ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ចុះផ្សាយដោយ កែវ ឈុន
****************************************
អក្សរសាស្ត្រខ្មែរ
ដោយ លី ធាមតេង
សមាជិកក្រុមអភិបាល សមាគមអ្នកនិពន្ធខ្មែរ
សាស្ត្រាចារ្យជំនួយខាងវិជ្ជាខ្មែរនៅមធ្យមសិក្សា
រក្សាសិទ្ធិ
ព.ស ២៥០៣ គ.ស ១៩៦០
ចំពូកទីប្រាំបួន
អក្សរសាស្ដ្រសម័យអាណាព្យាបាល(ត)
ថ្ងៃសៅរ៍ ទី 9.ឧសភា 2020.ម៉ោង 8:20
ម៉ឺនភក្ដីអក្សរ - តន់
រឿងសព្វសិទ្ធ ជាស្នាដៃរបស់អ្នកនិពន្ធ ឈ្មោះ តន់ ដែលមានគោរម្យងារជាម៉ឺនភក្ដីអក្សរ និពន្ធឡើងពី គ.ស. ១៨៩៩ ។ រឿងនេះមានផែនរឿង មិនខុសពីរឿងវែងៗ កាលពីសម័យមុនទេ ប៉ុន្ដែយើងឃើញប្លែក ត្រង់ដែលអ្នកនិពន្ធនេះមិនសរសេរកំណាព្យជាបទពំនោល ព្រហ្មគិតិ ឬ កាកគតិទេ។ លោកសរសេរជាកាព្យពាក្យ ៧ រហូតតាំងពីដើមដល់ចប់ប្រកបដោយពាក្យពេចន៍ជួនរណ្ដំគួរចាប់ចិត្ដណាស់ដែរ ដែលយើងលើកយកសេចក្ដីមួយវគ្គក្នុងរឿងនោះមកបង្ហាញដូចតទៅ៖
ធម្មតាកើតមកជាកូនស្រី បើគ្មានស្វាមីតាមសណ្ដាប់ គេថាអប្រីយស្រីឥតស័ព្ទ ខុសនឹងតម្រាប់ពីបុរាណ។ មិនគួរកំណាញ់ពាក្យមួយម៉ាត់ សម្ងំសម្ងាត់មិនសាកសាន មួយម៉ាត់តើកាត់ថ្លៃប៉ុន្មាន រៀមរក្សហាក់ហ៊ានជូនតាមថា។ ឬក្រែងស្ដីនោះជ្រុះមាសប្រាក់ ឬមួយក្រែងប្លាក់ផ្កាចម្ប៉ា ចូរប្រាប់ចំពោះសោះសង្ការ ឬមិនចរចាតែនឹងបង។ រីប្រុសឯទៀតឆ្លៀតឆ្លងស្ដី អញ្ចឹងទេរីស្រីស្នេហ៍ស្នង ឬមួយគថ្លង់ល្ង់កន្លង ទើបមិនសាសងសព្ទវាទី។
ក្នុងអត្ថបទខាងលើនេះ ម៉ឺនភក្ដីអក្សរតន់ ប្រើល្បិចកល សំនួនវោហារលួងលោម វេលាណាកាលនាងសុវណ្នកេស មិនស្ដីជាមួយប្រុសសោះ ហើយព្រះបិតាបានចាត់ឲ្យបុត្រាស្ដេចនានាចូលទៅស្ដីប្រលោមឲ្យនាងនិយាយតប។
ឧកញ៉ាសុត្ដន្ដប្រីជា - ឥន្ទ
