ចំពូកទីប្រាំបួន
អក្សរសាស្ដ្រ​សម័យអាណាព្យាបាល
ថ្ងៃសៅរ៍ ទី2.ឧសភា 2020.ម៉ោង 16:25

    ឥឡូវ​នេះ​ យើង​ត្រូវ​និយាយ​ពី​រឿង​រ៉ាវ​អក្សរ​សាស្ត្រ​ខ្មែរ​យើង ក្នុង​សម័យ​អាណា​ព្យា​បាល​។ គ្រាន់​តែ​លឺ​ឈ្មោះ​សម័យ​នេះ​ យើង​ប្រមាណ​ដឹង​ខ្លះ​ហើយ​ថា ជា​សម័យ​ដុន​ដាប​មួយ​របស់​អក្សរ​សាស្ត្រ​យើង​។ គឺ​គ្រា​នោះ​ឯង​ដែល​ប្រទេស​ខ្មែរ​យើង​ ត្រូវ​ធ្លាក់​ខ្លួន​នៅ​ក្រោម​ឱវាទ​ពួក​បស្ចឹម​ប្រទេស​អស់​រយជាង​ប៉ែត​សិប​ឆ្នាំ គឺតាំង​ពី​ គ.ស. ១៨៦៤ រហូត​ដល់​ ១៩៥៣ ជា​គ្រា​ដែល​ខ្មែរ​ដោះ​ខ្លួន​ផុត​ពី​អាណា​ព្យា​បាល​របស់​បរ​ទេស​។ លោក​អ្នក​គង់​នៅ​ចាំ​បាន​សឹង​តែ​គ្រប់​គ្នា​ហើយ​នោះ​ តើ​អក្សរ​សាស្ត្រ​យើង​យ៉ាង​ណា? យើង​មិន​ដែល​ឃើញ​អក្សរ​ខ្មែរ​លេច​មុខ​មាត់​មក​ជា​ផ្លូវ​ការ​ ដើម្បី​បង្ហាញ​ដល់​សា​ធារណ​ជន​ទេ​។ ចំណែក​ក្បួន​ខ្នាត​នាន​ខាង​អក្សរ​សោត​ ក៏​ឥត​ដែល​មាន​នរណា​រាប់​អាន​លើក​ឡើងជា​ត្រី​មុខ​ឡើយ​។ ហេតុ​នេះ​ឯង​អក្សរ​ខ្មែរ​ ក៏​រត់​ទៅ​ពួន​អាត្មា​យ៉ាង​ស្ងាត់ស្ងៀម​នៅ​តាម​វត្ដ​អារាម​ ឬ ក្រាប​ខ្លួន​ផ្ដិត​ជាប់​ នឹង សិលា​ចារឹក​ទាំង​ឡាយ​ ឥត​មាន​កំរើក​ខ្លួន​ឡើយ​ ព្រោះ​ខ្លាច​មានឧបសគ្គ ឬ​ មហន្ដ​រាយ​អ្វី​ដល់​ខ្លួន។

    ព្រះ​សង្ឃ​ពុទ្ធ​សាសនិក​ទាំង​ឡាយ​ តែង​យក​ព្រះទ័យ​ទុក​ដាក់​ប្រឹង​ប្រែង​ ថែរក្សា​កេរ្ដិ៍​ ដំណែល​ទាំង​នោះ​បាន​នៅ​គង់​គត់​មត់​។ ព្រោះ​ដូច​យើង​តែង​និយាយ​ជា​រឿយ​ៗ​ មក​ហើយ​ថា អក្សរ​សាស្ត្រ​យើង បាន​បោះ​គោល​ចារឹក​នៅ​ក្នុង​លទ្ធិ​ពុទ្ធ​សាសនា​យ៉ាង​ស៊ប់​សួន​ខ្លាំង​ណាស់។ ព្រះ​សង្ឃស្វា​ធ្យាយ​ធម៌​គ្រប់​ម៉ាត់​គ្រប់​ពាក្យ​ ឬ​ ធម្ម​ថិក​ទេស​នា​គ្រប់​លើក​គ្រប់​គ្រា​ សុទ្ធតែ​ជា​មធ្យោ​បាយ​ផ្សាយ​អក្សរសាស្ត្រ​សម័យនោះ​ ដើម្បី​រោយនូវ​អានុភាព​អក្សរ​ខ្មែរ ឲ្យ​បាន​ជ្រាប​ក្នុង​សន្ដាន​ចិត្ត​ ប្រ​ជាករ​យើង​ទូទៅ​។ ចំណែក​ទឹក​ចិត្ត​ជន​ជាតិ​យើង​វិញ​ ឃើញ​ថា​មាន​ភាគ​ច្រើន​ដែល​នៅ​តាម​និគម​ជន​បទ​ តែង​មិន​ព្រម​ដាច់​អាល័យ​ពី​អក្សរ​សាស្ដ្រ​របស់​ជាតិ​ខ្លួន​ឡើយ។ គេ​តែង​បញ្ជូន​កូន​ចៅ​ឲ្យ​ទៅ​រៀន​សូត្រ​​ជាមួយ​ព្រះ​សង្ឃ​ ដើម្បី​ក្រេប​ជញ្ជក់​ នូវ រស​ជាតិ​វិជ្ជា​ផ្សេងៗ​ របស់​ជាតិ​ខ្លួន​។ ព្រះ​សង្ឃ​ទៀត​ក៏​មាន​មេត្ដា​ធម៌​ក្រៃ​លែង។ លោក​ប្រឹង​ប្រែង​បង្ហាត់​បង្ហាញ​កុមារ​ទាំង​នោះ​លុះ​ត្រា​តែ​បាន​ចេះ​អាន​ ចេះ​សរ​សេរ​ល្មម​ប្រើ​ការ​បាន​ ទើប​លោក​ឲ្យ​វិល​ត្រឡប់​មក​ផ្ទះ​រក​ប្រ​កប​អាជី​វកម្ម​ត​រៀង​ទៅ​។

