២២ - បាត់ខ្លួនទៅណា
ថ្ងៃសៅរ៍ ទី15.តុលា 2016.ម៉ោង 9:31

ក្នុង​ហ្វូង​អ្នក​ស្រុក​ដែល​កំពុង​អ៊ូ​អរ មាន​ជន​ប្រាំ​នាក់​ដើរ​បន្លំ​ជា​មួយ​គេ​អែង​ តែ​ភ្នែក​រវៀស​ប្រុង​មើល​ឆ្វេង​ស្ដាំ​ជា​និច្ច​។ ជន​ចំលែក​ទាំង​ប្រាំ​នាក់​គឺ មហា​កាល អារុណ វីរ​ នាកត និង​ នាយ​ឡំ​។
     ក្រោយ​ពី​ពេល​ដែល​នាយ​កត​ និង​ នាយ​ឡំ​បាន​រួច​ពី​អណ្ដូង​មរណ​ភាព​មក​ ជន​ទាំង​ពីរ​បាន​ត្រលប់​ទៅ​កាន់​បន្ទាយ​វិញ​។ ថ្វី​ត្បិត​តែ​រឿង​ធ្លាក់​អណ្ដូង​នេះ​កន្លង​ទៅ​បាន​មួយ​ឆ្នាំ​មក​ហើយ​ តែ​ជន​ទាំង​ពីរ​នៅ​នឹក​ឃើញ​រឿង​នេះ​ហាក់​ថ្មី​ជា​និច្ច​។ ហេតុ​នេះ​ហើយ​បាន​ជា​ក្នុង​អោ​កាស​បុណ្យ​របស់​ព្រះ​កំពុត​នេះ​ ជន​ទាំង​ពីរ​ប្រុង​ស្មារ​តី​ជាង​គេ ​ព្រោះ​រអា​នឹង​រឿង​អណ្ដូង​ចង្រៃ​ដែល​គេ​ចេញ​សឹង​ពុំ​រួច​នោះ​។ លុះ​ដល់​កន្លែង​មួយ​ឆ្ងាយ​ពី​មនុស្ស​បន្ដិច​មហា​កាល​ចាប់​ស្មា​មិត្ដ​ទាំង​បួន​​និយាយ​ខ្សឹប​ៗ​ថា :

ក្រោយ​ពី​ពេល​ដែល​ខ្សឹប​ខ្សៀវ​គ្នា​អស់​ពេល​យ៉ាង​យូរ​ ជន​ទាំង​ប្រាំ​នាក់​ក៏​ដើរ​លប​ៗ ទៅ​ជិត​ផ្ទះ​មួយ​ដែល​នៅ​ឆ្ងាយ​ដាច់​ពី​គេ​
មហាកាលគ្រាន់តែបញ្ជាក់ឡើងវិញ
- កតអែងប្រាកដជាវាដេកផ្ទះនោះមែនរឺ?
- ខ្ញុំតាមជាប់នឹងភ្នែក។ ប្រាកដជាវាដេកក្នុងផ្ទះនោះអែង
អារុណញាក់ស្មាដើរទៅមុខអិតរួញរា ដោយពោលពាក្យថា
- ទៅចាប់ធ្វើការឡើង កុំបង្អង់អោយយូរ
វីរចាប់ស្មាអារុណ
- ធ្វើការយ៉ាងណា ? ចូលតាមណា ? ធ្វើម៉េច ?
មហាកាលនិយាយឡើងថា
- អញ​! ទុក​អោយ​អញ​ អញ​ចង់​សង​សឹក​នឹង​វា​! អញ​រក​តែ​មុខ​វា​អោយ​ឃើញ​នេះ​អែង​។ ទុក​អោយ​អញ​សំលាប់​វា​!​
វីរសួរទៀតថា
- ចុះបើវាសំលាប់កាលអែងវិញ តើធ្វើយ៉ាងណា?