លោកឥន្ទ មានដើមកំណើតកើតជានៅរកាកោង ស្រុកមុខកំពូល ខេត្ដកណ្ដាល ដែលជាដំបន់ទន្លែធំ បរិបូណ៌ដោយទេសភាព។ បិតាឈ្មោះបញ្ចង់ - កែ ម្ដាយឈ្មោះមុំ លោកកើតពីឆ្នាំ ១៨៥៩។ លុះអាយុ ១០ឆ្នាំក៏បានទៅនៅវត្ដសិក្សាអក្សរខ្មែរ និង ហាត់រៀនប្រេគម្ពីរផ្សេងៗ រួចហើយលោកចូលផ្នួសជាសាមណេរ។ អាយុ២០ ឆ្នាំ លោកចេញទៅបន្ដវិជ្ជានោប្រទេសសៀមបាន ៧ឆ្នាំ ត្រឡប់មកស្រុកខ្មែរវិញ។ អាយុ ៣៧ ឆ្នាំបានលាចាកផ្នួសមកមានប្រពន្ធកូន នៅខេត្ដបាត់ដំបង។ លោកឥន្ទជាអ្នកឧស្សាហ៍ សរសេរណាស់ទើបពេលនោះ លោកថាថនឈុំ បានឲ្យងារថាទីហ្លួងវោហារ។ លុះលោកមានអាយុ ៥៥ឆ្នាំ រាជការបានអញ្ជើញលោកឲ្យមកធ្វើការនៅក្រុងភ្នំពេញ ក្នុងក្រុមពុទ្ធសាសនបណ្ឌិត្យ ទទួលមុខងារ ខាងផ្ទៀងផ្ទាត់ក្បួនច្បាប់ផ្សេងៗ និង ជួយរៀបរៀងវចនានុក្រមខ្មែរ។ ដល់បានអយុ ៦៥ឆ្នាំ ហើយលោកសុំលារាជការត្រលប់ទៅនៅឯបាត់ដំបងវិញ។ លោកទទួលអនិច្ចកម្មដោយរោគក្អក ពីឆ្នាំ ១៩២៤។
ឯលក្ខណខាងក្រៅរបស់លោក គួរជាជនមួយល្មមស្រលាញ់រាប់អានក្រៃលែង លោកចូលចិត្ដនិយាយក្រមាច់ក្រមើមច្រើនតែជាអ្នកមានស្មារតី រឹងប៉ឹងមិនរវល់ នឹង ការអ្វីឥតប្រយោជន៏ទេ មាត់លោកស្រួចបង្ហាញកិរិយាជាអ្នកនិយាយច្រើន។ ទៅណាមកណាលោកតែងស្លៀកសំពត់ចងក្បិន ពាក់អាវកត្រង់ កាន់ដំបង់ប្រាក់ ពាក់មួកកាស ហើយបង្អូសស្បែកជើងផ្ទាត់រលុង។ គ្រាណាដើរទៅមុខ លោកច្រើនងើយមើលលើ។
ពេលលោកអនិច្ចកម្មទៅ គេរកឃើញស្នាដៃដែលលោកសរសេរបាន ចំនួន ៤៤មុខ តែដែលបោះពុម្ពហើយមានតែរឿងអំបែងបែក សុភាសិតច្បាប់ស្រី លោកនីតបករណ៍ ក្បួនមេកាព្យ និរាសអង្គរ និង គតិលោកប៉ុណ្ណោះ។ ក្នុងចំណោមស្នាដៃរបស់លោកដែលបោះពុម្ពហើយទាំងប៉ុន្មាន ហើងឃើញមានសាច់កាព្យគួរឲ្យចាប់ចិត្ដណាស់ ចំណែកពាក្យរាយសោត ក៏លោកប្រឌិតឡើងជារឿងរ៉ាវទូន្មានសន្ដានចិត្ដជនានុជន គ្រប់រូបឲ្យមានស្មារតីរឹងប៉ឹង ចេះពិចារណាមាំមួនមុន នឹង ធ្វើការអ្វីមួយ។ យើងដកស្រង់ស្នាដៃ ជាពាក្យកាព្យមួយមក ព្រោះកវីរូបនេះ ល្បីល្បាញជាបំផុតខាងកំណាព្យក្នុងសតវត្សទី ២០ នេះ។ សេចក្ដីដកស្រង់នេះយើងស្រង់ចេញពីរឿងនិរាសអង្គរ ដែលលោកសរសេរក្នុងពេល ដែលលោកបានទៅជួបប្រទះ នឹង រូបភាព ចម្លាក់រចនា នៃ ប្រាសាទអង្គដំបូង ដូចមានសេចក្ដីរាប់រៀបជាពាក្យឃ្លោងជួនរណ្ដំតទៅ៖
