១ -ខ្លាបាក់ចង្កូម
ថ្ងៃសៅរ៍ ទី14.ឧសភា 2016.ម៉ោង 9:16

ផ្ទះ​នោះ​ទាប​ប្រក់​ស្បូវ ជញ្ជាំង​ក្ដារ​ សង់​លើ​ដី​ទួល​តូច តែ​ស្អាត​មាន​របង​អំពិល​ទឹក​ព័ទ្ធ​ជុំ​វិញ​។ ខាង​មុខ​គឺ​ដង​ស្ទឹង​នៃ​អាណា​ខេត្ដ​សេរី​សោភ័ណ​ ដែល​ក្នុង​ឆ្នាំ ១៨៦៥​នេះ គង្គា​ហូរ​គំហុក​យ៉ាង​ខ្លាំង​ ហាក់​សំដែង​សេច​ក្ដី​ក្រោធ​ខឹង​នឹង​អំណាច​សៀម​ដែល​សង្កាត់​​សង្កិន​យូរ​មក​ហើយ​។ ខាង​ក្រោយ គឺ​ជួរ​ភ្នំ​ស្វាយ​ដែល​លាត​សន្ធឹ​ង​ទៅ​ឆ្ងាយ​ទល់​នឹង​ជើង​មេឃ​។ ក្នុង​ខ្ទម​នេះ​នៅ​មាត់​បង្អួច​ មនុស្ស​ម្នាក់​អង្គុយ​ផ្អែក​ខ្នង​លើ​កៅ​អី​ផ្ដៅ​ធំ​មួយ​សំលឹង​មិន​ពព្រិច​ភ្នែក មើល​ទៅ​គេ​ហ​ដ្ឋាន​មួយ​ទៀត​ដែល​ល្អ​ឆើត​​ឆាយ​បី​ដូច​វិមាន​នា​ស្ថាន​សួគ៌ា​ល័យ​។

 «វិសេស​ក្លា​ហាន​» នេះ​ហើយ​ឈ្មោះ​របស់​គាត់​។ មេ​ទ័ព​ជើង​ចាស់ វិសេស​ក្លា​ហាន​បាន​ចូល​បំរើ​ប្រ​ទេស​ជាតិ​ ជា​ទាហាន​តាំង​ពី​ខ្លួន​នៅ​កំលោះ​ពេញ​វ័យ​នៅឡើយ​។ ដោយ​ចិត្ដ​ស្នេហា​មាតុ​ភូមិ​យ៉ាង​ជ្រាល​ជ្រៅ​ ដោយ​ពលិ​កម្ម មាន​ការ​លះ​បង់​ក្ដី​សប្បាយ​ កាម​រាគ ល្បែង​ស៊ី​សង ​ស្រី​ ស្រា​ជា​ដើម​ ដើម្បី​បំ​ពេញ​កិច្ច​ការ​សា​ធារណ​ អោយ​បាន​ហ្មត់​ចត់​ល្អ ដោយ​សតិ​សម្ប​ជញ្ញៈ​ ចេះ​ត្រិះ​រិះ​ស្គាល់​ខុស​ស្គាល់​ត្រូវ ដោយ​មាន​ចិត្ដ​ជា​មនុស្ស​សេរី​ មិន​រវល់​លុត​ក្រាប​អោន​សំពះ​ អង្វរ​អ្នក​ណា​ដើម្បី​បុណ្យ​សក្ដិ​ខ្លួន​ វិសេស​ក្លា​ហាន​ បាន​ឡើង​បុណ្យ​ស័ក្ដិ​ជា​លំដាប់​ រហូត​ដល់​បាន​ជា​មេ​ទ័ព​ជាតិ​ទាំង​មូល​។

កាល​នៅ​មាន​កំលាំង​មាំ​មួន​នៅ​ឡើយ វិសេស​ក្លា​ហាន​បាន​ចូល​ប្រលូក​គ្រប់​សង្គ្រាម​ទាំង​អស់ រួច​ក្នុង​សង្រ្គាម​នីមួយ​ៗ ជា​មួយ​យួន​ក្ដី ជា​មួយ​សៀម​ក្ដី ជា​មួយ​លាវ​ក្ដី វិសេស​ក្លា​ហាន​មាន​សូរ​សព្ទ​សំលេង​ឈ្មោះ​ពីរោះ​ប្រកប​ដោយ​ជោគ​ជ័យ​ជា​និច្ច​។

