១៨ - ថ្កើងត្រង់ណា
ថ្ងៃសៅរ៍ ទី17.កញ្ញា 2016.ម៉ោង 9:04

ទឹក​ស្ទឹង​សិរី​សោ​ភ័ណ​ហូរ​វឹង​អិត​ស្រាក​ស្រាន​ នាំ​គល់​ឈើ​ពណ៌​ខ្មៅ​ដែល​មាន​រិស​បះ​ច្រងាង​ គួរ​អោយ​សំបើម​ក្នុង​ដួង​ចិត្ដ​ និង កំទេច​កំនាត់​ឈើ​តូច​តាច​ពាស​ពេញ​គង្គា​។ ​ខាង​កើត​រង្វង់​ព្រះ​សុរិយា​មូល​ក្រលង់​ប៉ុន​ចង្អេរ​ លេច​ឡើង​សន្សឹម​ៗ​ ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​សាច់​មួយ​។ ក្អែក​ទាំង​ឡាយ​ហិច​ហើ​រឆៀង​ឆាប​ ស្រែក​យំ​គំនាប់​ព្រះ​សុរិយា​ពេល​ព្រឹក​ ដែល​ត្រជាក់​ដល់​ដួង​ចិត្ដ​មនុស្ស​លោក​។​ ពពក​ ស ​ក្រហម ខៀវ​ វាស​ផ្ទៃ​គំនូរ​មួយ​ដ៏​ល្អ​ឆើត​ឆាយ​រក​សិល្បករ​ណា​មួយ​គូរ​អោយ​បាន​ដូច​ផង​ពុំបាន​។ ផ្ទៃ​មេឃ​បៃ​តង​ស្អាប់​ លាត​សន្ធឹង​ដ៏​ធំ​ទូលាយ​បី​ដូច​ស្អាប់​ដ៏​ធំ​ទូលាយ​ដូច្នោះ​ដែរ​។ ទូក​មាន​ន្ទ​កំពុង​ឆ្លង​កាត់​ធម្ម​ជាតិ​ដ៏​ចំលែក​នេះ​។

- អូនគេងស្រួលទេយប់មិញ ?
ព្រះនាងមណីពេបមាត់ ឆ្លើយថា
- គ្មានដែលស្រួលទេ មនុស្សជាប់គុកនោះ !
មានន្ទញាក់ភ្នែកអុជបារីមួយជក់ផ្សែងហុយទ្រលោម
- មើលចុះតើខ្វះអ្វី ? ពូកក៏មាន ខ្យល់ក៏មាន ចង្កៀងក៏មាន ម្ដេចមិនស្រួលទៀត?
- ព្រោះទីនេះជាគុក !
មានន្ទសើចក្អាកក្អាយ
- គុករបស់បងមិនដូចគុករបស់អូនទេ
ធីតាកាត់យ៉ាងរហ័សថា
- ខុសត្រង់ណា ?
