួប​សោះ​។ ថ្ងៃ​នេះ​សំណាង​ព្រេង​បង ទេព្តា​នាំ​បង​អោយ​មក​ជួប​អូន​នៅ​ទី​នេះ​។ អូន​! អូន​ថើប​អោយ​អស់​ចិត្ត​ចុះ​អូន​ ! ។
- ខ្ញុំក៏រលឺកបងណាស់ដែរ អូនឈឺស្គមអស់ដោយរោគស្នេហា . . .! បងយកអូនទៅនៅជាមួយផងបានទេ ?
- អូនកុំព្រួយបងមកនេះ បំនងយកអូនទៅនៅជាមួយហើយ !
- សាធុ ! សាធុ ! អូនសប្បាយណាស់បើបងយកអូនទៅជាមួយ ! ។

គូ​ស៊ូ​ប្តូរ​ជីវិត អង្គុយ​សំណេះសំណាល​គ្នា អោប​រួម​រក្ស​ស្នេហា​ក្នុង​ព្រៃ​ដ៏​ស្ងាត់​។ អែ​ចំណែក​នារី​ទាំង​ប្រាំ​ឃើញ​ស្ថាន​ការណ៍​ពុំស្រួល រត់​កាត់​ព្រៃ​តំរង់​យក​ដំណឹង​ទៅ​ជំរាប​លោក​មេ​កន្ទ្រាញ​មណ្ឌល​។ លោក​មណ្ឌល​កាល​បើ​បាន​ទទួល​ដំណឹង​អកុសល​ភ្លាម ស្ទុះ​ស្ទារ​ទៅ​ទូង​ស្គរ​ប្រមូល​កូន​ទ័ព​អោយ​មក​ជួប​ជុំគ្នា​។ រំពេច​នោះ ភ្នង ស្ទៀង កួយ ជា​ជន​ចំនុះ​ឃុំ​ប្រដាប់​ដោយ​លំពែង​ធ្នូ ព្រួញ ស្នា មក​ឈរ​ចាំ​ទទួល​បញ្ជា​ការ​លោក​ធំ​។ លោក​មេ​កន្ទ្រាញ​ ស្រែក​ប្រកាស​អោយ​កូន​ទ័ព​ស្តាប់​។

- អ្នក​ទាំង​អស់​គ្នា រត់​អោយ​លឿន ទៅ​ចាប់​អា​មនុស្ស​ចោរ​កំណាច​ដែល​វា​ចាប់​កូន​ក្រមុំ​ខ្ញុំ​នៅ​អែ​ស្ទឹង​ស្រលាញ់​។ ចាប់​អោយ​បាន​យក​មក​អោយ​ខ្ញុំ​សំលាប់​វា​ថ្វាយ​អ្នក​តា​។ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​មិន​ត្រូវ​វាយ​ធ្វើ​បាប​គេ​ទេ ខុស​ផ្លូវ​ច្បាប់​យក​វា​មក​ចង​សួរ​ចំលើយ​កាត់​ទោស​តាម​បញ្ញត្តិ​ច្បាប់​សិន លឺ​ទេ ​?
- បាទ ! បាទ ! បាទ ! . . .
រំពេចនោះ ទ័ពព្រៃភ្នំរត់ស្រ តំរង់ទៅស្ទឹងស្រលាញ់ចាប់សូផាន ។
- បង ! បង ! នោះពួកគេមកចាប់ហើយ !
- យី ! អូនធ្វើម្តេចជួយបងផង !
- ស៊ូស្លាប់ទាំងអស់គ្នា !

កង​កំលាំង​របស់​លោក​មណ្ឌល បាន​ចោម​ព័ទ្ធ​ជុំ​វិញ​សូផាន នឹង​គិរី​ដែល​ឈរ​ប្រ​អោប​ទ្រូង​គ្នា​យ៉ាង​ក្លា​ហាន​។ គេ​លើក​ធ្នូ​ដាក់​តំរង់​សូផាន​ដោយ​ស្រែក​ហ៊ោ​កញ្ជ្រៀវ ក្រេវ​ៗ ៗ គិរី​ស្រែក​សន្ធាប់​ទៅ​សត្រូវ​របស់​នាង​។

- អ្នកទាំងអស់គ្នាមិនត្រូវសំលាប់គេទេ! សំលាប់ខ្ញុំអែណេះវិញ
- ចូរពួកយើងចាប់ចងអាចោរ យកទៅជូនចៅហ្វាយយើងសំលាប់ថ្វាយអ្នកតា !