តែ​ដល់​សម័យ​គាត់​ចូល​ក្នុង​វ័យ​ជរា​ពិការ​នេះ ស្រុក​ចុះ​ដុន​ដាប ខ្មែរ​បែក​សាមគ្គី​ អ្នក​កាន់​អំណាច​ខ្មែរ​មាន​ចិត្ដ​ទន់​ខ្សោយ​ ធ្វើ​ការ​គ្មាន​កម្ម​វិធី រាស្រ្ដ​អត់​បាយ ខ្មាំង​ចូល​រុក​រាន​ពាស​ពេញ វិសេស​ក្លា​ហាន​ក៏​ថយ​ខ្លួន​មក​នៅ​ក្នុង​កូន​ខ្ទម​ដែល​យើង​បាន​ពណ៌​នា​មក​ហើយ​នេះ​។ ​រាល់​ថ្ងៃ​ វិសេស​ក្លា​ហាន​ភ្ញាក់​ពី​ព្រលឹម​អង្គុយ​សំលក់​​គេ​ហ​ដ្ឋាន​ដែល​គាត់​មើល​ឃើញ​តាម​បង្អួច​នេះ​។ គាត់​មាន​ចិត្ដ​ទោ​មនស្ស​ក្រៃ​ពេក​។ ម្ចាស់​គេ​ហដ្ឋាន​ដ៏​ស្ដុក​ស្ដម្ភ​នោះ​ឈ្មោះ​ «ព្រះ​កំពុត​»​។ គឺ​ជា​ខ្មែរ​មួយ​រូប​ដែរ ដែល​បាន​ទៅ​រៀន​ខាង​សៀម​ រួច​បាន​រលាយ​ជាតិ​ខ្លួន​ទៅ​ជា​ជាតិ​ សៀម​ ភ្លេច​នឹក​នា​ដល់​អរិយ​ធម៌​ខ្មែរ​ដល់​កិត្ដិ​យស​ខ្មែរ​ ដល់​កិត្យា​នុភាព​ខ្មែរ​សូន្យ​ឈឹង​រួច​គិត​តែ​ធ្វើ​បាប​ដល់​រាស្រ្ដ​ខ្មែរ មាន​ចាប់​ចង​​កំហែង​ គំរាម កេណ្ឌ​ប្លន់​ កាប់​សំលាប់​ខ្មែរ​គ្នា​អែង​ជា​ដើម​។

តាំង​ពី​ព្រះ​កំពុត​ មក​គ្រប់​គ្រង​អាណា​ខេត្ដ​ សិរី​សោ​ភ័ណ តាង​នាម​រដ្ឋា​ភិបាល​សៀម​នេះ​ ព្រះ​កំពុត​រស់​នៅ​ក្នុង​ការ​សប្បាយ​ (ស្រី​ស្រា​ល្បែង​ ភ្លេង​ភ្លាត់​ច្រៀង​រាំ​) គ្រប់​បែប​គ្រប់​យ៉ាង ហើយ​ប្រើ​លទ្ធិ​ផ្ដាច់​ការ​លើ​ខ្មែរ​យើង​។ ប្រជា​នុ​រាស្រ្ដ​ក៏​បាន​ស្គាល់​នូវ​ទុក្ខ​វេទ​នា​ក្រៃ​ពេក​ អិត​មាន​ពេល​ណា​មក​ប្រៀប​ប្រ​ដូច​បាន​ឡើយ​។ ម្យ៉ាង​ទៀត​ក្នុង​ការ​គ្រប់​គ្រង​នេះ​ព្រះ​កំពុត​គិត​តែ​ប្រ​មូល​ធន​ធាន​ទ្រព្យ​សម្បត្ដិ​សំរាប់​តែ​ខ្លួន​មួយ​ប៉ុណ្ណោះ​។