១ គយគន់ស្ថានស្ពានថ្មតប្រជិត ជាក្ដារថ្មដាសដិតប្រកិតគោក ទោះដំរីបរជាន់ក៏គ្មានយោគ ឥឡូវជ្រោកស្រុតខ្លះតែដើរបាន។ ២ បង្កាន់ដៃច្នៃរូបវាសុក្រី ដប់សិរសីដូចស្និតជិតជុំប្រាណ លើកពពារឡើងពញ្នក់ហាក់ហាវហាន សំដែងប្រាណប្រួញរូបជាមួយគ្នា។ ៣ មើលនាគរាជអង់អាចអំណាចស្ញែង ខ្លួនក៏វែងក្បាលក៏វក់តាមទ្វារា លូនលើស្ពានមានជើងកល់គង្គា កន្ទុយបែកញែកគ្នាតាមធ្លាផ្លូវ។ ៤ ឱរូបវាសុក្រីឥតក្រែងគ្រុឌ តាំងសំដែងរិទ្ធិរុទ្ធតសត្រូវ ប្រសិនគុឌមកយល់យ៉ាងពុំនៅ គង់ស្ទុះទៅជ្រកក្នុងកសិន្ទនេះ។ ៥ នាគអើយនាគបាសានបុរាណសាង ពីដើមយ៉ាងល្អឯកដូចម្ដេចអេះ ឥឡូវនាគងាកធ្លាក់បាក់របេះ ឃើញតែរាងយ៉ាងនេះអស់លំអរ។ ៦ ខ្លួនក៏ឃ្លាតក្បាលក៏ឃ្លៀងទៅដោយខ្លួន ឃើញតែក្បួនជើងទៀនប្រចាំទ្រ ស្ដាយអើយសែនស្ដាយស្នាដៃលោកតាំងមក៍ មិនតាំងតឋាវរៈវែងទៅ។ ៧ ឱអនិច្ចាសង្ខារនាគាថ្ម ហ្មាយតស្ថិតស្ថេរចេរកាលនៅ នេះមិនទាន់ប៉ុន្មានមកហ្មងសៅ មករុះរាយធ្លាក់ទីទីទៃផ្ដាស់។ ៨ មែនហ្ន៎ សព្វសង្ខារក្នុងលោកីយ៍ មិនថាអ្វីកើតមកគង់វិនាស ចុះត្រៃលក្ខណ៍ ជាក់យ៉ាងពុទ្ទប្រកាស សង្ខារចាស់គង់ផ្លាស់ទៅជាថ្មី។
ចំណែកសេចក្ដីខាងលើនេះ លោកឧកញ៉ាសុត្ដន្ដប្រីជា - ឥន្ទ នាំយើងឲ្យស្លុងទៅរករូបចំលាក់នៅអង្គរវត្ដ ដែលកសាងមកជាច្រើនសតវត្សហើយ ហើយដែលឥឡូវនេះបាក់បែកទ្រុឌទ្រោមច្រើនណាស់ទៅហើយផង។ ត្រង់នេះហើយដែលកវីឯករបស់យើងបានទាញយកទៅធៀប នឹង សង្ខារអ្វីៗផ្សេងដែលកើតមកក្នុងលោក ហើយតែងវិនាសត្រលប់ទៅវិញជាធម្មតា។ លោកកវីនេះ ប៉ិនប្រសប់ខាងធ្វើការរាប់រៀបពីចលនាអ្វីមួយបានរស់រវើក ហាក់ដូចជាយើងអ្នកអានបានទៅឃើញជាមួយលោកដែរ។ ស្នាដៃលោកទាំងអស់ សុទ្ធតែរាប់ថាជាបានការឥតមានចន្លោះមួយឡើយ ដែលអ្នកសិក្សាអក្សរសាស្ត្រទាំងឡាយ គប្បីយកចិត្ដទុកដាក់ចំពោះស្នាដៃរបស់លោកឲ្យមែនទែន។
