ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ចុះផ្សាយដោយ កែវ ឈុន
****************************************
អក្សរសាស្ត្រខ្មែរ
ដោយ លី ធាមតេង
សមាជិកក្រុមអភិបាល សមាគមអ្នកនិពន្ធខ្មែរ
សាស្ត្រាចារ្យជំនួយខាងវិជ្ជាខ្មែរនៅមធ្យមសិក្សា
រក្សាសិទ្ធិ
ព.ស ២៥០៣ គ.ស ១៩៦០
ចំពូកទីប្រាំបី
អក្សរសាស្ដ្រសម័យកណ្ដាល
ថ្ងៃសៅរ៍ ទី11.មេសា 2020.ម៉ោង 8:37
សម័យកណ្ដាល ជាសម័យមួយយ៉ាងវែងឆ្ងាយក្នុងប្រវត្ដិអក្សរសាស្ដ្រយើង។ សតវត្សទី ១៤បានកន្លងផុតទៅ ប្រទេសជិតខាងយើង ចេះតែមានកើតហេតុរុករានព្រំដែននៅផ្នែកខាងលិច នាំឲ្យព្រះមហាក្សត្រខ្មែរ ទ្រង់ព្រះតំរិះលើករាជធានីពីក្រុងអង្គរ មកតាំងនៅចំទន្លេចតុមុខវិញ។ ថ្ងៃមួយជាពេកនក្ខតរិក្សជោគឲ្យជ័យនៅក្នុង គ.ស. ១៤៥២ ព្រះបាទស្រីសុរិយោពណ៌ចៅពញាយ៉ត បានយាងមួយអន្លើដោយព្រះរាជបរិពារ និង នាហ្មឺនសព្វមុខមន្ដ្រីគ្រប់ក្រសួងចាកចេញ ពីទីក្រុងអង្គរ មកតាំងរាជធានីថ្មី គឺទន្លេចតុមុខដែលជានាទីក្រុងភ្នំពេញសព្វថ្ងៃនេះ(1)
ចាប់តាំងពីនោះមកអក្សរសាស្ត្រ យើងបានដកមូលដ្ឋានចេញពីទីក្រុងអង្គមកតាមរាជធានីថ្មីដែរ។ អ្នកប្រាជ្ញរាជបណ្ឌិតទាំងឡាយបានតាមដង្ហែព្រះរាជា មកបង្កើតជាមជ្ឈមណ្ឌលនៅទីក្រុងថ្មី ដើម្បីផ្សាយនូវឥទ្ធិពលអក្សរសាស្ត្របន្ដទៅទៀត។ វេលានេះយើងអាចរកឃើញឈ្មោះ និង ស្នាដៃខាងអក្សរសាស្ដ្រជាច្រើន ដែលនៅសល់កេរ្ដិ៍ដល់យើងរហូតសព្វថ្ងៃ។ ប៉ុន្ដែសម័យនេះ អំបូរភាសាខ្មែរបានមកជួបប្រទះ និង មូលដ្ឋានថ្មីមួយទៀត គឺភាសាបាលី ឬ មគធភាសាដែលចូលមកបោះគោលនៅក្នុងប្រទេសយើង តាមរយៈលទ្ធិពុទ្ធសាសនាហីនយាន ព្រោះខ្មែរគ្រប់គ្នាងាកបែរចោលបែបមហាយាន និង ព្រហ្មញ្ញសាសនាអស់ហើយ នៅសល់ខ្លះដែរ តែជាទំនៀមទំលាប់ប៉ុណ្ណោះ មិនមែនជាលក្ខណ៍គោលសំខាន់សំរាប់គោរពបូជាទូទៅទេ។ អានុភាពភាសាបាលីក្នុងវេលានេះ ក៏ពូកែមោះបុតដូចអានុភាពភាសាសំស្ក្រឹតពីសម័យមុនដែរ។
