អក្សរសិល្ប៍ខ្មែរ
រឿងមហាចោរនៅទល់ដែន
ដោយសាង សាវាត
©រក្សាសិទ្ធិគ្រប់យ៉ាង
****************************************
១៦ - រំដោះអ្នកស្នេហាជាតិ
វគ្កស្នេហាលើទូកវែងបន្ដិចខ្ញុំសូមចុះផ្សាយជាពីរវគ្គ
វគ្គទី១ «រំដោះអ្នកស្នេហាជាតិ» ទី២ «ស្នេហាលើទូក»
ថ្ងៃសៅរ៍ ទី3.កញ្ញា 2016.ម៉ោង 8:17
ព្រឹកនោះ ស្រុកភ្នៀតមានសកម្មភាពខុសពីធម្មតា។ រទេះប្រមាណជិតមួយរយមកឈប់សំចតណែនណាន់តាន់តាប់ ខ្លះនៅជ្រកក្រោមដើមឈើ ខ្លះនៅកណ្ដាលវាល រាយមាយប្រទាក់ប្រទងបញ្ច្រាស់បណ្ដោយគ្នាពាសពេញដី រីអែគោក៏នៅពាសពេញត្រង់នេះ ត្រង់នោះក្បាលសំយុងចុះដល់ស្មៅ គិតតែពីបរិភោគ អិតមាននឹកនាដល់អ្វីឡើយ ព្រោះបានអូសរទេះនឿយហត់ជាយូរថ្ងៃណាស់មកហើយ។ ចំនែកខាងម្ចាស់ពាហនៈដ៏ប្រសើរទាំងនោះដល់បានបើកលុយកាក់ពីថៅកែក្រោយពីបានដាក់ប្រហុកត្រីចុះពីលើរទេះខ្លួនដល់ផ្ទះហាងហើយ ក៏ដើរចុះដើរឡើងខ្មៅងងឹតអែទីផ្សាររាយរហូតដល់ភូមិថ្មី។ អ្នកខ្លះកំពុងកាត់តំលៃអីវ៉ាន់យ៉ាងអ៊ូអរជាមួយពាណិជ្ជនានា។ អ្នកខ្លះទៀតអិតគិតច្រើនទេរវល់ផឹកស្រវឹងប៉ោលែនិយាយឡូឡាអិតអៀនខ្មាស់។ អ្នកខ្លះទៀតប្រមូលគ្នាដំកង់ឈ្ងោកចានអាប៉ោង រួចសើចហ៊ោអឹងកង។ ស្រីៗលក់អីវ៉ាន់ឆ្លៀតអោកាសនេះស្រែកហៅអ្នកផងដែលដើរកាត់មុខរានខ្លួន លឺសូរកោកគួរអោយសប្បាយ។
ក្នុងចំនោមមនុស្សមីរដេរដាសនេះ គេសង្កេតឃើញមនុស្សម្នាក់រាងសមសួនស្លៀកពាក់ស្អាតបាតពាក់មួកសំបុកហាមធំក្របាង ដើរយ៉ាងរហ័សកាត់ទីផ្សារ។ ជនអ្នកផងបើកផ្លូវអោយបុរសចំលែកដែលមើលទៅទឹកមុខប្រមាណអាយុមិនហួសពីសាមសិបឆ្នាំឡើយ។ ភ្នែកខ្មៅស្រស់។ បុរសយើងដើរបណ្ដើរ ច្រានខ្នងអ្នកដែលពាំងផ្លូវបណ្ដើរ សើចបណ្ដើរ ងក់ក្បាលគំនាប់អ្នករាស់គ្នាបណ្ដើរ។ ពីក្រោយមនុស្សម្នាក់ទៀតធាត់ក្រអាញ វែកគេអែងរត់តាមបុរសចំលែករបស់យើង។ ស្រីខ្លះដៃដល់រត់តាមចាប់អាវបុរសដែលដើរក្រោយនេះ ដណ្ដើងសួរ :
- - ទិញទេបង ! បងវីរៈ !
- វិរៈញញឹមក្របួចមាត់នឹងពាក្យសំដីដ៏ទន់ភ្លន់របស់នារីអ្នកលក់ ឈប់កណ្ដាលហ្វូងស្រីៗ ដែលចោមរោមអ្នកដូចស្រមោច។ វិរៈសប្បាយចិត្ដណាស់ មើលមុខគ្រប់គ្នាលូកដៃទៅចាប់កអាវខ្លួន។ មើលទៅបុរសដើរមុខ បុរសនោះសើចដាក់វិញគ្រហាញពីលើមាត់ទ្វារផ្ទះតៀមមួយ។ ជនអ្នករទេះជាច្រើនដែលចាញ់អាប៉ោង និង ស៊ីផឹកច្រើនពេក ក៏ទៅឈរត្រៀបត្រាពីមុខបុរសនោះ រួចនិយាយបន្ដបន្ទាប់គ្នាថា :
- - ថៅកែ ! ថៅកែ ! ថៅកែ ! បាទទាន!