ឧកញ៉ាវិបុលរាជសេនា នូ - កន
លោកកនមានស្រុកកំណើតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ដតាកែវ បិតានាម នូ ម្ដាយនាម អ៊ុក។ លោកកើត ពីគ.ស. ១៨៧៤ អាយុបាន ៩ឆ្នាំ ឪពុកម្ដាយបាននាំឲ្យទៅសិក្សាក្នុងសំណាក់គ្រូ អ៊ិន ជា គង់វត្ដត្នោត (អង្គតាសោម) ។ លុះអាយុបាន ១៤ ឆ្នាំ លោកបួសជាសាមណេរបានមួយវស្សារួចសឹកមកវិញ។ អាយុ ១៧ឆ្នាំចូលធ្វើជាស្មៀនលោកចៅហ្វាយខេត្ដទ្រាំង បានមុខងារខាងដើរទារពន្ធដារ។ ក្នុងរវាងគ.ស. ១៨៩១ - ៩៤ លោកបានធ្វើការនៅក្នុងក្រុមព្រះអាលក្ខណ៍ ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះនរោត្ដម។ បន្ទាប់មកពីនេះ លោកបានចូលធ្វើរាជការក្នុងក្រុមសុរិយោដី រួចខាងឃ្លាំងប្រាក់។ ក្នុងគ.ស. ១៩០២ លោកបានប្រលងជាប់លេខ១ ខាងអក្សរខ្មែរបានសញ្ញាបត្រ រាជការក៏តាំងធ្វើជាចៅហ្វាយខេត្ដកំពង់សៀម ហើយរាជការផ្លាស់លោកទៅធ្វើការនៅជាច្រើនខេត្ដទៀត។ លោកជាអ្នកជំនាញខាងផ្លូវច្បាប់ ទើបក្រោយមកបានធ្វើជាចាងហ្វាងសាលាលុឃុននិង សាលាឧទ្ធរណ៍។ កាលនោះរាជការអាណាព្យាបាលបានអញ្ជើញលោកឲ្យទៅបំពេញវិជ្ជាខាងរបៀបរាជការ ឯប្រទេសបារាំងអស់រយៈ ៩ខែ។
ត្រលប់មកវិញ លោកធ្វើជាភូឈួយសេនាបតីក្រសួងក្សេត្រាធិការ មានគោរម្យងារជាឧកញ៉ាវិបុលរាជសេនា។ លោកទទួលនិវត្ដន៍ពីការរាជការហើយ លោកនៅតេខំព្យាយាមសរសេរតុបតែងរឿងរ៉ាវ និង ប្រែរឿងណាសំខាន់ៗ ពីភាសាបរទេសមកជាភាសាខ្មែរ។ កាលពី គ.ស. ១៩៤៥ គ្រាដែលប្រទេសខ្មែររៀបចំការបោះឆ្នោតជាដំបូង ដើម្បីបង្កើតរដ្ឋសភាកសាងរដ្ឋធម្មនុញ្ញនោះ លោកបានជាប់ឆ្នោតជាដំណាងរស្ត្រក្នុងមណ្ឌលកោះសូទិន ខេត្រកំពង់ចាម។ ឯភរិយាក្រៅរបស់លោកគេចាំបានថា លោកជាអ្នកឧស្សាហ៍និយាយ តែសំដីលោកមួយៗ មិនសូវញាប់ទេ ហើយច្បាស់លាស់ណាស់ផង។ មុខលោករាងមូល ជើងសក់ឆ្លក លោកទុកពុកមាត់ងទន្ទាំ ព្រមទាំងមានភ្នែកថ្លាឆ្វង់សមជាអ្នកត្រិះរិះពិចារណាច្រើន។ ក្រោយដែលលោកស្លាប់ទៅ គេរកឃើញស្នាដៃរបស់លោក ដែលបានបោះពុម្ពហើយ និង ខ្លះទៀតពុំទាន់បានបោះពុម្ពមានជាច្រើនដូចតទៅនេះ៖
