៣ -រាត្រីស្ងាត់
ថ្ងៃសៅរ៍ ទី28.ឧសភា 2016.ម៉ោង 8:39

រាត្រី​ស្ងាត់​ ខ្យល់​បក​ល្វិច​ៗ ល្ហើយ​ល្ហឹម​។ ស្លឹក​ឈើ​ទាំង​ឡាយ​ត្រូវ​ នឹង វា​យោ​ដែល​រត់​សន្សឹម​ៗ​ ផ្ដុំ​កើត​ជា​ដូរ​តន្រ្ដី​មួយ​យ៉ាង​មនោ​រម្យ​។ លើ​មេឃ​​ព្រះ​ចន្ទ​ចោល​នេត្រា​ប្រកប​ដោយ​មេត្ដា​មក​លើ​ពិ​ភព​លោក​ ធ្វើ​អោយ​ទេស​ភាព​អានា​ខេត្ដ​សិរី​សោ​ភ័ណ​ក្លាយ​ទៅ​ជា​ភាព​យន្ដ​​មួយ​យ៉ាង​កំសត់​។ ផ្កាយ​ភ្លឺ​ព្រិច​ៗ ព្រោង​ព្រាត​កណ្ដាល​ផ្ទៃ​ពពក​ខៀវ​ស្រងាត់​។ ក្នុង​កូន​ផ្ទះ​ នាង​ទេវី​អង្គុយ​បត់​ជើង​​រវៃ​សូត្រ​ពី​មុខ​កូន​ចង្កៀង​ខ្លាញ់​មួយ​។ សូរ​រត់​លឺ​រ៉ែៗ​តិច​ៗ​ ជីង​ចក់​យំ​ចឹក​ៗ​ នៅ​លើ​ដំបូល​។ នារី​ស្រៀវ​ខ្លួន​ខ្ញាក​នឹក​ដល់​ប្រុស​ជា​ទី​ស្នេហា​។ ចិត្ដ​នាង​រមួត​រមូល​ខ្លាំង​។ ពន្លឺច​ង្កៀ ង​ ធ្វើ​អោយ​ឃើញ​វង់​មុខ​នាង​ក្រលង់​ដូច​វង់​ព្រះ​ចន្ទ​។ កណ្ដាល​វង់​នេះ​ ភ្នែក​ពីរ​បញ្ចាំង​រស្មី​យ៉ាង​រលង់​។ ស្បែក​បបូរ​មាត់​ឃើញ​ស្ដើង​គួរ​អោយ​​ចង់​អង្អែល​លេង​។ ដៃ​នាង​ធ្វើ​ការ ចិត្ដ​នាង​ហិច​ហើរ​ទៅ​ឆ្ងាយ​ៗ ពី​រហាត់​ ឆ្ងាយ​ពី​ផ្ទះ ឆ្ងាយ​ពីរ​បង ឆ្ងាយ​ដល់​ដើម​ពោធិ​ដែល​ហាក់​នៅ​ជើង​មេឃ​ដុះ​តែ​អែង​រង់​ចាំ​នាង​។ ដៃ​នាង​ធ្វើ​ការ ភ្នែក​នាង​រំពៃ​លប​មើល​អូវ​ពុក​នាង​ដែល​សំរាក​បើក​ភ្នែក​ព្រិច​ៗ​។ ទេវី​ស្រី​ទន្ទឹង​ចង់​អោយ​អូវ​ពុក​នាង​សំរាន្ដ​លក់​ទៅ​។ មួយ​នាទី​កន្លង​យូរ​ហាក់​ដូច​មួយ​សត​វត្ស​។ ខាង​ក្រៅ​ឆ្កែ​ព្រុះ​ឡូ​ៗ លឺ​គួរ​ខ្លាច​ តែ​នាង​បែរ​ជា​ភ័យ​ទៅ​វិញ​ ព្រោះ​ខ្លាច​សង្សារ​កំសត់​រង់​ចាំ​នាង​។ ម្យ៉ាង​ទៀត​ធីតា​ខ្លាច​ក្រែង​ខាន​ជួប​ហើយ​ខាន​និយាយ​។ នារី​ភ័យ​នឹង​បាន​ជួប នារី​សប្បាយ​នឹង​ជីព​ចរ​នាង​ដើរ​លឺ​ទូង​ៗ ធ្ងន់​ៗ... ។

វិសេសក្លាហានក្រោកឈរឡើង ។ នាងទេវីភ្ញាក់។
វិសេស​ក្លាហាន​ដើរ​ទៅ​ជិត​ជញ្ជាំង​ចាប់​យក​ដាវ​មួយ​យ៉ាង​វែង​ ហូត​ផ្លែ​ដាវ​ចេញ​ពី​ស្រោម​យក​មេ​ដៃ​ស្ទាប​ផ្លែ​ដាវ​។ នាង​ទេវី​មើល​កាយ​វិការ​របស់​អូវ​ពុក​នាង​គ្មាន​ចោល​កន្លែង​ណា​។ វិសេស​ក្លាហាន​ចាប់​ដង​ដាវ​ដៃ​ម្ខាង​ ដែ​ម្ខាង​ទៀត​ចាប់​ចុង​ដាវ​ពត់​សាក​ល្បង​មើល​ ហាក់​សួរ​ដាវ​ថា នៅ​រឹង​ប៉ឹង​ទេ​? ធ្វើ​ដូច្នេះ​បណ្ដើរ​ គាត់​ងាក​មក​និយាយ​នឹង​នាង​បណ្ដើរ
- កូន ! ល្មមចូលរកដំណេកហើយ។ នារីដាក់ភ្នែកចុះនៅស្ងៀម អូវពុកនាងបន្ដទៅទៀតយ៉ាយរាយមាយថា
- យប់ៗ កូនអែងខ្លាច រឺអ្វី?
នាងមើលទៅអូវពុកនាង ចោលញញឹមមួយយ៉ាងស្រស់ជួនទៅលោកអូវពុក រួចឆ្លើយតបវិញយ៉ាងស្រួយស្រះ
- កូនខ្លាចដែរលោកពុក
- ខ្លាចអ្វី?
- ខ្លាចចោរ
- អត់ចោរទេ
- មិនមែនចារលួចអីវ៉ាន់ទេ គឺចោរចាប់មនុស្សស្រីៗនោះណា !
- អឺ ! ទៅ​ខ្លាច​អី​អា​ចោរ​បែប​នោះ​? បើ​វា​មក អូវ​ពុក​ចាប់​ដាវ​នេះ​ជា​ចុង​ក្រោយ​បង្អស់​។ អូវ​ពុក​នឹង​ការ​ពារ​កូន​អោយ​បាន​ដូច​កាល​អូវ​ពុក​នៅ​កំលោះ... ផ្ដាំ​ចាស់​ម្ដង​។ កុំ​ព្រួយ​អី! ទៅ ​! លត់​ភ្លើង​ដេក​ទៅ​!​។

នាង​ទេវី​ក៏​រុំ​អំបោះ​ តម្លោះ​រហាត់​រៀប​ចំ​ទុក​ដាក់​តាម​កន្លែង​ ពន្លត់​ភ្លើង​ចូល​ដំណេក​តាម​ពាក្យ​អូវ​ពុក​នាង​។ ក្នុង​មុង​ងងឹត​ លើ​ពួក​ដែល​មាន​កំរាល​ស​ស្អាត​ នារី​គេង​ងើយ​ភ្នែក​ទៅ​លើ​គិត​។ រូប​ប្រុស​ថ្លៃ​វិសេស​មក​ប្រ​លែង​លេង​នឹង​នាង​ក្នុង​ខួរ​ក្បាល​នាង​។ ស្រ្ដី​សប្បាយ​ពន់​ពេក​។ មួយ​ម៉ោង​កន្លង​ទៅ ... ពីរ​ម៉ោង​កន្លង​ទៅ ... ស្រី​លប​ស្ដាប់​លឺ​សូរ​អូវ​ពុក​នាង​ស្រមុក​ខែ​ៗ​។ យុវតី​ត្រេក​អរ​ព្រួច​គ្រលួច​ក្នុង​ចិត្ដ​។ កល្យាណ​រិះ​រក​ពាក្យ​ ដើម្បី​និយាយ​នឹង​សង្សារ​របស់​នាង​។ នាង​គិត​ថា​ត្រូវ​ថែម​ត្រង់​នេះ​មួយ​ម៉ាត់​ ត្រូវ​បន្ថយ​ពាក្យ​ត្រង់​នេះ​មួយ​ឃ្លា រួច​នាង​ទន្ទេញ​គំនិត​ ដែល​នាង​រក​ឃើញ​ហើយ​ ដែល​នាង​សន្មត​ថា ថ្លៃ​ថ្លា ពីរោះ​មែន​នោះ​។ កែវ​ល្បង​និយាយ​ឃ្លា​ឡើង​វិញ​មួយ​ដង​ជា​ពីរ​ដង​។

