អក្សរសិល្ប៍ខ្មែរ
រឿងមហាចោរនៅទល់ដែន
ដោយសាង សាវាត
©រក្សាសិទ្ធិគ្រប់យ៉ាង
****************************************
២០ - ស្រីទុគ៌ត
ថ្ងៃសៅរ៍ ទី1.តុលា 2016.ម៉ោង 7:05
នាងទេវីបុត្រីជាទីស្នេហា រត់តាមមានន្ទស្វាមីកំសត់។ នាងចេញពីស្រុកមង្គលបុរី ទាំងរាត្រីអស្ចារ្យនោះអែង ដោយបានស្រូតកាត់តាមផ្លូវរទេះដែលបាញ់ឆ្ពោះទៅអានាខេត្ដបាត់ដំបង។ អោ! ស្រីកល្យាណអិតបានដឹងផ្លូវថាត្រូវទៅណាទេ ព្រោះនាងពុំធ្លាប់ស្គាល់ភូមិភាគស្រុកទេសគេសោះ។ នាងគ្រាន់តែដឹងថា ទីដៅរបស់នាង គឺបាត់ដំបង បំនណងរបស់នាងគឺ ជួបមានន្ទប៉ុណ្ណោះអែង។ ហេតុនេះ នាងទៅតាមតែជំហាននាងដែលនាំនាងទៅ។ ពីរថ្ងៃកន្លងមក ធីតាបានទៅខេត្ដបាត់ដំបង។ ស្រីដើរឡេឡាកណ្ដាលក្រុង។
រាល់ជំហាននាងទេវីតែងជួបប្រទះឃើញតែរង្វង់មុខមនុស្សថ្មី ដែលនិយាយតែរឿងផ្សេងៗ។ រឿងទាំងពួងដែលនាងលឺនោះ ចំពោះនាងជារឿងគ្មានខ្លឹមសារអ្វីឡើយ។ នាងពុំដែលលឺ រឺ ពុំជួបប្រទះនឹង ស្រ្ដីណាមួយមានរឿងដូចនាងឡើយ។ ទីក្រុងបាត់តំបង មានសកម្មភាពខាងជំនួញជួញប្រែយ៉ាងកុះករក្រៃពេក ដែលជាហេតុធ្វើអោយនាង វង្វេងអិតស្គាល់ទិសតំបន់ណានឹងគេទេ។ ទេវីចេះតែទៅមុខ។
លុះដល់ពេលបាយ ទើបនាងដឹងខ្លួនថានាងឃ្លានអាហារ។ នាងទៅរកទិញម្ហូបគេទទួលទានតាមរានផ្សារ។ មីងចន្ទអ្នកលក់បាយឃើញនាងទេវីក៏មានចិត្ដអានិតអាសូរ រួចបានសាកសួរអំពីដំណើរ និង ហេតុការណ៍របស់នាងទេវី។ ស្រីកំសត់ចុកបាយបណ្ដើរ និយាយបណ្ដើរ រៀបរាប់អំពីរឿងរបស់នាងប្រាប់មីងចន្ទដែលធ្វើទឹកមុខយ៉ាងក្រៀមក្រោះ។ មីងចន្ទបញ្ចេញវាចាយ៉ាងខ្សឹកខ្សួលថា :
- - នាង! នាង អាចទៅនៅជាមួយខ្ញុំបន្ដោះអាសន្នសិន។ ផ្ទះតូចទេ តែខ្ញុំគ្មានកូនចៅអែណាទេ។ នាងអាចយកកូនទៅនៅចុះ។ មីងជួយរកប្ដីនាង ក្រែងលោបានឃើញ។ យី! កូននាងល្អណាស់ តើស្រី រឺប្រុស?
- - ច៎ាះ ! កូនស្រី
- - បានប៉ុន្មានខែហើយ ?
