៤ -សពស្នេហា
ថ្ងៃសៅរ៍ ទី4.មិថុនា 2016.ម៉ោង 8:32

រាត្រីកំសត់កន្លងទៅដោយលំបាក។
  បរិយាកាស​ក្នុង​ផ្ទះ​វិសេស​ក្លាហាន​ឃើញ​ថា តឹង​តែង​ហួស​ប្រមាណ​។ បុគ្គល​វិសេស​ក្លាហាន​ដេក​សន្ធឹង​គ្មាន​កំរើក​ សំពត់​ស​គ្រប​ពី​លើនាង​ទេវី​ នាង​ភួង ស្រ្ដី​ចាស់​ខ្លះ​ទៀត​យំ​ទ្រហឹង​អឹង​កង​។

សកម្ម​ភាព​នៃ​មនុស្ស​ក្នុង​ខ្ទម​តូច​នេះ ក៏​មាន​ខុស​ពី​ធម្មតា​។ អ្នក​ជិត​ខាង​មក​កុះ​ករ​ជា​ច្រើន ខ្លះ​ឈូស​ឈើ​ ខ្លះ​ធ្វើ​ក្ដារ​មឈូស​ ខ្លះ​ជួយ​ធ្វើ​ម្ហូប​អាហារ​ ខ្លះ​ជួយ​ចាត់​ចែង​ការ​ផ្សេង​ៗ ខ្វែង​ដៃ​ខ្វែង​ជើង​។ គេ​ជជែក​គ្នា​អ៊ូ​អរ​ សំដែង​សេច​ក្ដី​អានិត​ដល់​អ្នក​ដែល​ស្លាប់​ទៅ​។ ​ព្រះសុ​រិយា​រះ​ខ្ពស់​បន្ដិច​ទៅ​ហើយ​ ព្រះ​សង្ឃ​ប្រាំ​អង្គ​និមន្ដ​មក​ យូរ​បន្ដិច​មក​ គេ​លឺ​សូរ​ធម៌​លាយ​ទៅ​ក្នុង​អាកាស​អណ្ដែត​ទៅ​តាម​ខ្យល់​ ច្រាន​ព្រលឹង​នាង​ទេវី​កំព្រា​អោយ​ទៅ​ខ្ពស់​តែ​អែង​ ដល់​ស្ថាន​មួយ​ដ៏​ចំលែក​ដែល​អ្នក​ផង​ទៅ​មិន​ដល់​។ សូរ​ធម៌​នាំ​អោយ​ចិត្ដ​នាង​រីក​ធំ​ ស្គឹក​ឆួល​ប្លែក​ សូរ​ធម៌​ចូល​ទៅ​ក្នុង​ក្រអៅ​ចិត្ដ​នាង​ សូរ​ធម៌​នាំ​អោយ​កើត​សង្វេគ​ ភ្លឹក​ភ្លាំង​អស់​ស្មារ​តី​។

ធីតា​ចង់​អោយ​បិតា​នាង​រស់​ឡើង​វិញ​ និយាយ​ឡើង​វិញ​ អង្គុយ​ឡើង​វិញ​ ដើរ​ឡើង​វិញ​ តែ​រូប​កាយ​សព​នៅ​ធ្មឹង​អិត​ធ្វើ​តាម​ចិត្ដ​នាង​ចង់​នេះ​សោះ​។ កញ្ញា​នឹក​ដល់​ទឹក​មន្ដ​ដែល​គេ​អាច​ប្រោស​មនុស្ស​អោយ​រស់​ជីវិត​វិញ​បាន​។ បើ​មាន​មែន​ កញ្ញា​នឹង​យក​មក​ធ្វើ​អោយ​ឪ​ពុក​​នាង​​រស់​​ដោយ​ទឹក​មន្ដ​នោះ អោយ​ឃើញ​យ៉ាង​ជាក់​ស្ដែង​ឡើង​។ បើ​បាន​ដូច​នោះ​មែន​ ម៉្លេះ​ពុំ​ដឹង​ជា​សប្បាយ​យ៉ាង​ណា​ទេ​។ តែ​គ្មាន​សោះ​។ កញ្ញា​នឹក​​ដល់​សង្ខា​ឪពុក​ ដែល​ចេញ​ពី​រូប​ទៅ​ពុំ​ដឹង​ជា​ទៅ​ណា​ហើយ​ទេ​។ តាម​ពាក្យ​ចាស់​គេ​ថា មនុស្ស​ស្លាប់​ ព្រលឹង​មិន​ទាន់​ដឹង​ខ្លួន​ទេ ព្រលឹង​នេះ​នៅ​វិល​វល់​ជិត​ៗ​នោះ​ ពេល​យប់​ដេក​លើ​ចុង​ឈើ​ ពេល​ថ្ងៃ​ដើរ​លើ​លោក​យើង​នេះ​។ តែ​ដល់​ផុត​មួយ​អាទិត្យ​ទៅ​ ព្រលឹង​នេះ​ទៅ​សោយ​សុខ​នៅ​ស្ថាន​សួគ៌ រឺ​ ទៅ​សោយ​ទុក្ខ​នា​ស្ថាន​នារក​ រឺ​ ទៅ​កើត​ទៀត​នៅ​ភព​ស្ថាន​កណ្ដាល​យើង​នេះ​។