មហាកាលសើច :
- អែងសងសឹកអោយអញទៅទៀត
អារុណងក់ក្បាល
- ប្រាកដហើយ ! កុំយូរពេក ! ទៅសង្រ្គាម ! ជយោសង្គ្រាម វីរចងចិញ្ចើមគំហកថា
- ជយោសន្ដិភាព ! តែចូលយ៉ាងណា ?
អារុណឆ្លើយភ្លាមអិតបង្អង់
- ហ៊ឹ​! ទៅ​ឆោត​អី​ ដើរ​ចូល​ត្រង់​ៗ​ រួច​ទៅ​គោះ​ទ្វារ​ហៅ​វា​មក​បាន​ហើយ​! យើង​មាន​ដាវ​គ្រប់​ដៃ​។ កាល​ណា​វា​បើ​ទ្វារ​ចេញ​មក​យើង​កៀប​ក​វា ចង​វា​ដូច​ជា​វា​ចង​បង​កាល​អែង​ កាល​ជាប់​គុក​ដូច្នោះ​!​
មហាកាលសើចនឹងអនុស្សាវរីយ៍ ដែលអារុណរំលឹកក្នុងពេលជិតមានអាសន្ននេះ
នាយឡំសួរថា
- ចូលតាមណាលោកគ្រូ?
មហាកាលឆ្លើយ
-ដើរព័ទ្ធមួយជុំផ្ទះសិន ក្រែងមានឆ្កែ
ជនទាំងប្រាំដើរមួយជុំផ្ទះយ៉ាងអង់អាច បីដូចអិតមានរឿងអ្វីឡើយ។
អែ​អារុណ​វិញ​អិត​ធ្វើ​តាម​អ្នក​អែ​ទៀត​ឡើយ​។ អារុណ​លោត​ចូល​តាម​បង្អួច​រួច​ហួច​លឺ​វើត​ៗ រី​អែ​អ្នក​ទាំង​បួន​អែ​ទៀត​ ក៏​រត់​ស្រ​ចូល​តាម​អារុណ​អិត​បង្អង់​។
ជន​ទាំង​ប្រាំ​បាន​ដល់​ទៅ​ក្នុង​ផ្ទះ​។ ចង្កៀង​មួយ​ឆេះ​ផ្លុង​ៗ​។ នៅ​សង​ខាង​គ្រែ​ដែល​និល​ពេជ្រ​ដេក​ឃើញ​មាន​តុ និង​ ទូ​ត្រៀប​ត្រា។
អារុណបិទបង្អួចដោយខ្សឹបថា
- ក្រែងវារត់តាមបង្អួចរួច គិតតែខ្ទប់វាដូចយើងខ្ទប់ត្រចៀកដូច្នោះអែង
មហាកាលលាន់មាត់ថា
- យី ! ផ្ទះនេះចំនាប់ចំនួនមែន! ប្រយ័ត្ន!