- - ច៎ាះ ! ទើបបានជាងពីរខែ
- - អូ ! ចេះសើចផង
- មីងចន្ទក៏ទទួលបុត្រីរបស់នាងទេវីទៅពអោបថើបយ៉ាងស្និតស្នាល។ នាងទេវីក៏មានទឹកមុខរីករាយយ៉ាងខ្លាំង ហើយបានសំពះជូនអំណរអរគុណដល់មីងចន្ទ។ នាងបញ្ចប់ពាក្យអំណរគុណដោយរំលឹកថា
- - អ្នកមីង ! អោយខ្ញុំនៅជាមួយផង ខ្ញុំក្រណាស់ ខ្ញុំគ្មានប្រាក់កាសទេ ! . . .
- - ទេ ! ទេ ! មិនអីទេ ។ ខ្ញុំអានិតនាងណាស់ ។ ខ្ញុំជួយនាងនេះយកតែបុណ្យទេ
- នាងទេវីលើកដៃសំពះទៀត
- - ខ្ញុំអរគុណនឹងអ្នកមីងណាស់ ។ ប៉ុន្ដែខ្ញុំព្រួយម្យ៉ាងទៀត ដោយខ្ញុំពុំដឹងធ្វើការអ្វីជួយអ្នកមីង
- - នាងចេះដេរទេ ?
- - ច៎ាះ ! ចេះ
- - អើមែន ! នាងដេរខោអាវចុះ ។ យី ! សព្វថ្ងៃគេលក់ខោអាវដាច់ណាស់
- - ខោអាវយ៉ាងណាទៅអ្នកមីង ?
- - ខោខ្មៅៗ ខ្លីៗ អាវធម្មតា។ ពួកអ្នកស្រែគេរកទិញរាល់ថ្ងៃ
- - ច៎ាះ ! ខ្ញុំអាចដេរបានអ្នកមីង
- - ស្រួលហើយនាង ៗ នៅតែផ្ទះចុះ និងខំតែដេរខោអាវចុះ។ ទុកកូននាងអោយខ្ញុំយកមកផ្សារជួយមើលអោយ
- - ច៎ាះ !
ក្នុងថ្ងៃនោះ នាងទេវីក៏បានទៅនៅជាមួយមីងចន្ទដែលមានចិត្ដសប្បុរសក្រៃលែង។ ស្រីទុគ៌តក៏បានចាប់ផ្ដើមដេរខោអាវលក់តាំងពីពេលនោះមក។ នាងខិតខំសាកសួរគេអែងអំពីមានន្ទ តែគ្មានអ្នកណាមួយស្គាល់ឡើយ។ ថ្ងៃកន្លងទៅៗ។ ខែកន្លងទៅៗ។ ឆ្នាំកន្លងទៅៗ អិតស្រាកស្រាន្ដ។ មួយថ្ងៃដែលផុតទៅ នាងទេវីមានទុក្ខព្រួយកាន់តែធំឡើង។ ពេលដំនេកលក់ ទុក្ខនេះវិនាសទៅវិញតាមសុបិន។ ថ្ងៃមួយចាប់បដិសន្ធិមកទៀត ទុក្ខដដែលកើតឡើងវិញដោយមានអានុភាពខ្លាំងដដែលដូចថ្ងៃមុន។ អោ! មនុស្សយើងអើយ! ទុក្ខដែលធំជាងគេបង្អស់លើលោកនេះ គឺទុក្ខព្រាត់គូស្នេហ៍ និងទុក្ខព្រាត់ប្រាសស្រុកទេស។ យើងបានឃើញថា ទុក្ខព្រាត់ប្រាសនិរាសគ្នានេះ មានអិទ្ធានុភាពប៉ុនណាហើយ។ នៅជិតទុក្ខ ដ៏អុត្ដមនេះ មានទុក្ខព្រាត់ប្រាស់ស្រុកទេស។ រាល់ថ្ងៃជនដែលព្រាត់ប្រាសស្រុក ហើយដែលបានទៅជ្រកកោនដោយស្រុកគេ ហាក់ឃើញខ្លួននៅតែលតោលៗ គ្មានបង្អែក កណ្ដាលវដ្ដសង្សារ។
