រំលង​ជាង​ ២០០ ឆ្នាំ​មក​ហើយ នៅ​ជើង​ភ្នំ​យុក​ណាំ​លៀរ​ប៉ែក​ខាង​ជើង មាន​នារី​ម្នាក់​រូប​ស្អាត​លើស​គេ​ទាំង​អស់​ក្នុង​ដំបន់​ភ្នំ​។ នាង​ជា​បុត្រី​លោក​មេ​កន្ទ្រាញ​មណ្ឌល​ពោះ​ម៉ាយ​។ នាង​មាន​ឈ្មោះ​ថា មណ្ឌល​គិរី ជា​ក្មេង​ស្រី​មាន​ប្រាជ្ញា​លើស​អស់​ស្រី​ៗ ក្នុង​ឃុំ​ទាំង​មូល​។ នាង​មាន​អាយុ ​១៧ឆ្នាំ​ ចេះ​បង្រៀន​បង្ហាត់​អ្នក​ស្រុក​អោយ​ចេះ​ត្បាញ​សំពត់ រវៃ​អំបោះ ចេះ​ដេរ​អាវ​ពាក់​ការ​ពារ​ធាតុ​ក្តៅ​ត្រ​ជាក់​។ លុះ​ប្រកប​វ័យ ១៨​ឆ្នាំ នាង​ចេះ​គ្រប់​មុខ​វិជ្ជា​ស្រី​មេ​ផ្ទះ​យ៉ាង​ប៉ិន​ប្រសប់​។ ក្នុង​អាយុ​ពេញ​ការ​នោះ លំអ​របស់​នាង ជាប់​ជា​ធម្ម​ជាតិ​ព្រៃ​ភ្នំ​ប្រគល់​អោយ​នោះ ធ្វើ​អោយ​កូន​កំលោះ​ មន​ ស្ទៀង ភ្នង អែ​ទៀត​ៗ ចោម​ចង់​បាន​ស្មគ្រ័​ចិត្ត​ជា​បេក្ខ​ជន​ប្រលង​កាប់​ចាក់​ដណ្ដើម​គ្នា​ដណ្ដឹង​យក​ជា​ប្រពន្ធ​។ ប៉ុន្តែ​មណ្ឌល​គិរី​នៅ​អល់​អែក ពុំ​ទាន់​ចង់​បាន​ប្តី​ទេ នាង​ចង់​នៅ​អោយ​សប្បាយ​បាន​រាង​យូរ​ឆ្នាំ​បន្តិច​។ ជា​ច្រើន​រយ​ដង​ណាស់​មក​ហើយ លោក​មេកន្ទ្រាញ​អែ​ទៀត​ៗ បាន​ចូល​មក​កក់​ដណ្ដឹង​ទុក​។ ជា​ពិសេស កញ្ញា​គិរី​ត្រូវ​បាន​ជា​អនា​គត​កូន​ប្រសារ​លោក​មេ​ដំបន់​កោះ​ញឹក ជា​ក្លើ​ភឿន​របស់​លោក​មេ​មណ្ឌល​។ តែ​គេ​នៅ​រង់​ចាំ​គ្រប់​អាយុ ២០​ឆ្នាំ​ទើប​រៀប​ការ​បាន តាម​ប្រ​ពៃណី​ស្រុក​ភ្នំ​យុក​ណាំ​លៀរ​។ រៀង​រាល់​ឆ្នាំ នៅ​ទិវា​ចូល​ឆ្នាំ​ថ្មី បណ្ដា​ជន​ទូ​ទៅ​ក្នុង​ព្រៃ​ភ្នំ​ តាម​ដំបន់​នានា គេ​តែង​តែ​ដឹក​កូន​ជញ្ជូន​ចៅ ទៅ​ប្រជុំ​ធ្វើ​បុណ្យ​ងូត​ទឹក ស្រង់​ព្រះ​ពូន​ភ្នំ​ខ្សាច់ នៅ​វត្ត​ព្រែក​កំពី​ ​តាម​ប្រពៃ​ណី​។ នៅ​ទិវា​ដ៏​មហោ​លា​រិក​នោះ កូន​ក្រមុំ កូន​កំលោះ មន​ស្ទៀង ភ្នង អិត​ប្រកែ​ប្រកាន់​អ្វី​ទេ គេ​បេះ​ផ្កា​ស្លៀក​ពាក់​តាម​របៀប​ស្រុក​ទេស ដើរ​ប្រជ្រៀត​គ្នា​ចូល​ក្នុង​ព្រះ​វិហារ​ ថ្វាយ​ផ្កា​ស្រង់​ព្រះ​វារី​ដល់​ព្រះ​ពុទ្ធ​រូប​ធំ​មួយ​អង្គ ដ៏​មាន​បារ​មី​ពូកែ​សក្តិ​សិទ្ធិ ដែល​ពួក​ភ្នំ​តែង​តែ​គោរព​បូជា​ទុក​ស្មើ​ព្រះ​អាទិ​ទេព​ របស់​គេ​ជំនាន់​បុរាណ​។ កញ្ញា​មណ្ឌល​គិរី ដូច​មិត្ត​នារី​របស់​នាង​ដែរ អោប​បាច់​ផ្កា​រំដួល​ក្រអូប​ ឈ្វេង​ប្រ​ជ្រៀត​ចូល​ព្រះ​វិហារ ដ៏​សែន​ចង្អៀត​ណែន​ណាន់​តាន់​តាប់​។ រំពេច​នោះ​លឺ​៖

- យ៉ូយ ! យ៉ូយ ! ។ គិរីស្រែក ដោយបុរសកំលោះម្នាក់ជាន់ជើងនាង។
- សូមអភ័យទោសអ្នកនាង ខ្ញុំបានជាន់ដោយអចេតនា ! កំលោះ សូផាន សុំទោសគិរី។
កញ្ញាងើបមើលមុខបុរសដោយមានវាចា,
- លោក ! ខ្ញុំមិនប្រកាន់ទោសទេ ថ្ងៃបុណ្យ ជាន់បន្តិចបន្តួចប៉ុណ្ណេះ !.
- អរគុណណាស់អ្នកនាង ! ។
សូផានសំលឹងភក្ត្រនារីឆ្នើមមិនដាក់ភ្នែក បេះដូងរន្ធត់ញ័រដោយត្រូវមន្តស្នេហ៍។ នាយនឹកសរសើរ :
- គិរី ! ម្តេច​ក៏សំលឹង​ប្រុស​កំលោះ​នោះ​ម្ល៉េះ ប្រហែល . . .ស្នេហា​រឺ​អ្វី ​? វ៉ឺយ​មិន​បាន​ទេ​! កំលោះ​នោះ​តាម​គ្នា​ដឹង​ជា​កូន​កម្ពុជា​យើង​នៅ​ផ្សារ​អូរ​រាំង  ជា​កូន​អ្នក​ជំនួញ​ផង​ណា៎​!​។
- ពុទ្ធោ ! គេ​នៅ​អូរ​រាំង​? ល្អ​ណាស់​លោក​អើយ យ៉ា​មា​ណុប​ខ្វាន់ (ពាក្យ​ស្ទៀង​ប្រែ​ថា​ល្អ​បំផុត​មេឃ​) ខ្ញុំ​ស្រលាញ់​គេ​ណាស់​បង​ហា​រី ធ្វើ​ម្តេច​បាន​ធ្វើ​ប្តី​?
- ហ៊ឹះ កុំ​ប្រាថ្នា កូន​គេ​អ្នក​ផ្សារ មិន​មែន​ស្រលាញ់​យើង​កូន​ភ្នង​ព្រៃ​ភ្នំ ស្លៀក​ប៉ឹង​យ៉ាង​នេះ​ទេ កុំ​សង្ឃឹម​អី​គិ​រី​អើយ​!
