១០ - ស្ដេចខ្ញាល់
ថ្ងៃសៅរ៍ ទី16.កក្កដា 2016.ម៉ោង 9:10

ល្ងាច​ថ្ងៃ​ដែល​មាន​ការ​វិវាទ​រវាង​មានន្ទ​ និង កាមា​នេះ​ ព្រះ​កំពុត​ជា​បិតា​ពុំ​បាន​ទៅ​ណា​ទេ​។ នៅ​ក្នុង​ដំណាក់​ គេ​លឺ​សូរ​តូរ្យ​តន្រ្ដី​រងំ​។ យូរ​ៗ​ចំរៀង​កញ្ញា​ម្នាក់​លាន់​លឺ​ឡើង​គ្រ​​លួច​ រួច​គឺ​សូរ​មាត់​អ្នក​សើច​ហ៊ោ​កញ្ជ្រៀវ​សប្បាយ​។ ព្រះ​កំពុត​លង់​ក្នុង​សេច​ក្ដី​សប្បាយ​នេះ​អែង​។ អង្គុយ​​លើ​កៅ​អី​ដាំ​ត្បូង​ទ្រង់​សំលៀក​បំពាក់​មួយ​ដ៏​ល្អ​ឆើត​ឆាយ​ ព្រះ​កំពុត​ទះ​ដៃ​សើច​ក្អាក​ក្អាយ​ពី​មុខ​ស្រី​ដែល​រេ​រាំ​យ៉ាង​ស្រស់​អស់​ពី​ចិត្ដ​។ ក្នុង​នោះ​ ទាហាន​ម្នាក់​ចូល​មក​ព្រះ​កំពុត​រា​ដៃ​អោយ​ពួក​របាំ​ឈប់​។ របាំ​ក៏​ឈប់​ស្ងាត់​សូន្យ​។ អ្នក​រាំ​ក៏​លប​ៗ ចូល​ទៅ​គៀន​។ ព្រះ​កំពុត​អោន​សួរ​ទៅ​ទាហាន​ដែល​ឈរ​ត្រង់​ខ្លួន​នៅ​ពី​មុខ​លោក​ថា ​:

ចុតហ្មាយអោយចាប់ខ្លួន
យើង​ព្រះ​កំពុត​ ចៅ​ហ្វាយ​ខេត្ដ​សិរី​សោ​ភ័ណ បង្គប់​អោយ​មេ​កង​និល ពេជ្រ​ ចេញ​មក​ចាប់​មេ​ទ័ព​មានន្ទ​។ បើ​ឈ្មោះ​នេះ​រឹង​ទទឹង​ និល​ពេជ្រ​អាច​សំលាប់​ចោល​បាន​ពេញ​ច្បាប់​។
ព្រះកំពុត
លុះសរ​សេរ​រួច​ហើយ ព្រះ​កំពុត​ហុច​លិខិត​អោយ​ទៅ​និល​ពេជ្រ​ ដែល​គេ​តែង​ហៅ​មេ​កង​និល​ៗ​ប៉ុណ្ណោះ​អែង​។ ព្រះ​កំពុត​បន្ថែម​ថា​:
- ទៅចាប់អាមានន្ទអោយប្រុងប្រយ័ត្នបន្ដិច ព្រោះដូចអែងដឹងស្រាប់ហើយវាក្លាហានណាស់
- ខ្ញុំព្រះករុណាធ្វើតាមបន្ទូលទាន
- តែនិលពេជ្រអែងក៏ជាជើងអែកមួយដែរ បានជាអញបញ្ជូនទៅនេះ
- សូម​ព្រះតេជ​គុណ​ទុក​ចិត្ដ​លើ​ខ្ញុំ​បាទ​ចុះ​ទាន​។ ខ្ញុំ​បាទ​សូម​រើស​យក​ពល​ណា ដែល​ធ្លាប់​មាន​ថ្វី​ដៃ​បំផុត​ទៅ​ជា​មួយ​
- អើ ! រើសចុះតាមចិត្ដ ទាំងសេះ ទាំងមនុស្ស គ្រឿងប្រដាប់អោយគ្រប់គ្រាន់ណា
- ព្រះបាទម្ចាស់
និល​ពេជ្រ​ ក៏​គំនាប់​ព្រះ​កំពុត​ ហើយ​ស្ទុះ​ចេញ​ទៅ​។ ក្នុង​ពេល​នោះ​មនុស្ស​ម្នាក់​ចាស់​អាយុ​ប្រមាណ​ហុក​សិប​ប្លាយ​ឆ្នាំ តែ​មាឌ​នៅ​រឹង​ប៉ឹង​ដូច​ក្មេង​អាយុ​ម្ភៃ​ឆ្នាំ​ចូល​មក​ដល់​។ គាត់​ចាប់​អាវ​និល​ពេជ្រ​រួច​និយាយ​ថា:
- ទៅណា ?