សត្វឆ្ងាយពីសំបុកកំព្រារងាយ៉ាងណា ជនអ្នកឆ្ងាយពីស្រុកទេសក៏ រងាកំព្រាយ៉ាងនោះដែរ។ ក្រលេកមើលឆ្វេងស្ដាំ នាយអាយឃើញតែជនអែទៀតដែលខ្លួនពុំដែលស្គាល់។ យូរៗ ព្រលឹងនៃស្រុកទេសអង្រន់ រំលឹកឡើងធ្វើទឹកមុខអោយក្រៀមក្រំ ធ្វើចត្ដិអោយចង្អៀតចង្អល់ ធ្វើភ្នែកអោយរលីងរលោង។ រាល់ថ្ងៃជនអ្នកឃ្លាតស្រុក ក្រលេកមើលទៅទិសដែលស្រុកខ្លួនធ្លាប់នៅ។ ផ្គរលាន់ម្ដងៗ ភ្លៀងធ្លាក់ម្ដងៗ ជនអ្នកឃ្លាតស្រុកអោបដៃសំពះអង្វរអស់អរុក្ខទេវតាអោយដឹកនាំខ្លួនទៅដល់ស្រុកវិញ។ ទោះស្រុកថ្មី ដែលយើងនិត្យនៅមានការសប្បាយ និងសម្បូរហូរហៀក៏ពុំដូចស្រុកកំនើតយើងទេ។ ស្រុកយើងអាក្រក់ ក្រកំសត់លំបាកវេទនាយ៉ាងណា ក៏ស្រុកយើងជាស្រុកសុខដុមរមនាដែលទាញចិត្ដចង់អោយតែទៅ ចង់អោយតែនៅរហូតអស់ជន្មជីវិត។ ចាបយំ! អោ! ចាបយំ! គឺមកដាស់សតិយើងអោយយំជាមួយចាបនោះផង។ ថាបើមាន ដំណឹងអ្វីពីស្រុកយើង ជនអ្នកព្រាត់ស្រុកស្ទុះភ្ញាក់លោតចង់ដឹង ចង់និយាយ ចង់លឺគេនិយាយតែពីស្រុកខ្លួននោះ។ រាល់វេលា យើងគយគន់ សង្កេតរកមើលក្នុងបណ្ដាមនុស្សដែលដើរក្រែងឃើញអ្នកណាម្នាក់ដែលមកពីស្រុកយើង។
អោ! ចិត្ដស្រលាញ់ស្រុកនេះ! មិនថាស្រីប្រុសទេ ចាប់ចិត្ដចាប់គំនិតជាពន់ពេក។ ចិត្ដស្រលាញ់ស្រុកនេះ នាំចិត្ដយើងអោយជួបប្រទះ នឹងមនោសញ្ចេតនាធំៗអែទៀតជាច្រើន មានចិត្ដស្រលាញ់ប្រទេសជាតិ ស្រលាញ់ជាតិ និងស្រលាញ់ប្រជាជនយើងជាដើម។ អ្នកដែលព្រាត់ប្រាសចេញពីស្រុកទៅនៅពឹងអាស្រ័យប្រទេសគេ ទើបស្គាល់តំលៃនៃចិត្ដនឹកស្រុកនេះពិតៗ។ នាងទេវីនឹកស្រុក ស្រលាញ់ស្រុក ស្រលាញ់ជាតិ ស្រលាញ់ខ្មែរ តាមលំដាប់ជាន់ថ្នាក់ និង លំអានដែលយើងបានរៀបរាប់មកនេះ។ រាត្រីនោះ នាងទេវីនិទ្រាមិនលក់សោះ។ មីងចន្ទក៏នាំនាងនិយាយពីនេះពីនោះ គ្រាន់កែអផ្សុក។ នាងទេវីអង្គុយលើក្ដារងឿក្នុងខ្ទមបក់មូសអោយបទុមបុត្រីធីតា។ នាងបទុមបានអាយុជាងមួយឆ្នាំហើយ ៗនាងចេះចាប់ឈោងដើរ ចេះឆ្លើយមួយម៉ាត់ៗ ដែលរិតតែអោយនារីទាំងពីរស្រលាញ់ខ្លាំងទៅទៀត។
- រាត្រីគ្របស្បៃងងឹតពាសពេញ។ ខាងក្រៅជុំវិញផ្ទះនាងទេវីលឺសូររទេះទូមួយឈប់។ នាងព្រឺខ្លួនខ្ញាកៗ រត់ទៅមើល។ នាងភ័យតក្កមាត្បិតមានទាហានជាច្រើនព័ទ្ធផ្ទះនាង រួចមានទាហានប្រាំនាក់ទៀតប្រដាប់ដោយអាវុធគ្រប់ដៃដើរចូលមក។ មីងចន្ទក៏ស្រលាំងកាំងមើលជនទាំងអស់ដោយពោលវាចាញ័រៗថា :
- - លោកមានការអី ?