វិសេស​ក្លាហាន​សំរាន្ដ​លក់​ស្កប់​ស្កល់​។ កញ្ញា​ក្រោក​ពី​គ្រែ​សយនា​យឺត​ៗ ត្រចៀក​ប្រុង​ស្ដាប់​។ គ្មាន​សូរ​អ្វី​ប្លែក​ឆ្លើយ​សោះ​។ ដល់​ប្រាកដ​ថា គ្មាន​លឺ​អ្វី​ហើយ​ ទើប​ជីវ៉ា​បើក​មុង​ខ្វាក​លប​ៗ បន្ថើរ​ជើង​ ដើរ​តំរង់​ទៅ​មាត់​ទ្វារ​។ នាង​ទាញ​ទ្វារ​ដោយ​ទប់​សូរ​កុំ​អោយ​លឺ​។ យឺត​ៗ ទ្វារ​ចំហ​កា ន់​តែ​ធំ​ឡើង​ៗ​។ ទេវី​បញ្ឆិត​ខ្លួន​លប​ស្ដាប់​ជា​ចុង​ក្រោយ​បង្អស់​ស្ទុះ​ចេញ​ទៅ​ក្រៅ​។ ខាង​ក្រៅ ខ្យល់​ត្រជាក់​ដល់​ទង​សួត​នារី​។ ស្រី​ឆោម​ចាប់​លើក​សំពត់​បន្ដិច​ ហើយ​រត់​យ៉ាង​លឿន​កាត់​តំរង់​ទៅ​ដើម​ពោធិ​។ លុះ​ទៅ​ដល់​កន្លែង​សន្មត​ នាង​រេ​រក​មើល​នាយ​អាយ​គ្មាន​ឃើញ​អ្វី​សោះ​។ ស្រី​ឈប់​ដក​ដង្ហើម ហូត​កូន​កន្សែង​ជូត​ញើស បើក​ស្បែក​គ្រប​សុដន​បង្ហើប​បន្ដិច​ បក់​បញ្ចូល​ខ្យល់​។ អោ​! រាត្រី​ស្ងាត់​ភ្លឺ​ព្រិល​ៗ ឃើញ​ដើម​ឈើ​ឈរ​ស្ទុង​ៗ អ្នក​ហាក់​មាន​អានុ​ភាព​អ្វី​ម្លេះ​? អ្នក​ចាប់​ចិត្ដ​ចាប់​សតិ​បញ្ញា​មនុស្ស​លោក​អោយលង់​ក្នុង​សុបិន​មួយ​ដ៏​អស្ចារ្យ​ ដែល​យើង​មាន​ចេតនា​ចង់​តែ​អោយ​ពេល​នៅ​នឹង​ដដែល​ ដើម្បី​ក្រេប​ទេស​ភាព​ងងឹត​ស្រ​ពេច​ស្រពិល​ដែល​មាន​ លាយ​ទឹក​ស្នេហា​សង្សារ​នេះ​អោយ​បាន​អស់​ចិត្ដ​។

    ចំពោះ​នាង​ទេវី​ ស្រី​នាង​ចង់​ត្រា​ទុក​ក្នុង​ចិត្ដ​ជាប់​ជា​និច្ច​ថា រាត្រី​នេះ​ជា​រាត្រី​ធំ​បំផុត​តែ​មួយ​ក្នុង​មួយ​ជីវិត​នាង​។ ឆោម​ស្រស់​ចង់​អោយ​រាត្រី​នោះ ប្រែ​ក្លាយ​ទៅ​ជា​រាត្រី​អែក​របស់​ប្រ​វត្ដិ​សង្ខារ​នាង​។ សង្សារ​ស្រី​ចង់​សរ​សេរ​ពី​រាត្រី​នេះ ចង់​ច្រៀង​តែ​ពី​រាត្រី​នេះ ប្រយោជន៍​អោយ​គូ​ស្នេហា​ជាន់​ក្រោយ​ៗ ស្គាល់​តែ​រាត្រី​មួយ​នេះ​។

ជា​អវសាន​ កែវ​ចាំ​ៗ​ៗ ពុំ​ឃើញ​ប្រុស​កំលោះ​មក​ដល់​សោះ​។ សូរ​ចង្រិត​យំ​ក្នុង​គុម្ព​ស្មៅ ធ្វើ​អោយ​ចិត្ដ​នាង​ស្រើប​ស្រាល​ត្រេក​ត្រអាល​ក្រៃ​ពេក​។ អំពិល​អំពែក​ហើរ​ចាប់​កែវ​ភ្នែក​នាង​អោយ​មើល​តាម​ ក្រែង​ឆ្លុះ​ឃើញ​គូ​ជីវិត​រួច​ដឹង​ថា សង្សារ​នៅ​ទីណា​។ សូរ​ថ្លែន​ផ្លាស់​កន្លែង​ ទាញ​ឆក់​ក្រ​ដាស់​ត្រចៀក​នាង​អោយ​តាម​សូរ​។ មិន​យូរ​ប៉ុន្មាន​ស្រមោល​មួយ​លេច​ចេញ​មក​។ ស្រី​ឆោម​ត្រេក​អ​រជា​អនេក​ ស្ទើរ​លោត​ទៅ​លើ​មេឃ​។ នារី​ក្រោក​ឈរ​រង់​ចាំ​ទទួល​។ ស្រមោល​កាន់​តែ​ជិត​មក​។ លុះ​បុរស​មក​ដល់ បុត្រី​វិសេស​ក្លា​ហាន​ចោល​ខ្លួន​ទាំង​ស្រុង​ទៅ​ក្នុង​​ រង្វង់​ដៃ​គូ​ស្នេហា​ដែល​នាង​ទន្ទឹង​ចាំ​ផ្លូវ​ ដូច​គេ​ចាំ​មាតា​មក​ពី​ផ្សារ​។ ទេវី​លោត​អោប​រិត​បុរស ថ្វី​​ត្បិត​តែ​រង្វង់​ដៃ​កំលោះ​នេះ​រិត​នាង​ខ្លាំង​ណាស់​ទៅ​ហើយ​។ មានន្ទ​ពុំ​បង្អង់​អោយ​ខាត​ពេល​ឡើយ ភត្រ្ដា​យុវ​ជន​អោន​ក្រេប​លំអង​ក្លិន​នារី​ដោយ​រួស​រាន់​បន្ទាន់​ចិត្ដ​ដោយ​ស្នេហា​យ៉ាង​ជ្រាល​ជ្រៅ​។ ទេវី​ ស្រូប​យក​ក្លិន​សង្សារ​នាង​វិញ​យ៉ាង​តិច​ៗ តែ​យ៉ាង​ខ្មួល​ខ្មាញ់​ ព្រោះ​នាង​ខ្មាស​ច្រើន​ណាស់​ទៅ​ហើយ​។ គឺ​បុរស​ហើយ​ដែល​កាត់​សុបិន​ដ៏​ថ្លៃ​ថ្លា ​នេះ ហើយ​ដែល​ដាស់​នាង​អោយ​ដឹង​ខ្លួន​មក​នៅ​លើ​ពិភព​លោក​យើង​នេះ​វិញ​។

-អូន ! អូន ! អូន !
យុវតីរិតតែអោបគូជីវិតខ្លាំងទៅទៀត ដោយអិតឆ្លើយតបវិញឡើយ មានន្ទបន្ដវាចាទៅទៀតថា
- អូន ! កុំអោយខាតពេលយើង
- ច៎ាះ !
- អូន ! ម្ដេចក៏ម្ដងនេះ អូនហាក់ដូចញាប់ញ័រជាងសព្វមួយដងម៉្លេះ ? អូនមានរឿងអ្វី ? អូនកើតអ្វី ?
- ច៎ាះ ! ច៎ាះ ! ខ្ញុំ​ញ័រ​ដោយ​ត្រេក​អរ​បាន​ជួប​នឹង​បង ប្អូន​អត់​កើត​អ្វី​ទេ ប្អូន​សប្បាយ​។ ទេ​! ប្អូន​មាន​ទុក្ខ អូ៎​! ទេ​ប្អូន​សប្បាយ​ទេ​?​​
- ប្អូនសប្បាយ ?
- ច៎ាះ​! ប្អូន​សប្បាយ​! ប្អូន​សូម​ជំរាប​រឿង​មួយ​ដល់​បង​អោយ​បាន​ជ្រាប​។ រឿង​ប្អូន​ជា​ស្រី ដូច​រឿង​ស្រី​អែ​ទៀត​។ រឿង​ប្អូន​អិត​ប្លែក​ពី​ស្រី​អែ​ទៀត​ទេ​។ ច៎ាះ​! ច៎ាះ​! រឿង​ប្អូន​ដូច​រឿង​អ្នក​អែ​ទៀត​
មានន្ទ​សើច​ដោយ​ឃើញ​ថា​នាង​និយាយ​ពុំ​ទៅ​មុខ​សោះ​ បុរស​អង្រួន​ស្មានា​ង​ថា
- នែ​! បងស្ដាប់បានហើយ! មានរឿងអ្វី ?
នារី​ជំទើត​លើ​ចុង​ជើង ដើម្បី​អោយ​មាត់​នាង​បាន​ទៅ​ជិត​ត្រចៀក​ប្ដី​នាង​បន្ដិច​ទៅ​ទៀត​
- បង!​ បង​!
- បាទ​!
- ប្អូន!​ ... អោ​! ប្អូន​និយាយ​មិន​រួច​ទេ​។ ប្អូន​