- បាទ ! ព្រះតេជគុណអាយទៅចាប់មានន្ទលោកតា
- ចូលមកវិញ និយាយគ្នាសិន
- បាទ !
មនុស្ស​ចាស់​នេះ​មាន​ទឹក​មុខ​មាំ ចូល​មក​ដល់​ព្រះ​កំពុត​ ព្រះ​​កំពុត​ឃើញ​ ក៏​អោយ​អង្គុយ​កៅ​អី​ដោយ​គួរ​សម​យ៉ាង​គោរព​។ តែ​មនុស្ស​ចាស់​នេះ​ទាញ​កៅ​អី​ក្រាក​ដោយ​គំរិះ​គំរុះ​ទៅ​កៀន​ជញ្ជាំង​ មុខ​បែរ​ទៅ​រក​បង្អួច​អិត​មើល​មុខ​ព្រះ​កំពុត​ឡើយ​។ ព្រះ​កំពុត​ប្រឹង​ពន្យល់​ថា​:
- សូមលោកជ្រាប គួរអីព្រហើនម៉្លេះ ?
- ព្រហើនអី ?
- បាទ ទាន ! វាលួចការប្រពន្ធអិតអោយខ្ញុំដឹង
- ដឹងទៅបានការអី ?
- បាទទេ ! ខ្ញុំជាអូវពុកវា គួរតែវាប្រាប់ខ្ញុំមុននឹងសំរេចការអ្វីនីមួយៗ
- វាដឹងថា លោកមិនធ្វើតាមវាពិត បានជាវាមិនប្រាប់ ។ ឈប់និយាយ ! ចុះអីលូវលោកធ្វើអ្វី ?
- ខ្ញុំអោយទាហានទៅចាប់វាមក
- លោក​ជា​អូវ​ពុក លោក​ធ្លាប់​ស្គាល់​ខ្ញុំ​ជា​និច្ច​រៀង​ដរាប​មក​។ ខ្ញុំ​ស្រលាញ់​លោក​ចិត្ដ​មួយ​ថ្លើម​មួយ​។ ខ្ញុំ​ចាស់​ហើយ តែ​ខ្ញុំ​ធ្លាប់​ភប់​ប្រទះ​នឹង​រឿង​រ៉ាវ​ច្រើន​ណាស់​ ខ្ញុំ​ដឹង​រឿង​អស់​នោះ​។ ខ្ញុំ​ជា​ទី​ប្រឹក្សា​របស់​គ្រប់​ចៅ​ហ្វាយ​ខេត្ដ​ទាំង​អស់​ដែល​មាន​ចំនួន​បួន​នាក់​មក​ហើយ​ គឺ មាន​លោក​នេះ​ជា​ក្រោយ​បង្អស់​។ ​ខ្ញុំ​សូម​កុំ​អោយ​លោក​ចាត់​ទៅ​ចាប់​វា​ធ្វើ​អ្វី​។ តាម​ខ្ញុំ​យល់ គឺ​គួរ​បង្រួញ​រឿង​នេះ​អោយ​ខ្លី​ កុំ​ពង្រីក​អោយ​វែង​ទៅ​ៗ​នោះ​។
- ចុះអោយខ្ញុំធ្វើយ៉ាងណាវិញ ?
- មានន្ទ​វា​មាន​ទៅ​ណា វា​ជា​កូន​លោក​ស្រាប់ តែ​បន្ដិច​ទៀត​វា​មក​វិញ​ហើយ​។ ចាំ​បាច់​ទៅ​ព័ទ្ធ​ចាប់​វា​ធ្វើ​អ្វី ​?