- - យើងមកនេះមានការ
- លំដាប់នោះ ពលទាហានក៏ចាប់នាងទេវី។ រីអែទាហានអែទៀតក៏ស្ទុះទៅចាប់នាងបទុមលើកឡើង។ មីងចន្ទឃើញដូច្នោះ ក៏ស្ទុះទៅដន្ដើមបុត្រីដែលភ្ញាក់ស្រែកយំទ្រហឹងអឹងកង។ នាងទេវីស្រែកដែរ តែស្រែកពុំរួច ត្បិតពួកទាហានខ្ទប់មាត់ជាប់។ នាងប្រឹងបំរះយ៉ាងអស់ទំហឹង។
- ការប្រលូកគ្នានេះមានឡើងយ៉ាងគួរអោយខ្លាចចិត្ដជាអនេកកប្បការ។ តុទូកៅអីដួលរេល។ មិនយូរប៉ុន្មាន ទាហានចាប់ទាញនាងទេវីដល់ខាងក្រៅមាត់ទ្វារ។
- នាងទេវីស្រែបានមួយម៉ាត់ថា
- - ជួយផងលោកអើយ !
- សំរែកនេះក៏បាត់ឈឹងទៅវិញដោយមនុស្សដែលចាប់នាងជាប់ពីក្រោយច្របាច់កនាងជាប់ហើយមានវាចាថា
- - ហ៊ឹសៗ ជួយផង !
- - យី ! កាមាទេ អោព្រះម្ចាស់ថ្លៃអើយ ! កាមាលោកមកធ្វើអីយ៉ាងនេះ ?
- - ស្ដាប់ខ្ញុំអោយទាន់។ ជាងមួយឆ្នាំមកហើយ យើងបែកគ្នា។ ជាងមួយឆ្នាំមកហើយ ដួងចិត្ដខ្ញុំគ្របដណ្ដប់សេចក្ដីស្នេហាមួយយ៉ាងលំបាកក្រៃលែង។ ពេលនេះអនុស្សាវរីយ៍ចាស់រើឡើងពាសពេញខ្លួនខ្ញុំ។ អើ! ខ្ញុំធ្វើទាំងប៉ុន្មាននេះដោយខ្ញុំស្រលាញ់អ្នកតែមួយ។ សេចក្ដីស្នេហាលើរូបអ្នកកំរើកពេញសរសៃខ្ញុំ ។ ស្នេហាតែមួយនេះឆាបឆេះចូលពេញដើមទ្រូងខ្ញុំ ធ្វើអោយខ្ញុំដំណេកមិនបានអង្គុយមិនសុខ មុខក្រៀមជានិច្ច។ ថ្ងៃនេះ ខ្ញុំប្រាសចាកអស់ទុក្ខទាំងពួងហើយ។
- - ទេ ! ទេ! លោកកុំធ្វើដូច្នោះ ខ្ញុំមិនស្រលាញ់លោកទេ
- - យី ! ឆ្នាំមុនប្រកែក ពេលនេះប្រកែកទៀត! ទេវី! អ្នកលះបង់គំនិតចាស់ចោលទៅ។ ស្នេហារបស់ខ្ញុំលើរូបអ្នក មានតែស្លាប់និងរស់ប៉ុណ្ណោះ។
- ស្ដាប់ដូច្នោះ នាងទេវីស្លុតអស់ស្មារតី។ ពាក្យរបស់កាមាមួយៗ ធ្ងន់ស្មើរន្ទះដែលបាញ់ទាំងប្រាំបីទិស។ នារីអស់សង្ឃឹម។ នាងលង់ក្នុងសេចក្ដីភ័យមួយរករបស់អ្វីមកប្រៀបផ្ទឹមគ្មាន។ ក្នុងពេលនោះ មនុស្សម្នាក់លោតចេញពីរបងមកអាវុធនៅដៃ ឃើញភ្លឺផ្លេកចាំងដូចផ្លេកបន្ទោរក្នុងទីងងឹត។ មនុស្សមិនស្គាល់មុខនេះស្រែកថា:
- - យី ! ពួកអាត្មាត អែងនាំគ្នាធ្វើកម្មពៀរអ្វីទាំងយប់នេះ
- នាងទេវីស្គាល់ជាក់ថា សំលេងរបស់បុរសដែលយកកូននាងមកអោយកាលនៅសិរីសោភ័ណ។នាងប្រឹងបំរះយ៉ាងអស់ទំហឹង ដើម្បីរត់ទៅរកមនុស្សដ៏សប្បុរសនេះដោយស្រែកថា : - ជួយផងលោក ! ជួយផងលោក!