- គឺថៅកែនេះហើយដែលមានឈ្មោះថា «អារុណ»។ ឈ្មោះនេះហើយដែលមានន្ទបាននឹកដល់ រួចដែលមហាកាលបានប្រាប់ទៅរកទទួលទានអែទន្លេសាបបាត់ទៅហើយនោះ។ ចំនួនជាងមួយខែមកហើយដែលអារុណទៅប្រកបរបរនោះ។ អ្នកទិញត្រីប្រហុកបានច្រើន រួចបានជួលរទេះអ្នកស្រុកដឹកយកមកលក់ នៅភូមិភ្នៀតនេះ ព្រោះនៅទីនេះមានថៅកែអែទៀតទទួលយកទៅលក់អែបាត់ដំបង រឺ ស្រុកសំរោង កូបតូច កូបធំ អរញ្ញ៘
- ថ្ងៃនេះអារុណទើបតែដឹកត្រី និង ប្រហុកមកដល់ ហើយលក់បានចំណេញប្រាក់ជាច្រើន។ មានពលើកដៃស៊ីញ៉ូដាក់វីរៈកន្ធាត់ ពោះកំប៉ោងដើរមករកអ្នក រកកល់ពុំរួច ព្រោះពោះនេះទើសនឹងស្រីៗដែលរាំងផ្លូវចាប់អោយទិញអីវ៉ាន់។
- វិរៈលើដៃទាំងពីរទៅលើធ្វើងក់ៗ តមមកអារុណជាមហាមិត្ដវិញ។
- អារុណលូកដៃទៅក្នុងហោប៉ៅ បាចប្រាក់ដួងព្រោង។ អ្នកផងដណ្ដើមគ្នារើសប្រញាយ។ ស្រីៗដែលរោមវីរៈក៏រត់ទៅរើសប្រាក់នឹងគេអស់រលីង។
- មួយស្របក់មកគេឃើញអារុណ និង វីរៈកៀកដៃគ្នាដើរហួចយ៉ាងរីករាយបំផុត។ វីរៈទីងទាំងៗ រត់តាមមិត្ដខ្លួនដែលដើរលឿនជាង។
- - កុំ . . . កុំតែបានអែងជួយ អញមិនដឹងជាយ៉ាងណាទេ។
- អារុណដែលខ្ពស់ជាងអោនមុខសើចយ៉ាងស្រស់ដាក់មុខវីរៈ ដោយស្រដីថា:
- - ឆ្គួតអោយស្រីៗ រោមមើលតែស្រមោច
- វិរៈពេបមាត់បញ្ឈរភ្នែក សំរួចបបូរមាត់ ឆ្លើយវិញភ្លាម
- - បានតែអែងនោះហើយ អត់មួយនឹងគេនោះ
- - មនុស្សដែលអត់គូ គឺមនុស្សសប្បាយជាងគេ
- -ហាស់ៗ ៗ វាមិនដែល នែ . . . នែ . . . អានាង មនុស្សអត់គូគឺមនុស្សអភ័ព្វ
- អារុណសើចយ៉ាងក្អាកក្អាយ ទាញដៃវីរៈដាក់ក្នុងក្លៀក ដើរយ៉ាងលឿនទៅទៀត ធ្វើអោយវីរៈត្រឹកៗតាម។ គេទុចងក់ !
- - អៃយ៉ា
- គឺជាសូរមាត់អារុណ។ ទឹកមុខមានពដែលរីកដូចផ្កាអំបាញ់មិញ អីលូវក្លាយទៅជាស្ងួត ភ្នែកទាំងពីរសំលឹងក្រដាសមួយដែលបិទនៅគល់ឈើ។ អារុណខាំធ្មេញដើរចូលទៅជិតក្រដាសនោះ។ វិរៈពុំចេះអក្សរ ក៏ឈប់មាត់ស្ងៀមមើលមុខមិត្ដខ្លួន។ វីរៈឆ្ងល់ពេកក៏សួរថា
- - អីសំលាញ់ ?
- មានពចង្អុលទៅគល់ឈើ
- - នុ៎៎ះហ្ន៎ ! ម្ដេចគ្មានភ្នែកទេរឺ ?
- - គេថា អី ?
- - ហ៊ី ! វីរៈ ! វីរៈ ស្លាប់ហើយវីរៈ !
