ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ចុះផ្សាយដោយ កែវ ឈុន
****************************************
អក្សរសាស្ត្រខ្មែរ
ដោយ លី ធាមតេង
សមាជិកក្រុមអភិបាល សមាគមអ្នកនិពន្ធខ្មែរ
សាស្ត្រាចារ្យជំនួយខាងវិជ្ជាខ្មែរនៅមធ្យមសិក្សា
រក្សាសិទ្ធិ
ព.ស ២៥០៣ គ.ស ១៩៦០
ចំំពូកទីប្រាំបី
អក្សរសាស្ដ្រសម័យកណ្ដាល(ត)
ឧកញ៉ាវង្សសារពេជ្ញ-នង
ថ្ងៃសៅរ៍ ទី25.មេសា 2020.ម៉ោង 9:34
លោកមានងារមួយទៀតជា ឧកញ៉ាព្រះឃ្លាំង - នង គឺជាអ្នកប្រាជ្ញមួយខាងផ្នែកអក្សរសាស្ត្រយ៉ាងចំណានបំផុត ក្នុងសម័យឧត្ដុង្គ ព្រោះលោកបានរៀនសូត្រភាសាជាតិ ភាសាសៀម និង ភាសាបាលីចេះយ៉ាងស្ទាត់ជំនាញ។ កាលរាជ្យព្រះបាទអង្គចន្ទ លោកមានងារជាឧកញ៉ាវង្សសារពេជ្ញ ដ្បិតលោកជាអ្នកចេះព្រះត្រៃបិដក និង អក្សរសាស្ត្រពិតប្រាកដ។ ព្រះមហាក្សត្រទ្រង់ប្រោសប្រាណ តាំងធ្វើជាគ្រូលើសំណាក់ព្រះសង្ឃ និង គ្រហស្ថទាំងឡាយនៅក្នុងព្រះនគរ។ លុះមកដល់រជ្ជកាលព្រះបាទសម្ដេចព្រះហិរក្សរាមាធិបតី ព្រះអង្គឌួង លោកកវីនង បានឡើងជាទីប្រឹក្សា និង ជារាជសហការីផ្ទាល់ព្រះរាជា ហើយព្រះអង្គទ្រង់ប្រោសព្រះរាជទានឋានន្ដរសក្ដិជាចាងហ្វាងឃ្លាំងព្រះរាជទ្រព្យ ទើបមានងារជាឧកញ៉ាព្រះឃ្លាំង។ លោកទុកស្នាដៃឲ្យយើងជាច្រើនគឺ៖
រឿងភោគកុលកុមារ, លោកនយជាតក ច្បាប់សុភាសិត, រឿងបុញ្ញសារ សិរិសារ, រឿងវរនេត្រវរនុជ, និង រឿងព្រះសមុទ្ធ។ ឥលូវយើងលើកស្នាដៃលោកមួយមកពិភាក្សគឺរឿងភោគកុលកុមារ។ រឿងនេះមិនសូវវែងទេ តែបបរិបូណ៌ដោយរាប់រៀប។ យើងអាចនិទានសរុបផ្ទៃរឿងបានយ៉ាងខ្លីដូចតទៅ៖
ភោគកុលកុមារ ជាមាណពកំសត់ប្រកបរបរធ្វើចំការដំណាំបន្លែ។ ឪពុកម្ដាយស្លាប់ចោលអស់។ ព្រះឥន្ទបានទៅនាំបុត្រីព្រះរាជាមួយព្រះអង្គ ឯនគរមួយនៅកណ្ដាកសមុទ្រ មកឲ្យធ្វើជាភរិយាបុរសកំសត់នេះ។ គរស្វាមីភរិយានេះស្រលាញ់គ្នាណាស់ តែនាងភរិយារូបឆោមល្អក្រៃលែង នាំឲ្យកើតរន្ទឺលឺដំណឹងទៅដល់ព្រះបាទព្រហ្មទត្ដជាក្សត្រនគរនេះ ទ្រង់ក៏ប្រើឲ្យរាជអាមាត្យរកមធ្យោបាយ យកនាងស្រីនេះឲ្យបាន។ រាជអាជ្ញទទួលបង្គាប់ហើយ ក៏ប្រើមធ្យោបាយគ្រប់បែបគ្រប់យ៉ាងបោកប្រាស់ចៅកំសត់នេះ តែវាសនមាន ចៅកំសត់ចេះតែមានជោគជ័យលើទៅវិញ។