- បុរសនិយាយដោយសំលេងធ្ងន់យ៉ាងនឹងតបថា
- - បាទ ! ខ្ញុំមកជួយនាង
- កាមាលែងនាងទេវី រួចឆ្លើយវិញភ្លាម
- - អ្នកណា ? លោកគ្រូរឺ ?
- បុរសដែលគេហៅលោកគ្រូនោះ លាន់មាត់ថា
- - យី ! កាមាទេ
- - បាទ ! ខ្ញុំបាទលោកគ្រូ
- ពួកទាហានទាំងអស់ក៏នៅស្រលាំងកាំង។ នាងទេវីព្រួយបារម្ភយ៉ាងខ្លាំងសាជាថ្មីវិញ។ នាងឃើញជាក់ថា នាងវិនាសសូន្យប្រាកដក្នុងពេលនេះ។ តែមាត់បុរសដែលគេហៅលោកគ្រូនោះ លាន់ឡើងទៀតថា:
- - កាមា ! អែងត្រូវថយចេញពីទីនេះប្រញាប់ កុំគប្បីអែងធ្វើដូច្នេះអោយសោះ
- កាមាកាន់ដាវពត់លេង ដើរចូលស្លុងទៅរកលោកគ្រូនោះ
- - យី ! លោកគ្រូអ្នកណាមិនស្គាល់កាមា
- - កាមា ! កាមា ! ឈប់អែងស្លាប់ រឺ អញស្លាប់
- - ហាសៗ លោកគ្រូមកឈឺឆ្អាលអីក្នុងរឿងនេះ?
- - គឺរឿងមនុស្ស ។ អញឈឺចាប់ណាស់ ។ អែងមិនខ្មាសគេទេ មកចាប់ស្រីមេម៉ាយដូច្នេះ?
- - សុំលោកគ្រូថយចេញប្រញាប់ ប្រុងលោកគ្រូ !
- - កាមា ! កាមា ! ប្រុងខ្លួន
- ដាវលោកគ្រូវាត់លឺម៉ាំងៗ ភ្លាមមួយរំពេច
- ខាងទាហានស្ទុះច្រូងមកពីគ្រប់ទិស។ ជនឈ្មោះលោកគ្រូកាត់ កាប់ចាក់ រេលបួនប្រាំនាក់គ្មានយូរឡើយ។ កាមាចូលប្រយុទ្ធយ៉ាងពេញទំហឹង។ អ្នកស្រែកបញ្ជាថា:
- - រទេះបរទៅ !
- នាងទេវីប្រឹងបំរះពីដៃទាហានម្នាក់ដែលចាប់នាងជាប់ រួចប្រឹងស្រែក ប្រឹងយំ តែអិតប្រយោជន៍។ មីងចន្ទដួលបាត់ស្មារតីនៅមួយកន្លែង។ ដាវលោកគ្រូជាដាវមួយយ៉ាងចំណាប់មែន ដើម្បីការពារយុត្ដិធម៌ និង ការពារមនុស្សទន់ខ្សោយ។ ខាងទាហានដួលហូរឈាមសស្រាក់។ កាមានិយាយថា :
- - តាំងពីណាមកខ្ញុំមិនដែលបានល្បងជាមួយលោកគ្រូម្ដងសោះ
- - ហ៊ឹសៗ ប្រុងឆ្វេង !