- - ស្អីៗ អារុណ ?
- - ស្លាប់ហើយ ៗ ៗ!
- អារុណច្រានវីរៈអស់មួយទំហឹងដៃ លោតកញ្ជ្រោលទៅលើអាកាស
- - ស្លាប់ហើយវីរៈ ឆាប់ៗ ៗ ៗ ទៅ ៗ !
- វីរៈដែលដួលទីណាត់ទីនែងមិនខ្ចីក្រោក ក៏អេះក្រចកឈ្ងោកមើលដី។ អារុណឆ្លេឆ្លា មើលទៅក្រដាសនៅគល់ឈើម្ដង មើលទៅរទេះទាំងពួងម្ដង មើលទៅវីរៈដែលដួលម្ដង រួចទើបស្ទុះទៅលើកស្មាវីរៈឡើង។
- - ធ្វើយ៉ាងណា ?
- - អញថារឿងអី?
- - អារុណបបូរមាត់ឡើងស្លាំង ភ្នែកធំៗនិយាយថា
- - លោកគ្រូត្រូវគេចាប់ហើយ !
- វីរៈក្រលេកខ្វាច់មើលមុខអារុណ ភ្នែកឡេឡា
- - ស្អី . . . អែងថាអី ?
- - លោកគ្រូត្រូវគេចាប់ហើយ !
- វីរៈក្រលាប់ក្បាលទៅនឹងដី រមៀលត្រលុបតុបបួនដប់ជុំ ហូតដាវខ្វាច់ កាប់អារុណញ៉ាំងៗ អិតបង្អង់។ អារុណរងឆាំងៗ កាប់កូនឈើនៅជិតនោះដាច់ជាបួនដប់កំនាត់ភ្លាមមួយរំពេច។ បើក្រៅពីអារុណប្រហែលរងដាវរបស់វីរៈមិនបានជាដាច់ខាត ព្រោះវីរៈកាប់មិនអោយដឹងខ្លួនសោះ។
- វីរៈរងដាវរបស់អារុណ រួចកាប់ដីប៉ាំងៗ ដួលទាំងខ្លួនភីង និយាយថា
- - អារុណអើយ ! អញស្លាប់ហើយ !
- អារុណទៅចាប់វីរៈពីក្រោយខ្នង។ មិត្ដទាំងពីរស៊កដាវចូលក្នុងស្រោមវិញ អង្គុយប្រកៀកគ្នានៅគល់ឈើក្រោមសំបុត្រអាសិរពិសនោះ អារុណយកដៃម្ខាងអង្អែលច្របាច់ថ្ងាស និយាយយ៉ាងខ្សឹកខ្សួលថា :
- - ធ្វើយ៉ាងណាអីលូវ ?
- វីរៈដកដង្ហើមធំ គ្រវីក្បាល បែកញើសថ្លោសៗ
- - មិនដឹងទេ។ អស់រលីងហើយ ។ និយាយលែងកើតហើយ។
- អារុណនៅស្ងៀមសញ្ជឹងគិត រួចនិយាយយ៉ាងស្រួលបន្ថែមថា
- - ធ្វើម៉េចអោយគេចាប់បាន ប៉ុនលោកគ្រូហើយ?
- - អញមិនដឹងទេ។
- - ថាវាយចាញ់គេ ក៏ដូចជាមិនសម។
- - អញមិនដឹងទេ . . .
- - ថាចាញ់អុបាយកលគេ ក៏មិនសម
- - ហ៊ី ! មិនដឹង
- - តែអញឆ្ងល់ ហេតុយ៉ាងម៉េចក៏គេចាប់ មានតែលោកគ្រូចេញតស៊ូដូចបានសន្យានឹងយើងពីមុន
- វីរៈលោតដូចកន្ដូបសេះ ទាំងអង្គុយទៅចាប់យកសំបុត្រដែលបិទនឹងគល់ឈើរួចមកអង្គុយជិតអារុណវិញ ហុចសំបុត្រហើយគំហកថា
- - មើលទៅមើល។ មើលអោយអញស្ដាប់ផង
- - អារុណអានថា
បងប្អូនរួមជាតិទាំងឡាយ
ថ្ងៃនេះរាជការបានចាប់មហាចោរម្នាក់ឈ្មោះ «មានន្ទ» ដែលបានភៀសខ្លួនទៅនៅទល់ដែន បង្កសង្រ្គាមចោរកម្មឡើងដើម្បីដណ្ដើមយករាជសម្បត្ដិពីព្រះកំពុត។
មហាចោរនេះបានបះបោរធ្វើអោយស្រុកទេសយើងរំជើបរំជួលប្រឆាំងនឹងអំណាចរបស់រដ្ន។ មហាចោរនេះមានចិត្ដកំណាចលួចប្លន់អ្នកស្រុកនៅទល់ដែន មិនថាពេលណាជាពេលណាឡើយ។ ក្បត់ជាតិ សាសនា មហាក្សត្រ វាបានកាប់សំលាប់ជនរួមជាតិយើងរាប់រយពាន់នាក់គ្មានត្រាប្រណី។ មេចោរធំ វាចាប់ព្រះភិក្ខុសង្ឃយកទៅអោយធ្វើការជាប្រយោជន៍វាគ្មានមេត្ដាសោះ។ ជនរួមជាតិទាំងឡាយ!