- ១ - រឿងពិម្ពានិព្វាន
- ២ - រឿងសាមកុក
- ៣ - រឿងទាវឯក
- ៤ - បកិណ្ណកកថាគោរព ៧ប្រការ
- ៥ - រឿងមហាសបស្សីតាបស
- ៦ - រឿងឥណាវ
- ៧ - រឿងតុងឈីន, រឿងសមុទជេដ្ឋា
តទៅនេះ យើងសូមដកស្រង់សេចក្ដីមួយពីក្នុងរឿងទាវឯករបស់លោក ដែលលោកបានសរសេរឡើងទទួលរង្វាន់លេខ ១ ក្នុងការប្រលងប្រជែងអក្សរសាស្ត្រពី គ.ស. ១៩៤៤ ដែលលោករៀបជាកំណាព្យ ៨ជួនរណ្ដមដូចតទៅ៖
១ លោកនេនទុំពុំធ្វេសទេសន៍បទស្មូត តរហូតផុតរឿងអ្នកផងលែ ចេញអស់ចែបលែបខាយសាយរន្ទឺ នោះក៏គឺអាចគមផ្សំវោហារ។ ស្រីប្រុសខ្លះក្រាស់កាមដាមប្រឡាក់ គិតតែស្ម័គ្រជាក់ដល់វល់ចិន្ដា នឹកឃើញរឿងក្នុងខ្លួនមានសង្សារ ពីកាលណានិរាសប្រាសទីទៃ។ ខ្លះក៏ប្រាសទាំងរស់ខ្លះប្រាសស្លាប់ លុះមកស្ដាប់សព្ទស្មូតកើតរីងរៃ នឹកដល់ដើមកំសត់មិត្ដមាសមៃ ឆ្អែតហរិទ័យន័យនឹងស្រក់ទឹកនេត្រ ខ្លះអាល័យអាឡោះស្រណោះផ្សេង ដោយសំលេងអន្លុរឹងសម្ភេទ ដូចជាដើរក្នុងព្រៃឆ្ងាយទូរេត ពេលសុរិយេតសាយណ្ហទន់ត្រជាក់។ ខ្លះពោះម៉ាយស្ដាយមិត្ដគិតខ្មោចនាង ឯមេម៉ាយស្ដាយរាងរូបខ្មោចអ្នក តាអាណោចខ្មោចយាយរាយមាយភ្ញាក់ យាយញ័ររញាក់នឹកខ្លោចដល់ខ្មោចតា។
សំនួនវោហាររបស់លោកកវីកន ដែលយើងស្រង់មកខាងលើនេះ ដំណាលកាលអ្នកស្រុកទាំងប្រុសស្រីអង្គុយស្ដាប់នេនទុំស្មូតក័ណ្ឌមទ្រី ត្រង់ដេលនាងមទ្រីលាព្រះវេស្សន្ដរទៅក្នុងព្រៃ ហើយព្រាហ្មណ៍ ជូជក់មកសុំយកបុត្រទាំងគូទៅវាយបណ្ដើរតាមផ្លូវ។ នែនទុំប្រសប់បន្ទន់សំលេងទៅតាមការសោកសង្រេងរបស់កុមារទាំងពីរ នាំឲ្យអ្នកស្ដាប់អត់ទ្រាំមិនបាន ក៏នឹកគិតលន្លង់ចិត្ដតែរៀងខ្លួន។ លោកចេះរោយសំដំលាយដោយការកំប្លែងផង។