អាស្រ័យ​ហេតុ​នេះ​ ចំពោះ​ប្រា​សាទ​ដ៏​ល្អ​ឆើត​ឆាយ​ដែល​វិសេស​ក្លា​ហាន​មើល​ឃើញ​នេះ បើ​អ្នក​មើល​ៗ​មិន​ឃើញ​រឿង​ មុខ​ជា​កោត​សរ​សើរ​ ដល់​ភ័ព្វ​ព្រេង​សំណាង​របស់​ព្រះ​កំពុត​មិន​ខាន​។ តែ​កែវ​ភ្នែក​របស់​វិសេស​ក្លា​ហាន​មើល​ប្រាសាទ​នោះ​ ឃើញ​ជា​ភ្លើង​ជា​សាច់​ ជា​ឈាម​ ជា​ញើស​ ជា​កំលាំង​របស់​ប្រ​ជា​ជន​ខ្មែរ​ទៅ​វិញ​។ ប្រា​សាទ​នេះ​ហាក់​ឈរ​យ៉ាង​ក្រ​អើត​ដាក់​គាត់​ គ្មាន​ខ្មាស​ គ្មាន​អៀន​ឡើយ​។ ដោយ​គាត់​ចាស់​ហើយ​គាត់​កាន់​អាវុធ​ទៀត​ពុំ​កើត​ ជើង​គាត់​រត់​ដើរ​ទៀត​លែង​បាន​ មាត់​គាត់​ប្រាស​ចាក​អស់​សំលេង​ គាត់​ហាក់​ឃើញ​អានុ​ភាព​បុរាណ​របស់​គាត់​ទ្រុត​ទ្រោម​ ពី​មុខ​ភ្នំ​អយុត្ដិ​ធម៌​របស់​ព្រះ​កំពុត​។ នៅ​ក្នុង​ទ្រូង​វិសេស​ក្លា​ហាន​នៅ​មាន​តែ​កំលាំង​ចិត្ដ​ កំលាំង​បញ្ញា​ទេ ដែល​រស់​រវើក​ក្នុង​ថ្លើម​គាត់​ ហើយ​ដែល​ជា​ហេតុ​នាំ​អោយ​គាត់​ចំបែង​រាល់​ពេល​វេលា​។

មួយ​ថ្ងៃ​ៗ​ គាត់​សំលឹង​គេ​ហដ្ឋាន​នោះ​ដោយ​ចេត​នា​ចង់​អោយ​រលាយ​ ចង់​អោយ​ឆេះ ចង់​អោយ​បាត់​វិនាស​សូន្យ​ឈឹង​ទៅ​។ ប្រាសាទ​ព្រះ​កំពុត​ ហាក់​ធ្ងន់​ក្នុង​ចិត្ដ​វិសេស​ក្លា​ហាន​អ្វី​ម៉្លេះ​ទេ ពី​ព្រោះ​ប្រសាទ​នេះ​សាង​លើ​ដី​ខ្មែរ​ និង​ សាង​លើ​ស្មា​រាស្រ្ដ​ខ្មែរ​។ ទឹក​ភ្នែក​ពីរ​ដំនក់​យ៉ាង​ល្វីង​ចត់​ហូរ​ធ្លាក់​ពី​នេះត្រូវ​របុ​រស​យើង​។ អោ​! វិសេស​ក្លា​ហាន​អស់​រិទ្ធា​នុភាព​ហើយ​។ គាត់​ជា​ខ្លា​បាក់​ចង្កូម​។ យើង​មាន​ចិត្ដ​មេត្ដា​ដល់​ចាស់​ព្រឹទ្ធា​ចារ្យ​ពិសេស​មួយ​នេះ​ជា​ពន់​ពេក​។ សព្វ​ថ្ងៃ​គាត់​គ្មាន​ទ្រព្យ​សម្បត្ដិ​ គ្មាន​ធន​ធាន គ្មាន​បាយ​បរិ​ភោគ​គ្រប់​គ្រាន់​ គ្មាន​ប្រដាប់​ប្រ​ដា​ប្រើ​ប្រាស់​សម​រម្យ​ គ្មាន​ខោ​អាវ​ស្លៀក​ពាក់​គួរ​សម គ្មាន​លុយ​កាក់​ចាយ​វាយ​ គ្មាន​ភូមិ​អាករ​ កំព្រា​ម្នាក់​អែង​គ្មាន​ទី​ពឹង​។ រឿង​វិសេស​ក្លា​ហាន​ផ្ទុយ​នឹង​រឿង​ស្នេហា​ ជាតិ​អែង​ទៀត​ជា​ច្រើន​រូប​។

