ចំពូកទីប្រាំមួយ
អក្សរសាស្ត្រមុនសម័យអង្គរ
ថ្ងៃសៅរ៍ ទី21.មីនា 2020.ម៉ោង 14:44

    សម័យ​មុន​អង្គរ​ ជា​សម័យ​ដំបូង​បំផុត​ដែល​ជន​ជាតិ​ខ្មែរ​ កសាង​ឥស្សរ​ភាព​ និង ​អារ្យ​ធម៌​នៅ​លើ​ដែន​ដី​គោក​ធ្លក​ល។ ពេល​នោះ​ព្រះ​បឋម​ក្សត្រ​ខ្មែរ​ គឺ​ព្រះ​បាទ​កៅណ្ឌិន្យ។ ក្រោយ​ដែល​បាន​មក​វាត​អំណាច​លើ​ដែន​ដី​គោក​ធ្លក​ហើយ​ ទ្រង់​ចាប់​កសាង​វប្បធម៌​ជាបណ្ដើរ​ៗ គឺ​តាំង​ពីសតវត្ស​ទី​ ១ នៃគ្រឹស្ដសករាជ​។ អក្សរ​ខ្មែរ​យើង​ជាន​នោះ​មាន​សណ្ឋានរូប​រាង​ស្រដៀង​គ្នា​ នឹង អក្សរ​ឥណ្ឌៀ​ភាគ​ខាង​ត្បូង​។ ប៉ុន្ដែ​បណ្ឌិ​បុរាណ​ខ្មែរ​យើង​ មិន​ព្រម​ប្រើ​អក្សរ​ដែល​ដូច​របស់​គេស្មោះ​នោះទេ លោក​បាន​នាំ​គ្នា​ប្រឹង​កា​ឡៃ​បន្ដិច​ម្ដង​ៗ ឲ្យ​មាន​សណ្ឋាន​មួយ​ប្លែក​ជា​ពិសេស​សំរាប់​ជាតិ​របស់​ខ្លួន​។ គឺ​ឲ្យ​មាន​លក្ខ​ណ​ជា​ពិសេស​ អាច​ឲ្យ​ជន​ទូ​ទៅ​ស្គាល់​​បាន​ថា​ នេះ​ពិត​ជា​របស់​ខ្មែរ​មែន​ៗ​​ តាំង​ពី​អង្វែង​កាល​​ ចំនួន​ជិត​ពីរ​ពាន់​ឆ្នាំ​មក​ហើយ​។ កេរ្ដិ៍​ដីណែល​សម័យ​នោះ​ យើង​ឃើញ​ស្គាល់​បាន​ដោយ​សារ​មាន​ចារ​នៅ​លើ​ផ្ទាំង​សិលា​ ដែល​ជា​វត្ថុ​ឋាវរៈ​មួយ​គង់​ទ្រង់​នៅ​បាន​យ៉ាង​យូរ​។ ពាក្យ​ពេចន៍​ គឺ​សំដី​ប្រើ​ប្រាស់​របស់​ជន​ជាតិ​យើង​សម័យ​នោះ​ ច្រើន​លំឱន​ទៅ​តាម​និន្នា​ការ​ភាសា​សំស្ក្រឹត​ ព្រោះ​កាល​នោះ​ភា​សា​សំស្ក្រឹត​ បាន​លាត​សន្ធឹង​អំណាច​ពាស​ពេញ​ដែន​ដី​យើង​ ដ្បិត​ភាសា​នេះ​ផ្ដិត​​ជាប់​នៅ​ក្នុង​លទ្ធិ​សាសនា​ព្រាហ្មណ៍​ និង ពុទ្ធ​សាសនា​ បែប​មហា​យាន​។ ខ្មែរ​យើង​កាល​នោះ​ សុទ្ធ​សឹង​តែ​គោរព​លទ្ធិ​សាសនា​ព្រាហ្មណ៍​ជា​ភាគ​ច្រើន​ និង ពុទ្ធសាសនា​មហា​យាន​ខ្លះៗ​ ព្រោះ​ជន​ជាតិ​ឥណ្ឌៀ​ត្រ​កូល​កោណ្ឌញ្ញ​ ដែល​បាន​មក​បោះ​ជំរុំ​យ៉ាង​ស៊ប់​សួន​លើ​ដែន​ដី​គោក​ធ្លក​នោះ​ សុទ្ធ​តែ​ជា​អ្នក​គោរព​សាសនា​ទាំង​ពីរ​ខាង​លើ​នេះ​ទាំង​អស់​គ្នា​។