- សូម​ទោស​ គីរី​មេរុ​ អីលូវ​ព្រះ​កំពុត​ចាត់​​ការ​នេះ​ហើយ​ ព្រះ​កំពុត​មិន​អាច​ដក​ពាក្យ​ទេ​។ ខ្ញុំ​ស្ដាប់​លោក​ជា​និច្ច ខ្ញុំ​គោ​រព​លោក​ជា​និច្ច​ តែ​ក្នុង​ពេល​នេះ​ខ្ញុំ​ត្រូវ​តែ​ផ្ដន្ទា​ទោស​អា​មានន្ទ​អោយ​អស់​ចិត្ដ​ខ្ញុំ​ខឹង​។ ខ្ញុំ​ខឹង​ណាស់​សូម​ប្រាប់​លោក​អោយ​ត្រង់​។ ទៅ​និល​ពេជ្រ​ទៅ​។
និល​​ពេជ្រ​​​ក៏​​ចេញ​ទៅ​​តាម​ពាក្យ​ព្រះ​កំពុត​។​ តាគិរី​សុមេរុ​ ពេប​មាត់​សំលឹង​មើល​ក្ដារ​អិត​និយាយ​មួយ​មាត់​។ តាគិរី​សុមេរុ​នេះ​ជា​អ្នក​ចំបាំង​ ជើង​ចាស់​ដែល​រស់​ប្រាំ​រាជ​ស្ដេច​មក​ហើយ​។ គាត់​គ្មាន​ខ្លាច​អ្នក​ណា​ទេ ទោះ​ព្រះ​កំពុត​ក៏​គ្មាន​ខ្លាច​ដែរ​។ តែ​ព្រះ​កំពុត​គោរព​គាត់​ជា​ចាស់​ទុំ​ដរាប​។ កាល​ព្រះ​កំពុត​នៅ​ក្មេង​ គាត់​បាន​ចិញ្ចឹម​បី​បាច់​រក្សា​ រួច​ក្នុង​សង្រ្គាម​នា​នា គាត់​បាន​ជួយ​ជីវិត​ព្រះ​កំពុត​នេះ​អោយ​រួច​ពី​ក្ដី​មរណៈ​ជា​ច្រើន​លើក​​ច្រើន​គ្រា​។ ដើម្បី​តប​ស្នង​សង​គុណ​តាគីរី​សុមេរុ​វិញ ព្រះ​កំពុត​បាន​អញ្ជើញ​គាត់​អោយ​មក​នៅ​ជា​មួយ​។ គីរី​សុមេរុ​ ជា​មនុស្ស​មាន​បញ្ញា​វៃ​ឆ្លាត​ ហើយ​ពូកែ​ស្វិត​ស្វាញ​ខាង​កាន់​គ្រឿង​អាវុធ​ រក​អ្នក​ណា​មួយ​ប្រៀប​ធៀប​ពុំ​បាន​ឡើយ​។ គីរី​សុមេរុ​ ក្រោក​ឈរ​ច្រាន​កៅ​អី​ដួល​ផ្កាប់​ផ្ងារ រួច​ដើរ​ចេញ​ទៅ​ខាង​ក្រៅ​។ ព្រះ​កំពុត​មាន​សេច​ក្ដី​បារម្ភ​នឹង​អាកប្ប​កិរិយា​នេះ​ដែរ តែ​ដឹង​ចិត្ដ​តា​គីរីសុ​មេរុ​។ ទោះ​ជា​យ៉ាង​ណា​ក៏​បុគ្គល​នេះ ជា​​មនុស្ស​ផុត​ចាប់​ទោស​អូស​ដំណើរ​ដែរ​។ ព្រះ​កំពុត​មុខ​ឡើង​ស្លាំង​អង្វរ​ថា​:
- អញ្ជើញលោកតាពិសាតែសិន
គីរី​សុមេរុ​ស្រលាញ់​មានន្ទ​ណាស់​ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​មិន​ចង់​អោយ​ព្រះ​កំពុត​តាម​រក​មានន្ទ​នោះ​។ លុះ​ដើរ​ចេញ​មក​ដល់​ក្រៅ​បន្ទាយ គាត់​ក្រលេក​មើល​នាយ​អាយ ​រួច​ស្ទុះ​ទៅ​ចាប់​ស្មា​នាយ​កោប​ជាប់​ពី​ក្រោយ​។
- លោកតាៗ ! សួស្ដីលោកតា !
- អាចំកួតមានន្ទទៅណាហើយ ?
- បាទ ! ខ្ញុំបាទមិនដឹងដែរ
- ចុះម្ដេចអាអែងនៅប៉ែលប៉ោលទីនេះទៀត ?
- អោយខ្ញុំធ្វើយ៉ាងណាលោកតា ?
- អាអែងឆ្កួតរឺជា ?
- បាទ ! ជាលោកតា
- អាអែងស្រលាញ់មានន្ទទេ ?