អ្នក​ព្យា​យាម​ប្រមូល​ធន​ ឪពុក​នាង​ប្រមូល​កិត្ដិ​នាម​។ អ្នក​ផង​អោប​ក្រ​សោប​ទ្រព្យ​ធ្វើ​ជា​ដើម​ទុន​ ឪ​ពុក​នាង​ទុក​ឈ្មោះ​ដើម​ទុន​។ កញ្ញា​ ទេវី​យល់​ថា ឪ​ពុក​នាង​មាន​ចិត្ដ​ខ្ពស់​ពិត​មែន​ ត្បិត​លោក​ស្គាល់​តំលៃ​ពិត​របស់​ជីវិត​មនុស្ស​ ហើយ​បាន​ដើរ​ផ្លូវ​ត្រូវ​ផង​។ អាស្រ័យ​ហេតុ​នេះ កំលាំង​មួយ​ហាក់​មក​សន្ឋឹត​ក្នុង​ខ្លួន​នាង​ ធ្វើ​អោយ​ឆវី​កំសត់​រីក​កាយ​រួច​ជឿ​ថា ឪពុក​នាង​មុខ​ជា​ទៅ​កើត​នៅ​ស្ថាន​សួគ៌​ បាន​សប្បាយ​មិន​ខាន​ ពី​ព្រោះ​ក្នុង​លោក​យើង​នេះ​ ក្នុង​សង្គម​ខ្មែរ​យើង​នេះ ចំពោះ​ជន​ជាតិ​ខ្មែរ​យើង​ អូវ​ពុក​នាង​បាន​បូជា​ពលិ​កម្ម​គ្រប់​យ៉ាង ស្រេច​អស់​ហើយ​។

ទឹក​ភ្នែក​រីក​រាយ​ពីរ​ដំណក់​ហូរ​ធ្លាក់​ពី​ភ្នែក​នាង​។
នៅ​វេលា​ថ្ងៃ​បែរ​បន្ដិច​ ក្ដារ​មឈូស​របស់​លោក​វិសេស​ក្លាហាន​ដើរ​ព័ទ្ធ​ជុំ​វិញ​ប៉ាឆា​ចំនួន​បី​ជុំ ដូច​តែ​ក្ដារ​មឈូស​មនុស្ស​អែ​ទៀត​ រួច​ឡើង​យឺត​ៗ ទៅ​ទំ​នៅ​លើ​គំនរ​អុស​។ អគ្គី​ឆាប​ឆេះ​ឡើង​ចោល​អណ្ដាត​ធ្លោ​កាន់​តែ​ខ្លាំង​ឡើង​។ ភ្លើង​ឆេះ​អុស​ទេ តែ​ដូច​ឆេះ​បន្ដូល​ចិត្ដ​ទេវី​។ ធីតា​គយ​គន់​មើល​សព្វ​គ្រប់​ទាំង​អស់​ តាំង​ពី​កំទេច​ភ្លើង​ដែល​ហុយ​ឡើង​ទៅ​លើ​អាកាស​ ដោយ​ពុំ​លែង​ភ្នែក​ចោល​ឡើយ​។ យុវតី​ចង់​ផុត​យំ​ហើយ នាង​រង់​ចាំ​ស្វាមី​សំលាញ់​របស់​នាង តែ​ពុំ​ទាន់​ឃើញ​មក​សោះ​។