ជន​ទាំង​ប្រាំ​ហូត​ដាវ​វិប​ដំណាល​គ្នា​។ នាយ​ឡំ និង​ នាយ​កត​គេច​ទៅ​ខាង​ឆ្វេង​មាត់​ទ្វារ​ត្រៀម​ចាំ​លោត​ទៅ​ចាប់​និល​ពេជ្រ​ កាល​ណា​និល​ពេជ្រ​មក​ដល់​មាត់​ទ្វារ​នេះ​។ វីរ​អែប​ខ្លួន​នឹង​ជញ្ជាំង​ខាង​ស្ដាំ​មាត់​ទ្វារ​។ មហា​កាល និង អារុណ ក្រោយ​ពី​ពេល​ចោល​កន្ទុយ​ភ្នែក​យ៉ាង​លឿន​ទៅ​លើ​វត្ថុ​នានា​ដែល​នៅ​ក្នុង​ផ្ទះ​ហើយ​ ក៏​ចូល​ស្លុង​ទៅ​រក​ចំណី​ដោយ​វាត់​ដាវ​ម៉ាំង​លើ​គូថ​និល​ពេជ្រ​ដែល​កំពុង​ដេក​លក់​។ អារុណ​ស្រែក​ថា​
- អ្ហេ៎ ! លោកសំលាញ់ចាស់ ! ក្រោកឡើងឆាប់ៗ
និល​ពេជ្រ​ជូត​ភ្នែក​ល្ងី​ល្ងើ ស្រាប់​តែ​ភ្ញាក់​ដូច​គេ​កន្ដ្រាក់​ ព្រោះ​ឃើញ​មហា​កាល​ រហ័ស​ដូច​ខ្លា និល​ពេជ្រ​គេច​ខ្លួន​ផាំង​ចំងាយ​បី​ម៉ែត្រ​ដក​ដាវ​វីត​!​
- ហាសៗ បងកាល អ្នកណាមិនស្គាល់និលពេជ្រ
អារុណ​ភ្លែត​កាប់​និល​ពេជ្រ​ម៉ាំង​ៗ ផូង​ៗ ជាប់​ញាប់​ដូច​កង្ហារ​។ និល​ពេជ្រ​កាត់​ប៉ាំង​ៗ​ យ៉ាង​ញាប់​ដែរ​។ ផូង​ទៅ​ផូង​មក​ៗ​ ញាប់​ៗ​ល្អ​មើល​ជា​ទី​អស្ចារ្យ​។ មហា​កាល​ឈរ​មើល ញញឹម​យ៉ាង​ស្រស់​ រួច​ក៏​ស្ទុះ​ទៅ​ច្រាន​អារុណ​ចេញ​ ចូល​កាប់​និល​ពេជ្រ​ប៉ាច់​ៗ ​ៗ​។ និល​ពេជ្រ​រង​គេច​ថយ​ មហា​កាល​វាយ​រន្ថើន​រន្ដំ​គ្នា​ សូរ​យ៉ាង​ពីរោះ​ដោយ​និយាយ​ថា​
- អញ​ចង់​យូរ​ហើយ​! អញ​នឹក​មិន​ភ្លេច​ទេ កាល​អញ​ជាប់​គុក​! ហ៊ឹស​! អញ​ហុត​ឈាម​អា​អោយ​បាន​ក្នុង​ពេល​នេះ​
មហា​កាល​វាត់​ដាវ​វឹង​ចំក​និល​ពេជ្រ​ ស្រាប់​តែ​មាន​ដាវ​មួយ​ទៀត​មក​រង​ចែស​ទាន់​។ និល​ពេជ្រ​លេប​ទឹក​មាត់​ក្អឿក​ៗ​។ មហា​កាល​ខឹង​យ៉ាង​ខ្លាំង​ស្ទុះ​វឹង​ទៅ​រក​មនុស្ស​ថ្មី​នេះ​។ អារុណ​ស្ទុះ​វឹង​ចូល​ទៅ​ទៀត​។ វីរៈ​ នាយ​កត​ នាយ​ឡំ ក៏​អិត​នៅ​ព្រងើយ​ស្ទុះ​វឹង​ទៅ​ដែរ​ ដាវ​នៅ​ដៃ​។ បុរស​ថ្មី​កាត់​ដាវ​ជន​ទាំង​ប្រាំ​យ៉ាង​ខែង​ ហាក់​ដូច​គ្មាន​ប្រឹង​អ្វី​ដល់​តិច​តួច​សោះ​។ អារុណ​ដោយ​ខឹង​ខ្លាំង​ពេក ចាក់​គេ​មិន​ត្រូវ​ស្រែក​ថា​
- អាណា ?
បុរសមិនស្គាល់មុខសើច
- ហ៊ឹស ៗ ៗ
- អារុណលុតជង្គងគ្រឹប
- លោកគ្រូ ! លោកគ្រូ !