មានន្ទ​តឹង​ដើម​ទ្រូង​នឹង​ពាក្យ​និយាយ​ដាច់​ៗ នេះ​ជា​ពន់​ពេក​។ តែ​បុរស​ឃើញ​ថា កែវ​កំសត់​ប្រែ​ភេទ​ខុស​ពី​ធម្មតា​ខ្លាំង​ណាស់​។ អ្នក​អោប​រិត​ធីតា​រិត​តែ​ខ្លាំង​ឡើង​។ អ្នក​យក​ម្រាម​ដៃ​អង្អែល​សាច់​នាង​យ៉ាង​ថ្នម​ៗ​ រួច​ពោល​សំដី​យ៉ាង​ទន់​ភ្លន់​ថា៖

- អូន​! សូម​អូន​និយាយ​មក​ កុំ​អោយ​បង​ចាំ​ស្ដាប់​យូរ​ពេក​។ ប្អូន​ធ្លាប់​ភប់​ប្រសប់​នឹង​បង​ជា​យូរ​ណាស់​មក​ហើយ​។ គួរ​ណាស់​តែ​អូន​ស្គាល់​បង​អោយ​ជាក់​។ អូន​ៗ សូម​ទុក​ចិត្ដ​បង​ចុះ និយាយ​មក​អោយ​ឆាប់​។ រឿង​អ្វី​? ពិបាក​យ៉ាង​ណា​។ បើ​ដល់​បង​ដឹង​ បង​នឹង​ជួយ​អូន ​ទោះ​ដល់​ក្ដី​មរណៈ​ ក៏​បង​ហ៊ាន​ដែរ​។ អោ​!​ ក្នុង​ជាតិ​នេះ ​នៅ​លើ​លោក​នេះ បង​ស្រលាញ់​អូន​អស់​ប៉ុណ្ណឹង​ហើយ​ គឺ​ថា​អិត​មាន​របស់​អ្វី​មក​ ប្រៀប​ធៀប​បាន​ទេ​។ សូម​អូន​និយាយ​មក​ចុះ បង​ចាំ​ស្ដាប់​
- ច៎ាះ ! ច៎ាះ ! ... ហ៊ី ! ប្អូននិយាយមិនបានទេ។ ចាំយប់ស្អែកទៀតចុះ
- ទេ! បងចង់ដឹងយប់នេះអែង
- ច៎ាះ ! ហ៊ី ! សូមចាំដល់យើងបែកគ្នាសិន
- ទេ! បងចង់ដឹងអីលូវនេះអែង
- បង ! បង!
នារីអោបបុរសយ៉ាងខ្លាំងថ្មីម្ដងទៀត រួចបន្ដវាចាថា
- ច៎ាះ ! បង ! ប្អូនខ្មាសបងណាស់
- អូនមិនស្រលាញ់បងទេ ?
- អូនស្រលាញ់ ៗជិវិតតែមួយ
- ច៎ាះ ! ប្អូនមាន ...
-មានអី ?
- ផ្ទៃពោះ
- មានផ្ទៃ ? អីអូនមានផ្ទៃពោះ ?
- ច៎ាះ ! ប្អូនជាមាតានៃបុត្ររបស់បងចំនួនពីរខែហើយ
បុរស​ចាប់​មុខ​នាង​នឹង​ដៃ​ទាំង​ពីរ​ច្របាច់​ដោយ​ស្នេហា​ និង​ដោយ​រីក​រាយ​យ៉ាង​ខ្លាំង​។ នារី​បន្ដ​កិច្ច​សន្ទនា​ត​ទៅ​ទៀត​ថា​៖​
- ច៎ា​! អូន​មាន​ផ្ទៃ បន្ដិច​ទៀត​បុត្រ​មួយ​នឹង​កើត​ឡើង​មាន​រូប​ល្អ​ដូច​បង​។ ក្នុង​សាច់​សរ​សៃ​ឆ្អឹង​របស់​កូន​នេះ ​ឈាម​បង និង​ ឈាម​​ប្អូន​ហូរ​ចូល​គ្នា​។ អោ​បង​! កូន​នេះ​មាន​រិក​ពារ​ដូច​បង មាន​សំដី​ដូច​បង មាន​សន្ដាន​ចិត្ដ​ដូច​បង​មិន​ខាន​។​ បន្ដិច​ទៀត​ប្អូន​បី​បុត្រ​នេះ​នឹង​ដៃ​ប្អូន​​ហើយ​។ អោ​! បន្ដិច​ទៀត​ប្អូន​បំបៅ​បុត្រ​នោះ​ ប្អូន​ចិញ្ចឹ​ម​បុត្រ​នោះ​។ បង​! បង​!​ ធ្វើ​យ៉ាង​ណា​? អីលូវ​នេះ​? ដើម្បី​កុំ​អោយ​អ្នក​ផង​តិះ​ដៀល​​ប្អូន​ជា​ស្រី​! បង​ចោល​ប្អូន​រឺ​?​
ទឹក​ភ្នែក​ហូរ​សស្រាក់​ពី​ភ្នែក​នាង​ទេវី​។ មានន្ទ​រំជួល​ពេញ​ដួង​ចិត្ដ​អាណិត​សង្សារ​កំសត់​។ អ្នក​តប​ថា​
- មិនអីទេ យើងរៀបការគ្នាឆាប់ៗនេះ។
កញ្ញារីករាយយ៉ាងអស្ចារ្យនឹងពាក្យនេះ។ គឺជាពាក្យដែលនាងរង់ចាំប្ដូរស្លាប់ប្ដូររស់
- ចុះឳពុកបងថាម៉េច?
- ឳពុកជាឳពុក ប្រពន្ធជាប្រពន្ធ !
ទេវី​ទទួល​ពាក្យ​នេះ​ដោយ​ពេញ​ចិត្ដ​ទៀត​។ ស្រ្ដី​សើច​ទាំង​ទឹក​ភ្នែក​។ ទឹក​ភ្នែក​រមៀល​ស្រក់​តក់​ៗ ធ្លាក់​លើ​ដើម​ទ្រូង​មានន្ទ​ដែល​មាន​ចិត្ដ​ខ្លោច​ផ្សា​អិត​អុប​មា​។ បុរស​ពុំ​ចង់​អោយ​នាង​យំ​ទេ ពុំ​ចង់​អោយ​នាង​កើត​ទុក្ខ​ទេ អ្នក​ចង់​អោយ​តែ​សង្សារ​សប្បាយ​។ អ្នក​ពន្យល់​នាង​ថា៖
 - កុំ​យំ​អូន​! គេ​យំ​តែ​កាល​ណា​ស្រុក​ខ្ញុំ​គេ​។ បង​មិន​ចោល​អូន​ទេ បង​ប្ដេជ្ញា​ថា ទោះ​មាន​រឿង​រ៉ាវ​អូវ​ពុក​ម្ដាយ​ បង​ប្អូន​ជំទាស់​យ៉ាង​ណា ក៏​បង​យក​អូន​ជា​ប្រពន្ធ​ដែរ​។ ចូរ​អូន​កុំ​ភ័យ​ ពី​ព្រោះ​យើង​បាន​និយាយ​ថា យើង​សាង​សុខ​ដោយ​ខ្លួន​យើង​។ យើង​គ្មាន​គំនិត​ពឹង​ផ្អែក​ ផ្ដេក​រក​សុខ​លើ​ចន្ទល់​អ្នក​ណា​ទេ​។ អូន ​និង​ បង​បាន​គិត​ហើយ​ បាន​យល់​ថា យើង​ស្រលាញ់​គ្ន​។ គិនិត​ និង​ បំណង​នេះ​ ជា​ទេព​វត្ថុ​ដែល​គ្មាន​អ្វី​មក​រំលាយ​បាន​ឡើយ​។ យើង​ជា​មនុស្ស​ យើង​សំ​រេច​វាសនា​យើង​ នេះ​ជា​ការ​ធម្មតា​ទេ យើង​ជា​យុត្ដិ​ធម៌​ តាម​គន្លង​ធម៌​ទៀត​។ រី​អែ​មាតា​បិតា​យើង​ៗ ទុក​ជា​ធំ​ជា​និច្ច​ ក៏​ប៉ុន្ដែ​អ្វី​ដែល​ល្អ​ប្រ​ពៃ មិន​ត្រូវ​បញ្ចុះ​តំលៃ​ខ្លួន​អោយ​ទាប​ អាមាស់​ខ្លួន​រហូត​ទៅ​ផ្ដាច់​កូន​អោយ​បែក​គូ​គេ​នោះ​ទេ​។ បើ​មាន​ មាតា​បិតា​ខ្លះ​ធ្វើ​ដូច​នេះ​ គឺ​មាតា​បិតា​ប្រើ​អំណាច​លើ​កូន​ គឺ​ជា​អំពើ​មនុស្ស​សង្កត់​សង្កិន​​មនុស្ស​ដ៏​លា​មក​ក្រៃ​លែង​។ ចូរ​អូន​គិត​មើល​ពាក្យ​ថា​សំលាប់​ស្នេ​ហា​កាត់​ចំណង​មេ​ត្រី​ រំលាយ​រឿង​កំ​សត់​ផ្សេង​ៗ ជា​ពាក្យ​មួយ​ដែល​គ្មាន​ជន​ណា​ចង់​លឺ​ទេ​។ តែ​កាល​ណា​គេ​លឺ​ឡើង​ គេ​​រអា​ចិត្ដ​ គេ​ខាំ​ធ្មេញ​គេ​ខឹង​។ អែ​ណា​យុត្ដិ​ធម៌​ អែ​ណា​សីល​ធម៌​ អែ​ណា​មនុស្ស​ធម៌ អែ​ណា​ធម៌​ព្រះ​ បើ​ធ្វើ​អោយ​ប្រាស់​ព្រាត់​គូ​គេ​នោះ​? ការ​បង្ខំ​ ការ​បង្គាប់​ ការ​គំរាម​ ការ​ត្រួត​ត្រា​លើ​ចិត្ដ​មនុស្ស​ ជា​អំពើ​អមនុស្ស​ធម៌​ចំ​ពោះ​មនុស្ស​ដូច​គ្នា ដែល​ចេះ​គិត​ ចេះ​គូរ​។ ក្នុង​លោក​នេះ​បង​សូម​កុំ​ អោយ​មាន​រឿង​អកុ​សល​ដូច​នេះ​ទៀត​ឡើយ​ គឺ​សូម​អោយ​គូ​ស្នេហា​បាន​ជួប​គ្នា អាច​ទុក​ដាក់​ខ្លួន​អែង​ តាម​សេច​ក្ដី​យល់​ឃើញ​របស់​ខ្លួន​។