- - លោកគ្រូពូកែស្វិតស្វាញមែន
- - ពីមុនអញបានចូលដៃនឹងអែងលួចកូននេះ អីលូវអញទើបដឹងខ្លួនថា អែងជាមនុស្សអាក្រក់បំផុតដែលអញត្រូវតែកុំទុកជីវិតអែង។
- - ខ្ញុំទ្រាំនឹងលោកគ្រូមិនបានជាប្រាកដ។ ខ្ញុំវាយដោះដៃហើយ។
- ថាតែប៉ុណ្ណោះ កាមាស្រែកអោយកងពលដែលនៅសល់វាយថយរត់យកតែខ្លួន។ បុរសឈ្មោះលោកគ្រូឃើញដូច្នោះ តាំងវាយដណ្ដើមយកនាងទេវី។ មិនយូរប៉ុន្មាន ខ្មាំងរត់ខ្ចាត់ខ្ចាយកណ្ដាលយប់ស្ងាត់។ បុរសមិនស្គាល់ឈ្មោះដឹកដៃនាងទេវីរត់ទៅដោយប្រាប់នាងថា:
- - មកនាង ! មកតាមខ្ញុំកុំនៅទីនេះ ត្បិតក្រែងថ្ងែស្អែកគេមកហ៊ុមចាប់ទៀត
- - ចុះមីងចន្ទ ?
- - មួយស្របក់ទៀត ខ្ញុំអោយកូនចៅខ្ញុំមកដឹកគាត់ទៅពួនកន្លែងមួយស្ងាត់ល្អណាស់
- - ចុះកូនខ្ញុំ ?
- - ពួកយើងយកទៅអែទូកហើយ។ ឆាប់ៗ អីលូវត្រូវរត់អោយរួចជីវិតសិន
បុរសទាញនាងចុះទូកមួយដែលមានដំបូលជិតស្លុង កន្លះម៉ោងក្រោយមក មីងចន្ទក៏បានមកនៅក្នុងទូកជាមួយនាងទេវី។ ទូកក៏ស្រាយខ្សែទំលាក់ចែវទៅតាមទឹកចុះទៅបាក់ព្រា។ ទូកនោះធំ។ នាងទេវីនៅក្នុងបន្ទប់មួយខាងក្រោយម្នាក់អែង។ នាងសង្កេតឃើញមានពូកខ្នល់ខ្នើយយ៉ាងស្អាតសំរាប់នាង។ នាងនឹកថា អ្នកដែលនាំនាងនេះពុំមែនជាមនុស្សធម្មតាទេ គឺប្រាកដជាមនុស្សចេះដឹង ធ្លាប់ស្គាល់ការរស់នៅរបស់អ្នកធំមិនខាន បានជាចេះរៀបចំទីកន្លែងយ៉ាងប្រសើរដូច្នេះ។
នារីផ្ដួលខ្លួនទៅលើពូកដ៏ស្អាត។ នាងយំខ្សឹកខ្សួលពុំឈប់ឈរឡើយពេញមួយយប់ទើសភ្លឺ។ លុះព្រះអារុណរះឡើង នាងទេវីមើលតាមបង្អួចទូកទៅឃើញតែដងស្ទឹងដែលមានដើមឈើខៀវស្រងាត់អមសងខាង។ នាងចង់ចេញទៅលើដំបូលទូក តែទ្វារបិទចាក់សោជាប់។ នាងកើតរកាំរកុះក្នុងចិត្ដជាពន់ពេក។ នៅជិតនោះ មានពាងទឹក ផ្ដិល សាប៊ូ សំរាប់នាងជាស្រេច។ នាងលុបលាងមុខមាត់ សិតសក់ស្អាតបាត។ ស្រីហួសនឹងយំសោកទៀតហើយ យូរបន្ដិចមក ទ្វាររបើកឡើង។ នាងទេវីរីករាយក្នុងចិត្ដអិតអុបមា។ មនុស្សដែលលោតពីលើដំបូលចូលមកនោះ មានអាយុប្រមាណជាងសែសិបឆ្នាំ។ បុរសសួរនាងថា :
- - ម៉េចនាង ស្រួលទេ នៅក្នុងទូកនេះ?