រំពេច​នោះ ពេជ្ឈ​ឃាត​ដៃ​ដល់ ចូរ​ចាប់​សូផាន​ចង​ស្លាប​សេក​បណ្ដើរ​ទៅ​ភ្នំ​យុក​ណាំ​លៀរ អែ​មណ្ឌល​គិរី យំ​សោក​បោក​ខ្លួន​ដូច​សត្វ​អក​ញី​។ ពិធី​ហែ​ក្បួន​បញ្ជូន​អ្នក​ទោស​ស្នេហា និង គិរី​បាន​ប្រ​ព្រឹត្ត​ទៅ​ក្រោម​បរិយា​កាស​ដ៏​សែន​ក្រៀម​ក្រំ​។ មិន​យូរ​ប៉ុន្មាន​គេ​នាំ​ជន​កំសត់​ដល់​ជើង​ភ្នំ ​យក​ទៅ​ចង​ឆ្កាង​លើ​វេ​ទិកា កាត់​ទោស​តាម​ច្បាប់​របស់​ស្រុក​ទេស​។ ទាហាន​ស្ទៀង កួយ​ ភ្នង ឈរ​រោម​ជុំ​វិញ​ដោយ​មាន​អាវុធ​យុទ្ធ​ភណ្ឌ​នៅ​ដៃ​តំរង់​ចំ​អ្នក​ទោស​ទារុណ​ដែល​ជាប់​ឆ្កាង​។ គេ​នាំ​គ្នា​ហ៊ោ​ក្រេវ​ៗ សប្បាយ​រង់​ចាំ​លោក​មណ្ឌល​ស្លៀក​ពាក់​ប្រជុំ​ចៅ​ក្រម​។ គិរី​ដឹង​ល្បិច​កល​សំលាប់​។ ថ្ងៃ​ស្អែក​បុ ណ្យ​ឡើង​អ្នក​តា​ ត្រូវ​យក​មនុស្ស​ទោស​ទៅ​ខ្វៃ​ប្រហារ​ថ្វាយ​អោយ​អ្នក​តា​ទត​។ នាង​គិត​ដូច្នោះ​រត់​ទៅ​ក្នុង​បន្ទប់ យក​ពុក​មាត់​ខ្លា​មួយ​ដៃ ទៅ​បង់​គ្រប់​ឳទិន​ស្រា ដែល​មាន​នៅ​ក្នុង​ឃ្លាំង​ទាំង​ប៉ុន្មាន​។ ដោយ​យល់​ថា ល្ងាច​នេះ​ស៊ី​លៀង​ផឹក​ធំ​ដើម្បី​ត្រេក​អរ​សប្បាយ​នឹង​បាន​មនុស្ស​ទោស​។ នារី​បង់​បំពុល​ស្រា​រួច ចូល​បន្ទប់​យំ​ខ្សឹក​ខ្សួល​អាណិត​ប្រុស​សំលាញ់​ ភ្លាម​នោះ​លោក​មណ្ឌល និង​អ្នក​មុខ​អ្នក​ការ​បាន​ឈរ​ប្រកាស​ក្តែង​ៗ​ថា ៖

ថ្ងៃ​ស្អែក យើង​ត្រូវ​យក​អាចោរ​ថ្លើម​ខ្មៅ​នេះ​ទៅ​សំលាប់​ថ្វាយ​អ្នក​តា​ចាស់​ស្រុក​របស់​យើង​។ វា​ក្លា​ហាន​ណាស់ ហ៊ាន​ចាប់​កូន​យើង​ចែ​ចង់​។ អ្នក​ទាំង​អស់​គ្នា ល្ងាច​នេះ​​ដើម្បី​តប​ស្នង​សង​គុណ​ដល់​អស់​លោក ខ្ញុំ​សូម​អញ្ជើញ​ពល​រដ្ឋ​ទាំង​អស់​គ្នា​មក​ប្រជុំ​ផឹក​ស៊ី​។ លោក​កុំ​ភ្លេច​ថា យើង​មាន​ស្រា ២០ឳទិន​ចុង​ដែរ សូម​អញ្ជើញ​មក​ផឹក​ស៊ី​កុំ​ខាន​ ត្រូវ​រក​ដំរី​បោក រឺ​ងៀត​ឈ្លូស​មក​ក្លែម​ផង !​។