ហេតុនេះឯងបានជាយើងឃើញគម្ពីរសាស្ដ្រាផ្សេងៗ ដេលសរសេរជាភាសាបាលីសុទ្ធនៅគ្រង់ទ្រង់រហូតសព្វថ្ងៃនេះយ៉ាងច្រើនក្រៃលែង។ មិនតែប៉ុណ្ណោះ កវីខ្មែរជាច្រើន បានកាឡៃភាសាបាលីធ្វើជាពាក្យកាព្យដូចជាភាសាខ្មែរដែរ បង្ហាញនូវការប៉ិនប្រសប់ខាងរចនាពាក្យពេចន៍បាលី ឲ្យបានជួនរណ្ដំគ្នាតាមចង្វាក់កាព្យ ដែលយើងធ្លាប់ប្រទះឃើញនៅបទដើមនៃសាស្ដ្រារឿងផ្សេងៗ។ វាសនអក្សរសាស្ដ្រយើងសម័យដ៏វែងឆ្ងាយនេះ គួរណាស់តែបានរុងរឿងបំផុតហើយ ព្រោះមានមជ្ឈដ្ឋានផ្លូវការទទួលជួយឧបត្ថម្ភគ្រប់វិធី រហូតដល់ព្រះមហាក្សត្រ ក៏ព្រះអង្គតែងយកព្រះទ័យទុកដាក់លើវិជ្ជាជំពូកនេះខ្លាំងណាស់ដែរ។ ដ្បិតវិជ្ជានេះជាសិល្បៈមួយយ៉ាងខ្ពង់ខ្ពស់ ប៉ុន្ដែបែរជាពុំសូវមានជំហររឹងប៉ឹងប៉ុន្មាន ព្រោះចាប់តាំងពីសតវត្សទី ១៥មក ប្រទេសយើងកើតមានចំបាំង។ រាំងជល់ជាច្រើន ជួនច្បាំងជាមួយបរទេស ជួនកាលទៀត ដោយមានវិប្បរិតបះបោរក្នុងស្រុកជាញឹកញាប់ណាស់។ ទោះបីយ៉ាងនេះក៏ដោយ យើងនៅតែរកឃើញស្នាដៃជាមត៌កដ៏វិសេសជាច្រើនឈ្នោះ បានសរសេរទុកបង្ហាញយើងឲ្យឃើញកំពស់វប្បធម៌ខ្មែរសម័យនោះ ក៏មាននិពន្ធជាច្រើនអ្នក ដែលមានឋានៈគ្រប់ជាន់ថ្នាក់ បានប្រឹងប្រែង រៀបរៀងជារឿងរ៉ាវទុក សំរាប់ជា(ហិត?)ប្រយោជន៏ ដល់ជនានុជនរួមជាតិ មានទាំងព្រះសង្ឃខ្លះ គ្រហស្ថខ្លះ ជាអ្នកធំខ្លះ ជាជនសាមញ្ញខ្លះ ដែលយើងនឹងឃើញឈ្មោះលោកនៅក្នុងបញ្ជីខាងក្រោមនេះ។ ជាពិសេសបំផុតយើងសង្កេតឃើញព្រះមហាក្សត្រខ្មេរជាច្រើនអង្គ ព្រះអង្គក៏ជាមហាបណ្ឌិតខាងអក្សរសាស្ត្រដែរ ដូចជាព្រះបាទស្រីធម្មរាជាព្រះរាជសំភា ព្រះបាទជ័យជេដ្ឋា ព្រះបាទសម្ដេចព្រហរិរក្សរាមាធិបតីព្រះអង្គឌួង ជាដើម។
ជាបន្ទាប់ទៅនេះ យើងសូមធ្វើជាបញ្ជីមួយរាយឈ្មោះអ្នករៀបរៀងជាស្នាដៃ ឈ្មោះអ្នកនិពន្ធ និង កាលបរិច្ឆេទ ដែលរៀបរៀងរឿងនោះ៖
ក-ប្រភេទពាក្យកាព្យ | |||
លេខរៀង | ឈ្មោះកាព្យ | អ្នករៀបរៀង | កាលបរិច្ឆេត |
១ | សិលាចារឹកអង្គរវត្ដ | បណ្ឌិត--- នន្ទ | ពីសតវត្សទី ១៦ (ខាងចុង) |