គប្បីកុំស្ដាប់ កុំជឿ កុំយកតំរាប់តាម «មហាចោរ» រិស្សានេះអោយសោះ។ គប្បីជនរួមជាតិរស់នៅក្នុងក្ដីស្ងប់ស្ងៀមជានិច្ច រួចជួយចាប់បក្សពួកវាយកមកជូនរាជការ ដើម្បីនឹងធ្វើទុក្ខទោសកុំបីបង្អង់ឡើយ។ ជនណាចូលគំនិតនឹងពួកក្បត់នេះ ដោយជួយលួចលាក់ពួកមារកំណាចនោះ នឹងត្រូវទោសអាជ្ញាសឹកអិតត្រាប្រណីឡើយ។
ធ្វើចេញពីអាសនព្រះកំពុត សិរីសោភ័ណ ព្រះកំពុត
ព្រះកំពុត
- វីរៈស្ដាប់សេចក្ដីសំបុត្រនេះចប់ ហូតកាំបិតស្លៀតចាក់ដីប៉ាំងៗនិយាយថា
- - វាចេះតែចោរ វាចេះតែក្បត់ហើយ។ ហ៊ីះ ក្បត់ៗ ៗ ចោរៗ ៗ។ វាគ្មានពាក្យអ្វីនិយាយទៀតទេ!
- - ឆ្គួត! វីរៈអែងឆ្គួត! អីលូវយើងគិតធ្វើយ៉ាងណាអោយបានលោកគ្រូមកវិញ?
- - ពឹងលាវនៅស្រុកកោប។ អោ! មែនអញមានស្គាល់គេម្នាក់គាត់នោះអាចនាំយើងទៅដល់ស្រុកលាវ រួចយើងទៅពឹងអោយគេលើកទ័ពមកជួយយើង វាយអោយខ្ទេចតែម្ដងទៅ! មែនទេ?
- អារុណនៅស្ងៀម ។ វីរៈប្រឹងបញ្ជាក់ទៀតថា
- - មិនបានទេ ធ្វើសង្រ្គាមមួយៗត្រូវតែទៅពឹងគេទើបបាន។ មើល៍! យើងគ្នាតិច លុយកាក់ក៏៏គ្មាន អ្នកចេះដឹងក៏គ្មាន គ្រឿងអាវុធក៏មិនសំបូរ ដំរី សេះ គោ ក្របីសំរាប់ជិះធ្វើសឹកក៏គ្មាន យើងធ្វើអ្វីកើត?
- អារុណគ្រវីក្បាល សើចហើយនិយាយថា
- - មិនកើតទេ លាវក៏ដូចតែយើងដែរ រួចចិត្ដតស៊ូក៏មិនដល់យើងផង !
- - បើដូច្នោះ ពឹងយួនទៅ យួនគេពូកែណាស់ណ៎ា ! តែផ្លូវឆ្ងាយបន្ដិច។ ម៉េចអែងថាម៉េច ?
- - ហ៊ី ! គំនិតពឹងគេមុនទីពឹងលើខ្លួនអែង គឺគំនិតខ្ញុំកញ្ជះគេ។ មិនកើតទេ។
- ថាហើយ អារុណប្រះខ្នងដល់ដីដោយហាក់ដូចជារវើយអស់កំលាំង ព្រាះគិតអ្វីមិនឃើញ។ វីរៈលោតក្រោកឡើង សើចក្អាកក្អាយធ្វើអោយបរិយាកាសដែលស្ងប់ស្ងាត់អំប៉ាញ់មិញអោយទៅជារីករាយវិញ។
- - ជយោ ! ខ្មែរអែករាជ្យ ! អញនឹកឃើញហើយ។
- អារុណស្ទុះក្រញាង អង្គុយឡើងប្រញាប់ សួរទៅវីរៈដែលហក់កញ្ឆេងថា
- - អែងនឹកឃើញរឿងអី ?