មានន្ទនិយាយមួយៗថា
- គុក​របស់​អូន​ជា​ឋាន​នរក​ ដែល​មនុស្ស​ជាប់​ខ្នោះ ជាប់​ច្រវាក់​ ដេក​លើ​ដី​ដូច​ឆ្កែ ហាល​ខ្យល់​រងារ​ដូច​ជ្រូក ធ្វើ​ការ​ធ្ងន់​ៗ​ដូច​គោ​ត្រូវ​គេ​វាយ​បង្ខំ​ វាយ​ដំ​ដូច​សត្វ​ ស៊ី​បាយ​ដូច​សត្វ​ អែ​គុក​របស់​បង​ ជា​គុក​សំរាប់​កែ​មនុស្ស​អោយ​ចេះ​គិត​ អោយ​ចេះ​ធ្វើ​ការ អោយ​ស្រលាញ់​ការ . . . បង​ស្គាល់​គុក​អូន​ ព្រោះ​អូន​បាន​យក​បង​ទៅ​ដាក់​គុក​!​។
ព្រះ​នាង​មណី​ភ្ញាក់​ព្រើត​នឹង​សំដី​នេះ​។ បបូរ​មាត់​នាង​ឡើង​ស្លាំង​ ព្រោះ​នាង​យល់​ថា "មានន្ទ​ដឹង​ថា គឺ​នាង​នេះ​ហើយ​ដែល​ធ្វើ​បាប​ខ្លួន​"​។ នាង​ភ័យ​ដោយ​មិន​ដឹង​ជា​មានន្ទ​សង​សឹក​បែប​ណា​វិញ​ទេ​។ នាង​ខ្មាស ព្រោះ​នាង​ជា​ស្រី​មិន​គួរ​មាន​ចិត្ដ​អាក្រក់​ដល់​ម៉្លោះ​។ តែ​ធីតា​ខំ​ប្រឹង​ធ្វើ​ទឹក​មុខ​ដើម្បី​កុំ​អោយ​បុរស​ដឹង​ថា​ នាង​គិត​យ៉ាង​ណា​ឡើយ​។ អែ​មានន្ទ​ក៏​និយាយ​ធ្វើ​ព្រងើយ​អិត​លួច​មើល​ទឹក​មុខ​នាង​ឡើយ​ ដោយ​មក​អង្គុយ​នៅ​លើ​ពូក​ចុង​ជើង​នាង​។ បុរស​បន្ដ​វាចា​ទៀត​ថា​
- តែ​ទោះ​គុក​របស់​បង​ស្រួល​ក៏​ដោយ ​ក៏​សូម​អូន​កុំ​ខឹង​។ មិន​តែ​ប៉ុណ្ណោះ​ត្រូវ​អូន​ដឹង​ថា "កង់​ត្រាច​កង់​ធ្នង់ " "ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ ទឹក​ហោច​ច្រមោច​ស៊ី​ត្រី​"​។​
យី​! គិត​ទៅ​បុរាណ​មាន​ប្រាជ្ញា​មែន​ ចេះ​និយាយ​សម​ហើយ​ត្រូវ​ផង​ហ៎្ន​! អូន​ឃើញ​ទេ​? ហេតុ​អ្វី​អូន​ក៏​ត្រូវ​ធ្វើ​ល្អ បង​ក៏​ត្រូវ​ធ្វើ​ល្អ​ នោះ​វា​អស់​មាន​ទុក្ខ​ហើយ​? ចំពោះ​ស្រុក​យើង​ ពេល​នេះ​យើង​នៅ​ខ្ញុំ​គេ​ប្រាកដ​ជា​ពេល​ក្រោយ​យើង​ទៅ​ជា​អ្នក​ជា​វិញ​មិន​ខាន​។
នារីញញឹមស្ងួត
- ខ្ញុំខ្ជិលស្ដាប់ណាស់បង!
- អូ​! អូន​ខ្ជិល​ស្ដាប់​! គឺ​បំបិទ​ភ្នែក​ បំបិទ​ត្រចៀក​ បំបិទ​ខួរ​ក្បាល​អូន​អោយ​នៅ​តែ​ក្នុង​ទ្រុង​ងងឹត​ហើយ​។ ទេ​!​ អូន​មាន​ភ្នែក​តោង​មើល​ មាន​ត្រចៀក​តោង​ស្ដាប់​ មាន​ខួរ​ក្បាល​តោង​គិត​ កុំ​បង្រួញ​ជីវិត​អែង​ដូច្នោះ​។ ហាស​ៗ​! នេះ​មក​ពី​អូន​ធ្លាប់​បង្រួញ​គំនិត​គេ​ខ្លាំង​ពេក​ទៅ​វា​បាប​មក​ធ្វើ​កម្ម​ពៀរ​តែ​ខ្លួន​អែង​ដូច្នោះ​ ហា​ស​ៗ​។​
