ចំពូកទីប្រាំពីរ
អក្សរសាស្ត្រសម័យអង្គរ(ត)
ថ្ងៃសៅរ៍ ទី4.មេសា 2020.ម៉ោង 17:05

    ក្នុង​សម័យ​អង្គរ​នេះ​ គេ​ស្គាល់​ឈ្មោះ​អ្នក​និពន្ធ​សិលា​ចារឹក​ប្រាំ​មួយ​រូប​ ដែល​មាន​នាម​ជាក់​ប្រា​កដ​ទុក​កេរ្ដិ៍​ដំណែល​ដល់​យើង​គ្រប់​គ្នា​ គឺ​បណ្ឌិត​ទិវា​ករ​ បណ្ឌិត​យតិ​អមរភាវ បណ្ឌិត​ភូបន្ទ្រៈ បណ្ឌិត​កវិន្ទ្រៈ បណ្ឌិត​សវសោម និង ព្រះ​នាង​អន្ទ្រទេវី។​

    ស្នា​ដៃ​ដែល​យើង​លើក​យក​មក​បង្ហាញ​ខាង​ក្រោម​នេះ​ យើង​បាន​ដក​ស្រង់​ធ្វើ​ជា​សេចក្ដី​ប្រែ​សំរួល​(2) និង ធ្វើ​ជា​សេចក្ដី​អធិប្បាយ​បន្ថែម​ពី​ជីវ​ប្រវត្ដិ​ តាម​លំដាប់​មុន​ក្រោយ​ សំរាប់​ជា​ឯក​សារ​ដល់​អ្នក​ត្រូវ​ការសិក្សា​អក្សរសាស្ត្រ​ ដូច​ត​ទៅនេះ​៖

១ - បណ្ឌិតសិវសោម​
    បណ្ឌិត​នេះ​ជា​អ្នក​ចេះ​ចាំ​ស្ទាត់​នូវ​ក្បួន​ច្បាប់​ទាំង​ឡាយ​ខាង​អក្សរ​សាស្ត្រ​ និង មន្ដ​វិជ្ជា​គាថា​ផ្សេងៗ​។ លោក​បាន​ចង​ក្រង​ជា​រឿង​រ៉ាវ​ និង ក្បួន​ខ្នាត​ជា​ច្រើន​ មាន​រឿង​មហា​ភារតៈ​ ក្បួន​វេយ្យា​ករណ៍​ជា​ដើម​។ លោក​បាន​ទទួល​ប្រោស​ប្រាណ​ពី​សំណាក់​ព្រះ​មហា​ក្សត្រ​ខ្មែរ​សម័យ​នោះ​ និង ​ជា​រាជ​គ្រូ​ផ្ទាល់​របស់​ព្រះ​បាទ​ឥន្ទ្រវរ្ម័ន​។ ស្នា​ដៃ​របស់​លោក​ បាន​គង់​នៅ និង សិលា​ចារឹក​ប្រា​សាទ​កណ្ដោល​ដើម ដែល​យើង​ស្រង់​សេចក្ដី​បន្ដិច​ដូច​ខាង​ក្រោម​៖

សូម្បី​បើ​លាក់​ខ្លួន​ពួន​អាត្មា​ក្នុង​ព្រៃ​ស្ងាត់​ក៏​ដោយ​ រាជ​សត្រូវ​ភ្លឺ​ស្វាង​ដោយ​ប្រទីប​ជ័យ​ជំនះ​របស់​ព្រះ​អង្គ​ រត់​ចូល​មក​ជ្រក​ក្រោម​ព្រះ​បាទ​ ហាក់​ដូច​ជា​ខ្លា​ក្រែង​ព្រះ​អង្គ​ចាប់​បាន​ជា​ថ្មី​ទៀត​។

២ - បណ្ឌិតយតិអមរភាវៈ​ ​
    ជា​អ្នក​ប្រាជ្ញ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​យសោ​វរ្ម័ន​ ដែល​ព្រះ​អង្គ​ទ្រង់​ប្រោស​ព្រះរា​ជ​ទាន​ឋានន្ដរ​សក្ដិ​ ជា​ធិបតី​លើ​ចំណោម​​បណ្ឌិត​​ទាំង​ឡាយ​ក្នុង​សម័យ​នោះ​ ព្រម​ទាំង​ជា​សង្ឃ​រាជ​លើ​វត្ដ​ឥន្ទ្រា​ស្រម​ ដែល​ជា​មជ្ឈ​មណ្ឌល​ខាង​លទ្ធិ​សាសនា​ព្រាហ្មណ៍​។ លោក​ទុកស្នា​ដៃ​ក្នុង​សិលា​ចារឹក​នៅ​ភ្នំ​បាយ័ង្គ ដែល​យើង​​ស្រង់​យក​សេចក្ដី​បន្ដិច​ដូច​ត​ទៅ​៖