ជន​ទាំង​ប្រាំ​ឈប់​ដូច​ម៉ាស៊ីន​ ស្ទុះ​ទៅ​អោប​បុរស​ថ្មី​នេះ​អិត​បង្អង់​ឡើយ​។ គឺ​ មានន្ទ ។ និល​ពេជ្រ​ដែល​ឈរ​មើល​គេ​ជួប​គ្នា ភ័យ​រឹត​តែ​ខ្លាំង​ឡើង​ គិត​រត់​ តែ​មានន្ទ​ចោល​កន្ទុយ​ភ្នែក​ទាន់​ យក​​ដាវ​រាំង​ទ្វារ​ជាប់​ ធ្វើ​អោយ​និល​ពេជ្រ​ឈរ​ស្ងៀម​មួយ​កន្លែង​។
មហាកាលសួរថា
- លោកគ្រូអញ្ជើញទៅណាបាត់យូរម៉្លេះ ?
- ខ្ញុំអិតទៅណាទេ !
- លោកគ្រូសុខសប្បាយជាទេ ?
- ជាធម្មតា
-អារុណនិយាយប្រជែងថា
- លោកគ្រូអើយ ! ពួកយើងចាំមើលតែផ្លូវលោកគ្រូ។ ដល់បាត់យូរពេក ទើបពួកយើងមកតាមនេះអែង
មានន្ទទះស្មាអារុណសើច រួចច្រានជនទាំងប្រាំអោយមករួមគ្នាខ្សឹបថា
- ទៅសិនចុះ ! ភ្លាមទៅស្កាត់ភ្នំស្វាយ ។ ព្រឹកនេះជិតភ្លឺបក្សីវានាំមាសពេជ្រទៅដាក់ក្នុងរូងភ្នំស្វាយ
អ្នកទាំងអស់គ្នាបើកភ្នែកធំៗ ។ មានន្ទបន្ដទៅទៀតថា
- គឺមាស​ពេជ្រ​អូវ​ពុក​ខ្ញុំ​ បក្សី​វា​លួច​បួន​ដប់​ថ្ងៃ​មក​នេះ​អែង​។ គ្នា​វា​ម្ភៃ​នាក់​។ វាយ​យក​អោយ​បាន​។ យើង​បាន​មាស​ពេជ្រ​នោះ​យើង​យក​ទៅ​ធ្វើ​សឹក​សង្រ្គាម​យើង​ទៀត​! ប្រយ័ត្ន​! កុំ​អោយ​អ្នក​ណា​ដឹង​អោយ​សោះ​ណ៎ា​! ទៅ​ៗ កុំ​នៅ​យូរ​។
អារុណមកកាន់ដៃមានន្ទនិយាយថា
- ខ្ញុំនឹកលោកគ្រូណាស់ !
មានន្ទសើច
- ខ្ញុំអរគុណអារុណណាស់ !
អារុណសើច
- ចុះហេតុម៉េច បានជាលោកគ្រូមិនអោយពួកយើងសំលាប់និលពេជ្រចោលទៅ ?
- ពី​ព្រោះ​ បើ​អារុណ​អែង​សំលាប់​ ធ្វើ​ម៉េច​ខ្ញុំ​បាន​សំលាប់​។ ខ្ញុំ​បាន​សន្យា​ជា​ដាច់​ខាត​ថា ខ្ញុំ​នឹង​សំលាប់​និល​ពេជ្រ​ដោយ​ដៃ​ខ្ញុំ​
វីរ នាយកត នាយឡំ មហាកាល អារុណ ស្រែកដំនាលគ្នា
- អោ ! បើដូចនោះ សូមលាលោកគ្រូហើយ
មហាកាលបន្ថែមខ្សឹបទៀតថា
- យើងទៅលួចសេះព្រះកំពុតជិះ ទៅសិរីសោភ័ណបានទាន់
នាយកតនិយាយកខិបកខុបថា
- ខ្ញុំបានស្គាល់កន្លែងពួកវាបំរុងយកមាសទៅលាក់ហើយ គឺលាក់ក្នុងភ្នំដែលឆ្នាំមុនខ្ញុំធ្លាក់អណ្ដូងនោះអែង
វីរ តបថា
- បើដូច្នោះ យើងទៅចាំវានៅមាត់ច្រកភ្នំបានហើយ
អារុណច្រានគេច្រានអែង
- ជយោ ! ទៅកុំនៅយូរវាខូចការ លាហើយលោកគ្រូ !