ថ្ងៃអាជ្ញបានចាប់បង្ខាំងរូបបុរសនោះបាន នាងភរិយាដឹងដូច្នោះ ក៏លួចរត់ចេញពីខ្ទម ទៅឯនគររបស់នាងវិញ ដើម្បីឲ្យផុតពីកណ្ដាប់ដៃអាជ្ញា។ លុះភោគកុលកុមារត្រលប់មកវិញរកប្រពន្ធពុំឃើញ ក៏នាំឆ្កែមួយដើរទៅតាម។ ដល់សមុទ្រក៏នាំគ្នាហែលឆ្លង។ ពេលនោះឆ្កែក៏ស្លាប់ទៅ នៅតែម្នាក់ឯង ប្រឹងហែលឱបខ្មោចឆ្កែ ត្រាតែមានត្មាតមួយមកជួយនាំផ្លូវ លុះទៅដល់សួនច្បាររបស់ព្រះចៅជាបិតាក្មេក។ ពេលនោះមានពួកទាសី មកដងទឹកទៅជម្រះព្រះកាយឲ្យព្រះនាង។
ភោគកុលកុក៏លួចទំលាក់ព្រះទំរង់ទៅក្នុងក្អម ដល់នាងនេះយកទៅស្រោចលើកាយព្រះនាង ស្រាប់តែចិញ្ចៀននេះបានចូលទៅស៊កជាប់ក្នុងម្រាមព្រះហស្ថព្រះនាង។ គេបានដង្ហែយកភោគកុលកុមារចូលទៅក្នុងនគរ រៀបអភិសេកឡើងគ្រងរាជ្យ។ រួចដល់ទីបំផុត ក៏វិលមកយករាជ្យពីព្រះបាទព្រហ្មទត្ដសោយទៀត។
ក្នុងផ្ទៃរឿងនេះ ឧកញ៉ាព្រះឃ្លាំង - នង រៀបចំក្បួនកាព្យ និង ពាក្យពេចន៍ មិនចាញ់ឧកញ៉ា កោសាធិបតី - កៅទេ ដែលយើង នឹង ឃើញក្នុងអត្ថបទដកស្រង់ពីក្នុងរឿងនេះដូចតែទៅ ៖
ឥន្ទ្រជៀងជាក់ ទ្រង់បើកទិព្វចទក្ខ យង់យល់ជៀងជាក់ ជ្រួតជ្រាបថែថា ភោគកុលត្រកាល ពិសាលសោកា ពុំមានភរិយា ជាគូសម្ពន្ធ។ ទើបស្ដេចគិតថា នាងទេពធីតា ដែលអញនិមន្ដ ចុះទៅមនុស្សលោក យោនយកបដិសន្ធិ៍ នៅនាតំបន់ សត្តកុដបុរី។ អាស្រ័យនៅនា ក្នុងឧទរា ព្រះអគ្កមហេសី ស្ដេចសត្ដកុដរាជ អំណាចរិទ្ធី គ្រប់គ្រងបូរី ពលពាលសេនា។ រីនគរនោះ ជាទីទួលកោះ កណ្ដាជលសា ទំហំនគរ បវររដ្ឋា បួនយោជន៍គណនា រាស្ដ្រផងសប្បាយ។ ទៀបនឹងបុរី ពារាណលី គណនាចម្ងាយ យោជន៍សាមសិបប្រាំ ពិតពុំឃ្លាតឆ្ងាយ ភេត្រឈ្មួញឆ្មាយ ចូលជួញឥតអាក់។ រីរាជធីតា សោឡសវស្សា កបនូវនរល័ក្ខណ៍ ដូចទេពអប្សរ បវរសួគ៌ស័ក្ដិ ព្រះខាត់ព្រះភក្ដ្រ ដូចចន្ទបូណមី។