- នាងទេវីភ្ញាក់ខ្លួននឹងសំលេងនេះ។ នាងលើកដៃសំពះដោយទើបបានឃើញមុខមនុស្សអ្នកមានគុណ ដែលគ្រាមុនបានយកកូននាងមកអោយ រួចថ្មីៗនេះបានជួយជីវិតនាង និងជីវិតកូននាងទៀត។
- - ច៎ាះ !ស្រួលទេលោកពូ តែខ្ញុំព្រួយណាស់
- នាងទេវីស្រក់ទឹកភ្នែកច្រោកៗ។ បុរសសើចកំលា ហើយនិយាយថា
- - កុំគិតច្រើនអី !
- - លោកពូ ! នាំខ្ញុំទៅណា ?
- - ខ្ញុំនាំនាងទៅរកទីសុខ !
- - ទីសុខនោះនៅអែណា ?
- - នៅទល់ដែន !
- - ទល់ដែន ?
- - ទល់ដែន
- - ម៉េចក៏ដូច្នោះ ? ខ្ញុំមិនយល់ទេ ម៉េចក៏ទល់ដែនជាទីសុខ ?
- - ត្បិតនៅទីនោះមានសេរី ។ មនុស្សកាន់ច្បាប់ ។ អ្នកមានអំនាចបំរើអ្នកខ្សត់ខ្សោយ។ យុត្ដិធម៌ជាធំ
- - អ្នកណាកាន់អំណាចធំជាងគេ ?
- - ប្ដីនាង !
- - ប្ដីខ្ញុំ ? អោព្រះម្ចាស់ថ្លៃអើយ ! ប្ដីខ្ញុំ ? ច៎ាះ ! លោកនៅអែណាសព្វថ្ងៃ ?
- - នៅអែទល់ដែន
- - អោ ! លោកនៅអែទល់ដែន។ ច៎ាះ ! ទល់ដែនជាទីសប្បាយមែន។ ច៎ាះ ទល់ដែនជាទីសុខ។ សូមលោកជូនខ្ញុំទៅទល់ដែនផង។ ខ្ញុំអរគុណ នឹង លោកណាស់ អរគុណអស់មួយជីវិតនេះ។ ខ្ញុំមិនភ្លេចគុណលោកពូទេច៎ាះ ! ទល់ដែន ៗ ៗ ៗ។ ប្ដីខ្ញុំនៅទល់ដែន។ តែលោកពូក្រែងមិនមែនប្ដីខ្ញុំទេរឺដឹង?
- - មានន្ទ
- - ច៎ាះ ! ច៎ាះ ! មានន្ទមែនហើយ ! អោព្រះម្ចាស់ថ្លៃអើយ !ច៎ាះ ប្ដីខ្ញុំឈ្មោះមានន្ទនោះអែង។ ម្ដេចក៏លោកពូស្គាល់ ?
- - សិស្សខ្ញុំ
- - អូ ! សិស្សលោកពូ ?
- - បាទ ! សិស្សខ្ញុំ ៗបានបង្ហាត់បង្រៀនវិជ្ជាគ្រប់យ៉ាង ទាំងអក្សរទាំងក្បាច់ច្បាំងជាមួយគិរីសុមេរុ?
- - អ្នកណាគិរីសុមេរុ ?
- - ក្លើខ្ញុំ នាងមិនស្គាល់ទេ ។ គាត់នោះចាស់ណាស់ហើយតែជាមនុស្សកំពូលមនុស្ស
- - ច៎ាះ ! លោកពូធ្លាប់ឃើញប្ដីខ្ញុំមែនរឺទេ ?
- - ខ្ញុំមិនដែលបានជួបទេ តែខ្ញុំមានគ្នីគ្នាទៅមករាល់ពេល
- - លោកពូ ! ប្ដីខ្ញុំសុខសប្បាយជាទេ ?