- ច៎ាះ ! ប្អូន​បាន​ធូរ​ស្បើយ​បន្ដិច​ដែរ​ តែ​ពុំ​ដឹង​ជា​មាន​រឿង​អ្វី​ទៀត​ទេ ដែល​អាច​ជំទាស់​មិន​អោយ​យើង​ជួប​គ្នា​បាន​!
- ចូរ​អូន​ដឹង​អោយ​ច្បាស់​ថា​ មនុស្ស​អ្នក​គិត​ការ ទេវ​តា​អ្នក​សំរេច​។ ចំពោះ​អូវ​ពុក​របស់​អូន​ បង​ជឿ​ថា លោក​ចាស់​ហើយ​ ហើយ​លោក​ស្គាល់​បង​ ដឹង​ចិត្ដ​បង​ស្រលាញ់​បង​ណាស់​
នាង​ទេវី​ដក​​ដង្ហើម​ធំ​។ ស្រី​គ្រវី​ក្បាល​ ដោយ​នឹក​ឃើញ​រឿង​មួយ​ទៀត​។ នាង​និយាយ​ស្រងូត​ស្រងាត់​ថា៖
- បង! ប្អូន​មិន​គួរ​មក​ស្រលាញ់​បង​ទេ​។ ប្អូន​ទាប​ណាស់​។ យើង​ខុស​គ្នា​ដូច​មេឃ និង ដី​។ រឿង​ខុស​គ្នា​ខ្លាំង​ពេក​នេះ​ហើយ ដែល​នាំ​អោយ​ប្អូន​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​នៅ​ពេល​នេះ​។ បើ​សិន​ជា​ប្អូន​យក​អ្នក​ក្រ​ដូច​គ្នា ម៉្លេះ​សម​ប្អូន​មិន​បាន​ទុក្ខ​ព្រួយ​ដូច្នោះ​ទេ​
- កុំ​គិត​ដូច​នោះ​អូន ... ខុស​ស្រលះ​។ នែ​! អូន​! យើង​កើត​មក​លើ​លោក​នេះ គ្មាន​អ្នក​ណា​យក​បុណ្យ​ស័ក្ដិ​ និង​ ទ្រព្យ​សម្បត្ដិ​មក​ជា​មួយ​ផង​ទេ មនុស្ស​កើត​ឡើង​ខ្លួន​ទទេ​ដូច​ៗ​គ្នា​។ សព្វ​ថ្ងៃ​អូន​ក្រ ​ៗ​មក​ពី​បង​មាន​។ ស្ដាប់​បាន​ទេ​? គឺ​ថា​ទ្រព្យ​ដែល​អូន​ត្រូវ​បាន​ ទៅ​ជា​ហូរ​មក​ចូ​ល​ហឹប​បង​វិញ​។ អែ​ចំណែក​ខាង​បុណ្យ​សក្ដិ​វិញ​ មនុស្ស​ត្រូវ​តែ​​ចង់​បាន​។ ក៏​ប៉ុន្ដែ​បើ​ចង់​បាន​ ត្រូវ​មើល​នាយ​មើល​អាយ​សិន​។ មាន​ខ្លះ​ចង់​បាន​បុណ្យ​សក្ដិ ខំ​បន្ដុះ​បណ្ដាល​ខ្លួន​ដោយ​រៀន​សូត្រ​តំរិះ​វិជ្ជា​ផ្សេង​ៗ អោយ​បាន​ចេះ​ដឹង​ជ្រៅ​ជ្រះ​ ហើយ​ខិត​ខំ​ធ្វើ​ការ​បំរើ​ប្រ​ទេស​ជាតិ​ និង​ប្រជា​ជន​អោយ​បាន​គង់​វង្ស​ស្ថិត​ស្ថេរ​ចិរ​កាល​ទៅ​។ ជន​បែប​នេះ​ហើយ​ដែល​ប្អូន​ត្រូវ​ស្វែង​រក​អោយ​បាន​ជួប​។
អានាង​ពេល​មក​ដល់​មែន​។ អីលូវ​គ្មាន​អ្វី​ច្រើន​ទេ ចូល​មក​ចុះ ដក​ដាវ​ឡើង​កុំ​ទុក​អោយ​នៅ​ស្ងៀម​យូរ​ទាន់​ចិត្ដ​នៅ​ក្ដៅ​ៗ ដាវ​អញ​សំរាក​យូរ​មក​ហើយ ទើប​មក​ដល់​អីលូវ​ដាវ​អញ​មាន​ចិត្ដ​រីក​រាយ និង មាន​​សកម្ម​ភាព​ជា​ថ្មី​។ មក​អានាង​។ អោ​! អូវ​ពុក​អែង​ចំ​ជា​មនុស្ស​កំសាក​ញី​ណាស់​ អី​មិន​ហ៊ាន​ស៊ូ​នឹង​អញ​ដោយ​ខ្លួន​អែង​ទេ​? ទើប​ប្រើ​អែង​មក​នេះ រួច​ប្រើ​មក​ទាំង​យប់​ទៀត​! ហាស​ៗ អូវ​ពុក​អែង​មិន​សម​កិត្ដិ​យស​ជា​ស្ដេច​ត្រាញ់​ពិត​ៗ​នោះ​ទេ​។ អូវ​​ពុក​អែង​ស្លាប់​នឹង​គ្រឿង​អាវុធ​អញ​រឺ ?
កាមាសើចបើកភ្នែកធំៗ
- សូទោស​លោក​អ៊ុំ ខ្ញុំ​មិន​ដឹង​រឿង​ទាំង​នេះ​ទេ​។ រឿង​ទាំង​នេះ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​លោក​អ៊ុំ​ទេ ដែល​ប៉ះ​ពាល់​ដល់​កិត្ដិ​នាម​លោក​អ៊ុំដែលខ្ញុំមកនេះ
- កុំលាក់ កុំធ្វើពុត កុំធ្វើពើ ... អើបើអែងមិនដឹង អញជាអ្នកប្រាប់អោយអែងដឹង
- ទេ ៗ ៗ លាកអ៊ុំ កុំទាន់អាល ខ្ញុំសុំនិយាយមួយម៉ាត់សិន
- អោអែងភ័យខ្លាចស្លាប់ដែរ? អែងមិនសមជាកូនប្រុសទេ
- ហ៊ី ! លោកអ៊ុំ ខ្ញុំនិយាយមួយម៉ាត់ទេ
- និយាយភ្លាម កុំបង្អង់ អញសំលាប់ចោលអិលូវនេះ
- បាទ ! ខ្ញុំបាទមកនេះដើម្បីនិយាយហើយតើ ប៉ុន្ដែបើចុងដាវនៅផ្ទាប់នឹងចុងដង្ហើមយ៉ាងនេះ និយាយម្ដេចកើត ?
- ហាៗ ! អញមិនចេះសំលាប់មនុស្សដែលអិតមានអាវុធនៅក្នុងដៃទេ នៅអោយស្ងៀមកុំកំរើក
ក្នុង​មួយ​វិនា​ទី​នោះ​ វិសេស​ក្លា​ហាន​ចូល​ប្រ​កៀក​នឹង​ខ្លួន​កាមា​ ហូត​យក​ដាវ​ដែល​ព្យូរ​នៅ​ចង្កេះ​គ្រវាត់​លឺ​ប្រាវ​លើ​ក្ដារ​ ឆែក​ឆេរ​មើល​សព្វ​ហោ​ប៉ៅ​ពុំ​ឃើញ​មាន​អាវុធ​អ្វី​ទៀត ក៏​បញ្ជា​អោយ​កាមា​អង្គុយ​លើ​កៅ​អី​ជិត​នោះ កាមា​ធ្វើ​តាម​បង្គាប់​។ មួយ​សន្ទុះ​ក្រោយ​មក​ ចង្កៀង​ខ្លាញ់​ក៏​ភ្លឺ​ឡើង​ កាមា​ញញឹម​យ៉ាង​ខែង​រក​វិសេស​ក្លា​ហាន ដែល​ប្រុង​ស្មារ​តី​គ្មាន​ធ្វេស​សោះ​ឡើយ​។
- មើលរឿងអ្វី ?
- សូមលោកអ៊ុំ មើលទៅបន្ទាប់កូនស្រីលោកអ៊ុំមើល
វិសេស​ក្លាហា​ន​ងាក​ទៅ​មើល​ទ្វារ​ ឃើញ​ចំហ​មួយ​ប្រលោះ​ខ្លួន​។ លោក​ភ្ញាក់​ខ្លួន​ខ្ញាក ស្ទង់​ដឹង​ស្ថាន​ការណ៍​កើត​សង្ស័យ​ ចិត្ដ​ក្ដៅ​ក្ដួល​។ កាមា​កាន់​ជ័យ​ជំនះ​មួយ​យ៉ាង​អស្ចារ្យ​នៅ​ពេល​នោះ​។
- សូមលោកអ៊ុំអញ្ជើញចូលមើលលើគ្រែកូនស្រីលោកអ៊ុំមើល
វិសេសក្លាហានស្ទុះភ្លែតចូលក្នុងបន្ទុបនារី យកចុងដាវវាត់បើកមុងមានតែពួក និងខ្នើយ។ ចិត្ដមោហោមួយយ៉ាងរំពងក្នុងរាត្រីស្ងាត់ថា
- ហាស់ ! កូនស្រី ! ទេវី !