អត្ថបទនេះឧកញ៉ាព្រះឃ្លាំង - នង ពណ៌នាពីសេក្ដីឈ្វេងយល់របស់ព្រះឥន្ទ្ ក្នុងការអញ្ជើញនាងទេពធីតាឲ្យចុះទៅចាប់កំណើតនៅនគរសតតកុដបូរី ដើម្បីបានជាគូ នឹង ភៅគកុលកុមារ។ កវីយើងបានបញ្ជាក់ថា បុរីនេះស្ថិតនៅជាកោះកណ្ដាលសមុទ្រមានទំហំបួនយោជន៍។ ទីបំផុតលោករៀបរាប់ពីសម្រស់លំអររបស់នាងធីតា ដែលអាយុបាន ១៦ឆ្នាំ។ អត្ថបទនេះ អាចបញ្ជាក់បង្ហាញយើងពីការចំរើនលូតលាស់របសអក្សរសាស្ត្រយើង ដោយសារស្នាដៃរបស់កវីខ្មែរបុរាណ។
ព្រះបាទហរិរក្សរាមាធិបតី ព្រះអង្គឌួង
ព្រះបាទអង្គឌួង ទ្រង់ជាព្រះរាជឱរសពៅ នៃ ព្រះបាទអង្គអេង ព្រះចៅក្រុងកម្ពុជាសម័យព្រះរាជវាំងក្រុងឧត្ដុង្គមានជ័យ។ កាលពីកុមារព្រះអង្គបានយាងទៅសិក្សាវិជ្ជានៅឯប្រទេសសៀម ដែលនាំឲ្យព្រះអង្គទ្រង់ភ្លឺស្វាងក្នុងព្រះបញ្ញាញាណខាងផ្លូវអក្សរសាស្ត្រ។ ក្នុងឱកាសសិក្សានេះ ព្រះយុវក្សត្របានឆ្លៀតរៀបរៀងជាសៀវភៅ និង ចងក្រងច្បាប់ទំលាប់ផ្សេងៗ ទុកជាកេរ្ដិ៍រហូតយើងសព្វថ្ងៃ។ ក្នុងគ្រាដែលព្រះអង្គបានឡើងគ្រប់គ្រងរាជសម្បត្ដិហើយ ផែនដីកម្ពុជាដូចមានខ្យល់ព្យុះគ្រប់ទិសបក់បោកបង្កើតជាកោលាហលក្នុងព្រះនគរ ពោលគឺបច្ចាមិត្រទាំងសងខាង បានជ្រៀតជ្រែកទឹកដី វាតអំណាចរបស់គេក្នុងប្រទេសយើង។ ព្រះបាទហិរក្សរាមាធិបតី ទ្រង់បានប្រឹងតស៊ូពេញព្រះកាយពល ដើម្បីបង្កើតសន្ដិសុខសំរាប់ប្រជានុរស្ដ្រ ដែលជាទីសព្វព្រះទ័យរបស់ព្រះអង្គឡើងវិញ។
ទោះបីជាស្ថិតនៅក្នុងយុគយ៉ាងវឹកវរយ៉ាងនេះក៏ដោយ ព្រះករុណព្រះអង្គឌួង ទ្រង់មិនបោះបង់ ផ្នែកវប្បធម៌ឡើយ ព្រះអង្គតែងប្រមូលអ្នកប្រាជ្ញរាជបណ្ឌិតខាងសាសនា និង ខាងអក្សរសាស្ត្រមកនៅជួបជុំគ្នាក្នុងព្រះរាជវាំង ដើម្បីត្រិះរិះចងក្រងនូវក្បួនច្បាប់ផ្សេងៗ ផង និង បង្ហាត់បង្រៀនដល់កុលបុត្រណាដែលត្រូវការស្វែងរកវិជ្ជាទៀតផង។ មានសេចក្ដីដំណាលថា ព្រះប្រីយក្សត្រអង្គនេះបានឆ្លៀតពីកិច្ចការផែនដី យកពេលបង្ហាត់បង្រៀនព្រះសង្ឃគ្រហស្ថ ដែលជាសិក្ខាកាមកុលបុត្រទាំងឡាយផ្ទាល់ព្រះអង្គ ព្រមទាំងចាត់ឲ្យរាជការផែនដីទូទៅអនុវត្ដការផ្សេងៗ ប្រកបដោយអក្សរសាស្ត្រត្រឹមត្រូវ ពោលគឺមិនឲ្យជនណាមួយសរសេរពាក្យពេចន៍ ឬ សំបុត្រស្នាមបែបខ្ជីខ្ជាឡើយ។ សេចក្ដីដំណាលមួយយ៉ាងទៀតថា ព្រះបណ្ឌិតអង្គនេះ ប្រកបដោយព្រះសរីរៈរាងកាយមាំមួនល្អណាស់ ព្រះអង្គមិនសូវមានព្រះរោគអ្វីឡើយ បានជាយើងឃើញព្រះបរមឆាយាលក្ខណ៍របស់ព្រះអង្គដ៏មានព្រះភក្ដ្រធំទូលាយ ព្រះនេត្រថ្លាស្រឡះ ព្រះនលាដធំទូលាយដ៏មានភមោកោងវែងភ្ជាប់ នឹង ខ្ទង់ព្រះឃានយ៉ាងមូលហើយស្រុងបន្ដិច ព្រះសុរងធំសមជាអ្នកមានវោហារសំខាន់ណាស់។ ចូរយើងចាំថា គែជាព្រះមហាក្សត្រខ្មែរគ្រាបច្ចុប្បន្ននេះ ព្រោះរដ្ឋធម្មនុញ្ញយើងពោលថា «រាជសម្បត្ដិ នៃ ប្រទេសកម្ពុជា ជាកេរ្ដិ៍មត៌កពីព្រះបាទសម្ដេចព្រះហរិរក្សរាមាធិបតីព្រះអង្គឌួង»។
ព្រះបាទសម្ដេចព្រះអង្គឌួង ដែលជាមហាកវីឯករបស់ជាតិយើង បានទុកស្នាព្រះហស្ថ នូវ រឿងរ៉ាវ និង ក្បួនច្បាប់ជាច្រើនដល់សព្វថ្ងៃ ដែលវេលានេះយើងស្រាវជ្រាវឃើញមានទៅពាក្យកាព្យខ្ឡះ ពាក្យរាយខ្លះ ដូចរាប់ឈ្មោះតទៅ៖ ១ - រឿងកាកី, ២ - រឿងសុគន្ធថោង, ៣ - ច្បាប់ស្រីព្រះអង្គឌួង, ៤ - បទពោលរឿងល្ខោនផ្សេងៗ។ គ្រានេះយើងសូមលើកយកស្នាប្រហស្ថរបស់ព្រះអង្គគឺរឿងកាកី មកធ្វើសេចក្ដីសង្កេតជាគ្រឿងបញ្ជាក់ ដែលយើងអាចសរុបរឿងនេះបានដូចតទៅ៖
ព្រះបាទព្រហ្មទត្ដមានអគ្គមហេសីប្រកបដោយរូបឆោមលោមពណ៌ល្អក្រៃលែង ព្រះនាមនាងកាកី។ ព្រះសព្វព្រះទ័យ នឹង ក្រសាលល្បែងចតុរង្គណាស់។ មានក្រុងគ្រុឌមួយតែងក្លែងខ្លួនធ្វើជាមាណពមកលេងល្បែងចតុរង្គ ជាមួយព្រះអង្គរាល់ថ្ងៃ ទើបឃើញសម្រស់រូបឆោមព្រះអគ្គមហេសី ក៏កើតចិត្ដប្រតិព័ទ្ធ ព្រមទាំងលួចបញ្ចេញអាកប្បកិរិយាខ្លះៗ ឲ្យនាងឃើញផង។ ដោយចិត្ដរវើរវាយ នាងនោះក៏បានតប នូវ ឥរិយាបថប្លែកៗ ទៅគ្រុឌវិញដែរ។ ពេលល្ងាចមួយ គ្រុឌនិមត្ដិធ្វើព្យុះខ្យល់យ៉ាងខ្លាំងបណ្ដាលឲ្យក្នុងរាជវាំង កើតចលាចល ទើបគ្រុឌលបចូលទៅក្នុងបន្ទប់របស់នាងកាកី ហើយលួងលោមព យកនាងកាកីទៅកាន់ស្ថានសិម្ពលីទៅ។ ក្រោយនោះព្រះបាទព្រហ្មទត្ដទ្រង់វិតក្កជាខ្លាំង ក៏ឲ្យគេស៊ើបរកតែពុំឃើញសោះ។