២ | ល្បើកអង្គរ | អ្នកប៉ាង | រៀបរៀងឆ្នាំ ១៥៩៨ |
៣ | សរសើរហេមន្ដ, កាព្យនិរាស, ច្បាប់ព្រះរាជសំភារ | ព្រះបាទស្រីធម្មរាជា | ពីគ.ស. ១៦៣៤ |
៥ | រឿងខ្យងស័ង្ខ | អ្នកនិពន្ធមិនស្គាល់ឈ្មោះ | ចុងសតវត្សទី ១៧ |
៦ | ក្រុងសុភមិត្រ | ឧកញ៉ា កោសាធិបតី-កៅ | ពីគ.ស. ១៧៩៨ |
7 | ច្បាប់សុភាសិត | ឧកញ៉ា ព្រះឃ្លាំង នង | ពីគ.ស. ១៧៩០ |
៨ | លោកនេយ្យជាតក | ឧកញ៉ា ព្រះឃ្លាំង នង | ពីគ.ស. ១៧៩០ |
៩ | រឿងបុញ្ញសារសិរសា | ឧកញ៉ា ព្រះឃ្លាំង នង | ពីគ.ស. ១៧៩៨ |
១០ | រឿងភោកុលកុមារ | ឧកញ៉ា ព្រះឃ្លាំង នង | ពីគ.ស. ១៨០៤ |
១១ | រឿងវរនេត្រវរនុជ | ឧកញ៉ា ព្រះឃ្លាំង នង | ពីគ.ស. ១៨០៦ |
១២ | រឿងព្រះសមុទ្ធ | ឧកញ៉ា ព្រះឃ្លាំង នង | ពីគ.ស. ១៨០៨ |
១៣ | រឿងនាងកាកិ | ស្នាព្រះហស្ថ ព្រះបាទអង្គឌួង | ពីគ.ស. ១៨១៣ |
១៤ | រឿងចម្ប៉ាថោង | មិនជាក់លាក់ | ពីគ.ស. ១៨១៦ |
១៥ | រឿងរបាក្សត្រ | ស្នាដៃព្រះបទុម បារមីពេជ្រ | ពីគ.ស. ១៨១៨ |
១៦ | ល្បើកជេតពន | ស្នាដៃ ឧកញ៉ាទសខែក | ពីគ.ស. ១៨១៥ |
១៧ | រឿងមុជលិន | ស្នាដៃបណ្ឌិត សំអាត | ពីគ.ស. ១៨៣៣ |
១៨ | រឿងដាវរឿង | ស្នាដៃឧកញ៉ាចក្រី-កែវ | ពីគ.ស. ១៨១៦ |
១៩ | រឿងជិនវង្ស | ស្នាដៃអរិយគាមុនី-ភឹង | ពីគ.ស. ១៨៥៦ |
២០ | រឿងពេជតា | ស្នាដៃធម្មបញ្ញា-ម៉ែន | ពីគ.ស. ១៨៥៧ |
២១ | រឿងវិមានចន្ទ | ឧកញ៉ាធិបតី - យ៉ែម | ពីគ.ស. ១៨៥៨ |
២២ | ល្បើកស្រីវិជ័យ | ស្នាដៃពញាវិជិត្រ - ស្រី | ពីគ.ស. ១៨៥៨ |
២៣ | រឿងទេវ័ន្ទ ល្បើកចចក | ស្នាដៃឧកញ៉ា សន្ធរ -ម៉ុក | ពីគ.ស. ១៨៥៩ |
២៤ | រឿងទុំទាវ | ដំបូងស្នាដៃសន្ធរម៉ុក ក្រោយមមក រៀរៀងជាថ្មី ដោយព្រះបទុមថេរសោម | ពីគ.ស. ១៩១៦ |
ខ-ប្រភេទពាក្យរាយ | |||
១ | សិលាចារឹកអង្គរវត្ដ | ភាគខាងដើមមិនឃើញឈ្មោះ | ពីសតវត្សទី ១៦ |
២ | ព្រះរាជក្រិត្យក្រមផ្សេងៗ | ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២ | ពីសតវត្សទី ១៦ |