ភ្លើង​​ឆេះ​​កាន់​តែ​ខ្លាំង​ឡើង​ នាង​ទេវី​ឆួល​រអាក់​រអួល​កាន់​តែ​ខ្លាំង​ឡើង​ដែរ​។ កល្យាន​អាណិត​ឪពុក​នាង​ ដែល​អីលូវ​ដូច​គល​អុស​មួយ​ដែ​រ​។ ស្រី​ជូន​លោក​មក​បាន​តែ​ត្រឹម​ប៉ាឆា​នេះ​ទេ​។ ចាប់​ពី​ពេល​នេះ​ទៅ​នាង​អស់​បាន​ឃើញ​មុខ​លោក​ទៀត​ហើយ​។ ទឹក​ភ្នែក​ដែល​ខះ​ក៏​ស្ទុះ​បំរាស់​ បាន​ពីរ​បី​បំណក់​ទៀត​ចេញ​មក​ក្រៅ​ជា​ចុង​ក្រោយ​បង្អស់​។
នារី​ហាក់​ឃើញ​ព្រលឹង​ឪពុក​នាង ឡើង​ពី​មឈូស​ទៅ​តាម​ផ្សែង​ភ្លើង​។ រួច​មាន​ពួក​មច្ចុ​រាជ​មាឌ​ធំ​ៗ មាំ​ៗ​មក​នាំ​ឪពុក​នាង​ទៅ​។ អគ្គី​ឆេះ​រូប​វិសេស​ក្លាហាន​ដែល​មាន​សាច់​របេះ​ ឆេះ​លឺ​សូរ​គួរ​អោយ​ព្រី​ក្បាល​។

នាង​ទន្ទេញ​ក្នុង​ចិត្ដ​ថា ឪពុក​នាង​កើត​ឡើង​ជា​ខ្មែរ​ បាន​ធ្វើ​ការ​ជូន​ជាតិ​ខ្មែរ​ បាន​រស់​ក្រ​លំបាក​ដូច​ខ្មែរ​អែ​ទៀត​ រួច​បាន​ស្លាប់​ទៅ​វិញ​ជា​ខ្មែរ​ ជា​ខ្មែរ​ស្នេហា​ជាតិ​ទៀត​យ៉ាង​ពិត​ប្រាកដ​។ អនុស្សា​វរីយ៍និមួយ​ៗ រឿង​និមួយ​ៗ ដែល​ផុស​ឡើង​ក្នុង​មនោ​គតិ​របស់​នាង​ទេវី​សុទ្ធ​សឹង​ជា​វត្ថុ​ដ៏​ថ្លៃ​ថ្លូរ​ដែល​មក​ទង្គិច​ និង​ចំនុច​ខ្សោយ​នៃ​ចិត្ដ​របស់​នាង​។ ភ្លើង​ឆេះ​ នាង​មើល​ភ្លើង នាង​ស្គាល់​សូរ​សាច់​ដែល​ផ្ទុះ នាង​រកាំ​ណាស់​ តែ​អនុស្សាវ​រីយ៍​នៃ​ជីវិត​ឪពុក​នាង​ចេះ​តែ​មាន​មក​ហូរ​ហែ​បន្ដ​ៗ​គ្នា​។ រឿង​និមួយ​ៗ ដែល​នាង​នឹក​ឃើញ​សុទ្ធ​សឹង​ជា​រឿង​ដែល​ទាញ​ទឹក​ចិត្ដ​អោយ​ទោរ​ទន់​ល្វីង​ចត់​ប៉ុណ្ណោះ​។

អោ​! ជីវិត​មនុស្ស​គិត​ទៅ​អស្ចារ្យ​មែន​ កើត​មក​មាន​ប្រុស​ស្រី​ ក្មេង ចាស់ មាន​ស្លាប់ មាន​កើត​ មាន​ឈឺ មាន​ជរា​។ រី​អែ​សន្ដាន​ចិត្ដ​វិញ​ក៏​ប្លែក​ដែរ​។ ចិត្ដ​កូន​ចំពោះ​អូវ​ពុក​ម្ដាយ​មាន​ជំរៅ​មួយ​បែប​ទៅ​។ ចិត្ដ​ប្ដី​ចំពោះ​ប្រ​ពន្ធ​មាន​ទំងន់​មួយ​បែប​ទៅ​។ ចិត្ដ​គូ​សង្សារ​ស្រលាញ់​គ្នា​មាន​អាថិ​កំបាំង​ដែល​ជាក់​ជា​និច្ច​។ អែ​ចិត្ដ​ទាំង​អស់​នេះ​ប្រទាក់​ប្រទ​ងគ្នា​យ៉ាង​ក្រៃ​អនេក​។ នៅ​លើ​ចំណង​ដែល​ជំពាក់​គ្នា​ស្មុក​ស្មាញ​នេះ​មាន​ទង់​ពីរ​ គឺ​ទង់​ទុក្ខ​ និង​ទង់​សុខ​។ ទង់​ទាំង​ពីរ​នេះ​រលុប​រលាយ​នៅ​ពេល​តែ​មួយ​ដូច​ៗ​គ្នា​ក្នុង​គ្រប់​រូប​មនុស្ស រឺ​សត្វ គឺ​សេច​ក្ដី​ស្លាប់​។