សូម​ព្រះ​សិវៈ​ដ៏​មានជតា​ធំ ហើយ​ដែល​មាន​ព្រះ​បាទ​ធ្ងន់​ជាន់​រាវ​ណ​ទស​មុខ​ ឲ្យ​ស្រែក​ថ្ងូរ​ទ្រ​ហឹង​ពេញ​អាកាស​ ដោយ​សេចក្ដី​ឈឺចាប់​ ថែរក្សា​ នូវ សម្បត្ដិ​របស់​អ្នក​។

    ប្រយោគ​ខ្លី​ខាង​លើ​នេះ​ បណ្ឌិត​យគិអមរភាវៈ សុំ​ឲ្យ​ព្រះ​ឥសូរ​ដែល​មាន​រិទ្ធ​អំណាច​ អាច​ នឹង ជាន់​លើ​យក្ស​រាវណ ដែល​មាន​មុខ​ដប់​ ឲ្យ​ស្រែក​ថ្ងូរ​​ដោយ​ចាញ់​បារ​មី​បាននោះ​ សូម​ឲ្យ​មក​ជួយ​ថែរក្សា​នូវ​សេចក្ដី​ខុខ​រុងរឿង​​របស់​ ប្រជា​នុរាស្ត្រ​ទាំង​ឡាយ​កុំ​បី​ខាន​ឡើយ​។ នេះ​អែង​ជាសេចក្ដី​អំពាវ​នាវ​របស់​សិលាចារឹក​ កើត​ឡើង​ដោយ​ព្រះ​រាជូបត្ថម្ភ​ នៃ ព្រះ​បាទ​យសោ​វរ្ម័ន​ គឺ​ជា​ព្រះ​មហា​ក្សត្រ​ក្លៀវ​ក្លា​មួយ​អង្គ​ក្នុង​សតវត្ស​ទី​៩ ដែល​បាន​រៀប​ចំ​កសាង​ប្រា​សាទ​អង្គរ​ធំ។

៣ - បណ្ឌិតយទិវាករៈ (3)
    ជា​កវី​និពន្ធ​យ៉ាង​ឯក​ជំនាន់​រជ្ជកាល​ នៃ​ ព្រះ​បាទ​រាជិន្ទ្រ​វរ្ម័ន​។ លោក​​ចេះ​ស្ទាត់​ នូវ ​វិជ្ជា​ត្រ័យ​វេទ​ អាច​សេក​មន្ដ​អាគម​ធ្វើ​ទ័ព​សត្រូវ​ឲ្យ​វិនាស​ខ្ចាត់​ខ្ខាយ​បាន​។ បណ្ឌិត​នេះ​ បាន​ទទួល​សេចក្ដី​ប្រោស​ប្រាណ​ពី​ព្រះ​រាជា​យ៉ាង​គាប់​ចិត្ដ​ក្រៃ​លែង​ គឺ​ព្រះ​អង្គ​បាន​ប្រ​ទាន​នូវ​បុត្រី​មួយ​អង្គ​ព្រះ​នាម​ «ឥន្ទ្រលក្ស្មី​»ឲ្យ​ធ្វើ​ជា​ភរិយា​ បណ្ឌិត​ទិវាករ។ ស្នា​ដៃ​លោក​លាត​ត្រ​ដាង​នៅ​ក្នុង​ផ្ទាំង​សិលា​ចារឹក​ប្រាសាទ​កំភឹស ដែល​យើង​ដក​ស្រង់​សេចក្ដី​ខ្លះ​ៗ​ដូច​ត​ទៅ៖

ឆេះ​រោល​រាល​ដោយ​ព្រួញ​ទិព្យ​របស់​ព្រះ​អង្គ​ មហា​ព្រៃ​នៃ​ពួក​​សត្រូវ​​លែង​លូត​លាស់​​ឡើង​វិញ​ សូម្បី​បើ​ស្រោច​ស្រប់​ដោយ​ទឹក​ភ្នែក​ពួក​ទី​ប្រឹក្សា​ក៏​ដោយ​។