- - សុខសប្បាយជាទេ
- - គាត់ធាត់ រឺ ស្គម ?
- - នៅដដែលដូចមុនទេមើលទៅ។ ខ្ញុំមិនសូវដឹង ព្រោះយើងឃ្លាតគ្នាតាំងតែពីពេលដែលនាងចេញពីសិរីសោភ័ណមកនោះអែង
- - អូ ! យូរណាស់មកហើយ តែលោកពូ ! លោកពូ ! អោ! ទុក្ខខ្ញុំធ្ងន់ណាស់។ ប្ដីខ្ញុំនឹកស្មានថាតែខ្ញុំនេះជាស្រីដែលក្បត់គាត់
- - ខ្ញុំជាសាក្សីស្រាប់ តើភ័យអ្វី ?
- - ច៎ាះ ! ច៎ាះ ! សូមលោកពូមេត្ដាជួយពន្យល់គាត់ផង!។
- - អោ ! ទុក្ខខ្ញុំមានយូរហើយ ពេលនេះខ្ញុំទើបបានសប្បាយម្ដង
- - ចូរនាងកុំព្រួយអោយសោះ
- - ហ៊ឺ ! លោកពូមានគុណនឹងខ្ញុំដល់ម៉្លេះ តើលោកពូនាមឈ្មោះអី ? នៅស្រុកណា ? ប្រពន្ធឈ្មោះអី ? មានកូនប៉ុន្មាន ?
- - ខ្ញុំជាមនុស្សអត់ឈ្មោះ អត់ស្រុកទេស អត់គ្រួសារ អត់កូនចៅទេ
- - ម៉េចក៏យ៉ាងដូច្នោះ?
- - សូមនាងកុំចង់ដឹងរឿងខ្ញុំអោយសោះ
- បុរសធ្វើទឹកមុខស្រងូតស្រងាត់ក្រៃពេក ដែលនាំអោយនាងទេវីមានចិត្ដអាណិតរកអ្វីមកប្រដូចពុំបាន។ ឃើញដូច្នោះ នាងក៏អត់ដង្ហើម មិនសួរអ្វីពីរឿងនេះទៀតឡើយ។
- - អោ! លោកពូ មីងចន្ទនៅអែណា ?
- - នៅបន្ទប់ខាងមុខ
- - ខ្ញុំសុំអោយគាត់មកនៅជាមួយខ្ញុំបានទេ ?
- - ហាសៗ ខ្ញុំមិនចង់ដូច្នោះទេ
- - ម៉េចក៏ដូច្នោះ ?
- - ព្រោះស្រីៗ បើនៅជិតគ្នា ចេះតែនាំគ្នានិយាយពីទុក្ខ រួចយំនាំអោយខ្ញុំពិបាកចិត្ដណាស់
- - មិនអីទេខ្ញុំអផ្សុកណាស់ ខ្ញុំសុំអោយគាត់មកនៅជាមួយខ្ញុំមក។ រួចកូនខ្ញុំផង
- - បាន ! កុំនិយាយគ្នា រួចកុំយំណ៎ា !
- - ច៎ាះ ! ខ្ញុំធនាជូនលោកពូ
លំដាប់ក្រោយពីនោះ មីងចន្ទ និង នាងបទុមក៏បានមកនៅជាមួយនាងទេវី។ រីអែបុរសមិនស្គាល់ឈ្មោះក៏ឡើងទៅលើដំបូលទូកវិញ អ្នកចែវទាំងអស់មានបួននាក់ អ្នកកាច់ចង្កូតម្នាក់ទៀតត្រូវជាប្រាំនាក់។ បុរសយើងបញ្ជាអោយក្មេងម្នាក់ដាំបាយ បំរើទឹកក្ដៅ ទឹកត្រជាក់ដល់ស្រីទុគ៌តទាំងពីរប្រាណ។ ក្នុងវេលាថ្ងៃនោះ បុរសនិទ្រាលក់យ៉ាងស្កប់ស្កល់លើដំបូលទូក ដែលលឿនស្លុងស្លៅបណ្ដោយតាមទឹកហូរ។