- វីរៈដកដាវកាប់អារុណចែសៗរន្ថើនលើគ្នា។ អារុណដួលរមៀលរងប៉ាច់ៗ។ លុះស្ទុះក្រោកបាន មានពក៏ប្រលូកកាប់វិញប៉ាច់ៗជាប់ដាវគ្មានដកឡើយ។
- មនុស្សផ្អើលមកឆោលោមុខស្ងួតស្លាំង។ វីរៈស្ទុះទៅខាងឆ្វេងខាងស្ដាំ អារុណសើចដេញកាប់។ វីរៈក្រោកឡើងរត់ទៅកាប់អារុណៗ ឡើងដល់ចុងឈើ។ វីរៈឡើងតាម។ អារុណទំលាក់ខ្លួនចុះដល់ដីយកដាវវាយគូទវីរៈប៉ាច់ៗ។ វីរៈតេលតាលៗ លើមែកឈើ អារុណចាប់ព្យួរខ្នងលើកទំលាក់ចុះមកអោបជាប់ពីក្រោយខ្សឹបសួរវីរៈថា
- - អែងនឹកឃើញរឿងអី ?
- - នាំពួករទេះទាំងអស់អោយបះ ! !
- - ជយោ ! វីរៈ !
- អារុណទះគូទវីរៈមួយផូងយ៉ាងខ្លាំង
- អ្នកស្រុកនិងអ្នករទេះទាំងអស់ដំបូងភិតភ័យ ក្រោយមកបែរជាសើចគ្រប់គ្នាទៅវិញ។ អារុណប្រកាសថា
"បងប្អូនរួមឈាមទាំងឡាយ ! "ថ្ងៃនេះ អ្នកស្នេហាជាតិយើងម្នាក់ត្រូវខ្មាំងចាប់បាន។ វាប្រកាសបំភាន់គំនិតខ្មែរយើងថា អ្នកស្នេហាជាតិពិតៗ របស់យើងនោះជាមហាចោរ ជាអ្នកក្បត់ទៅវិញ ដើម្បីអោយរាស្រ្ដខ្មែរយើងរករឿងតែនឹងគ្នាអែង។ អ្នកស្នេហាជាតិដែលត្រូវគេចោទថា ជាមហាចោរ ហើយត្រូវគេចាប់បាត់ទៅហើយនេះឈ្មោះ «មានន្ទ»។
- សំលេងអ្នកស្រុក និង អ្នករទេះក៏លាន់លឺហ៊ោឡើង
- អារុណបន្ដការឃោសនាទៅទៀតថា :
- បងប្អូនរួមជាតិទាំងឡាយ !
- មានន្ទនេះជាមេទ័ពរបស់សៀម។ តែដោយយល់ឃើញថា
- - រាស្រ្ដយើងត្រូវគេមើលងាយ
- - ប្រជាជនយើងត្រូវគេធ្វើបាប កំហែងគំរាមចាប់ចងកាប់សំលាប់រាល់ថ្ងៃ
- - អ្នកស្រុកយើងក្រលំបាកវេទនាគ្មានទីពឹង
- មានន្ទចេញកទ័ពទំលាយទុក្ខរបស់ខ្មែរយើង គឺសាងអែករាជ និង សេចក្ដីសុខរបស់អ្នករាល់គ្នា។ អ្នកស្ដាប់ទាំងអស់គ្នា ងាកក្បាលជជែកគ្នាថា «មែនៗ យើងវេទនាមែន» អារុណបន្ដវាចាទៅទៀតថា
- "បងប្អូនរួមជាតិទាំងឡាយ "
- ពេលដល់ហើយ។ យើងត្រូវរួមកំលាំងគ្នាចេញតស៊ូជាមួយខ្ញុំ។ តែដំបូងបង្អស់ ត្រូវជួយដោះលែងអ្នកស្នេហាជាតិជាទីស្រលាញ់ជាទីគោរពរបស់យើងសិន គឺ មានន្ទនោះអែង។
- សំរែក «ជយោ» ក៏លាន់ឡើងរំពងស្រុកភ្នៀត។ មនុស្សទាំងប្រុស ទាំងស្រីចាប់អាវុធគ្រប់ដៃ។ ក្នុងពេលនោះបុរសអ្នករទេះម្នាក់ក្មេង រូបស្អាតបាតចូលមកធ្វើគារវកិច្ចនៅចំពោះមុខអារុណ រួចនិយាយថា
- - ខ្ញុំសូមជួយធុរៈបងពេញទី។ ក្នុងចំនោមអ្នករទេះទាំងអស់នេះមានតែខ្ញុំមួយទេ ដែលគេរាល់គ្នាស្ដាប់។ ហេតុនេះ តើបងបញ្ជាយ៉ាងណា?
