៥ -បណ្ដាំបង
ថ្ងៃសៅរ៍ ទី11.មិថុនា 2016.ម៉ោង 8:52

មានន្ទ​បំផាយ​សេះ​យ៉ាង​លឿន​កណ្ដាល​ទី​ងងឹត​ឆ្ពោះ​ទៅ​កាន់​គេ​ហដ្ឋាន​ព្រះ​កំពុត​។ ទុក្ខ​ដែល​កើត​អំពី​មរណ​ភាព​វិសេស​ក្លាហាន​នៅ​ញាំញី​ចិត្ដ​អ្នក​ពុំ​ចេះ​ចប់​ពុំ​ចេះ​ហើយ​។ មរណ​ភាព​តែ​មួយ​នេះ ធ្វើ​អោយ​អ្នក​អាណិត​អាសូរ​ដល់​បិតា​ក្មេក​ដែល​ចាក​ស្ថាន​ទៅ​ផង​ អោយ​អ្នក​អាណិត​ដល់​​នាង​ទេវី​ជា​ភរិយា​សំណប់​ដែល​រស់​នៅ​នោះ​ផង​។

ទុក្ខ​ទាំង​ពីរ​ប្រ​ភេទ​សឹង​មាន​ទំងន់​ស្មើគ្នា​។
អ្នក​អានិត​វិសេស​ក្លា​ហាន​ដោយ​បុគ្គល​នេះ​ស្លាប់​ទៅ​មាន​ទឹក​មុខ​ញញឹម​ស្រស់​ប៉ប្រិម​ ដូច​ភក្រ្ដ​ព្រះ​ពុទ្ធ​ដែល​ចូល​ព្រះ​និព្វាន​។ អ្នក​អាណិត​នាង​ទេវី​ដោយ​ស្រី​ឆើត​ឆាយ​បាន​ង្ហូរ​ទឹក​ភ្នែក​សស្រាក់​ ទឹក​ភ្នែក​នេះ​ហាក់​នៅ​សើម​ៗ​ក្នុង​ដួង​វិញ្ញាណ​របស់​អ្នក​។ សេះ​បោល​សំរុក​ទៅ​មុខ​យ៉ាង​​លឿន​ កាត់​ព្រៃ និង​ វាល ដូច​ព្រួញ​ព្រហ្ម​របស់​ព្រះ​នរាយណ៍​។ គេ​លឺ​សូរ​ល្លឹក​ឈើ និង មែក​ឈើ​ដែល​បាក់​ប្រាវ​ៗ​។ មិន​យូរ​ប៉ុន្មាន​មានន្ទ​មើល​ឃើញ​កំពែង​អាសន​បិតា​ខ្លួន​។ អ្នក​បោះ​ពួយ​តំរង់​ទៅ​មាត់​ទ្វារ​។ អ្នក​យាម​ធ្វើ​សញ្ញា​គោរ​ពយ៉ាង​ស្វា​ហាប់​។ លុះ​អ្នក​ជិះ​សេះ​នេះ​ទៅ​ដល់​បន្ទាយ​​ហើយ​ ក៏​លោត​ចុះ​ពី​លើ​ខ្នង​សេះ​ដោយ​រួស​រាន់​បន្ទាន់​ចិត្ដ​។ សេនា​ម្នាក់​ក៏​ស្ទុះ​មក​គោរព​ជា​លើក​ទី​ពីរ​។ មនន្ទ​ស្គាល់​ក្នុង​ទី​ងងឹ​ត​ថា​ជា​សេនា​របស់​ខ្លួន​ ក៏​មាន​វា​ចា​ខ្សឹប​ៗ​ថា៖

- បងកោប បងអែងមានដឹងរឿងអ្វីប្លែកក្នុងផ្ទះខ្ញុំទេ ?