   ទំព័១៦០ បន្ទាត់ ១ នៅ​ពេលទំនេរ​ ប្រជា​ជន​ខ្មែរ​ មិន​ដែល​នៅ​ស្ងៀម​ឥត​ប្រយោជន៍​ទេ​ គេតែង​នាំ​គ្នា​អាន​សាស្ត្រា​រឿង​ និទាន​រឿង​ព្រេង​ ឬ ច្រៀង​លេង​តាម​ទំនុក​របស់​ខ្មែរ​បុរាណ​ គឺ​ជា​សាខា​របស់​អក្សរ​សាស្ត្រ​យើង ឬ​ ថា​ជា​វត្ថុ​ធាតុ​ដែល​សំរាប់​ផ្សំ​ឲ្យ​កើត​ជា​អក្សរ​សាស្ត្រ​យើង​។ តែ​គួរ​អនិច្ចា​ណាស់​ របៀប​សរសេរ​អក្សរ​ក្នុង​សម័យនោះ​ ព្រោះ​គ្មាន​ឯក​ភាព​សោះ​ ដោយ​ក្បួន​ច្បាប់​សំខាន់​ៗ​ របស់​យើង​បាន​បាត់​បង់​ទៅ​ជា​ច្រើន​ សោត​អែ​អ្នក​ប្រាជ្ញ​នានា​ ក៏​សោះ​សូន្យ​មិន​មាន​អើត​មុខ​មក​ក្នុង​មជ្ឈ​ដ្ឋាន​ជា​ផ្លូវ​ការ​ឡើយ​ ព្រោះ​ខ្លាច​អំណាច​បរទេស​ដែល​ជា​អ្នក​គ្រប់​គ្រង​។ ទោះ​បី​ជា​មាន​បណ្ឌិត​ណា​ឆ្លៀត​សរសេរបាមរឿង​រ៉ាវ​អ្វី​មួយ​ៗ​ទុក​មក​ គេ​ពុំ​សូវ​ហ៊ាន​បញ្ចេញ​ឈ្មោះ​របស់​ខ្លួន​ឲ្យ​យើង​ដឹង​ទេ​ នៅ​សល់​ត្រឹម​ស្នា​ដៃ​ប៉ុណ្ណោះ​ ជា​ហេតុ​នាំ​ឲ្យ​យើង​ស្ដាយ​ក្រៃ​លែង​។ អក្សរ​ដែល​ចារ​នៅ​ក្នុង​ស្លឹក​រឹត​ ឬ សរសេរ​នៅ​ក្រាំង​ផ្សេងៗ​ មិន​ដែល​ត្រឹម​ត្រូវ​តាម​អក្ខ​រា​វិរុទ្ធ​ឡើយ ដូច​ជា​ពាក្យ​តែ​មួយ​ម៉ាត​សោះ​ ពួក​អ្នក​សរសេរ​ជាន់នោះ​អាច​សរ​សេរ​ដាក់​តាម​ចិត្ដ​ខ្លួន​ទៅ​ជាបី ឬ បួន​បែប​ នាំ​ឲ្យ​អ្នក​សិក្សា​ពិបាក​ឈោង​ចាប់​យក​ការ​ទៀង​ទាត់​ ក្នុង​ពិធី​សរសេរ​អក្សរ​នេះ​ក្រៃ​លែង​។