សូរ​សំរែក​លឺ​បាន​តែ​ប៉ុណ្ណោះ​តា​ចាស់​យើង​ដួល​ផ្ងា​ខ្លួន​ទៅ​ក្រោយ​សន្លប់​បាត់​ស្មារតី​។ កាមា​ឃើញ​ដូច្នោះ​ ក៏​ក្រោក​ពី​កៅ​អី​ឈាន​ជើង​ទៅ​យក​ដាវ​ខ្លួន​ដែល​ដេក​លើ​ក្ដារ​មក​ស៊ក​ចូល​ក្នុង​ស្រោម​ដូច​មុន រួច​ផ្លោះ​តាម​បង្អួច​ទៅ​បាត់​ក្នុង​ទីង​ងឹត​ទៅ​។ សំរែក​វិសេស​ក្លាហាន​លាន់​លឺ ស្ទើរ​រហែក​មេឃ​។ សូរ​សំរែក​បោះ​ពួយ​ក្នុង​អាកាស​ទៅ​ដល់​ត្រចៀក​នាង​ទេវី​ ដែល​កំពុង​និយាយ​លេង​យ៉ាង​រីក​រាយ​ជា​មួយ​មានន្ទ​ជា​គូ​គាប់ នាង​ឈប់​ង៉ក់​ដូច​គេ​កន្ដ្រាក់​។ កញ្ញា​ងើប​ក្បាល​ឡើង​ពី​ជង្គង់​មានន្ទ​ដោយ​បើក​ភ្នែក​ធំៗ​​។ ដើម​ទ្រូង​នាង​ញ័រ​យ៉ាង​ខ្លាំង​។​ ស្រី​ហាក់​ដឹង​រឿង​អាសន្ន​អស់​។ នាង​ច្រាន​មាន​ន្ទ​វឹង​ដែល​ដួល​ទៅ​ក្រោយ​ រួច​រត់​សំដៅ​ទៅ​ផ្ទះ​។ មានន្ទ​ស្រលាំង​កាំង​ក្រោក​ឡើង​បោស​គូថ​ស្រែក​ដោយ​សំលេង​ហៅ​នាង៖

- ឈប់ៗ រឿងអ្វី ? ទេវីអូន !
តែ​នារី​ទៅ​ឆ្ងាយ​ណាស់​ទៅ​ហើយ បុរស​ក៏​ដើរ​តាម​ក្រោយ​នាង​ទៅ​ ដោយ​ឈាន​ជើង​យ៉ាង​វែង​ៗ ប្រញាប់​ប្រញាល់​អោយ​បាន​ទាន់​គូ​ធីតា​ពន្លឺ​ចង្កៀង​ចោះ​ប្រលោះ​មួយ​យ៉ាង​ធំ​ក្នុង​អាកាស​ងងឹត​ តាម​ទ្វារ​ខ្ទម​ដែល​ចំហ​។ នាង​ទេវី​ទុច​ជើង​ដោយ​បាន​ឃើញ​ពន្លឺ​នេះ​។​ ពន្លឺ​ធ្វើ​អោយ​នាង​កើត​ក្ដី​ខ្លាច តែ​ទោះ​ដល់​មរណៈ​ក៏​ដោយ​នាង​ត្រូវ​តែ​ចូល​ទៅ​រក​ពន្លឺ​នេះ​។ ព្រលឹង​នៅ​ចុង​សក់​ កញ្ញា​ប្រឹង​ទប់​សន្ដាន​ចិត្ដ​កុំ​អោយ​ជ្រួល​ច្របល់​ពេក តែ​អិត​ប្រយោជន៍​។ ស្រី​ដឹង​មុន​ថា ទុក្ខ​មួយ​យ៉ាង​ធំ​នឹង​មាន​ដល់​នាង​ក្នុង​មួយ​ភ្លែត​ទៀត​នេះ​ តែ​នាង​យល់​ថា​ចៀស​ទុក្ខ​នេះ​មិន​បាន​ផុត​ទេ នាង​ត្រូវ​បែ​ប៉ះ​ទង្គិច​ជា​ដាច់​ខាត​។ នាង​នឹក​ថា មិន​អី​ទេ​ខ្លួន​នាង​ខុស ហើយ​នាង​ព្រម​ទទួល​ទុក្ខ​ទាំង​អស់​ដោយ​អិត​ប្រ​កែក​ តែ​ពុំ​ដឹង​ជា​ទុក្ខ​នោះ​ មាន​ភាព ​រឺ​ បែប​យ៉ាង​ណា​នៅ​ឡើយ​។