៣ | មហាវេសន្សន្ដរជាតក | ព្រះបាទអង្គឌួង មិនជាក់ កែសម្រួល ញ៉ុក ថែម | ពីសតវត្សទី ១៦ |
ក្រៅពីនេះយើងរកឃើញរឿងជាច្រើនទៀត ដែលមិនឃើញមានចារឹកនាមអ្នកនិពន្ធ និង ពេលវេលាដែលសរសេររឿងនោះ តែយើងអាចសន្និដ្ឋានបានថា រឿងទាំងនេះក៏កើតឡើងក្នុងសម័យជាមួយគ្នានេះដែរ ព្រោះមានលំនាំពាក្យពេចន៍ និង របៀបតែងកាព្យឃ្លោងស្រដៀងគ្នា នឹង ស្នាដៃទាំងឡាយដែលយើងរប់រៀបខាងលើ។ រីអែផ្ទៃរឿងសោត ក៏ប្រហែលគ្នាណាស់ដែរ ដូចរឿងលិនថោង សុវណ្ណវង្ស សុវណ្ណផលា រឿងភិនវង្ស រឿងហង្សយន្ដ រឿងសុវណ្ណក្ដាមស រឿងព្រះសង្វាត រឿងព្រះចិន្ដកុមារ រឿងស្ដេចក្មេង រឿងព្រះបាទកងកប ព្រះបាទវិនា ព្រះបាននាវ័ន រឿងមគ្គលិផល។
មានរឿងខ្លីៗ ជាច្រើនតៀត បុរាណហៅថារឿងល្បើក ដែលមិនសូវពីរោះពិសាប៉ុន្មាន ទំនងជាអ្នកនិពន្ធសរសេរក្នុងការល្បងនៅឡើយ ព្រោះផ្ទៃរឿងក៏ខ្លី សាច់រឿងក៏មិនសូវច្បាស់ តែប្រកបដោយគោលគមនិត ជាខ្លឹមសារច្រើនណាស់ដែរ គ្រាន់បានជាគតិសម្រាប់ឲ្យដំដូន្មានល្អៗ ដល់អ្នកអាន។ រឿងទាំងនេះយើងអាចសន្និដ្ឋានបានថា ពិតជាកើតឡើងដំណាលៗគ្នាមែន ព្រោះឈ្មោះតួក្នុងរឿងក្ដិ និង គតិរឿង គឺ ឧត្ដមគតិរបស់អ្នកនិពន្ធក្ដី សុទ្ធសឹងតែប្រហាក់ប្រហែលគ្នាមិនឆ្ងាយពីគ្នាឡើយ។ ហើយរឿងទាំងនោះច្រើនមានយក្សកំណាចដ៏សាហាវៗ តាមផ្ដន្ទាមនុស្ស។ អែមនុស្សច្រើនជាអ្នកយុត្ដិធម៌ តែងរងនូវអំពើឃោរឃៅរបស់ពពួកទុច្ចរិតជាដារាប។ ប៉ុន្ដែកម្មផលរបស់មនុស្សទុចរិតទាំងនោះមិនបានយូរឡើយ ព្រោះទ្រឹស្ដីនៃព្រះពុទ្ធសាសនា តែងតែដាក់កំហុសទៅលើមនុស្សអធម៌ សម នឹង ច្បាប់ធម្មជាតិដែលតម្រូវឲ្យមនុស្សប្រព្រឹត្ដផ្លូវល្អ ត្រូវចេះយោគយល់ដល់គ្នា និង គ្នា ដើម្បីរក្សាសេចក្ដីសុខនៅក្នុវជីវភាពរបស់ខ្លួន។
ចំពោះរបៀបសរសេរ ឃើញថាមិនទាន់បានសមរម្យតាមទំនងរឿងរ៉ាវនៅឡើយទេ ព្រោះសម្បូណ៌ដោយពាក្យស្ទូនៗគ្នា រឿងច្រំដែលៗ បន្លាយនាំឲ្យវែងឥតប្រយោជន៍ អែសំដីឆ្លើយឆ្លងគ្នារបស់តួរឿង និង សំដីរបស់អ្នកនិព្ធ ច្រើននៅច្របូកច្របល់គ្នានាំឲ្យពិបាកយល់។