អាស្រ័យ​ហេតុ​នេះ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ដែល​ចំណាន​ខាង​វិជ្ជា​គ្រប់​គ្រង​មនុស្ស​ តើ​លទ្ធិ​ណា​មាន​ជំរៅ​ជាង​គេ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ជីវិត​មនុស្ស​អោយ​បាន​ស្ដាល់​តែ​សុខ​មួយ​មាត់​?​។ តាម​យើង​ដឹង សព្វ​ថ្ងៃ​មាន​លទ្ធិ​ពីរ​ដែល​មាន​ទ្រិស្ដី​ចោទ​បញ្ហា​នេះ​ចំ​ពី​មុខ​ គឺ​លទ្ធិ​មនុស្ស​ដែល​មនុស្ស​ធ្វើ និង​ លទ្ធិ​ព្រះ​ដែល​ព្រះ​តែង​។

លទ្ធិ​មនុស្ស​រក​សុខ​អោយ​មនុស្ស​ដោយ​ប្រឹង​ប្រែង​ដោះ​ស្រាយ​ចំណោទ​សេដ្ឋ​កិច្ច​ ប្រើ​វិទ្យា​សាស្រ្ដ​បង្កើត​ផល​អោយ​បាន​បរិ​បូណ៌ រួច​ធ្វើ​វិភាគ​កម្ម​ចែក​ផល​នោះ​អោយ​មនុស្ស​គ្រប់​ៗ​គ្នា មាន​ស៊ី មាន​ផ្ទះ​នៅ មាន​សំលៀក​បំពាក់​មាន​ថ្នាំ​ពេទ្យ​ មាន​សំភារៈ​ប្រើ​ប្រាស់​គ្រប់​យ៉ាង​។ ល ទ្ធិ​នេះ​នឹក​ស្មាន​ថា ធ្វើ​បាន​ប៉ុណ្ណោះ ​មនុស្ស​បាន​សុខ​ផុត​អស់​ទុក្ខ​ហើយ​។ សួរថា​ តើ​អស់​ត្រឹម​ប៉ុណ្ណោះ ​រឺ​អ្វី​ រឿង​មនុស្ស​នោះ​? អោ​! ទេ​មិន​ទាន់​អស់​ទេ លទ្ធិ​ព្រះ​គិត​ដូច​ខាង​លើ​នេះ​ដែរ​ តែ​ដល់​ពេល​នោះ​ ព្រះ​បន្ដ​ទៀត​ថា មនុស្ស​រក​សុខ​មួយ​ទៀត គឺ​សុខ​គ្មាន​ទុក្ខ​ពិត​ៗ មែន​ៗ​សុខ​នេះ​គឺ​ព្រះ​និព្វាន​។

ហេតុ​នេះ មាន​តែ​លទ្ធិ​ព្រះ​ទេ ទើប​ចប់​ចុង​ចប់​ដើម គឺ​ស្ថាន​ព្រះ​និព្វាន​ជា​ស្ថាន​គ្មាន​រូប​គ្មាន​ខ័ន្ធ គ្មាន​តណ្ហា ជា​ស្ថាន​សន្ដិ​ភាព​ពិត​ៗ​។ គឺ​ស្ថាន​អស់​កើត​ អស់​ស្លាប់​ អស់​ទុក្ខ​ មាន​សុខ​តែ​មួយ​ជា​ទី​អវ​សាន​។ ទស្សនៈ​ដូច​មាន​ខាង​លើ​នេះ​ជា​ទស្សនៈ​ដែល​កើត​ក្នុង​មនោ​គតិ​នាង​ទេវី​ ព្រោះ​សមុទ្រ​ទុក្ខ​ធ្វើ​អោយ​មនុស្ស​ចេះ​គិត​។ លុះ​ល្ងាច​ជ្រេ​ព្រះ​សុរិយា​ នាង​ទេវី​រើស​ឆ្អឹង​ខ្មោច​អូវ​ពុក​ជា​ទី​ស្នេហា​មក​ទុក​ដាក់​អែ​ទី​វត្ដ​អា​រាម​តាម​សម​គួរ​។ នៅ​ផ្ទះ​នាង​ភួង​ជួយ​លក់​ដូរ​ រក​ប្រាក់​ចញ្ចឹម​នាង​។ ចំណែក​មានន្ទ​ប្ដី​នាង​បាត់​សូន្យ​មិន​ឃើញ​សោះ​។