    ក្នុង​ឃ្លាយ៉ាង​ខ្លី​ខាង​លើ​នេះ​ អ្នក​និពន្ធ​ទិវាករ បាន​សរសើរ​រិទ្ធិ​បារមី​ នៃ​ព្រះ​បាទ​ជយ​វរ្ម័ន​ទី​ ៥ ដែល​ជា​ក្សត្រ​ប្រកប​នូវ​បារមី​ក្លៀវ​ក្លា បង្ក្រាប​អស់​ពួក​សត្រូវ​ដែល​មាន​នៅ​គ្រប់​ទិស​ដំបន៉​ដេល​អ្នក​និពន្ធ​ បាន​ប្រៀប​ប្រដូច​ នឹង ​មហា​ព្រៃ​ឲ្យ​ស្ងប់​ស្ងាត់​ឈឹង​សូន្យ​ ទោះ​បី​ជា​មាន​ពួក​ទី​ប្រឹក្សា​ប្រឹង​ដាស់​តឿន​រំលឹក​យ៉ាង​ណា​ក៏​ដោយ។

៤ - បណ្ឌិតកវិន្ទ្រៈ
    ជា​អ្នក​និពន្ធ​យ៉ាង​ឆើត​មួយ​រូប​ក្នុង​រជ្ជ​កាល​ នៃ ព្រះ​បាទ​សុរ្យ​វរ្ម័ន​។ លោក​បាន​រៀន​ចេះ​ស្ទាត់​នូវ​គម្ពីរ​ក្បួន​ខ្នាត​ផ្សេង​ៗ​ ហើយ​ជា​អ្នក​មាន​ប្រាជ្ញា​វាង​វៃ​បំផុត​ អាច​នឹង​ ដោះ​ស្រាយ​ នូវ បញ្ហា​អ្វី​ៗ​ យ៉ាង​ពិបាក​បាន​យ៉ាង​ឆាប់​រហ័ស​។ ហេតុ​នេះ​ហើយ​ ទើប​ព្រះ​រាជា​សព្វ​ព្រះ​ទ័យ​ តែង​តាំង​ជា​ទី​ប្រឹក្សា​របស់​ព្រះ​អង្គ​។ ស្នា​ដៃ​លោក​មាន​ពិស្ដារ​ក្នុង​សិលា​ចារឹក​ប្រាសាទ​ខ្ន​ ដែល​យើង​ស្រង់​សេចក្ដី​មួយ​ប្រយោគ​មក​បញ្ជាក់​បន្ដ​ទៅ​នេះ៖

ក្នុង​សង្គ្រាម​ គ្រឿង​អាវុធ​ដែល​បច្ចា​មិត្ដ​វាត់​មក​យ៉ាង​ធ្ងន់​លើ​ព្រះអង្គ​ដោយ​ពេញទំហឹង​ ហាក់​ដូច​ជា​សត្វ​តូច​មួយ​ទិច​ ឬ​ ស្រី​ក្រ​ចៅ​ប៉ុណ្ណោះ​។

    ក្នុង​ប្រ​យោគ​នេះ​ អ្នក​និពន្ធ​កវិន្ទ្រៈ បាន​បង្ហាញ​ នូវ ចេស្ដា នៃ ​ព្រះ​បាទ​សុរ្យ​វរ្ម័ន​ ក្នុង​គ្រា​ដែល​យាង​ចេញ​តយុទ្ធ​ក្នុង​រណ​រង្គ​។ អ្នក​និពន្ធ​បាន​ពោល​ថា​ កាល​បើ​សត្រូវ​ប្រហារ​ នូវ ​សស្ត្រា​វុធ​មក​លើ​ព្រះអង្គ​ ព្រះ​បាទ​សុរ្យ​វរ័្មន​ ឥត​មាន​ញញើត​ឡើយ​ ព្រោះ​ឥត​មាន​ឈឺ​ចាប់ដល់​ព្រះ​កាយ​បន្ដិច​សោះ​ គ្រាន់​តែ​សៅ​ហ្មង​បន្ដិច​ទុក​ដូច​ជា​សត្វ​តូច​មួយ​ទិច​ ឬ​ ដូច​ជា​ស្រី​ក្រចៅ​ប៉ុណ្ណោះ​។