- - នាំអ្នកទាំងអស់គ្នាតំរង់ទៅសិរីសោភ័ណ ចូលខេត្ដនេះទាំងអស់គ្នាវាយប្រយុទ្ធដណ្ដើមយកមានន្ទវិញអោយបាន។ អីលូវខ្ញុំទាំងពីរទៅមុន។
ក្បួនទ័ពប្រជារាស្រ្ដក៏ចេញឈូពីស្រុកភ្នៀតកាត់តំរង់ទៅខេត្ដសិរីសោភ័ណក្រោមការដឹកនាំរបស់នាយបំរុង បុរសរូបតូចស្អាតដែលចូលខ្លួនទៅដល់នាយអារុណអំបាញ់មិញនេះ។
នាយអារុណ ទះស្មាវីរៈមួយផូង រួចជនទាំងពីរក៏ចាប់សេះបំផាយយ៉ាងលឿនទៅខាងខេត្ដសិរីសោភ័ណដែរ។ សេះទាំងគូព័ទ្ធកំផែងព្រះកំពុតពីខាងក្រោយដែលស្ងាត់អិតមានអ្នកណា។ នាយអារុណស្រេះដៃអោយវីរៈដែលពូកែខាងលោត ថ្វីត្បិតតែពោះកំប៉ោង។ វីរៈលោតជាន់ដៃអារុណផ្លោតទៅងើបអែលើកំផែងឆ្ដុប។ វីរៈសំយុងជើងចុះ អារុណឡើងតាមជើងនេះរហ័យដូចស្វាឡើងដើមឈើ។
នៅក្នុងគេហដ្ឋានព្រះកំពុត គេធ្វើបុណ្យមួយយ៉ាងអ៊ឹកធិក។ សូរភ្លេងសៀមលាន់លឺរងំរំពងដល់អាកាស។ នៅក្នុងបន្ទប់មួយដ៏ធំល្វឹងល្វើយភ្ញៀវទាំងអស់អង្គុយលើកៅអីត្រៀបត្រាមើលស្រីរាំក្បាច់។ សំលៀកបំពាក់នៃភ្ញៀវទាំងនោះ មានសភាពដ៏រុងរឿងជាអនេកកប្បការ ប្រកបដោយពណ៌ខុសៗគ្នា រលើបរលង់។ ភរិយាអ្នកធំខ្លះប្រដាប់ដោយមាសពេជ្រ តាំងពីកជើងរហូតចុងសក់ អង្គុយធ្វើមុខញញឹមប្រិមប្រីយយ៉ាងឱឡារិក។ នៅកៅអីធំមួយដ៏រុងរឿងកណ្ដាលជួរមុខ ព្រះកំពុតអង្គុយជាកិត្ដិយស។ ខាងស្ដាំអិស្សរជន ជាន់ខ្ពស់បំផុតនេះ មានព្រះនាងខត្ដិយាណីកែវមណី ដែលត្រូវគ្រឿងខាងក្រៅមើលឃើញសាច់ថ្លាម៉ដ្ឋ គួរចាប់ចិត្ដលើសអ្នកផង។ ខាងឆ្វេងព្រះកំពុត កាមាអង្គុយជិតនៅស្ងៀមតែគិតជ្រៅ។ ស្រីៗ អ្នករាំចេញមកត្រៀបត្រាលើកដៃរេរាំ បន្ទន់ខ្លួនរត់ លោតទៅតាមចង្វាក់ភ្លេងដ៏ស្រស់អស្ចារ្យគួរសរសើរដល់សិល្បខ្មែរក្រៃពេក។ សូរភ្លេង និង កាយវិការរបស់នារី នាំចិត្ដអោយរំភើបស្ញប់ស្ញែងដល់ភាពរុងរឿងនៃអារ្យធម៌យើង។ ភ្លេងនោះ របាំនោះ ធ្វើអោយនាយអារុណ និង នាយវីរៈ ភ្លេចការដែលខ្លួនមកធ្វើអស់ចំនួនមួយស្របក់ធំ។ នាយវីរៈញាក់មុខដាក់នាយអារុណ ក្រោយប្រលោះបង្អួចលើឡៅមួយ ពីលើហ្វូងជនអ្នកមើល និង ជនអ្នករាំអោយគេមើលនេះ។ នាយអារុណញាក់មុខជាសញ្ញាឆ្លើយតបទៅសហជីវិនខ្លួនវិញ។ ស្រីៗដែលរេរាំកំពុងលុតក្រាបពីមុខព្រះកំពុតដែលមួយពេលនោះហាក់អន្ដែតខ្លួនទៅក្នុងអាកាស រួចដែលបណ្ដោយចិត្ដទៅក្នុងសេចក្ដីថ្កើងអិតនឹកនាថាពុំគួរអោយគេធ្វើដូច្នោះឡើយ។