កល្យាណ​កើត​មាន​មនោ​សញ្ចេត​នា​មួយ​ថ្មី​ដែល​មក​សន្ថិត​ក្នុង​ខ្លួន​នាង​ គឺ​ចង់​ដឹង​។ នាង​ឈាន​ជើង​មួយ​ៗ ចូល​ក្នុង​ផ្ទះ​យ៉ាង​មានះ ​ដោយ​ធ្មេច​ភ្នែក​កុំ​អោយ​ឃើញ​ពន្លឺ​ដ៏​មហិមា​នេះ​។ មួយ​ជំហាន​ដែល​នាង​ដើរ​ ធីតា​ហាក់​ឃើញ​ឧប​សគ្គ​កាន់​តែ​ធំ​ឡើង​។ ខ្លួន​ស្រី​ព្រលឹង​ហាក់​ចេះ​តែ​ថយ​ក្រោយ​ទៅ​វិញ​។ មួយ​ជំហាន​ដែល​នាង​បាន​បោះ​កន្លង​រួច​មក​ហើយ​ គឺ​ឧប​សគ្គ​មួយ​ដែល​នាង​ឆ្លង​រួច​ ស្រី​ហាក់​បាន​ធូរ​ចិត្ដ​បន្ដិច​។ ផ្ទះ​ស្ងាត់​ឈឹង​ ទេវី​រិត​តែ​ឆ្ងល់​ទៅ​ទៀត​។ នាង​ដើរ​ដល់​មាត់​ទ្វារ​។ នាង​ដក​ដង្ហើម​ធំ​ម្ដង​។ នាង​អើត​មុខ​ចូល​ខាង​ក្នុង​ផ្ទះ​។ អោ​! រឿង​អី​ដូច្នោះ​? នាង​ឃើញ​ ឳពុក​នាង​ដួល​ដេក​លើ​ក្ដារ​សន្លប់​បាត់​ស្មារតី​អិត​ដឹង​ខ្លួន​។ យុវតី​ខ្លោច​ចិត្ដ​អានិត​ឳពុក​។ នាង​យំ​យ៉ាង​ខ្លោច​ផ្សា​ ហើយ​រត់​ទៅ​បី​ត្រកង​លោក​ឳពុក​ជា​អ្នក​មាន​គុណ​ ផ្ដេក​ក្បាល​ដាក់​លើ​ភ្លៅ​នាង​។ បុត្រី​អង្រួន​ដាស់​បិតា តែ​គ្មាន​ពោក្យ​អ្វី​សួរ​ អ្វី​ឆ្លើយ​សោះ​។ កញ្ញា​ភិត​ភ័យ​កាន់​តែ​ខ្លាំង​​​ឡើង​ៗ​។ កល្យាណ​ងើប​មុខ​ឡើង​ឃើញ​ម៉ែ​ភួង​ នាង​ទ្រហោ​យំ​ថា​៖

- ម៉ែភូង ជួយផង ! ជួយអូវពុកខ្ញុំផង លោកកើតអី?
នាងភួងទឹកភ្នែករហាមដែរអោបជើងវិសេសក្លាហានយំដូចកូនក្មេង
- ម៉ែភួងៗ ទៅរកទឹកមួយផ្ដិលមក ឆាប់ៗ ម៉ែភួង
លុះ​បាន​ទឹក​មក​ នាង​ទេវី​លាប​មុខ​លោក​ឳពុក​ លាប​ដៃ​ជើង​ និង សព្វ​សព៌ាង្គ​កាយ​។ គាប់​ជួន​ពេល​នោះ​ ព្រលឹង​វិសេស​ក្លា​ហាន​ក៏​ចូល​មក​សន្ឋិត​កាន់​រូប​វិញ​ធ្វើ​អោយ​មេ​ទ័ព​ចាស់​ងាក​ក្បាល​ចុះ​ឡើង​ៗ​។ នាង​ទេវី​ត្រេក​អរ​ក្រៃ​លែង​ ដូច​បាន​ឃើញ​ឳពុក​នាង​មាន​កំណើត​ជា​ថ្មី​។ ស្រី​ខំ​ដាស់​បោស​អង្អែល​ទាំង​ទឹក​ភ្នែក​ថា៖
- លោកពុក លោកពុក នេះកូន ស្គាល់កូនទេ លោកពុក ពុកកើតអ្វី?
ដំបូង​វិសេស​ក្លាហាន​ហាក់​ភ្ញាក់​ពី​ដេក​។ លោក​លឺ​មាត់​កូន​លោក​ខ្សាវ​ រួច​សូរ​មាត់​បុត្រី​នេះ​លឺ​កាន់​តែ​ខ្លាំង​ឡើង​ៗ​។ លោក​បើក​ភ្នែក​ឃើញ​នាង​ទេវី​អោប​លោក ឃើញ​នាង​ភួង​នៅ​ទ្រ​ចុង​ជើង​លោក​។ មួយ​ស្រ​បក់​ក្រោយ​មក កំលាំង​ក៏​កាន់​តែ​មាន​ឡើង​វិញ​បន្ដិ​ចម្ដង​ៗ ទើប​វិសេស​ក្លា​ហាន នឹក​ឃើញ​រឿង​ដែល​នាំ​អោយ​លោក​ដេក​ដួល​នៅ​ទី​នេះ​។
សេច​ក្ដី​ក្រោធ​ខឹង​មួយ​ឆួល​ឆេះ​ឡើង​យ៉ាង​ពេញ​ទំហឹង​ មក​រោល​រាល​រូប​គាត់​។ គាត់​ក្រោក​អង្គុយ​សំលឹង​មើល​មុខ​នាង​ទេវី​មិន​ដាក់​ភ្នែក​។ លោក​ច្រាន​កែវ​ដែល​ធ្លាប់​ជា​ពន្លក​ចេញ​ពី​ខ្លួន​លោក​ កុំ​អោយ​ស្រី​អប្បក្ខណ៍​កាន់​សាច់​លោក​ទៀត​។ នាង​ទេវី​ឆ្ងល់ ឆ្ងល់​នឹង​កាយ​វិការ​នេះ​ ទើប​នាង​នឹក​ភ្លែត​ឡើង​ថា លោក​ឳ​ពុក​នាង​ជ្រាប​រឿង​នេះ​ហើយ​។ នាង​លុត​ជង្គង់​ដៃ​ទាំង​ពីរ​ខ្ទប់​មុខ​យំ​លឺ​ឃឹក​ៗ​។ កញ្ញា​ពោល​ទាំង​ត្រដាប​ត្រដួស​ថា៖

- លោក​ឳពុក​ កូន​សូម​ទោស​! ច៎ាះ​! កូន​សូម​ទោស លោក​ឳពុក​! កូន​បាន​ជា​ខុស​ចំពោះ​ចិត្ដ​លោក​ឳពុក​ហើយ​។ ច៎ាះ​! កូន​ខុស​ពិត​មែន​។ កូន​ស្រលាញ់​។ កូន​បាន​លប​ចេញ​ពី​ផ្ទះ​ទៅ​ជួប​នឹង​គេ​ទាំង​យប់​ពាក់​កណ្ដាល​អធ្រាត​។ កូន​ខុស​នឹង​ទំនៀប​ទំលាប់​ ខុស​នឹង​អ្នក​មាន​គុណ​មែន​ហើយ​។ តែ​សូម​លោក​ឳពុក​ជ្រាប​ថា​កូន​ពុំ​ទាន់​បាន​ខុស​នឹង​ធម្ម​ជាតិ​ទេ​។ កូន​ជា​ផ្នែក​មួយ​របស់​ធម្ម​ជាតិ​ កូន​ជា​មនុស្ស​។
ថា​ហើយ​នាង​មើល​មុខ​វិសេស​ក្លា​ហាន​។ តែ​ទឹក​មុខ​បិតា​នៅ​ក្រហម​ដដែល​ ភ្នែក​នៅ​តែ​សំលក់​ក្រលោត​ដដែល​ មាន​តែ​ថ្គាម​ទាំង​ពីរ​ដែល​ប្រខាំ​គ្នា​ថែម​ទៀត​ នារី​អស់​សង្ឃឹម​។ ញើស​លោត​ចេញ​ពី​ថ្ងាស​នាង​ផ្លោត​ៗ ហូរ​តាម​ខ្នង​នាង​។ ស្ងួន​ភ្ងា​ដឹង​ថា ឳពុក​នាង​ពុំ​ប្រនី​ទោស​នាង​ទេ​។ ហេតុ​នេះ​មាន​តែ​ទឹក​ភ្នែក​ប៉ុណ្ណោះ​ ដែល​និយាយ​ទៅ​ទៀត​។ វិសេស​ក្លា​ហាន​ក្រោក​ឈរ​ឡើង​ ដង្ហើម​ធំ​ៗ ខ្លី​ៗ មុខ​ដូច​ខ្លា​។ នាង​ទេវី​រិត​តែ​ភ័យ​ទៅ​ទៀត​អោប​ជើង​លោក​ឳ​ពុក​។ នាង​ភួង​អោ​ជើង​ម្ខាង​។ យូរ​បន្ដិច​មក​ វិសេស​ក្លា​ហាន​អោន​ទៅ​ចាប់​បុត្រី​អោយ​ក្រោក​ឈរ​ឡើង នាង​ទេវី​បាន​ធូរ​ក្នុង​ចិត្ដ​អិត​អុបមា​ នឹក​ថា​ឳពុក​នាង​យល់​ព្រម​អនុ​លោម​កំហុស​នាង​ហើយ​។