នាង​មណី​ក្រោក​ឡើង​ដើរ​តំរង់​ទៅ​រក​ប៉ាន់​តែ​។ នាង​ចាក់​តែ​ដែល​នៅ​ក្ដៅ​ៗ​ពីរ​ពែង​ នាង​ហុច​មួយ​ពែង​មក​មានន្ទ​។
- សុំ​បង​ពិសា​ទឹក​តែ​សិន​ទៅ​អោយ​វា​ស្រួល​បំពង់​ក អាច​អោយ​បង​និយាយ​បាន​ស្រួល​ជាង​នេះ​ទៅ​ទៀត​។
- អរគុណ​! អរ​គុណ​! បង​មិន​ហ៊ាន​ញ៉ាំ​ទឹក​តែ​អូន​ទេ​។ បង​ធ្លាប់​ហើយ​ ព្រោះ​ទឹក​តែ​អូន​មា​ន​ពិស​ អាច​សំលាប់​បង​! អូន​លួច​ដាក់​ថ្នាំ​មែន​ទេ​? ហ៊ី​! អ្នក​ធ្វើ​ការ​ជាតិ​គេ​មិន​ដែល​សំលាប់​គ្នា​ទេ​! ទោះ​គេ​ស្អប់​គ្នា​យ៉ាង​ណា​ក៏​ដោយ​។ អីលូវ​បង​សូម​ដាក់​ថ្នាំ​នេះ​ក្នុង​ពែង​តែ​របស់​អូន​ចុះ​។
ថា​ហើយ​មា​នន្ទ​យក​ថ្នាំ​មួយ​កញ្ចប់​ពី​ហោ​ប៉ៅ​អាវ​ខ្លួន​លា​កញ្ចប់​នោះ​យ៉ាង​ស្រួល​រួច​ចាក់​ទៅ​ក្នុង​ពែង​របស់​នាង​មណី​។ ធីតា​សើច​យ៉ាង​ស្រស់​ឆ្លើយ​ថា
- ប្អូន​ចង់​សំលាប់​បង​ណាស់​។ ប្អូន​ចង់​ៗ រាល់​ពេល​ដេក​មិន​លក់​ អង្គុយ​មិន​សុខ បាយ​មិន​បាន​។ នឹក​ឃើញ​បង​ពេល​ណា ញ័រ​អស់​ដើម​ទ្រូង​ពេល​នោះ​អែង​។
- ចង់ ?
- ច៎ាះ ! ខ្ញុំចង់សំលាប់បងអោយបានក្នុងថ្ងៃណាមួយ!
មានន្ទងក់ក្បាលញញឹម
- អើ​! មនុស្ស​យើង​កើត​មក​សំរាប់​តែ​ស្លាប់​ ទោះ​អូន​អែង​មិន​ចង់​ក៏​បង​ស្លាប់​ដែរ​។ អូន​អែង​ដែល​ចង់​រស់​តែ​ម្នាក់​អែង​នោះ​ក៏​គង់​តែ​ស្លាប់​ដែរ​។ អីលូវ​ញ៉ាំ​ថ្នាំ​នេះ​ទៅ មិន​អី​ទេ ថ្នាំ​នេះ​ញ៉ាំ​ទៅ​ងងុយ​គេង​។ ដល់​អូន​គេង​លក់​ទៅ​បង​បង្ហាញ​ពួក​តំរួត​អោយ​វា​បើក​ផ្លូវ​បង​ទៅ​មុខ​ទៀត​។
ធីតាចាប់ពែងតែញញឹមលេបក្អឿកៗ។
- ទោះបងសំលាប់ប្អូនមុនប្អូនសំលាប់បង ក៏ប្អូនសប្បាយចិត្ដណាស់
នារីបង្វិលខ្លួនផ្ដួលទៅក្នុងរង្វង់ដៃមានន្ទ ។ ធីតាធ្មេចភ្នែកនិយាយតិចៗថា
- ជិតដល់កន្លែងឆែកហើយរឺនៅ ?
- នៅប្រហែលមួយស្របក់ធំទៀត
- ចូរបងប្រយ័ត្នអោយមែនទែន បន្ដិចទៀតប្អូនរត់រួចពីកន្ដាប់ដៃបងហើយ !