ក្នុងពេលដែលព្រះកំពុត ព្រះនាងខត្ដិយាណី និង កាមា បានត្រូវគេ លើកផុតអស់មនុស្សលើលោកនេះ សំរែកអារុណ ដែលយិតធ្នូចំដើមទ្រូងព្រះកំពុតក៏លាន់លឺឡើង
- បិសាចទាំងអស់ឈប់សប្បាយ នៅអោយស្ងៀម រឺមួយ កំពុតស្លាប់ក្នុងពេលនេះ។ ហាស ៗ ៗ សប្បាយណាស់ ក្នុងពេលដែល ខ្មែររងទុក្ខ។ អ្នកទាំងអស់គ្នាស្រលាំងកាំង។ ព្រះកំពុតភិតភ័យតក្កមា។ ព្រះនាងខត្ដិយាណីមុខឡើងស្លាំង។ កាមាខាំធ្មេញសំលឹងអារុណស្ទើរធ្លុះ។ គ្មានអ្នកមួយកំរើករំពើកឡើយ។ ស្រីៗ ដែលកំពុងរាំក៏ឈប់ស្ងៀមស្ងាត់។ ព្រះកំពុតនិយាយញ័រៗ ឡើងថា :
- - អ្នកអែងជាអ្នកណា ? មកពីណា ? មានការអី ?
- - ហាសៗ ! យើង ៗ ជាអារុណមកពីទល់ដែនមកដោះមានន្ទ។ ស្ងៀម! វិរៈចូលយកសោពីកំពុតមក!
- វីរៈ លោតផ្លោតពីលើបង្អួចមកក្រោម ធ្លាក់ខ្លួនទៅលើពួកមួយផ្ទាត់ខ្លួនលោតកំខ្ពស់ពីរម៉ែត្រធ្លាក់មកវិញញ៉ាំង រត់ទៅរកព្រះកំពុតអិតបង្អង់យូរឡើយ។
- កាមាច្រានតុរលំប្រាវព្រួញរត់ពីដៃអារុណមកបុកតុដែលដួលឈឹប។ ការប្រលូកគ្នាក៏ចាប់កើតមានឡើងមួយរំពេច។
- អារុណបោះស្នាប្រួស លោតតាមបង្អួចមកដល់ដីកាប់ផ្លាប់ៗភ្លាម។
- ព្រះកំពុតចាប់ដៃនាងមណីរត់ឡើងជណ្ដើរ។ កាមាថយខ្លួនក្រាកពីបន្ទប់សមរភូមិ។ តុ ទូ ល្អៗ ក្រលប់គ្រេងៗ គេឃើញអារុណ និង វីៈរវាយប្រហារយ៉ាងអង់អាច ក្រោមចក្ខុរបស់ព្រះនាងមណី និង ព្រះកំពុតដែលអីលូវនេះញញឹមយ៉ាងពេញចិត្ដនឹងពលទាហានខាងខ្លួន។ ព្រះនាងខត្ដិយាណីចាប់ភ្លឹកយ៉ាងខ្លាំងនឹងវីរបុរសទាំងពីរដែលពូកែស្វិតស្វាញវាយពលខាងនាងដួលត្រៀបត្រា។ នាងនឹកថា :
- - ជនអ្នកតស៊ូពូកែមែន ! ខាងអែងមានគ្នាច្រើនដូចជាគួរអាយខ្មាសទេវតាណាស់។
- អារុណវាយថយៗ ស្រាប់តែងាកក្រោយទង្គិចខ្នងវីរៈ ។ អារុណស្រែកឡើងថា
- - មាត់ទ្វារធំ
- វីរសើចវាយថយ រួចជនទាំងពីរបិទទ្វារគ្រឹប
- ព្រះកំពុតឃើញដូច្នោះមុខឡើងស្លាំងញ័រដៃទទ្រើក ស្រែកយ៉ាងអស់ទំហឹងថា
- - ចាប់វាអោយបាន!
- កងទាហានបុកទ្វារនឹងស្មាប៉ាំងៗ តែទ្វារពុំរបើកសោះ។
- អារុណ និង វីរៈ ស្ទុះទៅទ្វារគុក។ អ្នកយាមភាំងស្រលាំងកាំងត្រូវវីរៈទាត់មួយជើងផូងដួលផ្ងារពោះស្រែកថា
- - ជួយផង! ជួយផង !