ឯគ្រុឌតែនិមិត្ដខ្លួនមកលេងបាស្កាជាមួយព្រះរាជាដូចធម្មតា ជួនជាដក់ជាប់ទាំងក្លិននាងកាកីមកជាមួយផង នាំឲ្យព្រះអង្គកើតមន្ទិលសង្ស័យ ក៏ត្រាស់ប្រើកន្ធ័នជាសេនាជំនិត ក្លែងខ្លួនជាសត្វចូលលបតោងគ្រុឌទៅកាន់ស្ថានសិម្ពលី។ លុះទៅដល់ហើយ គន្ធ័នបានប្រែក្លាយជារូបធម្មតា ចែចង់នាងកាកីត្រាតែបានសំរេចដូចប្រាថ្នា។ មួយថ្ងៃមកទៀត គន្ធ័នលបតោងគ្រុឌត្រឡប់មកនគរវិញ នាំព៌តមានទៅក្រាបទូលព្រះរាជា។
លុះដល់ពេលគ្រុឌមកលេងបាស្កាទៀត គន្ធ័នដេញពិណច្រៀងបន្ទាន់សំលេងផ្ដោះផ្ដងឲ្យគ្រុឌ ទាល់តែគ្រុឌដឹងថា នាងកាកីមានចិត្ដមិនស្មោះត្រង់ នឹង ខ្លួនទេ ទើបម្នីម្នាត្រឡប់ទៅជេរស្ដីនាងកាកី ហើយចាប់កញ្ឆក់នាងហោះយកមកដាក់ក្នុងព្រះរាជវាំងព្រះបាទព្រហ្មទត្ដវិញ។ នាងកាកីចូលទៅសុំអង្វរខមាទោស តែព្រះបាទព្រហ្មទត្ដទ្រង់ពុំព្រម ក៏ត្រាស់បង្គាប់ធ្វើពោងពាយបណ្តែតនាងនេះចោលទៅ។
ដើម្បីបញ្ជាក់លើសេចក្ដីសង្ខេបនេះទៀត យើងសូមស្រង់អត្ថបទបន្ដិចពីក្នុងរឿងនោះយកធ្វើជាគំរូ គឺយើងដកស្រង់ត្រង់ចំរៀងរបស់គន្ធ័នច្រៀងឌឺដងឲ្យគ្រុឌ ដូចសេចក្ដីខាងក្រោមនេះ៖
ប្រាប់ភ្លាងធ្វើភ្លេង ចំអន់លេងលេង ជាពាក្យកាព្យា ពីរោះពិណពេក ស្រួលស្រែកឧកថា ឱស្រីស្រស់កា -កីកែវបងអើយ។ ពិដោរក្លិនស្ងួន ហាក់បានឃើញខ្លួន ជិតជាប់បង្កើយ កាលបង និង ពៅ នែបនៅៗឡើយ ប្រលឹងបងអើយ ធ្លាប់ស្និទ្ធស្នេហា។ ក្រោយគ្រុឌទៅបាត់ បានបងប្រតិព័ទ្ធ ស្នាប់ស្នងគ្រុឌា ថ្នាក់ថ្នមផ្ដេកផ្ដិត ជួញជិតឱរា កេសកើយខ្នើយជា - មួយមិនដទៃ។ ក្សេមក្សាន្ដសាទរ សេពសុខសមពរ រួមរសមូលមៃ ត្រីត្រេកមនោរម្យ បន្សំសុខសេ - យ្យាសយូរគ្រប់ថ្ងៃ ប្រាំពីរនឹងបង។ ឱស្រីបងបាត់ ស្រីស្ងួនស្ងប់ស្ងាត់ សមនួននឹងរង ទុក្ខទល់ម្នាក់ម្នេញ កន្លេញកន្លង កន្លេងគិតបង បងបាត់លង់លន់។ កុំមានគ្រុឌា បង និង ស្ងួនភ្ងា ឲ្យអស់ជីពជន្ម ឥលូវគ្រុឌគ្រង មូលផងសម្ពន្ធ ប្អូនអើយបងអន់ បងអួលឱរា។ ឱបង នឹង យក មេមាសមិត្រមក ដិតដោយអាត្មា មោះ ឬ បងដើរ ដំណើរវេហាស៍ ដោយសារគ្រុឌា នានាំបងមក។