៥ - បណ្ឌិតភូបន្ទ្រៈ
    បណ្ឌិត​ភូបន្ទ្រៈ ជា​​អ្នក​ប្រាជ្ញ​មួយ​រូប​ក្នុង​សម័យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ៧។ លោកជា​អធិបតី​លើក​គណអ្នក​ប្រាជ្ញ​ទាំង​ឡាយ​ ដែល​​​​​​​​ជា​ទី​ប្រឹក្សា​របស់​ព្រះ​រាជា​ ហើយ​លោក​ជា​ចៅ​ក្រម​យ៉ាង​ល្បី​ល្បាញ​ផង​ ព្រោះ​ជា​អ្នក​មាន​ស្មារតី​ទូ​លំទូលាយ​ខាង​ផ្លូវ​ច្បាប់​(4)

    យើង​ដក​ស្រង់​ស្នា​ដៃ​របស់លោក​ពី​ក្នុង​សិលា​ចារឹក​ប្រាសាទ​ទរ ដែល​មាន​សេចក្ដី​ដូច​តទៅ​៖

ទ្រង់​ជ្រាប​ថា ផែន​ដី​ព្រះ​អង្គ​ដែល​ទ្រង់​បាន​កសាង​ឲ្យ​ក្លាយ​ទៅ​ជា​ស្ថាន​សួគ៌​ដោយ​ព្រះ​ប្រាជ្ញា​ណាណ​ ត្រូវ​មរណៈ​ព្យា​បាទ​ហើយ ទ្រឹង់​នាំ​ឲ្យ​យក​ទឹក​អម្រឹត​ធ្វើ​ជា​ភេសជ្ជៈ​ ដើម្បី​ញ៉ាំង​សត្វ​ដែល​ស្លាប់​ កុំ​ឲ្យ​ស្លាប់​ទៀត​។

    ប្រយោគ​ខាង​លើ​នេះ​ បង្ហាញ​ពី​សម្រស់​ពាក្យ​ពេចន៍​ជា​ស្នា​ដៃ​របស់​អ្នក​និពន្ធ​ឈ្មោះ​ភូបន្ទ្រៈ ដែល​សរសើរ​ព្រះ​កិត្ដិ​គុណ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ៧ ដ្បិត​ព្រះ​ចៅ​អង្គ​នេះ​ ទ្រង់​មាន​ព្រះ​មេត្ដា​ធម៌​ក្រៃលែង​ ទ្រង់​បាន​ចាត់​ចែង​បង្កើត​ជា​រោង​ព្យា​បាល​រោគ​សំរាប់​ប្រ​ជា​ជន​ជា​ច្រើន​កន្លែង​ ទើប​សេចក្ដី​ផ្ដើម​នៃ ​សិលា​ចារឹក​នេះ​ និយាយ​ថា ព្រះ​អង្គ​ទ្រង់​ឈ្វេង​យល់​ថា ផែន​ដី​ដែល​ព្រះ​អង្គ​ខំ​កសាង​ ឲ្យ​មាន​សុខ​សាន្ដ​សម្បូណ៌​សប្បាយ​ដូច​ជា​ស្ថាន​សួគ៌​នោះ​ ឥឡូវ​ត្រូវ​រោគា​ព្យា​ធិ​មក​រុក​រាន​ញាំ​ញី​ហើយ​ ទើប​ព្រះ​អង្គ​ណែ​នាំ​ នូវ ប្រ​ជា​ជន​ដ៏​ជា​ទី​សព្វ​ព្រះ​ទ័យ​ ឲ្យ​កសាង​ខ្លួន​តាម​ផ្លូវ​ល្អ ពោល​គឺ​ឲ្យ​ផឹក​ នូវ ទឹក​អម្រឹត​រស​ជាតិ​សីល​ធម៌​ព្រះ​ពុទ្ធសាសនា​ និង កែ​រោគ​ជន​ទាំង​នោះ​ ដោយ​បង្កើត​ឲ្យ​មាន​ក្រុម​ព្យា​ពាល​ជម្ងី​ដោយ​ឱសថ​ផ្សេងៗ។