    បើ​ឃើញ​កំហុស​យ៉ាង​នេះ​ តើ​យើង​ចាត់​ជា​អ្នក​និពន្ធ​ ឬ កវី​ជំនាន់​នោះ​សរសេរ​ខុស​ ឬ អ្វី​? បើ​តាម​ការ​ស្រាវ​ជ្រាវ​របស់​យើង​ គឺមិន​មែន​អ្នក​និពន្ធ​សរសេរ​ខុស​ទេ​ ព្រោះ​បើ​ខុស​មែន​ម្ដេច​ក៏​អ្នក​និពន្ធ​នោះ​ចេះ​យក​ពាក្យ​បាលី​ សំ​ស្ក្រឹត​ពិបាក​ៗ មក​បញ្ចូល​​ជា​មួយ​បាន​? ម្ដេច​ក៏​ចេះ​ប្រើ​ពាក្យ​ទាំង​នោះ​អិត​ឆ្គង​សោះ​?។ ត្រង់​នេះ​ហើយ​បញ្ជាក់​ប្រាប់​យើង​ថា កវី​បុររាណ​ខ្មែរ​លោក​ពិត​ជា​ចេះ​សរសេរ​ទៀង​ទាត់​ណាស់​។ ឯកំហុស​ដែល​យើង​ពោល​ខាង​លើ​នេះ​ ពិត​ជា​កើត​ឡើង​ពីពួក​អ្នក​ដែល​ចារ ឬ សរសេរ​ចំលង​ក្រោយៗ​ បន្ដរៗ​ មកនេះ​ទេ​។ ដ្បិត​ពួក​អ្នក​ទាំង​នេះ​ច្រើន​មិន​សូវ​បាន​រៀន​សូត្រ​ខ្លឹម​សារ​អក្សរ​សាស្ត្រ​ជាតិ​ ឲ្យ​ជ្រៅ​ជ្រះ​ពិត​ប្រា​កដ​មែន​ទែន​ ដូច​នេះ​ទើប​សរសេរ​ ឬ ចារ​តាម​តែ​គំនិត​ខ្លួន​ គឺ ឲ្យ​តែ​ថា​ត្រូវ​ចេះ​តែ​ពីថា​បាន​។ តែ​ទោះ​បី​ជាមាន​ហេតុ​ឆ្គាំ​ឆ្គង​យ៉ាង​ហ្នឹ​ក៏ដោយ​ យើង​សូម​សរសើរ​ពួក​អ្នក​ព្យា​យាម​ប្រឹង​ចារ​ប្រើង​សរសេរ​ចំលង​នេះ​ដែរ​ ព្រោះ​ដោយ​សារ​តែ​គំនិត​ល្អ របស់​អ្នក​ទាំង​នោះ​ហើយ ទើប​សាស្ត្រា​ រឿង​រ៉ាវ​ជា​ស្នា​ដៃ​អក្សរ​សាស្ត្រ​យើង​ នៅ​គង់​ទ្រង់​រហូត​ឲ្យ​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ។

    យើង​ប្រទះ​ឃើញ​ស្នា​ដៃ​ជា​ច្រើន​ណាស់​ដែរ​ ដែល​រៀប​រៀង​ឡើង​ក្នុង​សម័យ​នោះ​ ដូច​មាន​តារាង​ខាង​ក្រោម​ដែល​មាន​រាប់រៀប​ពី​ស្នាដៃ​ នាម​អ្នក​និពន្ធ​ និង កាល​បរិច្ឆេទ​ដែល​រៀប​រៀង​រឿង​នោះ​ឡើង​៖