កញ្ញា​ភ្នំ​យុក​ណាំ​លៀរ យក​ដៃរឹត​ទ្រូង​សំលឹង​ហារី​។
- ហារី ! បើ​គេ​មិន​ស្រលាញ់​ខ្ញុំ ម្តេច​ក៏​គេ​សំលឹង​មក​ម្ល៉េះ​? ឃើញ​ទេ គេ​សើច​ដាក់​ហើយ​លេប​ទឹក​មាត់​ក្អឹក​ៗ ប្រ​ហែល​ស្រលាញ់​មែន​ទេ​ដឹង​? ហារី ធុញ​ពេក​សំលក់​ក្រ​លែត​ដាក់​គិរី​។
- អញ​ស្អប់​ណាស់ ស្រី​ក្រមុំ​អី​ស្រលាញ់​ប្រុស ខុស​ទំលាប់​ស្រុក​ភ្នំ នៅ​មើល​គេ​ចុះ អញ​សុំ​លា​អែង​ទៅ​មុន​ហើយ រក​ងូត​ទឹក​ព្រែក​កំពី​។
- ឈប់ ! ឈប់ ! ឈប់ ! ចាំផងហារី។
ហារី​ចេញ​បាត់​ចោល​នាង​គិរី អោយ​ឈរ​ម្នាក់​អែង​កៀន​វិហារ នាង​ចេញ​ទៅ​ក្រៅ​ទៅ​ឈរ រក​មើល​ជុំវិញ​វត្ត តែ​ពុំ​ប្រទះ​។ នាង​ឈរ​ម្នាក់​អែង​នៅ​ក្រោម​ដើម​គគីរ បៀម​ដៃ​មើល​ប្រុស​ស្នេហា​ដែល​ដើរ​មក​រក​នាង​។
- អ្នកនាង ! អ្នកនាង ! ម្តេចមិនមានវាចារកខ្ញុំ ស្អប់ខ្ញុំណាស់រឺ ?
បុត្រីលោកមណ្ឌលពុំព្រមនិយាយរកសូផានឡើយ ។ បុរសធ្វើជាងង៉ក់ដើរចេញ ។
- ឈប់ ! ឈប់ ! ឈប់ ! អ្នកកំលោះ ! ។ គិរីហៅសូផានអោយឈប់ ។
- អ្នកនាងហៅខ្ញុំឈប់មានការអ្វី ?
- ចា៎ ! ចា៎! មានការទើបហៅ !
សូផានឃើញស្ថានការណ៍ល្អ ក៏ចូលជិតប្រលោមលួងលោម ។
- អូន ! អូនជាទេពអប្សរ ដួង​ចិត្ត​បង ម្តេច​ក៏នួន​ល្អង​មិន​មាន​វាចា​ឆាប់​មក​។ ឱ​ភក្ត្រា​ដ៏​ល្អ​ផូរ​ផង់​ដូច​ចន្ទពេញ​វង់ នេត្រា​ភ្លឺ​យង់​ចាំង​ឆ្លុះ ចូល​មុត​បេះ​ដូង​ដ៏​បរិ​សុទ្ធ​របស់​បង ម្តេច​ក៏​មិន​សា​សង​គ្រាន់​តែ​ញញឹម​?
នារីងើបមុខមើលបុរស តបសំដីដោយអៀនខ្មាស ។
- បង ! បង ! ជាកូនអ្នកផ្សារអូររាំងរឺអ្វី ? ម្តេចហ៊ានចាប់ទ្រចង្កាខ្ញុំលេងដូច្នេះ ? ប្រយ័ត្នគ្រួសារខ្ញុំឃើញ បងត្រូវបង់ជីវិតពុំខាន។
- អូន ! បង​ស្រលាញ់​អូន​ណាស់ បើ​ស្លាប់​ដោយ​រូប​អូន បង​ពុំ​ស្តាយ​ជីវិត​បន្តិច​ឡើយ ​អូន​! តើ​ផ្ទះ​សំបែង​ឳពុក​ម្តាយ​នៅ​អែ​ណា អូន​ឈ្មោះ​អ្វី​?
- កុំចង់ដឹងអ្វី , នាំអោយមានគ្រោះថ្នាក់ទេ ស្គាល់តែឈ្មោះបានហើយ !
- ឈ្មោះអីអូន ?
- ចា៎ ! ឈ្មោះមណ្ឌលគិរី !
- មណ្ឌលគិរី ! មណ្ឌលគិរី ! យី​ឈ្មោះ​ល្អ​ណាស់ សម​នឹង​រូប​អូន​ស្អាត​អិត​ខ្ចោះ ! ផ្ទះ​នៅ​កន្លែង​ណា ? អូន​! មេត្តា​ប្រាប់​បង​មក ! នៅ​ភ្នំ​យុក​ណាំ​លៀរ ខាង​ជើង​ណា៎​បង ! ពុក​អូន​ជា​មេកន្ទ្រាញ!