- ស្រលាញ់ដែរ
- មានន្ទមានទុក្ខ ម្ដេចអាអែងសប្បាយនៅនេះ
- បើដូច្នេះ ខ្ញុំទៅរកអីលូវ
- អើ ! ទៅ ! ទៅប្រាប់វាថា គេតាមចាប់អោយប្រយ័ត្នខ្លួន
- បាទ !
- អែងដឹងមានន្ទនៅអែណាទេ ?
- ទេ !
- បើអែមិនដឹងធ្វើម្ដេច ទៅរកឃើញ ?
- ការនេះស្រេចនៅលើខ្ញុំ ខ្ញុំជ្រែកដីរាវទឹក កកូរអាកាសរកទាល់តែឃើញហ្នឹង។ យ៉ ! វាទៅណាកំបាំងភ្នែកអាកោប។
គីរីសុមេរុ សើចទះស្មានាយកោប
- ប្រយ័ត្នតែអែងមិនឃើញវិញ តើអោយអញធ្វើម៉េច ?
- អោយពុះក្បាលកោបជាប្រាំពីភាគ
- បីភាគបានទេ ?
- តិចណាស់ មិនស្លាប់កោបទេ កោបធ្លាប់ទទួលបួនរួចមកហើយ ៗអិតអី
- បើដូច្នោះ អញសុំតែមួយសិនបានទេ ?
- គ្នាអែងអ្នកណាដែលអោយលេងអញ្ចឹង
- អាកោប អញសួរអែបន្ដិចបានទេ ?
- បាន ! យី ! លោកតាសួរចុះ សួររឿងព្រះ រឺរឿងជាតិ រឺរឿងព្រះអីសូរ . . .
- អើ ! កាលណាបានអែងយកប្រពន្ធ ?
- ដល់លោកតាយក បានខ្ញុំយកដែរ
- ហាស ៗ អាចំកួត
- ទៅគិតអីរឿងប្រពន្ធកូននោះ
- ចុះអែងគិតអីវិញ ?
- រឿងជាតិ
- អូរ ! អាខ្មោច លោជាអែងចេះគិតពីរឿងជាតិដែរ
- យី ! សិស្សមានន្ទណ៎ាខ្ញុំ
- អោ ! អែងចេះគិតជាតិព្រោះអែងជាសិស្សគេទេរឺ ?
- អូស ៗ តែ ខ្ញុំគិតរឿងជាតិ ព្រោះខ្ញុំជាខ្មែរ
- បើអញ្វឹងទៅចុះ
នាយកោបហួច លឺសូរវើតៗ

សេះ​មួយ​កញ្ជៀវ​អែ​ចំងាយ​។ មិន​យូរ​ប៉ុន្មាន​ សេះ​នេះ​លូន​មក​ដល់​ពី​មុខ​នាយ​កោប​ភ្លាម ដែល​ស្ទុះ​ទៅ​យក​អាន និង បង្ហៀរ​មក​ដាក់​ដោ ​យ​រួស​រាន់​។ តាគី​រីសុ​មេរុ​ឃើញ​យ៉ាង​នេះ​មាន​ចិត្ដ​ស្ងើច​នាយ​កោប​មួយ​អន្លើ​ដែរ​ តែ​ពុំ​ចេញ​ស្ដី​អ្វី​អោយ​វា​ដឹង​ចិត្ដ​គាត់​ឡើយ​។ នាយ​កោប​ស្ទុះ​លោត​ភ្លែត​ឡើង​លើ​ខ្នង​សេះ​ គំនាប់​តា​គីរី​យ៉ាង​គួរ​សម​ រួច​បំផាយ​សេះ​ទៅ​ខាង​ទិស​មង្គល​បុរី​ទៅ​។ តា​គីរី​ឈរ​មើល​សេះ​នាយ​កោប​ដោយ​ញញឹម​ គ្មាន​ដាច់ ទាល់​តែ​បាត់​លឺ​សូរ​ជើង​ទើប​ឈប់​មើល​។ បន្ទាប់​ក្រោយ​ពី​នេះ​បន្ដិច ហ្វូង​សេះ​របស់​និល​ពេជ្រ​ក៏​ចេញ​ដំនើរ​តាម​យ៉ាង​កក្រើក​ដី​ នាំ​អោយ​រាត្រី​នោះ​រន្ធត់​ញាប់​ញ័រ​ជា​ពន់​ពេក​។