- អារុណទៅដល់គុកទាញទ្វារ អ៊ឹសៗ អស់ទំហឹងតែពុំរួចសោះ។ មានន្ទជួយធ្លាក់ទ្វារពីក្នុងមកដែរ តែពុំរួចទៀត ព្រោះជាប់សោ។ វីរៈមកដល់បង្ហាញសោ។ អារុណកញ្ឆក់សោភ្លាមចាក់។ ជនទាំងបីរត់ទៅបើកទ្វារគុកអែទៀតៗ ទាំងអស់។ អ្នកទោសស្រែកទ្រហោឡើងថា ជយោ! ជយោ! លាន់លឺក្រេវៗ។
- ខាងទាហានរាប់រយនាក់ ក៏ស្ទុះស្រមកដល់។ សង្គ្រាមផ្ទុះឡើងរឹតតែខ្លាំងទៅៗ។
- នាយកោប មហាកាល អគ្គី មានន្ទអារុណ វីរៈ វាយឆើតជាងគេសើចបណ្ដើរ ញាក់មុខដាក់គ្នាបណ្ដើរ។ នាយកោបស៊ីចេកមួយស្និតផងវាយផង។
- មានន្ទស្រែកថា
- - តស៊ូអោយចាស់ដៃកនយើង !
- រួចទៅខ្សឹបប្រាប់អារុណអោយប្រាប់តៗទៅទៀតថា
- - យប់នេះជួបគ្នាភូមិភ្នៀត
- ពាក្យនេះត្រូវបានគេខ្សឹបគ្នាជាលំដាប់
- មានន្ទស្ទុះវឹងទៅលើមើលតាមបង្អួចទៅក្រៅឃើញកាមាចាប់សេះមួយបំផាយទៅខាងលិច។ បុរសស្ទុះទៅខាងក្នុងបន្ទប់មួយទៀត ជួបព្រះនាងខត្ដិយាណីដែលលាន់មាត់ថា
- - អែ !
- មានន្ទភាំងស្មារតីពីមុខចំណាប់ផុតអស់ស្រីនេះ
- - អើ ! ពេលនេះជាពេលប្រសើណាស់។ យើងជួបគ្នាតែក្នុងពេលអាសន្នហ៎្ន !
- នាងមណីខាំធ្មេញសំលឹងមុខមានន្ទ។ មានន្ទស្ទុះភ្លែតទៅចាប់នាងលើកបីរត់ចេញតាមមាត់ទ្វារសំដៅទៅអែមាត់កំពង់ នាងមណីប្រឹងបំរះយ៉ាងណាក៏ពុំរួចឡើយ។ លុះដល់ទៅក្នុងទូកថ្វែមួយដែលជាទូករបស់ព្រះកំពុត មានន្ទទំលាក់នារីវរលក្ខណ៍ប្រូស រួចចាក់សោគ្រឹប។ នាយកោបមកដល់ជាបន្ទាន់ នោះដែរ។ មានន្ទប្រាប់នាយកោបថា:
- - ហៅគ្នាយើង រើសជើងអែកអោយបានដប់នាក់មកឆាប់
- ខាងលើអារុណ មហាកាល វាយថយធ្លាយមកក្រៅពាសវាល។ គាប់ជួនពេលនោះ ពួករទេះក៏មកដល់ទៀត។ ការវាយប្រលូកក៏មានឡើងយ៉ាងពិស្ដារ។ កងទាហានលុះឃើញខ្មាំងច្រើនពេក ក៏ថយរត់ចូល បន្ទាយវិញចាក់សោអិតបង្អង់។ អារុណសើចគ្រហាញដាក់មាត់ទ្វារដែលបិទជិតស្លុងរួចបញ្ជាអោយពលប្រជាជន និង ពលអ្នកទោសថយខ្លួនទៅភូមិភ្នៀត។
- ក្នុងវាំងននងងឹតនៃពសុធា ទូកថ្វែបោះពួយយ៉ាងលយលឿនបណ្ដោយទៅតាមខ្សែទឹក។ ក្នុងផ្ទៃងងឹតនេះ វាសនាព្រះនាងខត្ដិយាណីក៏ងងឹតដែរ។ បីម៉ោងមុននេះ វាសនាព្រះនាងភ្លឺត្រចះត្រចង់ល្អ តែពេលដែលនាងបង្ខំជាន់ពន្លិចអោយងងឹតស្លុងវិញ។ ដោយហេតុនេះហើយ បានជាមានពាក្យបុរាណាចារ្យនិទានថា
"ឃ្លោកលិច អំបែងអណ្ដែត កង់ត្រាច កង់ធ្នង់ "