គឺមនុស្សម្នាក់រូបតូច ខ្នងខុបបាក់ជាពីរ។ មនុស្សនេះឆ្លើយដោយនឹងនួនវិញថា :
- បាទ​ទេ​! អត់​មាន​រឿង​អ្វី​ទេ​! តែ​មុន​នេះ​បន្ដិច​មាន​ឃើញ​ទាហាន​ម្នាក់​ជិះ​សេះ​មក​ដល់​ទី​នេះ​ រួច​ចូល​ទៅ​ក្នុង​បន្ទប់​ឪពុក​របស់​​លោកគ្រូ​។ ខ្ញុំ​ឃើញ​សេះ​ និង​ អ្នក​ជិះ​នោះ​បែក​ញើស​ដាប​ខ្លួន​។ ប្រ​ហែល​ជា​មាន​ការ​អ្វី​ប្លែក​មក​ពី​ក្រៅ​ហើយ​មើល​ទៅ​។
- ឪពុកខ្ញុំនៅទេ ?
- នៅហ្នឹង
- ចុះបងកោប អែងមានលឺសូរមាត់គាត់និយាយអ្វីទេ ?
- ទេ! អត់ទេ!
- តាំងពីល្ងាចមក គាត់សំរាន្ដហើយ រឺ នៅ?
- នៅ! ម៉េចក៏លោកគ្រូសួរដូច្នោះ ?
- ការផ្ទាល់ខ្លួន !
- ការអ្វី ?
មានន្ទទះ​ស្មាកោប​មួយ​ផូង សើច ធ្វើ​ដោយ​មេត្រី​ភាព
- ចាំ​ថ្ងៃ​ក្រោយ​ខ្ញុំ​និយាយ​ប្រាប់​។ អីលូវ​យក​សេះ​ខ្ញុំ​ទៅ​ទុក​ចុះ​។ នាយ​កោប​មិន​អស់​ចិត្ដ ចាប់​បង្ហៀរ​សេះ​បណ្ដើរ​សួរ​បណ្ដើរ​ទៀត​ថា៖
- ការ​ធំ រឺ ការ​តូច​? ការ​ចិត្ដ រឺ​ ការ​នគរ​? ការ​សប្បាយ រឺ​ ការ​ច្បាំង​?​
- ការ​ចិត្ដ តែ​អីលូវ​នេះ​ខ្ញុំ​ប្រញាប់​ណាស់ ប្រញាប់​ទៅ​ជួប នឹង​ ឪពុក​របស់​ខ្ញុំ​។
- បាន​ជា​ខ្ញុំ​ចង់​ដឹង ពី​ព្រោះ​ខ្ញុំ​ចេះ​តែ​ញាក់​ភ្នែក​ឆ្វេង​ព្រើត​ៗ...
- ឆ្គួត​!
- បើ​មានរឿង​អ្វី សូម​លោក​គ្រូ​អាណិត​ប្រាប់​ខ្ញុំ​អោយ​ឆាប់​ផ​ងណ៎ា​!..
- យល់ព្រម

មានន្ទ​ក៏​ស្ទុះ​ឡើង​កាំ​ជណ្ដើរ​ទៅ​លើ​ផ្ទះ​។ នាយ​កោប​ក៏​ដឹក​សេះ​យក​ទៅ​ទុក​។ មានន្ទ​ដើរ​យ៉ាង​មាំ​មួន​ចូល​ទៅ​ក្នុប​ន្ទប់​ព្រះ​កំពុត​។ គឺ​ជា​បន្ទប់​មួយ​ធំ ជញ្ជាំង​លាប​ពណ៌​បៃ​តង​ខ្ចី​ស្រស់​។ នៅ​ជញ្ជាំង​នីមួយ​​ៗ​មាន​ព្យួរ​ផ្ទាំង​គំនូរ​ចាស់​ៗ គូរ​ដោយ​ដៃ​សិប្បករ​យ៉ាង​ចំណាន​នៃ​សម័យ​ព្រង​នាយ​ ​នោះ​។ នៅ​លើ​ក្ដារ គឺ​កំរាល​ល្អ​ឆើត​ឆាយ​រំលេច​ដោយ​រូប​ភាព​សត្វ​ផ្សេង​ៗ និង​រុក្ខា​លតា​វល្លិ​ប្លែក​ៗ​ដោយ​ពណ៌ ស លឿង ក្រហម បី​ដូច​ពណ៌​ធម្ម​ជាតិ​មែន​ៗ​។ ក្រៅ​ពី​នេះ​ចក្ខុ​យើង​ចាប់​ភ្លឹក​ស្ញប់​ស្ញែង​ដល់​តុ​ទូ កែវ​កង ដែល​រៀប​ចំ​យ៉ាង​ប្រ​ពៃ​។ វត្ថុ​ទាំង​អស់​សុទ្ធ​សឹង​តែ​លាង​​ដុស​ខាត់​ ស្អាត​រលោង​រលើប​ស្ទើរ​ឆ្លុះ​មុខ​បាន​។ គ្រឿង​លំ​អ​​ទាំង​ពួង​មាន​កែវ​កង​ជា​ដើម​សឹង​ធ្វើ​អំពី​ប្រាក់ និង មាស​យ៉ាង​រុង​រឿង​។

មាន​ន្ទ​រិត​តែ​ឆ្ងល់​អស្ចារ្យ​ក្នុង​ចិត្ដ អំពី​អាកប្ប​កិរិ​យា​ដ៏​ប្លែក​របស់​លោក​​អូវ​ពុក​អ្នក​។ អ្នក​នឹក​ច្នៃ​ថា ប្រ​ហែល​ជា​លោក​ដឹង​រឿង​រ៉ាវ​ទាំង​អស់​របស់​​អ្នក​ជា​មួយ​អាពាហ៍​ពិពាហ៍​នា​កណ្ដាល​រាត្រី​ស្ងាត់​នេះ​។ តំណក់​ញើស​ហូរ​ពា ស​ពេញ​ខ្លួន​អ្នក​ តែ​យុវជន​ប្ដេជ្ញា​ក្នុង​ចិត្ដ​ថា បើ​អូវ​ពុក​អ្នក​ជំ​ទាស់​នឹង​រឿង​នេះ​ អ្នក​នឹង​ហ៊ាន​ចេញ​មុខ​ជំទាស់​វិញ​យ៉ាង​ដាច់​ខាត​។

នាទី​ដ៏​តឹង​តែង​នេះ ក៏​ចេះ​តែ​ហូរ​ទៅ​ មានន្ទ​ក៏​រិត​តែ​ថប់​ដង្ហើម​ឡើង​ៗ បុរស​គិត​រិះ​រក​ចំនុច​ផ្សេង​ៗ ដើម្បី​បាន​ដឹង​ឆាប់​អំំពី​គោល​បំណង​នៃ​ការ​កោះ​ហៅ​ខ្លួន​អ្នក​មក​នេះ​។ នឹង​យក​រឿង​នាង​ទេវី​មក​និយាយ​ដោះ​សា​ជំរាប​លោក​តែ​ម្ដង​ទៅ​ជា​ការ​ធ្វេស​ប្រ​ហែស​មួយ​យ៉ាង​ធំ​។ នឹង​រង់​ចាំ​អោយ​អូវ​ពុក​អ្នក​បង្ហើប​រឿង​មុន អូវ​ពុក​អ្នក​ពុំ​ធ្វើ​សោះ​។ មិន​តែ​ប៉ុណ្ណោះ​អា​កប្ប​កិរិ​យា​របស់​ព្រះ​កំពុត​ បង្កើត​បរិ​យា​កាស​កំហែង​ដល់​មានន្ទ​យ៉ាង​ខ្លាំង​ក្រៃ​ពេក​។ មានន្ទ​លូក​ហោ​ប៉ៅ ដើម្បី​រក​កូន​កន្សែង​មក​ជួត​ញើស ស្រាប់​តែ​ចុង​ម្រាម​ដៃ​អ្នក​បះ​លើ​សំបុត្រ​ដីកា​កោះ​។ រន្ទះ​នៃ​សេច​ក្ដី​រីក​រាយ​មួយ​មក​ដាស់​ចិត្ត​អោយ​ចាក​ផុត​អំពី​រន្ដៅ​ចង្អៀត​ចង្អល់​ ដែល​អ្នក​​ជួប​ប្រទះ​មក​នេះ​។ មានព​ក៏​ហុច​សំបុត្រ​ដី​កា​នោះ​ជូន​ព្រះ​កំពុត​ដោយ​គោរព​។

ព្រះកំពុតយកសំបុត្រនោះបោះទៅលើតុ រួចសួរដោយសង្កត់សំលេងយ៉ាងធ្ងន់ៗថា៖
 - អែងទើបមកពីណា ?