- លោកពុកជាមេកន្ទ្រាញផង ?
- ចា៎ ! កុំចង់ដឹងច្រើនពេក ថាតើបងនៅអូររាំងមែនទេ ?
- បាទ ! បាទ ! ប្រាកដហើយអូន ! បងនៅផ្សារអូររាំងម្តាយបងជាអ្នកជំនួញស្រូវ ឳពុកបងស្លាប់យូរហើយ !
- ហ៊ឹះ ! ហ៊ឹះ ! ឋាន វណ្ណ ពូជពង្យខុសគ្នាឆ្ងាយណាស់ កុំស្រលាញ់ខ្ញុំធ្វើអ្វី នាំតែមានគ្រោះថ្នាក់ណា៎បង !
- ទេ ! ទេ ! ទោះបីមានមហាឧបសគ្គយ៉ាងណា បងតស៊ូ ស៊ូស្លាប់រស់ជាមួយអូនហើយ . . .គិរីអើយ ! ជឿចិត្តបងចុះ បងស្រលាញ់អូនលើសកែវភ្នែកបងទៀតណា៎អូន !

នារីសំលឹងមុខបុរស ដោយ​សេច​ក្តី​ស្នេហា​ជ្រាល​ជ្រៅ សរ​ព្រះ​កាម​ទេព​បាន​មុជ​ជ្រែក​ជ្រៀត​ចូល​កប់​កណ្ដាល​បេះដូង​ស្រី​បរិសុទ្ធ​មាន​ប្រតិ​កម្ម​ក្តៅ​ភាយ​ៗ ដោយ​អិទ្ធិ​ពល​ស្នេហា​។

- តោះបង ! នៅ​ទី​នេះ​ពុំ​បាន​ទេ ពួក​គេ​សំលឹង​មក​យើង​ច្រើន​ណាស់ មាន​រឿង​រ៉ាវ​ឥលូវ​ហើយ​ ពួក​អា​កំលោះ​អស់​នោះដៃ​ដល់​ណាស់ កាច​ព្រ​ហើន​ទៀត​!
- អូននាំបងទៅណាទៀត ?
- ចា៎ ! ទៅ​មាត់​ព្រែក​កំពី មុជ​ទឹក​សប្បាយ​ទាំង​អស់​គ្នា ហែល​អោយ​ឆ្ងាយ​ពី​គេ​នឹង​បាន​ជំនុំ​គ្នា​ទៀត​មែន​ទេ​?
- ល្អណាស់អូនគិរី ! បងតាមអូនជានិច្ច មកអូនឡើងជិះសេះជាមួយបង!។
បុរស និង នារីបណ្ដើរ​គ្នា​ទៅ​កាន់​អាជ​នេយ្យ ដែល​ចង​អោយ​ស៊ី​ស្មៅ​ក្រៅ​របង​វត្ត​។ កំលោះ​ក្រមុំ​ជិះ​សេះ​សាសង​ទៅ​រក​មាត់​ព្រែក ដែល​មាន​ទឹក​ថ្លា​ដូច​កញ្ចក់​។ គេ​អង្គុយ​សាសង​ផ្តោះ​ផ្តង​ពាក្យ​ពេចន៍​ស្នេហា​។
- អូន​គរី ដើម្បី​ទុក​ជា​អនុស្សាវ​រីយ៍​ស្នេហា​ដំបូង​របស់​បង អោយ​សម​តាម​ដួង​ចិត្ត​ស្មោះ​ស្មគ្រ័​របស់​អូន បង​សុំ​បំពាក់​ចិញ្ចៀន​នេះ​ជូន​អូន​ហើយ ! តើ​កែវ​អូន​យល់​យ៉ាង​ណា​?
- ចិញ្ចៀន ? អ្ហា៎! បងបំពាក់អោយខ្ញុំដោយស្មោះត្រង់មែនរឺ ?
- បងហួសពីស្មោះហើយអូន !
