ចំំពូកទីដប់
អក្សរសាស្ដ្រសម័យបច្ចុប្បន្ន(ត)
ថ្ងៃសៅរ៍ ទី6.មិថុនា 2020.ម៉ោង 10:49

    គ្រា​នេះ​មានទស្សនាវដ្ដី​ខ្លះ​ចេញ​ផ្សាយ​ដូច​យ៉ាង​ទស្សនា​វដ្ដី​នារី ទស្សនាវដ្ដី​សុបិននិមិត្ដ ទស្សនាវដ្ដីរាត្រីថ្ងៃសៅរ៍ ទស្សនាវដ្ដី​សាលាបាលី។ល។ ដែល​យើង​ អាច​សំគាល់បាន​ថា ទស្សនាវដ្ដី​ ទាំងនេះ​មាន​ប្រយោជន៍​ផ្សាយ​ការ​ចេះ​ដឹង​ដល់​សាធារណជន​ផង និង ជា​នាទី​ប្រជុំ​ហាត់ហ្វឹកហ្វឺន​អ្នក​និពន្ធ​ថ្មីៗ​ទៀតផង​។ ដូច​យើង​ពេល​ហើយ​ខាង​លើ​ សម័យនេះ​មាន​ប្រលោម​លោក​ចេញ​ផ្សាយ​ច្រើន​ណាស់​ដែរ​ តែ​យើង​សូម​ចង្អុល​ឈ្មោះ​ខ្លះ​ៗ​ គ្រាន់​ជា​សក្ខី​ភាព​ គឺ ៖

- រឿង «ចោរបិទមុខ» របស់លោក ហ៊ែល - ស៊ុំផា
- រឿង «ព្រួញមាស» របស់លោក ឱ - ផូ
- រឿង «មើលព្រះចន្ទ្រា » របស់លោក រឹម - គិន
- រឿង «រស្មីចិត្ដ, សេរីស្វេតច្ឆត្រ, រំដួលភ្នំគូលេន » របស់លោក លី - ជាមតេង
- រឿង «ខេមរកុលបុត្រ, ទុយ៌សសងសឹក » របស់ ម៉ា - ឡាខេម
- រឿង «ព្រះ​ខ័នរាជ្យ, វិរបុរស, ព្រះចន្ទរាជា » របស់លោក ប៊ីវ - ឆៃលាង
- រឿង «ចៅសានទុគ៌ត» របស់អ្នកនិពន្ធ ស្រី - ឡុច
- រឿង «បន្ទាយលង្វែក» របស់អ្នក​និពន្ធ រ. គោវិទ ។ល។

    មានការវិវត្ដន៍មួយ​ទៀត​ ដែល​គួរ​កត់សំគាល់​ក្នុង​ប្រវត្ដិ​អក្សរសាស្ត្រយើង​ថា គឺ នៅ គ.ស. ១៩៥៦ នេះ​ហើយ​ដែល​អ្នក​និពន្ធ​ និង កវី​ដែល​មាន​ឧត្ដម​គតិ​ប្រ​ពៃៗ​ បាន​រួប​រួម​គ្នា​បង្កើត​ជា​ សមាគម​អ្នក​និពន្ធ​ខ្មែរ សំរាប់​ជួយ​ឧបត្ថម្ភ​ដល់​ការ​ផ្សាយ​អក្សរ​សាស្ត្រ​ទាំង​ក្នុង​ប្រទេស​ ទាំង​ក្រៅ​ប្រទេស​ ដើម្បី​ឲ្យ​បាន​សម​ នឹង ​ឋានៈ​ប្រ​ទេស​ឯក​រាជ្យ​សម្បូណ៌។ ព្រះ​រាជ​ក្រម​លេខ ៦១ ន.ស. ចុះ​ខែ​មករា​ គ.ស. ១៩៥៦ ក៏​បាន​បើក​សិទ្ធិ​ដល់​អ្នក​និពន្ធ​យ៉ាង​បរិបូណ៌​ឡើង​ថែម​ទៀត​នៅ​គ្រានោះ​ដែរ​។