ចំណែកពាក្យសំដីសោត ច្រើនតែមានពាក្យពិបាកៗ ដូចជាពាក្យបាលី សំស្ក្រឹត លាយចំរុះគ្នាជាដើម បណ្ដាលឲ្យជនសាមញ្ញ ឬ ជនដែលមានចំណេះតិចមិនអាចឈោងចាប់បាននូវសំដីទាំងនោះដោយងាយៗឡើយ។ មានតែអ្នកបានរៀនសូត្រខ្ពង់ខ្ពស់ ឬ ឧស្សាហ៍ស្ដាប់រឿងរ៉ាវញឹកញាប់ប៉ុណ្ណោះ ទើបងាយស្ដាប់ងាយយល់បាន។ ក្រៅពីនេះទៀត អ្នកនិពន្ធច្រើនបណ្ដែតសតិបញ្ញា ឲ្យហោះហើរទៅអាកាសហួសពីកំរិតធម្មជាតិ ដូចជាធ្វើឲ្យមនុ សចេះហោះហើរដើរលើអាកាស ច្បាំងប្រយុទ្ធគ្នាដោយមន្ដគាថា ថ្លែងសរបង្កើតបានជាកងចក្រ ជាវត្ថុទិព្វផ្សេងៗ ក្រុងយក្សមានមុខដប់ដៃម្ភៃ ចេះបែងភាគ ចេះប្រោសពលដែលស្លាប់ឲ្យរស់ឡើងវិញ ចេះជប់ឲ្យកើតកងទ័ពជាដើមអ មិនតែប៉ុណ្ណោះ អ្នកនិពន្ធច្រើនទុកតួឯកក្នុងរឿង ជាអ្នកមានភ័ព្វសំណាងបានជាក្សត្រគ្រងរាជ្យ តែមុន នឹង ដល់កំរិតភ័ព្វវាសនាយ៉ាងខ្ពស់នេះ តែងត្រូវរងអំពើលំបិនលំបាកតោកយ៉ាកយ៉ាងយូរ ដែលប្រកបដោយអាការទន់ខ្សោយក្រៃលែង គឺតួនោះអែងច្រើនគ្មានបុគ្កលិកលក្ខណផ្ទាល់ខ្លួនឲ្យសមរម្យសោះ បែរជាត្រូវពឹងកំលាំងអ្នកដទៃមកជួយយកអាសារទៅវិញ ដូចយ៉ាងមានព្រះឥន្ទ ឬ ទេពតាចុះអកជួយ ឬ មានមហារិស្សីមកជួយសង្គ្រោះជាដើម។
ទោះបីមានការឆ្គាំឆ្គងយ៉ាងនេះក៏ដោយ ស្នាដៃបុព្វបុរសយើងគង់មានគុណភាពពិសេសជាច្រើនបែបណាស់ដែរ ជាសំខាន់បំផុត ត្រង់ដែលចេះពត់ចិត្ដបណ្ដាជនគ្រប់និគមជនបទ ឲ្យចេះប្រឹងក្រេបជញ្ជក់រសជាតិអក្សរសាស្ត្រឲ្យបានយូរអង្វែងរហូតដល់បច្ចុប្បន្នកាលនេះ។ ផ្សេងទៅទៀត រឿងទាំងនោះអាចប្រៀបបាន នឹង ប្រទីបមួយ ដែលជួយទ្រោលបំភ្លឺយើងឲ្យស្គាល់របៀបសរសេរ របៀបប្រើពាក្យ និងទំនៀមរស់ស្រុកយើងខ្លះពីសម័យនោះ ដែលអ្នកសិក្សាទាំងឡាយត្រូវការស្វែងរកស្រាវជ្រាវ ទុកជាប្រដាប់ចំរើនសតិបញ្ញាស្មារតិ និង ធ្វើជាក្បួនច្បាប់សំរាប់សិក្សាថែមទៀត។
