ពេល​វេលា​បាន​កន្លង​ទៅ​អស់​រយះ​ជាង​មួយ​សប្តាហ៍​ហើយ។ នៅ​ជើង​ភ្នំ​យុក​ណាំ​លៀរ​រុក្ខា​នានា​ផ្លាស់​ស្លឹក ផ្លែ​ផ្កា ចោល​ក្លិន​ក្រ​អូប​ភាយ​ៗ តាម​ជំនោរ​ខ្យល់​ត្រ​ជាក់​។ អ្នក​រស់​នៅ​តាម​ព្រៃ​ភ្នំ ចាប់​ប្រកប​របរ​បាញ់​សត្វ ទាក់​ដំរី​។ ពួក​អ្នក​កសិ​កម្ម ដាំ​សណ្ដែក​ពោត​ល្ង ស្រូវ ស្កួយ(1)។ លោក​មេ​កន្ទ្រាញ​មណ្ឌល​ ក៏​ចាប់​ប្រកប​ការ​ងារ​តាម​មុខ​ក្រសួង​។ លោក​មណ្ឌល​ជា​អ្នក​ជំនួញ​ខាង​ទិញ​ភ្លុក​កុយ​រមាស ស្បែក​សត្វ ចង្កូម​សត្វ ស្នែង​ខ្ទីង​។ លោក​បាន​ចំណេញ​សន្ធឹក​សន្ធាប់ លក់​អោយ​ឈ្មួញ​ខ្មែរកណ្ដាល​ដែល​គេ​មក​ទិញ​ដល់​កន្លែង​។ លោក​មេ​កន្ទ្រាញ​ស្រ​លាញ់​ថ្នាក់​ថ្នម​បុត្រី​បណ្ដូល​ជីវិត​លើស​កែវ​ភ្នែក​លោក​ទៅ​ទៀត មិន​ដែល​ជេរ​ស្តី រឺ​បណ្ដោយ​អោយ​កូន​ស្រី​ធ្វើ​ការ​អ្វី​ទេ​។ ថ្ងៃ​មួយ​លោក​មេ​កោយ​ដំបន់​ភ្នំ ចេះ​តែ​នឹក​ឆ្ងល់​ពី​ចិត្ត​កូន​ក្រមុំ ដែល​មិន​សូវ​និយាយ​ស្តី អង្គុយ​ព្រួយ​សញ្ជប់​សញ្ជឹង​គិត​គូរ យូរ​ៗ​លោក​ឃើញ​បុត្រី​អង្គុយ​យំ សំរក់​ទឹក​ភ្នែក​ហូរ​រហាម​ហៀរ​លើ​ថ្ពាល់​។ បិតា​ចិត្ត​ធម៌ ឃើញ​កូន​ព្រួយ​ចំបែង​ដូច្នេះ​លោក​រិះ​គិត​នឹក​រក​ហេតុ​ផល​សព្វ​គ្រប់​។ លោក​នឹក​ថា​កូន​ស្រី​វ័យ​ក្រមុំ ដល់​អាយុ​ពេញ​ការ របៀប​នេះ​មាន​ការ​ខឹង​ច្រើន រញ៉ាំ​រញ៉ូវ​តាម​ធម្មតា​ជាតិ​បង្កើត​មក រឺ​ក៏​កូន​ស្រី​នេះ​ព្រួយ​ចិត្ត​ត្បិត​ស្រលាញ់​ប្រុស​ណា​ម្នាក់​? លោក​មណ្ឌល​ហៅ​បុត្រី​សំលាញ់​មក​សួរ​បញ្ជាក់​។

​-គិរី​មាស​ឳពុក ! ពី​ពេល​ម្តាយ​អែង​ស្លាប់​ទៅ កូន​នៅ​ជា​មួយ​ពុក​គ្មាន​នឿយ​លំបាក​អ្វី​បន្តិច​ទេ ញ៉ាំ​ស្រាប់​ឈ្នួល​ប្រុស​ស្រី​មា​នបំរើ កូន​មិន​ដែល​ធ្វើ​ការ​ហាល​ក្តៅ ហាល​ភ្លៀង​ម្តង​ណា​សោះ​រហូត​ពេញ​ក្រមុំ ពុក​មិន​ដែល​ឃើញ​កូន មុខ​ស្អុយ យំ​ស្រែក ព្រួយ​កើត​ទុក្ខ​ដូច​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ទេ​។ តើ​កូន​មាន​រឿង​អ្វី​ជា​សំងាត់​ក្នុង​ខ្លួន ប្រាប់​ពុក​មក​កុំលាក់​។ បើ​ពុក​អាច​ជួយ​ដោះ​ស្រាយ​បាន ពុក​នឹង​ជួយ​អោយ​ដល់​ចំនុច​ចិត្ត​កូន​។
កញ្ញា​យក​ដៃ​ជូត​ទឹក​ភ្នែក​ដ៏​ថ្លា រមៀល​តក់​ៗ លើ​ថ្ពាល់​យំ​សសិត ធ្វើ​អោយ​លោក​មណ្ឌល​រឹត​តែ​រន្ធត់​ចិត្ត​អាណិត​បុត្រី​ខ្លោច​ចិត្ត​។ លោក​បញ្ជាក់​
- ម្តេចគិរីកូនយំ មិនប្រាប់ពុកមក?