    ផ្នែក​ទី​បី - ចាប់​តាំង​គ.ស, ១៩៥៧ រហូត​ដល់​សព្វ​ថ្ងៃ​នេះ​របៀប​សរសេរ​មាន​ការ​ប្ដូរ​ផ្លាស់​សឹង​តែ​តាម​ដាន​ពុំ​ទាន់​។ អ្នក​និពន្ធ​ពីឆ្នាំ​មុនៗ​ បាត់​តាំង​ពី​ គ.ស. ១៩៥៧ រហូត​ដល់​សព្វ​ថ្ងៃ​នេះ​របៀប​សរសេរ​មាន​ការ​ប្ដូរ​ផ្លាស់​ សឹង​តែ​តាម​ដាន​ពុំ​ទាន់​។ អ្នក​និពន្ធ​ពី​ឆ្នាំ​មុនៗ បាត់​រូប​លេង​ឃើញ​មាន​សរសេរ​ឲ្យញឹក​ញាប់​ទៀត​ហើយ​។ អ្នក​និពន្ធ​ថ្មី​ៗ បាន​លេចផុស​ឡើង​ដូច​ផ្សិត​នៅ​រដូវ​ភ្លៀង​ធ្លាក់​ដំបូង គេ​ខំ​ប្រណាំង​ប្រជែង​ស្នា​ដៃ​គ្នា​ដែល​មាន​ចេញ​ផ្សាយ​ជាញឹក​ញាប់​ក្រៃ​លែង​ ហើយ​ស្នា​ដៃ​ទាំង​នោះ​ច្រើន​តែ​ខ្លី​ៗ​ ពុំ​សូវ​មាន​និក្ខេបបទ​ (thèse) អ្វី​ត្រឹម​ត្រូវ​ទេ។

    ចំពោះ​របៀប​រៀប​ចំសាច់​រឿង​វិញ​ គេ​ក៏​មិន​សូវ​ប្រឹត​ប្រៀន​​ដូច​គ្រា​មុន​ៗដែរ​ ទោះ​ខាង​អត្ថ​រស​ក្ដី​ ខាង​ទំរង់សេចក្ដី​។ មូល​ហេតុ​ទាំង​នេះ​ឯង​ បាន​នាំ​វាសនា​អក្សរ​សាស្ត្រ​យើង​ឲ្យ​ជួប​ប្រ​ទះ​ និង ការ​រអាក់​រអួល​មួយ​គ្រា​ដែរ​ ដ្បិត​ជួន​កាល​ទៀត​ ស្នា​ដៃ​ទាំង​នេះ​ មានពោរ​ពេញ​ទៅ​ដោយ​រឿង​រ៉ាវ​ ដែល​ពិបាក​ នឹង អាន​ថែម​ទៀត​ផង​ ចំពោះ​ចរិយា​ ឬ​ ប្រពៃ​ណី​របស់​ខ្មែរ​យើង​។ សម័យ​នេះ​ បង្កើត​ជា​បញ្ហា​យ៉ាង​ច្រើន​លើ​ឆាក​អក្សរ​សាស្ត្រ​ខ្មែរ ព្រោះ​ជន​អ្នក​ស្នេហា​អក្សរ​សាស្ត្រ​ម្នាក់​ៗ​ សុទ្ធ​តែ​មាន​ការ​ត្រិះ​រិះ​ និង ការ​យល់​ឃើញ​ប្លែក​ៗ​ ពី​គ្នា​ហើយ​ស្នា​ដៃ​ទាំង​នេះ​ ស្ទើរ​ជា​ស្នា​ដៃ​បច្ចេក​ទេស​ ឬ​ ស្នា​ដៃ​ធម្មតា​ មិន​អាច​វែក​ញែក​បាន​ ព្រោះ​អ្នក​និពន្ធ​បាន​កាឡៃ​បញ្ចូល​បែប​ទាំង​ពិរ​ធ្វើ​ជា​រឿង​មួយ​។ ម៉្លោះ​ហើយ​ រឿង​រ៉ាវ​ទាំង​នោះ​ពុំ​បានជាក់​លាក់​សំរាប់​អ្នក​អាន​ទេ​ បាន​សេចក្ដី​ថា គ្រាន់​តែ​នាំ​សតិ​អារម្មណ៍​អ្នក​អាន​ឲ្យ​អណ្ដែត​អណ្ដូង​ ទៅ​តាម​ចំណង់​តណ្ហា​ ឬ មនោ​សញ្ចេតនា​រវើ​រវាយ​ប៉ុណ្ណោះ​។