 វិសេសក្លាហានដឹកដៃឆោមស្ងួនទៅមាត់ទ្វារ។
កញ្ញា​បែរ​ជា​ឆ្ងល់​ឡើង​វិញ​ជា​ពន់​ពេក ដោយ​មិន​ដឹង​ថា ឳពុក​នាង​ចង់​ធ្វើ​យ៉ាង​ណា ចង់​និយាយ​យ៉ាង​ណា​។ លុះ​ដល់​មាត់​ទ្វារ​ហើយ​ វិសេស​ក្លា​ហាន​ច្រាន​ស្មា​នាង​ទេវី​យ៉ាង​ខ្លាំង​ទៅ​ខាង​ក្រៅ ដោយ​ពន្លឺ​ពាក្យ​ថា៖
- ទៅចុះ អញអស់មានកូនទៀតហើយ
នាង​ភួង​ដែល​ឃើញ​រឿង​ចំលែក​អស្ចារ្យ​ដូច្នោះ ស្ទុះ​ភ្លែត​ទៅ​អោប​ជើង​វិសេស​ក្លាហាន​សា​ជា​ថ្មី ហៀប​នឹង​និយាយ តែ​វិសេស​ក្លាហាន​ច្រាន​នាង​ដួល​ទៅ​ក្រោយ​ដោយ​គំហក​ថា
- ទេ! អញគ្មានកូនទៀតទេ

នៅ​ខាង​ក្រៅ នាង​ទេវី​អោប​ដៃ​ស្រពោន​ដូច​ផ្កា​ត្រូវ​ថ្ងៃ​។ នាង​អស់​ចិត្ដ​ អស់​ពាក្យ​នឹង​និយាយ​ អស់​គំនិត​នឹង​គិត​។ ស្រី​យំ​ខះ​ទឹក​ភ្នែក​អស់​ហើយ​។ មួយ​រំពេច​នេះ នាង​ឃើញ​ជាក់​ថា​កែវ​អស់​ផ្ទះ​នៅ​ទៀត​ហើយ​ គឺ​មុខ​ជា​ដេក​ក្រោម​ដើម​ឈើ ​ត្រូវ​ខ្យល់​ត្រូវ​ថ្ងៃ ត្រូវ​ភ្លៀង​ អត់​បាយ​ ហើយ​ចាប់​ពី​រាត្រី​នេះ​ត​ទៅ​។ ទេវី​បែរ​មើល​ក្នុង​ទី​ងងឹត​ ដើម្បី​រក​ផ្លូវ​ដែល​នាង​ត្រូវ​ដើរ​ទៅ​មុខ​ក្នុង​ជីវិត​នេះ តែ​មិន​ឃើញ​ផ្លូវ​ណា​សោះ​។ កល្យាន​បែរ​មើល​រក​ទិស​ដែល​នាង​ត្រូវ​យក តែ​មិន​ដឹង​ជា​យក​ទិស​ណា​សោះ​។ នាង​បែរ​មើល​ដំបូល​ផ្ទះ​។ អោ​! ដំបូល​នេះ​ដាច់​ចិត្ដ​លែង​ទទួល​នាង​​ទៅ​ហើយ​។ មានន្ទ​មក​ដល់​! ដៃ​ប្រុស​ម្នាក់​ចាប់​នាង​យ៉ាង​ខ្លាំង​ទាញ​ចូល​ក្នុង​ផ្ទះ​វិញ​។ ធី​តា​ភ្ញាក់​។ មានន្ទ​ដើរ​យ៉ាង​ស្វា​ហាប់​ចូល​ស្លុង​ទៅ​ក្នុង​ផ្ទះ លុត​ជង្គង់​ម្ខាង​គ្រឹប​ ទៅ​លើ​ក្ដារ​ពី​មុខ​វិសេស​ក្លា​ហាន និយាយ​ដោយ​វាចា​មួយ​ៗ យ៉ាង​ដាច់​ខាត​៖

- សូម​ទាន​លោក​អ៊ុំ រូប​កូន​ប្រុស​របស់​លោក​អ៊ុំ ទើប​លេច​ចេញ​ពី​បន្ដូល​ចិត្ដ​លោក​អ៊ុំ​។ ខ្ញុំ​មានន្ទ​ ខ្ញុំ​សូម​ប្រគល់​ខ្លួន ប្រគល់​ជីវិត​ជា​កូន​ប្រុស​តែ​មួយ​របស់​លោក​អ៊ុំ​។ សូម​លោក​អ៊ុំ​ជឿ​ថា កូន​ប្រុស​នេះ​មាន​ចិត្ដ​ដូច​លោក មាន​គំនិត​ដូច​លោក​អ៊ុំ មាន​ឧត្ដម​គតិ​ចំពោះ​ជាតិ​ និង ចំពោះ​ប្រជា​ជន​ដូច​លោក​អ៊ុំ​គ្មាន​ខុស​ប៉ុន​មួយ​ជំរៀក​សក់​ទេ​។ ខ្ញុំ​សូម​លើក​ដៃ​សច្ចា​ចំពោះ​មុខ​លោក​អ៊ុំ​ថា ចាប់​តាំង​ពី​យប់​នេះ​ទៅ​ ខ្ញុំ​ធ្វើ​ការ​ពុះពារ​គ្រប់​បែប​យ៉ាង​ប្រឆាំង​នឹង​អយុត្ដិ​ធម៌​ ដែល​ជន​ជាតិ​ខ្មែរ​យើង​កំពុង​រង​ទុក្ខ​វេ​ទនា​ ប្រឆាំ​នឹង​គំនិត​ខ្ញុំ​គេ​ដែល​ខ្មែរ​មាន​ ប្រឆាំង​នឹង​ជន​ជាតិ​នា​នា​ ដែល​គ្រប​សង្កត់​ខ្មែរ​យើង​ជំនួស​លោក​អ៊ុំ​ដែល​ចាស់​ណាស់​ទៅ​ហើយ​។ ក្នុង​ការ​ត​ស៊ូ​នេះ ខ្ញុំ​បេ្ដជ្ញា​ជា​អោលា​រិក​ថា ចំពោះ​ប្អូន​ទេវី​ខ្ញុំ​ទទួល​បី​បាច់​រក្សា​អស់​មួយ​ជីវិត​ ទុក​នាង​ជា​គូ​វាសនា​ពី​អតីត​ជាតិ​មក ហើយ​ជា​វត្ថុ​មួយ​ដ៏​ថ្លៃ​ថ្លា ដែល​ខ្ញុំ​ការ​ពារ​រាល់​ទិវា​។

វិសេស​ក្លាហាន​ មើល​មុខ​មានន្ទ​ដោយ​ពុំ​លែង​ចោល​សោះ​។ លោក​ញញឹម​ជា​សញ្ញា​ទទួល​យល់​ព្រម​។ លោក​ងក់​ក្បាល​ រួច​លូក​ដៃ​ទៅ​ចាប់​ស្មា​មានន្ទ​មាន​វាចា​ថា៖
- ចាប់តាំងពីពេលនេះតទៅ អែងជាកូនអញទាំងពីរ
នាង​ទេវី​សប្បាយ​ចិត្ដ​ក្នុង​គ្រា​នោះ នឹង​រក​វត្ថុ​អ្វី​មក​ប្រៀប​គ្មាន​ឡើយ​។ នាង​ហាក់​ហើប​ខ្លួន​ពី​ដី​ ហាក់​អណ្ដែត​ត្រសែត​លើ​អាកាស​ជា​មួយ​មានន្ទ​ និង ​ជា​មួយ​ឳពុក​នាង កញ្ញា​ស្ទុះ​ទៅ​អោប​ជង្គង់​លោក​ឳពុក​ជា​ទី​ស្នេហា​។ នាង​ភួង​ក៏​ធ្វើ​ដូច្នោះ​ដែរ​។ វិសេស​ក្លាហាន​បន្ដ​សេច​ក្ដី​មួយ​ៗ​ ដូចតទៅ ​៖
- កាលណាបានអែងគិតរៀបការគ្នា ?
- បាទខ្ញុំបាទសូមរៀបការក្នុងបីខែទៀត។
វិសេសក្លាហានងើបទៅលើគិត។ រួចលោកគ្រវីក្បាល។
- ទេ ! មិនបានទេ
- បាទពីរខែទៀត
- ទេ!
- បាទមួយខែទៀត
- ទេ !
- បើដូច្នោះតាមចិត្ដលោកអ៊ុំកាលណា ? មួយអាទិត្យទៀត ?
- ទេ ! មិនបានទេ។ តោងសែនទាំងយប់នេះ។
មានន្ទលឺដូច្នោះ ក៏ដាក់ភ្នែកចុះ។ អ្នកនៅស្ងៀមគិតវាយក្រលាស្ទង់ ញញឹមរួចទទួល
- បាទ ! បាន !