- ចា៎ ! ចា៎ ! ពុក រឿងនេះ ពុក​អាណិត​កូន កុំ​ជជីក​សួរ​ច្រើន​ពេក​កូន​គ្មាន​រឿង​អ្វីក្រៅ​ពី​ស្នេហា​ទេ ពុក​អើយ,
- សេចក្តីស្នេហា ! ។ លោកមណ្ឌលភ្លាត់សំលេង ?
- ចា៎ ! ស្នេហា !
- កូនស្នេហាប្រុសអែណា ប្រាប់ពុកមក ?

- - ពុក ! ខ្ញុំ​បាន​ចាប់​ចិត្ត​ស្រ​លាញ់​ស្មោះ​ស្មគ្រ័​លើ​បុរស​រូប​ស្អាត​ម្នាក់​ជួប​គ្នា​ចូល​ឆ្នាំ​ថ្មី​នេះ​។ កូន​បាន​ជួប​គេ​នៅ​ពេល​ចូល​ថ្វាយ​បង្គំ​ព្រះ​ក្នុង​ព្រះ​វិហារ​។ រូប​គេ​ល្អ​ណាស់​សម​នឹង​កូន​រូប​ស្អាត​ដូច​គ្នា​។ ប្រុស​ដែល​កូន​ជាប់​ចិត្ត បេះ​មិន​ដាច់​នោះ ជា​កូន​អ្នក​ជំនួញ​នៅ​អូរ​រាំង​។ កូន​បាន​ជ្រុល​ខ្លួន​លើ​គេ ស្បថ​ស្បែរ​បាន​ប្តូរ​អនុស្សាវ​រីយ​ទៅ​វិញ​ទៅ​មក នេះ​ពុក​ចិញ្ចៀន​គេ​អោយ​កូន​។ ខ្ញុំ​ក៏​បាន​ដោះ​ខ្សែ​អង្កាំ​ភ្លុក​ប្រគល់​អោយ​គេ​ដែរ​។ កូន​បាន​សន្យា​ថា មិន​បំភ្លេច​ចោល​គ្នា​ទេ​ជាតិ​នេះ ពុក​មេត្តា​កូន​ផង​ណា៎​ពុក! កុំ​ប្រហារ​ស៊ីសាច់​កូន​ស្រី​ណា៎ !​។

- ហ៊ឺ ! កូនស្រីមាសឳពុក ។ ពុក​ស្តាប់​សំដី​កូន​សែន​វិយោគ ពុក​អាណិត​កូន​ណាស់ ប៉ុន្តែ​កូន​ស្ងួន​ឳពុក​អើយ អិត​អំពើ​ទេ សេច​ក្តី​ស្នេហា​របស់​កូន​ត្រូវ​នីរាស​ហើយ​។ ពុក​មាន​ឋានះ​ជា​មេ​កន្ទ្រាញ​ត្រួត​ត្រា​បណ្ដា​ជន​។ គេ​ញញើត​កោត​ខ្លាច​ពុក​ដូច​ខ្លា​។ គេ​ទុក​ស្មើ​ព្រះ​អាទិ​ទេព​របស់​គេ​។ ចុះ​បើ​ពុក​បណ្ដោយ​អោយ​កូន​ស្រី​យក​ប្តី​មនុស្ស​ក្រៅ​មណ្ឌល ខុស​ញាតិ​សន្តាន​ស្បែក​ពណ៌​យ៉ាង​នេះ មុខ​ជា​ជីវិត​ឳ​ត្រូវ​វិនាស