មានន្ទបុកពោះភឹបៗ នឹក​ថា អីយ៉ា​! រក​រឿង​ទេ​តើ​! ក៏​ប៉ុន្ដែ​មុន​នឹង​ចេញ​សំដី​តវ៉ា​ អ្នក​នឹក​ឃើញ​ថា ត្រូវ​តែ​ឆ្លើយ​ទៅ​តាម​លំអាន​រឿង​
- លោកអូវពុកមានការអ្វី ហៅខ្ញុំទាំងយប់?
ព្រះកំពុត សំលក់មានន្ទចុងភ្នែកជាថ្មី
 - អញមិនមែនអូវពុកអែងទេ ?
មានន្ទភ្ញាក់​ដូច​គេ​កន្រ្ដាក់​នឹង​ពាក្យ​នេះ​។ អ្នក​បើក​ភ្នែក​ធំ បបូរ​មាត់​ឡើង​ស្វាយ ជង្គង់​ឡើង​ញ័រ​ស្ទើរ​ឈរ​ពុំ​កើត​។ បុរស​នឹក​ថា ម្ដង​នេះ​មុខ​ជា​ដាច់​អស់​និស្ស័យ​ហើយ​។ អ្នក​ប្រឹង​ញញឹម​ រួច​ឆ្លើយ​ដោយ​ចំអក​ថា៖
- បើលោកឪពុកមិនជាឪពុកខ្ញុំ តើជាអ្វីទៅវិញ ?
ព្រះកំពុតក្រោកឡើងគំហកវិញថា
- អញ​ហៅ​អែង​មក​សួរ​អែង​ មិន​មែន​ហៅ​អែង​មក​សួរ​អញ​ទេ​។ តោង​ឆ្លើយ​តាម​ពាក្យ​អញ​សួរ​។ អញ​សួរ​អែង​ថា តើ​អែង​ទៅ​ណា​បាត់​តាំង​ពីល្ងាច​ម្លេះ​?
មានន្ទសើច
- ការ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ខ្ញុំ​ពុំ​អាច​ប្រាប់​លោក​ឪពុក​បាន​ទេ​។ ខ្ញុំ​មក​នេះ គឺ​មក​ឋានៈ​ជា​ទាហាន​ ពី​ព្រោះ​ដីកា​កោះ​ហៅ​តាម​កិច្ច​ការ​ទាហាន​។ បើ​សិន​ជា​មាន​ការ​ផ្ទាល់​ខ្លួន​ប្រាកដ​ជា​ពុំ​មាន​ដីកា​ដូច្នេះ​ទេ​។ បើ​ដូច្នេះ​ខ្ញុំ​អាច​ឆ្លើយ​ជំរាប​លោក​ឪពុក​បាន តែ​អំពី​កិច្ច​ការ​ខាង​ទាហាន​ ប៉ុណ្ណោះ​ ដោយ​សូម​ទោស​លោក​ឪពុក​ ខ្ញុំ​មិន​ឆ្លើយ​ពី​ការ​ផ្ទាល់​ខ្លួន​ជា​ដាច់​ខាត​។
ព្រះកំពុតពេបមាត់ តែងក់ក្បាល។ ឃើញដូច្នោះ មានន្ទបានធូរក្នុងចិត្ដបន្ដិច។
ព្រះកំពុតបឺតខ្សៀបង្ហុយផ្សែង រួចដោយនិយាយបន្ទន់សំលេងថា
- អែងបំពេញការផ្ទាល់ខ្លួនរបស់អែងស្រេចហើយរឺនៅ?