    ត​ទៅ​នេះ​ យើង​សូមជូន​សេចក្ដី​ដក​ស្រង់​ពី​សិលា​ចារឹក​បុរាណ​មួយ​ជា​ភា​សា​សំ​ស្ក្រឹត​តែ​ប្រែ​ជា​ភាសា​ខ្មែរ​ សំរាប់​ជា​ការ​ប្រៀប​ធៀប​សំពស់​អក្សរ​សាស្ដ្រ​សម័យ​​មុន​អង្គរ​ និង សម័យ​យើង​ក្នុង​បច្ចុប្បន្ន​។ សេចក្ដី​ដក​ស្រង់​នោះ​យើង​បាន​​ស្រង់​ចេញពី​សៀវ​ភៅ​ «ពុទ្ធ​​សាសនា ​២៥០០»​ជា​សេចក្ដី​ប្រែ​របស់​ព្រះ​ភិក្ខុ​ប៉ាង ខាត់​ ដែល​បោះ​ពុម្ព​ផ្សាយ​ក្នុង​ឱកាស​បុណ្យ​ ព.ស ២៥០០ មាន​សេចក្ដី​ដូច​ខាង​ក្រោម​៖

ព្រះ​វររាជា​ទ្រង់​បាន​ប្រកាស​ក្នុង​រាជ​សភាចា ចូរ​ប្រជា​ជន​ក្រេប​ផឹក​ នូវ ទឹក​អម្រឹត​ ពោល​គឺ​ព្រះ​បន្ទូល​ព្រះ​បាទ​ ជា​វង្ស​ នៃ​ ព្រះ​បាទ​ស្រីមារៈ ទ្រង់​បាន​ជា​កិត្ដិ​យស​ នៃ រាជ​វង្ស​ ស្រីមារៈ ទ្រង់​បាន​ប្រកាស​ក្នុង​កណ្ដាល​ជំនុំ​ជន​ នូវ ព្រះរាជ​បន្ទូល​សូរ​សីហនាទ​ ជា​ប្រ​យោជន៍​ ដល់​ប្រជា​ជន​ទាំង​ឡាយ​ ទ្រង់​ជា​កវិណ​ទាំង​ពីរ​ដ៏​ប្រសើរ​ ទ្រ​ប្រចាប់​លើ​សង្ហា​សនៈ ហើយ​ទ្រ​ឈ្វេង​យល់​ នូវ គតា​គតិ​ គឺ​ការ​អន្ទោល​ស្លាប់​កើត​ នៃ មនុស្ស​លោក​ ទើប​ត្រាស់​ថ «កាល​បើ​កូន​ខ្ញុំ​ក្ដី​ បង​ប្អូន​ខ្ញុំ​ក្ដី​ មិន​មែន​អ្នក​កន្ដៀត​ទេ​ បាន​សំរាច​បំណង​អ្នក​ហើយ​ ខ្ញុំ​សូម​ឲ្យ​យក​សម្បត្ដិ​​ខ្ញុំ​ទាំង​អស់​ ប្រាក់​មាស​ និង ជា​ប្រយោជន៍ដល់​សត្វ​លោក​ទាំង​ឡាយ​។ នេះ​ជា​សេចក្ដី​បញ្ជាក់របស់​ខ្ញុំ​។ សូម​ព្រះ​រាជា​ទាំង​ឡាយ​នៅ​ក្នុង​អនាគត​ ព្រតិបត្ដិ​តាម​បញ្ជា​ខ្ញុំ​នេះ​កុំ​បី​ខាន»​

    សេចក្ដី​ដក​ស្រង់​របស់​យើង​ខាង​លើ​នេះ ជា​ស្នា​ព្រះហស្ថ របស់​ព្រះ​រាជា​ខ្មែរ​មួយ​អង្គ​កាល​ពី​ក្នុង​សតវត្ស​ទី៣ នៃ​គ្រឹស្ដសករាជ​ គឺ​ព្រះ​បាទ​ «ស្រីមារ» ដូច​ភស្ដុតាង​បញ្ជាក់​ព្រះនាម​ព្រះ​អង្គ​ក្នុង​អត្ថ​បទ​ខាង​លើ​ស្រាប់​។ សិលា​ចារឹក​នេះ​គេ​ប្រទះ​ឃើញ​នៅ​វ៉ូ​កាញ់​ ក្នុង​ខេត្ដ​ញ៉ា​ត្រាំង​ (ប្រទេស​វៀត​ណាម​) ដែល​ពី​ដើម​ទី​នោះ​ជា​អាណា​ខេត្ដ​ខ្មែរ​មួយ​ដែរ​។ សេចក្ដី​បរិយាយ​របស់​សិលា​ចារឹក​នេះ​ ជាព្រះ​រាជ​បន្ទូល​របស់​ព្រះ​បាទ​ស្រីមារៈ គឺ​ព្រះ​បាទ​ហ្វាន់ ម័ន​ ដែល​ឯក​សារ​ចិន​បាន​ថ្វាយ​ព្រះ​នាម​ព្រះ​អង្គ​តាម​ទំនួល​ភាសា​ចិន​ថា «ហ្វាន់​ ចេម័ន​»។ ក្នុង​គ្រា​ដែល​ព្រះអង្គ​ឡើង​គ្រង​រាជ​ហើយ​ ក៏​ចាត់​ចែង​រៀប​កសាង​សិលា​ចារឹក​នេះ ទុក​ជា​ដំណាង​ព្រះ​រាជ​ឧត្ដម​គតិ​របស់​ព្រះ​អង្គ។