សាប​សូន្យ​ចោល​កូន​ពុំ​ខាន​ឡើយ​។ កូន​ស្រី​ឳពុក​អាណិត​កិត្តិ​យស ពូជ​ពង្សាវ​តារ​ជា​មេ​កន្ទ្រាញ​ផង​។ កុំ​កូន​បំបាក់​មុខ​បង្អាប់​កេរ្តិ៍​ឈ្មោះ​ក្បត់​ទំនៀម​ទំលាប់​ភ្នំ​អោយ​សោះ​ណា៎​! ម្យ៉ាង​ទៀត​ឳ​បាន​ព្រម​ព្រៀង​រៀប​ចំ​កូន​អោយ​ទៅ​កូន​ប្រុស​លោក​មេ​កន្ទ្រាញ​កោះ​ញឹក​ទៅ​ហើយ​។ គេ​ជា​ក្លើ​របស់ឳ​ផង ! បើ​កូន​ជជែក​រឹង​ទទឹង​នឹង​ច្បាប់​ប្រ​ពៃណី កូន​សំលាប់​ឳពុក​អោយ​ហើយ​មក​ចាំ​រត់​ទៅ​រក​ប្តី​សំលាញ់​របស់​កូន​!​។

កញ្ញា លឺ​ឳពុក​និយាយ​ដូច្នោះ ស្រែក​យំ​ង៉ោង​ៗ ធ្វើ​អោយ​លោក​មណ្ឌល​អួល​អាក់​ចិត្ត ទប់​ទឹក​ភ្នែក​មេត្តា​ពុំ​បាន​ដែរ​។
- ពុក ! កូន​ពុំ​ព្រម​យក​ប្រុស​ដទៃ​ណា​ក្រៅ​ពី​សូផាន​របស់​កូន​ទេ​ពុក! ខ្ញុំ​ស៊ូ​អោយ​ស្លាប់​មុខ​ពុក ទុក​អោយ​ពុក​នៅ​សុខ​សាន្ត​ថែ​រក្សា​កូន​ឃុំ​របស់​ពុក​ចុះ​។ ខ្ញុំ​លា​ទៅ​រក​សេច​ក្តី​ស្លាប់​ហើយ​។ ខ្ញុំ​មិន​ស្រ​លាញ់​កូន​មេ​កន្ទ្រាញ​កោះ​ញឹក​ទេ មិន​ល្អ​សម​នឹង​រូប​ឆោម​ខ្ញុំ​បន្តិច​ឡើយ ពុក​អើយ​​... ​ហ៊ី​​ហ៊ី​ ​ហ៊ី...។
- ព្រះ​ជា​ម្ចាស់​! អ្នក​តា​ព្រៃ​ភ្នំ​បាយ៉ា​បឹង​បួ មក​ផ្តាច់​យក​ជីវិត​ខ្ញុំ​ទៅ​។ មិន​ចង់​រស់​នៅ​ឃើញ​កូន​ស្រី​យំ​ចង់​បាន​ប្តី​ យំ​សោក​វេទនា​ស្រលាញ់​ប្រុស​ខុស​ជាតិ​សាសន៍ អ្នក​តា​បង់​កាច់​ខ្ញុំ​មក​លោក!​ ស្រប​ពេល​ដែល​លោក​មេ​កន្ទ្រាញ​មណ្ឌល និង​កូន​ក្រមុំ​យំ​នោះ អ្នក​បំរើ​ដើរ​ចូល​មក​ប្រកប​ដោយ​ទឹក​មុខ​មាន​ការ​។
- ព្រះតេជព្រះគុណ ! លោកមេកន្ទ្រាញកោះញឹក អញ្ជើញមក !