លេខរៀង ឈ្មោះរឿង អ្នករៀបរៀង កាលបរិច្ឆេត
រឿងមរណមាតា ស្នាដៃ​ធម្មបញ្ញា អ៊ុក ពី គ.ស. ១៨៧៧
រឿងពោធិវង្ស ស្នាដៃព្រហ្មបរភក្ដី​ ពី គ.ស. ១៨៨១
រឿងចៅមាស ស្នាដៃ​ឃុនសន្ធរពិនិត្យ ពី គ.ស.១៨៨៧
រឿងសព្វសិទ្ធិ ស្នាដៃម៉ឺន​ភក្ដី​អក្សរ​ តន់​ ពី គ.ស. ១៨៩៩
រឿងសង្ខសិល្បជ័យ ស្នាដៃ​ឧកញ៉ាវង្សាធិបតី អ៊ុក ពី គ.ស. ១៨៨២
រឿងព្រះលក្សិណវង្ស ចៅធិការវត្ដព្រែកប្រណាក ពី គ.ស. ១៨៩០
រឿងអំបែងបែក ស្នាដៃ​ឧកញ៉ា សុត្ដន្ដប្រីជា ឥន្ទ ពី គ.ស. ១៨៨៩
កាព្យនិរាសអង្គរ ឧកញ៉ា សុត្ដន្ដប្រីជា ឥន្ទ​ ពី គ.ស. ១៩២៦
គតិលោក ឧកញ៉ា សុត្ដន្ដប្រីជា ឥន្ទ​ ពី គ.ស.១៩២០
១០ រឿងពិម្ពាពិលាប អ្នកស្រី សិទ្ធ ពី គ.ស. ១៩២០
១១ រឿងពម្ពានិព្វាន លោកវិបុល​ ពី គ.ស.១៩២០
១២ រឿងទាវឯក លោកវិបុល ពី គ.ស. ១៩៤២
១៣ រឿងបិសាចស្នេហា លោកញ៉ុក ថែម​ ពី គ.ស. ១៩៤០
១៤ រឿងកុលាបប៉ៃលិន លោកញ៉ុក ថែម​ ពី គ.ស.១៩៣៦
១៥ រឿងទឹកទន្លេសាប លោកគឹម ហាក់​ ពី គ.ស. ១៩៤១
១៦ រឿងសេកសោមបណ្ឌិត លោកគឹម ហាក់ ពី គ.ស. ១៩៣៣
១៧ រឿងសុផាត លោករឹម គឹន​ ពី គ.ស. ១៩៣៨
១៨ រឿងកែបមាត់សមុទ្រ លោកតូច សឹងហន​ ពី គ.ស. ១៩៤២
១៩ រឿងមហាអភ័ព្វ លោកអ៊ុម ហ៊ី​ ពី គ.ស. ១៩៤៦
២០ រឿងចៅ​កើតសុសល លោកនង ឈុំ​ ពី គ.ស. ១៩៤១

    ក្រៅ​ពីនេះ​ យើង​ឃើញ​មាន​រឿង​ជា​ច្រើន​ដែល​យើង​រក​ឈ្មោះ​អ្នក​និពន្ធ​មិន​ឃើញ ​បានជា​យើង​មិន​បាន​លើក​យក​មក​រាប់​ក្នុង​ទី​នេះ​។

    បើ​យើង​ពណ៌នា​សរុប​ផ្ទៃ​រឿង​ទាំង​នោះ​ មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ទេ​ ដូច្នេះ​យើង​គ្រាន់​តេ​វែក​ញែក​ជាពីរ​ពួក​ប៉ុណ្ណោះ​ គឺ​ពួក​រៀប​រៀង​តាម​បែប​បុរាណ​ និង ពួក​រៀប​រៀង​តាម​បែប​ទំនើប។

    បែប​បុរាណ​ អ្នក​និពន្ធ​បានទូលាយ​ចិត្ដ​ណាស់​ក្នុង​ការ​ចង​ក្រង​ផ្ទៃ​រឿង​ គេ​អាច​និយាយ​តាម​ចិត្ដ​ ចង់​តួ​នីមួយ​ៗ​ ស្លាប់​ប៉ុន្មាន​ដង​ក៏​ដោយ​ តែង​តែ​មាន​អ្នក​មាន​រិទ្ធិបារមី​ មាន​ព្រះ​ឥន្ទជាដើម​ មក​ជួយ​ប្រោស​ជន​នោះ​ឲ្យ​រស់​មានជីវិត​ឡើង​វិញ​។ ឯដំណើរ​កាន់​គ្នា​សោត​ទៀត​ជួន​កាល​ឃើញ​ពិបាក​ពេក​ ដូច​ជាដើរ​កាត់​ព្រៃ​ ឆ្លង​វាល​តាម​ព្រៃ​ភ្នំក្រំថ្ម ជួល​កាល​ឃើញថា​ងាយ​ពេក​ ដូច​ជា​ជិះ​សេះ​ ជិះ​ហង្ស​ ហោះ​ហើរ​ដើរ​លើ​អាកាស​ជា​ដើម​។ ចំណែក​មួយ​បែប​ទៀត​ គឺបែប​ទំនើប​អ្នក​និពន្ធ​បាន​សិក្សា​វិជ្ជា​ផ្លូវ​លោក​ចេះ​មុត​មាំ​ ស្គាល់​នូវ​បញ្ហា​របស់​ជីវិត​មនុស្ស​ ចេះ​ប្រឌិត​ការ​រស់​នោះ​របស់​មនុស្ស​ធម្មតា​ឲ្យ​ផ្ដិត​ជាប់​ក្នុង​ផ្ទៃ​រឿង។ តួ​នីមួយៗ​ លែង​ចេះ​ហោះ​ហើរ​ដើរ​លើ​អាកាស​ ព្រះ​ឥន្ទ​ព្រះ​ព្រហ្ម​ក៏​លែង​ចុះ​មក​ជួយ​ មហា​រិសី​ ឬ ព្រះ​អី​សូរ​ក៏​លែង​បង្រៀន​មន្ដ​អាគម​ តួ​អង្គ​ក៏​មិន​មែន​ជា​ពោធិសត្វ​ចុះ​ពី​ត្រៃ​ត្រឹង​ប្រពឹត​សិត ដូចមុនៗទៀត​ហើយ​។