ទ១២៣- ២ ជាយូរមកហើយ មានខ្មែរយើង ភាគខ្លះនៅមិនព្រមទទួលជឿថា រឿងរ៉ាវទាំងនោះ ជារឿងប្រឌិតកើតឡើង ដោយគំនិតអ្នកនិពន្ធបុរាណសោះ។ គេនៅតែនាំគ្នាជឿងថា រឿងទាំងនេះពីតជារឿងជាតក ដែលព្រះពុទ្ធអង្គ បានត្រេចរង្គាត់ ក្នុងវាលវដ្ដសង្សារ ហើយបានទៅយោនយកកំណើតកើតជាតួរឿងទាំងនោះមែន។ ហេតុនេះហើយទើបអ្នកស្ដាប់រឿងទាំងឡាយ តែងប្រឹងប្រិតប្រៀប ប្រុងស្មារតីផ្ទៀងស្ដាប់នូវរឿងទាំងនោះ មិនឲ្យតក់មួយម៉ាតណាឡើយ ព្រមទាំងគេជួយសោកសង្រេង ក្នុងគ្រាណាតួនោះកំសត់តោកយ៉ាក និង សប្បាយរីករាយ នៅពេលណាតួនោះបានជួប នឹង ភ័ព្វវាសនាល្អៗ។
ជំនឿងនេះបាននៅចាក់រិសជាប់លាប់ ក្នុងសន្ដានចិត្ដបណ្ដាជនខ្មែរនៅតាមនិគមជនបទនៅឡើយ។ ប៉ុន្ដែយើងអាចបញ្ជាក់យោបល់ទៀតទាត់ក្រៅផ្សេងពីនេះបាន ដោយពឹងផ្អែកលើគោលសេចក្ដិ ដែលមានចារជាប់អ្នកនិពន្ធដែលពណ៌នាហូរហែពីមូលហេតុ ដែលបណ្ដាលឲ្យលោករៀបរៀងផ្ទៃរឿងនោះឡើង។ មិនតែប៉ុណ្ណោះ អ្នកនិពន្ធបានទាំងចារឹកនូវនាមរបស់ខ្លួនព្រមទាំងកាលបរិច្ឆេទ ដែលតុបតែងរឿងនោះ ទុកថែមទៀតផង។ ជាពិសេស លោកបានធ្វើបទនមស្សការ ដល់់គុណព្រះរតនត្រ័យ និង ធ្វើជាសេចក្ដីប្រាថ្នាផ្សែងៗ ដោយសារអានុភាពកុសលដែលកើតឡើងពីផលកសាងរឿងរ៉ាវទាំងនេះ។ ត្រង់នេះជាភស្ដុតាងមួយបញ្ជាក់ផ្ទាល់ចពោះលំណៅរឿងទាំងនេះ។ យើងអាចរកឃើញសេចក្ដីពិតមួយផ្សេងពីនេះទៀត គឺត្រង់រិសគល់នៃរឿងទាំងនេះដកស្រង់ពីគម្ពីរមួយហៅថា «បញ្ញាស ជាតក» ដែលសរសេរឡើងជាភាសាបាលីសុទ្ធ។ បើយើងឃើញមានមូលដ្ឋានជាភាសាបាលីដូច្នេះ តើយើងអាចជឿថាពិតប្រាកដ ជារឿងកើតតាំងពីសម័យពុទ្ធកាលដូចគម្ពីរផ្សេងៗ ដែរឬអ្វី? យើងត្រូវឆ្លើយថា យើងនមិនទាន់ជឿស្លុងភ្លាមទេ ព្រោះការអ្វីផងទាំងពួង មុន នឹង ជឿត្រូវតែពិចារណាឲ្យហ្មត់ចត់សិន។