- អូនសុំបំពាក់ខ្សែអង្កាំភ្លុកនេះជូនបងដែរ បងថែរក្សាអង្កាំនេះជំនួសដួងចិត្តអូន!
បុរសទទួលខ្សែអង្កាំភ្លុកមកថើប គេចាប់ភក្ត្រគិរីថើបស្រូបយកក្លិនបុប្ផាជាតិព្រៃភ្នំ ។
- កុំថើបច្រើនពេក ប្រយត្ត័ណាយក្រោយ !
- ទេ ! ទេ ! ល្អយ៉ាងនេះគ្មានណាយទេអូន !
- ខ្ញុំមិនជឿទេចិត្តប្រុសស្រុកផ្សារដូចបង តែ​បាន​រូប​ឆោម​នារី​ម្តង ដោះ​ដៃ​ចោល​អោយ​បុប្ផា​ព្រៃ​ភ្នំ​ក្រៀម​ក្រំ​លុះ​មរណា​!
- ទេ ! ទេ ! អោយបងស្បថក៏បងហ៊ានដែរ !
- បងហ៊ានស្បថមែន រឺ ?
- បងហ៊ានណាអូន !
- បើអីចឹងទៅស្បថទាំងអស់គ្នា នៅចំពោះមុខព្រះក្នុងវិហារវត្តកំពី
- ទៅអូន ! បងស្រលាញ់អូនហើយ ! !

គូស្នេហា ខុស​ឋាន ខុស​ស្បែក គេ​ក្រោក​ពី​កន្លែង​ដើរ​បេះ​ផ្កា​រំដួល​មួយ​បាច់​ម្នាក់ ដើរ​ចូល​ព្រះ​វីហារ​។ នៅ​ចំពោះ​មុខ​ព្រះ​ភក្ត្រ​នៃ​ព្រះ​ពុទ្ធ​រូប​មាន​រិទ្ធា​នុភាព​បារមី គូ​ស្នេហ៍​ថ្វាយ​បង្គំ ថ្វាយ​កំរង​ផ្កា អុជ​ធូប​ទៀន​ហើយ​លើក​ដៃ​ប្រណម្យ​មាន​វាចា​៖

សូម​ព្រះ​ចេស្តា​បារមី​ដ៏​លើស​លុប ជួយ​ចាំ ជួយ​លឺ​ជា​សក្សី​នៃ​រូប​ខ្ញុំ​ទាំង​ពីរ​នាក់ បាន​ស្បថ​ស្បែរ​ថា ជាតិ​នេះ​មិន​មាន​ចិត្ត​បែក​បែរ​ប្រែ​ចិត្ត​ចោល​គ្នា​ឡើយ , ខ្ញុំ​ព្រះ​ករុណា​ស៊ូ​ស្លាប់ ស៊ូ​រស់ ស្មោះ​ស្ម័គ្រ​តែ​មួយ នឹង​មួយ ,ពុំ​មាន​គូ​ណា​ជា​ពីរ​ឡើយ , បើ​ខ្ញុំ​ព្រះ​ករុណា​ភ្លេច​ពាក្យ​ស្បថ ទៅ​រួម​គូ​ថ្មី​ទៀត​ សូម​បារមី​ព្រះ​អង្គ វាយ​បំបាក់​ក​យើង​ខ្ញុំ​ទាំង​ពីរ​នាក់​ចុះ ។

សូផានស្បថរួចបែរមុខញញឹមដាក់សង្សារ។ គិរីញញឹមតប រួចលើកដៃប្រណម្យព្រះពុទ្ធរូប។

នាង​ខ្ញុំ សូម​លើក​ហត្ថ​សច្ចា​ប្រណិ​ធាន ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ដ៏​មាន​មហិទ្ធិ​រិទ្ធិ នាង​ខ្ញុំ​សូម​សច្ចា​ថា​ មួយ​ជីវិត​នេះ​យក​ប្តី​តែ​មួយ គឺ​សូផាន បើ​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​នាង​ខ្ញុំ​បែក​បែរ​ប្រែ​ចិត្ត មាន​ប្រុស​ដទៃ សូម​ព្រះ​បារមី​ព្រះ​អង្គ​វាយ​ប្រហារ​បំបាក់​ក​នាង​ខ្ញុំ​ចុះ!​។