    តែ​ទោះ​បី​យ៉ាង​ហ្នឹង​ក៏​ដោយ​ យើង​គួរ​យល់ថា​ ធម្មតា​ការ​កសាង​ជា​ដំបូង​ ទោះ​ការកសាង​អ្វី​ក៏​ដោយ​ រមែង​តែ​ង​ជួប​ប្រទះ​ និង ការ​ខ្វះ​ខាត​ជា​មិន​ខាន​។ ដូច​នេះ​ យើង​​គិត​យ៉ាង​ណា​ឲ្យ​តែ​បាន​ចំរើន​សិន​ចុះ​ ចាំ​ដល់​ថ្ងៃ​ក្រោយ​​ទៅ​ សឹម​យើង​នាំ​គ្នា​សំរិត​សំរាំង​ទៅ​ទៀត​។ ដោយ​ឃើញ​ថា អក្សរ​សាស្ត្រ​យើង​ត្រូវ​លាយ​ច្របល់​ដោយ​គោល​គំនិត​ ពីបរទេស​ដូច​នេះហើយ​ អ្នក​និពន្ធ​ដែល​មាន​ឧត្ដមគតិ​សុទ្ធ​សាធ​ក្នុង​ការ​កសាង​វាសនា​អក្សរ​សាស្ដ្រ​ជាតិ​ខ្លួន​ នាំ​គ្នា​ក្រោក​ឈរ​រួម​កំលាំង​ជាមួយ​អង្គ​ការ​អប់​រំ​ផ្សេង​ៗ​ទៀត​ ប្រឆាំង​ នឹង ចលនា​អក្សរ​សាស្ត្រ​ក្លែង​បន្លំ នាំ​ឲ្យ​ខូច​តំលៃ​ជាតិ​នេះ ទាល់​តែបាន​ជោគជ័យ​។ គឺ​ ពួក​រឿង​អាសគ្រាម និង រូប​អាក្រាត​កាយ​ ក៏​បាន​បាត់​ស្រមោល​ពី​ទី​កន្លែង​តាំង​លក់​នានា​អស់​គ្មាន​សល់​។

    ព្រឹត្ដិការណ៍​ចំលែក​មួយ​ទៀត​នៅ​ក្នុង​ គ.ស. ១៩៥៨នោះ​ រាជ​រដ្ឋា​ភិបាល​បាន​កែ​ប្រែ​កម្ម​វិធី​សិក្សា​នៅ​មធ្យម​ភូមិ​បញ្ចូល​ឲ្យ​មាន​ការ​សិក្សា​អក្សរ​សាស្ត្រ​ជាតិ​ យ៉ាង​ច្រើន​ទៅ​ក្នុង​កម្មវិធី​សិក្សា​គ្រប់​ជាន់​ថ្នាក់​ ដើម្បី​កុល​បុត្រ​ កុលធី​តា​យើង​បាន​ក្រេប​ជញ្ជក់​ច្បាស់​លាស់​ នូវ​ រសជាតិ​វប្បធម៌​ជាតិ​ខ្លួន​។ ដូច​នេះ​សៀវ​ភៅ​ទាំង​ឡាយ​ដែល​ណែ​នាំ​ខាង​ការសិក្សា​ ជា​ជំនួយ​ស្មារតី​ក្នុង​កិច្ច​សិក្សា​ គ៏​បាន​ចេញ​ផ្សាយ​ជា​ច្រើន​ឈ្មោះ​បណ្ដុះ​ នូវ គំនិត​ស្រាវ​ជ្រាវ​រក​តំលៃ​វប្បធម៌​ជាតិ​កាន់​តែ​ខ្លាំង​ឡើង​ៗ។