លោក​មណ្ឌល​ប្រកាស​​ចប់ សំលេង​ហ៊ោរ​កញ្ជ្រៀវ​លាយ នឹង​ស្គរ​វាយ​ប្រកាស​ហៅ​កូន​ឃុំ​មក​ប្រជុំ​ចាត់​ចែង​រក​ដំរី​ដុត រក​ឈ្លូស​មក​ស៊ី​ផឹក​យប់​នេះ​។ រាត្រី​បាន​យាង​មក​ដល់​។ ពល​រដ្ធ​ប្រុស​ស្រី​ទាំង​ចាស់​ក្មេង​មូល​មក​ប្រជុំ​ស៊ី​ផឹក​រាំ​កំសាន្ត សប្បាយ​ពេញ​បរិ​វេណ​ភូមិ​លោក​មេ​កន្ទ្រាញ​។ ពួក​ពេជ្ឃ​ឃាត​ប្រដាប់​ដោយ​អាវុធ​ជា​ស្រេច ប្រុង​ប្រៀប​ទុក​ប្រហារ​ថ្ងៃ​ស្អែក​។ ការ​ស៊ី​សាច់​ដំរី​ផឹក​ស្រា បាន​ប្រ​ព្រឹត្ត​ទៅ​ក្នុង​បរិយា​កាស​សែន​មហា​សប្បាយ​ទាំង​ប្រុស ទាំង​ស្រី​រាំ​គ្រវី​គូថ​ជាង​បទ​ទ្វីស (Twist) ទៅ​ទៀត​។ គេ​រាំ​រែង​ខ្លួន Rock and Rool ជាង​បី​ម៉ោង​ប្លាយ​ប៉ុណ្ណោះ​ សភាព​ជ្រួល​ច្រ​បល់​កើត​ចលា​ចល​ដោយ​ពុល ស្រវឹង​ស្រា លឺ​តែ​ក្អួត​វ៉ក​ៗ ខ្លះ​ថ្ងូរ​ខ្លះ​ដួល​ដេក​ននៀល​ពេញ​ដី​។ មើល​ទៅ​លោក​មណ្ឌល​ទន់​ខ្លួន​ដេក​អិត​បង្រះ​។ កូន​ឃុំ​ព្រម​ទាំង​ពួក​ពេជ្ឃ​ឃាត ដេក​ហៀរ​កំអួត​តាម​មាត់​។ អែ​អ្នក​ទោស​កំសត់​ត្រូវ​ឈរ​ឆ្កាង​ចុក​រោយ​ស្រពន់​។ នរៈ​ខំ​បង្រះ​ផ្តាច់​ចំណង​​។ កញ្ញា​មណ្ឌល​គិរី​ប្រ​ដាប់​ដោយ​កាំ​បិត រត់​មក​កាត់​ចំណង​ស្រាយ​អោយ​ប្រុស​ស្នេហា​។

- បងផាន រត់ទាំងអស់គ្នា !
- ទៅអូន ! ទៅតាមបងទាន់ពួកវាស្រវឹង !
- វាអិតស្រវឹងទេ អូនបំពុលថ្នាំដល់ពួកវាទេតើ !
- ល្អណាស់អូន ! រត់ចេញពីទីនេះភ្លាម ទៅរកសេះបងដែលចងលាក់នៅស្ទឹងស្រលាញ់នោះ

គូ​ស្នេហា​ទាំង​ទ្វេ កាន់​ដៃ​គ្នា​រត់​ចេញ​កាត់​ព្រៃ​កាត់​វាល​ទៅ​រក​អាជា​នេយ្យ​ដែល​គេ​ចង​លាក់​ទុក​។ ដល់​ភ្លាម កំលោះ​លើក​ក្រមុំ​ដាក់​លើ​ខ្នង​សេះ​បំផាយ​យ៉ាង​លឿន​កាត់​ព្រៃ​ទៅ​កាន់​អូរ​រាំង។ ចំណែក​ពួក​ភ្នំ​យុក​ណាំ​លៀរ កាល​បើ​ស្វាង​ស្រា ស្បើយ​ជាតិ​ពុល​ហើយ​។ គេ​វាយ​ស្គរ​ហៅ​គ្នី​គ្នា​ប្រ​កាស​រឿង​បាត់​មនុស្ស​ទោស​។ លោក​មណ្ឌល​ឡើង​ពី​សន្តំ​ស្រែក​ហៅ​កូន​ទ័ព។

- ពួក​យើង​តាម​រក​អា​ចោរ​ក្លា​ហាន វា​ចាប់​បុត្រី​យើង​នាំ​ទៅ​បាត់​ហើយ​! ឃើញ​វា​ទី​ណា​សំលាប់​វា​ចោល​ទៅ​!
ពួក​ពេជ្ឃ​ឃាដ កង​កំលាំង​ឃុំ កាន់​អាវុធ​គ្រប់​ដៃ​រត់​ចូល​ព្រៃ ចែក​ផ្លូវ​ស្ទាក់​រក​មនុស្ស​ក្លា​ហាន​។ ប៉ុន្តែ​អិត​ប្រ​យោជន៍​សោះ គូ​ស្នេហ៍​បាន​បំផាយ​សេះ​រាប់​រយ​គីឡូ​ចេញ​ពី​ស្ទឹង​ស្រ​លាញ់​ទៅ​ហើយ​។