- គឺព្រលឹអូនដែលរត់រួច អែរូបអូនប្រាកដជាមិនរួចទេ
- ច៎ាះ​! ព្រលឹង​រត់​រួច រូប​ក៏​រត់​រួច​ទៀត​។ រត់​អោយ​រួច​ក្នុង​មួយ​អាទិត្យ​ទៀត​យ៉ាង​យូរ​។ ប្អូន​មិន​មែន​និយាយ​លេង​ទេ គឺ​និយាយ​ប្រាកដ​ណ៎ា​! សូម​បង​ចាំ​អោយ​ច្បាស់​ទៅ​កុំ​ធ្វេស​អោយ​សោះ​។
- អីលូវសន្មតថា អូនរត់រួចចុះ តើអូនទៅណា ?
- ប្អូន​ទៅ​សិរី​សោ​ភ័ណ​វិញ​ ប្អូន​លើក​ទ័ព​មក​វាយ​យក​ជីវិត​បង​អោយ​បាន​ ប្អូន​រៀប​ការ​ជា​មួយ​បង​កាមា ​រឺ​ ជា​មួយ​អ្នក​ណា​ម្នាក់​ទៀត​ក៏​បាន​។
- បង​អរគុណ​ណាស់​ បើ​អូន​ធ្វើ​ដូច្នោះ​បាន​ គ្រាន់​បង​មាន​ការ​ធ្វើ​ច្រើន​ សោះ​នឹង​ទំនេរ​ច្រើន​ពេក​។ អែ​អូន​មិន​ខ្លាច​បង​លើក​ទ័ព​ទៅ​វាយ​អូន​វិញ​ទេ​?
នារី​ទន់​ត្របក​ភ្នែក​ឡើង​ៗ​។ ថ្នាំ​ជ្រួត​ជ្រាប​សព្វ​សព៌ាង្គ​កាយ​នាង​ ធ្វើ​អោយ​ត្រ​ចៀក​នាង​លឺ​​ងីង​ ធ្វើ​អោយ​គំនិត​នាង​វិល​ៗ​ ស្លុង​ៗ​ បាត់​ស្មារ​តី​លែង​លឺ​អ្វី​!​​។ មានន្ទ​លើក​នាង​ដាក់​យ៉ាង​ថ្នម​ៗ លើក​ពូក​។ លុះ​ដល់​ពេល​អ្នក​ឆែក​មក មានន្ទ និង សហ​ការី​ដែល​តែង​ខ្លួន​ជា​ទាហាន​ខាង​ព្រះ​កំពុត​បាន​កំ ហែង​នាយ​តំរួត​ថា​កុំ​មាត់​ ព្រះ​នាង​កំ​ពុង​ផ្ទុំ​មិន​ទាន់​ភ្ញាក់​ទេ​។ ព្រះ​នាង​មាន​ដំនើរ​សំងាត់​ទៅ​ចាប់​ «មហា​ចោរ​នៅ​ទល់​ដែន​»​។

អ្នក​ទាំង​អស់​គ្នា​ក៏​បែក​ខ្ចាយ​។ ធីតា​ត្រូវ​គេ​ដឹក​យក​ទៅ​ចង​នៅ​ក្រោម​ដើម​ស្វាយ​។ នាង​ខឹង​យ៉ាង​ខ្លាំង​ក្រៃ​ពេក​។ មុខ​ឡើង​ក្រហម​ឆ្អៅ​។ គឺ​ព្រឹត្ដិ​ការណ៍​មួយ​ដែល​ពុំ​អាច​បំភ្លេច​បាន​ឡើយ​។ ព្រឹត្ដិ​ការណ៍​នេះ​គូស​ចំណាំ​មួយ​យ៉ាង​ជ្រៅ​ក្នុង​សតិ​នាង​។ បី​ថ្ងៃ​ក្រោយ​មក​ទៀត​ ទើប​កញ្ញា​បាន​រសាយ​ខ្លះ​ពី​កំហឹង​។ នាង​ចាប់​សើច​រីក​រាយ​បន្ដិច​។ គេ​សង់​កូន​ខ្ទម​តូច​មួយ​អោយ​នាង​គេង​។ ដល់​ពេល​បាយ​ នាង​បរិ​ភោគ​ដូច​ទាហាន​អែ​ទៀត​ គឺ​បាយ​ក្រហម​ អំ​បិល ប្រហុក​ដុត​។ នាង​ពិចារ​ណា​ថា ពួក​នេះ​ឃើញ​ប្លែក​ណាស់​ មិន​ដែល​លឺ​ទាស់​ទែង​គ្នា មិន​ដែល​ឃើញ​អ្នក​ណា​ផឹក​ស្រា​ស្រវឹង​ប៉ោ​លែ​សោះ​។ ធីតា​ឃើញ​គេ​ធ្វើ​ការ​​មិន​ឈប់​ឈរ​។ ដល់​ពេល​រៀន​ គេ​រៀន​ ខ្លះ​រៀន​អក្សរ​ ខ្លះ​រៀន​ការ​ស្រុក​ទេស​។ គ្នា​គេ​ៗ​ចែក​ជា​ក្រុម​ៗ​ ក្នុង​ក្រុម​និមួយ​ៗ​មាន​មេ​ដឹក​នាំ​។ មេ​នេះ​គិត​គូរ​ពី​រឿង​រៀន​សូត្រ​ ធ្វើ​ការ​តាម​ម៉ោង​ពេល​។

ក្រុម​និមួយ​ៗ​មាន​ការ​ខុស​ៗ​គ្នា ក្រុម​ខ្លះ​ធ្វើ​ចំការ​ ក្រុម​ខ្លះ​ធ្វើ​ស្រែ ក្រុម​ខ្លះ​ចិញ្ចឹម​គោ ក្រុម​ខ្លះ​ចញ្ចឹម​ជ្រូក​។
ក្រុម​និមួយ​ៗ​នៅ​ជុំ​ៗ​គ្នា មាន​ឆ្នាំង​បាយ​ដាច់​ៗ​ពី​គ្នា​។ រួច​មាន​ចញ្ចឹម​មាន់ ទា ជ្រូក និង ដាំ​បន្លែ​បង្ការ​ដូច​ៗ​គ្នា​។ អ្នក​ទាំង​អស់​គ្នា​ជា​ទាហាន​។
ព្រះ​នាង​ឃើញ​ថា​ ជីវិត​របស់​ "ចោរ​កសាង​ជាតិ​" នេះ​ស្រួល​បួល​មែន​ទែន​ ជា​ជីវិត​ចំរើន​មែន​។
ប្លែក​ទៅ​ទៀត​ គឺ​ដល់​ពេល​ថ្ងៃ​សីល អ្នក​រាល់​គ្នា​សុំ​សីល​ សូត្រ​ធម៌​ទ្រហឹង​អឹង​កង​។ ក្នុង​មួយ​អាទិត្យ​ គេ​មាន​ពេល​សំរាក​នាំ​គ្នា​ដើរ​លេង​ក្នុង​ព្រែ​ស្ងាត់​ ខ្លះ​ថា ទៅ​លេង​អូរ​ ខ្លាះ​ថា ទៅ​លេង​ត្រពាំង​ជិត​ៗ​នេះ​។
ធីតា​នឹក​ស្ងើច​កោត​សរសើរ​ថា "ចល​នា​គេ ទើប​នឹង​កើត​ទេ តែ​ម្ដេច​ក៏​ឆាប់​ធ្លាក់​ផ្លូវ​ត្រូវ​ម៉្លេះ​"​។
តាម​ការ​ពិត​មានន្ទ​កាល​មួយ​ឆ្នាំ​មុន​នេះ​ បាន​អោយ​អារុណ​ និង មហា​កាល​មក​តាំង​ទី​នៅ​កន្លែង​នេះ​ស្រាប់​ បាន​ជា​ដល់​ពេល​នេះ ទាំង​សន្ដាប់​ធ្នាប់ ទាំង​របៀប​រៀប​រយ​ ក៏​កើត​មាន​អិត​នរ​ណា​ធ្វើ​ការ​ទិទៀត​បាន​។