មានន្ទនឹកថា បញ្ហា​នាង​ទេវី​នៅ​តែ​ចោទ​ដដែល​ក្នុង​ពេល​ដែល​អ្នក​ស្មាន​ថា​បាន​ធូរ​បន្ដិច​ទៅ​ហើយ​។ បញ្ហា​នេះ​គ្រាន់​តែ​ផ្លាស់​បែប​ចោទ​ប៉ុណ្ណោះ​។ យុវ​ជន​ឆ្លើយ​តប​វិញ​ថា
- ការ​ផ្ទាល់​ខ្លួន​ពុំ​អាច​មាន​នរ​ណា​បំពេញ​ចប់​នោះ​ទេ​។ តែ​លោក​ឪពុក​សូម​ជ្រាប​ថា ការ​ផ្ទាល់​ខ្លួន​ជា​ការ​តូច​តាច​ដែល​គេ​អាច​ទុក​ចោល​មួយ​កន្លែង​បាន​។ អែ​ការ​ដែល​ធំ​ហើយ​សំខាន់​នោះ គឺ​ការ​នគរ​។
ព្រះ​កំពុត​ដើ​រ​ចុះ​ដើរ​ឡើង​ស្ដាប់​មានន្ទ​អធិប្បាយ​។ លុះ​អធិប្បាយ​ចប់ លោក​ក៏​ដើរ​ទៅ​ជិត​តុ ទាញ​យក​សំបុត្រ​មួយ​មក​ហុច​អោយ​មានន្ទ​។ វិរ​បុរស​ភិត​ភ័យ​ឡើង​សា​ជា​ថ្មី ដោយ​ពុំ​ដឹង​សេច​ក្ដី​សំបុត្រ​នោះ​យ៉ាង​ណា​សោះ​។ អ្នក​ទទួល​សំបុត្រ រួច​បត់​ដាក់​ទៅ​ក្នុង​ហោ​ប៉ៅ​យ៉ាង​ ស្រួល​។ ឃើញ​ដូច្នោះ​ ព្រះ​កំពុត​បែរ​មក​មើល​មុខ​មានន្ទ​ស្ទុះ​មក​ចាប់​ស្មា​បុត្រា​ រួច​ពោល​វាចា​ឡើង​ញ័រ​ៗ​ថា
- កូនអែងអាចមើលសំបុត្រនេះអីលូវ
មានន្ទ​ហូត​សំបុត្រ​មក​ពី​ហោ​ប៉ៅ​វិញ​ សំលឹង​មើល​មុខឪពុក​ដោយ​ប្រឹង​រិះ​រក​មើល​រឿង​ដែល​ឪពុក​ចង់​ប្រាប់​ខ្លួន​នោះ ត្បិត​ទាំង​កាយ​វិការ​ ទាំង​វាចា​អ្នក​លែង​យល់​អ្វី​ឡើយ​។ មានន្ទ​ដាក់​ភ្នែក​ចុះ​ទៅ​លើ​សំបុត្រ​ រួច​និយាយ​យ៉ាង​រហ័ស​ថា៖
- លោកឪពុកអោយខ្ញុំទៅច្បាំងអីលូវ?
ព្រះកំពុតញញឹម
- មិនមែឪពុកអោយកូនទៅទេ គឺនគរ
- ខ្ញុំបាទសូមមួយអាទិត្យទៀតបានរឺទេ ?
ព្រះកំពុតបើកភ្នែកធំៗ តបវិញថា
- អែងមកនេះគឺមកក្នុងឋានៈ ជាទាហាន ទាហានគ្មានប្រកែកទេ
- ខ្ញុំសុំដល់ថ្ងៃស្អែក ពីព្រោះ ...