ក្នុង​ពេល​ប្រស់​ទឹក​អោយ​ពរ​នេះ វិសេស​ក្លាហាន​ដួល​ផ្ងារ​ខ្លួន​ទៅ​ក្រោយ​។ លោក​មេឃុំ លោក​ជំទប់​ មានន្ទ នាង​ទេវី នាង​ភួង​ក៏​ផ្អើល​ឆោលោ​ ខ្លះ​កោស​ខ្យល់ ខ្លះ​ចាប់ ខ្លះ​ច្របាច់​ ខ្លះ​ហៅ ខ្លះ​ផ្ដុំ​ត្រចៀក​ តែ​ជីព​ចរ​វិសេស​ក្លាហាន ក៏​ចេះ​តែ​វាយ​ថយ​ទៅ​ៗ រហូត​ដល់​ដាច់​ខ្យល់​សូន្យ​ឈឹង​តែ​ម្ដង​។ វិសេស​ក្លាហាន​ចូល​កាន់​មរណ​ភាព​ក្នុង​ពេល​នេះ​អែង​។ លោក​ថយ​ចេញ​ពី​ពិភព​លោក​នេះ​ដោយ​មាន​ទឹក​មុខ​ញញឹម​ ព្រោះ​លោក​បាន​ទុក​ដាក់​បុត្រី​ជា​ទី​ស្នេហា​របស់​លោក​ហើយ​ ញញឹម​ព្រោះ​លោក​ជឿ​ថា វរ​លក្ខណ៍​មាន​បង្អែក​មួយ​ដ៏​មាំមួន​ហើយ​ ញញឹ​ម​ដោយ​ពេញ​ចិត្ដ​គ្មាន​អរិ​ត្រង់​ណា​។

នាង​ទេវី​ និង​មានន្ទ​ប្ដី​ប្រពន្ធ​ថ្មី កើត​ទុក្ខ​នឹង​មរណៈ​សញ្ញា​នេះ​យ៉ាង​ខ្លាំង​ជាង​គេ​។ នាង​ភួង​អោប​ជើង​ខ្មោច​យំ​រអាក់​រអួល​ រៀប​រាប់​ពី​ចិត្ដ​វិសេស​ក្លាហាន​ ពី​គុណ​សម្បត្ដិ​វិសេស​ក្លាហាន​។ នាង​ទេវី​រៀប​រាប់​អំពី​សេច​ក្ដី​សោក​ស្ដាយ​ដោយ​បិតា​នេះ ពុំ​ទាន់​បាន​ឃើញ​នាង​សុខ​ រឺ​ទុក្ខ​យ៉ាង​ណា​ផង​ទៅ​ថ្ងៃ​មុខ​។ នាង​រំជួល​យោល​យោគ​សោក​យ៉ាង​ក្រៃ​អនេក​។ មានន្ទ​មាន​ទឹក​មុខ​ក្រៀម​បំ​ផុត​។ ក្នុង​ពេល​នោះ ជើង​សេះ​លឺ​សូរ​កុប​ៗ ផាយ​ពី​ចំងាយ​មក​។ មានន្ទ​ប្រុង​ខ្លួន​មើល​ទៅ​ទិស​ដែល​អស្ស​ពាហ៍​មក​។ លុះ​មក​ដល់​មុខ​ខ្ទម​កំសត់​ អ្នក​ជិះ​លោត​ចុះ​ពី​លើ​ខ្នង​អាជា​នេយ្យ​យ៉ាង​រហ័ស​។ បុរស​មិន​ស្គាល់​នេះ​មក​គំនាប់​មានន្ទ​យ៉ាង​ស្វាហាប់​ រួ​ចហុច​សំបុត្រ​មួយ​ដែល​មានន្ទ​ហែក​មើល​ឃើញ​មាន​សេ​ចក្ដី​ដូច​ត​ទៅ ៖

សិរីសោភ័ណ ថ្ងៃ ១០កើត ខែ ពិសាឃ ព.ស ២៤០៨

ទី​ព្រះ​ពន្លា​ជ័យ​ព្រះ​កំពុត មក​ដល់​មានន្ទ​មេ​ទ័ព​អាណា​ខេត្ដ​សិរី​សោភ័ណ​ចូល​ខ្លួន​មក​ជា​ប្រញាប់​ គ្មាន​បង្អង់​បាន​ឡើយ​។ រឹង​ទទឹង​ មាន​ទោស​អាជ្ញា​សឹក​។

ព្រះកំពុត

លុះ​មើ​កូន​សំបុត្រ​ចប់​ហើយ មានន្ទ​ដក​ដង្ហើម​ធំ​។ ណា​មួយ​ខ្មោច​ឳពុក​ក្មេក​នៅ​ជ្រងោ​ ណា​មួយ​អាណិត​ដល់​នាង​ទេវី​ ណា​មួយ​ព្រួយ​បារម្ភ​ ប្រហែល​ឳពុក​លោក​ដឹង​រឿង​មក​រៀប​ការ​ហើយ​ បាន​ជា​ហៅ​ទៅ​បន្ទាយ​យ៉ាង​ប្រញាប់​ដូច្នោះ​។ អ្នក​សសៀរ​ទៅ​ជិត​នាង​ទេវី​កំពុង​តែ​យំ ខ្សឹប​ប្រាប់​ថា៖ :

- អូវពុកបងមានសំបុត្រហៅបងយ៉ាងប្រញាប់ មានសំបុត្រនេះ
នាង​ទទួល​សំបុត្រ​មក​អាន​។ នាង​បែរ​មក​កើត​ទុក្ខ​នឹង​ប្ដី​ទៀត​ហើយ​។ អោ! ទុក្ខ​អើយ​ទុក្ខ​! ! គិត​ទៅ​ក្នុង​វដ្ដ​សង្សារ​នេះ​ឃើញ​តែ​ទុក្ខ​ជួប​តែ​ទុក្ខ​ មាន​តែ​ទុក្ខ​។ ទុក្ខ​អ្វីក៏​ទុក្ខ​ម៉្លេះ មក​ញាំ​ញី​នាង​ទេវី​មួយ​គ្រា​ជា​ពីរ​គ្រា រួច​មក​បន្ថែម​លើ​គ្នា​គ្មាន​ស្រាក​ស្រាន្ដ​ដូច្នោះ​។ នាង​សួរ​ស្វាមី​ថា៖
- មានរឿងអ្វីបង ?
- ទេ មិន​ដឹង​ទេ តែ​អូន​យក​ប្រាក់​ពីរ​ណែន​នេះ​ទុក​ស្អែក​ទិញ​អី​វ៉ាន់ និមន្ដ​លោក​ឆាន់ រូប​បង​មក​ជួយ​ធ្វើ​ក្ដារ​មឈូស​ពី​ព្រឹក​មិន​ខាន​
- ច៎ាះ ! បងមកកុំខានណា !

មានន្ទ​លឺ​បណ្ដាំ​នេះ​ព្រឺ​ព្រួច​គ្រ​លួច​ក្នុង​ចិត្ដ​អាណិត​ភរិ​យា​? ព្រោះ​ភរិយា​នេះ​ផ្ដាំ​តែ​ប៉ុណ្ណោះ​អែង​។ «បង​មក​កុំ​ខាន​ណា​» ពាក្យ​នេះ​លឺ​សូរ ធ្ងន់​ក្នុង​ដួង​ចិត្ដ​មេ​ទ័ព​ក្មេង​នេះ​។ ពាក្យ​នេះ​ពីរោះ​រក​តូរ្យ​តន្ដ្រី​ណា​មក​ប្រៀប​ស្មើ​គ្មាន​។ ពាក្យ​នេះ​លឺ​ក្ដូង​ៗ ក្នុង​បេះ​ដូង...​។ ពាក្យ​នេះ​ថ្មី​ដរាប​ ចង់​តែ​លឺ ចង់​តែ​ស្ដាប់ ចង់​តែ​អោយ​នាង​ថា​ម្ដង​ទៀត​។ មានន្ទ​មើល​មុខ​នាង នាង​មើល​មុខ​មានន្ទ រួច​បុរស​ក្រោក​ដើរ​យ៉ាង​លឿន​ទៅ​ខាង​ក្រៅ ដែល​អ្នក​យក​សំបុត្រ​នៅ​រង់​ចាំ​។ រួច​មានន្ទ​ប្រាប់​អ្នក​យក​សំបុត្រ​ថា​អោយ​ដើរ​ទៅ​បន្ទាយ​វិញ​ចុះ​។ ចំណែក​អ្នក​លោត​លើ​ខ្នង​សេះ​បំផាយ​តំរង់​ទៅ​អាសន​ព្រះ​កំពុត​ជា​បិតា​។