ដូច្នេះ យើងត្រូវធ្វើការសង្កេត និង ពិចារណាស្រាវជ្រាវរកហេតុផលបន្ដិចសិន។ គម្ពីរ «បញ្ញាសជាតក» ប្រែថា «ហាសិបរឿង» បានសេចក្ដីថានៅក្នុងគម្ពីរនេះ មានរឿងនិទានចំនួនហាសិប។ យើងអាចពិនិត្យតទៅទៀត ឃើញថាគម្ពីរនេះជាស្នាដៃរបស់អ្នកប្រាជ្ញនៅជ្រោយសុវណ្ណភូមិជាពិតប្រាកដ ព្រោះគេឃើញមាននៅតែក្នុងប្រទេសខ្មែរ ថៃឡ៍ លាវ និង ប្រទេសភូមា ប៉ុណ្ណោះ ចំណែកកោះលង្កា ដែលជាមូលដ្ឋានពុទ្ធសាសនាធំបំផុត គេពុំដែលប្រទះឃើញគម្ពីរនេះទេ។ ហេតុនេះអែងនាំឲ្យអ្នកស្រាវជ្រាវគ្រប់សញ្ជាតិ នាំគ្នាសន្និដ្ឋានថា គម្ពីរនេះពិតជាកើតឡើងដោយគំនិតអ្នកប្រាជ្ញខ្មែរ លាវ និង មន(2) មែនគ្រាន់តែផ្ដេកទៅតាមទ្រឹស្ដីពុទ្ធនិយមប៉ុណ្ណោះ។ គេអាចស្មានបានយ៉ាងជាក់ទៀតថា អ្នកប្រាជ្ញទាំងនេះតុបតែងឡើងនៅក្រោយសម័យពុទ្ធកាលជាយូរអង្វែង ដើម្បីជាគ្រឿងណែនាំសតិអារម្មណ៍ របស់ជនានុជនឲ្យនាំគ្នាត្រេចទៅតាមផ្លូវល្អ គឺសមាទិដ្ឋិនៃគន្លងពុទ្ធោវាទ។
ភស្ដុតាងដែលយើងលើកយកមកលាតត្រដាងខាងលើនេះសមល្មមឲ្យយើងជឿជាក់ច្បាស់ក្នុងចិត្ដ លែងមានការយល់ច្រឡំថា រឿងនេះជារឿងព្រះ កើតឡើងតាំងពីសម័យពុទ្ធកាលដូចមុនទៀតហើយ។ ព្រោះគេតែងជួបប្រទះគម្ពីរដីកាច្រើនណាស់ដែរ ដែលអ្នកប្រាជ្ញពុទ្ធសាសនាបានរៀបរៀងចងក្រងឡើងនៅស្រុកអាយយើងនេះដូចជាគម្ពីរមង្គលត្ថទីបនីជាដើម។ បន្ដទៅទៀតនេះ យើងសូមលើកយកស្នាដៃ និង ជីវប្រវត្ដិរបស់អ្នកនិពន្ធ សម័យកណ្ដាលមករៀបដង្ហែគ្នាតាមលំដាប់សករាជ សំរាប់ជាការសិក្សាយ៉ាងជាក់ច្បាស់ខាងអក្សរសាស្ត្រជាតិយើង។
ទំព័រ127 ប៉ុន្ដែការរៀបរៀងនេះ យើងលើកយកតែស្នាដៃណាល្អសមរម្យ និង មានចារឹកនាមអ្នកនិពន្ធជាក់ប្រាកដប៉ុណ្ណោះមកអធិប្បាយ។ ចំណែកស្នាដៃណាមិនមានចារឹកនាមជាក់ប្រាកដ មិនទាន់ហុចឲ្យយើងនៅឡើយ។ ហើយយើងសង្ឃឹមថា ការស្រាវជ្រាវជាបន្ដៗ ទៅមុខទៀតមុជជាបញ្ជាក់ឲ្យយើងជាមិនខាន។ ជាដំបូង យើងសូមលើកយកស្នាដៃណា ដែលមានអាយុចាស់ជាងគេមកពណ៌នាមុន ដូចមានជាលំដាប់ហូរហែតទៅ៖
1 តាម Histore du Cambodge A. Leclère ថាក្រុងនៅនៅស្រីសឈរ(ស្រីសន្ធរ)។ 2. សូមមើលយោបល់ដើមនៃសៀវភៅ «បញ្ញាសជាតកសំរាយ» ភាគ១ ផ្សាយពីពុទ្ធសាសនបណ្ឌិត្យ។