- គ្មាន​ពី​ព្រោះ​ទេ​។ តោង​អែង​ដឹង​អោយ​ច្បាស់​ថា សព្វ​ថ្ងៃ​ឪពុក​ស្រលាញ់​កូន​លើស​លុប​រក​អ្វី​ប្រៀប​ស្មើ​គ្មាន​។ ឪពុក​មិន​ចង់​អោយ​កូន​លំបាក​វេ​ទនា​សោះ​។ ឪពុក​ចង់​អោយ​តែ​កូន​បាន​សប្បាយ​រាល់​ពេល​វេលា​។ កូន​អែង​ទាំង​រូប​កាយ ទាំង​ចរិយា ទាំង​ចិត្ដ​ក្លាហាន​ បាន​ធ្វើ​អោយឪ​ពុក​ពេញ​ចិត្ដ​ជា​ទី​បំ​ផុត​ ក៏​ប៉ុន្ដែ​នៅ​ពេល​នេះ ​ប្រទេស​មាន​អាសន្ន​ធំ​។ ចំ​នួន​មួយ​ខែ​មក​ហើយ កង​ទ័ព​ភូមា​វាយ​ចូល​លុក​តាម​អាណា​ខេត្ដ​ឈៀង​ម៉ៃ ឆ្ពោះ​មក​ក្រុង​អយុធ្យា​ (រាជ​ធានី​) កង​ទ័ព​យើង​បាន​ចេញ​តស៊ូ​យ៉ាង​ម៉ឺង​ម៉ាត់​ តែ​ចាញ់​ដៃ​ខ្មាំង​ជា​និច្ច​។ អីលូវ​ព្រះ​រាជា​ព្រះ​ចៅ​យើង​បាន​បញ្ជា​មក​អោយ​កង​ទ័ព​យើង​ទៅ​ជា​ប្រញាប់ ដើម្បី​ជួយ​ក្រុង​អយុធ្យា​ពី​ភយន្ដ​រាយ​។ សរុប​សេច​ក្ដី​នគរ​ត្រូវ​ការ​ឈាម​យើង​ហើយ​។ ក្នុង​ការ​រិះ​រក​មេ​ដឹក​នាំ​កង​ទ័ព​យើង​ទៅ​នេះ​ អូវ​ពុក​បាន​រិះ​រក​មើល​គុណ​សម្បត្ដិ​របស់​មេ​ទ័ព​ទាំង​អស់ ឪពុក​ឃើញ​មាន​តែ​អែង​មួយ​ទេ ដែល​អាច​បំពេញ​ការ​ងារ​នេះ​បាន​។ ហេតុ​នេះ​ចូរ​កូន​ប្រមូល​ទ័ព​ទៅ​ទាំង​យប់​នេះ​។

មានន្ទដាក់ទឹកមុខ រួចវន្ទាព្រះកំពុតថយខ្លួនចេញមក។ ព្រះកំពុតស្រែកហៅមានន្ទថា
- មានន្ទ ! មក​នេះ​សិន​។ ហេតុ​ម្ដេច​ក៏​អែង​មាន​ទឹក​មុខ​ស្ងួត​ម៉្លេះ​? អែង​មិន​ចង់​ទៅ​ទេ​រឺ​អ្វី​? តោង​ប្រាប់​មក​អោយ​ឆាប់​។ អញ​ទុក​ចិត្ដ​លើ​អែង​...