គេ​ស្បថ​រួច បណ្ដើរ​គ្នា​ត្រសង​ចេញ​ពី​ព្រះ​វិហារ ឆ្ពោះ​ទៅ​ពួក​មនុស្ស​ដែល​ធ្វើ​ដំណើរ​កំសាន្ត​រក​កន្លែង​លេង ល្បែង​តាម​ប្រ​ពៃ​ណី​។ ក្រមុំ​កំលោះ ស្ទៀង ភ្នង កួយ មន គេ​ចូល​រួម​លេង​ល្បែង​ជា​មួយ​គ្នា អិត​ប្រកាន់​ស្បែក​ សាសន៍​អំបូរ​ជាតិ​ឡើយ ព្រោះ​ក្នុង​រដូវ​ចូល​ឆ្នាំថ្មី​ តាម​ទំនៀម​ទំលាប់​គេ​មិន​ប្រកាន់​។ ប្រុស​ស្រី​ក្មេង​ចាស់​អាច​និយាយ​ទាក់​ទង​គ្នា​បាន​តាម​ចិត្ត​។ ឯ​អ្នកតា​បង់​បត់​ព្រៃ​ភ្នំ ក៏​បន្ធូរ​បន្ថយ​ច្បាប់​ជំនឿ​មិន​កាច់​ក ប្រកាន់​ចាប់​ទោស​ពៃរ៍​អ្វី​ដែរ​។ តែ​បើ​ក្រៅ​ពី​ថ្ងៃ​បុណ្យ​ខុស ក្រៅ​ផ្លូវ​ការ​មិន​បាន​ជា​ដាច់​ខាត មុខ​ជា​ស្លាប់​ចោល​តែ​ឆ្អឹង​ពុំ​ខាន​។ នេះ​ជា​ជំនឿ​របស់​ពួក​គេ ព្រៃ​ភ្នំ​យុក​ណាំ​លៀរ​។ ទើប​តែ​ឃើញ​លើក​នេះ មាន​តែ​កញ្ញា​មណ្ឌល​ម្នាក់ ហ៊ាន​ប្រ​ព្រឹត្ត​ខុស​ប្រ​ពៃណី​ច្បាប់​ទំលាប់​ស្រុក​ភ្នំ​។ តើ​សេច​ក្តី​ស្នេហា​ដ៏​បរិសុទ្ធ​របស់​គូ​កំសត់ មាន​ជំហាន​បដិវត្ត​យ៉ាង​ណា​? បើ​ខុស​ប្រ​ពៃណី​យ៉ាង​នេះ ​?

ពេល​រសៀល​កំនត់​ព្រះ​សុរិយា​គង​ខ្នង​ភ្នំ​នា​ទិស​បស្ចឹម ច្បាប់​បញ្ញត្ត​ឈប់​ទាក់​ទង​ប្រុស​ស្រី​វ័យ​ក្រមុំ កំលោះ​ត្រូវ​កាត់​ផ្តាច់​។ គេ​បែក​ខ្ញែក​គ្នា ដោយ​អាលោះ​អាល័យ​រៀង​ៗ ​ខ្លួន​។ ព្រះ​ទិនករ​ទាប​ទេរ​ណាស់​ហើយ សូផាន​នឹង​មណ្ឌល​គិរី​ ដោយ​គោរព​តាម​ច្បាប់​បញ្ញត្ត​របស់​ម៉ែ​ឳ គេ​សំលឹង​មុខ​គ្នា​យ៉ាង​យូរ ថយ​ចេញ​បន្តិច​ម្តង​ៗ​។ សូផាន​ចាប់​សេះ​ជិះ​ញាក់​ខ្សែ​បំផាយ​ចេញ​ពី​ព្រែក​កំពី​។ បុរស​ងាក​ក្រោយ​ម្តង​ៗ មើល​មណ្ឌល​គិរី​ឈរ​បក់​ដៃហៅ​ល្វើយ​ៗ​។ មនោ​មេយ្យ ផាយ​យ៉ាង​លឿន​កាត់​ពុះ​​ទ្រូង​ព្រៃ នាំ​ម្ចាស់​ទៅ​វា​ទៅ​កាន់​ស្រុក​អូរ​រាំង។