ថា​តែ​ប៉ុណ្ណោះ​ មានន្ទ​លោត​ផ្លោត​តាម​បង្អួច​ចូល​បាត់​ក្នុង​គុម្ព​ចេក​ទៅ​មនុស្ស​ចាស់​ម្នាក់​ស្ទុះ​មក​ចាប់​ដៃ​មានន្ទ​ ដែល​ឆ្លើយ​ថា
- បាទ ! អញ្ជើញលោកគ្រូ !
គឺតាគិរីសុមេរុដែលចំនួនមួយអាទិត្យមកហើយបានដើរតាមមានន្ទ
- ទៅចៅ ! ចេញ​ពី​ទី​នេះ​អោយ​ឆាប់​ៗ ត្បិត​ខ្យល់​នៅ​ទី​នេះ​មិន​ល្អ​ចំពោះ​យើង​ទេ​។ មិន​អី​ទេ​! គង់​យើង​បាន​ជួប​នឹង​ពួក​វា​មិន​ខាន​
- លោកតាបានលឺខ្ញុំនិយាយនឹងនិលពេជ្រទេ ?
- លឺទាំងអស់ តាចាំស្ដាប់ក្រោមផ្ទះនេះអែង។
ជន​ទាំង​ពីរ​ចាប់​ដៃ​គ្នា ដើរ​យ៉ាង​លឿន​ចេញ​ទៅ​ទិស​ខាង​សិរី​សោ​ភ័ណ​វិញ​ បី​ដូច​ពួក​ម៉ាក​ពីរ​នាក់​ដែល​ស្រលាញ់​គ្នា​ជីវិ​តមួយ​។ ចំនែក​ខាង​និល​ពេជ្រ​កាល​ណា​បាន​ឃើញ​មានន្ទ​ចុះ​បាត់​ហើយ​ក៏​ស្ទុះ​រត់​ចុះ​ដល់​ដី​បោល​ទៅ​អែ​កង​ទ័ព ហៅ​បាន​មិត្ដ​គេ​ទាំង​បួន​មក​មួយ​រំពេច​។ មិត្ដ​ទាំង​បួន​នេះ​ដេញ​តាម​មានន្ទ​ធ្លាយ​ចូល​តាម​ច្រក​គុម្ព​ចេក​ ដែល​មានន្ទ​ភៀស​ខ្លួន​ទៅ​។ និល​ពេជ្រ​សួរ​អ្នក​ស្រុក​ម្នាក់​ថា
- វាទៅណាហើយ ?
- ខ្ញុំមិន​ដឹង​ជា​គេ​ទៅ​ខាង​ណា​ទេ ប៉ុន្ដែ​ដែល​ខ្ញុំ​ដឹង​ គឺ​គេ​ទៅ​បាត់​ទៅ​ហើយ​ ហើយ​ប្រ​ហែល​ជា​មិន​ជិត​ឡើយ ​!
មិត្ដទាំងបួនបញ្ចូលដាវក្នុងស្រោមវិញ ដោយពោលថា
- គង់តែយើងជួបនឹងវាទេ ថ្ងៃក្រោយ ! អានេះវាចូលដៃនឹងខ្មាំងទៀត រួចមិនប្រាប់អែង
ពិត​មែន មិត្ដ​ទាំង​បួន​បាន​ប្ដេជ្ញា​ ថា​នឹង​សំលាប់​មានន្ទ​ដោយ​បែប​ខាង​លើ​នោះ​អែង​ ហើយ​សន្មត​គ្នា​ថា​ មិនសំលាប់​​មានន្ទម្នាក់​អែង​ឡើយ​។