នៅចុងសម័យឧត្ដុង្គ យើងប្រទះឃើញអ្នកនិពន្ធមួយរូបទៀតយ៉ាងឆើតណាស់ដែរ ដែលយើងគួរតែលើកយកមកនិយាយក្នុងទីនេះ គឺ ឧកញ៉ាសន្ធរវោហារ - ម៉ុក។
សន្ធរម៉ុក មានស្រុកកំណើតនៅស្រុកសំរោងទង ខេត្ដកំពង់ស្ពី។ កាលពីកុមារមានទៅរៀនសូត្រក្នុងសំណាក់ លោកគ្រូរាជធម្ម អន គង់វត្ដគុកក្នុងភូមិឧត្ដុង្គ។ កុមារនេះឧស្សាហ៍ណាស់ខំរៀនសូត្រឥតមានធ្វេស ទើបបានជាទីសព្វព្រះទ័យរបស់លោកគ្រូ។ កាលណាហាត់សរសេរអក្សរ កុមារនេះសរសេរតែដោយធ្យូងលើអំបែងអិដ្ឋ ឬ ក្បឿង ព្រោះខ្លួនជាអ្នកកំសត់ទុគ៌តពេកណាស់។ លុះគ្រប់អាយុហើយលោកគ្រូបំបួសជាសាមណេរ រួចជាភិក្ខុនៅក្នុងវត្ដនោះ។
កាលដែលលាចាកសិក្ខាបទមក ព្រះរាជធម្ម អន បាននាំទៅថ្វាយព្រះករុណាព្រះបានទសម្ដេចព្រះនរោត្ដម ដើម្បីធ្វើជាភ្នាក់ងារក្នុងក្រុមព្រះអាលក្ខណ៍។ ប៉ុន្ដែព្រះព្រះអង្គទ្រង់ជ្រាបថាភ្នាក់ងារក្មេងនេះ ជាអ្នកចេះដឹងក្បួនច្បាប់ពិតប្រាកដ ព្រះអង្គក៏តែងតាំងឲ្យធ្វើជាចាងហ្វាងក្រុងព្រះអាលក្ខណ៍ ហើយជាគ្រូលើនាម៉ឺនទាំងឡាយ ខាងការបង្ហាត់បង្រៀនពីច្បាប់រាជការផែនដី។ តែអកុសល លោកឧកញ៉ាសន្ធរ - ម៉ុកពិការដៃ ដោយរោគអុតធំទាញលោកឲ្យក្រងែងទាំងសងខាង ទើបមានពាក្យដំណាលថា «ម៉ែកក្រង៉ុក - ម៉ុកក្រង៉ែង»។
ក្រៅពីកិច្ចការរាជការ លោកឆ្លៀតសរសេររឿងរ៉ាវល្អៗ ណាស់ដែរ ទើបបានជាទីសព្វព្រះទ័យ របស់ព្រះបាទសម្ដេចព្រះនរោត្ដម។ កាលព្រះអង្គទ្រង់យាងទៅណាមកណា តែងប្រោសរាជទានឲ្យសន្ធរ - ម៉ុកទៅតាមដង្ហែជានិច្ច សំរាប់ជួប នឹង ហេតុការផ្សេងៗ សន្ធរ - ម៉ុក នឹង លើកកាព្យថ្វាយព្រះអង្គជាទីព្រះសណ្ដាប់មួយរំពេច ដ្បិតបណ្ឌិតនេះពូកែខាងលើកកំណាព្យភ្លាមៗណាស់ ហើយបានសមរម្យ ដូចប្រយោគរបស់លោកមួយយ៉ាងខ្លីថា៖
វើយនែអាចិកឆាមួយកាក់ អាចិកកន្ដ្រាក់បានសាច់ខ្វៃ ទាញខ្វាកកាប់ខ្វាប់សាប់ញាប់ដៃ វើយលៃឲ្យឆាប់ប្រញាប់ឆាន់។
ប៉ុន្ដែបើកាលណាលោកសរសេររឿងវែងលោកមិនប្រើពាក្យកំប្លែងដូច្នេះទេ លោកច្រើនប្រើពាក្យខ្ពស់ខ្លះ ពាក្យសាមញ្ញខ្លះ ដែលយើងឃើញស្នាដៃពីប្លែកពីគ្នាគឺ រឿង ទេវន្ទ លោកសរសេរសុទ្ធតែពាក្យពិបាកៗ គួរឲ្យចង់សិក្សា ស្នាដៃលោកមួយទៀតគឺរឿងទុំ - ទាវ (1) លោកបែរជាសរសេរសុទ្ធតែពាក្យងាយយល់ងាយគិតទៅវិញ ដើម្បីឲ្យសម នឹង ការជាក់ស្ដែងក្នុងសម័យរឿងនោះ។ នេះជាសេចក្ដីដកស្រង់ពីក្នុងសាស្ត្រារឿងទេវន្ធ៖