- អ្ហា៎ ! ក្លើអញវាមក រឺ ? អើអោយវាចូលមកចុះ ! ។

យ៉ា​គេ​ចេញ​ទៅ​ទទួល​ភ្ញៀវ​អោយ​ចូល​មក​។ អែ​លោក​មណ្ឌល​ខំ​ធ្វើ​ទឹក​មុខ​រួស​រាយ​។ លោក​ប្រាប់​បុត្រី​អោយ​ស្លៀក​ពាក់ អោយ​លែង​យំ​ស្រែក​អោយ​រៀប​ចំ​ទឹក​មុខ​ស្រួល​បួល​រង់​ចាំ​ទទួល​ឳពុក​ធម៌​។ លោក​មេ​កន្ទ្រាញ​កោះ​ញឹក ចូល​មក​ដោយ​មាន​បណ្ដា​ការ​ជា​ច្រើន​ និង​កូន​ក្រុម ៥​នាក់​ហែ​ហម​ពី​ក្រោយ​។ លោក​មេ​កោយ​ដំបន់​កោះ​ញឹក​ស្លៀក​ប៉ឹង​កំណាត់​ក្រ​ហម ជួត​ក្បាល​សំពត់​ខៀវ មុខ​គគ្រោត​គគ្រាត​ ពាក់​ខ្សែ​ក​ភ្លុក ៥​ខ្សែ សក់​ធ្លាក់​ដល់​ស្មា​។

- អៃយ៉ា ! អៃយ៉ា ! (សួស្តី - សួស្តី )
- សួស្តីក្លើ ! យើទៅណាមកណាមានអូវទិនស្រាច្រើនផងវ៉ឹយ !
- ហះ ! ហះ ! អញរលឹកអែងណាស់បានជាមកណា៎សំលាញ់ ! ។
មេធំទាំងពីរឈប់អោបគ្នាមួយស្របក់ ទើបចូលផ្ទះរោងដាលរបស់លោកមណ្ឌល ។
- អៃយ៉ា ! អៃយ៉ា ! លោកពុកធម៌ !
- អើ ! កូនស្រីល្អណាស់វ៉ឺយ អា​ចោរ​អន្តរ​ធាន​ហា៎ ស្អាត​បាត​ពេក ប៉ុន្តែ​មុខ​បែប​មិន​សូវ​ស្រស់​ទេ​វ៉ឺយ​!ហ៎ះ​ហ៎ះ!​
​ពួក​បក្ស​បរិ​វារ​លោក​មេកន្ទ្រាញ​កោះ​ញឹក សើច​ព្រម​ៗ​គ្នា ព្រាច​ផ្កា​ឈើ​ស្រស់​ស្រី តាម​ទំនៀម​ប្រ​ពៃ​ណី​អោយ​ពរ​ជ័យ​របស់​ពួក​គេ ។ គិរីលឺ​ពាក្យ​លោក​ចត្រា ជា​ឳពុក​ធម៌​និយាយ​ដូច​នោះ​នាង​រញីវ​ខ្នាញ់​ពន់​ពេក ក្រោក​ចេញ​ទៅ​ប្រះ​ដេក​ក្នុង​បន្ទប់​បាត់​ទៅ​។
- មណ្ឌលម៉េចកូនស្រីអែងមុខស្អុយម្ល៉េះ ?
- អត់ទោសទៅសំលាញ់ កូនអញឈឺជាងមួយខែហើយ ទើបនឹងជាពីរបីថ្ងៃហ្នឹងណា៎ !
- អូ ! នាង​ឈឹ​ចង់​បាន​ប្តី​ទេ​ដឹង ​? នែ​សំលាញ់​គ្នា​មក​លើក​នេះ​ប្រាថ្នា​ធំ​ហើយ មក​សុំ​ភ្ជាប់​ពាក្យ​សំដី​ដណ្ដឹង​កូន​ស្រី​ឯង តើ​ថា​ម្តេច​ទៀត​ ?
- អើ ! គ្នា​បាន​សន្យា​ជា​មួយ​រួច​ហើយ ពី​រឿង​កូន​ចៅ​នៅ​តែ​ដដែល​។ ចាំ​ថ្ងៃ​ក្រោយ​ទៅ​កូន​គ្នា​ពុំ​ទាន់​ជា​ស្រួល​បួល បើ​ឯង​មក​ចង់​បាន​ភ្លាម​ៗ មិន​កើត​ទេ ចាំ​សួរ​ចិត្ត​សាមី​ខ្លួន​គេសិន...!
- ម្តង​មក​ថា​អី​ចេះ ម្តង​មក​ថា​អី​ចុះ ពិបាក​មែន អ្វី​កូន​ស្រី​វា​មិន​ដែល​ធំ​ជាង​ឳ​ទេ​។ គ្នា​មក​ម្តង​ៗ​យក​ស្រា​ទាំង​ធុង​ៗ​ សាច់​ក្លែម​ទាំង​អំរែក​ៗ ...