- ខ្ញុំ​មាន​ប្រកែក​អ្វី​។ ដូច​លោក​ឪពុក​ជ្រាប​ស្រាប់​ហើយ ខ្ញុំ​ចូល​ចិត្ដ​ចំបាំង​ណាស់​។ ក៏​ប៉ុន្ដែ​ក្នុង​ពេល​នេះ​ខ្ញុំ​ព្រួយ ព្រួយ​ព្រោះ​ការ​ដែល​ខ្ញុំ​បំរុង​នឹង​ធ្វើ​នោះ​ធំ​ក្រៃ​ពេក​
- បើដូច្នោះទៅចុះ ។ ទៅអោយសុខសប្បាយ
- សូមលោកពុកនៅអោយបានសុខសប្បាយ

មានន្ទដើរយ៉ាងលឿនចេញទៅក្រៅ។
ស្គរ​ទ័ព​ក៏​លាន់​លឺ​រំពង​ឡើង​ក្នុង​កណ្ដាល​រាត្រី​។ សូរ​ស្គរ​ទូង​ៗ​ហាក់​វាយ​ទៅ​លើ​ទង​បេះ​ដូង​របស់​បុរស​យើង​។ មិន​យូរ​ប៉ុន្មាន​ ពល​រេហ៍​មក​ដល់​ណែន​ណាន់​តាន់​តាប់​ ប្រដាប់​ដោយ​គ្រឿង​ព្រួញ​ស្នា លំពែង​ដូច​ៗ​គ្នា​។ គេ​លឺ​សូរ​មាត់​មានន្ទ​ដែល​បញ្ជា​អោយ​ប្រ​មូល​គ្នា​ជា​ជួរ គេ​លឺ​សូរ​ មាត់​នាយ​កោប​ដែល​តឿន​កូន​ទាហាន​អោយ​ប្រញាប់​ គេ​លឺ​សូ​សេះ​ដែល​កញ្ជ្រោល​ស្រែក​យ៉ាង​ក្លៀវ​ក្លា​។ សកម្ម​ភាព​នេះ​គួ​រ​អោយ​ព្រឺ​ក្បាល ក្រៃ​ពេក​ក្នុង​ក្ដី​ងងឹត​ គឺ​សញ្ញា​នៃ​ស្រុក​មាន​អាសន្ន​។

មានន្ទ​ចាត់​ការ​យ៉ាង​ជ្រះ​ស្រលះ​ល្អ​ណាស់​។ ពល​រេហ៍​ឈរ​តំរៀប​ត្រៀប​ត្រា​ជា​ជួរ ក្រាស់​មីរ​ដេរ​ដាស ឃើញ​តែ​ចុង​ខែល និង​លំពែង​ចំរុះ​ច្រោង​ច្រាង​។ ខាង​ទ័ព​សេះ ក៏​ត្រៀម​ស្រេច​តាម​សន្ដាប់​ធ្នាប់​។ មានន្ទ​ដើរ​រាប់​កង​ទាហាន​បែក​ញើស​រហាម​។ ក្នុង​ពេល​នោះ​រដ្ឋ​បុរស​ ក្រលេក​ឃើញ​ឪពុក​អ្នក​ដែល​ឈរ​នៅ​មុខ​ទ្វារ ទឹក​មុខ​ញញឹម​ពេញ​ចិត្ដ នឹង​ពីធី​ត្រៀម​ទ័ព​រៀប​ចេញ​ដំណើរ​នេះ​។ នៅ​ជិត​បិតា​នេះ អ្នក​ឃើញ​កាមា​ប្អូន​ប្រុស​អ្នក​។ មានព​នឹក​ឃើញ​នាង​ទេវី​ស្រី​ពុំងា​ ពុំ​ដឹង​ផ្ដាំ​អ្នក​ណា​ទៅ​អោយ​នាង​​បាន​ដឹង​ផង​ថា អ្នក​ខ្ចាត់​ព្រាត់​ពី​នាង​ទេវី​ទៅ​ហើយ​។ ប្ដី​ធីតា​បែរ​រក​មើល​អ្នក​អែ​ទៀត​ដែល​ពុំ​ទៅ​ ក្រែង​ជួប​អ្នក​ណា​ដែល​អ្នក​ផ្ញើ​ពាក្យ​ទៅ​ដល់​នាង​ផង​ពុំ​ឃើញ​សោះ​។ បុរស​ស្ទុះ​ទៅ​ខ្សឹប​ដាក់​ត្រចៀក​នាយ​កោប​ថា៖

ថាហើយមានន្ទស្ទុះទៅអោបកាមា រួច​បង​ប្អូន​ទាំង​ពីរ​ក៏​បែក​គ្នា​ទៅ​។ មានន្ទ​ឈរ​នៅ​មុខ​កង​ទ័ព​បញ្ជា​អោយ​ពល​ទាហាន​ប្រុង​ រួច​កង​ទ័ព​ដើរ​ទៅ​មុខ​យ៉ាង​សំបើម​កក្រើក​ភព​ផែន​ដី​។