ទីរាជសីមា ឥសូរសុខា ក្សត្រថ្លៃវរវង្ស អធិកពិស្ដារ ធិការភិម - ង្គលគាប់ឧត្ដុង្គ ឧត្ដមឧត្ដលា។ នៅខាងខេត្ដខែម ខេត្ដខ័ណ្ឌព្រះហេម - ពាន្ដខាងឧត្ដរា បន្ទាយជុំវិល ប្រាំពីរជាន់មហា - ទីឃោដោយទ្វារ សឹងមានមណ្ឌល។ គូគោកថ្នាក់ថ្នល់ ឥតជលមានជល ពិចិត្រក្រៅគ្រប់ ធ្លាព័ទ្ធធ្លាពែន ខ្វាត់ខ្វែងប្រសព្វ ប្រសើរសឹងអ - ព្ភិរម្យគួរខ្លាច។ រូសត្ដបរិ៍ - ភណ្ឌសីទន្ឌរ ព័ទ្ធសុមេរុរាជ ប្រាសាទរចនា ប្រាំប្រការស្ងាច ចញ្ចែងចិញ្ចាច រូរត្ដៈចន្ទន៍។
ត្រង់នេះសន្ធម៉ុកនិទានប្រាប់យើងពីទ្រង់ទ្រាយប្រាសាទមួយដែលស្ថិតនៅជិតព្រៃហេមពាន្ដ មានឈ្មោះរាជសីមាកោសេយ្យ។ បន្ដទៅទៀតយើងស្រង់ស្នាដៃរបស់លោកមួយទៀតដែលការថ្លែងមនោសញ្ចេតនារបស់លោក៖
ស្រលាញ់ស្រីតូច ស្រីទៀតមិនដូច មិនដល់មាសបង មាសបានសាងផល កុសលឥតហ្មង ឥតមានប្រឡង ប្រឡះកាំបាន។ ភ័ព្វនាងបានជួន បានជួបនឹងនួន នឹងនាងកល្យាណ កល្យាណ៍កបលក្ខណ៍ ចិត្ដស្ម័គ្រស្មោះស្មាន ស្មោះស្មើនៅឋាន នៅឋិតមូលគ្នា។ ប្រសិនចេះហោះ ចេះហើរចេះផ្លោះ ទៅថ្នមអង្គា អង្កៀកប៉ះពាល់ រៀងរាល់វេលា ពិលាបដោយនា ដោយនូវកន្លែង(2)។
សេចក្ដីដកស្រង់ខាងលើនេះ ឧកញ៉ាសន្ធម៉ុក បានយកសេចក្ដីទុក្ខទៅផ្ដិតជាប់ជាមួយការស្រមៃនឹក។ លោកចេះក្រងពាក្យកាព្យ រាយកងទុក្ខបណ្ដាក់គ្នា ជាមួយសេចក្ដីបំណង និង សោភ័យ ភាព នៃ នារីដែលគាត់ពេញចិត្ដ នាំឲ្យអ្នកផងអាចជួយស្រលាញ់ ជួយកើតទុក្ខ ជួយប៉ុនប៉ង ជាមួយ នឹង គាត់ដែរ។ ដូច្នេះហើយ ទើបស្គាល់ជាក់ថា ឧកញ៉ាសន្ទរវោហារ - ម៉ុក ជាកវីយ៉ាងជំនាញក្នុងសម័យឧត្ដុង្គគ្រាចុងបំផុត។
1 ស្នាដៃទុំទាវសន្ធរម៉ុកនេះ យើងរកពុំទាន់បានច្បាប់ដើមមកបោះពុម្ពនៅឡើយ គ្រាន់តែឃើញសំណៅខ្លះៗរប៉ាតរប៉ាយមិនគ្រប់គ្រាន់ ។ 2 . អត្ថបទនេះស្រង់ពីកាសែតស្រុកខ្មែរ បោះពុម្ពនៅព្រៃនគរ ខែកញ្ញា ១៩២៧