    បាន​សេចក្ដី​ថា៖ ព្រះ​បាទ​ស្រី​មារៈ​ ជា​បឋម​វង្ស​នៃ​ក្សត្រ​ខ្មែ​ មាន​ព្រះ​រាជ​ហ​រិទ័យ​ជ្រះ​ថ្លា​ ទ្រង់​តែង​សន្ដោស​ដល់​ប្រ​ជាពល​រដ្ឋ​ទូទៅ​គ្រប់ប្រ​ភេទ​ ដោយ​ទ្រង់​យល់​ច្បាស់​ នូវ ដំណើរ​ គតា​កតិ​ ការវិល​កើត​វិល​ស្លាប់​របស់មនុស្ស​ក្នុង​វាល​វដ្ដ​សង្សារ​។ ទ្រង់​បាន​បរិច្ចាគ​ព្រះ​រាជទ្រព្យ​ធ្វើ​ជា​ទាន​ដល់​សាធារ​ណជន​។ មិន​តែ​ប៉ុណ្ណោះ​ ទ្រង់​បាន​ត្រាស់​ផ្ដាំ​ផ្ញើ​ដល់​ព្រះរាជា​ ជា​ដំណ​ក្រោយ​ៗ​មក​ សូម​ឲ្យទ្រង់​មាន​ព្រះ​មេត្ដា​ធម៌​ដូច​ព្រះអង្គ​ដែរ​។ ដើម្បី​ នឹង ទុក​ជា​សក្ខី​ភាព នូវ ​ព្រះ​រាជ​បំណង​ដ៏​ថ្លៃ​ថ្លា​របស់​ព្រះ​អង្គ​ ទើប​ព្រះ​បាទ​ស្រីមារៈ​ បាន​ចាត់​ចែង​ធ្វើ​លិលា​ចារឹក​នេះ​ឡើង​ ទុក​ជា​កេរ្ដិ៍​ដំណែល​រហូត​ដល់​រាប់​ពាន់​ឆ្នាំ​ក្រោយ​មក​ ក៏​យើង​នៅ​ស្គាល់​បាន​យ៉ាង​ច្បាស់​ប្រាកដ​ នូវ ព្រះ​រាជ​កាយ​វិការ​ ដ៏​ប្រសើរ​របស់​ព្រះរាជា​អង្គនេះ​។​

    ប្រយោជន៍​សំខាន់​ម្យ៉ាង​ទៀត​ សិលា​ចារឹក​នេះ​មិន​ត្រឹម​តែ​កត់​ត្រា​ទុក​ នូវ ព្រះ​រាជ​បំណង​របស់​ព្រះ​អតីត​មហាក្សត្រ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ អាច​រាប់​បាន​ជា​វណ្ណ​កម្ម​មួយ​សំរាប់​ឲ្យ​យើង​ឃើញ​ជាក់​ប្រាកដ​ពី​ការ​ប្រើ​តួ​អក្សរ​ និង សំនួន​ពាក្យ​ពេចន៍​ នៃ ភាសា​ខ្មែរ​សម័យ​​នោះ​ផង​។ គឺថា​ពត៌​មាន​ផ្សេង​ៗ​ ខាង​អក្សរ​សាស្ត្រ​ខ្មែរ​ ដែល​យើង​ស្គាល់​បាន​អំពី​ស្នា​ដៃ​សម័យ​ដំបូង​ គឺ​សម័យ​អង្គរ​នោះ​ ក៏​ដោយ​សារ​តែ​ផ្ទាំង​សិលាចារឹក​ទាំង​នោះ​អែង​។