    ម្ដង​នេះ​អ្នក​និពន្ធទំនើប​ បាន​យក​មនុស្ស​សាមញ្ញទៅ​ដើរ​តួ​ក្នុង​រឿង​ បាន​លើក​បញ្ហា​រស់​នៅ​របស់​មនុស្ស​សព្វ​ថ្ងៃ​ មក​លាត​ត្រដាង​ឲ្យ​បាន​សក្ដិ​សម​ និង កម្រិត​សតិ​ស្មារតី​របស់​ជន​បច្ចុប្បន្ន​ មិន​ឲ្យ​ហួស​កម្រិត​ឡើយ​។ ប៉ុន្ដែ​មាន​ការ​ចំលែក​មួយ​ក្នុង​អក្សរ​សាស្ត្រ​យើង​ ត្រង់​ដែល​រឿង​ទំនើប​ទាំង​នេះ​ លែង​តែង​ជា​ពាក្យ​កាព្យ​ទៀត​ហើយ​។ គេធ្វើ​ជាពាក្យរាយ​ដូច​ជា​ភាសា​អ្នក​ស្រុក​និយាយ​កាន់​គ្នា​ជារាល់​ថ្ងៃ​។ ឯគតិ​រឿង​សោត​ក៏​ងាយ​យល់​ ងាយ​គិត​ល្មម​ នឹង សមត្ថ​ភាព​របស់​ជន​សាមញ្ញ​ មិន​ប្រើ​ពាក្យខ្ពស់​ៗ​ពេក ហើយ​ក៏​មិន​ប្រើ​ពាក្យ​ទាប​ថោក​ពេក​ដែរ​។ សរុប​សេចក្ដី​ទៅ គឺ​អ្នក​និពន្ធ​គ្រា​នេះ​បាន​ស្គាល់​អានុ​ភាព​វិទ្យា​សាស្ត្រ រៀន​សូត្រ​ចេះ​ដឹង​តាម​បែប​អារ្យធម៌​ដុះ​ដាល​ នៃ​ពិភព​លោក​ដ៏​ជាក់ប្រាកដ។

    យើង​ធ្វើការ​សិក្សា​ទៅ​ទៀត​ចំពោះ​ស្នាដៃ​អក្សរ​សាស្ត្រ​យើង ក្នុង​សម័យ​អាណាព្យាបាល​។ ដូច​យើង​បានពណ៌នា​វែក​ញែក​ពី​របៀប​តែង​ក្នុង​សម័យ​នោះ​រួច​មក​ហើយ​ថា ជា​​ដំបូង​គេ​ឃើញ​មាន​អ្នក​និពន្ធ​សរសេរ​របៀប​ភ្លើតភ្លើន​ ដូច​កាល​សម័យ​កណ្ដាលដែរ​ ហើយ​កំណាព្យ​សម័យនេះ​ យើង​ឃើញ​មាន​ការ​ប្ដូរ​របៀប​តែង​ជា​បទ​កាព្យ​៧ ពាក្យ​ ៨ ពាក្យ ៩ ចាប់​ពី​ដើមរឿង​រហូត​ចប់​រឿង​ ដូច​ជា​រឿង​សព្វ​សិទ្ធិ​ជា​ដើម​។ ដូចនេះ ដើម្បី​បញ្ជាក់ភស្ដុតាង​ យើង​លើក​យក​រឿង​ទាំងនេះ​ និង នាម​អ្នក​និពន្ធ​ខ្លះ​ៗ​មកសិក្សា​ដូច​តទៅនេះ​ ៖