- អើ ! អញដឹងធុរអែងណាស់ . . .ណ្ហើយផឹកស្រាលេងទៅ . . . ។
លោក​មេ​កន្ទ្រាញ​មណ្ឌល​អោយ​យ៉ា​តេ វាយ​ស្គរ​ប្រ​មូល​កូន​ឃុំ​មក​ស៊ី​ផឹក​រាំ​កំសាន្ត​ក្នុង​ពិធី​ជប់​លៀង។ ទូង...ទូងៗៗ ... សូរ​ស្គរ​លឺ​ពេញ​ដំបន់​ភ្នំ​យុក​ណាំ​លៀរ​។
- វ៉ឺយ ! វ៉ឺយ កនយើង !ចៅហ្វាយមានការប្រមូលហើយ លឿនៗប្រដាប់អាវុធគ្រាប់ដៃ ! ។
នេះ​ជា​សំរែក​របៀប​អ្នក​ស្រុក​។ ប្រាំ​នាទី ១០​នាទី បណ្ដា​កូន​ឃុំ​មក​ឈរ​កក​កុញ​មុខ​ផ្ទះ​។ ប្រ​ដាប់​ដោយ​អាវុធ​លំពែង ស្នា ធ្នូ ព្រួញ ខែល​។ ទៅ​តំរៀប​គ្នា​ជា​ជួរ រង់​ចាំ​ទទួល​បញ្ជា​មេ​កន្ទ្រាញ​ធំ​។ លោក​មណ្ឌល ចេញ​មក​ប្រកាស​មុខ​បណ្ដា​ជន​ដោយ​បង្ហាញ​ចត្រា​ថា​៖
- អ្នកទាំង​អស់គ្នា លើក​អាវុធ​វន្ទា​គោរព នេះ​ជា​លោក​មេ​កន្ទ្រាញ​កោះ​ញឹក ។ ត្រូ​វជា​ក្លើ​របស់​អញ និងជា​ដន្លង​ទៅ​អនាគត​របស់​យើង​ទៀត​ផង​។ ចូរ​អ្នក​ទាំង​អស់​គ្នា គោរព​លោក​ដូច​ជា​គោរព​អញ​ដែរ ...!
- អេក្រូ ! អេក្រូ ! អេក្រូ ! (ជយោ ! ជយោ ! ជយោ ! ) ។

ពល​រដ្ធ​ស្រែក​ព្រម​ៗ​គ្នា បន្លឺ​ជ័យ​ឃោសន៍ អោយ​ពរ​ដល់​ចៅ​ហ្វាយ​ធំ​ទាំង​២ ហើយ​ស៊ី​ផឹក​រាំ​កំសាន្ត ទះ​ស្គរ​លឺ​ពេញ​ដំបន់​ភ្នំ​យុក​ណាំ​លៀរ​។ ការ​ជប់​លៀង​បាន​ប្រ​ព្រឹត្ត​ទៅ ក្នុង​បរិ​យាកាស​រាត្រី​ដ៏​សែន​សប្បាយ​រីក​រាយ​។ ព្រឹក​ស្អែក​ឡើង​លោក​ចត្រា​លា​មិត្ត​សំលាញ់​ទៅ​កាន់​ដំបន់​កោះ​ញឹក​វិញ​។

(1) - ស្កួយ ន. ឈ្មោះ​​ដំណាំ​​មួយ​ប្រភេទ​ដើម​និង​ស្លឹក​ស្រដៀង​នឹង​ពោត​តែ​តូច​ជាង, ចេញ​ផ្លែ​ជា​គ្រាប់​រាយៗ កាល​នៅ​ខ្ចី​​ប្រើ​ដាល់​​ជា​អំបុក​បាន គ្រាប់​ទុំ​មាន​សម្បុរ-​ស សាច់​រឹង​ប្រើ​ការ​ដោត​ក្រង​ក៏​បាន ( រាប់​បញ្ចូល​ក្នុង​ពួក​ធញ្ញជាតិ ) ។
ស្គួយ គុ. ពព្រុស​ស្រដៀង​នឹង​សម្បុរ​គ្រាប់​ស្កួយ​ទុំ (មាន់ ): មាន់​ស្កួយ ។