តែ​វិសេស​ក្លា​ហាន​ពុំ​មាន​អា​រិះ​ចិត្ដ​អ្វី​នឹង​ឋានៈ​កំសត់​ទុគ៌ត​នេះ​ទេ គាត់​នឹក​ថា គាត់​អាច​បិទ​ភ្នែក​ស្លាប់​ទៅ​វិញ​បាន​ដោយ​សតិ​សម្ប​ជញ្ញៈ​របស់​ គាត់​នៅ​ស្អាត​គ្មាន​បន្ទោស​អ្វី​ដល់​គាត់​ឡើយ​។ គាត់​អាច​ស្លាប់​ទៅ​វិញ​បាន​ព្រោះ​ផ្លូវ​ដែល​គាត់​ជ្រើស​រើស​ដើម្បី​ដើរ​ គឺ​ផ្លូវ​ថ្លៃ​ថ្នូរ​ប្រកប​ដោយ​ កិត្ដិ​យស​ពិត​ៗ​។ នឹក​ដូច្នោះ​ វិសេស​ក្លា​ហា​ន​មាន​ទឹក​មុខ​ញញឹម​យ៉ាង​ជ្រាល​ជ្រៅ​ឡើង​វិញ​។ ក្នុង​ពេល​នោះ ស្រី​ម្នាក់​ដើរ​ចូល​មក​ដុស​ជូត​សំអាត​តុ​ទូ​។ គឺ​ជា​មនុស្ស​ម្នាក់​អាយុ​ប្រ​មាណ​ជាង​សែ​សិប​ឆ្នាំ​។ នាង​នោះ​បើ​ទូ​លឺ​ក្រាក​។ វិសេស​ ក្លាហាន​ភ្ញាក់​ខ្លួន​ព្រើត​ នៅ​ស្ងៀម​មួយ​ស្រ​បក់​ទើប​មាន​វាចា​សួរ​ថា​៖

- អ្នកណា? ភួងរឺ?
- ច៎ាះ ! ខ្ញុំ
- ភួង! តើទេវីកូនស្រីខ្ញុំទៅណាហើយ?
នាងទាសីលុតជង្គង់ពីក្រោយខ្នងវិសេសក្លាហានឆ្លើយយ៉ាងគោរពវិញថា៖
- ច៎ាះ! នាងទៅបេះផ្កាអែក្រោយផ្ទះហើយ ពីព្រោះថ្ងៃនេះជាថ្ងៃសីលផង
- កាលណាមកវិញ?
- ច៎ាះ! ជំរាបប្រសាសន៍ ប្រហែលជាមិនយូរប៉ុន្មានទេ...

ដោយ​ផ្ទាំង​អនា​គត​លាត​ឡើង​ ពុំ​បាន​រុង​រឿង​សោះ​នោះ វិសេស​ក្លា​ហា មាន​ទុក្ខ​ព្រួយ​បា​រម្ភ​យ៉ាង​ខ្លាំង​។ គាត់​នឹក​ថា ទៅ​ថ្ងៃ​មុខ​អ្នក​រួម​សុខ​ទុក្ខ ជា​មួយ​កញ្ញា​ទេវី​ គឺ​ប្រាកដ​ជា​នាង​ភួង​ពី​ព្រោះ​នាង​ភួង​ជា​ទាសី​ដែល​បាន​បំបៅ​ដោះ​នាង​ទេវី​។ នាង​ភួង​ស្រលាញ់​នាង​ទេវី​ដូច​កូន​បង្កើត​។ នាង​ភួង​ពុំ​ដាច់​ចិត្ដ​ទៅ​ណា​ចោល​នាង​ទេវី​សោះ​ ហើយ​ព្រម​រស់​ដោយ​លំបាក​ជា​មួយ​នាង​ដើម្បី​ជួយ​មើល​រក្សា​នាង​ ដើម្បី​បាន​មើល​មុខ​នាង​។ នឹក​ឃើញ​ដូច្នោះ​វិសេស​ក្លា​ហាន​ អាណិត​នាង​ភួង​ក្រៃ​ពេក​រក​វត្ថុ​អ្វី​មក​ប្រៀប​ផ្ទឹម​ស្មើ​គ្មាន​។