    ៦ - ព្រះ​នាង​ឥន្ទ្រទេវី
    ព្រះនាង​ឥន្ទ្រទេវី​ជា​អគ្គ​មហេសី​ នៃ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​ ៧ គឺ​ព្រះ​នាង​ទ្រង់​បាន​ទទួល​រាជា​ភិសេក​ជា​មួយ​ព្រះចៅ​ផែន​ដី​ ក្រោយ​ដេល​ព្រះ​មហេសិ​ដើម​ធា​ព្រះ​កនិដ្ឋា​បង្កើត​របស់​ព្រះ​នាង​ទទួល​ទិវង្គតហើយ​។ ព្រះ​នាង​ឥន្ទ្រ​ទេវី​ ទ្រង់​បាន​ណែ​នាំ​ព្រះ​រាជា​ឲ្យ​មាន​ព្រះ​ទ័យ​ជ្រះ​ថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា​ និង ការកសាង​វប្បធម៌​ជាតិ​ ដូច​ជា​ការ​បង្កើត​ឲ្យ​មាន​សាលា​ជាន់​ខ្ពស់​សំរាប់​បង្រៀន​កូន​ចៅ​ខ្មែរ​ និង បង្កើត​វង់​ល្ខោន​សំរាប់​សម្ដែង​សិល្បខ្មែរ​ជា​ដើម។

    ស្នា​ព្រះហស្ថ​ តទៅ​នេះ​ យើង​ស្រង់​ចេញ​ពី​សិលា​ចារឹក​ប្រាសាទ​ភិមាន​អាកាស​

ដោយ​មាន​ភក្ដី​ចំពោះ​ព្រះ​ស្វាមី​ លុះ​ត្រា​និព្វាន​ ព្រះ​នាង​ទ្រង់​ទន្ទឹង​រង់​ចាំ​ឲ្យ​ឃើញ​ថា​ ព្រះ​រាជា​ទ្រង់​ថ្វាយ​ព្រះ​អង្គ​ស៊ប់​ ក្នុង​ពុទ្ធ​ឱវាទ​សិន ​ទើប​ព្រះ​នាង​ចូល​កាន់​និព្វាន​ជា​ក្រោយ​។

    ប្រយោគ​ខ្លី​នេះ​ ព្រះនាង​ឥន្ទ្រ​ទេវី​ ទ្រង់​ចារឹក​ទុក​អំពី​ទឹក​ព្រះ​ទ័យ​នៃ​ព្រះ​នាង​ជយ​រាជ​ទេវី​ ជា​ព្រះ​កនិដ្ឋា​ និង ជា​មហេសី​ដើម​នៃស្វាមី​ព្រះ​នាង​ កាល​មុន​ នឹង ​ចូល​ទិវង្គត។

    សរុប​សេចក្ដី​ទៅ​ សិលា​ចារឹក​ទាំង​នោះ​ឯង​ បង្ហាញ​យើង​ឲ្យ​ឃើញ​ នូវ ​អរ្យ​ធម៌​ខ្មែរ​បុរាណ​ ជា​ពិសេស​គឺ​អក្សរ​សាស្ត្រ​របស់​យើង​កាល​សម័យ​អង្គរ​។ សេចក្ដី​បក​ស្រាយ​ និង កិច្ចការ​ស្រាវ​ជ្រាវ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​សុទ្ធ​សឹង​តែ​ហូរ​ចេញ​មក​ពី​ស៊ី​វិល័យ​សំស្ក្រឹត​ ព្រោះ​ដូច​យើង​ពោល​មក​ខាង​ដើម​រួច​ហើយ​ថា សម័យ​នោះ​សំស្ត្រឹត​ជា​យាន​ភាសា​របស់​ជន​ជាតិ​អាស៊ី​ ដេល​ទុកកេរ្ដិ៍ដំណែល​មក​បានយូរ​អង្វែង​។ លុះ​ចំណេរ​ត​មក​មាន​ភាសា​បាលី​បាន​មក​ផ្លាស់​វេន​ម្ដង​ ក៏​បង្កើត​បូលដ្ឋាន​អក្សរ​សាស្ត្រ​ បន្ថែម​លើ​មូលដ្ឋាន​សំស្ក្រឹត​ ពី​បូរំ​បូរាណ​មក​ទៀត​។ សង្ខេប​សេចក្ដី​ទៅ​ យើង​ស្គាល់​បាន​ថា ភាសា​សំ​ស្ក្រឹត​ និង ភាសា​បាលី​ ជាមូលដ្ឋាន​ នែ អំបូរ​ភាសា​របស់​ជន​ជាតិ​អាស៊ី​ ដូច​គ្នា​ នឹង​ ភាសា​ឡា​តាំង និង ក្រេក ដែល​ជា​មូដ្ឋាន នៃ ភាសា​អឺរុប​ដែរ​។