    នៅ​ឆ្នាំ​ ១៩៥៨ អក្សរ​សាស្ដ្រ​យើង​បាន​លេចមុខ​លេច​មាត់​យ៉ាង​ត្រចុះ​ត្រចង់​លើ​ឆាក​អន្តរជាតិ​ ដោយ​កាល​នោះ​រដ្ឋា​ភិបាល​យើង​បាន​បញ្ចូល​អ្នក​និពន្ធ​ខ្មែរ(1)ឲ្យទៅ​រួម​សន្និសិទ​ខាង​អក្សរ​សាស្ត្រ​ រាវាង​អ្នក​និពន្ធ​ជន​ជាតិ​អាស៊ី​ និង អាហ្វ្រិក​នៅ​ក្រុង​តាស្កេន (សហភាព​សូ​វៀត​)។

    អក្សរ​សាស្ត្រ​យើង​បាន​ចំរើន​ក្នុង​ស្រុក​ទៀត​ ដោយ​មាន​ការផ្សាយ​តាមវិទ្យុ​ និង ការ​ធ្វើ​បាឋកថា​ តាមទី​ជន​បទ​ ឬ​ ទីប្រជុំ​នៃ​ការ​អប់រំ​ផ្សេងៗ​។ ក្រៅ​ពី​នេះ​ នៅ​មាន​ការ​ផ្សាយ​មួយ​ទៀត​យ៉ាង​សំខាន់​គឺ​ នៅ​ក្នុង​ទំព័រ​សារពត៌មាន​អ្នក​ជាតិ​និយម​។

    ការ​សិក្សា​ពី​អក្សរ​សាស្ត្រ​របស់​យើង​ សង្ខេប​ត្រឹម​នេះ​ ហើយ​យើង​សង្ឃឹម​ថា នៅ​ពេល​ក្រោយ​ ដែល​យើង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង សិក្សា​បាន​វែង​ឆ្ងាយ​ទៅ​ទៀត​ យើង​ នឹង បន្ថែម​ឲ្យ​កាន់​តែ​បាន​ពិស្ដារ​ឡើង​ជា​លំដាប់​។ តែ​មុន​ នឹង បញ្ចប់​យើង​ត្រូវ​ចង​ចាំ​ថា មួល​ហេតុ​ដែល​នាំ​​ឲ្យ​ចំរើន​បាន​ហូរ​ហែ​មក​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ អាស្រ័យ​ដោយ​មាន​សេចក្ដី​ឧបត្ថម្ភ​យ៉ាង​ហ្មឺង​ហ្មាត់​របស់​ព្រះ​អគ្គ​មគ្គុ​ទេសន៍​ និង ជាព្រះ​បិតា​ឯក​រាជ្យ​ជាតិ​គឹ​សម្ដេចព្រះ នរោត្តម សីហនុ ដែលព្រះ​អង្គ​ទ្រង់ពុំ​ដែល​ភ្លេច​ម្ដង​ណាទេ ចំពោះ​ការស្ថាបនាវប្បធម៌​ជាតិ ឲ្យរឹង​រិត​តែ​វិសេស​វិសាល​ឡើង​សម​ នឹង​ សមឋានៈប្រទេស​ ដែល​ទ្រង់​បាន​ដឹក​នាំ​ឲ្យ​ចំរើន​គ្មាន​ឈប់​ឈរ​។ ជា​ភស្ដុតាង​ គឺ ព្រះ​អង្គ​សព្វព្រះទ័យ​ទ្រង់​នូវ​ព្រះឋានៈ​ជា​ ប្រធាន​កិត្ដិយស នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ដែល​ជា​និមិត្ដ​រូប​ នៃ​អក្សរ​សាស្ដ្រ​ និង វប្បធម៌​ជាតិ​។

ប្រតិភូ​ដែលចាត់​ឲ្យទៅ​កាល​នោះ​គឺ​ អ្នក​និពន្ធ​ ម៉ា - ឡាយ​ខេម និង លី​ - ធាមតេង ដែល​អ្នក​និពន្ធ​ក្នុង​សមា​គម​បាន​បោះ​ឆ្នោត​ជ្រើស​រើស​។