    ប៉ុន្ដែ​យើង​ស្ដាយ​បំផុត​ ព្រោះ​ពេល​វេលា​ពុំ​អាច​បើក​ឱកាស​ឲ្យ​យើង​ដក​ស្រង់​ស្នា​ដៃ​ឯ​ទៀត​ៗ​ ដែល​កើត​ក្នុង​សម័យ​ជា​មួយ​គ្នា​ មក​បញ្ជាក់​ឲ្យ​បាន​សព្វ​គ្រប់​ សម​តាម​បំណង​ឡើយ​ ព្រោះ​ឯក​សារ​ទាំង​នោះ​នៅ​ស្ដួច​ស្ដើង​តិច​តួច​ពេក​។ ដូចនេះ​ហើយ​ បាន​ជា​យើង​ព្យា​យាម​សំរាំង​យក​តែ​ស្នា​ដៃ​ណា​ដែល​ងាយ​ស្ដាប់​ងាយ​យល់​ និង ប្រកប​ដោយ​លក្ខណអក្សរ​សាស្ត្រ​ពិតៗ​ មកធ្វើ​ការ​ពិភាក្សា​ជាមួយ​អស់​លោក​អ្នក​ឲ្យ​បាន​ឃើញ​ជាក់​ច្បាស់​ ដ្បិត​អី​បញ្ហា​​ទាំង​នេះ​ គឺ​ពិត​ជា​បញ្ហា​នៅ​ក្នុង​សភាព​ស្មុគ​ស្មាញ​នោះ​ឡើយ​។

    សរុប​សេចក្ដី​ទៅ​ សម័យ​ទី​មួយ​ នៃ អក្សរ​សាស្ត្រ​យើង​ គឺ​ជា​សម័យ​ដែល​បុព្វ​បុរស​ខ្មែរ​ ខិត​ខំ​ព្រាង​បង្កើត​ បាន​ជារូប​ជា​អង្គ​ នៃ តួ​អក្សរ​ និង ប្រឹង​រក​មធ្យោ​បាយ​ផ្សាយ​ នូវ អក្សរ​នេះ​ ឲ្យ​ជន​គ្រប់​គ្នា​បាន​ចេះ​បាន​យល់​សំរាប់​ជា​ប្រទីប​មួយ​ ជួយ​បំភ្លឺ​ផ្លូវ​ឲ្យ​យើង​ដើរ​ត្រេច​ទៅ​កាន់​ត្រើយ​វឌ្ឍន​ធម៌​។

   ទំព័រ87--02ទំព័រ87--02 ប៉ុន្ដែ​សម័យ​មុន​អង្គរ​នេះ​ ទី​ក្រុង​ខ្មែរ​ មិន​បាន​តាំង​ទី​នៅ​កន្លែង​មួយ​ជាប់​​លាប់​ទេ​ គឺ​ចេះ​តែ​មាន​ការ​ប្ដូរ​ផ្លាស់​ជា​ញឹក​ញយ​ ដូច​ជា​ប្ដូរ​ពី​វ្យា​ធបុរៈ ទៅ​ឥសាណ​បុរៈ​ រួច​ទៅ​ មហិន្ទ្រ​បុរៈ​ ជា​ដើម។

    អ្នកប្រវត្ដិ​សាស្ត្រ​បានសន្និ​ដ្ឋាន​សម័យ​ដំបូង​នេះ​ ហៅ​ថា​សម័យ​ «នរគភ្នំ» ត្រូវ​ នឹង ​អ្នក​កត់​ត្រា​ជាតិ​ចិន​ហៅ​ថា ហ្វូណាម​ ដែល​ក្លាយ​មក​ដល់​យើង​ថា «ហ្វូណន​»​។ ព្រោះ​ហេតុ​តែ​មាន​ការ​តាំង​ទី​ក្រុង​មិន​ស្ថិត​ស្ថេរ​ដូច​នេះ​ហើយ​ ទើប​សិលា​ចារឹក​ខ្មែរ​ចេះ​តែ​លេច​ឃើញ​មាន​ឯនេះ​មួយ​ ឯនោះ​មួយ​ សឹង​តែ​ពាស​ពេញ​អាណា​ចក្រ​។ ក្រៅ​​ពីសិលាចារឹក​ទាំង​នេះ​ យើង​ពុំ​មាន​ប្រទះ​ឃើញ​ស្នា​ដៃ​អ្វី​ ជាដុំ​កំភួន​​ល្មម​យក​ជា​ការ​បាន​ទេ​ ដ្បិត​ពេល​វេលា​ពី​នោះ​មក​ដល់​ឥលូវ​នេះ​ ជា​យូរ​អង្វែង​ណាស់​ផង ក្រៅ​ពីដុំ​ថ្ម​ មិន​អាច​មាន​អ្វី​នៅ​គង់​ទ្រង់​បាន​យូរ​ឡើយ​។

    សម័យ​មុន​អង្ករ​ របស់​អក្សរ​សាស្ត្រ​យើង​​បាន​ចប់​ត្រឹម​ចុង​បំផុត​ នៃ សតវត្ស​ទី ៨ នៃ​ គ្រឹស្ដ​សករាជ​ គឺ​នៅ​គ្រា​ដែល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​២ បាន​លើក​ទី​ក្រុង​ទៅ​តាំង​នៅ​អង្គរ។